Ac.20.17-21 Elders 1 pdf download
កិច្ចការ ២០:១៧-២១
The following is an abridged translation of a sermon by John Piper. If you wish to read the original English, go to
http://www.desiringgod.org/sermons/serving-the-lord-with-humility-tears-and-trials
កណ្ឌគម្ពីរកិច្ចការគឺជាការរៀបរាប់យ៉ាងលឿនពីរឿងរីករាយនៃដំណឹងល្អចេញ ទូទាំងចក្រភពរ៉ូម៉ាំង នៅក្នុង រយៈពេល៣០ឆ្នាំដំបូង បន្ទាប់ពីព្រះយេស៊ូវរស់ពីសុគតឡើងវិញ។ ប៉ុន្តែយូរៗម្តង លោកលូកា រៀបរាប់រឿង យ៉ាងយឺតៗដើម្បីអោយយើងស្តាប់សេចក្តីអធិប្បាយម្តង។ ដូច្នេះ គាត់ជំរុញទឹកចិត្តយើងដោយរៀបរាប់ពីដំណឹងល្អចាប់ផ្តើមពីយេរូសាឡិមទៅដល់ស្រុកយូដា ទៅដល់ស្រុកសាម៉ារី និងទៅដល់ចក្រភពរ៉ូមទាំងមូល។ ប៉ុន្តែគាត់ក៏ឈប់ ដើម្បីបង្រៀនយើងពី ប្រភេទគោលលទ្ធិ ការអធិប្បាយ ភាពជាអ្នកដឹកនាំ ដែលគាំទ្រការរីកចម្រើនដ៏អស្ចារ្យនៃនគរព្រះផងដែរ។
ដំណើរបេសកកម្មលើកទីបីរបស់សាវកប៉ុល
នៅក្នុងកិច្ចការ ១៨:២៣ សាវកប៉ុលចាប់ផ្តើមចេញដំណើរពីអាន់ទីយ៉ូកសំរាប់ដំណើរបេសកកម្មលើកទីបីនិងចុងក្រោយរបស់គាត់។ គាត់ធ្វើដំណើរតាមស្រុកកាឡាទីនិងស្រុកព្រីគា (សព្វថ្ងៃជាប្រទេសតួគី) ដើម្បីពង្រឹងពួកសិស្ស ដែលគាត់បានបង្កើតនៅក្នុងដំណើរបេសកកម្មលើកទីមួយរបស់គាត់។
នៅក្នុងកិច្ចការ ១៩:១ គាត់មកដល់អេភេសូរ។ ខ.៨ និយាយថា គាត់បានចំណាយពេលបីខែក្នុងការសួរនាំអំពីនគររបស់ព្រះជាមួយសហគមន៍សាសន៍យូដា។ ប៉ុន្តែ ដោយសារការទាស់ប្រឆាំងយ៉ាងខ្លាំង នោះសាវកប៉ុលបានចាកចេញពីសាលាប្រជុំ ហើយបានអធិប្បាយអស់រយៈពេលពីរឆ្នាំនៅក្នុងសាលាបង្រៀនទីរ៉ានុស។ នៅក្នុងកំឡុងពេលពីរឆ្នាំនេះ មានការអស្ចារ្យផ្សេងៗបានកើតឡើង។
ព្រះបានធ្វើការអស្ចារ្យដូចជាប្រោសមនុស្សអោយជា និងដេញអារក្សតាមរយៈសាវកប៉ុល។ មនុស្សត្រូវបានសង្គ្រោះចេញពីគ្រូមន្តអាគម ហើយបានដុតក្បួនតម្រា ដែលមានតំលៃ៥០០០០ដួង ចោល។ ភាពជោគជ័យរបស់សាវកប៉ុលនៅក្នុងការផ្សាយដំណឹងល្អមានភាពអស្ចារ្យ រហូតដល់ជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ បានភ័យខ្លាចអំពីមុខរបរពួកគេ និងព្រះវិហារព្រះឌីអានអាចត្រូវគេបំផ្លិចបំផ្លាញ។ ដូច្នេះ ពួកគេបានបង្កអោយមានភាពវឹកវរឡើង។ បន្ទាប់មក សាវកប៉ុលចាកចេញពីទីក្រុង បន្ទាប់ពីគាត់បានប្រកាសនិងបង្រៀនព្រះបន្ទូលនៅទីនោះអស់រយៈពេលជាងពីរឆ្នាំ។ (គាត់រាប់វាថាបីឆ្នាំនៅក្នុងកិច្ចការ ២០:៣១)។
គាត់ធ្វើដំណើរបន្តតាមស្រុកម៉ាសេដូន ហើយទៅដល់ក្រិក ប្រហែលចំណាយពេលបីខែក្នុងរដូវរងានៅក្នុងក្រុងកូរិនថូស (២០:៣)។ បន្ទាប់មក គាត់ត្រឡប់មកវិញតាមស្រុកម៉ាសេដូននៅក្នុងនិទាឃរដូវ ឆ្លងទៅ ត្រូអាស ជាកន្លែងដែលគាត់អធិប្បាយពេញមួយយប់ ហើយអ៊ើទីកុសបានគេងលក់ រួចបានធ្លាក់ចុះពីបង្អួច (២០:៩)។ គាត់ធ្វើដំណើរតាមសមុទ្រទៅភាគខាងត្បូង ហើយឆ្លងកាត់អេភេសូរតាមទូក ពីព្រោះគាត់ប្រញាប់ទៅឯយេរូសាឡិមនៅថ្ងៃបុណ្យទី៥០ (២០:១៦)។
ការវិលត្រឡប់មកយេរូសាឡិម ឈប់នៅក្រុងមីលេត
