អេសេគាល ១-៣ Ezekiel 1-3 Don Carson

Ezekiel 1-3 The Call of a Prophet pdf download

ជា​ច្រើន​ដង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ យើង​ឃើញ​មាន​លាយ​ឡំ​ទៅ​ដោយ​ពេល​ល្អ និង​ពេល​អាក្រក់។ នៅ​ក្នុង​ប្រ​ទេស​អង់គ្លេស​ក្នុង​អំឡុង​ឆ្នាំ ១៧៣៥-១៧៤០ គឺ​ជា​អំឡុង​ពេល​មួយ​ដ៏​អាក្រក់ ដ្បិត​នៅ​ពេល​នោះ​កើត​មាន​បន​ពេស្យា​ចារ​ជា​ច្រើន​ និង​មាន​ទាស​ករ​ជា​ច្រើន​ផង​ដែរ។ អ្នក​មាន​កាន់​តែ​មាន​ឡើង ឯ​អ្នក​ក្រ​កាន់​តែ​ក្រ​ឡើង។ ប៉ុន្តែ​ក៏​មាន​ពេល​វេលា​ដ៏​ល្អ​ផង​ដែរ គឺ​នៅក្នុង​ឆ្នាំ ១៧៣៨ លោក​ George Whitefield​ បាន​អធិប្បាយ​ដំណឹងល្អ ទៅ​កាន់​កម្ម​ករ​ជីក​រ៉ែ ហើយ​ពេល​នោះ​មាន​មនុស្ស​រាប់​ពាន់​នាក់ ​បាន​ទទួល​ជឿ​លើ​ព្រះគ្រីស្ទ ហើយ​បាន​ប្រែ​ចិត្ត​ពិត​ប្រាកដ។ នៅ​ក្នុង​ឆ្នាំ​១៧៤០ លោក​ John​ និង​លោក​ Charles​ Wesley ​បាន​ចាប់​ផ្តើម​អធិប្បាយ​ដំណឹង​ល្អ ហើយ​៧០​ឆ្នាំ​ក្រោយ​មក​ មាន​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ប្រ​ទេស​អង់គ្លេស​ បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ដែល​នោះ​បាន​នាំ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំ​សម្បើម​ ព្រម​ទាំង​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​មហិមា​នៅ​ក្នុង​សង្គម។ ពួក​អ្នក​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​តាម​រយៈ​សេចក្តី​អធិប្បាយ​របស់​លោក​វ៉ាយ​ហ្វៀល និង​លោក​វែស្ល៊ី​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ប្រ​ទេស​ជាតិ​របស់​ពួកគេ​ ដូច​ជា​បាន​លប់​បំបាត់​ទាសភាព​ជា​ដើម។ល។

មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ដូច​គ្នា​អំពី​សម័យ​នេះ​ដែរ។ មាន​ការ​ល្អ​ ហើយ​ក៏​មាន​ការ​អាក្រក់​ផង​ដែរ។ យើង​ទទួល​ស្គាល់​ថា​ សព្វ​ថ្ងៃ​នេះ​មិន​មាន​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​រវាង​ប្រទេស​មួយ និង​ប្រ​ទេស​មួយ​កើត​ឡើង​ទេ។ មាន​សិស្ស​និស្សិត​ជា​ច្រើន ​បាន​សិក្សា​នៅ​ម​ហា​វិទ្យាល័យ។ សម័យ​នេះ​មាន​អ្នក​មាន​ ច្រើន​ជាង​មុន។ តែ​ទន្ទឹម​គ្នា​នោះ ​ក៏​មាន​ការ​អាក្រក់​ផង​ដែរ​ ពី​ព្រោះ​សព្វ​ថ្ងៃ​នេះ​ មាន​អ្នក​ក្រ​ច្រើន​ជាង​ពេល​មុន មាន​វិវាទ​រវាង​ជាតិ​សាសន៍​មួយ និង​ជាតិ​សាសន៍​មួយ អង្គ​ការ​សហ​ប្រ​ជា​ជាតិ​បាន​រក​ឃើញ​ថា នៅ​ជុំ​វិញ​ពិភព​លោក​មាន​មនុស្ស​ប្រ​មាន​ជា១០០​លាន់​នាក់​មិន​មាន​ផ្ទះ​សំ​បែង ហើយ​បាន​បោះ​បង់​កូន​ចោល​នៅ​តាម​ដង​វិថី។

​ចំនួន​ពេស្យា​ចារ​កុមារ​បាន​កើន​ឡើង​៥​ដង​ច្រើន​ជាង​ឆ្នាំ​១៩៨៥។ នៅ​លោក​ខាង​លិច​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ឡើង​ៗ ខណៈ​ពេល​ដែល​សេចក្តី​សុចរិត​ និង​សីលធម៌​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។ មាន​ពួក​ជំនុំ​ខ្លះ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​យុទ្ធសាស្ត្រ​ផ្សេង​ៗ ជា​ជាង​ដំណឹង​ល្អ។ ជីវភាព​គ្រួ​សារ​រស់​នៅ​មិន​ចុះ​សំ​រុង​គ្នា។ បណ្តា​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ជា​មួយ​នឹង​ជីវិត​ក្នុង​បច្ចុប្បន្ន​ភាព​របស់​ពួក​គេ តែ​មិន​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ជីវិត​អស់កល្ប​ជា​និច្ច​ឡើយ សូម្បី​សមាជិក​នៃ​ពួក​ជំនុំ​ក៏​គិត​យ៉ាង​នោះ​ផង​ដែរ។ មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​យល់​ថា ព្រះ​យេស៊ូវ​សំខាន់​សំរាប់​ពួក​គេ ​ពី​ព្រោះតែ​អ្វី​ៗ​ដែល​ទ្រង់​អាច​ធ្វើ​សំរាប់​ពួកគេ​ក្នុង​ពេល​នេះ។ ប៉ុន្តែ​អ្នក​នឹង​មិនអាច​អាន​ពី​សេចក្តី​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​សញ្ញា​ថ្មី​ ដោយ​មិន​បាន​មើល​ឃើញ​ពី​វិសាល​ភាព​ដែល​ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សំរាប់​ជីវិត​អស់​កល្ប​ជា​និច្ច​នោះ​ឡើយ។

យើង​អាច​មាន​ការ​បាក់​ទឹក​ចិត្ត​ នៅ​ពេល​យើង​សម្លឹង​មើល​លោកិយ​នេះ ហើយ​គិត​ថា ​យើង​បាន​ចូល​មក​រស់​នៅ​ក្នុង​សម័យ​កាល​ ដែល​គ្រប់​យ៉ាង​បាន​ត្រលប់​ជា​អាក្រក់​អស់​ទៅ​ហើយ។ តែ​យើង​ត្រូវ​ចាំ​ថា យើង​មិន​មែន​ជា​មនុស្ស​ដំបូង​ ដែល​បាន​ប្រ​ឈម​មុខ​ជា​មួយ​នឹង​ស្ថាន​ភាព​នេះ​នោះ​ឡើយ។

ហោរា​អេសេគាល ​បាន​រស់​នៅ​ក្នុង​សម័យ​កាល​មួយ ដែល​គ្រប់​យ៉ាង​បាន​ត្រ​លប់​ជា​ស្មោក​គ្រោក។ វា​ជា​ការ​មួយ​ចាំ​បាច់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ពន្យល់​ត្រួស​ៗ​ ពី​ស្ថាន​ភាព​នៅ​ក្នុង​សម័យ​កាល​របស់​ហោរា​អេសេគាល ពីព្រោះ​បើ​សិន​យើង​មិន​យល់​អំពី​ស្ថាន​ភាព​នៅ​ក្នុង​សម័យ​កាល​របស់​ហោរា​អេសេគាល​ទេ នោះ​យើង​នឹង​មិន​យល់​កណ្ឌ​អេសេគាល​ឡើយ។

