ក្រុងហេប្រុន (חֶבְרוֹן) ហេប្រុនគឺជាក្រុងមួយដ៏សំខាន់សម្រាប់រឿងអំពីអ័ប្រាហាំ អ៊ីសាក យ៉ាកុប យ៉ូស្វេ និងដាវីឌ (សូមមើលផែនទី «អ៊ីស្រាអែលកណ្តាលនិងភាគខាងត្បូង» http://www.dkdl.org/?page_id=1666)។ នៅក្នុងព្រះគម្ពីរ ទីក្រុងនេះមានឈ្មោះផ្សេងទៀតដូចជា «ម៉ាមរេ» និង «គារយ៉ាត់-អើបា»។
ឈ្មោះ
ព្រះគម្ពីរបានប្រើឈ្មោះបីសម្រាប់ទីក្រុងហេប្រុន (ឧទាហរណ៍ សូមមើល លោកុប្បត្ដិ ៣៥:២៧ ជាអត្ថបទដែលប្រើឈ្មោះទាំងបី):
១. ម៉ាមរេ (លោកុប្បត្ដិ ១៣:១៨; ២៣:១៩; ៣៥:២៧)។ នេះគឺជាឈ្មោះមុនដំបូង ដែលគេបានចែងទុកនៅក្នុងព្រះគម្ពីរ។ ប្រហែលជាឈ្មោះនេះមកពីបុរសម្នាក់ឈ្មោះម៉ាមរេ ដែលរស់នៅទីក្រុងនោះ ហើយបានជួយអ័ប្រាហាំសង្គ្រោះឡុត (លោកុប្បត្ដិ ១៤:១៣, ២៣–២៤)។
២. គារយ៉ាត់-អើបា (លោកុប្បត្ដិ ២៣:២; ៣៥:២៧; យ៉ូស្វេ ១៥:៥៤; ២០:៧; ២១:១១; ពួកចៅហ្វាយ ១:១០; នេហេមា ១១:២៥)។ គារយ៉ាត់-អើបាគឺជាឈ្មោះនៃទីក្រុងនេះបន្ទាប់ពីសម័យអ័ប្រាហាំ ប៉ុន្តែនៅ មុនពេលពួកអ៊ីស្រាអែលបានដណ្ដើមយកស្រុកកាណាន (ឧទាហរណ៍ ពួកចៅហ្វាយ ១:១)។ ឈ្មោះនេះមកពីបុរសម្នាក់ឈ្មោះអើបា ដែលរស់នៅទីក្រុងនោះ (សូមមើល យ៉ូស្វេ ១៤:១៥; ១៥:១៤)។
៣. ហេប្រុន នេះជាឈ្មោះនៃទីក្រុងបន្ទាប់ពីពួកអ៊ីស្រាអែលបានដណ្ដើមយកស្រុកកាណាន។ ឈ្មោះនេះបានលេចឡើងជាង៦២ដងនៅក្នុងព្រះគម្ពីរ។
ហេប្រុននៅក្នុងព្រះគម្ពីរ
ហេប្រុនគឺជាទីក្រុងសំខាន់នៅក្នុងរឿងអំពីអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។ ឧទាហរណ៍៖
- អ័ប្រាហាំចេញពីហេប្រុនដើម្បីសង្គ្រោះឡុត (លោកុប្បត្ដិ ១៤:១២–១៣)។
- ព្រះជាម្ចាស់បានយាងមកអោយលោកអ័ប្រាហាំឃើញទ្រង់នៅម៉ាមរេ/ ហេប្រុន ដើម្បីសំដែងព្រះបន្ទូលថាអ័ប្រាហាំនិងសារ៉ានឹងមានកូនមួយគឺ អ៊ីសាក (លោកុប្បត្ដិ ១៨:១–១៦)។
- អ័ប្រាហាំនិងសារ៉ាបានចេញពីហេប្រុនឆ្ពោះទៅកេរ៉ា (លោកុប្បត្ដិ ២០:១; ២១:៣៤) និងបៀរសេបា (លោកុប្បត្ដិ ២២:១៩) ហើយក្រោយមកគេបានត្រឡប់មកទីក្រុងហេប្រុនវិញ។
