ពាក្យលំនាំ៖ យ៉ូណាស Introduction to Jonah

Jonah Intro pdf download

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យ៉ូណាស​ ​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យ៉ូណាស​ Historical background to Jonah and basic message

​ហោរា​យ៉ូណាស​បាន​ទាយ ​នៅក្នុង​កំឡុង​សម័យ​កាល​មាន​សន្តិភាព​និង​ភាព​ចម្រុង​ចម្រើន​របស់​ស្តេច​យេរ៉ូបោម​ទី​២ (២ពង្សាវតារក្សត្រ​ ១៤:២៣-២៨) ដែល​បាន​គ្រប់​គ្រង​នៅក្នុង​អ៊ីស្រាអែល (អាណាចក្រ​ខាង​ជើង​) ចាប់​ពី​ឆ្នាំ​៧៨២​ដល់​៧៥៣​មុន​គ.ស។ ​កណ្ឌ​យ៉ូណាស​មិន​បាន​ទាយ​ទាស់​នឹង​អ៊ីស្រាអែល​ឬ​យូដា​ ដូច​ជា​ពួក​ហោរា​ផ្សេងៗ​ទៀត​ទេ។ ​ព្រះ​បាន​បញ្ជូន​ហោរា​យ៉ូណាស​ឲ្យ​ទៅ​កាន់​ទីក្រុង​នីនីវេ ដែល​ជា​រាជធានី​របស់​ចក្រភព​អាសស៊ើរ។ ​នីនីវេ​គឺ​ជា​អ្នក​ស្តាប់​ផ្ទាល់​នូវ​ការ​ប្រកាស​របស់​ហោរា​យ៉ូណាស​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ ដែល​ជិត​មក​ដល់​នេះ។ ​អាសស៊ើរ​គឺ​ជា​មហា​អំណាច​នៅក្នុង​សតវត្ស​ទី​ប្រាំ​បី​មុន គ.ស. ដែល​ព្រះ​បាន​ប្រើ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​អាណាចក្រ​ខាង​ជើង គឺ​ជា​អ៊ីស្រាអែល ដែល​មិន​ស្មោះត្រង់​ ដែល​ជា​លទ្ធផល​ពួកគេ​ត្រូវ​និរទេស​និង​ជាប់​ចំណង​នៅ​ឆ្នាំ​៧២២​មុន​គ.ស (២ពង្សាវតារក្សត្រ ១៧)។ ​

កណ្ឌ​យ៉ូណាស​បង្ហាញ​ថា​ នីនីវេ​គឺ​ជា​ទីក្រុង​អាក្រក់​មួយ ប៉ុន្តែ​ព្រះ​មិន​បាន​ចង់​អោយ​ពួកគេ​វិនាស​ឡើយ​ តែ​អោយ​ពួកគេ​ប្រែ​ចិត្ត​វិញ​ ដើម្បី​ចៀស​វាង​នូវ​ការ​វិនិច្ឆ័យ។ ​ ​យើង​អាច​នឹង​អាន​រឿង​របស់​យ៉ូណាស​ក្នុង​ទម្រង់​ជា​រឿង​ខាង​សីលធម៌​មួយ​បាន ៖ ​ព្រះ​បញ្ជូន​ហោរា​យ៉ូណាស​ទៅ​កាន់​ទីក្រុង​នីនីវេ​ដ៏​អាក្រក់ (១:១-២) ប៉ុន្តែ​ហោរា​យ៉ូណាស​រត់​គេច (១:៣)។ ​ដូច្នេះ ព្រះ​បញ្ជូន​ព្យុះ​និង​ត្រី​មួយ​ទៅ​កាន់​ហោរា​យ៉ូណាស (ជំពូក​២) ​ទ្រង់​មាន​បន្ទូល​ប្រាប់​ហោរា​យ៉ូណាស​អោយ​ទៅ​ជា​លើក​ទី​ពីរ (៣:១-២) ហើយ​ជា​ចុង​ក្រោយ​ហោរា​យ៉ូណាស​ស្តាប់​បង្គាប់​តាម​ទ្រង់ (៣:៣)។ ​បន្ទាប់​មក​ជនជាតិ​នីនីវេ​បាន​ប្រែ​ចិត្ត (៣:៦-១០)។ ​ប៉ុន្តែ ​បើសិន​យើង​គ្រាន់​តែ​អាន​កណ្ឌ​នេះ​ជា​រឿង​ខាង​សីលធម៌​មួយ នោះ​យើង​នឹង​បាត់​បង់​នូវ​ព្រះ​រាជសារ​ចំបង​នៅក្នុង​កណ្ឌ​នេះ។ ខាង​ក្រោម​នេះ​ យើង​នឹង​មើល​ឃើញ​ព្រះ​រាជសារ​ចំបង​ដែល​មាន​នៅ​ក្នុង​កណ្ឌ​នេះ។

