ចោទិយកថា ១២ ការថ្វាយបង្គំ Dt. 12 Worship

Dt. 12 Worship pdf download

កន្លែង​ថ្វាយ​បង្គំ​

(ការ​ថ្វាយបង្គំ​ដែល​ផ្គាប់​ព្រះទ័យ​ទ្រង់)

ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ចោទិយកថា​ ១២

អ្នក​និពន្ធ៖​ រុហ្វ លេភិឡារ

កាលៈទេសៈ​ប្រវត្តិសាស្ត្រ​

ជន​ជាតិ​អ៊ីស្រាអែល​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ចេញ​ពី​អេស៊ីព្ទ​ ហើយ​ការ​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន​រយៈ​ពេល​៤០​ឆ្នាំ​ក៏​បាន​បញ្ចប់​ដែរ។ ពួក​គេ​ស្ថិត​នៅ​ភាគ​ខាង​កើត​យ័រដាន់ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។  កណ្ឌ​ចោទិយកថា​កត់​ត្រា​អំពី​សេចក្ដី​អធិប្បាយ​បី​របស់​ម៉ូសេ​ទៅ​កាន់​បណ្តាជន​អ៊ីស្រាអែល ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​កាន់​តាម​ក្រិត្យវិន័យ។

សារ​នៃ​អត្ថបទ​

​អ៊ីស្រាអែល​នឹង​ជួប​ប្រទះ​សាសនា​របស់​ប្រជាជន​រស់​នៅ​ទីនោះ​ នៅ​លើ​ទឹក​ដី​កាណាន​ដែល​ពួក​គេ​នឹង​ចូល​ទៅ។ ពួក​គេ​នឹង​ឃើញ​ព្រះ​ក្លែងក្លាយ​ដែល​អ្នក​ស្រុក​កាណាន​ថ្វាយបង្គំ​  ​ហើយ​នឹង​ឃើញ​ពី​របៀប​ពួក​គេ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ទាំង​នោះ។ ​សំណួរ​ធំ​មួយ​សំរាប់​ប្រជាជន​អ៊ីស្រាអែល​គឺ​ «តើ​យើង​ត្រូវ​ថ្វាយបង្គំ​ព្រះជាម្ចាស់​យ៉ាង​ដូចម្តេច​?»  តើ​យើង​អាច​យក​វិធី​ខ្លះ​ពី​ពួកគេ​មក​ប្រើ​បាន​ដែរ​ទេ​?  តើ​យើង​អាច​ថ្វាយបង្គំ​ព្រះជាម្ចាស់​តាម​មធ្យោបាយ​ ដែល​អ្នក​ស្រុក​កាណាន​ថ្វាយបង្គំ​ព្រះ​របស់​ពួក​គេ​មក​ប្រើ​បាន​ដែរ​ទេ​?

​យោង​តាម​អត្ថបទ​នេះ​  ​ចម្លើយ​ពិត​ជា​ឆ្លើយ​ថា​ ទេ។ ពេល​ខ្លះ​មនុស្ស​ចាប់​មិន​បាន​អត្ថន័យ​ចេញ​ពី​អត្ថបទ​នេះ​សំរាប់​អ៊ីស្រាអែល​ទេ​ ហើយ​គេ​គ្រាន់​តែ​ឆ្លើយ​ថា ​អ៊ីស្រាអែល​មិន​ត្រូវ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​របស់​ស្រុក​កាណាន​ឡើយ​  ប៉ុន្តែ​អត្ថបទ​នេះ​និយាយ​ច្រើន​ជាង​នេះ​ទៅ​ទៀត​គឺ​  អ៊ីស្រាអែល​មិន​អាច​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា​ដ៏​ពិត​តាម​មធ្យោបាយ​ ដែល​អ្នក​ស្រុក​កាណាន​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ទាំង​នោះ​ទេ។ អត្ថបទ​នេះ​បាន​ប្រាប់​រួច​ហើយ​ថា​ ព្រះជាម្ចាស់​នឹង​ជ្រើសរើស​ទីកន្លែង​មួយ ​ដើម្បី​ឲ្យ​អ៊ីស្រាអែល​ថ្វាយបង្គំ​ទ្រង់​  (ក្រោយ​មក​ទ្រង់​ជ្រើសរើស​យក​យេរូសាឡិម​)  ហើយ​ពួក​គេ​ត្រូវ​តែ​ទៅ​ទីកន្លែង ដែល​ទ្រង់​បាន​ជ្រើសរើស​នោះ។

