១ពេត្រុស ៥:១-១៤ 1 Peter 5:1-14

1Peter 5.1-14 download

រំលឹក៖ ​នៅក្នុង​១ពេត្រុស ៤:១-១៩ ​បាន​បង្រៀន​អោយ​គ្រីស្ទបរិស័ទ​​​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​បរិសុទ្ធ ពីព្រោះ​​​ព្រះ​យេស៊ូវ​គ្រីស្ទ​​បាន​រងទុក្ខ​ខាង​សាច់​ឈាម​ជំនួស​យើង​រួច​ហើយ។ គ្រីស្ទបរិស័ទ​គួរ​តែ​​បំរើ​​​ព្រះ​ដោយ​   សេចក្តី​ស្រលាញ់​​តាម​អំណោយ​ទាន​រៀងៗ​ខ្លួន ហើយ​​បើ​ទោះ​ជា​មាន​ការ​រង​ទុក្ខ​ក៏​ដោយ ក៏​យើង​គួរ​តែ​មាន​អំណរ​អរ​សប្បាយ​នៅ​ក្នុង​ជីវិត​និង​ការ​បំរើ​ព្រះ​ដែរ​​ ពីព្រោះ​យើង​​​មាន​ចំណែក​​នៅ​ក្នុង​ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ​​។  

សូម​អាន​ ១​ពេត្រុស ៥:១៤ ។​

រចនា​សម្ព័ន្ធ៖

៥:១-៤ ការ​ដាស់​តឿន​និង​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​ចាស់​ទុំ

៥:៥-៧ ​ពួក​គ្រីស្ទបរិស័ទ​វ័យ​ក្មេង​​គួរ​តែ​ចុះចូល​ចំពោះ​ពួក​​ចាស់​ទុំ​របស់​ខ្លួន

៥:៨-១១ ការ​តស៊ូ​ជាមួយ​អារក្ស​ដោយ​សេចក្តី​ជំនឿ​

៥:១២-១៤ ការ​ជំរាប​សួរ​ចុង​ក្រោយ​

សូម​អាន​ខ. ៤ ឡើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ​​​លក្ខណៈ​សម្បត្តិ​ទាំង​បី​ដែល​សាវក​ពេត្រុស​បាន​អះអាង​ថា​គាត់​មាន គឺ​ជា​​អ្វីខ្លះ? (.)

តើ​សាវក​ពេត្រុស​បង្រៀន​អោយ​​ពួក​ចាស់​ទុំ​ធ្វើ​អ្វីខ្លះ? (.)

 

តើ​​ពួក​ចាស់ទុំ​ដែល​ឃ្វាល​​ហ្វូង​ចៀម​ដោយ​ស្មោះត្រង់​នឹង​ទទួល​បាន​អ្វី? (.)

 

ការ​ពន្យល់ និង​ការ​អនុវត្ត៖

ពួក​ចាស់​ទុំ​គឺ​ជា​​ពួក​អ្នក​ដឹកនាំ​ពួក​ជំនុំ ដែល​មាន​ទំនួល​ខុសត្រូវ​​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង ថែរក្សា បង្រៀន និង​ដឹកនាំ​​អ្នក​ជឿ​ដទៃ​ទៀត​នៅ​ក្នុង​ពួក​ជំនុំ ដូច្នេះ​ហើយ​​​ការ​ធ្វើ​ជា​គំរូ​ល្អ​គឺ​ជា​សេចក្តី​តម្រូវ​សំរាប់​ពួក​ចាស់​ទុំ។ តើ​អ្នក​គឺ​ជា​​អ្នក​ដឹកនាំ​នៅក្នុង​ពួក​ជំនុំ​​ដែល​អ្នក​កំពុង​បំរើ​ដែរ​ឬ​ទេ? ហើយ​តើ​អ្នក​​បាន​មើល​ឃើញ​គំរូ​ល្អ​​ចេញ​ពី​ខ្លួន​ឯង​ ឬ​ពី​អ្នក​ដឹកនាំ​ដទៃ​ទៀត​នៅក្នុង​ពួក​ជំនុំ​របស់​អ្នក​ដែរ​ឬ​ទេ?