គម្រោង Outline

  • ​ហោរា​យ៉ូណាស​រត់​ចេញ​ពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ (១:១-១៧)
  • ​បទ​ចម្រៀង​សរសើរ​តម្កើង​របស់​ហោរា​យ៉ូណាស ពីព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​គាត់​ (២:១-១០)
  • ​យ៉ូណាស​ប្រកាស​ព្រះ​រាជ​សារ ហើយ​នីនីវេ​ប្រែ​ចិត្ត​ (៣:១-១០)
  • កំហឹង​របស់​ហោរា​យ៉ូណាស និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ (៤:១-១១)

របៀប​អាន​កណ្ឌ​យ៉ូណាស​ ​How to read Jonah

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​យ៉ូណាស​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​បួន​ដូច​ខាង​ក្រោម។

១. តើ​គោល​បំណង​របស់​កណ្ឌ​យ៉ូណាស​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

២. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់?

៣. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៤. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​គោល​បំណង​របស់​កណ្ឌ​យ៉ូណាស​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

​ហោរា​យ៉ូណាស​បាន​មាន​ឥរិយាបថ​ចំពោះ​ពួក​សាសន៍​ដទៃ​ដូច​ជា​ពួក​យូដា​ជាច្រើន​បាន​មាន​នៅក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែរ។ ​កណ្ឌ​នេះ​បាន​ប្រឆាំង​នឹង​ឥរិយាបថ​របស់​អ៊ីស្រាអែល​ចំពោះ​ពួក​សាសន៍​ដទៃ ដោយ​បង្ហាញ​ថា ​ព្រះ​ក៏​បាន​យក​ព្រះ​ទ័យ​ទុក​ចំពោះ​ពួក​គេ​ផង​ដែរ។

២. តើ​កណ្ឌ​យ៉ូណាស​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​យ៉ូណាស​បង្រៀន​ថា

  • ​ព្រះជាម្ចាស់​ទត​ឃើញ​គ្រប់​ទាំង​អស់។ ហោរា​យ៉ូណាស​បាន​ព្យាយាម​រត់​គេច​ពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ដោយ​សេចក្តី​ល្ងីល្ងើ​ ប៉ុន្តែ​ព្រះ​ទត​ឃើញ​និង​គ្រប់​គ្រង។
  • ព្រះ​គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​កត់​ទុក​នៅ​ក្នុង​កណ្ឌ​មីកា​គឺជា​សកម្ម​ភាព​របស់​ព្រះ។
  • ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់​និង​សេចក្ដី​មេត្តា​ករុណា។
  • ព្រះជាម្ចាស់​ផ្ដល់​ឱកាស​អោយ​មនុស្ស​ប្រែ​ចិត្ត។
  • ​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពូជ​សាសន៍​ទាំង​អស់​នៅក្នុង​ពិភពលោក​ ហើយ​ទ្រង់​ចង់​អោយ​រាស្ត្រ​របស់​ទ្រង់​មាន​ឥរិយាបថ​នេះ​ដែរ។​
  • ព្រះ​អាច​ប្រើ​មនុស្ស សូម្បី​តែ​ជា​មនុស្ស​ដែល​រត់​គេច​ពី​ទ្រង់។​
  • ​ពេល​ខ្លះ​ ពួក​សាសន៍​ដទៃ​ ដែល​មិន​ជឿ​ព្រះ​អម្ចាស់ ​មាន​ការ​ឆ្លើយ​តប​ចំពោះ​ព្រះ​ខ្លាំង​ជាង​ពួក​អ្នក​ជឿ​និង​ពួក​ហោរា។​
  • មនុស្ស ដូច​ជា​ហោរា​យ៉ូណាស ​អាច​ខ្វះ​សេចក្តី​មេត្តា​ករុណា ហើយ​ត្រូវ​ការ​ការ​កែ​តម្រូវ​ពី​ព្រះ​ជា​ម្ចាស់។​

