កិច្ចការ ២០:២៦-២៧ Acts 20:26-27 John Piper Elders 3

The following is an abridged translation of a sermon by John Piper on

http://www.desiringgod.org/sermons/the-guilt-of-giving-part-of-gods-counsel

កិច្ចការ​ពួក​សាវក​ ២០:២៦-២៧

នៅ​ក្នុង​ខ.​១៨-២១ សាវក​ប៉ុល​ងាក​សំឡឹង​ទៅ​ឯ​រយៈ​ពេល​បី​ឆ្នាំ​ ដែល​គាត់​បាន​ចំណាយ​ធ្វើ​ការ​នៅ​អេភេសូរ ហើយ​គាត់​រំលឹក​ពួក​ចាស់​ទុំ​អំពី​របៀប​ ដែល​គាត់​បាន​បំរើ​ព្រះ​ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក​  ​និង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ ទាំង​ត្រូវ​សេចក្តី​ល្បួង​ជា​ច្រើន​ផង​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ប្រែ​ចិត្ត​មក​ឯ​ព្រះ​ជា​ម្ចាស់​ និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​។

​            បន្ទាប់​មក​ នៅ​ក្នុង​ខ.​២២-២៥ សាវក​ប៉ុល​សំឡឹង​មើល​ឆ្ពោះ​ទៅ​ឯ​អនាគត ដែល​ព្រះ​មាន​បន្ទូល​ថា គាត់​នឹង​មាន​ការ​រង​ទុក្ខ​  និង​ត្រូវ​ជាប់​គុក​ទៀត។ ​ហើយ​គាត់​និយាយ​ថា ​អ្វី​ដែល​សំខាន់​ដល់​គាត់​គឺ​ថា​ គាត់​បាន​បង្ហើយ​អ្វី ដែល​ព្រះ​បាន​ត្រាស់​ហៅ​អោយ​គាត់​ធ្វើ​ គឺ​មិន​មែន​ថា ​គាត់​នៅ​មាន​ជីវិត ​ឬ​ស្លាប់​នោះ​ឡើយ​។

ការ​ងាក​សំឡឹង​មើល​ទៅ​ឯ​សេចក្តី​ស្មោះ​ត្រង់​របស់​សាវក​ប៉ុល​ ​

ឥ​ឡូវ​នេះ​ មុន​ពេល​គាត់​ផ្តល់​អោយ​ពួកគេ​នូវ​សេចក្តី​បង្គាប់​ ឬ​ការ​ព្រមាន​ផ្ទាល់​នៅ​ក្នុង​ខ.​២៨…​គាត់​និយាយ​អំពី​ការ​សំខាន់​មួយ​នៅ​ក្នុង​ខ.២៦-២៧ គឺ​ជា​ការ​ងាក​សំឡឹង​មើល​ម្តង​ទៀត​ទៅ​ឯ​សេចក្តី​ស្មោះត្រង់​របស់​គាត់​នៅ​ក្នុង​ចំណោម​ពួកគេ​។ ​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​សេចក្តី​ស្មោះត្រង់​ពី​អតីតកាល​នោះ គាត់​និយាយ​អំពី​ការ​ចាំ​បាច់​បំផុត​មួយ​អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​របស់​គាត់​ជា​មួយ​ពួក​ចាស់​ទុំ។​

«ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា​ ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់គ្នា​ទាំងអស់ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ​»។​

​ហើយ​បន្ទាប់​មក​នៅក្នុង​ខ.២៨ គាត់​ចាប់​ផ្តើម​​​ដាស់​តឿន​  និង​ការ​ព្រមាន​​ទៅ​កាន់​ពួក​ចាស់​ទុំ។​

​ការ​នេះ​គួរ​អោយ​យើង​កត់​សំគាល់​ណាស់​ មែន​ទេ? ​គាត់​ចំណាយ​ពេល​ជាង​ពាក់​កណ្តាល​នៃ​សារ​របស់​គាត់ មុន​ពេល​គាត់​ប្រាប់​ពួក​ចាស់​ទុំ​អោយ​ធ្វើ​អ្វី​មួយ ឬ​ជឿ​លើ​អ្វី​មួយ​នៅ​ក្នុង​ខ.២៨។ ​ជាង​ពាក់​កណ្តាល​នៃ​សារ​ចុង​ក្រោយ​ចំពោះ​ពួក​ចាស់​ទុំ​នេះ​គឺ​និយាយ​អំពី​ព័ន្ធកិច្ច​របស់​គាត់​។​

