Judges 3.12-20 download
ព្រះគម្ពីរសញ្ញាចាស់៖ ចៅហ្វាយ ៣:១២-៣០
ព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៥:១-១៣
ផ្ទៃរឿងសំខាន់៖ «នៅក្នុងការបំរើព្រះយេស៊ូវ យើងត្រូវមានផែនការយុទ្ធសាស្ត្រឧបាយកល»
បងប្អូន យើងអត់ចូលចិត្តមើលឃើញការលំបាកក្នុងជីវិតរបស់យើងឡើយ ជាពិសេសនៅពេលយើងមិនអាចគ្រប់គ្រងស្ថានភាព ឬកាលៈទេសៈទាំងនោះបាន។
ឧទាហរណ៍នៅពេលយើងជួបប្រទះនឹងទឹកជំនន់ ភ្លើងឆេះផ្ទះ ទុរភិក្ស បញ្ហាហិរញ្ញវត្ថុភាពក្រីក្រ ឬអំពើពុករលួយ ហើយភាគច្រើននៅពេលយើងឃើញទុក្ខលំបាកនៅក្នុងជីវិតរបស់មនុស្សដទៃ យើងក៏បានឃើញប្រភពនៃទុក្ខលំបាក់ទាំងនោះផងដែរ ៖
- ពេលយើងឃើញមនុស្សស្រវឹងដួល យើងគិតថា ដោយសារតែគេបានផឹកស្រាជាច្រើន
- ពេលយើងឃើញមនុស្សកំពុងស្លាប់ដោយជម្ងឺមហារីកសួត យើងគិតថា គេបានជក់បារីជាច្រើន
- ពេលយើងឃើញមនុស្សអត់មានលុយ យើងគិតថា គេខ្ជិល
នៅក្នុងកណ្ឌចៅហ្វាយ ពួកអ៊ីស្រាអែលបានមកដល់ទឹកដីសន្យា គឺទឹកដីដែលព្រះបានសន្យាដល់លោកអ័ប្រាហាំ គឺជារមរដក ដែលបានបង្ហាញដល់យើងក្នុងលោកុ. ១២:១-៣។ កណ្ឌចៅហ្វាយបានកាត់ត្រា ប្រវត្តិសាស្ត្រក្នុងរយៈពេលបីរយឆ្នាំដំបូង ដែលពួកអ៊ីស្រាអែលបានស្នាក់ក្នុងទឹកដីសន្យា ដែលនៅពេលនោះ ទោះបីគេស្នាក់ក្នុងទឹកដីនោះក៏ដោយ ក៏គេមិនអាចគ្រប់គ្រងទឹកដីនោះបានដេរ ពីព្រោះមានមនុស្សខ្លាំងៗបានរស់នៅក្នុងទីក្រុងជាច្រើននៅក្នុងទឹកដីនោះ ពួកគេមានកំផែងខ្ពស់ ហើយពួកគេមានរទេះចម្បាំង ដើម្បីធ្វើសង្គ្រាម ដូច្នេះពួកអ៊ីស្រាអែលត្រូវស្នាក់នៅលើជួរភ្នំ ដែលមានសុវត្ថិភាពចេញពីរទេះចម្បាំងទាំងនោះ ប៉ុន្តែជាច្រើនដង សាសន៍ដទៃបានគ្រប់គ្រងនិងសង្កត់សង្កិនពួកអ៊ីស្រាអែល។
ប៉ុន្តែ យើងគួរគត់សម្គាល់ថា ភាគច្រើនការសង្កត់សង្កិននោះ គឺជាលទ្ធផលនៃអំពើបាបរបស់ពួកអ៊ីស្រាអែល ដូចដែលយើងបានអានក្នុងជំពូក២៖
២:១១ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយនាំគ្នាគោរពបំរើព្រះបាល។
១២ ពួកគេបានបោះបង់ចោលព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
នៅពេលដែលរាស្ត្រផងព្រះបានរស់នៅដោយសន្តិភាព នោះមួយរយៈពេលក្រោយមក ពួកគេបានរៀបការជាមួយស្រីសាសន៍ដទៃ ហើយចាប់ផ្តើមថ្វាយបង្គំរូបព្រះរបស់ស្រីៗទាំងនោះដូច្នេះព្រះបានអនុញ្ញាតនគរសាសន៍ដទៃយកឈ្នះលើគេ ហើយបៀតបៀននិងសង្កត់សង្កិនពួកគេ។ បន្ទាប់មក ពួកគេបានចាប់ផ្តើមស្រែកយំអង្វរដល់ព្រះថា សូមជួយសង្គ្រោះពួកកូន ចេញពីស្ថានភាពលំបាកនេះផង។
នៅក្នុងអត្ថបទ ដែលយើងមើលឃើញសព្វថ្ងៃនេះ ពួកអ៊ីស្រាអែលស្ថិតនៅក្នុងកាលៈទេសៈបែបនេះ៖
៣:១១ ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាស ទទួលមរណភាពទៅ។
