Gen. 39 Joseph and Potiphar_s wife pdf download
លោកយ៉ូសែប និង ប្រពន្ធប៉ូទីផារ
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ៣៩
ជារឿយៗ មនុស្សឆាប់អានរឿងនេះដោយគិតថា វាជារឿងមានមេរៀនសីលធម៌បង្រៀនដល់យើងថា យើងត្រូវចៀសវាងការល្បួងខាងផ្លូវភេទ ហើយយ៉ូសែបគឺជាគំរូល្អសម្រាប់អោយយើងធ្វើតាម។ វាជាការពិតដែលយ៉ូសែបជាគំរូល្អសម្រាប់អោយមនុស្សធ្វើតាម ប៉ុន្តែបើសិនយើងគ្រាន់តែអានរឿងនេះ ហើយអនុវត្តន៍តាមរបៀបនេះ នោះយើងបាត់បង់គំនិតចម្បងរបស់សារហើយ។ ដើម្បីអានរឿងនេះដោយត្រឹមត្រូវ យើងត្រូវមើលដោយលម្អិតនៅក្នុងរឿង និងយល់រឿងនេះជាមួយបរិបទរឿងវែងនៃកណ្ឌលោកុប្បត្ដិនិងព្រះគម្ពីរទាំងមូល។
ពាក្យផ្ទួនគឺជាមធ្យោបាយសំខាន់មួយ ដែលអ្នកនិពន្ធក្នុងព្រះគម្ពីរប្រើ ដើម្បីបង្ហាញគំនិតចម្បងរបស់ពួកគេ។ អ្នកនិពន្ធនិយាយម្តងហើយម្តងទៀតថា ព្រះយេហូវ៉ាគង់ជាមួយយ៉ូសែប ចំនួនបួនដង (៣៩:២, ៣, ២១, ២៣) ពីរដងនៅដើមដំបូងនៃរឿង និងពីរដងទៀតនៅចុងបញ្ចប់នៃរឿង។ នេះបង្ហាញថា «ព្រះយេហូវ៉ាគង់ជាមួយយ៉ូសែប» នេះគឺជាផ្ទៃរឿងសំខាន់ជាងគេនៅក្នុងរឿងនេះ។ ផ្ទៃរឿង ព្រះជាម្ចាស់ប្រទានពរយ៉ូសែប និងតាមរយៈគាត់ «ផ្ទះនៃសាសន៍អេស៊ីព្ទ» (៣៩:៥) គឺទាក់ទងជាមួយនឹងសេចក្តីសន្យាដើមរបស់ព្រះចំពោះអ័ប្រាហាំដែលថា «គ្រប់ទាំងគ្រួនៃផែនដីនឹងបានពរដោយសារឯង» (១២:៣)។ ផ្ទៃរឿងទាំងនេះលេចឡើងផ្ទួនៗជាពិសេសជាមួយយ៉ាកុប នៅពេលគាត់ចាកចេញពីទឹកដីសន្យា (នៅឯបេតអែល ព្រះជាម្ចាស់បានសន្យាគង់ជាមួយយ៉ាកុប ពេលគាត់នៅក្រៅទឹកដីសន្យា (២៨:១៥; ប្រៀបធៀប ៣១:៣) និងតាមរយៈគាត់ ព្រះជាម្ចាស់ក៏ប្រទានពរដល់ផ្ទះឡាបាន់ផងដែរ (៣០:២៧)។
នៅក្នុងរឿងនេះ យ៉ូសែបនៅក្នុងអេស៊ីព្ទ នោះគឺគាត់នៅក្រៅទឹកដីសន្យា ប៉ុន្តែអ្នកនិពន្ធបញ្ជាក់ថា ព្រះជាម្ចាស់គង់ជាមួយគាត់ ទោះបីគាត់នៅក្រៅទឹកដីសន្យាក៏ដោយ គឺទ្រង់ប្រទានពរដល់គាត់ ហើយតាមរយៈគាត់ ទ្រង់នាំព្រះពរមកជាច្រើន។ មានពាក្យផ្ទួននៅកន្លែងផ្សេងទៀត