ក្រុង(ឬភូមិ)ស៊ីឡូរ (שִׁלֹה, shiloh) ស៊ីឡូរគឺជាក្រុងនៅក្នុងអេប្រាអិម ស្ថិតនៅប្រហែល១៦គីឡូម៉ែត្រពីបេតអែល (ពួកចៅហ្វាយ ២១:១៩)។ (សូមមើលផែនទី «អ៊ីស្រាអែលកណ្តាលនិងភាគខាងត្បូង» http://www.dkdl.org/?page_id=1666)។ អ៊ីស្រាអែលបានដំឡើងរោងឧបោសថនៅស៊ីឡូរបន្ទាប់ពីគេបានច្បាំងដណ្ដើមយកស្រុកកាណាន (យ៉ូស្វេ ១៨:១–១០) ហើយក្រុងនេះស្ថិតស្ថេរនៅទីនោះនៅក្នុងសម័យពួកចៅហ្វាយ រហូតដល់ពួកភីលីស្ទីនបានចាប់ហិបសញ្ញា។ នៅស៊ីឡូរលោកយ៉ូស្វេបានចាប់ឆ្នោតចែកទឹកដីអោយអ៊ីស្រាអែល (យ៉ូស្វេ ១៨:១–១៩:៥១) ហើយជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះនិងវាលស្មៅ ដែលជាចំណែកមត៌ករបស់ពួកគេ ចែកអោយពួកលេវី (២១:១–៤២)។ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃនៅមាត់ទន្លេយ័រដាន់។ កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូរ បម្រុងចេញទៅច្បាំងតទល់នឹងអំបូរទាំងនោះ ប៉ុន្តែគេបានដោះស្រាយបញ្ហានេះនៅស៊ីឡូរ (យ៉ូស្វេ ២២:៩–៣៤)។ ចៅបេនយ៉ាមីនមួយចំនួនបានចាប់ពង្រត់ស្ត្រីពីស៊ីឡូរក្នុងអំឡុងពេលមានពិធីបុណ្យសាសនាមួយ (ពួកចៅហ្វាយ ២១)។ អែលកាណានិងនាងហាណាជាញឹកញាប់ធ្វើដំណើរទៅរោងឧបោសថនៅស៊ីឡូរ ដែលជាកន្លែងដែលនាងហាណាបានប្ដេជ្ញា ដើម្បីផ្តល់ឱ្យកូនរបស់នាងបម្រើព្រះជាម្ចាស់ (១សាំយូអែល ១:៣, ៩, ២៤)។ កូនចៅរបស់លោកអេលី ដែលបានបម្រើនៅទីនោះ បានបន្ថោកតំណែងរបស់ពួកគេ ដូច្នេះព្រះជាម្ចាស់បានសំដែងអោយលោកសាំយូអែលដឹងថា គេត្រូវបានច្រានចោល (២:១៤; ៣:២១)។ នៅពេលគេបាននាំហិបសញ្ញាចេញពីស៊ីឡូរ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភីលីស្ទីន ដំណឹងអំពីការបាត់បង់ហិបសញ្ញាបានលឺដល់អេលី ហើយបាននាំឱ្យគាត់ស្លាប់ (៤:១–១៨)។ ហិបសញ្ញាមិនដែលត្រូវបាននាំមកកាន់ស៊ីឡូរវិញទេ គឺព្រះអង្គបានបោះបង់ចោលព្រះដំណាក់របស់ទ្រង់នៅស៊ីឡូរហើយ (ទំនុកដំកើង ៧៨:៦០)។
ប៉ុន្មានរយឆ្នាំក្រោយមក ហោរាយេរេមាបានប្រើការបំផ្លាញស៊ីឡូរ ដើម្បីធ្វើជារូបភាពគំរូអំពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើចំពោះយេរូសាឡិម (យេរេមា ៧:១២–១៤; ២៦:៦–៩)។
Leave a Reply