សាវក​ពេត្រុស​​បរិយាយ​អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​​​នៃ​អ្នក​ដឹកនាំ​ល្អ​នៅ​ក្នុង​ពួក​ជំនុំ។ ទីមួយ អ្នក​ដឹកនាំ​​​គួរ​តែ​ដឹង​ថា គាត់​កំពុង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ មិន​មែន​ហ្វូង​ចៀម​របស់​គាត់​ឡើយ​។ ទីពីរ ​បំរើ​​ពួក​ជំនុំ​ដោយ​ស្ម័គ្រ​ចិត្ត​ មិន​គិត​អំពី​កំរៃ និង​ដោយ​​បន្ទាប​ខ្លួន។ ហើយ​ទីបី ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​ជំនុំ​របស់​ខ្លួន​។ យើង​គួរ​​តែ​ចង​ចាំ​ថា លក្ខណៈ​សម្បត្តិ​ទាំង​នេះ​គឺ​ពិតជា​​​អ្វី ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ដល់​សាវក​ពេត្រុស​ផ្ទាល់​នៅក្នុង​យ៉ូហាន ២១:១៥-១៧។ រី​ឯ​ព្រះ​យេស៊ូវ​​​វិញ ទ្រង់​​គឺ​ជា​មេ​ពួក​អ្នក​គង្វាល​ ហើយ​ទ្រង់​បាន​ឃ្វាល​ហ្វូង​ចៀម​របស់​ទ្រង់​នៅក្នុង​របៀប​ទាំង​នេះ គឺ​ដោយ​បន្ទាប​អង្គ​ទ្រង់ ដោយ​បំរើ និង​ដោយ​ការ​រងទុក្ខ​និង​ការ​​សុគត​ជំនួយ​ជំនួស​​​ហ្វូង​ចៀម​របស់​ទ្រង់​ផង (ភីលីព ២:៦-៨)​។ ដូច្នេះ តើ​លក្ខណៈ​សម្បត្តិ​ទាំង​នេះ​ត្រូវ​បាន​​ពួក​ជំនុំ​​របស់​អ្នក​​មើល​ឃើញ​នៅក្នុង​ការ​បំរើ​របស់​អ្នក ឬ​​អ្នក​ដឹក​នាំ​របស់​អ្នក​ដែរ​ឬទេ?

សូម​អាន​ខ.៧ ឡើង​វិញ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ​សាវក​ពេត្រុស​​បាន​ពន្យល់​យ៉ាង​ដូចម្តេច​អំពី​អំនួត​អួត​អាង​និង​ការ​បន្ទាប​ខ្លួន? (.)

 

តើ​គ្រីស្ទបរិស័ទ​វ័យ​ក្មេងៗ​គួរ​តែ​មាន​អាកប្បកិរិយា​និង​ឥរិយាបថ​ចំពោះ​ពួក​ចាស់​ទុំ​នៅក្នុង​ពួក​ជំនុំ​យ៉ាង​ដូច​ម្តេច​? ហើយ​តើ​ទាំង​​គ្រីស្ទបរិស័ទ​វ័យ​ក្មេងៗ​និង​ពួក​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​គួរតែ​មាន​អាកប្បកិរិយា​និង​ឥរិយាបថ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូចម្តេច​? (.)

តើ​គ្រីស្ទបរិស័ទ​ត្រូវ​ធ្វើ​ដូចម្តេច​ជាមួយ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្លួន? (.)

