១ធីម៉ូថេ ៣:៤-៥ 1 Tim. 3:4-5 John Piper

1 Tim 3.4-5 Raising kids who hope 2 pdf download

The following sermon is a translation of a sermon at http://www.desiringgod.org/sermons/he-must-manage-his-household-well

 

ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់

 

១ធីម៉ូថេ ៣:៤-៥

 

អត្ថបទ​នៃ​ព្រះ​បន្ទូល​ត្រង់​នេះ ភ្ជាប់​គ្រួសារ​របស់​ព្រះ​ជាម្ចាស់​ដែល​ជា​ក្រុម​ជំនុំ​ជាមួយ​នឹង​គ្រួសារ​របស់​យើង។ ដើម្បី​ឲ្យ​យើង​យល់​ពី​អត្ថបទ​នេះ ជាដំបូង​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​មើល​ដោយ​ដេញ​ពី​ចុង​ឃ្លា​ខ៥ រហូត​ដល់​ដើម​ខ៤ វិញ។

 

ក្រុមជំនុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់

 

ចេញ​ពី​ឃ្លា «ក្រុម​ជំនុំ​របស់​ព្រះ» យើង​ខ្ញុំ​សុំ​ឲ្យ​ចំណង​ជើង​ចំណុច​ទី១ ថា ក្រុម​ជំនុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់។ មនុស្ស​មិន​មែន​ជា​អ្នក​បង្កើត​ក្រុម​ជំនុំ​ឡើយ ហើយ​គេ​ក៏​មិន​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ក្រុម​ជំនុំ​ដែរ។ តែ ព្រះ​ជាម្ចាស់​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ក្រុមជំនុំ​វិញ។

 

ពេល​ដែល​យើង​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចុង​ខ​នេះ នោះ​យើង​នឹង​ឃើញ​ពី​ភស្តុតាង​យ៉ាង​ជាក់​ស្ដែង​ពី​ចំណុច​ខាង​លើ​នេះ។ តើ​ទំនាក់ទំនង​រវាង​ព្រះ​ជាម្ចាស់​ជាមួយ​ក្រុម​ជំនុំ​ដែល​ជា​កម្មសិទ្ធិ​របស់​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច? តើ​ក្រុមជំនុំ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដូច​ដែល​ទ្រង់​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដួងច័ន្ទ និង​ហ្វូង​តារា​ឬ? តើ​ក្រុមជំនុំ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដូច​ដែល​ទ្រង់​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ជាតិ​សាសន៍​នៃ​ពិភពលោក​នេះ​ឬ?

 

សូម​អាន​ខ៥  «បើ​អ្នកណា​មិន​ចេះ​គ្រប់គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន តើ​គាត់​អាច​ថែរក្សា…របស់​ព្រះ​ដូចម្ដេច​បាន?» (គកស)។ តើ​យើង​គិត​ថា អ្នក​និពន្ធ​គួរ​នឹង​បំពេញ​ឃ្លា​នេះ​ដោយ​ពាក្យ​អ្វី​ខ្លះ? គឺ​ពាក្យ​ទាំង​នេះ​ថា «ក្រុម​គ្រួសារ​របស់​ព្រះ​ជាម្ចាស់»។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សន្មត​ថា ក្រុម​ជំនុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់ ពី​ព្រោះ​យើង​ជា​សមាជិក​នៃ​គ្រួសារ​របស់​ទ្រង់។ ព្រះ​អង្គ​ជា​បិតា​របស់​យើង ហើយ​យើង​ទាំង​អស់​គ្នា​ជា​បុត្រា​បុត្រី​របស់​ទ្រង់ នេះ​ក៏​មាន​ន័យ​ថា យើង​ជា​បងប្អូន​នឹង​គ្នា​ដែរ។

 

សេចក្ដីបង្រៀនស្ដីពីភាពនៅលីវ

 

