ព្រះជាម្ចាស់បង្គាប់លោកអ័ប្រាហាំអោយបូជាកូនថ្វាយព្រះអម្ចាស់
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់
ការពិបាកមួយក្នុងការអធិប្បាយរឿងល្បីល្បាញនេះគឺ ត្រូវជ្រើសរើសរវាងទស្សនៈខុសៗគ្នារបស់សាស្ត្រាចារ្យព្រះគម្ពីរទាក់ទងនឹងអត្ថន័យអត្ថបទនេះ និងទំនាក់ទំនងទៅកាន់ព្រះយេស៊ូវ។ ការពិបាកមួយទៀតគឺ ត្រូវចៀសវាងការអនុវត្តខុសផ្សេងៗ ដែលអ្នកអធិប្បាយជាច្រើនបានផ្តល់អោយ។ ឧទាហរណ៍ ការអនុវត្តខុសឆ្គងមួយគឺ «អ័ប្រាហាំបានប្រាប់អ្នកបំរើរបស់គាត់មិនមកជាមួយគាត់ (ខ.៥) ដូច្នេះយើងឃើញថា គាត់មិនបានចង់អោយមានគេរំខានដល់គាត់ទេ ដូច្នេះ នៅពេលយើងជួបទុក្ខលំបាកធ្ងន់ធ្ងរ យើងមិនគួរមានមនុស្សច្រើននៅក្បែរយើងឡើយ។» ជាញឹកញាប់ អ្នកអធិប្បាយ និងអ្នកស្តាប់ព្យាយាមស្វែងរកការអនុវត្តមួយមកពីរឿងមួយដោយសំឡឹងមើលសកម្មភាពរបស់មនុស្សនៅក្នុងរឿង ប៉ុន្តែមិនយល់អំពីសាររបស់អត្ថបទនោះទេ។
ខ.១បង្ហាញថា ព្រះបានកំពុងល្បងលអ័ប្រាហាំ គឺព្រះពិតជាមិនត្រូវអោយមានយញ្ញបូជាកូនក្មេងដូចជាពួកព្រះដទៃឡើយ។ អ័ប្រាហាំពិតជាមិនដឹងការនេះឡើយ។ ពាក្យថា «កូនឯង ដែលជាកូនសំឡាញ់តែ១» ត្រូវនិយាយជាច្រើនដងពេញក្នុងរឿងនេះ ដែលបង្ហាញថា ការល្បងលនោះគឺជាការល្បងលដ៏ធំ ហើយវានឹងមានការលំបាកយ៉ាងខ្លាំងសំរាប់អ័ប្រាហាំក្នុងការថ្វាយកូននោះជាយញ្ញបូជា។ អ្នកនិទាន ប្រើការលើកឡើងដដែលៗនេះ ដើម្បីសង្កត់ធ្ងន់លើផ្ទៃរឿង។ ពាក្យថា «កូន» ត្រូវបាននិយាយដប់ដង, «ដង្វាយដុត» ប្រាំមួយដង, «ឱស» ប្រាំដង, «កន្លែង» បួនដង, និង «ផ្គត់ផ្គង់» បីដង។ ពាក្យថា «ផ្គត់ផ្គង់» មានសារៈសំខាន់ពិសេសណាស់។ ដើម្បីឆ្លើយតបទៅនឹងសំនួររបស់អ៊ីសាកដែលថា «កូនចៀមសំរាប់ដង្វាយដុត តើនៅឯណា?» នោះអ័ប្រាហាំនិយាយថា «កូនអើយ កូនចៀមដែលជាសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់អោយ» (ខ.៨)។ ព្រះពិតជាផ្គត់ផ្គង់កូនចៀមសំរាប់ជាដង្វាយដុតមែន គឺជាចៀមឈ្មោលមួយជាប់ស្នែងនៅព្រៃ (ខ.១៣)។ ដូច្នេះ អ័ប្រាហាំហៅកន្លែងនោះថា «ព្រះទ្រង់នឹងផ្គត់ផ្គង់អោយ» (ខ.១៤)។ យើងមើលឃើញសារៈសំខាន់នៃចំណុចនេះម្តងទៀតនៅក្នុងខ.១៤ «នៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់អោយ»។ ការស្បថនៅក្នុងខ.១៥-១៨ គឺជាសេចក្តីថ្លែងវែងបំផុតនៅក្នុងរឿងនេះ ហើយនេះបង្ហាញអំពីសារៈសំខាន់នៃសេចក្តីសន្យានេះ។