១២ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ អោយប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
តែនៅពេលប្រជារាស្ត្រព្រះបានរងទុក្ខវេទនាអស់រយៈពេលជាយូរ នោះពួកគេបានចាំពីព្រះអម្ចាស់ ដែលជាព្រះរបស់ពួកគេ ហើយពួកគេបានអធិស្ឋានដល់ទ្រង់សំរាប់ការរំដោះចេញពីការរងទុក្ខវេទនានោះ ហើយទោះបីជាពួកគេមិនស្មោះត្រង់ក៏ដោយ ក៏ទ្រង់ស្តាប់និងឆ្លើយតបចំពោះពួកគេ ដូចរបៀបដែលត្រូវបានរៀបរាប់ក្នុងខ.១៥ ៖
៣:១៥ ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើអោយមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន…
ពួកចៅហ្វាយដូចជាអ្នកសង្គ្រោះ
នៅក្នុងសម័យពួកចៅហ្វាយ ពួកចៅហ្វាយជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល តែពួកគេជាអ្នក សង្គ្រោះរបស់អ៊ីស្រាអែលដែរ ពីព្រោះព្រះអម្ចាស់បានជ្រើសរើសអ្នកដឹកនាំទាំងនេះ ដើម្បីរំដោះ អ៊ីស្រាអែល គឺគេជាមនុស្សស្មោះត្រង់ ដែលបានផ្គាប់ព្រះហឬទ័យទ្រង់។
យើងអាចអានពីចំណុចនេះនៅក្នុងចៅហ្វាយ ២:១៥-១៩៖
១៥ រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើអោយពួកគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។
១៦ គ្រានោះ ព្រះអម្ចាស់បានធ្វើអោយមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេអោយរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។
១៧ ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកចៅហ្វាយ ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ [1]ដូចពួកបុព្វបុរសទេ។
១៨ ពេលព្រះអម្ចាស់តែងតាំងចៅហ្វាយណាម្នាក់អោយដឹកនាំពួកគេ ព្រះអង្គគង់ជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើ បាប។
១៩ លុះចៅហ្វាយនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបំរើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។
ថ្ងៃនេះ យើងជួបជាមួយលោកអេហ៊ុដ តែនៅពេលពួកអ៊ីស្រាអែលមើលឃើញអេហ៊ុដដំបូង ពួកគេមិនគិតថា គាត់គឺជាវិរៈជនទេ ពីព្រោះគាត់គឺជាមនុស្សប្រើដៃឆ្វេង។ សំរាប់ពួក អ៊ីស្រាអែល អ្នកណា ដែលប្រើដៃឆ្វេងកាន់ដាវ ហើយមានបញ្ហាជាមួយដៃស្តាំ គឺជាមនុស្សត្រូវបណ្តាសារបស់ព្រះ។
ប៉ុន្តែព្រះបានជ្រើរើសអេហ៊ុដ ដើម្បីរំដោះរាស្ត្រផងទ្រង់ចេញពីអំណាចរបស់ស្តេចអេក្លុន ដែលជាស្តេចស្រុកម៉ូអាប ហើយយើងឃើញថា អេហ៊ុដជាអ្នកដឹកនាំល្អណាស់ ពីព្រោះគាត់មានគោលបំណងច្បាស់លាស់ និងគាត់ធ្វើតាមនិងសំរេចគោលបំណងនោះបាន ហើយគោលបំណងនោះគឺគាត់ចង់បំផ្លាញសត្រូវរបស់ពួកអ៊ីស្រាអែល ហើយសំលាប់ស្តេចអេក្លុន។