សាវ័ក ប៉ុល ជា​បុរស​នៅ​លីវ។ ព្រះ​យេស៊ូវ​ក៏​ដូច្នេះ​ដែរ។ ប៉ុន្តែ បុរស​ទាំង​ពីរ​នេះ​មិន​មាន​ជីវិត​បែប​ឯកោ​ទេ។ យើង​ឃើញ​ថា សាវ័ក ប៉ុល បាន​បង្កើត​មិត្តភាព​ជាមួយ​ធីម៉ូថេ បាណាបាស ស៊ីឡាស និង​លូកា។ ចំណែកឯ ព្រះ​យេស៊ូវ​វិញ​ក៏​មាន​សិស្ស​ទាំង​ដប់​ពីរ​នាក់​របស់​ទ្រង់​ដែរ​ដោយ​រួម​បញ្ចូល​ទាំង​សាវ័ក ពេត្រុស យ៉ាកុប និង​យ៉ូហាន។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ចាកចេញ​ពី​បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន​ចៅ​របស់​ខ្លួន ដើម្បី​ប្រយោជន៍​នៃ​ដំណឹង​ល្អ នោះ​អ្នករាល់គ្នា​នឹង​ទទួល​បាន​បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន​ចៅ​ដល់​ទៅ​មួយ​រយ​ភាគ​ឡើង​ឯណោះ (ម៉ាកុស ១០:២៩-៣១)។ ខ្ញុំ​ជឿ​ការ​នេះ​មាន​ន័យ​ថា បងប្អូន​ខាង​ឯ​វិញ្ញាណ​របស់​យើង​នឹង​ក្លាយ​ជា​បងប្អូន​ជំនួស​បងប្អូន​ខាង​សាច់ឈាម​របស់​យើង ព្រោះ​យើង​បាន​លះ​ចោល​ពួក​គេ ដើម្បី​ប្រយោជន៍​ដំណឹង​ល្អ។

 

ដូច្នេះហើយ ការ​នៅ​លីវ​ចំពោះ​ព្រះ​យេស៊ូវ និង​សាវ័ក ប៉ុល មិន​មែន​មាន​ន័យ​ថា មិន​មាន​មិត្តភក្ដិ ឬក៏​ក្ដី​ស្រឡាញ់​នោះ​ឡើយ ប៉ុន្តែ វា​មាន​ន័យ​ថា ពួកគាត់​រក្សា​ព្រហ្មចារី។ គាត់​ទាំង​ពីរ​នាក់​ជា​មនុស្ស​នៅ​លីវ ហើយ​ក៏​មិន​បាន​បាត់បង់​ព្រហ្មចារី គាត់​ទាំង​ពីរ​នាក់​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នកដទៃ​ឲ្យ​រស់​នៅ​បែប​នោះ​ដែរ។

 

ឧទាហរណ៍ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៩:១២ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​អំពី​អ្នក «ដែល​ក្រៀវ​ខ្លួន​ឯង…ដោយ​យល់​ដល់​នគរ​ស្ថានសួគ៌»។ ខ្ញុំ​គិត​ថា ព្រះ​យេស៊ូវ​រៀប​រាប់​ពី​អ្នក​ដែល​ជ្រើស​រើស​យក​ជីវិត​ដែល​នៅ​លីវ ហើយ​រស់​នៅ​សម្រាប់​ប្រយោជន៍​ព្រះគ្រីស្ទ។

 

សាវ័ក ប៉ុល បាន​សរសេរ​នៅ​ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ៧:៧ ថា គាត់​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លីវ​ដូច​ជា​គាត់។ ប៉ុន្តែ គាត់​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មនុស្ស​យើង​មិន​មាន​អំណោយ​ទាន​បែប​នេះ​ទាំង​អស់​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​នៅ​លីវ ហើយ​អ្នក​ខ្លះ​មាន​អំណោយ​ទាន​រៀប​ការ។ ហេតុ​ដែល​គាត់​លើក​ហេតុ​ផល (នៅ​ជំពូក ៧:៣២-៣៥) ពី​ការ​ដែល​គាត់​លើក​ស្ទួយ​ភាព​នៅ​លីវ​របស់​គាត់ (ថែម​ទាំង​ចង់​ឲ្យ​អ្នក​ដទៃ​រស់​បែប​ដូច​គាត់) ដោយសារ​តែ​ការ​ដែល​គាត់​នៅ​លីវ​អាច​ឲ្យ​គាត់​បម្រើ​បេសកកម្ម​ក្រុមជំនុំ​យ៉ាង​ពេញទំហឹង​ដោយ​មិន​មាន​ការ​រំខាន​ពី​ការ​ត្រូវ​មាន​ទំនាក់​ទំនង​ជាមួយ​ប្រពន្ធ និង​កូនៗ។

 

