Micah Intro pdf download
មីកា Micah
សារៈសំខាន់នៃកណ្ឌមីកា Importance of Micah
កណ្ឌមីកាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះ ហោរាមីកាបានប្រកាសព្រះបន្ទូលរបស់ព្រះអស់រយៈពេល៤០ឆ្នាំទៅកាន់យូដានិងអ៊ីស្រាអែល ហើយបានទាយទំនាយសំខាន់ៗជាច្រើនអំពីព្រះមែស៊ីដែលត្រូវមក។
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យមីកានិងខ្លឹមសារនៃប្រសាសន៍របស់មីកា Historical background to Micah and basic message
ហោរាមីកាបានទាយក្នុងកំឡុងរាជ្យរបស់ស្តេចសាសន៍យូដា យ៉ូថាម (៧៥០-៧៣៥មុនគ.ស) អ័ហាស (៧៣៥-៧១៥) និងហេសេគា (៧១៥-៦៨៧)។ នេះគឺស្ថិតនៅក្នុងសម័យដូចគ្នានឹងហោរាហូសេនិងហោរាអេសាយដែរ។ នៅសម័យរបស់ហោរាមីកា ទាំងសាម៉ារីនិងយូដាពិតជាសមនឹងទទួលការវិនិច្ឆ័យរបស់ព្រះសំរាប់ការកៀបសង្កត់ ការថ្វាយបង្គំរូបព្រះ និងការពុករលួយរបស់ពួកគេ។ ពួកគេបានប្រព្រឹត្តទង្វើអាក្រក់ទាំងនេះ ខណៈដែលពួកគេកំពុងថ្វាយយញ្ញបូជាផងដែរ ដោយគិតថា ព្រះនឹងទទួលហើយការពារពួកគេ ពីព្រោះពួកគេ មានសេចក្តីសន្យារបស់ព្រះអង្គ ហើយមានសម្ព័ន្ធមេត្រីនិងព្រះវិហារ។ ប៉ុន្តែដោយសារព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ ព្រះបានបញ្ជូនហោរាមីកាអោយប្រកាសទាស់នឹងអំពើបាបរបស់ពួកគេ ដោយព្រមានពួកគេអំពីការវិនិច្ឆ័យ ហើយហៅពួកគេអោយប្រែចិត្តផង។ ហោរាមីកាបានទាយអំពីការវិនិច្ឆ័យដែលត្រូវមក នៅពេលព្រះនឹងបោះបង់ពួកគេចោល (សំរាប់មួយរយៈ) អោយទៅខ្មាំងសត្រូវឈ្លានពាន អាសស៊ើរនិងបាប៊ីឡូន ដែលនឹងជាន់ឈ្លីទីក្រុងរបស់ពួកគេ ហើយនិរទេសប្រជាជនរបស់ពួកគេចេញពីទឹកដី។
ទោះបីជាព្រះ គឺជាចៅក្រមសុចរិត ដែលវិនិច្ឆ័យមនុស្សក៏ដោយ ក៏ទ្រង់ជាព្រះអង្គសង្គ្រោះពេញដោយសេចក្តីមេត្តាករុណា ដែលអត់ទោសអស់អ្នកណា ដែលងាកបែរមកឯទ្រង់ដោយការប្រែចិត្តផងដែរ។ ហោរាមីកាបានប្រកាសអំពីសេចក្តីសន្យារបស់ព្រះអំពីស្តេចជាអ្នកគង្វាលមួយអង្គ ដែលនឹងប្រមូលពួកសំណល់ស្មោះត្រង់របស់ទ្រង់ឲ្យត្រឡប់មកទឹកដីវិញ ដោយថែរក្សាពួកគេ ហើយវាយបំបាក់ខ្មាំងសត្រូវរបស់ពួកគេផង។ ជាលទ្ធផល នឹងមានមនុស្សមកពីគ្រប់ជាតិសាសន៍ទាំងអស់នឹងមកថ្វាយបង្គំព្រះរបស់អ៊ីស្រាអែល។ ហោរាមីកាបានប្រកាសការយាងមកដល់របស់ស្តេចជាអ្នកគង្វាលមួយអង្គ ដែលនឹងឡើងមកពីបេថ្លេហិម ថា «ទ្រង់នឹងធ្វើជាតួអង្គសន្តិភាពរបស់ពួកគេ» (មីកា ៥:២-៥) ដល់រាស្ត្ររបស់ព្រះ ដែលបានរងទុក្ខក្រោមការគ្រប់គ្រងរបស់ពួកស្តេចអាក្រក់ និងរបបកៀបសង្កត់របស់បរទេស។