- សារ៉ាបានស្លាប់នៅហេប្រុន (លោកុប្បត្ដិ ២៣:២) ហើយអ័ប្រាហាំបានទិញគុហានៅម៉ាក់ពេឡាពីលោកអេប្រូនជាសាសន៍ហេត ដើម្បីទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារ (លោកុប្បត្ដិ ២៣:៣–២០)។ (សូមមើលមេរៀនអំពីការប្រកាសព្រះគ្រីស្ទពីសញ្ញាចាស់អំពីលោកុប្បត្ដិ ២៣)។
- កូនរបស់លោកអ័ប្រាហាំនាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាក់ពេឡានៅហេប្រុន (លោកុប្បត្ដិ ២៥:៩–១០)។
អ៊ីសាកនិងរេបិកាបានរស់នៅនិងស្លាប់នៅហេប្រុន (លោកុប្បត្ដិ ៣៥:២៧–២៩; ៤៩:៣១)។ យ៉ាកុបធ្លាប់រស់នៅហេប្រុនផងដែរ។ យ៉ាកុបបានផ្ញើយ៉ូសែបទៅជ្រោះហេប្រុនដើម្បីរកបងប្អូន (លោកុប្បត្ដិ ៣៧:១, ១៣–១៤)។ កូនប្រុសរបស់យ៉ាកុបនាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាក់ពេឡានៅហេប្រុន ហើយសពនាងលេអាក៏នៅទីនោះផងដែរ (លោកុប្បត្ដិ ៤៩:២៩–៣១; ៥០:១៣)។
ហេប្រុននៅក្នុងអត្ថបទគម្ពីរក្រោយពីកណ្ឌលោកុប្បត្ដិ
នៅក្នុង ជនគណនា ជំពូក១៣ អ្នកស៊ើបការណ៍របស់ជនជាតិអ៊ីស្រាអែលចំនួន១២ ដែលលោកម៉ូសេបានបញ្ជូនចូលទៅក្នុងស្រុកកាណាន បានប្រមូលផលពីតំបន់ជុំវិញហេប្រុន ដែលជាភស្តុតាងបង្ហាញថា ដីស្រុកកាណានពិតជាដីដ៏ល្អ (ជនគណនា ១៣:២២–២៣)។ យ៉ូស្វេបានអោយហេប្រុនទៅកាលែប (យ៉ូស្វេ ១៤:៦–១៥; ពួកចៅហ្វាយ ១:២០)។
យ៉ូស្វេ ២០:២–៧ និង ២១:១៣ បានបញ្ជាក់ប្រាប់ថា ហេប្រុនជាក្រុងជំរក។
ដាវីឌបានរស់នៅហេប្រុនក្រោយពេលសូលនិងយ៉ូណាថានបានស្លាប់ទៅ (២សាំយូអែល ២:១–២)។ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រុន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា (២សាំយូអែល ២:៤) ហើយអំពើនេះបាននាំអោយមានចំបាំងយ៉ាងយូររវាងញាតិវង្សរបស់សូល និងញាតិវង្សរបស់ដាវីឌ (២សាំយូអែល ៣:១)។ បន្ទាប់ពីចំបាំងនេះបានបញ្ចប់ កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រុន ហើយតែងតាំងដាវីឌជាស្តេចលើពួកគេ (២សាំយូអែល ៥:១–៣)។ ព្រះបាទដាវីឌសោយរាជ្យលើអ៊ីស្រាអែលពីហេប្រុនអស់រយៈពេលប្រហែលប្រាំពីរឆ្នាំ (១ពង្សាវតារក្សត្រ ២:១១; ២សាំយូអែល ២:១១) ហើយមានបុត្រាប្រាំមួយអង្គនៅទីនោះ (២សាំយូអែល ៣:២–៥)។
បន្ទាប់ពីដាវីឌបានតាំងយេរូសាឡិមជារាជធានីរបស់អ៊ីស្រាអែល ហេប្រុនមិនសូវលេចឡើងនៅក្នុងព្រះគម្ពីរទេ។
Leave a Reply