Gen. 23 Abraham buys Land pdf download
បញ្ហាមួយក្នុងការរៀបចំសេចក្តីអធិប្បាយអំពីរឿងនេះគឺមកពី នាមរបស់ទ្រង់មិនលេចឡើងនៅក្នុងរឿង លើកលែងពេលសាសន៍ហេតបានហៅអ័ប្រាហាំជា «អ្នកធំរបស់ព្រះ» (ខ.៦)។ តើយើងអាចថ្លែងសេចក្ដីអធិប្បាយបង្រៀនពីព្រះជាម្ចាស់ និងព្រះគ្រីស្ទយ៉ាងដូចម្តេចចេញពីអត្ថបទ ដែលមើលទៅនិទានតែអំពីលោកអ័ប្រាហាំទិញដីសម្រាប់កប់សពសារ៉ាដូច្នេះ?
សាច់រឿងអំពីអ័ប្រាហាំទាំងមូល និងផែនការសេចក្តីសន្យារបស់ព្រះជាម្ចាស់
សាច់រឿងអំពីអ័ប្រាហាំទាំងមូល និងផែនការរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្តីសន្យារបស់ទ្រង់ ជួយយើងឲ្យយល់ពីរបៀបយល់អត្ថបទបានត្រឹមត្រូវនេះ ដែលបន្ទាប់មកដឹកនាំយើងឲ្យដឹងពីរបៀបដែលយើងអាចប្រកាសព្រះគ្រីស្ទចេញពីអត្ថបទនេះបាន។ នៅពេលដែលព្រះបានត្រាស់ហៅអាប់រ៉ាម «ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ» (១២:១) អាប់រ៉ាមបានឃើញថា«សាសន៍កាណាននៅស្រុកនោះដែរ» (១២:៦)។ អាប់រ៉ាមជា «អ្នកដទៃ ដែលគ្រាន់តែសំណាក់» គ្មានសិទ្ធិធ្វើជាម្ចាស់លើដីនោះទេ។ ប៉ុន្តែព្រះជាម្ចាស់បានសន្យាថា «អញនឹងឲ្យស្រុកនេះដល់ពូជឯង» (១២:៧)។ ក្រោយមកព្រះជាម្ចាស់បានលេចមកអាប់រ៉ាម រួចមានបន្ទូលថា «អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុក្ខជាកេរ្តិ៍អាករ» (១៥:៧; ប្រៀបធៀប ១៣:១៧)។
រឿងនៅក្នុងជំពូក២៣នេះបានបញ្ចប់ដោយប្រយោគមួយថា «ចំការនឹងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ ទៅអ័ប្រាហាំ ទុកសម្រាប់ជាកន្លែងកប់ខ្មោចតទៅ» (២៣:២០)។ ប្រាកដណាស់ថា ការដែលអ័ប្រាហាំទិញចំការនិងរអាងនេះគឺមានសារៈសំខាន់យ៉ាងក្រៃលែងនៅក្នុង លោកុប្បត្ដិ ហេតុនោះហើយបានព្រឹត្តិការណ៍នេះត្រូវបានសរសេរបីដងនៅខាងមុខ៖ ការបញ្ចុះសពលោកអ័ប្រាហាំ (២៥:៩-១០) បណ្តាំរបស់យ៉ាកុប(៤៩:២៩-៣២) និងការបញ្ចុះសពរបស់យ៉ាកុប (៥០:១៣) ដែលរឿងនីមួយៗរំលឹកយើងអំពីរឿងនេះនៅក្នុង លោកុប្បត្ដិ ២៣ ហើយដែលបង្ហាញថា លោកអ័ប្រាហាំមានសិទ្ធិទិញដីនៅស្រុកកាណាន។ យើងក៏បានឃើញនៅក្នុងជំពូក២៣ ថា អ្នកនិពន្ធចំណាយពេលតែបន្តិចបន្តួចក្នុងការកត់ត្រាអំពីការស្លាប់និងការបញ្ចុះសពរបស់សារ៉ា