ចោទិយកថា ១៧.១៤-២០ ស្តេចអ៊ីស្រាអែលត្រូវចុះចូល Dt. 17 The King must submit

Dt. 17 The King must Submit pdf download

ស្តេច​អ៊ីស្រាអែល​ត្រូវ​ចុះ​ចូល​

ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ចោទិយកថា​ ១៧:១៤-២០

អ្នក​និពន្ធ៖​ រុហ្វ លេភិឡារ

កាលៈទេសៈប្រវត្តិសាស្ត្រ

ជន​ជាតិ​អ៊ីស្រាអែល​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ចេញ​ពី​អេស៊ីព្ទ​ ហើយ​ការ​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន​រយៈ​ពេល​៤០​ឆ្នាំ​ក៏​បាន​បញ្ចប់​ដែរ។ ពួក​គេ​ស្ថិត​នៅ​ភាគ​ខាង​កើត​យ័រដាន់ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។  កណ្ឌ​ចោទិយកថា​កត់​ត្រា​អំពី​សេចក្ដី​អធិប្បាយ​បី​របស់​ម៉ូសេ​ទៅ​កាន់​បណ្តាជន​អ៊ីស្រាអែល ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​កាន់​តាម​ក្រិត្យវិន័យ​របស់​ព្រះ​អម្ចាស់។

អត្ថបទ​សារ​

អ៊ីស្រាអែល​មិន​ទាន់​មាន​ស្តេច​ជា​មនុស្ស​នៅ​ឡើយ​ទេ ​នៅ​ពេល​ម៉ូសេ​ផ្តល់​ព្រះបន្ទូល​នេះ​ដល់​ពួក​គេ​  ប៉ុន្តែ​ព្រះជាម្ចាស់​ជា​ស្តេច​សម្រាប់​ពួក​គេ​ស្រាប់​ទៅ​ហើយ ​(ចោទិយកថា​ ៣៣:៥)។ ដូច្នេះ ​នៅ​ពេល​ពួក​គេ​តាំង​ស្តេច​ឡើង​ នោះ​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់។ ព្រះជាម្ចាស់​ទ្រង់​ជា​អ្នក​គ្រប់គ្រង​រួច​ទៅ​ហើយ​  ដូច្នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ​បើសិន​គេ​តាំង​ស្តេច​ជា​មនុស្ស​ឲ្យ​គ្រប់គ្រង​លើ​ពួកគេ​ដែរ​នោះ? ​ អត្ថបទ​នេះ​ជួយ​ផ្តល់​ចម្លើយ​សំរាប់​សំណួរ​នេះ។ ស្តេច ​ដែល​ពួក​គេ​តាំង​ឡើង​អោយ​គ្រប់​គ្រង​លើ​គេ​នោះ  ​ត្រូវតែ​ចុះចូល​ចំពោះ​ព្រះជាម្ចាស់។ ​នៅ​ពេល​ណា​ស្តេច​ចុះចូល​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​ នោះ​ព្រះជាម្ចាស់​ទ្រង់​នៅ​តែ​គ្រប់គ្រង​លើ​ទាំង​អស់។

ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​អត្ថបទ​ក្រោយ​មក​ទៀត​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់

បើ​សិន​យើង​ដឹង​ពី​រឿង​ស្តេច​សាឡូម៉ូន​ ​នោះ​អត្ថបទ​នេះ​រំលឹក​យើង​យ៉ាង​ច្បាស់​អំពី​ទ្រង់។ ទ្រង់​បាន​ចាប់​ផ្តើម​ល្អ​  ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​គោរព​តាម​បង្គាប់​នេះ។ មនុស្ស​ប្រែប្រួល​នៅ​ពេល​គេ​មាន​អំណាច​ រួម​ទាំង​ស្តេច​ផង​ដែរ​  ដូច្នេះ​ស្តេច​សាឡូម៉ូន​មិនមែន​ជា​ស្តេច​ ដែល​អ៊ីស្រាអែល​រង់ចាំ​ ដើម្បី​មក​បំពេញ​ការ​ទទួលខុស​ត្រូវ​ជា​ស្តេច ​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​អត្ថបទ​នេះ​ឡើយ។

ពួកគេ​ត្រូវ​រង់ចាំ​បុត្រា​ស្តេច​ដាវីឌ​ក្រោយ​មក​ទៀត​សំរាប់​តួនាទី​នេះ។​

ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​

​នៅ​ពេល​ព្រះយេស៊ូវ​យាង​មក ​ទ្រង់​បាន​ប្រកាស​ថា ​ទ្រង់​នាំ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​មក​ដល់​  ​ហើយ​ទ្រង់​គឺ​ជា​ស្តេច ​ដែល​ពួក​គេ​បាន​រង់ចាំ​នោះ​ហើយ។ ក្នុង​ឋានៈ​ជា​ស្តេច​អ៊ីស្រាអែល​ពិត​ប្រាកដ ​ទ្រង់​ស្តាប់​បង្គាប់ ​ព្រះ​វរបិតា​ ដែល​គង់​នៅ​ស្ថានសួគ៌​គ្រប់​ទាំង​អស់​ ដូច្នេះ​ហើយ​ព្រះ​យេស៊ូវ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ធ្វើ​ជា​ស្តេច។ នេះ​ជា​សារ​ចេញ​ពី​ភីលីព ​២:៥-១១  ព្រោះ​ទ្រង់​ស្តាប់​បង្គាប់​រហូត​ដល់​ទី​មរណៈ​ បាន​ជា​ទ្រង់​គ្រប់គ្រង​ដូច​ជា​ព្រះអម្ចាស់។

