Ecclesiastes 1 pdf download
អត្ថបទគម្ពីរ៖ កណ្ឌសាស្តា ១:១–១១
អានព្រះគម្ពីរសញ្ញាចាស់៖ ១ពង្សាវតារក្សត្រ ៤:២០-៣៤ ព្រះគម្ពីរសញ្ញាថ្មី៖ លូកា ១២:១៦-២១
ផ្ទៃរឿងសំខាន់៖
‹‹បើយើងគ្មានព្រះគ្រីស្ទទេ នោះកិច្ចការរបស់យើងជាឥតប្រយោជន៍ទេ ហើយជីវិតរបស់យើងក៏ឥតប្រយោជន៍ផងដែរ››
សូមអធិស្ឋាន…
លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងបងប្អូនដែលរស់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទាំងអស់គ្នា ផ្ទៃរឿងនៃការអធិប្បាយថ្ងៃនេះគឺ ‹‹បើយើងគ្មានព្រះគ្រីស្ទ នោះកិច្ចការរបស់យើងជាឥតប្រយោជន៏ប្រយោជន៍ ហើយជីវិតរបស់យើងក៏ឥតប្រយោជន៏ផងដែរ››។
នៅសព្វថ្ងៃនេះ នៅទីក្រុងនេះ ការងារសំខាន់ណាស់!
បើយើងមើលទូរទស្សន៍ ស្តាប់វិទ្យុ អានកាសែត ឫអ៊ីនធឺណែត នោះយើងនឹងដឹងច្បាស់ថា មនុស្សដែលមានជីវិតល្អ ជីវិតងាយស្រួល មានជោគជ័យនៅក្នុងជីវិត គឺជាមនុស្សដែលមានការងារសំខាន់ មានភារកិច្ចសំខាន់ និងទទួលបានប្រាក់ខែខ្ពស់។ ដូច្នេះ ឱពុកម្តាយបង់លុយជាច្រើន ដើម្បីបញ្ជូនកូនរបស់ខ្លួនទៅរៀននៅសាលាឯកជន ដើម្បីអោយកូនអាចរៀន ភាសា អង់គ្លេស ឫភាសាចិន ហើយបញ្ជូនយុវជនទៅរៀននៅសកលវិទ្យាល័យ នៅពេលថ្ងៃនិងពេលយប់ ដើម្បីអោយពួកគេអាចក្លាយជាអ្នកជំនួញ ដែលអាំចក្លាយជាអ្នកមាននៅថ្ងៃអនាគត។ រាល់ថ្ងៃ រាល់ពេលព្រឹក មនុស្សជាច្រើនជិះកង់ ជិះម៉ូតូ ជិះឡាន ដើម្បីធ្វើដំណើរទៅកន្លែងការងារ ហាង ផ្សារ រោងចក្រ និងការិយាល័យ ដើម្បីចាប់ផ្តើមធ្វើការងារ លក់ដូរ ដើម្បីទទូលបានប្រាក់កំរៃ ឫប្រាក់ខែសំរាប់ខ្លួនឯងនិងក្រុមគ្រួសារ។
កាលពីដប់បីឆ្នាំមុន នៅពេលគ្រួសាររបស់ខ្ញុំបានមកដល់ប្រទេសកម្ពុជាលើកដំបូងនៅស្រុកខ្មែរជាទូទៅ មនុស្សមានពេលវេលាច្រើន តែមិនសូវមានថវិកាប៉ុន្មានទេ។ ខ្ញុំបានមើលឃើញថា ជនជាតិខ្មែរមានពេលវេលាសំរាប់ទៅសួរសុខទុកទុក្ខ ជជែកគ្នាលេង និងថែរក្សាគ្រួសាររបស់ពួកគេ ប៉ុន្តែសព្វថ្ងៃនេះ ជនជាតិខ្មែររវល់ណាស់ ដូចជាមនុស្សនៅប្រទេសខាងលិចដែរអញ្ចឹង។ សព្វថ្ងៃនេះ ពួកគេមានភារកិច្ចទំនើបៗជាច្រើនដូចជា៖
- ការងារពេញពេលរបស់ពួកគេ
- ការហាត់ប្រាណនៅពេលព្រឹករបស់ពួកគេ
- មហាវិទ្យាល័យពេលយប់របស់ពួកគេ ហើយនិង
- ការលេង Facebook ដែលវាក៏ស៊ីពេលច្រើនដែរ។
ដូច្នេះ នៅពេលខ្ញុំសួរពួកគាត់ថា សុខសប្បាយទេ? ពួកគាត់ឆ្លើយតបថា «ខ្ញុំរវល់ណាស់លោកគ្រូ ឫអស់ កំឡាំង នឿយហត់ខ្លាំង ឫវិលមុខណាស់លោកគ្រូ!»