ព្រះសំខាន់បំផុត
ជារឿយៗ មនុស្សអានអត្ថបទនេះជាគំរូដ៏អស្ចារ្យមួយនៃការស្តាប់បង្គាប់របស់អ័ប្រាហាំ។ ទោះបីជាការស្តាប់បង្គាប់របស់អ័ប្រាហាំគឺជាផ្ទៃរឿងសំខាន់មួយនៅក្នុងរឿង ហើយអ៊ីសាកគឺជាតួអង្គសំខាន់ម្នាក់ផងដែរ ប៉ុន្តែការពិតព្រះគឺជាតួអង្គសំខាន់បំផុតនៅក្នុងរឿងនេះ។ «ព្រះទ្រង់ល្បង» (ខ.១) អ័ប្រាហាំប្រាប់អ៊ីសាកថា «ព្រះនឹងផ្គត់ផ្គង់អោយ» (ខ.៨) ព្រះបញ្ឈប់អ័ប្រាហាំពីការថ្វាយអ៊ីសាកជាយញ្ញបូជា (ខ.១២) ព្រះផ្គត់ផ្គង់ចៀមឈ្មោល (ខ.១៣) អ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះនឹងផ្គត់ផ្គង់អោយ» (ខ.១៤) អ្នកនិទាន បន្ថែមថា «ដូចជាគេក៏និយាយដល់សព្វថ្ងៃនេះដែរថា (នៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់អោយ)» (ខ.១៤) ហើយព្រះសន្យាប្រទានពរដល់អ័ប្រាហាំ ពូជរបស់គាត់ និងជាតិសាសន៍ទាំងអស់ (ខ.១៥-១៨)។
ផ្ទៃរឿង និងគោលដៅ
ដើម្បីសំរេចជ្រើសរើសយកផ្ទៃរឿង នោះយើងត្រូវតែជ្រើសរើសក្នុងរវាងផ្ទៃរឿងខុសគ្នាពីរ។ ផ្ទៃរឿងទីមួយនិងមានគេប្រើញឹកញាប់មកពីខ.១ «ព្រះទ្រង់ល្បងអ័ប្រាហាំ»។ យោងតាមផ្ទៃរឿងនេះ ព្រះរាជសារគឺថា ព្រះមានអធិបតីភាព ហើយល្បងសេចក្តីជំនឿរបស់រាស្ត្ររបស់ទ្រង់ ហើយថា ទ្រង់រំពឹងចង់បានការស្តាប់បង្គាប់ពេញលេញ និងការទុកចិត្តទាំងស្រុងដូចជាអ័ប្រាហាំបានធ្វើផងដែរ។ យោងតាមព្រះរាជសារនេះ ផ្ទៃរឿងក្លាយជា «កាលណាព្រះដ៏មានអធិបតីភាពល្បងសេចក្តីជំនឿរបស់រាស្ត្ររបស់ទ្រង់ នោះទ្រង់តម្រូវអោយមានការស្តាប់បង្គាប់ដែលទុកចិត្តទាំងស្រុង។» ទោះបីផ្ទៃរឿងនេះគឺជាសេចក្តីពិត ប៉ុន្តែវាមិនទាន់ក្តោបយកព្រះរាជសារទាំងស្រុងនៅក្នុងអត្ថបទនេះនៅឡើយ។
តើព្រះរាជសារដើមសំរាប់អ៊ីស្រាអែលគឺជាអ្វី? ដើម្បីឆ្លើយនឹងសំនួរនេះ សូមគិតអំពីអ៊ីសាកនៅក្នុងរឿងនេះ។ តើអ៊ីសាកស្លាប់ ឬនៅរស់? បើសិនគាត់បានស្លាប់នៅលើអាសនា នោះនឹងមិនមានប្រជាជនអ៊ីស្រាអែលឡើយ ចៀមឈ្មោលបានស្លាប់ ដើម្បីអោយអ៊ីសាក ដែលជាអ៊ីស្រាអែលបានរស់។ សូម្បីតែសព្វថ្ងៃនេះ ពួកយូដាហៅរឿងនេះថា «ខ្សែចំណងរបស់អ៊ីសាក» នៅថ្ងៃចូលឆ្នាំថ្មីរបស់សាសន៍យូដា។