គាត់បានធ្វើអាវុធមួយ[2] គឺជាកាំបិតមុខពីរ ដូចជាដាវខ្លីមានប្រវែងមួយហត្ថ សំរាប់ឃាតករប្រើលួចសំលាប់មនុស្ស។ ដាវខ្លីនេះផ្ទុយពីដាវវែង ដែលទាហានប្រើនសមរភូមិ ដូច្នេះយើងដឹងច្បាស់ថា អេហ៊ុដបានរៀបចំគម្រោងការណ៍នេះដោយការប្រុងប្រយ័ត្ន។ គាត់សៀតដាវនោះនៅចង្កេះខាងស្តាំក្រោមអាវ ដើម្បីគាត់អាចប្រើដៃឆ្វេងដកយកដាវនេះដោយងាយស្រួល។ ជាធម្មតា គេសង្កេតមើលដាវនៅចង្កេះខាងស្តាំ ប៉ុន្តែស្តេចអេក្លុនមិននឹកស្មានថា នឹងមានការវាយប្រហារដោយដៃឆ្វេងសោះ ពីព្រោះមនុស្សទូទៅប្រើដៃស្តាំកាន់ដាវ។ ដូច្នេះ អេក្លុនមិនបានឃើញកាំបិតនោះឡើយ។
ព្រះបាទអេក្លូនធាត់ណាស់ ហើយប្រហែលគាត់ធាត់នេះដោយសារគាត់មានសួយសារអាករច្រើន ដែលគាត់បានប្រមូលយកពីពួកអ៊ីស្រាអែល។ លើសពីនេះ យើងបានឃើញថា គាត់មិនគោរពព្រះអម្ចាស់ឡើយ ពីព្រោះគាត់បានដាក់រូបព្រះជាច្រើនក្នុងទឹកដី។
អេហ៊ុដឆ្លាត គឺគាត់នឹងថ្វាយសួយសារអាករដល់ស្តេចនៅលើកក្រោយ ដូច្នេះឥឡូវអេក្លុនគិតថា គាត់អាចទុកចិត្តអេហ៊ុដ ប៉ុន្តែ
២០ ‹‹លោកអេហ៊ូដចូលទៅជិត ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះអម្ចាស់ សំរាប់ទូលថ្វាយព្រះករុណាផ្ទាល់!» ស្ដេចក៏ក្រោកពីកៅអី។
២១ រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច
២២ មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ››
អេហ៊ុដមានផែនការយុទ្ធសាស្ត្រឧបាយកល ក្រោយពេលគាត់បានសំលាប់ស្តេច គាត់បានរៀបចំការរត់ចេញពីបន្ទប់នោះ គឺ ‹‹បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។›› ដូច្នេះអេហ៊ូដមានពេល ដើម្បីអោយគាត់អាចរត់ចេញទៅបាន។
ប៉ុន្តែអេហ៊ុដមិនពេញចិត្តជាមួយការសំលាប់ស្តេចអេក្លុនទេ ពីព្រោះគាត់គិតអំពីអនាគតរបស់ពួក អ៊ីស្រាអែលទាំងមូល ដូច្នេះគាត់បានហៅអ្នកដឹកនាំអ៊ីស្រាអែល អោយសំលាប់ទាហានសាសន៍ម៉ូអាប់ទាំងអស់ ដើម្បីអោយពួកអ៊ីស្រាអែលអាចយកឈ្នះបាន ពីព្រោះឥឡូវនេះកំពុងមានភាពច្របូកច្របល់ខ្លាំង។
២៨ លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះអម្ចាស់បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយលោក ហើយវាយយកកន្លែងទឹករាក់ សំរាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនអោយនរណាម្នាក់ឆ្លងតាមនោះឡើយ។
២៩ នៅគ្រានោះ ពួកគេបានសម្លាប់ជនជាតិម៉ូអាប់ អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាអ្នកខ្លាំងពូកែ និងក្លាហានផង គឺឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។
៣០ ចាប់តាំងពីពេលនោះមក ជនជាតិម៉ូអាប់ស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ជនជាតិអ៊ីស្រាអែល ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។
ព្រះអង្គសង្គ្រោះចុងក្រោយ