ប្រហែលយើងព្យាយាមដោះស្រាយបញ្ហាតាមបែបនេះ៖
ដោយញាំពេសជៈភេសជ្ជៈ ដែលមានផលប៉ះពាល់
- ផឹកស្រារហូតដល់ស្រវឹង
- ជក់បារីជាប្រចាំ ឫ
- ប្រើគ្រឿងញៀន ដើម្បីរត់ចេញពីសេចក្តីដឹងខ្លួន
បើយើងមានជីវិតបែបនេះរហូត ក្រោយមក យើងនឹងចង់សួរសំណួរថា
- ហេតុអ្វីយើងមានជីវិតនៅក្នុងសកលលោកនេះ? ឫ
- គោលបំណងជីវិតរបស់យើងគឺជាអ្វី?
បើសិនយើងមិនមានពេលសំរាប់សម្លឹងមើលជីវិត នោះជីវិតរបស់យើងនឹងឥតប្រយោជន៍ទទេ!
អស់លោកអ្នកបងប្អូន សំណួរបែបនេះ មិនមែនជាសំណួរថ្មីទេ! នៅសម័យបុរាណ មុនសម័យអង្គរ មុនសម័យព្រះយេស៊ូវប្រសូត និងមុនសម័យព្រះពុទ្ធ មានមនុស្សម្នាក់ ដែលបានសួរសំនួរបែបនេះជាច្រើនដង។ គាត់ ដែលជាបុត្ររបស់ស្តេចដាវីឌ និងជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម បានព្យាយាមស្វែងរកអត្ថន័យជីវិត ដើម្បីអោយជីវិតរបស់គាត់អាចមានតំលៃសំរាប់ពេលអស់កល្បជានិច្ច។ យើងអាចអានអំពីការស្រាវជ្រាវរក និងការប្រៀនប្រដៅរបស់គាត់នៅក្នុង កណ្ឌសាស្តា ដែលចាប់ផ្តើមនៅទំព័រ ៩៨១។ គាត់បានចែកចាយអំពីបទពិសោធ និងត្រិះរិះ ដ៏យូរអំពីជីវិត។ អ្នកនិពន្ធមានឈ្មោះថា សាស្តា ។ គាត់ចាប់ផ្តើមសួរថា
- តើជីវិតមានន័យយ៉ាងណា?
- តើការរស់នៅលើផែនដី បានប្រយោជន៍ ឫអត់?