គម្រោង Outline
ព្រះនឹងដាក់ទណ្ឌកម្មលើយូដានិងអ៊ីស្រាអែល (១:១-១៦)
ព្រះថ្កោលទោសពួកអ្នកដឹកនាំរបស់យូដា (២:១-៣:១២)
ផែនការអនាគតរបស់ព្រះ (៤:១-១៣)
ព្រះមែស៊ីនឹងយាងមកគ្រប់គ្រង (៥:១-១៥)
ព្រះឡើងបណ្តឹងប្រឆាំងអ៊ីស្រាអែល (៦:១-១៦)
ភាពងងឹតបច្ចុប្បន្ន និងសិរីល្អនាអនាគត (៧:១-២០)
របៀបអានកណ្ឌមីកា How to read Micah
ដើម្បីយល់និងអនុវត្តកណ្ឌមីកាអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំមួយដូចខាងក្រោម។
១. តើកណ្ឌមីកាទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌមីកាសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌមីកាទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីព្រះជាម្ចាស់?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌមីកាទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺមានសាច់រឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតរហូតដល់ការបង្កបង្កើតជាថ្មី។ ដំបូងទ្រង់បានបង្កើតគ្រប់សព្វយ៉ាងល្អ ដោយមានអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងក្នុងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេមិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ ព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្ដារនគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺអេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ព្រះបានមានបន្ទូលនៅក្នុងនិក្ខមនំ ១៩:៤-៦ ថា ទ្រង់បានជ្រើសរើសអ៊ីស្រាអែលធ្វើជារាស្ត្រពិសេសរបស់ទ្រង់ ហើយក្នុងចោទិយកថា ៤ ចែងថា ពួកគេត្រូវធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់។ ចោទិយកថា ២៨ ប្រកាសបណ្តាសារបស់សម្ព័ន្ធមេត្រីថា បើសិនអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះ និងមិនធ្វើតាមការត្រាស់ហៅរបស់ព្រះចំពោះខ្លួនទេ នោះព្រះនឹងបញ្ជូនពួកគេចេញពីទឹកដី។ នៅក្នុង២សាំយូអែល ៧ ព្រះបានមានព្រះបន្ទូលសន្យាដ៏អស្ចារ្យ ជាមួយនឹងស្តេចដាវីឌថា ពូជពង្សមួយរបស់ស្តេចដាវីឌនឹងសោយរាជ្យនៅលើបល្ល័ង្កជារៀងរហូត។ ទ្រង់ក៏បានសន្យាផងដែរថា