Psalm 2 pdf download
ព្រះយេស៊ូវបានទទួលគ្រប់អំណាច
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ទំនុកដំកើង ២
ទំនុកដំកើង ២ គឺជាជំពូកមួយក្នុងចំណោមជំពូកសំខាន់បំផុតនៅក្នុងព្រះគម្ពីរ ហើយជាអត្ថបទគម្ពីរដ៏អស្ចារ្យសំរាប់ការអធិប្បាយ។ ព្រះគម្ពីរសញ្ញាថ្មីបានដកស្រង់ទំនុកដំកើងនេះច្រើនដង។ ទំនុកដំកើងនេះសង្ខេបសារនៃព្រះគម្ពីរទាំងមូលបានយ៉ាងក្បោះក្បាយ ហើយមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលជួយផ្តល់ជារចនាសម្ព័ន្ធដល់សេចក្តី អធិប្បាយ។
រចនាសម្ព័ន្ធ
ទំនុកដំកើង ២ មាន១២ខ ដែលបែកចែកជា៤ផ្នែក ហើយផ្នែកនីមួយៗមាន៣ខ និងមានសម្លេងខុសៗគ្នា។
ខ.១-៣ សម្លេងនៃពួកស្តេចនៅក្នុងលោកិយនេះ «ចូរបះបោរប្រឆាំងនឹងព្រះជាម្ចាស់»
ខ.៤-៦ សម្លេងនៃព្រះនៅស្ថានសួគ៌៖ ការឆ្លើយតបចំពោះការប្រឆាំងបោះបោររបស់មនុស្ស។
ខ.៧-៩ សម្លេងនៃស្តេច ដែលត្រូវបានអភិសេកនៅក្នុងស៊ីយ៉ូន៖ អំណាចលើជាតិសាសន៍ទាំងអស់ ហើយនឹងបំផ្លាញពួកអ្នកបះបោរប្រឆាំង។
ខ.១០-១២ សម្លេងចេញទៅពេញទាំងផែនដី៖ ឈប់បះបោរប្រឆាំង ហើយចុះចូលចំពោះព្រះបុត្រា និងយកទ្រង់ជាទីពឹងជ្រក។
សារ៖ ការសង្ខេបព្រះគម្ពីរនិងដំណឹងល្អ
ដូច្នេះ នៅពេលយើងមើលឃើញរចនាសម្ព័ន្ធខាងលើ យើងមើលឃើញថា ទំនុកដំកើង ២ គឺជាការសង្ខេបដ៏ល្អនៃព្រះគម្ពីរនិងដំណឹងល្អ។ ផ្ទៃរឿងសំខាន់មួយនៅក្នុងទំនុកដំកើងនេះ (និងនៅក្នុងព្រះគម្ពីរទាំងមូល) គឺអំណាច។
ខ.១-៣ លោកិយបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់និងព្រះមែស៊ីរបស់ទ្រង់។ នេះគឺជាឧទាហរណ៍បញ្ជាក់ល្អមួយអំពីអំពើបាប។ អំពើបាបមិនគ្រាន់តែជាការប្រព្រឹត្តអសីលធម៌និងការអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបះបោរប្រឆាំងនឹងព្រះជាម្ចាស់និងអំណាចរបស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់មានសិទ្ធិគ្រប់គ្រងលើលោកិយទាំងមូល គឺទ្រង់មានអំណាចនេះ ប៉ុន្តែលោកិយចង់ផ្តាច់ខ្លួនចេញពីអំណាចរបស់ទ្រង់វិញ។ នេះហើយគឺជាខ្លឹមសារនៃអំពើបាប។
ខ.៤-៦ ព្រះជាម្ចាស់ទតឃើញការបះបោរប្រឆាំងនេះ ហើយឆ្លើយតបដោយការតាំងស្តេចមួយអង្គនៅស៊ីយ៉ូនអោយគ្រប់គ្រង។ ដូច្នេះ ការឆ្លើយតបរបស់ព្រះជាម្ចាស់ចំពោះការបះបោរប្រឆាំងរបស់មនុស្សគឺត្រូវតាំងអំណាចរបស់ទ្រង់ឡើងវិញនៅលើលោកិយ តាមរយៈស្តេចមួយអង្គ ដែលទ្រង់ដាក់នៅស៊ីយ៉ូន។ នេះចង់សំដៅទៅលើស្តេចរបស់ អ៊ីស្រាអែល ដែលជាស្តេចសាសន៍យូដា។
ខ.៧-៩ ស្តេចសាសន៍យូដានេះគឺជាព្រះរាជបុត្រានៃព្រះ ដែលប្រកាសថា ទ្រង់បានទទួលលោកិយទាំងមូល និងជាតិសាសន៍ទាំងអស់ជាមរតករបស់ទ្រង់។ ទ្រង់មានអំណាចលើជាតិសាសន៍ទាំងអស់ ហើយទ្រង់នឹងបំផ្លាញអស់អ្នកណា ដែលបះបោរប្រឆាំងនឹងទ្រង់។
ខ.១០-១២ ដូច្នេះ ដោយសារព្រះរាជបុត្រានៃព្រះមានអំណាចលើគ្រប់ទាំងអស់ ហើយនឹងបំផ្លាញពួកអ្នកបះបោរប្រឆាំង នោះព្រះរាជសារប្រកាសថា ពួកគេត្រូវតែឈប់បះបោរប្រឆាំងនឹងទ្រង់ តែបែរមកចុះចូលចំពោះទ្រង់ ហើយយកទ្រង់ជាទីពឹងជ្រកវិញ។