បងប្អូន ដូចដែលពួកអ៊ីស្រាអែលត្រូវការអ្នកសង្គ្រោះនៅសម័យពួកចៅហ្វាយ យើងក៏ត្រូវការព្រះអង្គសង្គ្រោះដែលនឹងសង្គ្រោះយើងចេញពីអំណាចនៃបាប ដើម្បីយើងអាចមានទំនាក់ទំនងឥតខ្ចោះជាមួយព្រះផងដែរ។ យើងមានដំណឹងល្អ បើយើងជឿលើព្រះយេស៊ូវ នោះយើងអាចមានទំនាក់ទំនងឥតខ្ចោះ ជាមួយព្រះតាមរយៈព្រះយេស៊ូវ ដូចដែលយើងបានអានក្នុង ២កូ. ៥:២១៖
២១ ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើអោយព្រះអង្គទៅជាតួបាបសំរាប់យើង ដើម្បីប្រោសយើងអោយបានសុចរិត*រួមជាមួយព្រះគ្រិស្ដដែរ។
ដូច្នេះ ជ័យជំនះរបស់អេហ៊ុដលើសត្រូវរបស់រាស្ត្រផងព្រះបានចង្អុលបង្ហាញទៅកាន់ព្រះ គឺតាមរយៈអេហ៊ុដ ព្រះបានសង្គ្រោះរាស្ត្ររបស់ទ្រង់ តែមូលដ្ឋាននៃសេចក្តីពិតនេះគឺ ព្រះបានធ្វើព្រះរាជកិច្ចសង្គ្រោះទាំងនេះ ពីព្រោះទ្រង់ស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ចំពោះរាស្ត្រផងទ្រង់។
ដូច្នេះ រឿងអំពីអេហ៊ុដបានសំដៅទៅលើការរំដោះចុងក្រោយ ដោយព្រះអង្គសង្គ្រោះដ៏ពិត ដែលជាព្រះយេស៊ូវគ្រីស្ទ ហើយតាមរយៈអេហ៊ូដ យើងអាចមើលឃើញព្រះរាជកិច្ចរបស់ព្រះចេញពីសម័យបុរាណ គឺចេញពីសម័យពួកចៅហ្វាយ ដើម្បីយើងអាចមានជំនឿជ្រាលជ្រៅលើព្រះយេស៊ូវ។
នៅទីនេះ ប្រហែលមានមនុស្សខ្លះ ដែលបានប្រឆាំងនឹងព្រះ ដូចស្តេចអេក្លុន គឺអ្នកណាដែលមិនបានប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន។ បើយើងមិនទុកចិត្តលើព្រះយេស៊ូវ នោះយើងនឹងត្រូវសាបសូន្យតាមរយៈការកាត់ទោសរបស់ព្រះ ពីព្រោះព្រះយេសូវជាចៅក្រម ដែលមានអំណាចនៅថ្ងៃចុងក្រោយ ដូចដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង យ៉ូហាន ៣:៣៦ ថា៖
‹‹អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
ព្រះអម្ចាស់មានព្រះរាជសារសំរាប់ស្តេចអេក្លុន តាមរយៈកាំបិតនៅក្នុងដៃឆ្វេងរបស់អេហ៊ូដ ប៉ុន្តែព្រះមានព្រះរាជសារសំរាប់យើងដែរ តែប្រហែលយើងមិនបានគិតអំពីព្រះរាសារនេះ ប្រហែលយើងមិននឹកស្មានថា នឹងមានព្រះរាជសារនេះ ដូចដែលអេក្លុនមិននឹកស្មានថា នឹងកាំបិតរបស់អេហ៊ុដ។ ប្រហែលយើងនឹងទទួលព្រះរាជសារនេះតាមរយៈ
- គ្រោះថ្នាក់ចរាចរ
- ជម្ងឺ
- សេចក្តីស្លាប់ក្នុងគ្រួសារ
នៅពេលខ្នុំមើលទៅលើលោកអេហ៊ុដ ខ្នុំមើលឃើញថា គាត់គឺជាមនុស្សម្នាក់មានការគិតគូជាមុន ការយកចិត្តទុកដាក់ និងការរៀបចយ៉ាងប្រុងប្រយ័ត្ន។
គាត់មានផែនការយុទ្ធសាស្ត្រឧបាយកល ៖
- គាត់មានទទួលខុសត្រូវ ដូច្នេះរាស្ត្របានចាត់សួយសារអាករតាមរយៈអេហ៉ុដដល់ស្តេចអេក្លុន
- គាត់បានរៀបចំប្រដាប់ប្រដាយ៉ាងប្រុងប្រយ័ត្ន ១៦ លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្ដាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។
- គាត់មានសេចក្តីអត់ធ្មត់ គឺគាត់ចាំរហូតដល់មានឱកាសស្ងៀមស្ងាត់ ដើម្បីសំលាប់ស្តេចអេក្លុន