ប៉ុន្តែ គាត់ឈប់នៅឯក្រុងមីលេត ប្រហែល៣២គីឡូម៉ែត្រខាងត្បូងអេភេសូរ ហើយជូនដំណើរពួកចាស់ទុំនៃពួកជំនុំនៅក្នុងអេភេសូរ (ខ.១៧)។ ការនេះជួយអោយយើងយល់ពាក្យសំដីសាវកប៉ុលនៅទីនេះបានត្រឹមត្រូវ។ គាត់កំពុងតែប្រញាប់ទៅឯយេរូសាឡិមនៅថ្ងៃបុណ្យទី៥០។ គាត់នៅក្នុងទូកធ្វើដំណើរនៅឯសមុទ្រ។ គាត់ហាក់ដូចជាមានការទទួលខុសត្រូវលើការនាំផ្លូវធ្វើដំណើរ (២០:១៦ គាត់គឺជាអ្នក សំរេចចិត្តធ្វើដំណើរតាមសមុទ្រកាត់តាមអេភេសូរ) ហើយគាត់បញ្ជាអោយនាយនាវាបើកបរនាវាទៅកំពង់ផែក្រុងមីលេត ដើម្បីបញ្ជូនអ្នកនាំសារម្នាក់ត្រឡប់ទៅអេភេសូរវិញ ដែលមានចម្ងាយជាង៣២គីឡូម៉ែត្រ ហើយរង់ចាំពួកចាស់ទុំពួកជំនុំ ដើម្បីអោយគាត់អាចនិយាយទៅកាន់ពួកគេនូវអ្វី ដែលយើងអាននៅក្នុងកិច្ចការ ២០:១៧-៣៥។
សេចក្តីពិតដែលថា សាវកប៉ុលនឹងប្រឈមនឹងទុក្ខលំបាកយ៉ាងខ្លាំងនេះ ដើម្បីផ្តល់សារនេះដល់ពួកចាស់ទុំពួកជំនុំដោយផ្ទាល់ ហើយសេចក្តីពិតដែលថា លោកលូកានឹងផ្អាកក្នុងរឿងរបស់គាត់ រួចកត់ត្រាពាក្យសំដីសំរាប់យើង ធ្វើអោយពាក្យសំដីទាំងនោះមានភាពអស្ចារ្យយ៉ាងខ្លាំងដល់ខ្ញុំ។ ពាក្យសំដីបានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ ពាក្យសំដីទាំងនោះបង្ហាញយើងយ៉ាងច្រើនអំពីទឹកចិត្តរបស់សាវកប៉ុល ក៏ដូចជាទេវសាស្ត្ររបស់គាត់ និងទស្សនៈរបស់គាត់អំពីភាពជាអ្នកដឹកនាំផងដែរ។ ការបញ្ចប់សារនេះធ្វើអាយគេមានចិត្តតានតឹង នៅពេលគាត់យំជាមួយមិត្តភ័ក្តិទាំងនោះ ហើយថើបពួកគេ ពីព្រោះគាត់នឹងមិនឃើញពួកគេម្តងទៀតទេរហូតបានទៅដល់ស្ថានសួគ៌។
ហេតុអ្វីពាក្យសំដីទាំងនេះសំខាន់ខ្លាំងម្ហេះ?
ចំលើយមួយគឺ អនាគតរបស់ពួកជំនុំអេភេសូរពឹងផ្អែកលើរបៀប ដែលពួកចាស់ទុំរបស់ពួកជំនុំបំរើព្រះអម្ចាស់ ហើយនៅទីនេះលោកប៉ុលនិយាយអំពីការបម្រើរបស់ចាស់ទុំ។ ដូច្នេះ មុនពេលសាវកប៉ុលផ្តល់ការណែនាំ ឬការព្រមានអ្វីមួយនៅក្នុងខ.២៨-៣១ គាត់រំលឹកពួកគេអំពីរបៀប ដែលគាត់បានបំរើព្រះអម្ចាស់នៅក្នុងរយៈពេលបីឆ្នាំជាមួយគ្នា។ នេះគឺជាអ្វី ដែលយើងនឹងសំឡឹងមើលនៅថ្ងៃនេះ។
មានភាពច្បាស់លាស់ចាប់ពីខ.៣៥ថា បំណងសាវកប៉ុលក្នុងការរំលឹកពួកគេអំពីការបម្រើរបស់គាត់ផ្ទាល់គឺដើម្បីបង្រៀនពួកគេអំពីការបម្រើ «ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរអោយខំធ្វើការដូច្នោះ ដើម្បីបានជួយដល់ពួកអ្នកខ្សោយ…» សូមកត់សំគាល់៖ «ខ្ញុំបានបង្ហាញអ្នករាល់គ្នា!» ជីវិតរបស់ខ្ញុំ (លោកប៉ុល)គឺជាមេរៀនអំពីរបៀបដឹកនាំហ្វូងចៀមរបស់ព្រះ។
ដូច្នេះ នៅក្នុង ខ.១៨-២១ លោកប៉ុលបង្រៀនអំពីរបៀបចាស់ទុំត្រូវបំរើព្រះអម្ចាស់សំរាប់ផលប្រយោជន៍របស់ពួកជំនុំ។ នេះគឺជាអ្វី ដែលអ្នកជាចាស់ទុំត្រូវធ្វើ។ ពួកចាស់ទុំពួកជំនុំត្រូវមានលក្ខណៈដូច្នេះ ហើយជាអ្វី ដែលមនុស្សនៅក្នុងពួកជំនុំរបស់យើងត្រូវអធិស្ឋានសំរាប់ពួកអ្នកដឹកនាំរបស់ពួកគេ។ នោះឯងគឺជាអ្វី ដែលអ្នករាល់គ្នាត្រូវត្រាប់តាម ពីព្រោះវាទាក់ទងនឹងអ្នករាល់គ្នា (ហេព្រើរ ១៣:១៧)។
ដូច្នេះចូរមើលលើអ្វី ដែលសាវកប៉ុលនិយាយអំពីព័ន្ធកិច្ចគាត់។ សូមចងចាំថា គាត់ត្រូវតែនិយាយដោយស្មោះត្រង់ (អំពីអ្វីដែលគាត់ធ្វើ) ពីព្រោះពួកចាស់ទុំទាំងនេះគឺជាមនុស្ស ដែលបានមើលគាត់អស់រយៈពេលបីឆ្នាំ។ នេះគឺជាអ្វី ដែលអ្នកគួរតែស្វែងរក៖ តើអ្វីជាសញ្ញានៃចាស់ទុំពួកជំនុំល្អម្នាក់? តើអ្នកដឹកនាំប្រភេទណា ដែលពួកជំនុំត្រូវការ? តាមព្រះគម្ពីរ តើ «បំរើព្រះអម្ចាស់» មានន័យយ៉ាងដូចម្តេច ?