បីដងដែលវត្តមានរបស់ព្រះជាម្ចាស់គឺ មានទំនាក់ទំនងជាមួយភាពជោគជ័យរបស់យ៉ូសែប គឺអ្វីដែលលោកធ្វើសុទ្ធតែបានលទ្ធផលល្អ ពីព្រោះព្រះជាម្ចាស់គង់នៅជាមួយគាត់ (ខ ២, ៣, ២៣)។ ចំនួនពីរដង ដែលអ្នកនិពន្ធសរសេរថា ព្រះពរព្រះជាម្ចាស់ «លើផ្ទះសាសន៍អេស៊ីព្ទ» (ខ ៥)។
យើងគួរគិតបន្ថែមទៀតអំពី «ព្រះជាម្ចាស់គង់ជាមួយយ៉ូសែប»។ ព្រះនាមព្រះយេហូវ៉ា កើតឡើងទីនេះ គឺស្ថិតក្នុងពេលពិបាកនៃជីវិតរបស់យ៉ូសែប។ អនាគតរបស់គាត់គឺមិនមានភាពច្បាស់លាស់ទេ។ គាត់នៅតែម្នាក់ឯងនៅក្នុងអេស៊ីព្ទ បែកពីគ្រួសារ និងងាយរងទុក្ខវេទនាណាស់។ ប៉ុន្តែគាត់មិននៅតែម្នាក់ឯងទេ គឺព្រះជាម្ចាស់គង់ជាមួយគាត់ ទោះបីនៅក្នុងស្ថានភាពលំបាកក៏ដោយ។ ព្រះនាម ព្រះយេហូវ៉ា ត្រូវបានប្រើចំនួនប្រាំបីដងនៅក្នុងជំពូកនេះ (ខ ២, ៣ [ពីរដង], ៥ [ពីរដង], ២១, ២៣ [ពីរដង])។ យើងត្រូវចាំថា ទីនេះ ព្រះនាមព្រះជាម្ចាស់ត្រូវបានប្រើចំនួនប្រាំបីដង ពីព្រោះរឿងយ៉ូសែបទាំងមូល វាត្រូវបានប្រើតែម្តងទៀត (៤៩:១៨) ប៉ុណ្ណោះ។ នេះជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថា ផ្ទៃរឿងសំខាន់នៅក្នុងរឿងគឺ ព្រះជាម្ចាស់គង់ជាមួយយ៉ូសែប។
អត្ថបទសារ ផ្ទៃរឿង និងគោលដៅ
ដោយមានពាក្យផ្ទួន «ព្រះជាម្ចាស់គង់ជាមួយយ៉ូសែប» គំនិតចម្បងគឺច្បាស់លាស់៖ ព្រះជាម្ចាស់គង់ជាមួយយ៉ូសែបនៅក្នុងស្ថានភាពឡើងត្រដែត និងស្ថានភាពធ្លាក់ចុះនៅក្នុងផ្ទះរបស់ប៉ូទីផារ។
ការអនុវត្តសម្រាប់អ៊ីស្រាអែលគឺថា ដើម្បីធានាដល់អ៊ីស្រាអែលថា ព្រះជាម្ចាស់គង់ជាមួយពួកគេ នៅពេលពួកគេបានរីកចម្រើន ក៏ដូចជានៅពេលពួកប្រឈមនឹងការខ្វះខាតនិងសេចក្ដីទុក្ខលំបាកផងដែរ។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
យើងបានឃើញថា ផ្ទៃរឿងចម្បងគឺ «ព្រះជាម្ចាស់គង់ជាមួយយ៉ូសែបនៅក្នុងស្ថានភាពឡើងត្រដែត និងស្ថានភាពធ្លាក់ចុះនៅក្នុងផ្ទះរបស់ប៉ូទីផារ» តើមធ្យោបាយត្រឹមត្រូវអ្វី ដើម្បីឆ្ពោះទៅព្រះគ្រីស្ទនៅក្នុងសញ្ញាថ្មី?