៣. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៤. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​យ៉ូណាស​ទាក់​ទង​នឹង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​នេះ​នៅក្នុង​របៀប​ជា​ច្រើន។​

១. ​គួរ​អោយ​ចាប់​អារម្មណ៍ នៅ​ពេល​ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ព្រឹត្តិការណ៍​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ ដែល​ជា​ការ​សុគត​និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​ហៅ​វា​ថា «ទី​សំគាល់​របស់​ហោរា​យ៉ូណាស»។ ​ទាំង​ហោរា​យ៉ូណាស​និង​ព្រះ​យេស៊ូវ​គឺ​ជា​ហោរា​មក​ពី​ស្រុក​កាលីឡេ។ ​ហោរា​យ៉ូណាស​មក​ពី​ស្រុក​កាថ-ហេភើរ (​២ពង្សាវតារក្សត្រ​ ​១៤:២៥) ដែល​ជា​ទីក្រុង​មួយ​នៅក្នុង​ស្រុក​សាប់យូល៉ូន ​មាន​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពី​ខាង​ជើង​ភាគ​ខាង​កើត​ណាសារ៉ែត។ ដូច្នេះ ព្រះ​យេស៊ូវ ដែល​បាន​ធំធាត់​នៅក្នុង​ស្រុក​ណាសារ៉ែត​ ​បាន​យក​រឿង​របស់​ហោរា​ក្នុង​ស្រុក​ល្បីល្បាញ​ម្នាក់​នេះ​ធ្វើ​ជា​និមិត្ត​រូប​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ ហើយ​ប្រើ​ការ​ព្រមាន​របស់​ហោរា​យ៉ូណាស​អោយ​ប្រជាជន​នីនីវេ​ប្រែ​ចិត្ត​ជា​និមិត្ត​រូប​នៃ​ការ​ហៅ​អោយ​ប្រែ​ចិត្ត​របស់​ទ្រង់​ផ្ទាល់​ (ម៉ាថាយ ១២:៣៨; លូកា ១១:២៩-៣២)។ ​ដូច​ដែល​ព្រះ​បាន​រំដោះ​ហោរា​យ៉ូណាស​ចេញ​ពី​ត្រី​យ៉ាង​អស្ចារ្យ​ ​នោះ​ព្រះ​ក៏​បាន​រំដោះ​ព្រះ​យេស៊ូវ​ចេញ​ពី​សេចក្តី​ស្លាប់​យ៉ាង​អស្ចារ្យ​ផង​ដែរ។ ​មនុស្ស​នៅ​សម័យ​ព្រះ​យេស៊ូវ​ចង់​បាន​ទី​សំគាល់​មួយ​ពី​ទ្រង់​ដែល​បង្ហាញ​ថា​ ព្រះយេស៊ូវ​គឺ​ជា​អង្គ​ ដែល​ទ្រង់​បាន​អះ​អាង​ ​ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​ជំនាន់​មនុស្ស​អាក្រក់​សុំ​ទី​សំគាល់​ ប៉ុន្តែ​ព្រះ​មិន​បាន​ប្រទាន​ទី​សំគាល់​ណា​ដល់​ពួក​គេ​ក្រៅ​ពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ «ទី​សំគាល់​របស់​ហោរា​យ៉ូណាស» ទេ។ ​ដូច្នេះ ព្រះ​យេស៊ូវ​ដូច​ជា​ហោរា​យ៉ូណាស ប៉ុន្តែ​ទ្រង់​អស្ចារ្យ​លើស​ជាង​នោះ​ទៅ​ទៀត។​