ជាក់ស្ដែង​ណាស់ សាវ័ក ប៉ុល បាន​លើក​ចំណុច​ល្អៗ និង​ចំណុច​រំភើប​ជា​ច្រើន​ទាក់ទង​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ដូច​ដែល​យើង​ឃើញ​ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ៧:៤-៥ ជាពិសេស នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៥:២១ និង​បន្ទាប់ៗ​ទៀត។ ព្រះ ​ជាម្ចាស់​ជា​ស្ថាបនិក​អាពាហ៍ពិពាហ៍។ យើង​អាច​បង្កើត​កូន​ដែល​នឹង​នាំ​សិរីល្អ​ដល់​ព្រះ​អម្ចាស់ តាម​រយៈ​អាពាហ៍ពិពាហ៍ ។ យើង​អាច​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​តាម​រយៈ​អាពាហ៍ពិពាហ៍ ហើយ​យើង​អាច​បង្រៀន​សេចក្ដី​ពិត​ពី​ការ​រួបរួម​គ្នា ការ​ប្ដេជ្ញា​ចិត្ត និង​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស​ដល់​លោកីយ៍​នេះ​ចេញ​ពី​ការ​បង្ហាញ​នេះ​បាន។

 

ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា សាវ័ក ប៉ុល បោះបង់​ភាព​នៅ​លីវ​របស់​គាត់​ចោល ឬ​ក៏​មើល​ងាយ​ដល់​ភាព​នៅ​លីវ​នោះ​ដែរ។ ភាព​នៅ​លីវ​ផ្ដល់​នូវ​សេរីភាព​បាន​ច្រើន​ក្នុង​ការ​បម្រើ​ព្រះ​គ្រីស្ទ ហេតុដូច្នេះហើយ បាន​ជា​សាវ័ក ប៉ុល ប្រាថ្នា​ចង់​ឲ្យ​អ្នក​ផ្សេងៗ​ទៀត​នៅ​លីវ​ដូច​គាត់​ដែរ។ ភាព​នៅ​លីវ​មិន​មែន​ជា​បណ្ដាសា​នោះ​ទេ តែ​ផ្ដល់​ឱកាស​ឲ្យ​យើង​បម្រើ​ព្រះ​គ្រីស្ទ។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ភាព​ស្និទ្ធស្នាល​រវាង​ប្ដី​ និង​ប្រពន្ធ​ក្នុង​ការ​រួម​ដំណេក​មិនមែន​ជា​អ្វី​មួយ​ដែល​ពួកគេ​ត្រូវ​តែ​មាន​ជា​ដាច់​ខាង ដើម្បី​ឲ្យ​ជីវិត​ស្កប់ស្កល់​នោះ​ទេ។ សូម្បី​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​មិន​ដែល​មាន​ភាព​ស្និទ្ធស្នាល​ក្នុង​ការ​រួម​ដំណេក​ដែរ។ ប៉ុន្តែ នៅពេល​ដែល​វប្បធម៌​របស់​យើង​អនុញ្ញាត​ឲ្យ​យើង​រួម​ដំណេក ទោះបី​យើង​នៅ​លីវ​ក៏​ដោយ ការ​អនុញ្ញាត​បែប​នេះ​មិន​មែន​គ្រាន់​តែ​ប្រឆាំង​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ​យេស៊ូវ (ម៉ាថាយ ១៥:១៩) ប៉ុណ្ណោះ​នោះ​ទេ វា​ថែម​ទាំង​បង្រៀន​ថា ព្រះ​យេស៊ូវ​ដូចជា​មនុស្ស​ល្ងីល្ងើ​អញ្ចឹង ពីព្រោះ​ទ្រង់​បាន​រក្សា​ព្រហ្មចារី ហើយ​បាន​អះអាង​ថា ទ្រង់​ផ្ទាល់​បាន​ទទួល​អំណរ​យ៉ាង​ស្កប់ស្កល់ ដោយ​បាន​មាន​ព្រះ​បន្ទូល​ដល់​អ្នក​ដែល​ទុក​ចិត្ត​លើ​ទ្រង់​ថា «…ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង»។(យ៉ូហាន ១៥:១១)

ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកដឹកនាំថែរក្សាក្រុមជំនុំ

 