ទ្រង់​ស្គាល់​គ្រប់​បទ​គម្ពីរ​ និង​ប្រតិបត្តិ​តាម​បាន​ឥត​ខ្ចោះ​ (លូកា ​២:៥២; ហេព្រើរ​ ៤:១៥) ហេតុ​នោះ ព្រះ​យេស៊ូវ (និង​អស់​អ្នក​ទុកចិត្ត​លើ​ទ្រង់) ​បាន​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ​(ហេព្រើរ​១២:១-៥)។ ប៉ុន្តែ ​ទ្រង់​មិន​គ្រាន់​តែ​ស្តេច​អ៊ីស្រាអែល​ទេ​  គឺ​ទ្រង់​ក៏​ជា​ស្តេច​និង​អម្ចាស់​លើ​ទាំង​អស់​ផង​ដែរ​ ​(វិវរណៈ​ ១៧:១៤; ១៩:១៦)។ ​

សារ​អធិប្បាយ​

ប្រាកដ​ណាស់​  ស្តេច​ជា​ប្រធាន​បទ​សំខាន់​នៅ​ក្នុង​អត្ថបទ​នេះ។ យើង​អាច​ភ្ជាប់​ទៅ​បទ​ពិសោធន៍​របស់​មនុស្ស​ដោយ​និយាយ​ពី​ប្រភេទ​ស្តេច​ ដែល​មនុស្ស​ចង់​បាន។ មនុស្ស​នឹង​ចង់​បាន​ស្តេច​ល្អ​ មិនមែន​ជា​ស្តេច​គិតតែ​បង្កើន​ទ្រព្យសម្បត្តិ​ដោយ​ពុករលួយ​នោះ​ឡើយ។ ទោះបី​ជា​យ៉ាងណា ​នេះ​គ្រាន់​តែ​គំនិត​សាមញ្ញ ​ទាក់ទង​នឹង​បទពិសោធន៍​របស់​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ។​

​នៅ​ក្នុង​ប្រទេស​យើង​នា​ពេល​បច្ចុប្បន្ន​  យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ មិន​ត្រូវ​ប្រើ​អត្ថបទ​នេះ​និយាយ​ពី​ប្រភេទ​ស្តេច​ដែល​យើង​ចង់​បាន​នោះ​ទេ។ អត្ថបទ​នេះ​មិន​និយាយ​ពី​ស្តេច​នៃ​ជនជាតិ​ទូទៅ​ទេ​  ប៉ុន្តែ​និយាយ​ជា​ពិសេស​ពី​ស្តេច​អ៊ីស្រាអែល។ ​ការ​និយាយ​ពី​ស្តេច​អ៊ីស្រាអែល​គឺ​ជា​ការ​និយាយ​ពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ និង​ចុង​ក្រោយ​បំផុត​និយាយ​ពី​ព្រះយេស៊ូវ​  ដែល​ជា​អង្គ​យាង​មក​បំពេញ​ទំនួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ជា​ស្តេច​អ៊ីស្រាអែល។ ដូច្នេះ​ សារ​អធិប្បាយ ​(ត្រូវ​តែ​ជា​សារ​ដែល​មក​ពី​អត្ថបទ​ និង​មាន​ការ​ពិចារណា​វិវឌ្ឍន៍​ឆ្ពោះទៅ​ដល់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី) គឺ​ថា ព្រះយេស៊ូវ​ជា​ស្តេច​ ដែល​ព្រះជាម្ចាស់​តាំង​ឡើង​ ​អ្នក​ដែល​ចុះចូល​ចំពោះ​ព្រះវរបិតា​ ដែល​គង់​នៅ​ស្ថានសួគ៌​ និង​មាន​សិទ្ធិ​គ្រប់គ្រង​អស់កល្ប​ជានិច្ច។

រួម​ទាំង​ការ​អនុវត្តន៍​៖

១. យើង​ត្រូវ​ទទួល​ព្រះយេស៊ូវ​ជា​ស្តេច​ ​ព្រះ​អង្គ​សង្គ្រោះ​ ​ចុះចូល​ចំពោះ​ទ្រង់​ និង​សារភាព​ថា ​ទ្រង់​ជា​ព្រះអម្ចាស់ ​(ភីលីព​ ២:៥-១១)។​

២. អរ​ព្រះគុណ​ដល់​ព្រះយេស៊ូវ​ និង​សរសើរ​ទ្រង់​ ដែល​ព្រះអង្គ​ស្តាប់​បង្គាប់​តាម​ព្រះវរបិតា​បាន​យ៉ាង​ឥតខ្ចោះ​ ហើយ​ទ្រង់​គ្រប់គ្រង​យើង​នា​ពេល​បច្ចុប្បន្ន​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top