២. ការ​ប្រែ​ចិត្ត​របស់​នីនីវេ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​និង​ការ​ព្រមាន​មួយ​ដល់​លោកិយ​សព្វ​ថ្ងៃ​នេះ។ នៅក្នុង​ម៉ាថាយ ១២:៤១ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ ឡើង​ជាមួយនឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំ​រះ ហើយ​និង​កាត់​ទោស​អោយ​ផង ដ្បិត​គេ​បាន​ប្រែចិត្ត ដោយ​ឮ​សេចក្តី ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល​នៅ​ទី​នេះ​មាន ១អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅទៀត​»។  សូម​កត់​សំគាល់​អំពី​របៀប​ ដែល​ព្រះ​បាន​អនុវត្ត​រឿង​របស់​ហោរា​យ៉ូណាស​ទៅ​កាន់​អ្នក​ស្តាប់​របស់​ទ្រង់​ គឺ​ទ្រង់​អនុវត្ត​រឿង​នេះ​តាមរយៈ​អង្គ​ទ្រង់​ផ្ទាល់។​ ទ្រង់​បាន​មាន​បន្ទូល​អំពី​ការ​វិនិច្ឆ័យ​ ដែល​ ​នឹង​ត្រូវ​មក​ដល់ នៅពេល​ទ្រង់​វិនិច្ឆ័យ​លោកិយ​នេះ។ ហើយ​នៅពេល​ទ្រង់​វិនិច្ឆ័យ​លោកិយ និង​ មនុស្ស​ ដែល​បដិសេធ​ព្រះ​គ្រីស្ទ នោះ​វា​គឺ​ស្ថិត​នៅក្នុង​ស្ថាន​ភាព​អាក្រក់​ជាង​ជនជាតិ​នីនីវេ​ទៅ​ទៀត​ ពីព្រោះ​ពួក​នីនីវេ​បាន​ប្រែ​ចិត្ត​តាមរយៈ​តែ​ការ​ប្រកាស​ព្រះ​រាជសារ​របស់​ហោរា​យ៉ូណាស​ ហើយ​អស់​អ្នក​ណា ដែល​បដិសេធ​ព្រះ​យេស៊ូវ គឺ​គេ​កំពុង​តែ​បដិសេធ​មួយ​អង្គ ដែល​អស្ចារ្យ​ជា​ហោរា​យ៉ូណាស​ទៅ​ទៀត។ ​នេះ​គឺ​ជា​ចំនុច​សំខាន់​មួយ​សំរាប់​យើង​ នៅ​ពេល​យើង​អាន អនុវត្ត បង្រៀន ​និង​អធិប្បាយ​ចេញ​ពី​រឿង​របស់​ហោរា​យ៉ូណាស។​