ដំណឹងល្អរបស់ព្រះគ្រីស្ទ
ទាំងអស់នេះគឺជាបង្ហាញអំពីដំណឹងល្អច្បាស់លាស់មួយ។ ដំណឹងល្អមិនមែនថា ព្រះយេស៊ូវស្រឡាញ់យើង ហើយនឹងជួយយើងនៅក្នុងជីវិតរបស់យើងនោះទេ តែគឺថា យើងគឺជាពួកអ្នកបះបោរប្រឆាំង ព្រះបានតាំងព្រះយេស៊ូវ អោយគ្រប់គ្រងលើគ្រប់ទាំងអស់ ហើយនឹងវិនិច្ឆ័យនិងបំផ្លាញទាំងអស់ ដូច្នេះយើងគួរតែទុកចិត្តទ្រង់ ហើយចុះចូលចំពោះទ្រង់។ ទំនុកដំកើងនេះបង្ហាញថា ផ្លូវតែមួយដើម្បីគេចផុតពីសេចក្តីក្រោធរបស់ព្រះរាជបុត្រាគឺត្រូវយកព្រះរាជបុត្រាតែមួយនេះជាទីពឹងជ្រក។
មានទំនាក់ទំនងជាច្រើនរវាងទំនុកដំកើងនេះនិងព្រះគម្ពីរសញ្ញាថ្មី។ ប្រហែលទំនាក់ទំនងច្បាស់លាស់ជាងគេគឺនៅក្នុងម៉ាថាយ ២៨:១៦-២០។ ពាក្យដំបូងនៅក្នុងទំនុកដំកើង ២:១០ គឺជា «ដូច្នេះ»។ ទំនុកដំកើងនេះប្រកាសថា «ព្រះរាជបុត្រាមានអំណាចលើគ្រប់ជាតិសាសន៍ទាំងអស់ ដូច្នេះព្រះរាជសារត្រូវតែប្រកាសដល់គ្រប់ជាតិសាសន៍ទាំងអស់ថា ពួកគេត្រូវតែចុះចូលចំពោះព្រះរាជបុត្រា។ នេះគឺពិតជាអ្វី ដែលព្រះមានបន្ទូលនៅក្នុងម៉ាថាយ ២៨ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលអោយមានសិស្សនៅគ្រប់ទាំងសាសន៍ ហើយបង្រៀនអោយគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង» ដែលនេះមានន័យថា ចុះចូលចំពោះទ្រង់។
ទំនាក់ទំនងមួយទៀតគឺជាការរួមគំនិតគ្នាប្រឆាំងនឹងព្រះមែស៊ីនៅក្នុងខ.-៣។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អង្គដែលត្រូវបានចាក់ប្រេងតាំងសំដៅលើស្តេចរបស់អ៊ីស្រាអែល (ឧទាហរណ៍ ១សាំយូអែល ១៦:១៣; អេសាយ ១១:១-៩) ហើយនៅក្នុងកិច្ចការ ៤:២៥-២៩ យើងមើលឃើញថា ពួកជំនុំដំបូងបានយល់យ៉ាងច្បាស់ថា ទំនុកដំកើង ២:១-៣ ត្រូវបានបំពេញសំរេច នៅពេលស្តេចហេរ៉ូឌ និងប៉ុនទាស-ពីឡាត់បានជួបជាមួយពួកសាសន៍ដទៃនិងបណ្តាជនអ៊ីស្រាអែលនៅក្នុងទីក្រុងយេរូសាឡិម ដើម្បីឆ្កាងព្រះយេស៊ូវ ដែលជាស្តេចសាសន៍យូដា និងការបះបោរប្រឆាំងរបស់ពួកគេនឹងព្រះជាម្ចាស់បន្តតាមរយៈការបៀតបៀនពួកជំនុំ។
ទំនុកដំកើងនេះផ្តល់នូវកាលៈទេសៈប្រវត្តិសាស្ត្រសំខាន់ថា ព្រះយេស៊ូវគ្រប់គ្រងក្នុងនាមជាស្តេចសាសន៍យូដា និងជាបុត្រារបស់ស្តេចដាវីឌ (សូមមើលលូកា ១:៣១-៣៣; ម៉ាថាយ ២:២; ២៧:១១, ៣៧)។
សំរាប់ការដកស្រង់ផ្សេងទៀតពីទំនុកដំកើង ២ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សូមមើល កិច្ចការ ១៣:៣២-៣៣; ហេព្រើរ ១:៥; វិវរណៈ ២:២៦-២៧;១២:៥; ១៩:១៥-១៦
ការអធិប្បាយចេញពីទំនុកដំកើង ២
នៅពេលអធិប្បាយចេញពីទំនុកដំកើង ២ នោះជាការប្រសើរបំផុត ដែលយើងដើរតាមរចនាសម្ព័ន្ធ។ ផ្ទៃរឿងសំខាន់គឺអំពីអំណាច ហើយយើងត្រូវតែសង្កត់ធ្ងន់លើអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីទាំងមូលថា ទ្រង់នឹងបំផ្លាញពួកអ្នកបះបោរប្រឆាំង ហើយយើងលើកទឹកចិត្តអោយអ្នកស្តាប់ចុះចូលចំពោះទ្រង់ ហើយដាក់ការទុកចិត្តរបស់ពួកគេនៅលើទ្រង់។
Leave a Reply