ការបម្រើព្រះជាម្ចាស់
ខ.១៨-១៩ «ឯកិរិយារបស់ខ្ញុំ គ្រប់ពេល គ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃ ដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង គឺដែលខ្ញុំបានបំរើ ព្រះអម្ចាស់…»។
អ្នកដឹកនាំជាអ្នកបំរើក្រោមការគ្រប់គ្រងព្រះអម្ចាស់
ការដំបូង ដែលសាវកប៉ុលចង់និយាយអំពីការងារគាត់គឺគាត់បាននិងកំពុងបំរើព្រះអម្ចាស់។ ការបំរើព្រះអម្ចាស់ហាក់ដូចជាគំនិតធម្មតាមួយ។ ប៉ុន្តែតើមានអ្វីលេចឡើងនៅក្នុងគំនិតរបស់អ្នកនៅពេលអ្នកគិតអំពី «ការបំរើ»? ចិត្តសុភាព ភាពចុះចូល និងការស្តាប់បង្គាប់តាម។
ឥឡូវនេះ នៅពេលអ្នកនិយាយថា «ព្រះអម្ចាស់» តើអ្នកគិតអំពីអ្វី? មិនមែន «លោកម្ចាស់ម្នាក់» ឬ «លោកម្ចាស់របស់ខ្ញុំ» ទេ ប៉ុន្តែ «ព្រះអម្ចាស់!»។ យើងគិតអំពី អំណាច ឫទ្ធានុភាព ព្រះចេស្តា ទ្រង់ជាអ្នកគ្រប់គ្រង ឥទ្ធានុភាព។
ឥឡូវនេះ នៅពេលអ្នកដាក់ពាក្យទាំងនេះបញ្ចូលគ្នា នឹងបង្កើតអោយមានប្រភេទភាពជាអ្នកដឹកនាំមិនធម្មតាមួយ។ លក្ខណៈមួយចំនួននៃភាពជាអ្នកដឹកនាំនេះចេញមកពីសេចក្តីពិតដែលថា ជាដំបូងអ្នកដឹកនាំគឺជាអ្នកបំរើម្នាក់។ ហើយលក្ខណៈមួយចំនួនចេញមកពីសេចក្តីពិតដែលថា គាត់បំរើ «ព្រះអម្ចាស់» ហើយនៅពេលព្រះអម្ចាស់មានបន្ទូលប្រាប់គាត់អោយនិយាយអ្វី ឬធ្វើអ្វី នោះគាត់និយាយនិងធ្វើយ៉ាងនោះដោយមានទំនុកចិត្តនិងអំណាចដ៏អស្ចារ្យ។ ឥឡូវនេះ តើអ្នកអាចដាក់សេចក្តីពិតទាំងពីរនេះជាមួយគ្នាដែរឬទេ? តើអ្នកអាចមើលឃើញលក្ខណៈ ដែលគួរតែមាននៅក្នុងពួកចាស់ទុំពួកជំនុំដែរឬទេ?
តើលោកប៉ុលបង្រៀនអ្វីអំពីការបម្រើរបស់ចាស់ទុំ?
បើសិនគ្មានជំនួយពីព្រះគម្ពីរ នោះខ្ញុំពិតជាមិនទុកចិត្តថា ខ្ញុំមានសមត្ថភាពឆ្លើយសំនួរនោះបានទេ។ នេះគឺជាមូលហេតុ ដែលខ្ញុំមានទំនុកចិត្តតិចតួចមែនទែនលើមនុស្ស ដែលអះអាងថា ខ្លួនកំពុងនិយាយតាមព្រះគម្ពីរ នៅពេលពួកគេរើសយកផ្ទៃរឿងក្នុងព្រះគម្ពីរ (ដូចជា «យុត្តិធម៌» ឬ «សន្តិភាព» ឬ «ភាពជាអ្នកបំរើ» ឬ «ភាពស្មើភាពគ្នា») ហើយពួកគេបិទព្រះគម្ពីរ និងចាប់ផ្តើមនិយាយអំពីផ្ទៃរឿងតាមអ្វី ដែលពួកគេចង់និយាយ ហើយពួកគេគិតថា មានអំណាចរបស់ព្រះគម្ពីរគាំទ្រអ្វីដែលគេបង្រៀន។
អ្វីទាំងអស់ ដែលមានបន្ទាប់ពីខ.១៨ដល់២១ គឺជាប្រយោគមួយនៅក្នុងភាសាដើម។ វាគឺជារបៀប ដែលសាវកប៉ុលបានពន្យល់អំពីរបៀប ដែលគាត់បានបំរើព្រះអម្ចាស់។ ការពិត នៅទីនេះយ៉ាងហោចណាស់មានលើកឡើងអំពីលក្ខណៈនៃការបំរើព្រះអម្ចាស់ចំនួនដប់បី។ វាមិនល្អទេបើសិនយើងគ្រាន់តែនិយាយថា «ពួកចាស់ទុំគួរតែបំរើព្រះអម្ចាស់» បន្ទាប់មកបិទព្រះគម្ពីររបស់យើង ហើយប្រឹក្សាគ្នាអំពីរបៀបយើងអនុវត្តតាមសេចក្ដីពិតនេះនៅក្នុងជីវិតរបស់យើង។
លក្ខណៈនៃការបំរើព្រះអម្ចាស់
១. ចិត្តសុភាព
ខ.១៩ក៖ ការបំរើព្រះអម្ចាស់មានន័យថា ចិត្តសុភាព។ «បំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក [ការបន្ទាបខ្លួន]។»
សេចក្តីទីមួយ ដែលសាវកប៉ុលត្រូវនិយាយនោះគឺថា ការធ្វើជាអ្នកបំរើរបស់ព្រះអម្ចាស់មានន័យថា ការបន្ទាបខ្លួន និងសុភាព។ ចិត្តសុភាព ឬការបន្ទាបខ្លួនគឺជាអារម្មណ៍មួយចំពោះព្រះថា ទ្រង់មានសិទ្ធិពេញលេញលើជីវិតរបស់អ្នក ហើយថា ទ្រង់អាចប្រព្រឹត្តនឹងអ្នកតាមដែលទ្រង់សព្វព្រះទ័យ ហើយថា ទ្រង់មានអំណាចពេញលេញក្នុងការប្រាប់អ្នកអំពីអ្វី ដែលប្រសើរបំផុតសំរាប់អ្នក។ ចិត្តសុភាព ឬការបន្ទាបខ្លួនគឺជាចិត្តដែលប្រគល់ខ្លួន និងចុះចូលចំពោះព្រះអម្ចាស់ជាចៅហ្វាយរបស់ខ្លួន។ យើងជាដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។