ព្រះជាម្ចាស់គង់នៅជាមួយរាស្រ្តរបស់ទ្រង់គឺជាផ្ទៃរឿងសំខាន់នៅក្នុងព្រះគម្ពីរទាំងមូល។ យើងឃើញផ្ទៃរឿងនេះនៅក្នុងរឿងនេះ។ ក្រោយមកព្រះជាម្ចាស់គង់នៅជាមួយអ៊ីស្រាអែល ខណៈដែលពួកគេបានចំរើនក្នុងអេស៊ីព្ទ (កូសីន) និងបន្ទាប់មករងទុក្ខជាទាសករ។ ក្រោយមកព្រះជាម្ចាស់គង់នៅជាមួយអ៊ីស្រាអែល ខណៈដែលពួកគេបានចំរើនក្នុងកាណាន ក្រោមការគ្រប់គ្រងស្តេចដាវីឌ និងក្រោយមក ខណៈដែលពួកគេរងទុក្ខជាទាសករក្នុងការនិរទេសនៅបាប៊ីឡូន (អេសាយ ៤១:១០; ៤៣:២)។ នៅក្នុងគ្រាសញ្ញាថ្មី ព្រះជាម្ចាស់គង់ជាមួយព្រះយេស៊ូវនៅពេលដែល «ទេវតានៃព្រះជាម្ចាស់» ព្រមានឲ្យយ៉ូសែបភៀសខ្លួនជាមួយម៉ារានិងព្រះយេស៊ូវទៅអេស៊ីព្ទ គេចចេញពីកំហឹងរបស់ហេរ៉ូឌ (ម៉ាថាយ ២:១៣-១៥)។ ព្រះយេស៊ូវសន្យានឹងគង់ជាមួយអ្នកដើរតាមទ្រង់គ្រប់ពេលវេលា (ម៉ាថាយ ២៨:២០) នៅពេលរីកចំរើន និងនៅពេលខ្វះខាតផងដែរ (រ៉ូម ៨:៣៥-៣៩)។ ព្រះយេស៊ូវគង់នៅជាមួយយើងមិនមានន័យថា យើងមិនជួបស្ថានភាពលំបាកនោះទេ ដូចជាព្រះយេហូវ៉ាគង់នៅជាមួយយ៉ូសែបមិនមានន័យថា យ៉ូសែបមិនជួបពេលលំបាកនោះដែរ។ ប៉ុន្តែព្រះយេស៊ូវរស់នៅជាមួយយើង មានន័យថា ទ្រង់នឹងជួយយើង បំពេញកិច្ចការដែលទ្រង់ប្រទាននៅក្នុង ម៉ាថាយ ២៨ ហើយនឹងធ្វើអ្វីដែលល្អបំផុតសម្រាប់យើង ដែលអាចខុសពីអ្វីដែលយើងខ្លួនឯងគិតថា ប្រសើរសម្រាប់យើង។ ការបំពេញសម្រេចចុងក្រោយនៃការរស់នៅជាមួយរាស្រ្តរបស់ទ្រង់ គឺស្ថិតនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។
ការបំពេញសម្រេចសេចក្តីសន្យាចំពោះអ័ប្រាហាំ។
«នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទ ដោយព្រោះយ៉ូសែប» (ខ ៥) គឺជាការបំពេញសេចក្តីសន្យាព្រះជាម្ចាស់ចំពោះអ័ប្រាហាំ «គ្រប់ទាំងគ្រួនៅផែនដី នឹងបានពរដោយសារឯង» (១២:៣)។ តាមរយៈយ៉ូសែប គ្រួសារមួយបានពរ ប៉ុន្តែសេចក្តីសន្យានេះបានឲ្យមកដល់អ័ប្រាហាំ នឹងបានបំពេញសម្រេចអស្ចារ្យជាង។ តាមរយៈព្រះយេស៊ូវ «គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរ (កាឡាទី ៣:១៣-១៤)។