លើសពីនេះ យើងមើលឃើញច្បាស់ថា «ព្រះនឹងផ្គត់ផ្គង់» គឺជាគំនិតយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ប៉ុន្តែ «ព្រះនឹងផ្គត់ផ្គង់» មិនគ្រាន់តែជាគំនិតយ៉ាងសំខាន់មួយនៅក្នុងរឿងប៉ុណ្ណោះទេ តែវាក៏ជាព្រះរាជសារសំខាន់ចាំបាច់នៅក្នុងរឿងនេះសំរាប់អ៊ីស្រាអែលផងដែរ។ សំរាប់អ៊ីស្រាអែល សេចក្តីស្លាប់ ឬជីវិតរបស់អ៊ីសាកគឺជាស្នូល ដំណើររឿង។ អ៊ីសាកជិតស្លាប់ដោយកាំបិតចាក់ ហើយបន្ទាប់មកគាត់ទទួលបានជីវិតរបស់គាត់ត្រឡប់មកវិញ ហើយក៏ចៀមឈ្មោលត្រូវបានថ្វាយជាយញ្ញបូជា «ជំនួសអោយ» អ៊ីសាក។ ផ្ទៃរឿងនេះប្រើដំណើររឿងរបស់អ្នកនិទានកថានៅក្នុងខ.២ដល់១៤ ហើយប្រើពាក្យគន្លឹះដែលលេចឡើងដដែល «ព្រះនឹងផ្គត់ផ្គង់»។ យើងលឺពាក្យនេះដំបូងនៅក្នុងពាក្យសំដីរបស់អ័ប្រាហាំទៅកាន់អ៊ីសាកថា «ព្រះនឹងផ្គត់ផ្គង់» (ខ.៨) បន្ទាប់មកព្រះបានផ្គត់ផ្គង់ចៀមឈ្មោលមួយ ដើម្បីធ្វើជាដង្វាយយញ្ញបូជា «ជំនួសអោយ» អ៊ីសាក (ខ.១៣) បន្ទាប់មកអ័ប្រាហាំបានហៅកន្លែងនោះថា «ទ្រង់នឹងផ្គត់ផ្គង់អោយ» (ខ.១៤) ហើយជាចុងក្រោយអ្នកនិទាន និយាយម្តងទៀតថា ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរថា «នៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់អោយ» (ខ.១៤)។ ការផ្តោតលើអ៊ីសាកនេះត្រូវបានគាំទ្រដោយព្រះពរបញ្ចប់ ដែល មិនសូវផ្តោតលើអ័ប្រាហាំទេ ប៉ុន្តែលើពូជរបស់គាត់វិញ៖ «នោះអញនឹងអោយពរដល់ឯង ហើយនឹងចំរើនពូជឯងអោយមានគ្នាសន្ធឹកដូចជា….ហើយដូចជាខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជឯង….» (ខ.១៧-១៨)។ ដូច្នេះ យោងតាមការកាត់ស្រាយនេះ ផ្ទៃរឿងសំរាប់អ៊ីស្រាអែលនៅក្នុងរឿងនេះគឺ៖ ព្រះអម្ចាស់ផ្គត់ផ្គង់កូនចៀមមួយសំរាប់ជាដង្វាយដុត ដើម្បីអោយអ៊ីសាក/អ៊ីស្រាអែលអាចរស់នៅ។