បុត្រា​របស់​ស្តេច​ដាវីឌ បាន​សោយ​រាជ្យ​លើ​យូដា​អស់​ជា​ច្រើន​សត​វត្ស ប៉ុន្តែ​រាជ្យ​របស់​ពួក​គេ​ក៏​បាន​ដល់​ទី​បញ្ចប់។ ហោ​រា​អេសេគាល បាន​រស់​នៅ​ក្នុង​ចុង​សម័យ​កាល​របស់​បុត្រា​ដាវីឌ។ ព្រះ​បាទ​យ៉ូសៀស​ពី​ឆ្នាំ ៦៤០-៦០៩ មុន​គ.ស ​គឺ​ជា​ស្តេច​ល្អ​ចុង​ក្រោយ​នៃ​រាជវង្ស​របស់​ដាវីឌ។ បុត្រា​របស់​ទ្រង់​(យ៉ូអាហាស​)បាន​ជ្រែក​រាជ្យ​ ប៉ុន្តែ​សោយ​រាជ្យ​បាន​ត្រឹម​តែ​៣​ខែ គឺ​រហូត​ដល់​មហា​អំណាច​ក្នុង​តំបន់​គឺ​អេស៊ីប​ បាន​នាំ​ព្រះ​អង្គ​ទៅ​ប្រទេស​អេ​ស៊ីប ហើយ​បាន​តាំង​យេហូយ៉ាគីម​ឲ្យ​សោយ​រាជ្យ​ជំនួស (២​ពង្ស. ២៣:៣៦)។ ប្រ​ទេស​អេស៊ីប​បាន​ដាក់​ពន្ធ​ដារ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រ​ជា​ជន។ យេហូយ៉ាគីម បាន​ពុក​រលួយ កើត​មាន​ចិត្ត​អំនួត​ ហើយ​ក៏​បាន​លើក​ដំ​កើង​ពួក​សាសន៍​ដទៃ​ឡើង។ នៅ​ក្នុង​សង្គម​នា​ពេល​នោះ ​កើត​មាន​អំពើ​ហិង្សា​គ្រប់​ទិស​ទី។ នៅ​ក្នុង​ឆ្នាំ​ទី​៤​របស់​ទ្រង់ គឺ​នៅ​ឆ្នាំ ៦០៥​មុន​គ.ស ពួក​អេស៊ីប​បាន​ត្រូវ​ដួល​រំលំ​ដោយ​សារ​ពួក​បាប៊ីឡូន ហើយ​ពួក​នេះ​បាន​ក្លាយ​ជា​ចក្រ​ភព​លើ​លោក ហើយ​យូដា​បាន​ក្លាយ​ជា​ជាតិ​សាសន៍​ចំណុះ​របស់​បាប៊ីឡូន។ នៅ​ឆ្នាំ ៦០១​មុន​គ​.ស យេហូយ៉ាគីម​បាន​បះបោរ​ប្រ​ឆាំង​នឹង​ពួក​បាប៊ីឡូន។ ស្តេច​បាប៊ីឡូន​បាន​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ទៅ​វាយ​ប្រ​ហារ​យូដា ហើយ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​៥៩៨​មុន​គ.ស ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។ ស្តេច​យេហូយ៉ាគីម​បាន​សោយ​ជីវង្គត​នៅ​ពេល​នោះ​តែ​ម្តង ហើយ​បុត្រា​របស់​ទ្រង់​អាយុ​១៨​ឆ្នាំ​ ព្រះ​នាម​យ៉ូយ៉ាគីន​បាន​ឡើង​សោយ​រាជ្យ​ជំនួស (២​ពង្ស. ២៤:៨)។ នៅ​ក្នុង​ព្រះ​ជន្ម​១៨​វស្សា ទ្រង់​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​រវាង​ការ​ចុះ​ចូល និង​ការ​បះ​បោរ​ប្រ​ឆាំង។

ទ្រង់​បាន​ស្តាប់​តាម​ទី​ប្រឹក្សា​របស់​ទ្រង់ ដោយ​បាន​ចុះ​ចូល​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា​ឆ្នាំ ៥៩៧​មុន គ.ស (២​ពង្ស. ២៤:១២)។ ស្តេច​បាប៊ីឡូន​បាន​នាំ​យ៉ូយ៉ាគីន​ ដែល​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុង​យេរូសាឡិម និង​ហោរា​អេសេគាល​ទៅ​បាប៊ីឡូន។ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​ជា​១១០០​គ.ម ដើម្បី​ទៅ​ដល់​ស្រុក​បាប៊ីឡូន​នោះ។ ចំងាយ​នេះ​គឺ​ដូច​គ្នា​នឹង​ចំងាយ​ដើរ​ពី​ភ្នំ​ពេញ​ទៅ​កាន់​ក្រុង​កំពង់​សោម​ចំនួន​ប្រមាណ​ជា​៥​ដង។ យ៉ូយ៉ាគីន​ បាន​ជាប់​ពន្ធ​នា​គារ​ប្រមាណ​ជា​៣៧​ឆ្នាំ មុន​ពេល​ដោះលែង ហើយ​ទ្រង់​មិន​បាន​វិល​ត្រ​ឡប់​មក​ស្រុក​យូដា​វិញ​ទេ។

ពួក​បាប៊ីឡូន​នៅ​តែ​ឲ្យ​យ៉ូយ៉ាគីន​ធ្វើ​ជា​ស្តេច​យូដា​នៅ​ឡើយ​ ប៉ុន្តែ​នៅ​ស្រុក​យូដា​វិញ​ ព្រះ​បាទ​សេដេគា​បាន​សោយ​រាជ្យ​បណ្ដោះ​អាសន្ន​រួច​ទៅ​ហើយ (២​ពង្ស. ២៤:១៨)។ ហោ​រា​អេសេគាល​ មិន​ដែល​ចាត់​ទុក​សេដេគា​ជា​ស្តេច​នោះ​ឡើយ។ សេដេគា​ជា​ស្តេច​ខ្សោយ​ ហើយ​ពុក​រលួយ។ ហោរា​អេសេគាល​បាន​រស់​នៅ​ជា​មួយ​ពួក​និរទេស​ ខណៈ​ពេល​ដែល​ហោ​រា​យេ​រេ​មា ​បាន​ប្រ​កាស​បទ​ទំនាយ​ឲ្យ​ពួក​បណ្តា​ជន​នៅ​ក្រុង​យេរូសាឡិម​ស្តាប់។ ហោ​រា​យេ​រេ​មា បាន​ព្រមាន​ពួកគេ​កុំ​ឲ្យ​ទាស់​ប្រ​ឆាំង​ជា​មួយ​ពួក​បាប៊ីឡូន​បន្ត​ទៀត។ តែ​ពួក​យូដា​មិន​បាន​ស្តាប់​តាម​នោះ​ទេ ពួកគេ​បាន​ងើប​ឡើង​ប្រ​ឆាំង​ជា​មួយ​នឹង​ពួក​បាប៊ីឡូន​ទៀត។

ពួក​បាប៊ីឡូន​បាន​ឆ្លើយ​តប​ចំពោះ​កា​រ​បះ​បោរ​នោះ​ភ្លាម​ៗ និង​សា​ហាវ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ ៥៨៨​មុន​គ​.ស កង​ទ័ព​បាប៊ីឡូន​បាន​ចូល​មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូសាឡិម។ នៅ​ឆ្នាំ ៥៨៧ មុន​គ.ស កង​ទ័ព​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ​ផង។ ស្តេច​សេដេគា​បាន​ព្យាយាម​ភៀស​ខ្លួន តែ​ត្រូវ​បាន​ពួក​បាប៊ីឡូន​ចាប់​បាន​ ហើយ​បាន​សំឡាប់​បុត្រា​របស់​ទ្រង់​នៅ​ចំពោះ​មុខ​ទ្រង់។ បន្ទាប់​មក​ពួក​គេ​បាន​ខ្វេះ​ភ្នែក​របស់​ទ្រង់​ចេញ ដូច្នេះ​ពេល​ចុង​ក្រោយ​ដែល​ព្រះ​អង្គ​អាច​មើល​ឃើញ​ គឺ​ការ​ដែល​ពួក​បាប៊ីឡូន​សំឡាប់​បុត្រា​របស់​ទ្រង់។