ពូជពង្សរបស់ស្តេចដាវីឌនឹងសាងសង់ព្រះវិហាររបស់ព្រះនៅក្នុងយេរូសាឡិម។ មុនដំបូងសេចក្តីសន្យានេះត្រូវបានបំពេញសំរេចជាដំបូងតាមរយៈស្តេចសាឡូម៉ូន ដែលបានសាងសង់ព្រះវិហារ។ បន្ទាប់ពីស្តេចសាឡូម៉ូនមក នគរត្រូវបានបែងចែកជាពីរផ្នែក គឺនគរខាងជើងហៅថា អ៊ីស្រាអែល ហើយនគរខាងត្បូងហៅថា យូដា ដែលមានក្រុងយេរូសាឡិមជារាជធានី។ ការផ្ដាច់សម្ព័ន្ធមេត្រីនិងការថ្វាយបង្គំរូបព្រះបាននាំទៅដល់ពេលវេលា ដែលអ៊ីស្រាអែលធ្លាក់ចុះ។ ទោះបីជាមានស្តេចមួយចំនួនដូចជា ស្តេចហេសេគា និងយ៉ូសៀស ប៉ុនប៉ងធ្វើកំណែទម្រង់ក៏ដោយ ក៏ដំណើរការនៃការធ្លាក់ចុះមិនអាចត្រឡប់ថយក្រោយបានដែរ ហើយពួកគេត្រូវបញ្ចប់ដោយការវិនាសនៃសញ្ញដែលមើលឃើញទាំងអស់នៃសម្ព័ន្ធមេត្រីរបស់អ៊ីស្រាអែលជាមួយនឹងព្រះ ដូចជា យេរូសាឡិម និងព្រះវិហារ។
ចំនុចទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីអាចយល់អំពីកណ្ឌមីកា។ ហោរាមីកាបានប្រកាសថា អ៊ីស្រាអែលមិនបានបំពេញតាមការត្រាស់ហៅរបស់ខ្លួនអោយធ្វើជាជាតិសាសន៍បរិសុទ្ធ និងជាពន្លឺដល់ជាតិសាសន៍ទាំងអស់ទេ។ ដូច្នេះ ព្រះនឹងនាំការវិនិច្ឆ័យមក។ ការវិនិច្ឆ័យ ដែលព្រះបានប្រកាសតាមរយៈហោរាមីកានេះគឺត្រូវបានព្រមានរួចហើយនៅក្នុងកណ្ឌចោទិយកថា។ ការព្រមានកាលពីលើកមុនទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃការប្រកាសរបស់ហោរាមីកា។ សេចក្តីសន្យារបស់ព្រះជាមួយស្តេចដាវីឌគឺជាមូលដ្ឋានគ្រឹះសំរាប់សេចក្តីសន្យា ដែលព្រះប្រកាសតាមរយៈហោរាមីកាអំពីស្តេចជាអ្នកគង្វាលនាពេលអនាគត ដែលនឹងនាំសន្តិភាពមកដល់។
២. តើគោលបំណងរបស់កណ្ឌមីកាសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
ហោរាមីកាព្រមានអ៊ីស្រាអែលនិងយូដាអំពីការវិនិច្ឆ័យដែលត្រូវមកដល់ ដែលពួកអ្នកដឹកនាំរបស់ពួកគេបានដឹកនាំពួកគេអោយវង្វេង ដោយនិយាយថា ការវិនិច្ឆ័យនឹងមិនមកដល់ឡើយ ហើយប្រកាសអំពីសេចក្តីសង្ឃឹមថ្មីមួយតាមរយៈស្តេចជាអ្នកគង្វាលដែលនឹងយាងមក។
៣. តើកណ្ឌមីកាទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