៣. ​ហោរា​យ៉ូណាស​គឺ​ជា​គំរូ​មួយ​នៃ​ការ​តយុទ្ធ​ ដែល​គ្រីស្ទបរិស័ទ​អាច​មាន​នៅក្នុង​ជីវិត​ (១កូរិនថូស ១០:១១)។ ​រឿង​នេះ​បង្ហាញ​ថា ​ព្រះ​គុណ​របស់​ព្រះ​ខ្លាំង​ជាង​ភាព​ភ័យ​ខ្លាច ការ​ថប់​បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត​របស់​យើង​ទៅ​ទៀត។ ​វីរបុរស​ពិត​ប្រាកដ​នៅ​ក្នុង​រឿង​នេះ​គឺ​ជា​ព្រះ​ជា​ម្ចាស់។ រឿង​មិន​សូវ​និយាយ​ច្រើន​អំពី​អ្វី ដែល​ហោរា​យ៉ូណាស​ធ្វើ​សំរាប់​ព្រះ​ទេ ប៉ុន្តែ​និយាយ​អំពី​អ្វី ដែល​ព្រះ​ធ្វើ​សំរាប់​ហោរា​យ៉ូណាស​វិញ។ ​យើង​មើល​ឃើញ​ភាព​អត់​ធ្មត់​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាមួយ​មនុស្ស​ខ្សោយ​ ដូច​ជា​ហោរា​យ៉ូណាស​ (យ៉ូណាស ៣:១-២; ៤:៤, ៩-១០) ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ទ្រង់​ចំពោះ​មនុស្ស​បាត់​បង់ ដូច​ជា​ជនជាតិ​នីនីវេ (១:២; ៤:១១)។​

៤. ជំពូក​៤​មិន​គ្រាន់​តែ​បង្ហាញ​អំពី​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​ចំពោះ​ជនជាតិ​នីនីវេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ គំរូ​របស់​ហោរា​យ៉ូណាស​ក៏​បាន​ដល់​ព្រមាន​យើង​ផង​ដែរ។​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា ហោរា​យ៉ូណាស​បាន​ដាក់​អាទិភាព​របស់​គាត់​ខុស គឺ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​ដើម​ឈើ​ជាង​ទីក្រុង​របស់​មនុស្ស។​ យើង​គួរ​តែ​ឆ្លុះ​បញ្ចាំង​មក​លើ​ជីវិត​របស់​យើង។ តើ​យើង​មាន​អាទិភាព​ខុស​នៅ​ត្រង់​ណា? តើ​ដើម​ឈើ កីឡា ម៉ូត ឬ​ភាព​សប្បាយ​រីក​រាយ ឬ​អ្វី​ផ្សេង​ទៀត​សំខាន់​សំរាប់​យើង​ជាង​មនុស្ស​ ហើយ​ពួកគេ​ទទួល​បាន​សេចក្តី​សង្គ្រោះ​ ​ដោយ​ពួកគេ​ស្តាប់​លឺ​អំពី​ព្រះ​យេស៊ូវ? ហោរា​យ៉ូណាស​មិន​គ្រាន់​តែ​មាន​អាទិភាព​ខុស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ស្អប់​របស់​គាត់​ចំពោះ​អ្នក​ដទៃ​បាន​នាំ​គាត់​អោយ​ខ្វះ​សេចក្តី​មេត្តា​ករុណា។ ​តើ​ឥរិយាបថ​របស់​យើង​ចំពោះ​អ្នក​ដទៃ​នាំ​អោយ​យើង​ខ្វះ​សេចក្តី​មេត្តា​ករុណា​សំរាប់​មនុស្ស ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​ដែរ​ឬ​ទេ?​