ទីពីរ ចិត្តសុភាពមានន័យថា យើងមានអាកប្បកិរិយាជំពាក់គុណចំពោះមនុស្សទាំងអស់ ដោយសារ ព្រះគុណដែលព្រះអង្គបានប្រទានអោយយើង។ អាកប្បកិរិយានេះផ្ទុយនឹងអាកប្បកិរិយាដែលថា គ្រប់គ្នាជំពាក់ខ្ញុំ។ ការពិត ប្រហែលជាឥឡូវនេះមានមនុស្សម្នាក់ ដែលជំពាក់អ្វីមួយដល់អ្នក។ ប៉ុន្តែកាលណាអ្នកគិតតែអំពីអ្វី ដែលអ្នកដទៃជំពាក់អ្នក ជាជងអំពីអ្វី ដែលអ្នកជំពាក់ពួកគេនៅក្នុងសេចក្តីស្រឡាញ់និងការបំរើ នោះអ្នកកាន់តែមានចិត្តសុភាពបន្តិចបន្តួចទៅៗ។
ចិត្តសុភាពនិយាយថា ខ្ញុំជាកូនបំណុលរបស់អ្នកប្រាជ្ញ អ្នកល្ងង់ មិត្តភ័ក្តិ និងសត្រូវ។ នៅពេលយើងបន្ទាបខ្លួន នោះយើងមិនគិតអំពីសិទ្ធិរបស់យើងទេ។ យើងធ្វើអោយខ្លួនយើងនៅទទេ រួចយកទម្រង់ជាអ្នក បំរើម្នាក់ ហើយស្តាប់បង្គាប់ដល់ទីមរណៈ។
ដូច្នេះ សេចក្តីទីមួយ ក្នុងការបំរើព្រះអម្ចាស់មានន័យគឺ ចិត្តសុភាព។
២. ដោយស្រក់ទឹកភ្នែក
ខ.១៩ «ខ្ញុំបានបំរើ ព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន»។
ទឹកភ្នែក អាចមកពីការឈឺចាប់ខាងរាងកាយ ឬឈឺចិត្ត ឬពីការខកចិត្ត និងការធ្លាក់ទឹកចិត្ដ ឬពីក្ដីប្រាថ្នាដ៏ខ្លាំងក្លាមួយ ឬពីក្ដីអំណរដ៏លើសលប់។ ខ្ញុំមិនដឹងថា សាវកប៉ុលចង់សំដៅមួយណានៅទីនេះទេ។ នៅក្នុងខ.៣១ គាត់និយាយថា «ខ្ញុំចេះតែប្រដៅអ្នករាល់គ្នា ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ»។ ដូច្នេះ នៅក្នុង ករណីនោះ ទឹកភ្នែករបស់គាត់គឺជាទឹកភ្នែកនៃក្ដីប្រាថ្នាយ៉ាងខ្លាំងសំរាប់សេចក្ដីជំនឿនិងភាពបរិសុទ្ធ របស់ពួកគេ។
ប៉ុន្តែនៅក្នុងខ.១៩ គាត់មិននិយាយអំពីមូលហេតុ ដែលគាត់បានយំជាញឹកញាប់ឡើយ។ ដូច្នេះ តើយើងគួរតែរៀនបានអ្វី? បើសិនទឹកភ្នែកទាំងនេះគឺជាភាពកម្សោយខាងអារម្មណ៍របស់សាវកប៉ុល នោះពួកមិនសូវមានអត្ថន័យប៉ុន្មានទេ។ គាត់មិនគួរនិយាយអំពីទឹកភ្នែករបស់គាត់ទេ។ ទេ ខ្ញុំគិតថា អ្វីដែលយើងគួរតែរៀនបានគឺថា ការបំរើព្រះអម្ចាស់មានន័យថា ការទាក់ទងយ៉ាងខ្លាំងជាមួយទុក្ខលំបាករបស់មនុស្ស ដែលអ្នកយំ សំរាប់ពួកគេ។
រវាងពេលវេលា ដែលខ្ញុំបានចាកចេញពីផ្ទះឪពុកម្ដាយ ពេលខ្ញុំនៅជាក្មេងជំទង់ក្នុងឆ្នាំ១៩៤៦និងពេលវេលា ដែលខ្ញុំបានក្លាយជាចាស់ទុំ ដែលបង្រៀន ជាគ្រូគង្វាលនៃពួកជំនុំនេះក្នុងឆ្នាំ១៩៨០ ខ្ញុំគិតថា ខ្ញុំអាចបានរាប់នៅក្នុងដៃមួយនូវចំនួនពេលវេលា ដែលខ្ញុំបានយំ (នៅក្នុងរយៈពេល១៦ឆ្នាំ!)។ ប៉ុន្តែចាប់តាំងពីខ្ញុំបានក្លាយជាអ្នកគង្វាលម្នាក់នៃហ្វូងចៀមនេះ ខ្ញុំយំច្រើនជាងមុន។
ដូច្នេះ អត្ថបទនេះផ្តល់អោយខ្ញុំនូវសេចក្តីកំសាន្តចិត្តដ៏ធំមួយ។ នៅក្នុងខ.៣១ គាត់និយាយថា គាត់បានប្រដៅដោយទឹកភ្នែកទាំងយប់ទាំងថ្ងៃ! ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងធ្វើដូច្នេះដែរ។
ដូច្នេះ សញ្ញាទីពីរនៃការបំរើគឺ៖ ការបំរើព្រះអម្ចាស់ក្នុងនាមជាចាស់ទុំម្នាក់នៅក្នុងពួកជំនុំរបស់ព្រះនឹងមានន័យថា ស្រក់ទឹកភ្នែក ពីព្រោះវានឹងមានន័យថា ការពាក់ព័ន្ធនៅក្នុងការតស៊ូរបស់មនុស្សសំរាប់ជំនឿ សេចក្តីសង្ឃឹម សេចក្តីពិត និងភាពបរិសុទ្ធ។
៣. សេចក្តីល្បង
ខ.១៩ «ខ្ញុំបានបំរើ ព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹក ភ្នែកជាច្រើនទាំងត្រូវសេចក្តីល្បង (លំបាក) ដោយកិច្ចកលរបស់ ពួកសាសន៍យូដា»។