តើ​អត្ថបទ​នេះ​បង្រៀន​អ្វី​ពី​ព្រះ?​

  • មាន​ការ​ថ្វាយបង្គំ​តែ​មួយ​គត់ ​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​គឺ ​ថ្វាយបង្គំ​ផ្គាប់​ព្រះទ័យ​ទ្រង់​ ដែល​ស្រប​តាម​ព្រះ​បន្ទូល​ទ្រង់។
  • ព្រះជាម្ចាស់​គ្រប់គ្រង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក​ ​ពីព្រោះ​ពេល​ក្រោយ​មក​ទៀត​ យើង​ឃើញ​ថា ​ទ្រង់​បាន​ជ្រើសរើស​ទីកន្លែង​មួយ​  ហើយ​ផ្គត់ផ្គង់​អ៊ីស្រាអែល ​ដើម្បី​អោយ​ពួកគេ​អាច​សង់​ព្រះវិហារ​បាន។

 

ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​អត្ថបទ​ក្រោយ​មក​ទៀត​ក្នុង​គម្ពីរ​សញ្ញា​ចាស់​

ជំពូក​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​យើង​ឲ្យ​យល់​កណ្ឌគម្ពីរ​នៅក្នុង​សញ្ញា​ចាស់​ ដែល​ចែង​ទុក​បន្ទាប់​ពី​អត្ថបទ​នេះ។  ទីបំផុត​ក្រុង​យេរូសាឡិម​ក្លាយ​ជា​ទីកន្លែង​ ដែល​ព្រះជាម្ចាស់​តាំង​ព្រះនាម​ទ្រង់​ឡើង​ (១ពង្សាវតារក្សត្រ​ ៨:១៦; ១១:៣៦; ២ពង្សាវតារក្សត្រ​ ២១:៤,៧; ២របាក្សត្រ​ ៣៣:៤,៧) សេចក្តី​សន្យា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ ចោទិយកថា​ ជំពូក២៨ ​អំពី​ទីកន្លែង​ដែល​ទ្រង់​នឹង​ជ្រើសរើស​បាន​សំរេច​ដោយ​សារ​ការ​ជ្រើសរើស​នេះ​  ដូច្នេះ​ជំពូក​នេះ​ប្រាប់​ពួក​អ៊ីស្រាអែល​ដែល​រស់​ក្រោយ​រជ្ជកាល​ស្តេច​ដាវីឌ​ថា ​ព្រះជាម្ចាស់​ជ្រើសរើស​ក្រុង​យេរូសាឡិម​  ដូច្នេះ​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ថ្វាយបង្គំ​ព្រះជាម្ចាស់។ ​នៅ​ពេល​អ៊ីស្រាអែល​បែងចែក​ជា​ពីរ​  អាណាចក្រ​ខាង​ជើង​ហៅ​ថា ​អ៊ីស្រាអែល​ (មាន​ក្រុង​សាម៉ារី​ជា​រាជធានី​) បាន​តាំង​កន្លែង​ថ្វាយបង្គំ​ឡើង​ខុស​ពី​ការ​បង្គាប់​របស់​ព្រះ​ក្នុង​ជំពូក​នេះ (ពីព្រោះ​គេ​មិន​ចង់​ទៅ​យេរូសាឡិម​ដែល​នៅ​អាណាចក្រ​ខាង​ត្បូង [យូដា​]​)។​ ​អត្ថបទ​នេះ​ប្រាប់​យើង​ថា​ ជនជាតិ​យូដា​តែងតែ​និយាយ​ថា​  ក្រុង​យេរូសាឡិម​គឺ​ជា​កន្លែង​តែ​មួយ​គត់​សំរាប់​គ្រប់គ្នា​មក​ថ្វាយបង្គំ​ព្រះជាម្ចាស់។

