Gen. 25 Jacob and Esau pdf download
យ៉ាកុប និងអេសាវ
ការប្រកាសព្រះគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ២៥:១៩–៣៤
នេះគឺជារឿងសំខាន់មួយ ដែលជួយយើងអោយយល់រឿងទាំងឡាយអំពីយ៉ាកុបនិងអេសាវ ដែលមានក្រោយៗទៀត។ ដូចជារឿងអំពីព្រះសន្យាដល់លោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:២៣ ជាអត្ថបទសំខាន់សំរាប់រឿងក្រោយៗទៀតរបស់លោកអ័ប្រាហាំ ហើយព្រះបន្ទូលរបស់ព្រះដល់នាងរេបិកានៅក្នុង (២៥:២៣) ក៏ជាអត្ថបទសំខាន់សំរាប់រឿងក្រោយទៀតផងដែរ។
លោកុប្បត្ដិ ១២:២៣ ក៏ជារឿងសំខាន់មួយ ដើម្បីយល់ពីរឿងនេះផងដែរ ពីព្រោះសំណួរដ៏ធំនៅក្នុងកណ្ឌលោកុប្បត្ដិនេះគឺ «តើនរណាជាអ្នកទទួលសេចក្តីសន្យា ដែលព្រះប្រទានអោយអ័ប្រាហាំនៅក្នុងលោកុប្បត្ដិជំពូក១២។» គោលដៅសំខាន់នៃរឿងនេះគឺ ដើម្បីបង្ហាញថា គឺជាព្រះហទ័យព្រះ ដែលជ្រើសរើសយ៉ាកុបជាអ្នកទទួលព្រះពរនៃសេចក្តីសន្យារបស់ព្រះដល់អ័ប្រាហាំ មិនមែនអេសាវទេ។
តាមរចនាសម្ព័ន្ធភាសាហេព្រើរបង្ហាញថា ចំណុចសំខាន់របស់រឿងគឺសំដៅលើព្រះបន្ទូលរបស់ព្រះចំពោះនាងរេបិកា និងការមើលងាយអំណាចមរដកនៃបងច្បងរបស់អេសាវ។ ជាឧទាហរណ៍ យើងឃើញចំណុចសំខាន់នេះនៅក្នុងខបញ្ចប់(ខ.៣៤)ថា «អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួនដោយអាការយ៉ាងដូច្នោះ។» ដូច្នេះ អេសាវមានទោសដោយបានអោយអំណាចមរដកនៃបងច្បងរបស់ខ្លួនដល់អ្នកដទៃ ប៉ុន្តែព្រះបន្ទូលរបស់ព្រះនៅក្នុងខ.២៣បង្ហាញថា ការនេះជាផែនការណ៍របស់ព្រះជាម្ចាស់តាំងពីមុន ហើយពីព្រោះព្រះអង្គបានជ្រើសរើសយ៉ាកុប។ តាមទំនៀមទំលាប់នៅសម័យនោះ អេសាវមានសិទ្ធនិងអាទិភាពទទួលមរដកកូនច្បង។ នៅពេលដែលជនជាតិអ៊ីស្រាអែលអានរឿងនេះ ពួកគេបានដឹងពីអំណាចមរដកនៃកូនច្បង។ ច្បាប់របស់ព្រះបង្គាប់អោយកូនច្បងទទួលឲ្យលើស១ជា២ ដ្បិតកូននោះជាកូនដំបូងរបស់ខ្លួន អំណាចច្បាប់របស់កូនច្បងត្រូវបានជារបស់ផងវា (ចោទិយកថា ២១:១៧)។ ប៉ុន្តែជាមួយអេសាវ ដែលជាកូនច្បង ព្រះបានត្រឡប់ទំនៀមទំលាប់របស់មនុស្សទៅវិញ។
អ្នកនិពន្ធបានរៀបរាប់ពីលោកអេសាវថា ជាមនុស្សគ្រោតគ្រាត ប៉ុន្តែលោកយ៉ាកុបជាមនុស្សល្អវិញ ភាសាហេព្រើរក្នុងខ.២៧បកប្រែថា «រម្យទម» (គម្ពីរខ្មែរបរិសុទ្ធ) ឬ «ស្ងៀមស្ងាត់» (ខគប) វាដូចពាក្យហេព្រើរ ដែលរៀបរាប់ក្នុងគម្ពីរយ៉ូប ១:១; ១:៨; ២:៣ ហើយនិយាយថា អ្នកសុចរិតនៅក្នុងទំនុកដំកើង ៣៧:៣៧។