ដូច្នេះ រឿងនេះបង្រៀនអ៊ីស្រាអែលថា ពួកគេបានរស់តាមរយៈព្រះគុណរបស់ព្រះ ដែលផ្គត់ផ្គង់តែប៉ុណ្ណោះ ដូច្នេះហើយពួកគេត្រូវតែអរព្រះគុណសំរាប់ព្រះគុណរបស់ព្រះនៅក្នុងការផ្គត់ផ្គង់ដង្វាយជំនួសមួយ ដើម្បីអោយអ៊ីស្រាអែលអាចរស់នៅ។ រឿងនេះបានបង្រៀនពួកគេអំពីអ្វី ដែលរឿងនេះបានបង្រៀនដល់អ័ប្រាហាំ និងអ៊ីសាកដែរថា ព្រះនឹងផ្គត់ផ្គង់អោយ ហើយថា សេចក្តីសន្យារបស់ទ្រង់នឹង ស្ថិតស្ថេររហូតតទៅ។ ដូច្នេះ រឿងនេះបានធានាដល់អ៊ីស្រាអែលឲ្យ ពួកគេអាចទុកចិត្តថា ព្រះអម្ចាស់ដែលស្មោះត្រង់នឹងសម្ព័ន្ធមេត្រី នឹងផ្គត់ផ្គង់អោយ សូម្បីតែនៅពេលពួកគេនៅក្បែរសេចក្តីស្លាប់ ចុងក្រោយ ពួកគេនឹងមានជ័យជំនះដែរ ពីព្រោះព្រះសន្យា ផ្គត់ផ្គង់ និងប្រោសលោះ។
របៀបប្រកាសពីព្រះគ្រីស្ទ
រឿងនេះប្រាប់ថា ព្រះបានផ្គត់ផ្គង់ចៀមឈ្មោលមួយជាដង្វាយជំនួស ដើម្បីអោយអ៊ីសាកអាចរស់នៅ។ ក្រោយមកទៀត នៅពេលអ៊ីស្រាអែលបានធ្វើជាទាសករនៅប្រទេសអេស៊ីព្ទ ព្រះអម្ចាស់បានសង្គ្រោះកូនប្រុសច្បងរបស់ពួកគេដោយសារឈាមរបស់ចៀមឈ្មោលអាយុមួយឆ្នាំ៖ កូនចៀមរំលង។ ក្រោយមកទៀត នៅពេលអ៊ីស្រាអែលបាននៅក្នុងទឹកដីសន្យា ពួកគេបានថ្វាយដង្វាយដុត ដង្វាយលោះបាប និងដង្វាយនៅឯរោងឧបោសថ/ព្រះវិហារ ដើម្បីបង់ថ្លៃទណ្ឌកម្មសំរាប់អំពើបាប (សេចក្តីស្លាប់) ដើម្បីអោយពួកគេអាចរស់នៅ។ ជាចុងក្រោយ ព្រះបានផ្គត់ផ្គង់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ ជាយញ្ញបូជាជំនួស ដើម្បីអោយរាស្ត្ររបស់ទ្រង់អាចរស់នៅ។ យ៉ូហាន-បាទីស្ទបានហៅព្រះយេស៊ូវជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ប្រកាសថា ទ្រង់បានយាងមកដើម្បី «អោយជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើន» (ម៉ាកុស ១០:៤៥)។
ការបំពេញសំរេចសេចក្តីសន្យា៖ ព្រះពរដែលមកដោយសម្ព័ន្ធមេត្រី (ខ.១៧-១៨) មានសេចក្តីសន្យាសំរាប់អ័ប្រាហាំនិងពូជរបស់គាត់។ ជាពិសេស សេចក្តីសន្យាដែលថា «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង» (ខ.១៨) ត្រូវបានបំពេញសំរេចតាមរយៈព្រះយេស៊ូវ (ប្រៀបធៀប ម៉ាថាយ ២៨:១៩)។
ទោះបីមនុស្សជាច្រើនមើលឃើញព្រះគ្រីស្ទនៅក្នុងរឿងនេះក៏ដោយ ក៏មនុស្សមិនយល់ស្របថា ជាអ័ប្រាហាំ អ៊ីសាក ឬក៏ចៀមឈ្មោល ដែលតំណាងអោយព្រះគ្រីស្ទ។