សូមស្តាប់៖
‹‹នេះជាពាក្យរបស់សាស្តា???? ជាបុត្ររបស់ព្រះបាទដាវីឌ និងជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម។
សាស្តាបានថ្លែងថា អ្វីៗទាំងអស់សុទ្ឋតែឥតន័យឥតខ្លឹមសារ និង ឥតបានការទាំងអស់។ មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយោជន៍អ្វី? មួយជំនាន់តៀតបានចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតបានចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ ព្រះអាទិត្យរះឡើង រួចលិចចុះទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ អ្វីៗទាំងអស់សុទ្ឋតែច្រំដែលៗរហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសំឡឹងមើល តែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្តាប់ តែមិនចេះធុញទ្រាន់។
ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានអ្វីថ្មីសោះឡើយ។ ប្រសិនបីគេពោលអំពីហេតុការណ៍អ្វីមួយថា ‹‹នេះជាហេតុការណ៍ថ្មី›› តោងដឹងថា ហេតុការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។››
សាស្តាជាមនុស្សម្នាក់ ដែលបាននិយាយដល់ពួកអ៊ីស្រាអែល នៅពេលពួកគេបានចូលដល់សម័យថ្មីមួយ។ នៅសម័យមុន ពួកគេមានជីវិតស្ងៀមស្ងាត់ គឺពួកគេបានធ្វើចំការ ឫថែរក្សាសត្វចៀម ដើម្បីចិញ្ចឹមជីវិត ដូច្នេះ រាល់ថ្ងៃពួកគេត្រូវទុកចិត្តលើព្រះអម្ចាស់។ តែឥឡូវសេដ្ឋកិច្ចរបស់ជនជាតិអ៊ីស្រាអែលបានបោះជំហ៊ានចូលទៅក្នុងស្ថានភាពថ្មី ពីព្រោះឈ្មួញជាច្រើនបានយកទ្រព្យសម្បត្តិ ចេញពីស្រុកអេស៊ីព្ទដល់ទ្វីបអាស៊ី ឫចេញពីទ្វិបអាស៊ីដល់ស្រុកអេស៊ីព្ទ។
ឈ្មួញនោះត្រូវឆ្លងទឹកដីរបស់ពួកអ៊ីស្រាអែល ដូច្នេះគេត្រូវបង់ពន្ធដល់ពួកអ៊ីស្រាអែល និងជនជាតិអ៊ីស្រាអែលក្លាយជាអ្នកមានភ្លាមៗ ដូចជាមនុស្សាច្រើននៅទីក្រុងនេះសព្វថ្ងៃនេះ។ ដូច្នេះសាស្តាបានចាប់ផ្តើមកណ្ឌនេះដោយការព្រមានថា
‹‹មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយោជន៍អ្វី?››
សំណួរនេះគឺជាផ្ទៃរឿងសំខាន់នៃកណ្ឌសាស្ដា ។
សាស្តាបានបន្តនិយាយថា ‹‹អ្វីៗទាំងអស់សុទ្ឋតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ››។ ពាក្យនេះស្រដៀងគ្នានឹងពាក្យរបស់អ្នកទំនុកដំកើង ដែលបាននិយាយនៅក្នុងទំនុកដំកើង៣៩:៥ ថា
បានបង្កើតជីវិតទូលបង្គំមក
ដូចទឹកដក់លើស្លឹកឈូក
គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្គ្រព្រះអង្គ
ពិតមែនហើយ ជីវិតរបស់មនុស្សលោក
ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកយ៉ាកុបនិយាយស្រដៀងគ្នានេះដែរថា
នៅជំពូក៤:១៤
‹‹បងប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានមួយភ្លែត រួចក៏រសាត់បាត់ទៅ។››
នៅពេលសាស្តានិយាយថា ‹‹នៅលើផែនដី›› គឺគាត់សំដៅទៅលើ ‹‹លោកិយដែលអត់មានព្រះ›› ដូច្នេះ គាត់បានរៀបរាប់ជីវិត ដែលឆ្ងាយពីព្រះអម្ចាស់។ សំណួរសំខាន់សំរាប់គាត់គឺ មនុស្សខំប្រឹងធ្វើការ នឿយហត់យ៉ាងខ្លាំង តើបានប្រយោជន៍អ្វី? ដូច្នេះ យើងបានដឹងថា នៅបទគម្ពីរនេះ សាស្តាបានមើលទស្សនៈរបស់មនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ ។
