Dt. 28 Blessing and Curse pdf download
ព្រះពរ និងបណ្តាសា
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ២៨
អ្នកនិពន្ធ៖ រុហ្វ លេភិឡារ
កាលៈទេសៈប្រវត្តិសាស្ត្រ
ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេអោយកាន់តាមក្រិត្យវិន័យ។
សារអត្ថបទ
យោងតាមព្រះគម្ពីរ រៀបការមានន័យថា ការចងសម្ព័ន្ធមេត្រី។ ព្រះជាម្ចាស់បានចងសម្ព័ន្ធមេត្រីជាមួយអ៊ីស្រាអែល ដូច្នេះទាំងពីរភាគីប្រៀបដូចជាប្តីប្រពន្ធដែរ។ តាមវប្បធម៌នៅសម័យនោះ សម្ព័ន្ធមេត្រីខ្លះប្រកាសថា មានព្រះពរចំពោះភាគីដែលស្មោះត្រង់នឹងសម្ព័ន្ធមេត្រី តែមានបណ្តាសាចំពោះភាគីដែលមិនគោរពតាមសម្ព័ន្ធមេត្រី។ នេះជាអ្វីដែលជំពូកនេះសំដែង។ ជំពូកនេះមិនប្រកាសអំពីព្រះពរសម្រាប់មនុស្ស ដែលមានសីលធម៌ល្អ ហើយបណ្តាសាសម្រាប់មនុស្សអាក្រក់ទេ ប៉ុន្តែប្រកាសអំពីព្រះពរសម្រាប់ពួកអ៊ីស្រាអែល បើសិនជាគេស្មោះត្រង់ចំពោះសម្ព័ន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយគេ ហើយបណ្តាសាបើសិនជាគេមិនស្មោះត្រង់។ បើសិនអ៊ីស្រាអែលមិនស្តាប់បង្គាប់ទ្រង់ នោះពួកគេមិនគ្រាន់តែខុសសីលធម៌ទេ លើសពីនោះគេប្រៀបដូចជាប្រពន្ធដែលមិនស្មោះត្រង់ដែរ។
តើអត្ថបទនេះបង្រៀនអ្វីពីព្រះ?
- ព្រះជាម្ចាស់ជាមហាក្សត្រ ហើយទ្រង់ជ្រាបពីអនាគត។
- ព្រះជាម្ចាស់នាំព្រះពរ និងបណ្តាសារមក។
- ព្រះជាម្ចាស់ដាស់តឿនមនុស្សឲ្យស្តាប់តាមទ្រង់ និងព្រមានមនុស្សមុននឹងធ្វើទណ្ឌកម្ម។
- ព្រះជាម្ចាស់រក្សាសេចក្តីសន្យា និងរំលឹកប្រជារាស្ត្ររបស់ទ្រង់អំពីសេចក្តីសន្យារបស់ព្រះអង្គ។
- ក្រោយមកទ្រង់បានធ្វើសកម្មភាពបំពេញសេចក្តីបណ្តាសា។ នេះបង្ហាញថា ព្រះជាម្ចាស់គ្រប់គ្រងប្រវត្តិសាស្ត្រមនុស្សលោក។
ទំនាក់ទំនងភ្ជាប់ទៅនឹងអត្ថបទក្រោយទៀតក្នុងគម្ពីរសញ្ញាចាស់
ជំពូកនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយឲ្យយល់ផ្នែកក្រោយទៀតក្នុងគម្ពីរសញ្ញាចាស់។ ហោរាមិនគ្រាន់តែជាមនុស្ស ដែលប្រាប់ពីអនាគតទេ ពួកគេជាមនុស្ស ដែលព្រះជាម្ចាស់បញ្ជូនមក ដើម្បីហៅអ៊ីស្រាអែលឲ្យស្មោះត្រង់ចំពោះសម្ព័ន្ធមេត្រីរបស់គេជាមួយទ្រង់ផងដែរ។ ពួកគេប្រាប់ថា ព្រះជាម្ចាស់ដាក់ទោសពួកគេ ដោយសារតែភាពមិនស្មោះត្រង់ ដូចជាប្រពន្ធដែលមិនស្មោះត្រង់ ហើយគេនឹងទទួលការនិរទេស (២ពង្សាវតារក្សត្រ ២៤:២-៣; អេសាយ ៣៩:៦-៧; យេរេមា ២០:៤) តាមការព្រមាននៅក្នុងចោទិយកថាជំពូក ២៨។