ដូចដែលព្រះនៅក្នុងរឿងនេះបានធានាអ៊ីស្រាអែលថា ពួកគេអាចទុកចិត្តថា ព្រះអម្ចាស់នឹងផ្គត់ផ្គង់សេចក្តីប្រោសលោះអោយពួកគេ នោះព្រះយេស៊ូវក៏ធានាពួកអ្នកដើរតាមរបស់ទ្រង់ថា ពួកគេអាចទុកចិត្តថា ព្រះអម្ចាស់នឹងផ្គត់ផ្គង់សេចក្តីប្រោសលោះអោយពួកគេផងដែរ។ ការដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានគាំទ្រនេះ ដូចជាសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដែលថា «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា [ចៀមរបស់ខ្ញុំ] វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។
ភ្នំម៉ូរីយ៉ា៖ ព្រះអម្ចាស់បានហៅអ័ប្រាហាំអោយធ្វើដំណើរទៅឯភ្នំម៉ូរីយ៉ា ដើម្បីថ្វាយកូនប្រុសរបស់គាត់ជាយញ្ញបូជា។ ក្រោយមកទៀត ព្រះវិហារនៅក្នុងយេរូសាឡិមនឹងត្រូវបានសាងសង់នៅលើភ្នំម៉ូរីយ៉ា។ នៅទីនោះនឹងជាកន្លែង ដែលគេថ្វាយយញ្ញបូជាដល់ព្រះ ហើយជាទីតាំង (យេរូសាឡិម) ដែលគេនឹងថ្វាយព្រះយេស៊ូវជាយញ្ញបូជាមួយដល់ព្រះ ដើម្បីអោយយើងបានរស់។ ដូច្នេះ កន្លែងដែលគេហៅថា «ព្រះទ្រង់នឹងផ្គត់ផ្គង់» គឺជាកន្លែងដែលព្រះអង្គផ្គត់ផ្គង់សេចក្ដីសង្គ្រោះតាមរយៈព្រះយេស៊ូវ។ វាគឺជាកន្លែង ដែលព្រះអម្ចាស់បានផ្គត់ផ្គង់សំរាប់អ៊ីស្រាអែលថ្វាយយញ្ញបូជា។ យញ្ញបូជាគឺជារបៀប ដែលព្រះបានប្រទានសេចក្តីប្រោសលោះ ហើយនាំទៅដល់ការថែរក្សាផ្គត់ផ្គង់ដ៏អស្ចារ្យរបស់ព្រះ គឺជាព្រះរាជបុត្រាតែមួយរបស់ទ្រង់អោយសុគតជំនួសយើង។
ការដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី
ព្រះគម្ពីរសញ្ញាថ្មីមានការដកស្រង់ជាច្រើនពីនិទានកថាល្បីល្បាញមួយនេះ។ អ្នកនិពន្ធកណ្ឌហេព្រើរ (១១:១៧-១៩) ប្រើរឿងនេះ ដើម្បីផ្តល់អំណះអំណាងថា «សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ» (១១:១) ហើយយ៉ាកុប ២:២១-២២ ប្រើរឿងនេះ ដើម្បីផ្តល់អំណះអំណាងថា សេចក្តីជំនឿ បើគ្មានការប្រព្រឹត្ត នោះក៏ស្លាប់នៅតែឯង (២ :១៧)។ នៅក្នុងកណ្ឌហេព្រើរ អ្នកនិពន្ធបានសរសេរលើកទឹកចិត្តពួកគ្រីស្ទបរិស័ទអោយមានសេចក្តីជំនឿលើព្រះគ្រីស្ទ ហើយសំឡឹងមើលទៅអ្វី ដែលយើងនឹងទទួលបាននៅពេលព្រះគ្រីស្ទយាងត្រឡប់មកវិញ។