បងប្អូន នៅពេលខ្នុំបានជាយុវជន ក្រុមជំនុំនៅជិតផ្ទះរបស់យើងមានក្រុមយុវជនធំមួយ តើប៉ុន្តែឥឡូវនេះ ចាប់ពីមានយុវជន៤០នាក់ រហូតមានតែ៥នាក់ប៉ុណ្ណោះ ដែលបន្តជឿលើព្រះយេស៊ូវ។ នៅសព្វថ្ងៃនេះ ពួកគេភាគច្រើនរវល់ ជាមួយគម្រោង នៃពិភពលោកនេះខ្លាំង ណាស់៖
មិត្តភក្រ័របស់ម្នាក់មានការងារសំខាន់ ជាវិស្វករស៊ីវិល ហើយមានការទទួលខុសត្រូវសំរាប់ទីក្រុងមួយ តែនៅពេលគាត់មានពេលសំរាកពីការងារ គាត់លេងកីឡារហូត។ គាត់ដឹងអំពីដំណឹងល្អ តែគាត់មិនស្គាល់ព្រះ ពីព្រោះគាត់មិនចង់អោយព្រះរំខានជីវិតងាយស្រួលរបស់គាត់ទេ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ទៀតបានសាងសង់អាគាផ្ទះសំរាប់គ្រួសារ។ គាត់បានចាប់ផ្តើមនៅឆ្នាំ១៩៩៦ តែមិនទាន់ឈប់សាងសង់អាគានោះនៅឡើយទេ។ គាត់បានផ្គត់ផ្គង់ ការពារ សុវត្ថិភាពនិងរូបកាយគ្រួសាររបស់គាត់ ប៉ុន្តែគាត់បានភ្លេចពីព្រលឹងវិញ្ញាណរបស់ពួកគេទៅវិញ។
មិត្តភ័ក្ររបស់ខ្ញុំទាំងពីរនាក់នេះគួរតែស្តាប់ពាក្យរបស់សាស្តា៖
១:៤ ‹‹មនុស្សមួយជំនាន់ទៀត បានចេញពីលោកនេះទៅ មនុស្សមួយជំនាន់ ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។››
ខនេះផ្តោតទៅលើជីវិតខ្លីនៅក្នុងលោកិយនេះ។ ទោះបីយើងមានជីវិតពេញលេញ តែស្ថានភាពនៅលោកិយមិនផ្លាស់ប្តូរទេ ពីព្រោះមួយជំនាន់ជំនួសអោយមួយជំនាន់ទៀត ដូច្នេះភាពប្រាកដនៃសកលនេះ មិនផ្លាស់ប្តូរ។
ខ.៥ ‹‹ព្រះអាទិត្យ រះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។››
ព្រះអាទិត្យបានធ្វើដំណើរតាមផ្លូវដូចគ្នារាល់ថ្ងៃ ដូចជាមនុស្សដែលជិះម៉ូតូទៅធ្វើការងារនៅកន្លែងតែមួយរាល់ថ្ងៃដែរ។ តែព្រះអាទិត្យអត់មានពេលសំរាកទេ ពីព្រោះរាល់ពេលព្រឹកព្រះអាទិត្យត្រូវរះសាជាថ្មីរហូតដល់លិចទៅវិញ រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ រហូតដល់ថ្ងៃចុងក្រោយ។
ខ៦ ដូចគ្នា ‹‹ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។››
ទោះបីព្រះអាទិត្យត្រូវរះនៅខាងកើត និងលិចនៅខាងលិច តែខ្យល់មានសេរីភាព ពីព្រោះវាអាចទៅខាងជើងឫខាងត្បូងដែរ ប៉ុន្តែខ្យល់ត្រូវបក់តាមទិសរបស់ខ្លួនវិញរហូតដល់ថ្ងៃចុងក្រោយដែរ។
ខ៧ ‹‹ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។››
រាល់ម៉ោង រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ទន្លេមេគង្គហូរទៅដល់សមុទ្រតាមផ្លូវរបស់វា ឆ្លងកាត់ ប្រទេសឡាវ ប្រទេសថែ ប្រទេសកម្ពុជា និងប្រទេស វៀតណាម។ ទន្លេមេគង្គគឺជាទន្លេធំ ទូលាយ ជ្រៅ ពេលខ្លះហូរលឿន ពេលខ្លះហូរយឺត តែសមុទ្រមិនពេញ ដោយសារវាឡើយ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកយ៉ាកុបមានយោបល់ស្រដៀងគ្នាថា
៤:១៤ ‹‹បងប្អូនប្រៀបដូចជាចំហាយទឹក ដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។››
យុវជនប្រហែលគិតថា មនុស្សនៅលោកិយនេះមានជីវិតវែងណាស់ ប៉ុន្តែមនុស្សចាស់ដឹងច្បាស់ថា ជីវិតយើងខ្លី ដូចជាចំហាយទឹកដែលយើងអាចឃើញនៅពេលព្រឹក តែនៅពេលថ្ងៃបានរសាត់បាត់ទៅ។
សាស្តាបានសង្ខេបដោយនិយាយថា
ខ.៨ ‹‹ អ្វីៗទាំងអស់សុទ្ឋតែច្រំដែលៗ
រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។
ភ្នែកសំឡឹងមើល តែមិនចេះស្កប់
ត្រចៀកត្រងត្រាប់ស្តាប់ តែមិនចេះធុញទ្រាន់។››
គាត់បាននិយាយម្តងហើយម្តងទៀត ដើម្បីយើងចាំច្បាស់ថា បើយើងគ្មានព្រះ ‹‹អ្វីៗទាំងអស់សុទ្ឋតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ។››
អស់លោកអ្នកបងប្អូន របស់ទាំងអស់ ដែលយើងទិញនៅក្នុងពិភពលោកនេះមានជីវិតខ្លី៖
- ខោអាវថ្មីក្លាយជាខោអាវចាស់ ហើយនឹងដាច់រហែក
- ម៉ូតូថ្មីក្លាយជាម៉ូតូចាស់ ដែលមានមាស៊ីនខ្សោយ
- ឡានថ្មី ឡានស្អាត ក្លាយជាឡានមិនសូវស្អាត ដែលយើងត្រូវជួសជុលញឹកញាប់
- ផ្ទះថ្មីដែលស្អាត ក្លាយជាផ្ទះប្រឡាក់
- ទូរស័ព្ទទំនើបៗ ក្រោយមកដប់ពីរខែក្លាយជាទូរស័ព្ទចាស់ ហួសស៊េរី។
អស់លោកអ្នកបងប្អូន បើយើងគិតអំពីផលនៃការងាររបស់យើង ទោះបីយើងបានទទួលប្រាក់ខែ អាចទិញរបស់ជាច្រើន តែបើយើងគ្មានព្រះទេ នោះការងាររបស់យើងគ្មានផលប្រយោជន៍អ្វីសោះ!
ព្រះយេស៊ូវមានសំនួរស្រដៀងគ្នាដែរ នៅពេលទ្រង់មានបន្ទូលថា
‹‹បើមនុស្ស ម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី?›› (ម៉ាថាយ ១៦:២៦) បើយើងបាត់បងជីវិត បាត់បង់ព្រលឹង នៅពេលយើងទទួលមរណៈភាព នោះយើងនឹងគ្មានអ្វីសោះ។
ធម្មជាតិមានការវិលចុះឡើង៖
- រាល់ថ្ងៃ មាត់យើងនិយាយពាក្យជាច្រើនច្រើន ចាប់ពីពេលយើងភ្នាក់ពីគេង រហូតដល់ចុងបញ្ចប់ថ្ងៃ
- រាល់ថ្ងៃ ភ្នែកយើងមើលចលនា មើលទូរទស្សន៏ មើលកុំព្យូទ័រ មើលទូរស័ព្ទទំនើបៗ និងអ៊ីនធឺណែត ចាប់ពីពេលព្រលឹងរហូតដល់ពេលយប់
- ត្រចៀកយើង ព្យាយាមស្តាប់ពាក្យដែលត្រូវបាននិយាយ ព្យាយាមស្តាប់វិទ្យុ…។
ប៉ុន្តែ បើយើងអត់ស្គាល់ព្រះ សកម្មភាពទាំងអស់ពិតជាអត់ប្រយោជន៍។
១:៩ ‹‹ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗ ដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានអ្វីថ្មីសោះឡើយ។››
នៅក្នុងប្រវត្តសាស្ត្រមនុស្សជាតិ មានសម័យសន្តិភាព សម័យមានសង្គ្រាម មានពេលសេដ្ឋកិច្ចឡើង មានពេលសេដ្ឋកិច្ចចុះ មានសម័យដែលមានទ្រព្យសម្បត្តិច្រើន និងមានសម័យក្រីក្រ។ មនុស្សជាច្រើនចង់ប្រាប់ថា នេះជាសម័យថ្មី ដែលយើងនឹងមានជោគជ័យតែនៅក្នុងប្រវត្តិសាស្ត្រក៏មានសម័យថ្មីជាច្រើន៖
- មនុស្សខ្លះប្រាប់ថា មើលទារកថ្មី តែលោកិយនេះមានក្មាងក្មេងៗជាច្រើន។
- មនុស្សខ្លះប្រាប់ថា ឥឡូវមានសង្គ្រាមថ្មីនៅស្រុកស៊ីរី តែសាស្តាបានឆ្លើយតបថា មាន សង្គ្រាមជាច្រើននៅអតីតកាលរួចហើយដែរ។
- ឥឡូវយើងបានទទួលព័តមានថា នេះជាទូរស័ព្ទទំនើបម៉ាក I-Phone ទីប្រាំមួយ តែឆ្នាំក្រោយយើងចង់ទិញ I-Phone ទីប្រាំពីរ។
សាស្តាបានបញ្ចប់បទគម្ពីរនេះនៅក្នុង ខ.១១ ថា
‹‹គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏ មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។››