ឥឡូវ ចូរ​យើង​ត្រឡប់​ទៅ​មើល​កណ្ឌគម្ពីរ ១ធីម៉ូថេ ៣:៥ វិញ។ យើង​កំពុង​តែ​សិក្សា​ដេញ​ពី​ចុង​ឃ្លា​ខ៥ បញ្ច្រាស​ទៅ​លើ​វិញ។ ព្រះ​ជាម្ចាស់​គឺ​ជា​ម្ចាស់​នៃ​ក្រុម​ជំនុំ​មិនមែន​មនុស្ស​ទេ។ ចំណុច​ស្នូល​នៃ​បរិបទ​ត្រង់​នេះ​គឺថា ក្រុមជំនុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់​ដូច​ជា​គ្រួសារ​ជា​កម្មសិទ្ធិ​របស់​ឪពុក​យ៉ាង​ដូច្នោះ​ដែរ។ គំនិត​ដែល​ថា ក្រុមជំនុំ គឺជា​គ្រួសារ​មួយ​ដែល​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​បង្រៀន​ពី​អត្ថន័យ​នៃ​ភាព​នៅ​លីវ ដើម្បី​ការ​បម្រើ​បុព្វហេតុ​របស់​ព្រះ​គ្រីស្ទ។ យើង​បាន​ព្យាយាម​ដក​ស្រង់​សេចក្ដី​បង្រៀន​ខ្លះៗ​នោះ​ចេញ​ពី​គំរូ​នៃ​ជីវិត និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​និង​សាវ័ក ប៉ុល។

 

ក្រោយ​មក យើង​សង្កេត​ឃើញ​ឃ្លា​ថា «…តើ​គាត់​អាច​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ​ដូចម្ដេច​បាន?» (គកស)។ ដូច្នេះ​អ្វី​ដែល​យើង​បាន​រៀន​ចេញ​ពី​ឃ្លា​នេះ វា​មាន​ភាព​សាមញ្ញ​ត្រង់​ថា ព្រះ​ជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​ក្រុមជំនុំ​មាន​អ្នក​ដឹកនាំ​ដែល​ចេះ​ថែរក្សា​គ្រួសារ​របស់​ទ្រង់ និយាយ​ឲ្យ​ចំ​គឺ​ថែរក្សា​ក្រុមជំនុំ​តែ​ម្ដង។

 

នេះ​ហើយ​គឺ​ជា​ចំណុច​ស្នូល​នៃ​កថាខណ្ឌ​នេះ។ កណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១ បាន​ចែង​ថា បើ​អ្នកណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួតត្រា នោះ​ឈ្មោះ​ថា ចង់​បាន​ការ​ល្អ​ប្រសើរ​ហើយ (គកស)។ ពាក្យ​ថា «អ្នក​ត្រួតត្រា» ក្នុង​ខគម្ពីរ​នេះ គឺ​ដូចគ្នា​នឹង​ពាក្យ​ថា «ចាស់ទុំ» ក្នុង​កណ្ឌគម្ពីរ ១ធីម៉ូថេ ៥:១៧ និង​ទីតុស ១:៥, ៧ (អ្នក​និពន្ធ​បាន​ប្រើ​ពាក្យ «អ្នក​ត្រួតត្រា» និង​ពាក្យ «ចាស់ទុំ» ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក)។ ទោះបី​គ្រីស្ទបរិស័ទ​គ្រប់គ្នា​សុទ្ធតែ​ជា​បង​ប្អូន​នឹង​គ្នា ហើយ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​ក៏​ដោយ ក៏​ទ្រង់​នៅតែ​សព្វ​ព្រះហឫទ័យ​ញែក​បុរស​មួយ​ចំនួន​ឲ្យ​ទៅ​ថែរក្សា ហើយ​មើល​ការខុសត្រូវ​ខាង​ឯ​វិញ្ញាណ​នៃ​គ្រួសារ​របស់​ទ្រង់​ដែរ។

 

សមត្ថភាពរបស់អ្នកដឹកនាំក្នុងការគ្រប់គ្រងគ្រួសារឲ្យបានល្អ

 