ការ​ពន្យល់ និង​ការ​អនុវត្ត៖

សាវក​ពេត្រុស​ផ្តល់​សេចក្តី​​ណែនាំ​ដល់​​​មនុស្ស​ចាស់ៗ​និង​មនុស្ស​ក្មេងៗ​នៅក្នុង​ពួក​ជំនុំ​គ្រីស្ទបរិស័ទ។ ភាគ​ច្រើន​ អំនួត​អួត​អាង​ចេញ​​ពី​មនុស្ស​ចាស់ៗ ដែល​គិត​ថា ខ្លួន​គឺ​ជា​មនុស្ស​ចាស់ មាន​ចំណេះ​ដឹង​និង​បទពិសោធន៍​ជីវិត​គ្រប់គ្រាន់ ហើយ​មិន​ចាំ​បាច់​ស្តាប់​និង​រៀន​ពី​មនុស្ស​ក្មេងៗ​ឡើយ​។ យើង​ក៏​មើល​ឃើញ   ​អំនួត​អួត​អាង​បែប​នេះ​នៅក្នុង​វប្បធម៌​ខ្មែរ​របស់​យើង​ ហើយ​ក៏​មាន​នៅក្នុង​បរិបទ​នៃ​​គ្រីស្ទបរិស័ទ​​ផង​ដែរ​។ បេសកជន គ្រូ​គង្វាល និង​អ្នក​ដឹក​នាំ​ពួក​ជំនុំ​​ខ្លះ​ក៏​មាន​អំនួត​តាម​របៀប​នេះ ដោយ​គិត​ថា​ពួក​គាត់​ជា​មនុស្ស​ចាស់ មាន​​​ចំណេះ​ដឹង​ទូ​ទៅ​ច្រើន ចំណេះ​ដឹង​ខាង​ទេវសាស្ត្រ និង​មាន​សេដ្ឋកិច្ច​​ប្រសើរ មិន​គួរ​ស្តាប់​និង​យល់​អំពី​មនុស្ស​ក្មេងៗ​នៅក្នុង​ពួក​ជំនុំ​របស់​ខ្លួន​ឡើយ​។ ​ពួក​គាត់​តម្រូវ​អោយ​មនុស្ស​ក្មេងៗ​ចុះ​ចូល​គោរព​ពួក​គាត់ ខណៈ​ពួកគាត់​កំពុង​ដឹកនាំ​ដោយ​អំនួត។ ជា​ការ​ពិត ​មនុស្ស​ក្មេងៗ​និង​ពួក​ជំនុំ​ទាំង​មូល​គួរតែ​​ចុះ​ចូល​ចំពោះ​មនុស្ស​ចាស់ៗ និង​ចំពោះ​​ការ​ដឹកនាំ​​របស់​​ពួក​អ្នក​ដឹកនាំ ប៉ុន្តែ​នៅក្នុង​ខ​ទាំង​នេះ សាវក​ពេត្រុស​ក៏​​​ណែនាំ​អោយ​​ទាំង​ពួក​អ្នក​ដឹកនាំ​និង​មនុស្ស​ក្មេងៗ​មាន​ចិត្ត​សុភាព​និង​បន្ទាប​ខ្លួន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ពីព្រោះ​ពួក​គេ​​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ដូច្នេះ យើង​ទាំង​អស់​គ្នា​មាន​តួនាទី​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក​នៅក្នុង​ពួក​ជំនុំ ហើយ​​យើង​គួរ​តែ​ចុះ​ចូល​និង​គោរព​ដល់​មនុស្ស​ចាស់ៗ ហើយ​ស្តាប់​និង​អោយ​តំលៃ​ដល់​មនុស្ស​​ដែល​ក្មេង​ជាង​ ដោយ​​ចិត្តសុភាព​និង​បន្ទាប​ខ្លួន​​ហើយ​ទទួល​ស្គាល់​ថា​ យើង​ទាំង​អស់​គ្នា​គឺ​ជា​អវយវៈ​​របស់​រូប​កាយ​តែ​មួយ ដែល​ជា​​ព្រះ​យេស៊ូវ​គ្រីស្ទ។

សូម​អាន​ខ.១១ ឡើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ​ខ្មាំង​សត្រូវ​ដ៏​ធំ​របស់​គ្រីស្ទបរិស័ទ​គឺ​ជា​អ្នក​ណា? ហើយ​​វា​នឹង​ប្រព្រឹត្ត​អ្វី​ខ្លះ​ដល់​គ្រីស្ទបរិស័ទ​ទាំង​អស់?  (.)

តើ​សកម្មភាព​បី​យ៉ាង​ដែល​គ្រីស្ទបរិស័ទ​គួរ​តែ​ធ្វើ​នៅពេល​តយុទ្ធ​​ជាមួយ​អារក្ស​នោះ​គឺ​ជា​អ្វី​ខ្លះ? ហើយ​ដើម្បី​​អោយ​ការ​តយុទ្ធ​​បាន​ជ័យ​ជំនះ តើ​យើង​គួរ​តែ​​ធ្វើ​សកម្មភាព​ទាំង​បី​នេះ​ដោយ​អ្វី? ​​(.)

 

តើ​អ្នក​ណា​ជា​អ្នក​​ដែល​បាន​ហៅ​យើង​មក​ក្នុង​សិរីល្អ​នៃ​ទ្រង់​ដោយ​សារ​ព្រះ​យេស៊ូវ ហើយ​ជា​ចំរើន​កំឡាំង​ដល់​យើង​នៅពេល​រងទុក្ខ​និង​ក្រោយ​ពេល​រងទុក្ខ​? (.១០)