មានរបៀបជាច្រើន ដែលកណ្ឌមីកាទាក់ទំនងនឹងកណ្ឌផ្សេងៗ ដែលមានបន្ទាប់ពីវា។ យើងបានមើលឃើញខាងលើថា ព្រះបានសន្យាប្រទានស្តេចជាអ្នកគង្វាលមួយអង្គ តាមរយៈហោរាមីកា។ ព្រះយេស៊ូវគឺជាស្តេចជាអ្នកគង្វាលដែលបានបង្កើតសន្តិភាពជាមួយព្រះ។ ទ្រង់មិនបានធ្វើការនេះតាមរយៈការរំដោះដោយកំឡាំងកងទ័ពទេ ប៉ុន្តែតាមរយៈ «ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង» វិញ (កូល៉ុស ១;២០)។ ទ្រង់មិនបានយាងមក ដើម្បីសំឡាប់មនុស្សទេ តែដើម្បីអោយមនុស្សធ្វើគុតទ្រង់វិញ លះបង់ព្រះជន្មរបស់ទ្រង់សំរាប់កូនចៀមរបស់ទ្រង់ (យ៉ូហាន ១០:១៥)។ ឥឡូវនេះទ្រង់គ្រប់គ្រងលើរាស្ត្ររបស់ទ្រង់ ដោយព្រះវិញ្ញាណរបស់ទ្រង់ និងដោយសេចក្តីយុត្តិធម៌និងភាពបរិបូរឥតខ្ចោះ និងប្រទានព្រះចេស្ដាដល់រាស្ត្ររបស់ទ្រង់ ដើម្បីអោយបានដើរដោយបន្ទាបខ្លួននៅក្នុងផ្លូវប្រកបដោយសេចក្តីយុត្តិធម៌និងសេចក្តីមេត្តាករុណារបស់ទ្រង់ (១យ៉ូហាន ២:៦)។
៤. តើកណ្ឌមីកាបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌមីកាបង្រៀនថា
- ព្រះស្អប់ការថ្វាយបង្គំរូបព្រះ (១:៧)។
- ព្រះស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ ទោះបីជាយើងមើលទៅហាក់ដូចជាទ្រង់មិនស្មោះត្រង់ផ្អែកតាមបទពិសោធន៍របស់យើងក្តី (គិតអំពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះស្តេចដាវីឌ (២សាំយូអែល ៧:១-១៦)។ ពួកអ៊ីស្រាអែលរិះគិតថា ប្រហែលជាព្រះជាម្ចាស់មិនស្មោះត្រង់)។ ប៉ុន្តែស្តេចជាអ្នកគង្វាល ដែលព្រះបានសន្យាប្រទាន នឹងបំពេញសំរេចសេចក្តីសន្យារបស់ព្រះជាមួយស្តេចដាវីឌ។
- ទ្រង់បរិសុទ្ធ និងទតឃើញគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប។
- ទ្រង់គ្រប់គ្រងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដោយព្រះបន្ទូលរបស់ទ្រង់។ ព្រឹត្តិការណ៍ដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌមីកាគឺជាសកម្មភាពរបស់ព្រះ។
- មានបន្ទូលមកកាន់រាស្ត្ររបស់ទ្រង់ ហើយពន្យល់អំពីផែនការរបស់ទ្រង់សំរាប់លោកិយ។
- ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានបញ្ជូនពួកហោរារបស់ទ្រង់មកឯរាស្ត្ររបស់ទ្រង់ ដើម្បីប្រាប់ពួកគេអោយប្រែចិត្ត។ ដូចគ្នាផងដែរ សព្វថ្ងៃនេះ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបញ្ជូនគ្រីស្ទបរិស័ទទៅក្នុងលោកិយ ដើម្បីប្រកាសដំណឹងល្អអោយមនុស្សបានជឿលើព្រះយេស៊ូវ និងងាកបែរមករកទ្រង់វិញ។
- ទ្រង់មានព្រះទ័យចង់អោយមនុស្សស្តាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ មិនមែនគ្រាន់តែថ្វាយដង្វាយឬកាន់តាមសាសនានោះទេ (៥:១៥)។