ទំនាក់ទំនង​ភ្ជាប់​ទៅ​នឹង​គម្ពីរ​សញ្ញា​ថ្មី​

ផ្នែក​ខាង​លើ​មាន សារៈ​សំខាន់​ណាស់​ក្នុង​ការ​យល់​ពី​ការ​សន្ទនា​រវាង​ព្រះយេស៊ូវ​ និង​ស្ត្រី​សាសន៍​សាម៉ារី​ក្នុង​  យ៉ូហាន​ ជំពូក​៤។  សំណួរ​របស់​ស្ត្រី​បាន​ផ្អែក​លើ​ការ​ជជែក​គ្នា​អំពី​ទីកន្លែង​មួយ​ណា​ ដែល​ពួក​គេ​អាច​ថ្វាយបង្គំ​ព្រះ​បាន។ ដោយ​ផ្អែក​ចោទិយកថា​ ១២ ជនជាតិ​យូដា​និយាយ​ថា​ ត្រូវ​តែ​នៅ​ក្រុង​យេរូសាឡិម​ (យ៉ូហាន​ ៤:២០)​  ប៉ុន្តែ​សាសន៍​សាម៉ារី​ (សូម​ចង​ចាំ​ថា ​អាណាចក្រ​ខាង​ជើង​មាន​សាម៉ារី​ជា​រាជ​ធានី​) បាន​បង្កើត​កន្លែង​ផ្សេង​ទៀត​ ​ដើម្បី​ថ្វាយបង្គំ​ព្រះជាម្ចាស់។ យើង​ត្រូវ​យល់​អំពី​ការ​ជជែក​នេះ​ ដើម្បី​អោយ​យើង​ឃើញ​សារៈ​សំខាន់​នៃ​ចម្លើយ​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ យ៉ូហាន ៤:២០-២១។  នៅ​សតវត្ស​ទី​មួយ ​ចម្លើយ​របស់​ព្រះយេស៊ូវ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភាំង​ស្មារតី។ ទីកន្លែង​មាន​សារៈសំខាន់​ណាស់​ចំពោះ​ពួក​គេ។ នៅ​ក្នុង​ចោទិយកថា ​ជំពូក​១២ ព្រះជាម្ចាស់​មាន​បន្ទូល​ថា ​ទីកន្លែង​សំខាន់​ណាស់​  គឺ​ពួក​គេ​ត្រូវ​ថ្វាយបង្គំ​នៅ​កន្លែង​ ដែល​ទ្រង់​ជ្រើសរើស​តែ​ប៉ុណ្ណោះ។ ចម្លើយ​របស់​ព្រះយេស៊ូវ​បញ្ជាក់​ថា ​ឥឡូវ​នេះ​កន្លែង​មិន​សំខាន់​ទេ។  យើង​ស្ថិត​នៅ​សម័យ​ថ្មី​  គឺ​ការ​បង្គាប់​របស់​ព្រះ​ខ្លះ​នៅ​ក្នុង​ចោទិយកថា​១២​ មិន​អាច​យក​មក​អនុវត្តន៍​បាន​ឡើយ។  ការ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​និង​សេចក្តី​ពិត​នៅ​ក្នុង​ដំណឹងល្អ​យ៉ូហាន ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ចំពោះ​ការ​ទុក​ចិត្ត​ និង​ការ​ដើរ​តាម​ព្រះយេស៊ូវ។