- គាត់មានផែនការ ដើម្បីរត់គេចពីស្ថានភាពនោះ ២៣ ‹‹បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។››
- គាត់គិតអំពីអនាគត ២៨‹‹ លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះអម្ចាស់បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ›› ២៩ ‹‹នៅគ្រានោះ ពួកគេបានសម្លាប់ជនជាតិម៉ូអាប់ អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាអ្នកខ្លាំងពូកែ និងក្លាហានផង គឺឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។››
- តាមរយៈលោកអេហ៊ុដ ព្រះបានប្រទានសុខសាន្តត្រាណបានរយៈពេលប៉ែតសិបឆ្នាំ
ព្រះយេស៊ូវបានបង្ហាត់បង្រៀនពូកសិស្សរបស់ទ្រង់ថា ពួកគេត្រូវរៀបចំខ្លួនដោយប្រុងប្រយ័ត្ន ពីព្រោះគេអត់ដឹងពីពេលដែលកូនមនុស្សនឹងត្រឡប់មកវិញទេ។
នៅម៉ាថាយជំពូក២៤
២៩ «លុះគ្រាដែលមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក។
៣០ ពេលនោះ ទីសំគាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។
៣១ ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកអោយទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
ព្រះយេស៊ូវបានពន្យល់ពីសារសំខាន់នៃការរៀបចំផ្ទាល់ខ្លួនសំរាប់ការមកដល់នៃនគរព្រះ ដូច្នេះទ្រង់មានរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី ៖
- ប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ
- ស្ត្រីឥតគំនិតយកចង្កៀង តែមិនយកប្រេង រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀង ទាំងមានប្រេងបង្ការផង
- នៅពេលស្ត្រីគ្មានប្រេងចេញទៅរកទិញ ស្រាប់តែស្វាមីមកដល់
- ស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត
ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថា ‹‹លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារអោយយើងខ្នុំចូលផង!››
- តែគាត់ឆ្លើយថា‹‹ ខ្នុំសុំប្រាប់អោយនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្នុំមិនស្គាល់ពួកនាងទេ››
បងប្អូន បើយើងជាគ្រីស្ទបរិស័ទ ដែលចង់ចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ យើងអាចរៀនច្រើនពីផែនការយុទ្ធសាស្ត្រឧបាយកល របស់លោកអេហ៊ុដ ហើយយើងត្រូវរៀបចំខ្លួនដូចជាស្ត្រីឈ្លាសវៃ។ ផែនការល្អប្រថុយនឹងគ្រោះថ្នាក់ ពីព្រោះយើងត្រូវទុកចិត្តលើព្រះ លើសពីនេះ យើងត្រូវការផែនការដែលស៊ីគ្នាជាមួយស្ថានភាពរបស់យើង។ តើយើងអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃដោយរបៀបណា?
បងប្អូន យើងអត់ដឹងពីថ្ងៃ ឬពេលវេលាដែលព្រះយេស៊ូវនឹងយាងត្រឡប់មកវិញឡើយ ដូច្នេះយើងត្រូវត្រៀមខ្លួនជាស្រេចនៅពេលឥឡូវនេះ។
Leave a Reply