យ៉ូហាន ៣:១៦ និយាយថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១»។ ខនេះប្រកាសថា ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះលោកិយ នោះអង្គទ្រង់ផ្ទាល់បានធ្វើយញ្ញបូជាដ៏ធំបំផុត ដែលទ្រង់បានហាមមិនអោយអ័ប្រាហាំធ្វើ គឺទ្រង់បានប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ ដើម្បីសង្រ្គោះពិភពលោកនិងរាស្ត្ររបស់ទ្រង់។
រ៉ូម ៨:៣២ «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា» អាចជាពាក្យនិយាយបញ្ឆៀងទៅកាន់លោកុប្បត្តិ ២២:១៦ «ព្រោះឯងធ្វើដូច្នេះ គឺដែលមិនសំចៃទុកនូវកូនឯងតែ១នេះ»។
អ័ប្រាហាំបានថ្វាយចៀមឈ្មោលមួយ «ជំនួសកូនប្រុសរបស់គាត់»។ នៅសព្វថ្ងៃនេះ យើងលែងថ្វាយសត្វជាយញ្ញបូជាសំរាប់ជីវិតរបស់យើងទៀតហើយ ពីព្រោះព្រះបានថ្វាយជីវិតរបស់ទ្រង់ជាយញ្ញបូជា «មួយដងជាសំរេច» រួចទៅហើយ (ហេព្រើរ ១០:១-១៨)។
គោលដៅ និងផ្ទៃរឿងសំរាប់សេចក្តីអធិប្បាយ
នៅពេលអធិប្បាយអត្ថបទគម្ពីរនេះ យើងមើលឃើញថា មានទាំងការស្តាប់បង្គាប់របស់អ័ប្រាហាំ និងទាំងការដែលព្រះផ្គត់ផ្គង់ចៀមឈ្មោលមួយ ដើម្បីអោយអ៊ីសាកអាចរស់នៅ។ បញ្ហាគឺថា ជារឿយៗអ្នកអធិប្បាយចង់អនុវត្តនៅក្នុងរបៀប ដែលផ្ដោតលើមនុស្ស ហើយអធិប្បាយសេចក្តីអធិប្បាយ ដែលផ្ដោតលើអ្វី ដែលយើងគួរធ្វើ (ស្តាប់បង្គាប់ព្រះ) មិនផ្ដោតលើអ្វី ដែលព្រះបានធ្វើសំរាប់យើងដោយសេចក្តីមេត្តាករុណារបស់ទ្រង់ទេ។ យើងបានមើលឃើញពីខាងលើថា ការផ្គត់ផ្គង់ថែរក្សារបស់ព្រះគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងរឿង។ ដូច្នេះ ផ្ទៃរឿងទីមួយសំរាប់សេចក្តីអធិប្បាយគួរតែជាសេចក្តីមេត្តាករុណារបស់ព្រះនៅក្នុងការផ្គត់ផ្គង់កូនចៀមរបស់ព្រះដល់យើង ដែលជាព្រះយេស៊ូវសុគតជំនួសយើង ដូចដែលទ្រង់បានផ្គត់ផ្គង់ចៀមឈ្មោលអោយស្លាប់ជំនួសអ៊ីសាកផងដែរ។ ផ្ទៃរឿងនេះគួរតែលើកទឹកចិត្តពួកអ្នកស្តាប់អោយអរព្រះគុណដល់ព្រះ ពីព្រោះទ្រង់ផ្គត់ផ្គង់សេចក្តីប្រោសលោះ ហើយតែងតែទុកចិត្តទ្រង់ ដោយដឹងថា ទ្រង់នឹងផ្គត់ផ្គង់អោយ។ បន្ទាប់ពីផ្ទៃរឿងនេះ យើងអាចមានគំរូ របស់អ័ប្រាហាំដែលប្រតិបត្តិតាមជំនឿ ដូចដែលយ៉ាកុប ២:២១-២២ ប្រើអត្ថបទនេះផងដែរ។ ប៉ុន្តែ យើងគួរតែប្រាកដច្បាស់ថា ការស្តាប់បង្គាប់នេះគឺជាផលផ្លែនៃជំនឿនៅក្នុងដំណឹងល្អ (សូមមើលរ៉ូម ១:៥)។
Leave a Reply