សារ​អធិប្បាយ

យើង​ស្ថិត​នៅ​សម័យ​ថ្មី  ដូច្នេះ​ការ​បង្គាប់​របស់​ព្រះ​ខ្លះ​នៅ​ក្នុង​ចោទិយកថា​ ១២​ មិន​អាច​យក​មក​អនុវត្តន៍​បាន​ឡើយ។ បើ​សិន​ដូច្នោះ​ តើ​យើង​អធិប្បាយ​ព្រះបន្ទូល​ចេញពី ចោទិយកថា​ ១២​ ​ទៅ​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​នោះ​យ៉ាង​ដូចម្តេច​? សំណួរ​សំខាន់​គឺ​ថា​  រវាង​សម័យ​សម្ព័ន្ធមេត្រី​ចាស់​និង​ថ្មី​ តើ​មាន​អ្វី​ដូច​គ្នា​? តើ​សម្ព័ន្ធ​មេត្រី​ចាស​និង​សម្ព័ន្ធ​មេត្រី​ថ្មី មាន​អ្វី​ខុស​គ្នា​? គោលការណ៍​ដូច​គ្នា​គឺ​ យើង​មិន​មាន​សេរីភាព​ថ្វាយបង្គំ​ព្រះជាម្ចាស់​តាម​របៀប ​ដែល​យើង​ប្រាថ្នា​ចង់​បាន​ទេ​  ប៉ុន្តែ​យើង​ត្រូវ​តែ​ថ្វាយបង្គំ​ព្រះជាម្ចាស់​តាម​ព្រះហឫទ័យ​ទ្រង់ ដែល​ទ្រង់​សំដែង​តាម​រយៈ​ព្រះបន្ទូល។ ដើម្បី​ស្រាវ​ជ្រាវ​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ​  យើង​ណែនាំ​អ្នក​ឲ្យ​អាន​មេរៀន​អំពី​ការ​ថ្វាយបង្គំ​)។​ អ្វី​ដែល​ខុស​គ្នា​គឺ​ ការ​ថ្វាយ​បង្គំ​ដែល​ពិត​ជា​ផ្គាប់​ព្រះហឫទ័យ​ទ្រង់។ យោង​ទៅ​តាម​ចោទិយកថា​ ១២ ទីកន្លែង​មាន​សារៈ​សំខាន់​  ឯ​សំរាប់​សម្ព័ន្ធ​មេត្រី​ថ្មី​ កន្លែង​មិន​សំខាន់​ទេ​ ​ ​តែ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ថ្មី​នោះ​គឺ​  ព្រះបន្ទូល​ទ្រង់​នៅ​ យ៉ូហាន ៤​:២១-២៤។  ដូច្នេះ ដោយ​យើង​ពិចារណា​ពី​ ចោទិយកថា​ ១២ សំរាប់​អ៊ីស្រាអែល​  ​ហើយ​ការ​ពង្រីក​តាម​ព្រះគម្ពីរ​សំរាប់​គ្រីស្ទបរិស័ទ​ យើង​សន្និដ្ឋាន​សារ​អធិប្បាយ​ថា​៖ ​ដូច​
ជា​អ៊ីស្រាអែល​ផង​ដែរ​  យើង​មិន​អាច​មាន​សេរីភាព​ថ្វាយបង្គំ​ព្រះជាម្ចាស់​តាម​ចិត្ត​របស់​យើង​ចង់​នោះ​ទេ​  ប៉ុន្តែ​យើង​ត្រូវ​តែ​ថ្វាយបង្គំ​តាម​របៀប​ដែល​គាប់​ព្រះហឫទ័យ​ព្រះ​ គឺ​តាម​ព្រះបន្ទូល​ទ្រង់​  ដែល​ជា​ការ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត​ ដោយ​យើង​ទុកចិត្ត​ និង​ដើរ​តាម​ព្រះយេស៊ូវ។

​ការ​អនុវត្ត​ចេញ​ពី​អត្ថបទ​សារ​នេះ​គឺ​ថា​ គ្រីស្ទបរិស័ទ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្ដាប់​ព្រះគម្ពីរ​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកជំនុំ ​ប្រយោជន៍​អោយ​ពួក​គេ​ចំរើន​ឡើង​នៅ​ក្នុង​ការ​យល់ដឹង​ព្រះបន្ទូល​ និង​ការថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត​ ដែល​ជា​អ្វី​ដែល​ព្រះជាម្ចាស់​គាប់​ព្រះ​ហឫទ័យ។​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top