​ហោ​រា​អេសេគាល បាន​ចាប់​ផ្តើម​ថ្លែង​ទំនាយ​នៅ​ក្នុង​ឆ្នាំ​ទី​៣០ (អេសេគាល​ ១:១) គឺ​នៅ​ពេល​លោក​មាន​អាយុ​៣០​ឆ្នាំ។ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​ទី​៥​នៃ​រាជ្យ​យ៉ូយ៉ាគីន​ (១:២) គឺ​នៅ​ក្នុង​ឆ្នាំ ៥៩៣​មុន​គ.ស នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​នៅ​ឡើយ ប៉ុន្តែ​ក្ក្រុង​យេរូសាឡិម​មិន​ទាន់​ត្រូវ​បាន​បំផ្លាញ​នៅ​ឡើយ​ទេ គឺ​រយៈ​ពេល​៦​ឆ្នាំ​មុន​ដែល​ក្រុង​យេរូសាឡិម ​ត្រូវ​បាន​បំផ្លាញ​ជា​ចុង​ក្រោយ ពេល​នោះ​ ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​បាន​មក​ដល់​អេសេគាល។​

ជា​ការ​សំខាន់​ ដែល​ត្រូវ​ចង​ចាំ​ពី​ភាព​តាន​តឹង​នៅ​ក្នុង​អំឡុង​ពេល​នោះ។ គ្រប់​មនុស្ស​ដែល​មាន​អំណោយ​ទាន​ល្អៗ​នៅ​ក្រុង​យេរូសាឡិម ពួក​អ្នក​ដឹក​នាំ ត្រូវ​បាន​និរទេស​ទៅ​ក្រុង​យេរូសាឡិម។ ពេលនោះ នៅ​ក្រុង​យេរូសាឡិម​មាន​តែ​ស្តេច​សេដេគា និង​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​មាន​ផែន​ការ​បះ​បោរ​ប្រ​ឆាំង​នឹង​ក្រុង​បាប៊ីឡូន​ប៉ុណ្ណោះ​ និង​មាន​រយៈ​ពេល​៦​ឆ្នាំ​បន្ត​ទៀត​មុន​ពេល​ដែល​ទី​ក្រុង​ត្រូវ​បាន​បំផ្លាញ។ នេះ​គឺ​ជា​ស្ថាន​ភាព​នៅ​ពេល​ចាប់​ផ្តើម​កណ្ឌគម្ពីរ​អេសេគាល។

លក្ខណៈ​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជា​ម្ចាស់ ​ចំពោះ​ជីវិត​របស់​ហោរា​អេសេគាល ​មាន​សារៈ​សំ​ខាន់​ណាស់​នៅ​ក្នុង​ជំពូក​១-៣។ ប្រ​សិន​បើ​យើង​បាន​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល​នោះ​យើង​នឹង​ដឹង​ថា វិធី​ដែល​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​មនុស្ស​ មិនមែន​តែង​តែ​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​ហោ​រា​អេសេគាល​ក្នុង​សម័យ​កាល​មួយ​ ដែល​គ្រប់​យ៉ាង​បាន​ត្រ​លប់​ជា​ខូច​អាក្រក់ ហើយ​ការ​ត្រាស់​ហៅ​នេះ​មាន​កត្តា​សំខាន់​៤​យ៉ាង​ ដែល​កត្តា​ទាំងនេះ​មាន​សារៈ​សំខាន់​ណាស់​សំរាប់​រាស្រ្ត​របស់​ព្រះ​អង្គ​ នៅ​ពេល​ពួកគេ​បាន​ទទួល​ការ​ត្រាស់​ហៅ​ឲ្យ​ប្រ​កាស​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​អំឡុង​ពេល​ដែល​ស្រុក​ទេស​កើត​មាន​ភាព​វឹក​វរ។ ប្រ​សិន​បើ​អ្នក​រស់​នៅ​ក្នុង​វប្ប​ធម៌​ដែល​គ្រប់​យ៉ាង​បាន​ត្រ​ឡប់​ជា​ខូច​អាក្រក់ នោះ​អ្នក​ត្រូវ​ការ​យល់​ពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​ជីវិត​របស់​អ្នក។ កា​​ត្រាស់​ហៅ​នេះ​មាន​កត្តា​៤​យ៉ាង

 

ទីមួយ ជា​ការ​ត្រាស់​ហៅ​ឲ្យ​មើលឃើញ​ព្រះអង្គ និង​ឲ្យ​ចេះ​បន្ទាប​ខ្លួន (::)

១:៤ ចាប់​ផ្តើម​ឡើង​ដោយ​មាន​ព្យុះ​ធូលី។ វា​អាច​ជា​និមិត្ត​មួយ​ ឬ​អាច​ជា​ព្យុះ​ធូលី​ពិត​មែន។ និមិត្ត​មាន​ទី​សំគាល់​ច្រើន​យ៉ាង។ ឧទាហរណ៍ និមិត្ត​ឃើញ​កង់​មាន​ភ្នែក។ តាម​ធម្ម​តា​យើង​មិន​ដែល​ធ្វើ​កង់​មាន​ភ្នែក​នោះ​ទេ។ និមិត្ត​ឃើញ​ដំ​ពពក​យ៉ាង​ធំ (ខ​៤) ហើយ​ឃើញ​មាន​នៅ​ចំ​កណ្តាល​ភ្លើង មាន​ដំ​លោ​ហៈ​ភ្លឺ ហើយ​មាន​តួ​មាន​ជីវិត៤​នៅ​ក្នុង​ភ្លើង​នោះ។ នេះ​គឺ​ជា​រូប​ភាព​នៃ​បល្ល័ង្ក​ចល័ត​របស់​ព្រះ​ជា​ម្ចាស់។​

ពួក​យូដា​ភាគ​ច្រើន​នៅ​សម័យ​នោះ​យល់​ថា ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ប៉ុន្តែ​នៅ​ត្រង់​នេះ​យើង​បាន​ឃើញ​ថា ព្រះ​ជា​ម្ចាស់​បាន​បើក​សំ​ដែង​អង្គ​ទ្រង់​ឲ្យ​ពួក​សំណល់​នៅ​ស្រុក​បាប៊ីឡូន​បាន​ឃើញ ទ្រង់​គង់​នៅ​លើ​បល្ល័ង្ក​ចល័ត​នេះ​វិញ។

តួ​មាន​ជីវិត​ទាំង​៤ មាន​ស្លាប​៤និង​មុខ​៤(១:៦)។ មុខ​ទាំង​៤​នោះ​គឺ​មុខ​ជា​មនុស្ស ជា​សឹង្ហ ជា​គោ និង​ជា​ឥន្ទ្រី​(១:១០)។ និមិត្ត​សញ្ញា​ទាំង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់ ហើយ​វា​ក៏​បាន​លេច​ឡើង​ម្តង​ទៀត​នៅ​ក្នុង​កណ្ឌ​វិវរណៈ។ បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​មាន​ពេញ​ដោយ​ប្រាជ្ញា (មុខ​ជា​មនុស្ស) ជា​ស្តេច (មុខ​សឹង្ហ) ប្រ​កប​ដោយ​កំលាំង (មុខ​ជា​សត្វ​គោ) ហើយ​និង​មុខ​ជា​សត្វ​ឥន្ទ្រី ​ប្រហែល​ជា​និមិត្ត​រូប​នៃ​ក្តី​មេត្តាករុណា ឬ​ការ​ថែ​ទាំ​ ពី​ព្រោះ​មាន​សត្វ​ឥន្ទ្រី​ខ្លះ​មាន​វិធី​សាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​កូន​ក្នុង​ការ​ហោះ​ហើរ ដែល​ជា​ភស្តុ​តាង​មួយ​បង្ហាញ​ពី​ការ​ថែរក្សា​ដ៏​អស្ចារ្យ។

នៅ​ពេល​នោះ​មាន​ធ្យូង​ថ្ម​ឆេះ​ឡើង មាន​ផ្លេក​បន្ទោរ​ និង​រន្ទះ (ខ​១៣) ដែល​នៅ​ក្នុង​សញ្ញា​ចាស់​ គឺ​ជា​និមិត្ត​សញ្ញា​នៃ​វត្ត​មាន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​របស់​ព្រះ​ជា​ម្ចាស់។ មុន​ពេល​សម័យ​បច្ចេកៈ​វិទ្យា​ដ៏​ទំនើប​នេះ អំណាច​ដ៏​ខ្លាំង​បំផុត​នោះ​គឺ​ព្យុះ​រន្ទះ​នេះ​ឯង។ ដូច្នេះ​ នៅ​លើ​ភ្នំ​ស៊ី​ណាយ យើង​ឃើញ​មាន​សំ​លេង​ផ្គរ​ និង​រន្ទះ ឯ​បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ត្រង់​នេះ មាន​ពេញ​ដោយ​ពន្លឺ​នៃ​រន្ទះ។