- ការបះបោរប្រឆាំងរបស់មនុស្សនឹងមិនអាចបញ្ឈប់ព្រះពីការសំរេចគោលបំណងរបស់ទ្រង់ឡើយ។
- ព្រះអង្គលើកលែងទោសអោយ ហើយព្រះអង្គមិនពិរោធរហូតឡើយ ជាមួយគ្នា ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលនៅសេសសល់ ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ (៧:១៨-២០)។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
- មនុស្សបះបោរប្រឆាំងនឹងព្រះ ហើយសមនឹងទទួលទណ្ឌកម្មពីទ្រង់។
- មនុស្សចូលចិត្តថ្វាយបង្គំរូបព្រះ។ យើងដើរតាមរូបព្រះផ្សេងៗដោយងាយជាងការដើរតាមព្រះដ៏ពិត (១:៦-៧)។
- ជារឿយៗ មនុស្សព្រងើយកន្តើយចំពោះព្រះបន្ទូលរបស់ព្រះ ហើយស្អប់អ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ (២:៦; ៣:៥)។
- នៅពេលមនុស្សភ្លេចព្រះហើយតាមរូបព្រះ នោះសីលធម៌របស់ពួកគេក៏ធ្លាក់ចុះ (២:១-២; ៣:១-៣,៩-១០)។
- ជារឿយៗ មនុស្សអនុវត្តតាមសាសនានិងពិធីសាសនា ប៉ុន្តែចិត្តរបស់គេឆ្ងាយពីព្រះជាម្ចាស់ (១:៥)។
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌមីកាទាក់ទងនឹងជីវិតរបស់យើងសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ជាដំបូង យើងត្រូវតែមើលឃើញថា កណ្ឌមីកាទាក់ទងនឹងជីវិតរបស់យើងតាមរយៈព្រះយេស៊ូវ។សេចក្តីសន្យានិងទំនាយទាំងអស់អំពីព្រះយេស៊ូវ ដែលត្រូវបានលើកឡើងនៅក្នុងចំនុចទី៣ខាងលើ បង្ហាញអំពីរបៀប ដែលកណ្ឌមីកាទាក់ទងនឹងយើង។ យើងទទួលបានសេចក្តីសង្គ្រោះនិងសេចក្តីសង្ឃឹមតាមរយៈព្រះយេស៊ូវ ដែលជាបុត្រានៃស្តេចដាវីឌ ដែលគ្រប់គ្រងលើយើង។ ដោយសារព្រះគ្រីស្ទគឺជាស្តេច និងជាអ្នកគង្វាលរបស់យើង ដែលព្រះបានសន្យា នោះអស់អ្នកណាដែលទុកចិត្តលើព្រះគ្រីស្ទ នោះនឹងទទួលបានសេចក្តីមេត្តាករុណានិងសេចក្តីសប្បុរសរបស់ទ្រង់ជំនួសអោយសេចក្តីក្រោធរបស់ទ្រង់វិញ។ ព្រះនឹង «បំភ្លេចអំពើរំលងរបស់សំណល់នៃមរតកទ្រង់» (មីកា ៧:១៨) ពីព្រោះ «ទ្រង់កាន់ជំនួសខ្ញុំ ហើយបានសំរេចសេចក្តីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំខ្ញុំចេញពីមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្តីសុចរិតរបស់ទ្រង់» (ខ.