ចំណុច​ទី​បី​ដែល​គួរ​ឲ្យ​កត់សម្គាល់ នៅពេល​ដែល​យើង​អាន​ដេញ​ពី​ចុង​ឃ្លា​ខ៥ ត្រឡប់​ទៅ​ដើម​ខ​វិញ យើង​នឹង​ឃើញ​មាន​លក្ខណៈ​ដ៏​សំខាន់​មួយ​ដែល​អ្នក​មើល​ខុសត្រូវ​គ្រួសារ​របស់​ព្រះជាម្ចាស់​ត្រូវ​មាន​នោះ​គឺ គាត់​ត្រូវ​ចេះ​គ្រប់គ្រង​គ្រួសារ​ខាង​សាច់ឈាម​គាត់​ឲ្យ​បាន​ល្អ​សិន។ កណ្ឌគម្ពីរ ១ធីម៉ូថេ ៣:៥ ចែង​ថា «បើ​អ្នកណា​មិន​ចេះ​គ្រប់គ្រង​ក្រុម​គ្រួសារ​របស់​ខ្លួន តើ​គាត់​អាច​ថែរក្សា​ក្រុមជំនុំ​របស់​ព្រះ​ដូចម្ដេច​បាន?»។

 

ពាក្យ​ថា «គ្រប់គ្រង» គឺ​ជា​ពាក្យ​ដ៏​ល្អ​មួយ​ដែល​យ៉ាង​ហោច​ណាស់​មាន​អត្ថន័យ​ពីរ​យ៉ាង។

 

យោង​តាម​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ពាក្យ​នេះ​មាន​ន័យ​ថា «បីបាច់ រក្សា ថែទាំ​ដោយ​ទទួល​រង​បន្ទុក រង​ខុស​ត្រូវ​លើ​ខ្លួន»។ អ្នក​បីបាច់​ថែរក្សា គឺជា​អ្នក​ដឹកនាំ អ្នក​ការពារ និង​អ្នក​ផ្គត់ផ្គង់។ អត្ថន័យ​ដែល​ខ​គម្ពីរ​នេះ​ផ្ដោត​លើ គឺ​ត្រង់​ចំណុច​ថែរក្សា។ អ្នក​អាច​ឃើញ​អត្ថន័យ​នេះ​នៅ​ចុង​ខ៥។ ដើម​ខ​នេះ​ចាប់ផ្ដើម​ឡើង​ដោយ​មាន​រៀបរាប់​ពី​ការ​គ្រប់គ្រង និង​ការ​ត្រួតត្រា​ក្រុម​គ្រួសារ ប៉ុន្តែ​បញ្ចប់​ទៅ​វិញ​ដោយ​មាន​រៀបរាប់​ពី​ការ​ថែរក្សា​ក្រុមជំនុំ។

 

នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​ចេញពី​ព្រះគម្ពីរ​ដែល​បង្ហាញ​ថា ការ​ដឹកនាំ​ក្រុម​ជំនុំ​គឺ​ជា​ការបម្រើ និង​ការ​ថែរក្សា​ក្រុមជំនុំ។ លក្ខណៈ​នៃ​ការដឹកនាំ​មិនមែន​ដឹកនាំ​ដោយ​ប្រើ​អំណាច​នោះ​ទេ ប៉ុន្តែ​ត្រូវ​ដឹកនាំ​ដោយ​ការ​ថែរក្សា​វិញ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​ការដឹកនាំ​បែប​នេះ​ក្នុង​កណ្ឌគម្ពីរ លូកា ២២:២៦ «អ្នកណា​ធំ​ជាងគេ​ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ត្រូវ​ប្រព្រឹត្ត​ដូចជា​តូចជាង​គេ​វិញ ហើយ​អ្នកណា​ដែល​នាំមុខ​គេ នោះ​ដូចជា​អ្នកបម្រើ​ដែរ»។

 

ចំណុច​ស្នូល​ដែល​សាវ័ក ប៉ុល មាន​ប្រសាសន៍​គឺ​ថា របៀប​ដែល​បុរស​ម្នាក់​គ្រប់គ្រង​ក្រុម​គ្រួសារ​របស់​គាត់ គឺ​ជា​ការ​ល្បងល​ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​ដឹង​ថា តើ​គាត់​អាច​ថែរក្សា​ក្រុមជំនុំ​បាន​ឬ​អត់ ពោល​គឺ​ការដឹកនាំ​ដោយ​ទឹក​ចិត្ត​ចង់​ថែរក្សា និង​ការដឹកនាំ​ដោយ​មាន​ចិត្ត​ក្លាហាន។

 

កូនៗជាភស្តុតាងថាតើអ្នកដឹកនាំម្នាក់សក្ដិសមនឹងដឹកនាំក៏អត់

 