អ្នកនិទានបានសង្កត់ធ្ងន់ថែមទៀតថា ជម្លោះនេះមិនគ្រាន់តែរវាងបុគ្គលពីរនាក់ប៉ុណ្ណោះទេ ប៉ុន្តែជាជម្លោះរវាងប្រជាជាតិពីរ ដែលចេញពីពួកគេមក «មាននគរពីរនៅក្នុងផ្ទៃឯងគឺនឹងមានសាសន៍ពីរចេញពីពោះឯងមក» (ខ.២៣)។ នៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរសញ្ញាចាស់ ជានិច្ចជាកាលតែងតែមានវិវាទរវាងប្រទេសអេដំម ដែលជាជាតិសាសន៍ចេញពីលោកអេសាវ និងអ៊ីស្រាអែល ដែលជាជាតិសាសន៍ចេញពីលោកយ៉ាកុប។ សម្រាប់រឿងបន្ថែមទៀតសូមមើលជនគណនា ២០: ១៤-២១; អូបាឌា; យ៉ូអែល៣:១៩។
គំនិតសំខាន់
គំនិតសំខាន់នៅក្នុងអត្ថបទគម្ពីរនេះគឺបង្ហាញភាពបញ្ច្រាសគ្នារបស់ទំនៀមទំលាប់របស់មនុស្សដោយព្រះគុណព្រះបានជ្រើសរើសលោកយ៉ាកុប/អ៊ីស្រាអែល ដែលជាប្អូនអោយត្រួតត្រាលើលោកអេសាវ/ អេដំមដែលជាបង។ គំនិតសំខាន់នេះលើកទឹកចិត្តអោយអ៊ីស្រាអែលដឹងតាមរយៈប្រវត្តិសាស្ត្រថា ព្រះពិតជាស្រឡាញ់ពួកគេ ហើយទ្រង់ពិតជាយកព្រះទ័យទុកដាក់ចំពោះពួកគេ(សូមមើល ម៉ាឡាគី ១:២-៣)។
របៀបប្រកាសពីព្រះគ្រីស្ទ
ប្រធានបទនៅក្នុងបទគម្ពីរនេះទាក់ទងយ៉ាងខ្លាំងទៅនឹងប្រធានបទសំខាន់ៗនៅក្នុងព្រះគម្ពីរអំពីជីវិតនិងជំនឿរបស់គ្រីស្ទបរិស័ទ។
ការជ្រើសរើស
ឧទាហរណ៍ ការជ្រើសរើសរបស់ព្រះ ដែលយកប្អូនប្រុសជំនួសបងប្រុសគឺជាប្រធានបទនៅក្នុងគម្ពីរលោកុប្បត្ដិទាំងមូល។ នៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ ៣:១៥ ព្រះបានធ្វើអោយពូជនាងនិងពូជពស់មានសេចក្ដីខ្មាំងនឹងគ្នា។ កាអ៊ីននិងអេបិលជាអ្នកបង្កើតអោយមានមានសេចក្ដីខ្មាំងនឹងគ្នាដំបូងគេ។ នៅពេលពួកគេនាំដង្វាយថ្វាយព្រះជាម្ចាស់ «ព្រះទ្រង់សព្វព្រះហឫទ័យអេបិលនិងដង្វាយរបស់គាត់ ប៉ុន្តែទ្រង់មិនសព្វព្រះហឫទ័យកាអ៊ីននិងដង្វាយរបស់គាត់ទេ» (៤:៤-៥) នៅពេលដែលកាអ៊ីនបានសម្លាប់អេបិលជាប្អូនប្រុសរបស់គាត់ ព្រះបានជ្រើសរើសសេតជាប្អូនប្រុសកាអ៊ីនអោយបន្តពូជពង្សរបស់ស្ត្រី។ អ័ប្រាហាំក៏មានកូនប្រុសពីរនាក់ដែរគឺ អ៊ីសម៉ាអែលនិងអ៊ីសាក ប៉ុន្តែព្រះបានជ្រើសរើសបង្កើតការតាំងសញ្ញាអស់កល្បជានិច្ចរបស់ទ្រង់ជាមួយអ៊ីសាក ដែលជាប្អូនប្រុសវិញ (១៧: ១៩)។ នៅក្នុងអត្ថបទគម្ពីរនេះ ព្រះជ្រើសរើសប្អូនប្រុស គឺយ៉ាកុប។ ព្រះគម្ពីរសញ្ញាថ្មីប្រើប្រធានបទនេះ ដើម្បីបង្រៀនគ្រីស្ទបរិស័ទអំពីសេចក្តីពិតសំខាន់មួយអំពីដំណឹងល្អ។ នៅពេលដែលលោកប៉ុលពន្យល់ក្នុងកណ្ឌគម្ពីររ៉ូមថា យើងបានសង្គ្រោះដោយសារព្រះគុណតាមរយៈព្រះយេស៊ូវ គាត់បង្ហាញថា ព្រះបានសង្គ្រោះយើងតាមរយៈការជ្រើសរើសរបស់ទ្រង់ គឺប្រសិនជាយើងមិនបានសង្គ្រោះដោយសារព្រះជ្រើសរើសយើងទេ នោះមិនមែនជាព្រះគុណព្រះទេ។ ដើម្បីបង្ហាញថា ការជ្រើសរើសគឺតែងតែជារបៀបដែលទ្រង់សង្គ្រោះមនុស្ស លោកប៉ុលបានផ្ដោតទៅលើរឿងនេះ ដែលព្រះបានជ្រើសរើសយ៉ាកុប (សូមមើល រ៉ូម ៩:១០-១៦)។ ចូរសំគាល់ម្តងទៀតថា អ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីប្រើនិងអនុវត្តអត្ថបទក្នុងព្រះគម្ពីរសញ្ញាចាស់តាមរយៈព្រះយេស៊ូវ។ លោកប៉ុលក៏ពន្យល់ពួកជំនុំកូរិនថូសអំពីការជ្រើសរើសរបស់ព្រះហើយថា ទ្រង់ជ្រើសរើសមនុស្សដែលលោកិយមិនជ្រើសរើស (សូមមើល ១កូរិនថូស ១:២៦-៣១)។ ដូចដែលព្រះបានជ្រើសរើសលោកយ៉ាកុបបានកំសាន្តចិត្តអ៊ីស្រាអែល នោះដែលព្រះជ្រើសរើសយើងនៅក្នុងព្រះគ្រីស្ទ ក៏កំសាន្តចិត្តយើងផងដែរ (សូមមើល រ៉ូម ៨:២៨-៣៩; អេភេសូរ ៤:៤-១៤)។
យ៉ាកុប និងអេសាវ
ជំលោះរវាងយ៉ាកុបនិងអេសាវនិងប្រជាជាតិ ដែលចេញពីពួកគេ (អ៊ីស្រាអែលនិងអេដំម) មានរហូតដល់សម័យព្រះគម្ពីរសញ្ញាថ្មី។ ព្រះយេស៊ូវជាពូជរបស់យ៉ាកុប (ម៉ាថាយ ១:២) ដែលបានប្រសូត ដើម្បីធ្វើជាស្តេចរបស់សាសន៍យូដា។ ក្នុងកំឡុងពេលនោះ ស្តេចហេរ៉ូឌ ក្នុងនាមអធិរាជចក្រភពរ៉ូម បានត្រួតត្រាលើអ៊ីស្រាអែលយ៉ាងឃោរឃៅ។ ទ្រង់កំចាត់អស់អ្នកដែលប្រជែងនឹងអំណាចទ្រង់ដោយគ្មានមេត្តា។ ស្តេចហេរ៉ូឌជាជនជាតិអេដំម។ ទោះបីនៅក្នុងលោកុប្បត្ដិជំពូក២៥និយាយថា កូនបងនឹងបំរើកូនប្អូនក៏ដោយ ក៏នៅទីនេះយើងឃើញកូនចៅរបស់អេសាវគឺហេរ៉ូឌត្រួតត្រាលើពួកកូនចៅរបស់យ៉ាកុបដែរ។ នៅពេលស្តេចហេរ៉ូឌបានឮពួកហោរាថា មានស្តេចយូដាបានប្រសូតមក ទ្រង់រកសម្លាប់ព្រះយេស៊ូវភ្លាម (ម៉ាថាយ២:១៦)។ ប៉ុន្តែទេវតានៃព្រះអម្ចាស់បានប្រាប់លោកយ៉ូសែប ហើយព្រះយេស៊ូវបានគេចខ្លួន។ ព្រះយេស៊ូវបានធ្វើអោយសំរេចបេសកកម្មរបស់ទ្រង់ ហើយបានបង្កើតពួកជំនុំរបស់ទ្រង់នៅលើផែនដី ហើយនិងលះបង់ព្រះជន្មទ្រង់ ដើម្បីអោយទ្រង់អាចត្រួតត្រាធ្វើជាម្ចាស់លើទាំងអស់ (ភីលីព២:៥-១១)។ អ្នកត្រួតត្រាលើទាំងអស់ប្រាកដជាចេញពីកូនប្អូនមែនជាយ៉ាកុបឡើយ។