ហេតុអ្វីពេលនេះសាវកប៉ុលរំលឹកពួកចាស់ទុំអំពីសេចក្តីល្បង(លំបាក)ទាំងនេះ ដែលគាត់បានឆ្លងកាត់? ចំលើយគឺថា ពួកគេនឹងឆ្លងកាត់សេចក្តីល្បង (លំបាក)ដែរ។ ចូរពិចារណាអំពីចំណុចនេះ៖ នៅក្នុង១កូរិនថូស ១៥:៣២ សាវកប៉ុលបាននិយាយថា «បើសិនខ្ញុំបានតយុទ្ធនឹងសត្វព្រៃនៅក្រុងអេភេសូរ តាមរបៀបជាមនុស្ស។» តើគាត់បានចង់មានន័យយ៉ាងដូចម្តេច? សូមប្រៀបធៀបជាមួយកិច្ចការ ២០:២៩ នៅពេលគាត់បាននិយាយថា «ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលអធិប្បាយសេចក្តីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ ដូច្នេះ អោយចាំយាមចុះ…»។
សាវកប៉ុលបាននិយាយថា គាត់បានតយុទ្ធជាមួយសត្វព្រៃនៅក្រុងអេភេសូរ ហើយគាត់និយាយថា ពួកចាស់ទុំនៅក្នុងក្រុងអេភេសូរនឹងត្រូវតយុទ្ធជាមួយឆ្កែព្រៃដ៏សាហាវ។ មានគំនិតតែមួយនៅក្នុងករណីទាំងពីរនេះ ហើយជាគំនិតដូចគ្នា ដែលព្រះយេស៊ូវ បង្រៀន នៅពេលទ្រង់បានមានបន្ទូលថា «នែ ខ្ញុំចាត់អ្នករាល់គ្នាអោយទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន» (ម៉ាថាយ ១០:១៦)។ មានមនុស្ស ដែលនៅពេលពួកគេស្តាប់លឺការអះអាង របស់ព្រះយេស៊ូវគ្រីស្ទ គេត្រឡប់ជាខឹងសម្បារដូចជាសត្វ។
ហើយអ្វីគួរអោយសោកស្តាយគឺថា នៅក្នុងកិច្ចការ ២០:២៩ សាវកប៉ុលនិយាយថា ឆ្កែព្រៃទាំងនេះនឹងចេញមកពីចំណោមចំនួនរបស់ពួកគេផ្ទាល់! និយាយតាមពាក្យផ្សេងគឺថា ពួកចាស់ទុំមួយចំនួននៅក្នុងពួកជំនុំក្រុងអេភេសូរនឹងត្រឡប់ជាខ្មាំងសត្រូវជាមួយសេចក្តីពិត និងសេចក្តីសុចរិត។ ពួកគេនឹងអធិប្បាយសេចក្តីទំនាស់ខុសអំពីព្រះរាជសារ និងជីវិតរបស់ពួកចាស់ទុំដទៃទៀត។ ពួកគេអាចបង្កើតគម្រោងការក្បត់នឹងគ្នាឯង ដូចជាញាតិសន្តានរបស់សាវកប៉ុលបានបង្កើតគម្រោងការក្បត់ចំពោះគាត់ផងដែរ (២០:៣; ១៩:៩)។ ហើយសាវកប៉ុលនិយាយថា នេះគឺជាសេចក្តីល្បង(លំបាក) ដ៏ធំមួយ។
ដូច្នេះ យើងបានមើលឃើញថា ការបំរើព្រះអម្ចាស់មានន័យ សំដៅលើ កិច្ចការបីយ៉ាង។ វាមានន័យថា ដោយចិត្តសុភាព ដោយស្រក់ទឹកភ្នែក និងសេចក្តីល្បង (លំបាក) ។ ហើយខ្ញុំចង់ហៅអ្នកអោយបំរើព្រះអម្ចាស់នៅក្នុងរបៀបទាំងនេះ។
- ដោយចិត្តសុភាព៖ ចូរចុះចូលចំពោះព្រះអម្ចាស់ទាំងស្រុង។ ចូរចុះចូលចំពោះសិទ្ធិដាច់ខាតរបស់ទ្រង់ក្នុងការគ្រប់គ្រងជីវិតរបស់អ្នក។ ចូរមានចិត្តធ្វើជាដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។ ហើយចូរធ្វើជាអ្នកជំពាក់ដល់មនុស្សទាំងអស់។ កុំគិតតែពីអ្វី ដែលគេជំពាក់អ្នក។ ចូរគិតអំពីព្រះគុណរបស់ព្រះ ដែលធ្វើអោយអ្នកជាអ្នកជំពាក់ដល់មនុស្សទាំងអស់។
- ដោយទឹកភ្នែក៖ បើសិនអ្នកកំពុងស្រក់ទឹកភ្នែក ចូរអោយមានការកំសាន្តចិត្តចុះ ពីព្រោះសាវកប៉ុលបានស្រក់ទឹកភ្នែកផងដែរ។ បើសិនអ្នកមិនស្រក់ទឹកភ្នែកទេ នោះប្រហែលអ្នកអធិស្ឋានអោយព្រះជួយអ្នកអោយមើលឃើញអំពីសារៈសំខាន់នៃការតយុទ្ធសំរាប់ជំនឿនិងសេចក្តីសង្ឃឹម និងសេចក្តី បរិសុទ្ធ។
- សេចក្តីល្បង (លំបាក)៖ បើសិនអ្នកមានសេចក្តីល្បង (លំបាក) នោះចូរស្តាប់ពាក្យរបស់សាវក យ៉ាកុបថា «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះ ត្រូវរាប់ជាសេចក្តី អំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំ បង្កើតអោយមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកអោយសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការអោយសំរេចពេញលេញចុះ ដើម្បីអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ» (យ៉ាកុប ១:២-៤)។
៤. ភាពក្លាហាន
ខ.២០៖ ការបំរើព្រះអម្ចាស់មានន័យថា ភាពក្លាហាន។ «ខ្ញុំមិនបានខាននឹង…»។
សូមមើលកិច្ចការ ២០:២៧ (មិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ) កាឡាទី ២:១២ (ពេត្រុសដកខ្លួនថយមិនបរិភោគជាមួយពួកសាសន៍ដទៃ ដោយកោតខ្លាច) ហេព្រើរ ១០:៣៨..(ថយពីជីវិតតស៊ូសំរាប់ជំនឿនិងការស្តាប់បង្គាប់)។