ប៉ុន្តែបានសរសេរច្រើនអំពីអ័ប្រាហាំទិញដី លើសពីនោះ លោកុប្បត្ដិបានរំលឹកយើងច្រើនដងថា លោកអ័ប្រាហាំបានទិញដីនៅមុខមនុស្សច្រើនដែលអាចធ្វើជាសាក្សីបាន (ប្រៀបធៀប ខ ១០, ១១, ១៣, ១៦, ១៨)។ ការនេះមានសារៈសំខាន់ដើម្បីបង្ហាញថា អ័ប្រាហាំទិញដីដោយស្របច្បាប់។ ម្តងទៀត នេះបង្ហាញអំពីសារៈសំខាន់បំផុតនៃការទិញចំការ។
ហេតុការណ៍ដែលរឿងបញ្ចប់នៅក្នុង ខ ២០ មិនជាការនិទានអំពីការបញ្ចុះសពរបស់សារ៉ាទេ ប៉ុន្តែជាការនិទានអំពីជនជាតិហេតបានផ្ទេរដីមកជាកម្មសិទ្ធិរបស់លោកអ័ប្រាហាំ ហើយនេះជាភស្តុតាងបន្ថែមទៀតបង្ហាញថា ការទិញដីមានសារៈសំខាន់ណាស់។ វាគ្រាន់តែជាដីផ្នែកតូចមួយប៉ុណ្ណោះ ប៉ុន្តែព្រះជាម្ចាស់ចាប់ផ្តើមបំពេញសេចក្តីសន្យារបស់ទ្រង់ ដោយទ្រង់នឹងប្រទានទឹកដីដល់អ័ប្រាហាំ និងពូជពង្សរបស់គាត់។ អ័ប្រាហាំទទួលដី ទោះគាត់ជា«អ្នកដទៃ ដែលគ្រាន់តែសំណាក់» (ខ ៤) ក៏ដោយ។ នៅក្នុងពេលរបស់ព្រះជាម្ចាស់ កូនចៅអ័ប្រាហាំនឹងកាន់កាប់ទឹកដីសន្យាទាំងអស់។ បើយើងមិនភ្ជាប់រឿងនេះជាមួយសេចក្តីសន្យារបស់ព្រះជាម្ចាស់ចំពោះអ័ប្រាហាំក្នុងជំពូក១២ទេ នោះយើងនឹងមិនអាចយល់អត្ថបទនេះបានទេ ហើយក៏នឹងមិនអាចយល់ពីរបៀបអនុវត្តមកយើងសព្វថ្ងៃយ៉ាងដូចម្តេចបានដែរ។
ផ្ទៃរឿង និងគោលដៅ
ចេញពីអ្វីដែលយើងបានឃើញខាងលើ យើងអាចដឹងថា សារសម្រាប់អ៊ីស្រាអែលចេញពីអត្ថបទនេះគឺ ៖ព្រះជាម្ចាស់ចាប់ផ្តើមបំពេញសេចក្តីសន្យាទ្រង់អំពីទឹកដីដោយប្រទានចំការដល់អ័ប្រាហាំ និងអោយគាត់ធ្វើជាម្ចាស់លើដីបញ្ចុះសពមួយក្នុងទឹកដីកាណានជារៀងរហូត។ ដីនេះជាភស្តុតាងពីអ្វីដែលព្រះជាម្ចាស់នឹងប្រទានក្នុងពេលអនាគត។ អត្ថបទបានប្រាប់ដល់អ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ ហើយទ្រង់អាចប្រទានទឹកដីឲ្យអ័ប្រាហាំបាន ទោះបីគាត់ជាអ្នកដទៃ ដែលគ្រាន់តែសំណាក់ក៏ដោយ។ ដូច្នេះ នៅពេលដែលអ៊ីស្រាអែលនឹងចូលទៅក្នុងទឹកដីតាមលោកយ៉ូស្វេ ឬនៅពេលគេត្រូវបាននិរទេស ពួកគេដឹងថា ព្រះជាម្ចាស់អាចនឹងប្រទានទឹកដីដល់ពួកគេវិញបាន។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
ការរំដោះ-ដំណើរការប្រវត្តិសាស្ត្រ