ទំនាក់ទំនងភ្ជាប់ទៅនឹងគម្ពីរសញ្ញាថ្មី
ព្រះគម្ពីរសញ្ញាថ្មីប្រកាសយ៉ាងច្បាស់ថា យើងទាំងអស់គ្នាមិនស្តាប់បង្គាប់ព្រះ ហើយទាំងអស់គ្នាស្ថិតនៅក្រោមបណ្តាសា ហេតុនេះវាជាការខុស ដែលយើងប្រើអត្ថបទនេះ ដើម្បីលើកទឹកចិត្តមនុស្សឲ្យស្តាប់បង្គាប់ព្រះ ដើម្បីពួកគេអាចទទួលព្រះពរ។ ការធ្វើដូចនេះមិនអាចទៅរួចទេ ពីព្រោះយើងបានបះបោរប្រឆាំងនឹងព្រះរួចទៅហើយ។ សាវកប៉ុលសរសេរថា អ្នកណាដែលអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ នោះស្ថិតនៅក្រោមបណ្តាសា ហើយព្រះយេស៊ូវបានសុគត ដើម្បីរំដោះយើងចេញពីបណ្តាសានៃក្រិត្យវិន័យ (កាឡាទី ៣:១០-១៤)។ ដូច្នេះការអនុវត្តន៍ដែលចេញពី ចោទិយកថា ២៨ គឺ យើងត្រូវទុកចិត្តលើព្រះយេស៊ូវជាអ្នកដែលរំដោះយើងចេញពីបណ្តាសា ដោយព្រោះយើងមិនបានស្តាប់បង្គាប់។ អស់អ្នកណា ដែលនៅក្នុងព្រះយេស៊ូវ មានសេរីភាពពីការកាន់ក្រឹត្យវិន័យ ដើម្បីទទួលព្រះពរ (កាឡាទី ៥:១) ប៉ុន្តែគេមិនត្រូវប្រើសេរីភាព ដើម្បីប្រព្រឹត្តបាបឡើយ (កាឡាទី ៥:១៣) ប៉ុន្តែ ដើម្បីបំរើដោយសេចក្តីស្រលាញ់វិញ (កាឡាទី ៥:១៤)។
សារអធិប្បាយ
ដូចដែលព្រះអង្គបានព្រមានអ៊ីស្រាអែលមុននឹងទ្រង់វិនិច្ឆ័យពួកគេដែរ គឺទ្រង់ក៏ព្រមានមនុស្សនៅបច្ចុប្បន្ននេះ (២ធីម៉ូថេ ៤:១; ២កូរិនថូស ៥:១០; វិវរណៈ ២០:១១-១៥) ផងដែរថា ព្រះយេស៊ូវនឹងវិនិច្ឆ័យមនុស្សលោកនៅថ្ងៃដែលទ្រង់នឹងយាងមកវិញ។ តាមប្រវត្តិសាស្ត្រអ៊ីស្រាអែលបង្ហាញថា ពួកគេមិនមានសមត្ថភាព ដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ ដូច្នេះបានជាពួកគេទទួលបណ្តាសាពីព្រះជាម្ចាស់ រីឯយើងក៏មិនអាចស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយពិតជាសមទទួលបណ្តាសាពីព្រះផងដែរ បានជាយើងត្រូវទុកចិត្តលើព្រះយេស៊ូវ ដើម្បីរួចពីបណ្តាសា និងការវិនិច្ឆ័យរបស់ទ្រង់។
Leave a Reply