ចាស់ទុំល្អមិនសំរេចចិត្តបង្រៀនអ្វី ដែលមានប្រជាប្រិយភាព ឬមនុស្សងាយស្រួលទទួលយកនោះទេ។ បើសិនមានផ្នែកនៃព្រះបន្ទូលដែលមនុស្សគិតថាពិបាកទទួល នោះចាស់ទុំគួរតែបង្រៀនព្រះបន្ទូល ពីព្រោះវាមានប្រយោជន៍។ ចាស់ទុំដ៏ស្មោះត្រង់មិនបានខាននឹងប្រាប់ព្រះបន្ទូលនោះទេ។ ការនេះត្រូវការភាពក្លាហាន។
វាក៏ត្រូវការ ការសិក្សា និងគំនិតផងដែរ។ សូមមើលទីតុស ១:៩ ដែលពួកចាស់ទុំត្រូវ «ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បី [អ្នក] ឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង។» បើសិនអ្វីមួយ ដែលអាចអោយជំទាស់គ្នាបាន នោះពួកចាស់ទុំត្រូវតែ សិក្សា ហើយមានសមត្ថភាពផ្តល់ចំលើយសមហេតុផលដែលយោងតាមព្រះគម្ពីរ ។
៥. ការប្រាប់សេចក្តី (ការប្រកាស)
ខ.២០៖ ពេលខ្លះការបំរើព្រះអម្ចាស់មានន័យថា ការប្រាប់សេចក្តី។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តី…ដល់អ្នករាល់គ្នា»។
ការប្រាប់សេចក្តីមានន័យខុសពី «បង្រៀន» ។ ការប្រាប់សេចក្តីមិនសង្កត់ធ្ងន់ទៅលើការពន្យល់អំពីអត្ថន័យនៃអត្ថបទគម្ពីរទេ តែមានការសង្កត់ធ្ងន់លើការនាំដំណឹង ឬការប្រកាសអ្វីមួយសំខាន់ ឬការនាំដំណឹងអំពីព្រឹត្តិការណ៍នឹងមកដល់ ឬការប្រកាសអំពីជ័យជំនះ។
មានភាពខុសគ្នាមួយរវាងការពន្យល់អំពីរបៀបលេងបាល់ទាត់និងការនាំដំណឹងថា ប្រទេសអាឡឺម៉ង់ឈ្នះប្រទេសប្រេស៊ីល។ មានភាពខុសគ្នាមួយរវាងអ្វី ដែលអ្នកប្រកាសធ្វើក្នុងកំឡុងពេលប្រកួត និងអ្វី ដែលកើតឡើងនៅពាក់កណ្តាលទី នៅពេលអ្នកវិភាគពន្យល់ដោយមានដ្យាក្រាម។
យើងត្រូវការទាំងការប្រាប់សេចក្តី និងការបង្រៀន ពីព្រោះសេចក្តីពិតរបស់គ្រីស្ទបរិស័ទមិនគ្រាន់តែជាចំណេះដឹង ដែលយើងត្រូវវិភាគ និងយល់ប៉ុណ្ណោះ ប៉ុន្តែលើសពីនេះទៅទៀត យើងគួរតែគាប់ចិត្ដនឹងសេចក្តីពិតរបស់គ្រីស្ទបរិស័ទ។ យើងត្រូវការស្តាប់លឺការប្រកាសអំពីសេចក្តីពិតរបស់ព្រះគម្ពីរ ដែលនាំអោយយើងមានអារម្មណ៍សប្បាយរីករាយនឹងសេចក្តីពិតនោះ។ យោងតាមការយល់របស់ខ្ញុំអំពីពាក្យទាំងពីរ នេះគឺជាភាពខុសគ្នារវាងការប្រកាស និងការបង្រៀន។
មិនមែនពួកចាស់ទុំទាំងអស់ត្រូវការធ្វើជាអ្នកប្រាប់សេចក្តីល្អ ឬអ្នកអធិប្បាយល្អនោះទេ។ ប៉ុន្តែទាំងអស់គ្នាគួរតែមានទឹកចិត្តប្រកាសអំពីដំណឹងល្អនៅពេលមានឱកាសល្អ ហើយគួរតែសប្បាយចិត្តនៅពេលមនុស្សប្រកាសដំណឹងល្អ។
៦. ការរស់នៅសំរាប់អ្វី ដែលមានប្រយោជន៍ដល់ពួកជំនុំ
ខ.២០៖ ការបំរើព្រះអម្ចាស់មានន័យថា ការរស់នៅសំរាប់អ្វី ដែលជួយដល់ពួកជំនុំ។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នា…»។
«ចាស់ទុំដែលប្រកាស» ល្អម្នាក់ មិនគ្រាន់តែអធិប្បាយអំពីអ្វីដែលគាត់មើលឃើញថាស្រួលប៉ុណ្ណោះទេ ប៉ុន្តែគាត់សួរថា តើអ្វីនឹងមានប្រយោជន៍ដល់ពួកជំនុំ? ហើយគាត់ត្រូវតែដឹងអំពីអ្វី ដែលមានប្រយោជន៍។ តើវាជាតំលៃខ្លួនឬ? តើវាជាប្រាក់កាសឬ? តើវាធ្វើអោយបញ្ញាចិត្តស្ងប់ស្ងាត់ឬ? ហោរាយេរេមា បាននិយាយទាស់ប្រឆាំងនឹងពួកហោរា និងពួកសង្ឃ ដែលថា «បានមើលរបួសរបស់រាស្ត្រអញ អោយសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថា សុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ» (៦:១៤; ៨:១១)។
គោលដៅរបស់យើងគឺត្រូវផ្តល់សេចក្តីបង្រៀន ដែលមានប្រយោជន៍អស់កល្បជានិច្ច មិនមែនជាសេចក្តីខុសនិងការកំសាន្តបណ្ដោះអាសន្នឡើយ។ ពួកចាស់ទុំស្មោះត្រង់គួរតែបន្តសួរសំនួរនេះថា «តើអ្វីនឹងធ្វើអោយមនុស្សបានល្អអស់កល្បជានិច្ច?»