តួ​មាន​ជីវិត​ទាំង​នោះ​ មិន​មែន​ចេះ​តែ​ធ្វើ​ចលនា​តាម​ចិត្ត​នោះ​ទេ។ បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​ធ្វើ​ការ​តាម​ទិស​ដៅ​របស់​ព្រះ​ជា​ម្ចាស់​នៅ​ពេល​ទ្រង់​បញ្ជា។ តួ​មាន​ជីវិត​ទាំង​នោះ​បាន​សន្ធឹង​ស្លាប​របស់​ខ្លួន ធ្វើ​ឲ្យ​ចុង​ស្លាប​ទាំង​សង​ខាង​ប៉ះ​គ្នា (ខ​១១) ហើយ​បង្កើត​បាន​ជា​ប្រ​ហោង​បួ​ន​ជ្រុង​ដែល​នោះ​គឺ​ជា​កន្លែង​សំរាប់​បល្ល័ង្ក​នេះ​ឯង។ តួ​មាន​ជីវិត​មួយ​ៗ​មាន​ក្បាល​៤ ហើយ​គ្រប់​ទាំង​អស់​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​ពេល​ព្រះ​វិញ្ញាណ​ធ្វើ​ចលនា។

ខ​១៥ បាន​បង្រៀន​ថា នៅ​ខាង​ចំហៀង​នៃ​តួ​មាន​ជីវិត​នី​មួយៗ​មាន​កង់​មិន​ធម្ម​តា​មួយ ដែល​មាន​ពេញ​ដោយ​ភ្នែក (ខ​១៨) ដែល​នោះ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​សព្វញ្ញូ​ភាព។ បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​ទត​ឃើញ​គ្រប់​យ៉ាង​ទាំង​អស់ មាន​ន័យ​ថា ព្រះ​ជា​ម្ចាស់​ទត​ឃើញ​គ្រប់​ទាំង​អស់។

ដូច្នេះ​បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​គឺ​ជា​ប្រាជ្ញា ស្តេច កំលាំង ការ​មើល​ថេរ​និង​ការ​មើល​ឃើញ​គ្រប់​អ្វី​ៗ​ទាំង​អស់។

បន្ទាប់​មក​ខ​២២ បាន​ចែង​ថា នៅ​ពី​លើ​ក្បាល​របស់​ពួកគេ​មាន​ពន្លឺ​ចាំង​ផ្លេត​ៗ​ដូចជា​ទឹក​កក​(ដូច​ជា​ផ្ទៃមេឃ ដែល មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង​ខ្លាច) ហើយ​នៅ​ពីក្រោម​វា​នៅ​ពេល​តួ​មាន​ជីវិត​ទាំង​នោះ​ផ្លាស់​ទី​នោះ​សម្លេង​ស្លាប​របស់​វា​ឮ​សូរ​ដូច​សំ​លេង​ទឹក​ហូរ ដូច​ជា​ព្រះសូរសៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា (ខ​២៤) គឺ​សម្លេង​ដូច​ជា​សូរ​សន្ធឹក​កង​ទ័ព។ ប្រ​សិន​បើ​អ្នក​ឈរ​ជិត​ទឹក​ជ្រោះ​ នោះ​សំ​លេង​ទឹក​នឹង​លាន់​ឮ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ស្តាប់​ឮ​អ្វី​ទាល់​តែ​សោះ។

ដូច្នេះ​នៅ​ពេល​បល្ល័ង្ក​របស់​ព្រះ​ជា​ម្ចាស់​ធ្វើ​ចលនា គឺ​ដូច​ជា​សម្លេង​ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​ចលនា​ដែរ វា​មាន​សម្លេង​លាន់​ឮ​យ៉ាង​ខ្លាំង គឺ​ដូចជា​សម្លេង​អឹង​កង​នៃ​កង​ទ័ព​ ឬ​សម្លេង​ទឹក​ធ្លាក់​គំហុក​យ៉ាង​នោះ​ដែរ។

នេះ​គ្រាន់​តែ​ជា​ការ​រៀប​ចំ​ សំរាប់​អ្វី​ដែល​នឹង​ត្រូវ​មក​ដល់​ប៉ុណ្ណោះ។ មាន​លំហ​ដ៏​ធំ​នៅ​ពី​លើ​ក្បាល​របស់​ពួកគេ ហើយ​នៅ​ពី​លើ​លំ​ហរ​នោះ គឺ​មាន​អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​បល្ល័ង្ក​នៃ​ត្បូង​កណ្ដៀង ហើយ​នៅ​ពី​លើ​បល្ល័ង្ក​នោះ ឃើញ​មាន​រូប​មួយ​រាង​ដូច​ជា​មនុស្ស (ខ​២៦)។ តែ​នៅ​ពេល​អ្នក​កាន់​តែ​ខិត​ចូល​ជិត​រូប​នេះ នោះ​អ្នក​កាន់​តែ​មើល​ឃើញ​និមិត្ត ​ត្រូវ​បាន​ពន្យល់​ដោយ​ការ​ឧបមា។ នេះ​គឺ «ដូច​ជា​មនុស្ស» (ខ​២៦) «អ្វី​ដែល​បាន​លេច​ឡើង​គឺ​ជា» (ខ​២៧) «មើល​ទៅ​ដូច​ជា» (ខ​២៧) «ដូច​ភ្លើង» (ខ​២៧) «មាន​រាង​ដូច​ឥន្ទធនូ (ខ​២៨)។

បន្ទាប់​មក​ព្រះគម្ពីរ​បាន​ចែង​ថា «នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា» (ខ​២៨)។

អ្នក​មិន​អាច​គូ​ស​រូប​ភាព ​ពី​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។ ហោ​រា​អេសេគាល បាន​ត្រឹម​តែ​ប្រើ​ពាក្យប្រៀប​ធៀប​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​គូស​រូប​ភាព​ពី​ព្រះ​ជា​ម្ចាស់​ ដោយ​សំអាង​លើ​និមិត្ត​ឡើយ។ ព្រះ​ជា​ម្ចាស់​មាន​ភាព​អស្ចារ្យ​ជាង​អ្វី​ដែល​យើង​អាច​គូស។ យើ​ង​មិន​អាច​គូស​រូប​ភាព​ហើយ​និយាយ​ថា «នេះ​គឺ​ជា​ព្រះ​របស់​ខ្ញុំ​» បន្ទាប់​មក​ក៏​លុត​ជង្គង់​ហើយ​ថ្វាយ​បង្គំ​នោះ​ឡើយ។​

បន្ទាប់​មក​ហោរា​អេសេគាល​បាន​មាន​ប្រ​សាសន៍​ថា «កាល​ខ្ញុំ​បាន​ឃើញ​ហើយ​នោះ​ខ្ញុំ​ក្រាប​មុខ​ចុះ ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ​សូរសៀង​មាន​បន្ទូល​មក។ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ក្រោក​ឈរ​ឡើង នោះ អញ្ចឹង​និយាយ​នឹង​ឯង» (​១:២៨​ខ-២:១)។

កត្តា​ដំបូង​នៃ​ការ​ត្រាស់​ហៅ​របស់​ហោ​រា​អេសេគាល​គឺ លោក​បាន​ឃើញ​ព្រះ និង​បន្ទាប​ខ្លួន។ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​មើល​ឃើញ​ព្រះ​អង្គ ប៉ុន្តែ​នៅ​ក្នុង​វប្បធម៌​មួយ​ ដែល​មិន​មាន​ការ​ពេញ​និយម​ក្នុង​ការ​និយាយ​ពី​ការ​ស្គាល់​ព្រះ និង​ទទួល​យក​ព្រះ​ដ៏​អស្ចារ្យ​នេះ នោះ​វា​កាន់​តែ​មាន​សារៈ​សំខាន់​ថែ​ម​ទៀត​ក្នុង​ការ​មើល​ឃើញ​សិរី​រុង​រឿង​របស់​ព្រះអង្គ​ និង​បាន​បន្ទាប​ខ្លួន​ចុះ​ដោយ​សារ​ព្រះ​អង្គ។ ប្រ​សិន​បើ​អ្នក​មិនបាន​មើល​ឃើញ​នោះ​ទេ នោះ​អ្នក​នឹង​មិន​អាច​មាន​កំលាំង​បាន​ឡើយ។