ឥឡូវ​នេះ បើ​យើង​ត្រឡប់​ទៅ​មើល​ខ៤​ឡើង​វិញ នោះ​យើង​ឃើញ​ថា​សាវ័ក ប៉ុល បាន​ផ្ដោត​លើ​កូនៗ​ថា​ជា​ភស្តុតាង ប្រសិនបើ បុរស​ម្នាក់​អាច​ដឹកនាំ​កូនៗ​បែប​នេះ​បាន នោះ​គាត់​ក៏​អាច​ដឹកនាំ​ក្រុមជំនុំ​តាម​របៀប​នោះ​បាន​ដែរ។ គាត់​បាន​លើ​ឡើង​ថា «ត្រូវ​ត្រួតត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល​បួល ទាំង​ឲ្យ​កូន​ចៅ​ស្ដាប់​បង្គាប់​ដោយ​នឹង​ធឹង»។

 

ទំនួលខុសត្រូវរបស់កូនៗគឺការគោរពប្រតិបត្តិដល់ឪពុកម្ដាយ

 

ខ​គម្ពីរ​ខាង​ក្រោម​នេះ​បង្ហាញ​ពី​ចំណុច​សំខាន់​ដល់​កូនៗ ក៏​ដូចជា​ឪពុកម្ដាយ ជាពិសេស​ឪពុក​តែម្ដង។ នៅ​ក្នុង​ចំណុច​ទី​ប្រាំ​នៃ​ក្រឹត្យវិន័យ​ទាំង​ដប់ ព្រះជាម្ចាស់​​បាន​មាន​បន្ទូល​ថា «ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ» (និក្ខមនំ ២០:១២)។  ឱ! កូន​រាល់​គ្នា​អើយ កុំ​ឲ្យ​ប្រព្រឹត្ត ឬ​ក៏​និយាយ​ពី​ឪពុក​ម្ដាយ​ក្នុង​របៀប​ដែល​បង្ហាញ​ថា​ពួក​គាត់​ជា​មនុស្ស​ល្ងីល្ងើ​ឡើយ។ ហើយ​ក៏​កុំ​ឲ្យ​ប្រកែក​ជាមួយ​ពួកគាត់​ក្នុង​លក្ខណៈ​ដូច​ជា​កូន​ក្មេង​នោះ​ឡើយ។

 

តែ​ចូរ​ធ្វើ​តាម​ព្រះ​បន្ទូល​ដែល​បាន​លើក​ឡើង​ថា «ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា» (អេភេសូរ ៦:១)។ ឱ! កូនៗ​រាល់​គ្នា​អើយ ចូរ​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​មាតាបិតា​ចុះ កុំ​ឲ្យ​កុហក​ពួកគាត់​ឡើយ។ ដំបូង យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់ បន្ទាប់​មក​ឪពុក​ម្ដាយ​ជា​អ្នក​ទី​ពីរ​ដែល​យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់ ពីព្រោះ​សេចក្ដី​ទូន្មាន​របស់​គាត់​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​របស់​យើង។ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួកគាត់​ដោយ​ការគោរព​យ៉ាង​ជ្រាលជ្រៅ។ ដ្បិត​អី ព្រះ​បន្ទូល​បាន​សន្យា​ហើយ​ថា ប្រសិនបើ យើង​ស្ដាប់​បង្គាប់​យ៉ាង​ដូច្នេះ នោះ​ជីវិត​យើង​នឹង​បាន​ប្រសើរ​ជា​មិន​ខាន។

 

ម្យ៉ាង​វិញ​ទៀត ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា ការគោរព និង​ការ​ស្ដាប់បង្គាប់​ដល់​ឪពុកម្ដាយ គឺជា​ទំនួល​ខុសត្រូវ​របស់​កូនៗ។ ប្រសិន​បើ កូនៗ​មិន​ស្ដាប់​បង្គាប់​ទេ នោះ​ពួកគេ​ច្បាស់​ជា​ជួប​បញ្ហា​ក្នុង​ពេល​ខាងមុខ ប៉ុន្តែ​ប្រសិន​បើ កូនៗ​ស្ដាប់​បង្គាប់​តាម​វិញ នោះ​ពួកគេ​នឹង​ទទួល​បាន​រង្វាន់។ ព្រះ​បន្ទូល​បាន​បង្គាប់ ក៏​ដូចជា​បាន​លើក​ឡើង​ដែរ​ថា ការ​ចុះ​ចូល និង​ការគោរព​ប្រតិបត្តិ​ដល់​ឪពុកម្ដាយ​ជា​ទំនួល​ខុសត្រូវ​របស់​កូនៗ។