ផ្ទៃរឿងនៃទឹកដីតាមរយៈព្រះគម្ពីរ។ ម្តងទៀត ការអានរឿងនេះជាមួយសាច់រឿងធំមួយតាមរយៈព្រះគម្ពីរទាំងមូលមានសារៈសំខាន់ខ្លាំងណាស់។ មធ្យោបាយមួយគឺ ត្រូវមើលទៅឯផ្ទៃរឿង «ទឹកដី»។ កាលពីដើមដំបូងព្រះជាម្ចាស់បង្គាប់រាស្រ្តទ្រង់ឲ្យ «បំពេញផែនដី» (លោកុប្បត្ដិ ១:២៨)។ បន្ទាប់ពីទឹកជំនន់ព្រះជាម្ចាស់បានប្រទានសេចក្តីបង្គាប់នេះម្តងទៀតទៅលោកណូអេ (លោកុប្បត្ដិ ៩:១)។ បន្ទាប់ពីការបះបោររបស់មនុស្សនៅឯប៉មបាបិល ដែលពួកគេមិនព្រមនឹងបំពេញផែនដី (លោកុប្បត្ដិ ១១) ព្រះជាម្ចាស់បានចាប់ផ្តើមថ្មីជាមួយអាប់រ៉ាម ដោយត្រាស់ហៅគាត់អោយ «ទៅកាន់ទឹកដីដែលអញនឹងបង្ហាញឯងចុះ» (១២:១) និងសន្យាថា ទ្រង់នឹងឲ្យស្រុកនេះដល់ពូជរបស់គាត់ (១២:៧)។ នៅជិតចុងបញ្ចប់នៃជីវិតរបស់អ័ប្រាហាំ ព្រះជាម្ចាស់ផ្តើមបំពេញសេចក្តីសន្យាទ្រង់ដោយប្រទានចំការដល់អ័ប្រាហាំ និងដីកប់សពមួយកន្លែងជាការកាន់កាប់រហូតនៅក្នុងទឹកដី។ បួនរយឆ្នាំក្រោយមក អ៊ីស្រាអែលបានទទួលទឹកដីកាណានទាំងមូល។ ក្រោមការគ្រប់គ្រងរបស់ស្តេចសាឡូម៉ូន ទឹកដីបានពង្រីកចាប់ពីទន្លេអ៊ើប្រាតរហូតដល់ព្រំប្រទល់អេស៊ីព្ទ (១ពង្សាវតាក្សត្រ ៤:២១)។
នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវដ៏ជាស្តេច ទឹកដីពង្រីកម្តងទៀត រួមទាំងផែនដីទាំងមូល (ម៉ាថាយ ៥:៥; រ៉ូម ៤:១៣)។ ព្រះយេស៊ូវបង្គាប់អ្នកដើរតាមទ្រង់ «ឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍» (ម៉ាថាយ ២៨:១៩)។ នៅឯការយាងមកជាលើកទីពីរ រាស្រ្តរបស់ព្រះជាម្ចាស់នឹងទទួលបានផែនដីថ្មី។ យ៉ូហានបានឃើញ «ផ្ទៃមេឃថ្មី និងផែនដីថ្មី» (វិវរណៈ ២១:១)។ បន្ទាប់មកយើងនឹងក្លាយជារាស្រ្តព្រះជាម្ចាស់ក្នុងដំណាក់ព្រះជាម្ចាស់ ក្រោមការគ្រប់គ្រងរបស់ព្រះ និងព្រះពររបស់ទ្រង់ ហើយព្រះជាម្ចាស់នឹងសង្គ្រោះយើងចេញពីលទ្ធផលទាំងអស់ ដែលបានហូរមកពីការបះបោររបស់អ័ដាមនិងអេវ៉ា។ បច្ចុប្បន្ននេះយើងជាអ្នកដទៃ ដែលគ្រាន់តែសំណាក់ក្នុងពិភពលោកនេះប៉ុណ្ណោះ (១ពេត្រុស ១:១,១៧; ២:១១)។ ជារឿយៗ នៅពេលមនុស្សបានលឺការនេះដំបូង ពួកគេមិនអាចមើលឃើញទំនាក់ទំនងរវាង ម៉ាថាយ ២៨:១៩ ឬ វិវរណៈ ២១-២២ ជាមួយនឹងការទិញកន្លែងបញ្ចុះសពរបស់អ័ប្រាហាំបានទេ ហើយគិតថា នេះមិនមែនជាទំនាក់ទំនងត្រឹមត្រូវទេ ប៉ុន្តែការមិនមើលឃើញទំនាក់ទំនងនេះបង្ហាញថា ពួកគេមិនមិនបានមើលឃើញថា ការទិញដីនេះមានទំនាក់ទំនងទៅសេចក្តីសន្យារបស់ព្រះនៅក្នុង លោកុប្បត្ដិ ១២ យ៉ាងដូចម្តេច ហើយក៏មិនបានមើលឃើញវិសាលភាពនៃផែនការរបស់ព្រះជាម្ចាស់ដែរ។
ការបំពេញសម្រេចសេចក្តីសន្យា ជាមួយផ្ទៃរឿង «ព្រះជាម្ចាស់ចាប់ផ្តើមបំពេញសេចក្តីសន្យាទ្រង់ពីទឹកដីដោយប្រទានចំការដល់អ័ប្រាហាំ និងអោយគាត់ធ្វើជាម្ចាស់លើដីបញ្ចុះសពមួយក្នុងទឹកដីកាណានជារៀងរហូត»
ការបំពេញសម្រេចសេចក្តីសន្យា គឺជាមធ្យោបាយជាក់ស្តែងបំផុត ដែលត្រូវអធិប្បាយព្រះគ្រីស្ទចេញពីអត្ថបទនេះ (ហើយនេះទាក់ទងទៅនឹងផ្ទៃរឿង «ដី» ខាងលើ)។ នៅក្នុងរឿងនេះព្រះជាម្ចាស់ចាប់ផ្តើមបំពេញសេចក្តីសន្យាអំពីទឹកដី។
ព្រះយេស៊ូវបានប្រសូតក្នុងទឹកដីកាណាន។ ប៉ុន្តែទ្រង់ដឹងថា ទឹកដីសន្យាមានទំហំធំជាងកាណានឆ្ងាយណាស់។ ទ្រង់បានបង្រៀនអ្នកដើរតាមទ្រង់ថា «មានពរហើយអស់អ្នកដែលស្លូតត្រង់ ត្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរតក» (ម៉ាថាយ ៥:៥)។ សេចក្តីសន្យានឹងមិនបំពេញសំរេច រហូតដល់ព្រះយេស៊ូវយាងមកម្តងទៀតទេ។ ពេត្រុសធានាអះអាងអ្នកអានដែលកំពុងរងការបៀតបៀនថា «យើងរាល់គ្នាទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីដែលមានសុទ្ធតែសេចក្តីសុចរិត» (២ពេត្រុស ៣:១៣; ប្រៀបធៀប វិវរណៈ ២១:១)។ រាស្រ្តព្រះជាម្ចាស់សព្វថ្ងៃនេះនៅតែរង់ចាំសម្រាប់ការបំពេញសម្រេចសេចក្តីសន្យាព្រះជាម្ចាស់អំពីទឹកដី។ ដោយសារព្រះជាម្ចាស់ស្មោះត្រង់ក្នុងការបំពេញសេចក្តីសន្យាទ្រង់អំពីទឹកដីដល់អ៊ីស្រាអែល នោះទ្រង់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះយើងដូចគ្នាដែរ ហើយយើងនឹងទទួលផែនដីជាមរតកនៅពេលព្រះយេស៊ូវត្រឡប់មកវិញ។ ដូច្នេះ ប្រវត្តិសាស្ត្រនេះគឺជាយុថ្កាសម្រាប់ជំនឿរបស់យើង។ ពេលខ្លះមនុស្សបដិសេធប្រភេទកាត់ស្រាយព្រះគ្រីស្ទជាចំណុចកណ្តាលនេះ ប៉ុន្តែនៅពេលពួកគេបដិសេធការកាត់ស្រាយនេះ នោះបង្ហាញថា ពួកគេបរាជ័យក្នុងការយល់ព្រះគម្ពីរ ព្រះជាម្ចាស់ និងជំនឿ។
គោលបំណងមួយនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរគឺ ដើម្បីបង្ហាញថា ព្រះជាម្ចាស់រក្សាសេចក្តីសន្យារបស់ទ្រង់ និងការនេះពង្រឹងជំនឿរបស់យើង ពីព្រោះជំនឿរបស់យើងមិនគ្រាន់តែមាននៅក្នុងព្រះជាម្ចាស់ ប៉ុន្តែក៏មានលើសេចក្តីសន្យារបស់ព្រះជាម្ចាស់ ដែលបានមកតាមរយៈដំណឹងល្អព្រះគ្រីស្ទ និងបានផ្តល់សង្ឃឹមមកដល់យើង (សូមមើល ហេព្រើរ ៦:១៦-១៩; ១១:១-២, ៩-១៤; ១២:១-៣)។ តាមរយៈរឿងនេះ ព្រះជាម្ចាស់ធានាអះអាងអ៊ីស្រាអែលថា ពួកគេអាចទុកចិត្តទ្រង់ក្នុងការបំពេញសេចក្តីសន្យាប្រទានទឹកដីដល់ពួកគេបាន ហើយដូចគ្នាផងដែរ ព្រះយេស៊ូវធានាអះអាងដល់ក្រុមជំនុំរបស់ទ្រង់ថា យើងអាចទុកចិត្តទ្រង់ក្នុងការទទួលយកយើងទៅស្ថានសួគ៌បាន។ ព្រះយេស៊ូវបានសន្យាថា «បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ និងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:៣)។ ទីបំផុតកន្លែងនោះគឺជា «ផ្ទៃមេឃថ្មី និងផែនដីថ្មី» (វិវរណៈ ២១:១)។
ផ្ទៃរឿងអធិប្បាយ និងគោលដៅ
យើងបាននិយាយថា សារសម្រាប់អ៊ីស្រាអែលគឺ «ព្រះជាម្ចាស់ចាប់ផ្តើមបំពេញសេចក្តីសន្យាទ្រង់អំពីទឹកដីដោយប្រទានចំការដល់អ័ប្រាហាំ និងអោយគាត់ធ្វើជាម្ចាស់លើដីបញ្ចុះសពមួយក្នុងទឹកដីកាណានជារៀងរហូត»។ ផ្ទៃរឿងអធិប្បាយសម្រាប់គ្រីស្ទបរិស័ទបច្ចុប្បន្ននឹងរីកធំដោយរួមបញ្ចូលអ្វីដែលនៅក្នុងព្រះគម្ពីរទាំងមូល។ ដូច្នេះផ្ទៃរឿងចម្បងសម្រាប់ការអធិប្បាយរបស់យើងអាចជា ព្រះជាម្ចាស់ចាប់ផ្តើមបំពេញសេចក្តីសន្យាទ្រង់អំពីទឹកដីដល់អ័ប្រាហាំ ដែលជាអ្នកដទៃ ដែលគ្រាន់តែសំណាក់ ហើយព្រះជាម្ចាស់ក៏នឹងប្រទានពិភពលោកឲ្យយើង តាមរយៈព្រះយេស៊ូវគ្រីស្ទ ទោះបីជាយើងសព្វថ្ងៃជាអ្នកដទៃក៏ដោយដែរ។ ការអនុវត្តន៍ចេញពីផ្ទៃរឿងចំបងនេះគឺជាការរក្សាសេចក្តីខ្ជាប់ខ្ជួនក្នុងការបំរើព្រះគ្រីស្ទ ការបង្កើតសិស្សគ្រប់ទាំងសាសន៍ ការទុកចិត្តព្រះជាម្ចាស់ដែលជាអ្នកបំពេញសេចក្តីសន្យា ដែលទ្រង់បានប្រទានមកតាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងការសម្លឹងឆ្ពោះទៅរកសេចក្តីសង្ឃឹមដែលយើងនឹងទទួលបាននៅពេលព្រះយេស៊ូវគ្រីស្ទយាងមកវិញ។
Leave a Reply