ដូច្នេះ គ្រប់​ទាំង​និមិត្ត​របស់​ព្រះ​ជា​ម្ចាស់​ដែល​អ្នក​បាន​មើល​ឃើញ តាមរយៈ​ព្រះគម្ពីរ​ម្តង​ហើយ​ម្តង​ទៀត ត្រូវ​បាន​ប្រទាន​ទៅ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​ការ​កំលាំង ក្នុង​អំឡុង​ពេល​គ្រោះ​ថ្នាក់ ឬ​អាក្រក់។ ហោរា​អេសាយ បាន​រស់​នៅ​ក្នុង​អំឡុង​ពេល​ដ៏​អាក្រក់​ ហើយ​លោក​ក៏​បាន​ទទួល​និមិត្ត​ដ៏​អស្ចារ្យ​ពី​ព្រះ​ជា​ម្ចាស់​ដែរ។ សាវក​យ៉ូហាន​ ជា​អ្នក​ថ្លែង​បទ​ទំនាយ​នៅក្នុង​កណ្ឌ​វិវរណៈ​ជំពូក​១ បាន​មើល​ឃើញ​និមិត្ត​ដ៏​អស្ចារ្យ​មួយ​ពី​ព្រះ​ជា​ម្ចាស់ ខណៈ​ពេល​ដែល​ពួក​ជំនុំ​កំពុង​តែ​ប្រ​ឈម​មុខ​ជា​មួយ​នឹង​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ។

 

ទី​ពីរ វា​ជា​ត្រាស់​ហៅ​ឲ្យ​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច (:)

​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ហោ​រា​អេសេគាល «កូន​មនុស្ស​អើយ អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ដល់​សាសន៍​ដែល​រឹង​ច​ចេស ដែល​បាន​បះ​បោរ​នឹង​អញ» (ខ​៣)។ និយាយ​ម្យ៉ាង​ទៀត ការ​ទាស់​ប្រ​ឆាំង​ធំ​បំផុត​មិន​មែន​ជា​ការ​ប្រ​ឆាំង​ទាស់​និង​ពួក​បាប៊ីឡូន​នោះ​ទេ តែ​ប្រ​ឆាំង​ទាស់​នឹង​ព្រះ​ជា​ម្ចាស់​វិញ។

​ពួក​ហោ​រា​របស់​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ តែ​ពួក​បណ្តាជន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នោះ​ទេ ជាតិ​សាសន៍​នេះ​ទាំង​មូល​ ​និង​ពូជ​ពង្ស​របស់​ដាវីឌ​ទាំង​អស់​ផង​ដែរ បាន​ធ្លាក់​ដោយ​ព្រោះ​ការ​បះ​បោរ​ប្រ​ឆាំង​ទាស់​នឹង​ព្រះ​ជា​ម្ចាស់​របស់​ពួក​គេ។ ព្រះ​ជា​ម្ចាស់​បាន​បន្ត​មាន​បន្ទូល​ទៅ​កាន់​ហោ​រា​អេសេគាល​ថា ទោះ​ទាំង​ខ្លួន​គេ​និង​ពួក​ឰយុកោ ក៏​បាន​រំលង ទាស់​នឹង​អញ ដរាប​ដល់​ថ្ងៃ​នេះ​ឯង​គេ​ជា​កូន​ចៅ​មាន​មុខ​រឹង ហើយ​ចិត្ត ខែង គឺ​ដល់​ពួក​អ្នក​នោះ​ដែល​អញ​ចាត់​ឯង ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះអម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​គេ ទោះ​បើ​គេ​នឹង​ព្រម ស្តាប់ ឬ​មិន​ព្រម​ក្តី (ដ្បិត​គេ​ជា​ពូជ​ពង្ស​រឹង​ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា១ បាន​មក​ក្នុង​ពួក​គេ​ហើយ​ (២:៣ខ​-​៥)។​

ព្រះ​ជា​ម្ចាស់​ជ្រាប​ពី​អ្វី​ដែល​ហោរា​អេសេគាល​កំពុង​គិត ហេតុ​នេះ​ទើប​ទ្រង់​បាន​មាន​បន្ទូល​ទៅ​លោក​នៅ​ក្នុង​ខ​៦​ថា ឯ​ឯង កូន​មនុស្ស​អើយ កុំ​ឲ្យ ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​របស់​គេ​ដែរ ទោះ​បើ​មាន ​បន្លា ហើយ​នឹង​អញ្ចាញ​មក​ទាស់​ជាមួយ​នឹង​ឯង ហើយ​ឯង​មាន​ទីអាស្រ័យ នៅ​កណ្តាល​ពួក​ខ្យាដំរី​ក៏​ដោយ កុំ​ឲ្យ​ខ្លាច​ពាក្យ​សំដី​គេ​ឲ្យ​សោះ​ក៏ កុំ​ឲ្យ​ស្លុតចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជពង្ស​រឹង​ចចេស​ក៏ ដោយ​ត្រូវ​ឲ្យ​ឯង​ថ្លែង​ពាក្យ​របស់​អញ​ប្រាប់​ដល់​គេ ទោះ​បើ​គេ​នឹង ព្រម​ស្តាប់ ឬ​មិន​ព្រម ក្តី ដ្បិត​គេ​រឹង​ចចេស​ណាស់

ចូរ​កត់​សំគាល់​ នៅ​ត្រង់​ការ​ទទួល​យក​និង​ប្រកាស​ព្រះ​បន្ទូល​ព្រះ​ដ៏​ត្រឹម​ត្រូវ។ ត្រូវ​ចាំ​ថា​ វា​ជា​ការ​សំខាន់​ណាស់​ដែល​ថា អស់​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះ​ជា​ម្ចាស់ ​នឹង​និយាយ​ព្រះ​បន្ទូល​របស់​ព្រះ។ នេះ​គឺ​ជា​ហេតុ​ផល​មួយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ព្រះ​គម្ពីរ​មក។ វា​អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​និយាយ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ទៅ​កាន់​ពួក​អ្នក​ដែល​មិន​ចង់​ឮ។ ខ្ញុំ​បាន​ធំ​ពេញ​វ័យ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ប្រ​ទេស​កា​ណា​ដា​ដែល​និយាយ​ភាសា​បារាំង នៅ​ចន្លោះ​ឆ្នាំ ១៩៥០-​១៩៥២ ពេល​នោះ​ពួក​គ្រូ​គង្វាល​បាទីស្ទ​ខ្លះ​ នៅ​ក្នុង​ប្រ​ទេស​កា​ណា​ដា​ត្រូវ​បាន​ជាប់​ពន្ធ​នា​គារ​ ដោយ​ព្រោះ​អធិប្បាយ​ដំណឹង​ល្អ។ មាន​ពួក​អ្នក​ជឿ​លើ​ដំណឹង​ល្អ​ខ្លះ បាន​បាត់​បង់​មុខ​ជំនួញ​របស់​ពួក​គេ​ ហើយ​ផ្ទះ​សំ​បែង​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ។ ពេល​នោះ​គឺ​ជា​អំឡុង​ពេល​ដ៏​គ្រោះ​ថ្នាក់​មួយ។ វា​ជា​អំឡុង​ពេល​ដ៏​គ្រោះ​ថ្នាក់​មួយ​នៅ​ក្នុង​ជំនួប​លើក​ដំបូង​របស់​វ៉ាយ​ហ្វៀល និង​វែស្ល៊ី​នៅ​ក្នុង​ប្រ​ទេស​អង់គ្លេស​ដែរ។ ប៉ុន្តែ​ខណៈ​ពេល​ដែល​ពួក​ជំនុំ​រីក​ដុះ​ដាល​ច្រើន​ឡើង នោះ​ពួក​អធិប្បាយ​ព្រះ​បន្ទូល​ត្រូវ​បាន​ទទួល​ការ​គោរ​ព។ វា​ជា​កិត្តិ​យស​មួយ​ក្នុង​ការ​ធ្វើ​ជា​អ្នក​បំរើ​ព្រះ​ជា​ម្ចាស់។ មិន​មែន​ថា​រាល់​ពេល​ពួកគេ​បាន​ទទួល​ការ​ស្រ​ឡាញ់ ​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​ការ​គោរព។ តែ​នៅ​ពេល​លេច​ឡើង​នូវ​វប្ប​ធម៌​ទាស់​ប្រ​ឆាំង​នឹង​ដំណឹង​ល្អ​ នោះ​ងាយ​ណាស់​ក្នុង​ការ​ទទួល​ការ​ភ័យ​ខ្លាច។ គឺ​ភ័យ​ខ្លាច​ចំពោះ​ការយល់​ឃើញ​របស់​ពួក​បណ្តា​ជន។ ហោរា​អេសេគាល​បាន​យល់​ពី​ការ​ទាំង​អស់​នេះ ពីព្រោះ​លោក​មាន​សារ​មួយ​ដែល​មិន​មាន​ការ​និយម​ពេញ​ចិត្ត​សោះ ហើយ​ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​បង្គាប់​លោក ​ឲ្យ​ប្រ​កាស​ព្រះ​បន្ទូល​របស់​ទ្រង់ ដោយ​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឬ​ទាស់​ប្រ​ឆាំង​ឡើយ។