 

ទំនួលខុសត្រូវរបស់ឪពុកលើអាកប្បកិរិយាកូនៗ

 

ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត អត្ថបទ​របស់​យើង​ក៏​បាន​លើក​ឡើង​ដែរ​ថា ឪពុក​ត្រូវ​មើល​ការខុសត្រូវ​លើ​អាកប្បកិរិយា​កូនៗ។ កណ្ឌគម្ពីរ ១ធីម៉ូថេ ៣:៤ ចែង​ថា «ត្រូវ​ត្រួត​ត្រា​របស់​ខ្លួន ដោយ​ស្រួល​បួល ទាំង​ឲ្យ​កូន​ចៅ​ស្ដាប់​បង្គាប់​ដោយ​នឹង​ធឹង»។ ប្រសិនបើ គាត់​អាច​ដឹកនាំ​គ្រួសារ​បាន​ល្អ នោះ​អ្នក​ដទៃ​នឹង​ទទួល​ស្គាល់​ថា គាត់​ក៏​អាច​ដឹកនាំ​ក្រុមជំនុំ​បាន​ល្អ​ដែរ។ ប៉ុន្តែ ប្រសិនបើ គាត់​ដឹកនាំ​មិន​បាន​ល្អ​ទេ  នោះ​អ្នក​ដទៃ​ក៏​នឹង​ទទួល​ស្គាល់​ដែរ​ថា គាត់​ក៏​មិន​អាច​ដឹកនាំ​ក្រុមជំនុំ​បាន​ល្អ​ដែរ។ ឪពុក​រាល់​គ្នា​មាន​ទំនួលខុសត្រូវ​បង្ហាត់បង្រៀន​កូនៗ​ឲ្យ​ចេះ​ចុះចូល និង​ចេះ​គោរព​គេ។

 

ទំនួលខុសត្រូវទាំងពីរនេះស៊ីគ្នាបានយ៉ាងដូចម្ដេច?

 

តើ​យើង​អាច​យល់​ពី​ទំនួល​ខុសត្រូវ​ទាំង​ពីរ​នេះ​បាន​យ៉ាង​ដូចម្ដេច៖ ដែល​ថា ទំនួល​ខុសត្រូវ​របស់​កូនៗ​គឺ​ការ​ស្ដាប់បង្គាប់ ហើយ​ថា​ការ​ដែល​កូនៗ​ចេះ​ស្ដាប់​បង្គាប់​មក​ពី​ឪពុក​មាន​ទំនួល​ខុសត្រូវ? ខ្ញុំ​ក៏​ដឹង​មិន​ច្បាស់​ពី​ចម្លើយ​នេះ​ដែរ។ ខ្ញុំ​បាន​ចំណាយ​ពេល​គិត​ជា​ច្រើន ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ដឹង​ចម្លើយ​ដ៏​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

 

ដោយ​ការ​គោរព​ចំពោះ​ព្រះបន្ទូល ខ្ញុំ​សូម​ទទួល​យក​សេចក្ដី​ពិត​ទាំង​ពីរ​នេះ ហើយ​ក៏​លើក​ទឹក​ចិត្ត​អ្នក​ទាំងអស់​គ្នា​ឲ្យ​ទទួល​យក​សេចក្ដី​ពិត​ទាំង​ពីរ​នេះ​យ៉ាង​ពេញ​ទី​ដែរ។ ទំនួល​ខុសត្រូវ​របស់​កូនៗ​ចំពោះ​ព្រះ​ជាម្ចាស់ គឺ​ការ​គោរព​ប្រតិបត្តិ ស្ដាប់​បង្គាប់ ហើយ​ចុះចូល​ចំពោះ​ឪពុក​ម្ដាយ​របស់​ពួកគេ។ ឪពុក​ម្ដាយ ជា​ពិសេស​ឪពុក​ គឺ​ពួកគាត់​ត្រូវ​មាន​ទំនួល​ខុសត្រូវ​បង្ហាត់បង្រៀន​កូនៗ​ឲ្យ​ក្លាយ​ជា​អ្នក​ដែល​ចេះ គោរព​តាម ប្រតិបត្តិ​តាម និង​ចុះចូល​តាម។

 