ដូច្នេះ យើងបានដឹងច្បាស់ថា ‹‹មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីស្ថិតស្ថេរដដែល។›› ទោះបីអ្នកជាមនុស្សស្មោះត្រង់ ជាមនុស្សធ្វើការខ្លាំង ជាមនុស្សមានអំណាចនិងទ្រព្យសម្បត្តិ ឫជាមនុស្សល្បីល្បាញ គឺនៅអនាគត មនុស្សទូទៅនឹងមិនស្គាល់ឈ្មោះអ្នកទេ។ មនុស្សជាច្រើននៅពីភពលោកនេះចង់មានមរតកសំរាប់កូនចៅ ជំនាន់ក្រោយ ចង់អោយមនុស្ស ជំនាន់ក្រោយចងចាំឈ្មោះរបស់គេ ដូច្នេះ គេបានផ្តល់អោយលុយច្រើនដល់ អង្គការ ឬសាសនា ដើម្បីគេបានដាក់ឈ្មោះរបស់គាត់នៅលើរបង ឫជញ្ជាំងរបស់អគារសាសនា តែនៅពេលអគារនោះចាស់ គេនឹងបំផ្លាញអគារនោះ និងសង់អគារថ្មី មនុស្សនឹង ភ្លេចឈ្មោះទាំងប៉ុន្មាននៅលើជញ្ជាំងឬរបងនោះភ្លាម ។
មនុស្សខ្លះទៀតគិតថា បើគាត់បាននិពន្ធសៀវភៅ គាត់នឹងមានឈ្មោះល្បី តែសៀវភៅថ្មីក្លាយជាសៀវភៅចាស់ ដែលធ្វើជាសម្រាម។ សៀវភៅមួយក្បាលត្រូវបានជំនួសដោយសៀវភៅក្បាលមួយទៀត ហើយមនុស្សទូទៅនឹងភ្លេចឈ្មោះរបស់អ្នកនិពន្ធ។ នៅក្នុង ២:១៦៖
‹‹អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សល្ងីល្ងើទេ
ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។
ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។
អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សល្ងីល្ងើ។››
ព្រះយេស៊ូវមានចំណុចដួចគ្នាដល់បណ្តាជន នៅពេលទ្រង់មានព្រះបន្ទូលជាពាក្យប្រស្នាអំពីបុរសម្នាក់ជាអ្នកមាន៖
‹‹មានបុរសម្នាក់ ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្តល់ភោគផលយ៉ាងបរិបូណ៍។ គាត់រិះគិត ក្នុងចិត្តថា ‹‹ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្នុំទេ តើខ្ញុំត្រូវធ្វើដូចម្តេច?›› ។ គាត់ គិតទៀតថា ‹‹ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុក អោយធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់ មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្នុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៍ បំរុងទុកចិញ្ចឹមជីវិតសំរាប់ច្រើនឆ្នាំ ខ្ញុំត្រូវសំរាក គិតតែស៊ីផឹកសប្បាយទៅ។››
នេះជាប្រាជ្ញារបស់លោកិយនេះ ដែលអត់ស្គាល់ព្រះ។ លោកិយនេះប្រាប់យើងត្រូវធ្វើការខ្លាំងសំរាប់អ្នកផ្ទាល់ខ្លួនឯង និងអ្នកត្រូវសន្សំលុយ ដើម្បីទិញទំនិញប្រើប្រាស់ថ្មី រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ រហូតដល់យើងស្លាប់។
‹‹ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថា ‹‹នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្តាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសំរាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?›› ។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសំរាប់តែខ្លួន ឯង ហើយគ្មានសម្បត្តិស្ថានសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ››។
អស់លោកអ្នកបងប្អូន សាតាំងចង់ល្បួងដល់យើងថា អ្នកត្រូវការប្រាក់ខែខ្ពស់ ផ្ទះស្អាត ឈ្មោះល្បីល្បាញ
តែព្រះយេស៊ូវព្រមានដល់យើងថា
‹‹ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិអោយសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូរយ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ››។
បើយើងអត់ មានប្រាក់ខែខ្ពស់ ផ្ទះស្អាត ឈ្មោះល្បីល្បាញ តើយើងគួរមានគោលបំណងអ្វី?