ចូរ​កត់​សំគាល់​ថា ព្រះ​ជា​ម្ចាស់​មិន​បាន​សន្យា​ថា នឹង​មាន​ការ​ភ្ញាក់​ឡើង​វិញ​នោះ​ទេ។ ហោ​រា​អេសេគាល​ត្រូវ​តែ​ប្រ​កាស​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ទោះ​បី​ពួក​បណ្តា​ជន​ស្តាប់​ឬ​មិន​ស្តាប់​ក្តី។

ត្រូវ​ចាំ​ថា​ វា​ជា​ការ​សំ​ខាន់​បំផុត​ដែល​ត្រូវ​ប្រ​កាស​ព្រះបន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ជា​ពិសេស​នៅ​ពេល​យើង​រស់​នៅ​ក្នុង​អំឡុង​ពេល​ដែល​អាក្រក់ ឬ​ក្នុង​អំឡុង​ពេល​ដែល​គ្រប់​យ៉ាង​បាន​ត្រ​ឡប់​ជា​ពុករលួយ​ ពី​ព្រោះ​យើ​ង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង និង​ព្រះ​បន្ទូល​ព្រះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ផ្លាស់​ប្តូរ​មនុស្ស​បាន។

មិន​ថា​ព្រះបន្ទូល​ព្រះ​ប្រ​កាស​ពី​ការ​វិនិច្ឆ័យ​ឬ​ តាម​រយៈ​ព្រះ​បន្ទូល​នោះ​ ទ្រង់​បាន​នាំ​ការ​ផ្លាស់​ប្រែ​យ៉ាង​ណា​នោះ​ទេ គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​ព្រះ​អង្គ​ជា​អ្នក​ធ្វើ​ការ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់​ទាំង​អស់។

តើ​អ្នក​ណា​ដឹង​ថា ព្រះ​អង្គ​នឹង​ធ្វើ​ការ​អ្វី​នៅ​ក្នុង​ប្រទេស​នេះ​ឬ​ទេ? ខ្ញុំ​មិន​ដឹង​ទេ។ ព្រះអង្គ​អាច​នឹង​លើក​ពួក​អ្នក​អធិប្បាយ​ល្បី​ៗ​ឡើង​ ពី​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ស្តាប់​ព្រះ​បន្ទូល​នេះ ដែល​នឹង​នាំ​មនុស្ស​ជា​ច្រើន​ទៅ​ឯ​ព្រះ​គ្រីស្ទ។

ខ្ញុំ​ដឹង​ជា​ប្រាកដ​ថា ការ​នេះ​នឹង​មិន​កើត​ឡើង​តាម​រយៈ​ពួក​អ្នក​ដែល​បាន​ផ្លាស់​ប្តូរ​ ព្រះ​បន្ទូល​របស់​ព្រះ​នោះ​ទេ។ តែ​វា​នឹង​កើត​ឡើង​តាម​រយៈ​ពួក​អ្នក​ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ស្មោះ​ត្រង់​ ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​វិញ។

ចេញពី​ទស្សនៈ​របស់​ព្រះ​ជា​ម្ចាស់ មាន​វិធី​តែ​មួយ​គត់​ដែល​អ្នក​អាច​បរា​ជ័យ គឺ​ការ​ដែល​អ្នក​បិទ​មាត់​ មិន​ប្រ​កាស​ព្រះ​បន្ទូល។ ភាព​ជោគ​ជ័យ​ ឬ​ប​រា​ជ័យ​របស់​អ្នក​មិន​មែន​វាស់​វែង​តាម​រយៈ​បរិមាណ​របស់​មនុស្ស​ដែល​ប្រែ​ចិត្ត​ជឿ ឬ​មិន​ប្រែ​ចិត្ត​ជឿ​នោះ​ទេ។ ការ​បរាជ័យ​របស់​អ្នក​ត្រូវ​បាន​វាស់​វែង​តាម​រយៈ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​ហៅ​ថា បះ​បោរ និង​ការ​ដែល​អ្នក ​មិន​បា​ន​ប្រ​កាស​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់។ នេះ​ជា​ការ​មួយ​សំខាន់​ដែល​ត្រូវ​ចង​ចាំ ពី​ព្រោះ​វប្ប​ធម៌​របស់​យើង​មាន​ការ​យល់​ដឹង​បន្តិច​ច​បន្តួច​ប៉ុណ្ណោះ​អំពី ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់។ វា​ត្រូវ​ការ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​បង្រៀន​គ្រប់​ទាំង​ព្រះ​បន្ទូល​របស់​ព្រះ ដើម្បី​ផ្លាស់​ប្តូរ​ទស្សន​វិស័យ​លោក​របស់​ពួកគេ។

ខ្ញុំ​មិន​មែន​មាន​គំនិត​ទិដ្ឋិ​និយម​ជា​មួយ​វប្ប​ធម៌​របស់​ខ្លួន​ឯង​នោះ​ទេ សូម្បី​តែ​វា​បាន​ត្រ​លប់​ជា​ខូច​អាក្រក់​យ៉ាង​ណា​ក្តី ដ្បិត​ព្រះ​នៅ​តែ​អាច​ផ្លាស់​ប្តូរ​គ្រប់​ទាំង​ស្ថាន​ភាព​បាន។ ខ្ញុំ​មិន​ដាក់​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​ទៅ​លើ​ការ​ល្អ​របស់​មនុស្ស​នោះ​ទេ ប៉ុន្តែ​ទុក​ចិត្ត​លើ​សមត្ថ​ភាព​របស់​ព្រះ ជា​ម្ចាស់​ក្នុង​ការ​ផ្លាស់​ប្តូរ​យើង​វិញ។

 

ទី​៣ វា​ជា​ការ​ត្រាស់​ហៅ​ឲ្យ​ស្គាល់​ពី​ទិដ្ឋិ​ភាព​របស់​ព្រះ​ជា​ម្ចាស់​និង​ដើរ​តាម​គ្រប់​ទាំង​មាគ៌ា​របស់​ទ្រង់ (::១៥)

ប្រ​សិន​បើ​ជំពូក​២ ជា​ជំពូក​និទាន​អំពី​ការ​តែង​តាំង​របស់​ហោរា​អេសេគាល នោះ​ជំពូក​នេះ​នឹង​បំពាក់​បំប៉ន​ហោរា​អេសេគាល។ មាន​ក្រាំង​មួយ​ដែល​បាន​សរ​សេរ​ចុះ​ទាំង​សង​ខាង។ ក្រាំង​ភាគ​ច្រើន​នៅ​ក្នុង​លោក​នេះ​នា​បុរាណ​សម័យ​ ត្រូវ​បាន​គេ​សរ​សេរ​តែ​លើ​ផ្នែក​ម្ខាង​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​អាច​សរ​សេរ​លើ​ផ្នែ​ក​ទាំង​សង​ខាង ប្រ​សិន​បើ​អ្នក​ចង់​ស​រ​សេរ​ចុះ​នូវ​អ្វី​ៗ​ដែល​អ្នក​មាន​នៅ​ក្នុង​កន្លែង​តែ​មួយ។ ដូច្នេះ​នេះ​គឺ​ជា​និមិត្ត​សញ្ញា​បញ្ជាក់​ថា ក្រាំង​នេះ​មាន​គ្រប់​ទាំង​ការ​វិនិច្ឆ័យ​របស់​ព្រះ​ជា​ម្ចាស់ ការ​ទួញ​យំ ទុក្ខ​សោក​ ហើយ​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ហោរា​អេសេគាល​បរិ​ភោគ​ក្រាំង​នោះ (៣:១)។ បន្ទាប់​មក​ហោ​រា​អេសេគាល​បាន​មាន​ប្រសាសន៍​ថា នោះ​ខ្ញុំ ក៏​បរិភោគ​ទៅ ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក្រាំង​នោះ​មាន​រស់​ផ្អែម​ដូច​ជា​ទឹក​ឃ្មុំ​ (ខ៣)។

នេះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ ក្រាំង​ទាំង​អស់​សុទ្ធ​តែ​ចែង​ពី​ការ​វិនិច្ឆ័យ ការ​ទួញ​យំ ការ​យំ​សោក និង​ហោរា​អេសេគាល​យល់​ថា​ទាំង​អស់​នោះ​មាន​រស់​ជាតិ​ផ្អែម។ តើ​នៅ​ត្រង់​នេះ​ចង់​និយាយ​ពី​អ្វី? នៅ​ត្រង់​នេះ​ចង់​បង្ហាញ​ថា​ទស្សនៈ​របស់​ហោរា​អេសេគាល ពេល​នេះ​ស្រប​តាម​ទស្សនៈ​របស់​ព្រះ​ជា​ម្ចាស់ ចិត្ត​គំនិត​របស់​លោក​នៅ​ជាប់​ជា​មួយ​ព្រះ​ជា​ម្ចាស់ ហេតុ​នេះ​ទោះ​បី​ជា​ទ្រង់​ប្រ​កាស​ពី​ការ​វិនិច្ឆ័យ​ និង​ការ​យំ​សោក​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​បី​មាន​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក្តី (​អេសេគាល​នឹង​តវ៉ា​នៅ​ពេល​ក្រោយ) ក៏​លោក​បាន​ឆ្លើយ​តប​ទៅ​ព្រះអង្គ​ចេញ​ពី​ចិត្ត​ថា «មែន​ហើយ​» ផ្លូវ​និង​ព្រះបន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ត្រឹម​ត្រូវ​មែន។

ពិបាក​ណាស់ ​ក្នុង​ការ​ប្រ​កាស​ពី​ព្រះ​បន្ទូល​វិនិច្ឆ័យ​របស់​ព្រះ​ជា​ម្ចាស់ ប្រ​សិន​បើ​អ្នក​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់​ចេញ​ឲ្យ​ឆ្ងាយ ឬ​អ្នក​គិត​ថា​ព្រះ​ជា​ម្ចាស់​ដូច​ជា​មិន​យុត្តិ​ធម៌​សោះ​នោះ។ ប៉ុន្តែ​ប្រ​សិន​បើ​អ្នក​មើល​ឃើញ​ពី​ភាព​បរិ​សុទ្ធ​របស់​ព្រះ​ជា​ម្ចាស់​ នោះ​ទោះ​បី​ជា​ទ្រង់​ប្រ​កាស​ពី​ការ​វិនិច្ឆ័យ​ និង​យំសោក​ក្តី​ ក៏​អ្នក​នៅ​មាន​អំណរ​តាម​របៀប​មួយ​ដែរ ទោះបី​ជា​របៀប​ផ្សេង​ទៀត​អ្ន​ក​មិន​មាន​អំណរ​ក៏​ដោយ។

នៅ​ក្នុង​ខ​៧ ព្រះ​ជា​ម្ចាស់​បាន​ព្រមាន​ហោរា​អេសេគាល​ថា ពួក​អ៊ីស្រាអែល​នឹង​មិន​ស្តាប់​លោក​ឡើយ ពី​ព្រោះ​ពួក​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ​អង្គ​ តែ​នៅ​ក្នុង​ខ​៨-៩ ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ថា មើល​អញ​ធ្វើ ឲ្យ​មុខ​ឯង​បាន​រឹង​តនឹង​មុខ​គេ ហើយ​ក្បាល​ឯង​បាន​រងឹត​នឹង​ក្បាល​គេ ដែរ​អញ​បាន​ធ្វើ​ឲ្យ​ក្បាល​ឯង​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក និង​ភ្លើង​ទៅ​ទៀត​ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ​ពង្ស​រឹង​ចចេស​ក៏ដោយ

ដូច​ដែល​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ដែរ​ថា ទ្រង់​នឹង​ដាក់​ហោ​រា​អេសេគាល​ឲ្យ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​នឹង​ពួក​អ៊ី​ស្រា​អែល ជា​កន្លែង​ដែល​ពួកគេ​ទង្គិច​ក្បាល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​ជា​ម្ចាស់​នឹង​បំពាក់​បំប៉ន​ហោ​រា​អេសេគាល​ដោយ​ប្រ​ទាន​ដល់​លោក​នូវ​ថ្ងាស​ដែល​រឹង​ជាង​ពួក​អ៊ីស្រាអែល។

ប្រ​សិន​បើ​អ្នក​ក្រឡេក​មើ​ល​ប្រវត្តិសាស្ត្រ​ឡើង​វិញ គឺ​ទាំង​ប្រវត្តិសាស្ត្រ​ព្រះ​គម្ពីរ និង​ប្រវត្តិសាស្ត្រ​ពួក​ជំនុំ​ នោះ​អ្នក​នឹង​ដឹង​ថា ​មាន​ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​វិល​បែរ​មក​ឯ​ព្រះ ក្នុង​នោះ​មាន​ពួក​អ្នក​ដឹក​នាំ (ពួក​នោះ​អាច​ជា​មនុស្ស​សុភាព​រៀប​សារ) ដែល​សុទ្ធ​តែ​មាន​កំលាំង​ខ្លាំង​ក្លា ហើយ​ពួកគេ​មិន​ដើរ​តាម​ពួក​បណ្តា​ជន​ឬ​ផ្គាប់​ចិត្ត​ដល់​ពួក​បណ្តា​ជន​ឡើយ។ ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​យល់​ច្រលំ​ពី​ការ​បំរើ​មនុស្ស និង​ការ​ដើរ​តាម​មនុស្ស។

ពួក​អ្នក​ដឹក​នាំ​ល្អ​ៗ​ទាំង​នេះ នឹង​មិន​ស្តាប់​តាម​សំ​លេង​របស់​ពួក​បណ្តា​ជន ដែល​មាន​ចិត្ត​គំនិត​មិន​ដើរ​តាម​ព្រះ បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ប៉ុន្តែ​ពួកគេ​នឹង​ប្រ​កាន់​ភ្ជាប់​ក្នុង​ការ​ដើរ​តាម​ផ្លូវ​ល្អ ដើរ​តាម​ព្រះបន្ទូល​ព្រះ​ និង​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់ ទោះ​បី​ជា​ការ​នេះ​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​ក៏​ដោយ។ ពួកគេ​មិន​ទោ​ទន់​ទៅ​រក​ពួក​បណ្តា​ជន​ឡើយ។ ពួក​គេ​ត្រូវ​តែ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​នេះ ​ដើម្បី​អោយ​មាន​ក្តី​សង្ឃឹមថា​ព្រះជាម្ចាស់​នឹង​ផ្លាស់​ប្ដូរ​ស្ថានភាព។

ពួក​គេ​មិន​ទោ​ទន់​ទៅ​ខាង​បណ្តា​ជន​ឡើយ។ នេះ​មិន​មែន​បាន​សេចក្តី​ថា​ពួកគេ​មាន​អំនួត ឬ​មិន​មាន​ចិត្ត​មេត្តា​ធម៌​នោះ​ទេ ប៉ុន្តែ​ដោយ​ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​សមត្ថ​ភាព​ដល់​ពួកគេ​ឲ្យ​ស្មោះ​ត្រង់​ជាមួយ​នឹង ព្រះ​បន្ទូល​របស់​ទ្រង់។