៧. សមត្ថភាពបង្រៀន
ខ.២០៖ ការបំរើព្រះអម្ចាស់មានន័យថា ការបង្រៀន។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នា…»។
នៅក្នុងបញ្ជីលក្ខណៈសម្បត្តិសំរាប់ពួកចាស់ទុំនៅក្នុង១ធីម៉ូថេ ៣:២ និយាយថា គាត់គួរតែ «ចេះបង្រៀន»។ គាត់គួរតែមានអំណោយខាងការបង្រៀន។ មូលហេតុគាត់ត្រូវមានអំណោយនេះគឺថា ពួកចាស់ទុំទទួលខុសត្រូវចំពោះការការពារគោលលទ្ធិរបស់ហ្វូងចៀម ថែរក្សា ការពារ និងស្អាងគោលលទ្ធិពិតប្រាកដនៅក្នុងមនុស្ស។ នៅក្នុងទីតុស ១:៩ និយាយថា ពួកចាស់ទុំត្រូវតែ «ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីអោយមានសមត្ថភាពដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង»។
ការបង្រៀនខុសពី «ការប្រកាស» ពីព្រោះការបង្រៀនពន្យល់ផ្នែកនៃព្រះគម្ពីរ។ ការបង្រៀនផ្ដោតលើការធ្វើអោយអត្ថន័យនៃអត្ថបទមានភាពច្បាស់លាស់។ នេហេមា ៨:៨ ថា «ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះ។»
ការបង្រៀនល្អនិងការប្រកាសល្អជាទូទៅនឹងមានគ្នាទៅវិញទៅមកខ្លះ។
ការបង្រៀនដ៏ល្អនៅក្នុងពួកជំនុំនឹងនាំអោយមានពួកជំនុំរឹងមាំ។ ព្រះសព្វព្រះទ័យអោយមានពួកគ្រូបង្រៀនដែលជាគ្រូគង្វាលនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ (អេភេសូរ ៤:១១)។ លោកប៉ុលបានបង្រៀនពួកសិស្ស ហើយបានប្រកាសទៅកាន់ពួកអ្នកមកថ្មីអស់រយៈពេលពីរឆ្នាំ ឬយូរជាងនេះ។
៨. ព័ន្ធកិច្ចសាធារណៈមួយ
ខ.២០៖ ការបំរើព្រះអម្ចាស់មានន័យថា ព័ន្ធកិច្ចសាធារណៈមួយ។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំវិញ (តាមទីសាធារណៈ)…»។
ដូច្នេះ សាវកប៉ុលសង្កត់ធ្ងន់ថា ការបម្រើរបស់គាត់ទៅកាន់ពួកសិស្សនិងពួកចាស់ទុំមិនមានភាពឯកជនសំងាត់អ្វីទាំងអស់។ ជាញឹកញាប់ ការបម្រើរបស់គាត់បើកចំហដល់គ្រប់មនុស្សទាំងអស់។ គ្រប់គ្នាអាចចូលទៅបានដោយសេរី ដែលប្រហែលចង់សំដៅទៅលើពេលគាត់បង្រៀននៅសាលាបង្រៀនរបស់ទីរ៉ានុស (កិច្ចការ ១៩:៩)។
គំនិតនោះអាចថា សេចក្តីពិតរបស់គ្រីស្ទបរិស័ទគឺជាសេចក្តីពិតជាសាធារណៈ គឺវាគ្មានអ្វីត្រូវខ្មាស ឬអ្វីត្រូវលាក់បាំងឡើយ។
ពួកចាស់ទុំទាំងអស់គួរតែបំពេញការបម្រើរបស់ខ្លួននៅក្នុងរបៀបនេះផងដែរ គឺគ្មានការបង្រៀនណាមួយ ដែលត្រូវគេរក្សាជាសំងាត់ឡើយ។
៩. ព័ន្ធកិច្ចផ្ទាល់ខ្លួន
ខ.២០៖ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំវិញ ពីផ្ទះ១ទៅផ្ទះ១ផង…»។
សាវកប៉ុលមិនស្កប់ចិត្ត ដែលតែងតែប្រកាសនិងបង្រៀនទៅកាន់មនុស្សមួយហ្វូងធំក្នុងទីសាធារណៈទេ។ គាត់ពិតជាបានបែងចែកពួកជំនុំជាក្រុមៗតាមផ្ទះ ហើយបានទៅឯក្រុមទាំងនោះ។ ឬវាអាចមានន័យថា គាត់បានទៅសួរសុខទុក្ខគ្រួសារ។
គាត់បានបង្រៀនព្រះបន្ទូលក្នុងរយៈពេលខ្លីៗពីផ្ទះ១ទៅផ្ទះ១ ដែលជាឱកាសកាត់អាចអនុវត្តព្រះបន្ទូលតាមកាលៈទេសៈនៃសមាជិកនានានៃពួកជំនុំ។
ចូរប្រៀបធៀបជាមួយកិច្ចការ ៥:៤២ ឃ្លាដូចគ្នា៖ ពួកសាវក «ចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។»
ការនេះតម្រូវអោយពួកចាស់ទុំមិនគ្រាន់តែមានអំណោយទានធ្វើជាពួកគ្រូបង្រៀនប៉ុណ្ណោះ តែក៏មានអំណោយទានមានសមត្ថភាពពន្យល់និងអនុវត្តព្រះបន្ទូលព្រះដោយផ្ទាល់ខ្លួន។
១០. កំឡាំងខាងវិញ្ញាណ បម្រើអស់ពីចិត្ដដោយព្រះវិញ្ញាណបរិសុទ្ធជួយ