ព្រះយេស៊ូវមានបន្ទូលថា
‹‹កុំសន្សំទ្រព្យសម្បត្តិទុក សំរាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្តៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។ ចូរប្រមូលទ្រព្យសម្បត្តិទុននៅស្ថានបរមសុខវិញ ជាស្ថានដែលគ្មានកណ្តៀរ និង ច្រែះស៊ី ជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ ដ្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។››
(ម៉ាថាយ ៦:១៩-២១)
នៅក្នុងព័ន្ធកិច្ចនៅស្រុកខ្មែរ ខ្ញុំបានជួបគ្នាជាមួយគ្រីស្ទបរិស័ទជាច្រើន។ បើសិនពួកគេជឿលើព្រះតែមួយ ហេតុអ្វីពួកគេមានទស្សនៈជាច្រើន? ហេតុអ្វីពួកគេមានគោលបំណងជាច្រើន? ពីព្រោះ បើទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
បើអ្នកមានការចាប់អារម្មណ៍អំពីទ្រព្យសម្បត្តិ អ្នកនឹងគិតពីទ្រព្យសម្បត្តិរហូត អ្នកនឹងនិយាយអំពីទ្រព្យសម្បត្តិរហូត ហើយថាអ្នកនឹងមានទ្រព្យសម្បត្តិនៅថ្ងៃណាមួយ។
បើអ្នកមានការចាប់អារម្មណ៍អំពីសីលធម៌ អ្នកនឹងចែកចាយអំពីតែសីលធម៌ ហើយអ្នកនឹងទុកចិត្តលើតែសីលធម៌របស់ខ្លួនឯងប៉ុណ្ណោះ។
បើអ្នកមានការចាប់អារម្មណ៍អំពីដំណឹងល្អ អ្នកនឹងចែកចាយដំណឹងល្អ ហើយអ្នកនឹងទុកចិត្តលើព្រះយេស៊ូវសំរាប់សេចក្តីសង្គ្រោះរបស់អ្នក។ នៅពេលអ្នកប្រកាសអំពីដំណឹងល្អ មនុស្សដទៃនឹងឃើញចិត្តស្មោះត្រងរបស់អ្នក ហើយពួកគេនឹងចង់មកក្នុងពន្លឺនេះ ដើម្បីអោយពួកគេអាចទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានផងដែរ។
សូមអធិស្ឋាន
ឱព្រះជាម្ចាស់ដ៏មានគ្រប់ទាំងអំណាច ព្រះចេស្តាអើយ!
ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ហើយបង្កើតមនុស្សអោយដូចជារូបអង្គរបស់ព្រះអង្គ
ទោះបីកូនមានរូបកាយទន់ខ្សោយ មានចិត្តទន់ខ្សោយ មានគំនិតទន់ខ្សោយក៏ដោយ
ក៏សូមទ្រង់បង្រៀនយើងខ្ញុំ ដើម្បីអោយយល់ពីព្រះហស្ដរបស់ព្រះអង្គ នៅក្នុងគ្រប់ទាំងកិច្ចការ
ទាំងអស់របស់ព្រះអង្គ ហើយអោយយើងខ្ញុំបានបម្រើព្រះអង្គ ដោយគោរពកោតខ្លាច
និងអរព្រះគុណតាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអម្ចាស់នៃយើងខ្ញុំ ដែលទ្រង់កំពុង
គ្រងរាជ្យលើគ្រប់អ្វីៗទាំងអស់ ជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
នៅពេលនេះ និងអស់កល្បរៀងទៅ។
So great so meaningful Gd bless you