បន្ទាប់​មក​នៅ​ក្នុង ខ​១២ បាន​ចែង​ថា លំដាប់​នោះ​ព្រះវិញ្ញាណ​ទ្រង់​លើក​ខ្ញុំឡើង ហើយ​ខ្ញុំ​ឮសូរ អឺងអាប់ ជា​ខ្លាំង​ពី​ក្រោយ​ខ្ញុំ​ថា សូម​ឲ្យ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​បាន​ពរ​ពី ស្ថាន របស់​ទ្រង់​មក ហើយ​ក៏​ឮសូរសន្ធឹក​នៃ​ស្លាបរ​បស់​តួ​មាន​ជីវិត​ទាំងនោះ ដែល​ប៉ះ គ្នា នឹង​សូរ​របស់​កង់​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង​អាប់ យ៉ាង​ខ្លាំង​ដូច្នេះ​ព្រះវិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯខ្ញុំ​ក៏​ទៅ​ដោយ មាន​សេចក្តី​ជូរ​ចត់ ហើយ​ដោយ​សេចក្តី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះហស្ត​នៃ​ព្រះ​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ

ចិត្ត​គំនិត​របស់​ហោ​រា​អេសេគាល នៅ​ពេល​នេះ​បាន​ដើរ​តាម​ព្រះហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់ ដូច្នេះ​ហើយ​នៅ​ពេល​លោក​ដឹង​ពី​អំពើ​បាប​របស់​ពួក​អ៊ីស្រាអែល លោក​ក៏​មាន​ចិត្ត​ខឹង​ចំពោះ​អំពើ​បាប​ទាំង​នោះ​ដែរ។

បន្ទាប់​ពី​មាន​បទ​ពិសោធន៍​នេះ​ហើយ លោក​បាន​អង្គុយ​នៅ​មាត់​ស្ទឹង​ជា​មួយ​នឹង​អ្នក​មាន​វ័យ​ស្រករ​លោក (ខ​១៥) ក្នុង​ស្រុក​បាប៊ីឡូន។

មាន​លេច​ឡើង​នូវ​សិរី​ល្អ​ខ្លះ​ៗ​ទាក់​ទង​នឹង​ការ​នេះ ពួក​អ្នក​ដឹក​នាំ​បាន​មើល​ឃើញ​សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ ហេតុ​នេះ​ពួក​គេ​នៅ​ជាប់​ជា​មួយ​នឹង​ព្រះ​ហ​ឫ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់ ទោះបី​ពេល​នោះ​មាន​ការ​ខឹង​សម្បារ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ អ្នក​ត្រូវ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​អ្នក​ដែល​អ្នក​បំរើ​ដែរ។

អ្នក​អាច​មាន​គ្រូ​អធិប្បាយ ​ដែល​មាន​ទស្សនៈ​របស់​ព្រះ​ជា​ម្ចាស់ តែ​ពួកគេ​តែង​មាន​ចិត្ត​ខឹង​សម្បា​គ្រប់​ពេល ​ជា​មនុស្ស​កាច អាក្រក់។ តែ​ផ្ទុយ​ទៅ​វិញ មាន​មនុស្ស​កំសាក​ដែល​ចង់​តែ​ផ្គាប់​ចិត្ត​មនុស្ស ដូច្នេះ​ពួកគេ​តែង​និយាយ​ពី​អ្វី​ដែល​មនុស្ស​ចង់​ស្តាប់ និយាយ​ពី​អ្វី​ដែល​មាន​ការ​ទាក់​ទាញ។ ហោ​រា​អេសេគាល​ មិន​មែន​ជា​មនុស្ស​បែប​នោះ​នោះ​ទេ។ លោក​ខឹង​សម្បា​ចំពោះ​គ្រប់​ទាំង​អំពើ​បាប តែ​ជា​មួយ​គ្នា​លោក​អង្គុយ​ជា​មួយ​នឹង​ជន​រួម​ជាតិ​ដ៏​ច្រើន​លើស​លប់​របស់​លោក​ហើយ​លោក​មាន​ការ​ស្រឡាង​គាំង​យ៉ាង​ខ្លាំង។​

ទី​៤ ការ​ត្រាស់​ហៅ​គឺ​ដើម្បី​ប្រ​កាស​ពី​សេចក្តី​ព្រមាន​ផ្សេង​ៗ និង​ត្រូវ​ប្រុង​ប្រយ័ត្ន (:១៦២៧)

ព្រះ​ជា​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ហោ​រា​អេសេគាល​និយាយ​ពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​គាត់​និយាយ​ប៉ុណ្ណោះ (៣:២៦-២៧)។ លោក​មិន​អាច​និយាយ​អ្វី​ផ្សេង​បាន​ឡើយ សូម្បី​ពាក្យ​បដិ​សណ្ឋារកិច្ច ដូច​ជា​សួស្តី ឬ​ជំរាប​លា​ក៏​មិន​បាន​ផង។ នេះ​កើត​ឡើង​អស់​រយៈ​ពេល​៦​ឆ្នាំ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ហោរា​អេសេគាល​អាច​និយាយ​ម្តង​ទៀត​នៅ​ក្នុង​អេសេ. ៣៣ គឺ​នៅ​ពេល​លោក​បាន​ឮ​ថា​ក្រុង​យេរូសាឡិម​បាន​ដួល​រំ​លំ។

តើ​អ្នក​អាច​ស្រ​មៃ​មើល​ឃើញ​ពី​ឥទ្ធិ​ពល​នេះ​ឬ​ទេ? លោក​មិន​អាច​និយាយ​អ្វី​ផ្សេង​សូម្បី​មួយ​ម៉ាត់ អស់​រយៈពេល​រាប់​ខែ បន្ទាប់​មក​ស្រាប់​តែ​អាច​និយាយ​ថា «នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា»។ ពេល​នោះ​ពាក្យ​ប្រ​កប​ដោយ​អំណាច​ពី​ព្រោះ​ មាន​តែ​ពាក្យ​នោះ​ប៉ុណ្ណោះ​ដែល​លោក​អាច​និយាយ​បាន។

ច្បាស់​ណាស់​ថា ការ​នេះ​មិន​ប្រើ​ដើម្បី​អនុវត្ត​សំរាប់​យើង​រាល់​គ្នា​នៅ​ពេល​នេះ​នោះ​ទេ ព្រះ​ជា​ម្ចាស់​មិន​បាន​បញ្ឈប់​យើង​ក្នុង​ការ​និយាយ​ស្តី​ឡើយ​ តែ​យើ​ង​ត្រូវ​តែ​ចែក​ឲ្យ​ដាច់​ថា​ពេល​ណា ​ដែល​យើង​ត្រូវ​ប្រ​កាស​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ ហើយ​ពេល​ណា ​ដែល​យើង​គ្រាន់តែ​ចែក​ចាយ​ពី​គំនិត​យោបល់​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

សារ​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ជំពូក​១-៣ នៃ​កណ្ឌ​គម្ពីរ​អេសេគាល នៅ​តែ​អាច​ប្រើ​ក្នុង​ការ​អនុវត្ត​ក្នុង​សម័យ​កាល​នេះ។ យើង​នៅ​តែ​ត្រូវ​ការ​និមិត្ត​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់។ កណ្ឌ​គម្ពីរ​វិវរណៈ ដែល​បាន​សរ​សេរ​ឡើង​សំរាប់​គ្រីស្ទ​បរិស័ទ​គ្រប់​គ្នា បាន​ប្រើ​រូប​ភាព​ជា​ច្រើន​ចេញពី​ព្រះ​គម្ពីរ​អេសេគាល ដើម្បី​ពណ៌​នា​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់ និង​ពី​កូន​ចៀម​របស់​ព្រះ​អង្គ។ យើង​ក៏​ត្រូវ​បន្ទាប​ខ្លួន​នៅ​ចំពោះ​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ​ដូច​គ្នា​ដែរ ដែល​ទ្រង់​បាន​សុគត និង​បាន​រស់​ពី​សុគត​ឡើង​វិញ​ក្នុង​នាម​ជា​អ្នក​ត្រួត​ត្រា​លើ​គ្រប់​ទាំង​អស់ ហើយ​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​អស់​កល្ប​ជា​និច្ច​ អាម៉ែន។

 

The above is an abridged translation of “The Call of a Prophet in Declining Times” by Don Carson.  If you wish to hear the original English sermon, please go to

http://thegospelcoalition.org/resources/a/Part-1-The-Call-of-a-Prophet-in-Declining-Times-Ezekiel-1-3

Leave a Reply

Your email address will not be published. Required fields are marked *

*

Top