ខ.២១៖ការបំរើព្រះអម្ចាស់មានន័យថា បម្រើអស់ពីចិត្ដ។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំ ហើយពីផ្ទះ១ទៅផ្ទះ១ផង (ខ.២១) ក៏ធ្វើបន្ទាល់…»។
ពាក្យភាសាក្រិក diamarturomenos ពេលខ្លះមានន័យថា ធ្វើសាក្សី (ធ្វើបន្ទាល់) នៅក្នុងន័យស្បថនៅក្នុងតុលាការ ហើយធ្វើសាក្សីអំពីអ្វី ដែលអ្នកដឹងអំពីហេតុការណ៍។ ប៉ុន្តែនៅទីនេះមានន័យថា ព្រមាន ឬប្រាប់យ៉ាងឧឡារិក ។ ដូច្នេះ ពាក្យដែលលោកប៉ុលប្រើនៅទីនេះនិងនៅក្នុងខ.២៤មានន័យថា គាត់បានប្រកាសអស់ពីចិត្ដដល់មនុស្សដើម្បីដាស់តឿនគេនិងជំរុញគេអោយជឿនិងប្រែចិត្ត។
ភាពអស់ពីចិត្ត និងភាពប្រាកដប្រជា និងកំឡាំងខាងវិញ្ញាណមានភាពចាំបាច់បំផុតនៅក្នុងការដឹកនាំពួកជំនុំ។ វាគឺភាពផ្ទុយគ្នាទៅនឹងភាពធ្វេសប្រហែស។ ពួកចាស់ទុំត្រូវអនុវត្តភាពអស្ចារ្យនៃការងារអស់កល្បជានិច្ច ដែលពួកគេកំពុងដោះស្រាយនៅក្នុងព្រះបន្ទូលរបស់ព្រះនិងសេចក្តីអធិស្ឋាននិងព្រលឹងរបស់មនុស្ស។
១១. ភាពមិនលំអៀង
ខ.២១៖ ការបំរើព្រះអម្ចាស់មានន័យថា បម្រើដោយមិនលំអៀង។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំ ហើយពីផ្ទះ១ទៅផ្ទះ១ផង (ខ.២១) ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា និងពួកសាសន៍ក្រេកផង…»។
ពួកចាស់ទុំមិនគួរមានភាពលំអៀងទៅលើមនុស្សក្រុមមួយជាងមនុស្សមួយក្រុមទៀតទេ ពីព្រោះគាត់នឹងមើលងាយមនុស្សក្រុមណាមួយមិនខាន។ ពួកជំនុំអាចចាត់តាំងចាស់ទុំម្នាក់អោយយកចិត្តទុកដាក់ពិសេសចំពោះយុវជន ឬពួកមនុស្សចាស់ ឬក្រុមគ្រួសារ ឬពួកមនុស្សនៅលីវបាន។ ទំនួលខុសត្រូវ ដែលមានការតែងតាំងដោយចំហនេះនឹងមិនមានភាពលំអៀងឡើយ។
ប៉ុន្តែចាស់ទុំម្នាក់ ដែលព្រងើយកន្តើយនិងមើលងាយក្រុមមួយនៅក្នុងពួកជំនុំ ដោយព្រោះគាត់មិនចូលចិត្តពួកគេគឺផ្ទុយនឹងគំរូរបស់សាវកប៉ុលនៅទីនេះហើយ។ ចាស់ទុំនានាគួរតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពខាងវិញ្ញាណរបស់មនុស្សទាំងអស់នៅក្នុងពួកជំនុំ។
១២. ទទូចមនុស្សអោយប្រែចិត្តចំពោះព្រះ
ការបំរើព្រះអម្ចាស់មានន័យថា ទទូចមនុស្សអោយប្រែចិត្តចំពោះព្រះ។
សូមមើលចំនុច១៣។
១៣. ទទូចមនុស្សអោយជឿលើព្រះយេស៊ូវ
ខ.២១៖ ការបំរើព្រះអម្ចាស់មានន័យថា ទទូចមនុស្សអោយជឿលើព្រះយេស៊ូវ។ «ខ្ញុំមិនបានខាននឹងប្រាប់សេចក្តីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង (ខ.២១) ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា និងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្តីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា»។
ទីបំផុត យើងទទួលបានខ្លឹមសារនៃអ្វី ដែលសាវកប៉ុលបានប្រកាស និងបង្រៀន និងធ្វើបន្ទាល់ គឺការប្រែចិត្តមកឯព្រះ និងជំនឿនៅក្នុងព្រះយេស៊ូវ។
មនុស្សចាំបាច់ត្រូវប្រែចិត្តនិងជឿ ដើម្បីទទួលសេចក្ដីសង្គ្រោះ
ទាំងពីរចាំបាច់សំរាប់សេចក្តីសង្គ្រោះ
ការប្រែចិត្ត
(កិច្ចការ ៣:១៩; ៥:៣១; ៨:២២; ១១:១៨; ១៧:៣០; ២៦:១៧-២០)
សេចក្តីជំនឿ
ចូរកត់សំគាល់អំពីស្ពានទៅកាន់ជំនឿពីការប្រែចិត្តនៅក្នុង ២៦:១៨!
(កិច្ចការ ១៤:២៧; (ប្រៀបធៀប ១១:១៨); ១៥:៩; ២៤:២៤-២៥)
Leave a Reply