៩)។ ទីបំផុត អំពើរំលងរបស់ពួកសំណល់ត្រូវបានដាក់លើបុត្រាច្បងរបស់ព្រះ ដែលជាព្រះយេស៊ូវគ្រីស្ទ (រ៉ូម ៣:២៤-២៦)។ ព្រះគ្រីស្ទនឹង «រងទ្រាំចំពោះសេចក្តីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា» ជំនួសពួកគេ (មីកា ៧:៩)។ បើទោះជាយើងអាចរងទុក្ខនិងបរាជ័យនៅក្នុងការតយុទ្ធជួយសេចក្តីអាក្រក់នៅក្នុងជីវិតរបស់យើងក៏ដោយ ក៏យើងនឹងក្រោកឡើងដោយសារសេចក្តីសុចរិតរបស់ព្រះអម្ចាស់ (ខ.៨-៩) ហើយអស់អ្នកណាដែលរួបរួមជាមួយព្រះគ្រីស្ទដោយសេចក្តីជំនឿពិតជានឹងក្រោកឡើង (រ៉ូម ៦:៥)។ នេះគឺជាដំណឹងល្អនៅក្នុងកណ្ឌមីកា។
២. ហោរាមីកាបានព្រមានយើងអំពីពួកអ្នកដឹកនាំក្នុងពួកជំនុំនាពេលសព្វថ្ងៃនេះ ដែលមិននិយាយអំពីការវិនិច្ឆ័យរបស់ព្រះដែលនឹងមកដល់។ ពួកអ្នកដឹកនាំពួកជំនុំខ្លះក្នុងពេលសព្វថ្ងៃនេះប្រកាសតែអ្វី ដែលមនុស្សចង់ស្តាប់ គឺព្រះស្រឡាញ់ពួកគេ ហើយមានផែនការអស្ចារ្យសំរាប់ពួកគេ។ ទាំងនេះគឺជាសេចក្តីបង្រៀនខុសឆ្គង ដែលនិយាយតែអំពីអ្វី ដែលត្រចៀករមាស់របស់មនុស្សចង់ស្តាប់ប៉ុណ្ណោះ (២ធីម៉ូថេ ៤:២-៤)។ សេចក្តីស្មោះត្រង់របស់ហោរាមីកាក្នុងការប្រកាសព្រះបន្ទូលរបស់ព្រះ បានលើកទឹកចិត្តដល់យើង នៅពេលយើងប្រកាសអំពីព្រះគ្រីស្ទទៅកាន់លោកិយនេះ ដែលមិនចូលចិត្តស្តាប់លឺព្រះរាជសារ (ហេព្រើរ ១២:១-៣; ២ធីម៉ូថេ ៣:១១-១២)។
៣. ហោរាមីកាលើកឡើងជាគោលសំខាន់ៗ អំពីពួកអ្នកដឹកនាំដែលត្រូវបរិសុទ្ធនិងទទួលខុសត្រូវ ហើយគាត់ព្រមានអំពីរបៀបដែលការពុករលួយនៅក្នុងរាស្ត្ររបស់ព្រះអាចរីករាលដាលបាន។ គាត់ព្រមានអំពីការទុកចិត្តខុសលើសាសនា (១:៥) ដែលមនុស្សគិតថា ពួកគេមានសុវត្ថិភាពដោយព្រោះសាសនារបស់ពួកគេ និងពិធីសាសនារបស់ពួកគេ។ គាត់បង្ហាញអំពីរបៀប ដែលពួកអ្នកដឹកនាំពុករលួយជះឥទ្ធិពលដល់រាស្ត្រទាំងអស់របស់ព្រះ (៣:១, ៥, ១១)។ នេះគឺជាការព្រមានមួយចំពោះពួកជំនុំអោយប្រុងប្រយ័ត្នអំពីពួកអ្នកដឹកនាំរបស់ពួកគេ។
៤. នៅក្នុងមីកា ៤:១-៥ គាត់ប្រកាសអំពី «នៅជាន់ក្រោយ» នៅពេលទីក្រុងយេរូសាឡិមនឹងត្រូវស្តាឡើងវិញ ដើម្បីអោយមនុស្សមកពីជាតិសាសន៍ជាច្រើននឹងចូលមកក្នុង ដើម្បីអោយព្រះបានបង្រៀនពួកគេអោយដើរនៅក្នុងផ្លូវរបស់ទ្រង់ (ប្រៀបធៀប៖ អេសាយ ២:១-២)។ នៅថ្ងៃនោះព្រះអង្គនឹងផ្គត់ផ្គង់ពេញបរិបូរ ហើយនិងប្រទានសន្តិភាពជំនួសអោយសង្គ្រាមវិញ។ នេះគឺជាសន្តិភាព សុវត្ថិភាព និងភាពបរិបូរ ដែលឥឡូវនេះពួកអ្នកជឿបានទទួលដោយជំនឿលើព្រះគ្រីស្ទហើយ (រ៉ូម ៥:១; ១៥:១៣) ហើយថា ពួកគេនឹងទទួលបានយ៉ាងពេញលេញនៅក្នុងទីក្រុងយេរូសាឡិមថ្មី (វិវរណៈ ២១:២-៤, ២៥-២៧)។
Leave a Reply