នៅក្នុងរឿងនេះយើងអាចឃើញភាពស្រដៀងគ្នាមួយចំនួនរវាងយ៉ូសែបនិងព្រះយេស៊ូវ៖ ដូចជាយ៉ូសែបបានប្តូរចេញពីតំណែងខ្ពស់ ដែលឪពុករបស់គាត់កំណត់ឲ្យទទួល ទៅធ្វើជាទាសករនៅអេស៊ីព្ទ តំឡើងទៅជាអ្នកគ្រប់គ្រងអេស៊ីព្ទ ដូចគ្នាព្រះយេស៊ូវបានប្តូរពីតំណែងថ្កើងឡើងជាមួយបិតាទ្រង់ មករងភាពអាម៉ាស់នៅលើផែនដី ទៅថ្កើងឡើងនៅខាងស្តាំព្រះហស្តនៃព្រះបិតាទ្រង់។ ព្រះជាម្ចាស់គង់ជាមួយយ៉ូសែប ហើយព្រះជាម្ចាស់ក៏គង់ជាមួយព្រះយេស៊ូវដែរ (លូកា ២:៤០; យ៉ូហាន ១:៣២) យ៉ូសែបជាម្នាក់នាំព្រះពរមកគ្រួសារមួយ ហើយព្រះយេស៊ូវជាអ្នកនាំព្រះពរដល់គ្រប់ទាំងគ្រួនៅលើផែនដី ហើយយ៉ូសែបត្រូវសេចក្តីល្បួង និងបានយកឈ្នះសេចក្តីល្បួងនោះ ឯព្រះយេស៊ូវត្រូវបានសាតាំងល្បួង (ម៉ាថាយ ៤:៩) ហើយទ្រង់បានយកឈ្នះសាតាំង។
ដូចជាយ៉ូសែបស្ងៀមស្ងាត់ នៅពេលគាត់រងការចោទប្រកាន់ខុស នោះព្រះយេស៊ូវក៏ស្ងៀមស្ងាត់ នៅពេលទ្រង់រងការចោទប្រកាន់ខុសផងដែរ (ម៉ាថាយ ២៦:៦៣) ហើយយ៉ូសែបគ្មានទោសអំពីអ្វីដែលគេចោទប្រកាន់ទេ តែគាត់ត្រូវទទួលទោសជាប់គុក ចំណែកឯព្រះយេស៊ូវវិញ គឺទ្រង់គ្មានទោសអ្វីសោះ តែទ្រង់ត្រូវទទួលទោសដល់បានសោយទិវង្គត ។ ទោះបីជាយ៉ាងណា មានសេចក្តីសំខាន់ខុសគ្នារវាងយ៉ូសែបនិងព្រះយេស៊ូវគ្រីស្ទ។ ព្រះជាម្ចាស់នៅជាមួយយ៉ូសែប ទោះបីជាក្នុងពេលវេលាអាក្រក់បំផុត ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការរងទុក្ខនៅលើឈើឆ្កាង ព្រះជាម្ចាស់បានលះបង់ទ្រង់មួយស្របក់ (ម៉ាកុស ១៥:៣៤។ ព្រះជាម្ចាស់បានលះបង់ព្រះយេស៊ូវប្រយោជន៍ដើម្បីអោយទ្រង់នឹងមិនលះបង់យើងចោលជារៀងរហូត។
ផ្ទៃរឿង និងគោលដៅអធិប្បាយ
យើងបានរៀនផ្ទៃរឿងសម្រាប់អត្ថបទនេះហើយគឺ «ព្រះជាម្ចាស់គង់ជាមួយយ៉ូសែបនៅក្នុងស្ថានភាពឡើងត្រដែត និងស្ថានភាពធ្លាក់ចុះនៅក្នុងផ្ទះរបស់ប៉ូទីផារ»។ ដោយមានពន្លឺពីការបើកសំដែងបន្ថែមទៀតនៅក្នុងសញ្ញាចាស់ ក៏ដូចជាសញ្ញាថ្មី យើងអាចពង្រីកផ្ទៃរឿងអត្ថបទនេះអោយទៅជាផ្ទៃរឿងអធិប្បាយបានថា ទងពេលបានចំរើន និងពេលខ្វះខាតនិងទុក្ខលំបាក ព្រះជាម្ចាស់គឺគង់នៅជាមួយរាស្រ្តរបស់ទ្រង់ជានិច្ច។ នេះធានាយើងថា ព្រះជាម្ចាស់តែងតែគង់នៅជាមួយយើង នៅពេលយើងបានចំរើន ក៏ដូចជាពេលយើងប្រឈមនឹងការខ្វះខាតនិងសេចក្ដីទុក្ខលំបាកផងដែរ។ ការអនុវត្តទាក់ទងនឹងមនុស្សខ្វះខាត ដែលជារឿយៗ មានអារម្មណ៍អស់សង្ឃឹមចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់រស់នៅជាមួយយ៉ូសែប ហើយជួយគាត់ឲ្យស្មោះត្រង់ និងយកឈ្នះការល្បួង ហើយយើងត្រូវការព្រះជាម្ចាស់ គង់ជាមួយយើង ដើម្បីជួយយើងអោយដើរតាមទ្រង់។ ម្តងទៀត នេះគឺជាអ្វីដែលព្រះយេស៊ូវសន្យានឹងធ្វើហើយបានធ្វើសម្រាប់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។
Leave a Reply