៥. សូម​សញ្ជឹង​គិត​អំពី​ភាព​ផ្ទុយ​គ្នា​រវាង​ហោរា​យ៉ូណាស​និង​ព្រះ​យេស៊ូវ។ ហោរា​យ៉ូណាស​បាន​នៅ​ទីកន្លែង​ល្អ ធ្វើ​ការ​ងារ​ល្អ មាន​ជីវិត​ល្អ។ បន្ទាប់​មក ព្រះ​បាន​មាន​បន្ទូល​ថា «​យ៉ូណាស ខ្ញុំ​ចង់​អោយ​អ្នក​ទៅ​កន្លែង​មួយ​ ហើយ​ធ្វើ​ការ​ងារ​ផ្សេង​សំរាប់​ប្រយោជន៍​របស់​អ្នក​ដទៃ​ ដែល​ខ្ញុំ​ស្រឡាញ់ គឺ​ជា​មនុស្ស​កំពុង​ប្រឈម​នឹង​ការ​វិនិច្ឆ័យ ដែល​ជិត​មកដល់​»។​ ប៉ុន្តែ​ហោរា​យ៉ូណាស​បាន​និយាយ​ថា «អត់​ទេ»។​ រី​ឯ​ព្រះ​យេស៊ូវ​បាន​នៅ​ស្ថានសួគ៌ ​ជា​កន្លែង​ល្អ​បំផុត​ ហើយ​ទ្រង់​កំពុង​គ្រប់​គ្រង​សកល​លោក​ទាំង​មូល ធ្វើ​ការ​ងារ​ប្រសើរ​បំផុត មាន​ជីវិត​ប្រសើរ​បំផុត និង​មាន​ពួក​ទេវតា​សរសើរ​តម្កើង​ផង។ បន្ទាប់​មក ​ព្រះ​វរបិតា​បាន​មាន​បន្ទូល​ថា «​ចូរ​ទៅ​កន្លែង​មួយ ដែល​មាន​មនុស្ស​បដិសេធ​អ្នក​យ៉ាង​ខ្លាំង ហើយ​អ្នក​នឹង​រស់​នៅ​ជីវិត​ ដែល​នាំ​ទៅ​ការ​ជាប់​ឆ្កាង និង​សេចក្តី​ស្លាប់។ ​អ្នក​នឹង​ក្លាយ​ជា​យញ្ញ​បូជា​ធួន​នឹង​បាប​សំរាប់​មនុស្ស ដែល​ខ្ញុំ​ស្រឡាញ់​ ហើយ​ដែល​កំពុង​ប្រឈម​នឹង​ការ​វិនិច្ឆ័យ​អស់កល្ប​ជានិច្ច​»។ ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​តប​ថា «បាទ យល់​ព្រម​»។ ​ការ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​ទាំង​នេះ​ជំនួស​យើង​ ជួយ​អោយ​យើង​ផ្លាស់​ប្រែ​ខ្លួន​ពី​ប្រភេទ​មនុស្ស​ ដែល​យក​ចិត្ត​ទុកដាក់​តែ​ចំពោះ​សេចក្តី​សុខ​ស្រួល កេរ្តិ៍​ឈ្មោះ និង​ជោគ​ជ័យ​របស់​ខ្លួន ទៅ​ជា​មនុស្ស ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទាំង​អស់​ ដែល​នៅ​ជុំ​វិញ​ខ្លួន​របស់​យើង​ ហើយ​ដែល​ព្រះ​បាន​ហៅ​អោយ​យើង​ស្រឡាញ់​និង​បំរើ។ យើង​ទទួល​សេចក្តី​ស្រឡាញ់​ច្រើន នោះ​យើង​ក៏​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ​ច្រើន​ផង​ដែរ​ (លូកា ៧:៤៧)

៦. ​ព្រះ​គម្ពីរ​ទាំង​មូល​និយាយ​អំពី​ព្រះ​គុណ​របស់​ព្រះ​ ដែល​ត្រូវ​បាន​បើក​សំដែង​នៅក្នុង​ព្រះ​យេស៊ូវ​ (លូកា ២៤:២៧, ៤៤; យ៉ូហាន ៥:៣៩, ៤៦)។ ព្រះ​គម្ពីរ​ទាំង​មូល​និយាយ​អំពី​ដំណឹងល្អ (រ៉ូម ១:១-២; ១ពេត្រុស ១:១០-១២) ដែល​នៅក្នុង​នោះ​មាន​កណ្ឌ​យ៉ូណាស​ផង​ដែរ។ កណ្ឌ​យ៉ូណាស​ជួយ​យើង​អោយ​មើល​ឃើញ​អំពី​ភាព​បរិសុទ្ធ​របស់​ព្រះ ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វិនិច្ឆ័យ​ ដែល​អាច​ធ្លាក់​មក​លើ​មនុស្ស​ ​ហើយ​ដែល​ជា​ការ​វិនិច្ឆ័យ​មួយ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទទួល​យក​ជំនួស​យើង​នៅក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top