នេះ​មាន​ន័យ​ថា ប្រសិនបើ កូន​ណា​មួយ​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​បួន​របស់​យើង​ខ្ញុំ មាន​គំនិត​ចង់​បះបោរ រឹង​រូស ទទឹងទទែង ហើយ​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជា​ឧក្រិដ្ឋជន កូន​នោះ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​លើ​ទង្វើ​របស់​គាត់។ ព្រះ​ជាម្ចាស់​នឹង​ថ្កោលទោស​កូន​នោះ កូន​នេះ​នឹង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​បាន​ធ្វើ​ខុស ហើយ​អ្នក​ដទៃ​នឹង​មើល​ងាយ​គាត់ ព្រម​ទាំង​ត្រូវ​ប្រឈម​មុខ​ចំពោះ​តុលាការ។ កូន​នោះ​ឯង​ត្រូវ​ទទួល​ខុសត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

 

ប៉ុន្តែ សេចក្ដី​ខាង​លើ​នេះ​មិន​ទាន់​ចប់​ត្រឹម​នេះ​នៅ​ឡើយ​ទេ។ អត្ថបទ​គម្ពីរ​បាន​បង្រៀន​ថា ខ្ញុំ​ដែល​ជា​ឪពុក​ក៏​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការ​ចេះ​ចុះចូល និង​ការ​ចេះ​គោរព​របស់​កូន​ប្រុស​ខ្ញុំ​ផង​ដែរ។ ការ​ដែល​កូនៗ​យើង​ខ្ញុំ​ចេះ​ស្ដាប់​បង្គាប់​ក៏​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​ខ្ញុំ​ផង​ដែរ។ ប្រសិនបើ មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បះបោរ​ប្រឆាំង​សេចក្ដី​បង្រៀន​របស់​យើង​ខ្ញុំ ហើយ​រឹងរូស ទទឹងទទែង ហើយ​ក្លាយ​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ឬ​ឧក្រិដ្ឋជន​នឹង​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​ក៏​ត្រូវ​ទទួល​ខុសត្រូវ​លើ​អ្វីៗ​ដែល​កូន​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ផង​ដែរ។ ខ្ញុំ​នឹង​ទទួល​ការ​វាយប្រដៅ​ពី​ព្រះ​ជាម្ចាស់ ហើយ​ទង្វើ​របស់​ពួកគេ​នឹង​ជះឥទ្ធិពល​អាក្រក់​លើ​ព័ន្ធកិច្ច​យើង​ខ្ញុំ​ដែល​អាច​បង្អាក់ ឬ​បញ្ឈប់​យើង​ខ្ញុំ​ពី​ព័ន្ធកិច្ច​នោះ​ទាំង​ស្រុង។

 

ទំនួលខុសត្រូវដ៏ធំធេងរបស់ឪពុកម្ដាយ

 

អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា ជាពិសេស​ឪពុក ចងចាំ​គឺ​ថា ការ​ធ្វើ​ជា​ឪពុកម្ដាយ​គឺ​ត្រូវ​មាន​ទំនួលខុសត្រូវ​ធំធេង​ណាស់។ ទំនួលខុសត្រូវ​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​គឺ​ធំ​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​គិត​ទៅ​ទៀត។ នៅ​ពេល​ដែល​យើង​យល់​ពី​ទំនួល​ខុសត្រូវ​របស់​យើង​ទាក់​ទង​នឹង​ការ​ចុះចូល និង​ការ​គោរព​របស់​កូនៗ​យើង ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៣:៤-៥ នោះ​យើង​គួរ​ឆ្លើយ​តប​ដោយ​ត្រូវ​រក​មើល​កន្លែង​ស្ងៀមស្ងាត់​នៅ​ក្នុង​ផ្ទះ​របស់​យើង ហើយ​លុត​ជង្គង់​ចំពោះ​ព្រះ​ជាម្ចាស់ បន្ទាប់​មក​ទទូច​អង្វរ​ឲ្យ​ព្រះ​ជាម្ចាស់​សង្គ្រោះ​កូនៗ​របស់​យើង ឲ្យ​ទ្រង់​ការពារ​ពួកគេ​ពី​សាតាំង ហើយ​ឲ្យ​ពួកគេ​តស៊ូ​ក្នុង​ជំនឿ ក៏​ដូចជា​ឲ្យ​ពួកគេ​ស្ដាប់​បង្គាប់​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​ពួកគេ។

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top