ការ​ពន្យល់​ និង​ការ​អនុវត្ត៖

ធម្មតា​សត្វ​សិង្ហ​ឬ​សត្វ​តោ​​វាយ​ប្រហារ​សត្វ​ណា​ ដែល​នៅ​ក្មេង​ខ្ចី មិនសូវ​មាន​កំឡាំង ហើយ​​នៅ​ដាច់​ចេញ​ពី​ហ្វូង​​និង​អ្នក​គង្វាល​របស់​ខ្លួន​។ នៅ​ទីនេះ​​សាវក​ពេត្រុស​​​ប្រាប់​គ្រីស្ទបរិស័ទ​​ថា យើង​មាន​ខ្មាំង​សត្រូវ​មួយ​ដ៏​ធំ ដែល​តែង​តែ​​​ត្រៀម​ខ្លួន​វាយ​ប្រហារ​យើង​គ្រប់​ពេល​វេលា។ គ្រីស្ទបរិស័ទ​​​ ដែល​គាត់​និយាយ​ទៅកាន់​នោះ​ គឺ​ជា​ពួក​គ្រីស្ទបរិស័ទ​ដែល​ខ្ចាត់​ខ្ចាយ​​នៅ​ក្នុង​ស្រុក​ផ្សេងៗ ពីព្រោះ​ពួក​គេ​កំពុង​​រងទុក្ខ​និង​ទទួល​ការ​បៀតបៀន (១:១)។ ​នៅពេល​យើង​កំពុង​រង​ទុក្ខ ឯកា ​ទន់​ខ្សោយ មាន​បញ្ហា​ផ្សេងៗ ឬ​ឃ្លាត​ឆ្ងាយ​ពី​​បង​ប្អូន​គ្រីស្ទបរិស័ទ​ដទៃ​ទៀត ឬ​​​​​មេ​ពួក​អ្នក​គង្វាល​របស់​យើង​ នោះ​​គឺ​ជា​ពេល​វេលា​ដែល​យើង​អាច​ទទួល​ការ​វាយ​ប្រហារ​ពី​អារក្ស​សាតាំង​ហើយ​។ ដូច្នេះ កាលណា​យើង​ជួប​បញ្ហា​ដូច្នេះ យើង​គួរ​តែ​ដឹង​ខ្លួន ចាំ​យាម និង​តស៊ូ​​ដោយ​ចិត្ត​ជឿ​លើ​​​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ ដែល​ជា​មេ​ពួក​គង្វាល​របស់​យើង​ចុះ ​ហើយ​វា​នឹង​រត់​ចេញ​ពី​យើង​ជា​មិន​ខាន (យ៉ាកុប ៤:៧)។ តើ​ដំណោះស្រាយ​របស់​អ្នក​គឺ​ជា​អ្វី នៅពេល​អ្នក​ប្រឈម​​នឹង​ការ​រងទុក្ខ ការ​​បៀតបៀន ជម្ងឺ បញ្ហា​ទំនាក់ទំនង និង​បញ្ហា​ហិរញ្ញវត្ថុ?

សូម​អាន​ខ.១២១៤ ឡើង​វិញ។​

ការ​ពន្យល់​ និង​ការ​អនុវត្ត​៖

នៅក្នុង​សេចក្តី​ផ្តើម​នៃ​សំបុត្រ​នេះ សាវក​ពេត្រុស​​អធិស្ឋាន​អោយ​​​គ្រីស្ទបរិស័ទ ដែល​ជា​អ្នក​ទទួលសំបុត្រ​របស់​គាត់​ អោយ​​ប្រកប​ដោយ​​ព្រះគុណ​និង​សេចក្តី​សុខសាន្ត ​ហើយ​នៅក្នុង​សេចក្តី​បញ្ចប់​នៃ​សំបុត្រ​នេះ​ គាត់​ក៏​អធិស្ឋាន​​អោយ​ពួកគេ​ប្រកប​ដោយ​ព្រះ​គុណ​និង​សេចក្តី​សាន្ត​ផង​ដែរ​។ ​នេះ​​អាច​បញ្ជាក់​ថា ​ព្រះ​គុណ​និង​សេចក្តី​សុខសាន្ត​​របស់​ព្រះ​​​មាន​សារៈសំខាន់​ចំពោះ​គ្រីស្ទបរិស័ទ​ខ្លាំង​ណាស់។ ​​យើង​មិន​អាច​ទទួល​បាន​សេចក្តី​សុខសាន្ត​ពិត​ប្រាកដ​ ដោយ​នៅ​ខាង​ក្រៅ​ព្រះ​គុណ​នៃ​ព្រះ​​បាន​ឡើយ​ ពីព្រោះ​សេចក្តី​សុខ​សាន្ត​ពិត​ប្រាកដ​ហូរ​ចេញ​ពី​​ព្រះ​គុណ​របស់​ព្រះ​វរបិតា​​តាមរយៈ​ការ​រងទុក្ខ ការ​សុគត ការ​​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ដែល​ជា​មេ​ពួក​អ្នក​គង្វាល​របស់​យើង​ប៉ុណ្ណោះ។ ​ដូច្នេះ នៅពេល​យើង​អធិស្ឋាន​សំរាប់​អ្នក​ដទៃ គ្រួសារ និង​ខ្លួន​ឯង​​​ យើង​ក៏​គួរ​តែ​អធិស្ឋាន​ដូច​ជា​​សាវក​ពេត្រុស​ផង​ដែរ។

រំលឹក​ឡើង​វិញ៖ តើ​​យើង​បាន​រៀន​អ្វី​ចេញ​ពី​១ពេត្រុស ៥:១-១៤ នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top