លោកុប្បត្ដិ ៣:១៥
ចំណុចរៀបរាប់ខាងលើអំពីយ៉ាកុបនិងអេសាវគឺជាប់ទាក់ទងទៅនឹងខគន្លឹះនៅក្នុងលោកុប្បត្ដិ ៣:១៥ដែលទាយទុកអំពីជំលោះរវាងពូជស្ត្រីនិងពូជពស់។ កូនចៅរបស់យ៉ាកុបគឺជាពូជរបស់ស្ត្រី ដែលទទួលរងការប្រឆាំងពីសំណាក់លោកិយ។ ការនេះបន្តរហូតដល់ព្រះគម្ពីរសញ្ញាថ្មី ហើយយើងឃើញការនេះក្នុងជំលោះរវាងអ្នកដើរតាមព្រះយេស៊ូវនិងលោកិយ ប៉ុន្តែព្រះយេស៊ូវបានសន្យាថា ពួកជំនុំនឹងទទួលជ័យជំនះទាំងស្រុង ពីព្រោះទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ (ម៉ាថាយ ១៦:១៨) ។
ការស៊ូទ្រាំក្នុងជំនឿ
នៅពេលអ្នកនិពន្ធព្រះគម្ពីរហេព្រើរបានលើកទឹកចិត្តគ្រីស្ទបរិស័ទអោយស៊ូទ្រាំក្នុងជំនឿ នៅតែសំឡឹងទៅឯព្រះយេស៊ូវនិងលំនៅដ្ឋាននៅស្ថានសួគ៌ ទោះបីមានវិបត្តិក្នុងលោកិយនេះក៏ដោយ គាត់ប្រើរឿងក្នុងលោកុប្បត្ដិជំពូក២៥ ដើម្បីព្រមានគ្រីស្ទបរិស័ទ ដែលមានការល្បួងលះបង់ជំនឿ (លះបង់មរដក) (សូមមើល ហេព្រើរ១២:១៦-១៧)។ អ្នកនិពន្ធព្រមានថា កុំយកគំរូតាមលោកអេសាវ។
គំនិតសំខាន់និងគោលដៅនៅក្នុងសេចក្តីអធិប្បាយ
យើងបាននិយាយខាងលើហើយថា គំនិតសំខាន់របស់អត្ថបទគម្ពីរនៅក្នុងបរិបទព្រះគម្ពីរសញ្ញាចាស់គឺការ បញ្ច្រាសគ្នាទៅនឹងទំនៀមទំលាប់មនុស្ស ព្រះបានជ្រើសរើសកូនប្អូនយ៉ាកុប/អ៊ីស្រាអែលអោយត្រួតត្រាលើកូនបងអេសាវ/អេដំម។ ដើម្បីអធិប្បាយចេញពីបទគម្ពីរនេះ យើងត្រូវពិចារណាអំពីការវិវត្តន៍ថែមទៀតរបស់ព្រះគម្ពីររហូតដល់សញ្ញាថ្មី។ ពីអ្វីដែលយើងបានឃើញខាងលើ យើងអាចនិយាយថា គំនិតសំខាន់ក្នុងការអធិប្បាយគឺ «ដូចជាព្រះបានជ្រើសរើសយ៉ាកុប ព្រះក៏បានជ្រើសយើងក្នុងព្រះគ្រីស្ទដោយព្រះគុណ ដូចជាព្រះបានជ្រើសរើសយ៉ាកុបផងដែរ។» ចេញពីប្រធានបទនេះ យើងអាចធ្វើការអនុវត្តពីព្រះគម្ពីរសញ្ញាថ្មី ដែលយើងបានឃើញពីខាងលើមក។ គោលដៅរបស់យើងក្នុងការអធិប្បាយគឺ ត្រូវអោយអ្នកស្តាប់ជឿជាក់ច្បាស់ថា ព្រះបានជ្រើសរើសយើងនៅក្នុងព្រះគ្រីស្ទដោយព្រះគុណរបស់ទ្រង់ មិនមែនដោយសារការប្រព្រឹត្តទេ (រ៉ូម៩:១០-១៦)។ ការជ្រើសរើសរបស់ព្រះធ្វើអោយយើងបន្ទាបខ្លួន លើកទឹកចិត្តយើង និងកំសាន្តចិត្តយើង។ ការអនុវត្តបន្ថែមទៀតគឺ យើងមិនត្រូវធ្វើដូចជាអេសាវឡើយ (ហេព្រើរ១២:១៦-១៧)។
Leave a Reply