សេចក្តី​បង្រៀន​និង​ការ​អធិប្បាយ​ត្រូវ​ការ​ទីបន្ទាល់​

​​            ខ្ញុំ​ស្រឡាញ់​ការ​អធិប្បាយ​  និង​ទេវ​សាស្ត្រ​របស់​លោក Jonathan Edwards (ដែល​បាន​រស់​នៅ​កាល​ពី​២៥០​ឆ្នាំ​មុន​)។ ប៉ុន្តែ​អ្នក​អាច​អាន​សេចក្តី​អធិប្បាយ​របស់​គាត់​ចំនួន​១២០០​ ហើយ​អ្នក​មើលឃើញ​ថា​គាត់​ស្ទើរ​តែ​មិន​និយាយ​អំពី​ជីវិត​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់​សោះ។ គាត់​ពិត​ជា​ចង់​អោយ​ការ​ផ្ដោត​អំពី​ព្រះ​ខ្លាំង​ណាស់​ ដូច្នេះ​ហើយ​បាន​ជា​គាត់​ចង់​រក្សា​ខ្លួន​របស់​គាត់​នៅ​ក្រៅ​សារ។ ​នេះ​ជា​មូល​ហេតុ​មួយ​ ដែល​ខ្ញុំ​ស្រឡាញ់​គាត់​។​  ប៉ុន្តែ​ខ្ញុំ​គិត​ថា​ លោក​ Edwards​ ​បាន​មាន​កំហុស​មួយ​ ពីព្រោះ​បើសិន​ការ​អធិប្បាយ​របស់​សាវក​ប៉ុល​បង្ហាញ​អំពី​របៀប​ ដែល​យើង​គួរតែ​អធិប្បាយ​  និង​បង្រៀន​ នោះ​យើង​គួរ​តែ​ចែកចាយ​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​នៅ​ក្នុង​ការ​អធិប្បាយ​  និង​ការ​បង្រៀន​របស់​យើង​ផង​ដែរ។ ​តាម​ព្រះ​គម្ពីរ​គឺ​ថា ​យើង​ត្រូវ​ចែក​ចាយ​ «ទីបន្ទាល់​» នៅ​ក្នុង​ការ​បង្រៀន  ​និង​ការ​អធិប្បាយ។​  ជាង​ពាក់​កណ្តាល​នៃ​សារ​របស់​សាវក​ប៉ុល​គឺ​អំពី​ទីបន្ទាល់  ​អំពី​ការ​ងារ​របស់​ព្រះ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់។ ​ខ្ញុំ​មិន​មាន​ន័យ​ថា ​សារ​ទាំង​អស់​ត្រូវ​តែ​និយាយ​អំពី​ខ្លួន​ឯង៥០​ភាគ​រយ​ទេ (​មាន​សេចក្តី​អធិប្បាយ​ផ្សេង​ទៀត​នៅ​ក្នុង​កណ្ឌ​កិច្ច​ការ ​ដែល​គ្រូ​អធិប្បាយ​មិន​និយាយ​អំពី​ខ្លួន​ឯង​សោះ​) តែ​ខ្ញុំ​ពិត​ជា​មាន​ន័យ​ថា ​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​អធិប្បាយ ឬ​គ្រូ​បង្រៀន​មិន​អាច​ខុស​ពី​ការ​អធិប្បាយ  ​ឬ​ការ​បង្រៀន​របស់​គាត់​បាន​ឡើយ។ ​នេះ​ជា​មូល​ហេតុ​ដែល​ពួក​គ្រូ​បង្រៀន​នៅ​ក្នុង​ក្រុម​ជំនុំ​គួរ​តែ​ជា​មនុស្ស​គោរព​ព្រះ​អម្ចាស់  ក៏​ជា​អ្នក​ពូកែ​ពន្យល់ ​ អ្នក​ពូកែ​និទាន​រឿង​  និង​អ្នក​ពូកែ​ផ្តល់​ព័ត៌មាន​ផង​ដែរ ​ ហើយ​នេះ​ជា​ការ​អនុវត្ត​មួយ​សំរាប់​ជា​មធ្យោបាយ​​ដែល​អ្នកត្រូវ​​ចែកចាយ​ដំណឹងល្អ។ បើសិន​វា​សំខាន់​សំរាប់​សាវក​ប៉ុល​ក្នុង​ការ​ចែក​ចាយ​អំពី​ជីវិត​របស់​គាត់​ជាមួយ​មនុស្ស ដែល​បាន​ស្គាល់​ច្រើន​រួច​ហើយ​ ​នោះ​រឹត​តែ​សំខាន់​ជាង​ទៅ​ទៀត​ ដែល​យើង​ចែក​ចាយ​អោយ​មនុស្ស​មើល​ឃើញ​ព្រះគ្រីស្ទ​បាន​ប្រែ​ប្រួល​ក្នុង​ជីវិត​របស់​យើង​ នៅ​ពេល​យើង​កំពុង​ចែកចាយ​ដំណឹង​ល្អ​។​

ការ​សង្កេត​ពិនិត្យ​អំពី​សារ​របស់​សាវក​ប៉ុល​

​            សាវក​ប៉ុល​មិន​កំពុង​និយាយ​អំពី​ខ្លួន​របស់​គាត់​ដោយ​ឥត​មាន​គោល​បំណង​ទេ​ តែ​ជីវិត​របស់​គាត់​គឺ​ពិត​ជា​សំខាន់​ដូច​ជា​គោលលទ្ធិ​ ដែល​គាត់​បង្រៀន​ផង​ដែរ។​ ដូច្នេះ​ នៅ​ថ្ងៃ​នេះ​យើង​មើល​ទៅលើ​ជីវិត​របស់​គាត់​ម្តង​ទៀត​ មុន​ពេល​យើង​ឈាន​ទៅ​ខ.២៨​នៅ​សបា្តហ៍​ក្រោយ។​ យើង​មើល​លើ​ខ.​២៦ ​និង​២៧​  ដោយ​ជាក់​លាក់​នៅ​ថ្ងៃ​នេះ។ សាវក​ប៉ុល​ចង់​រំលឹក​ពួកគេ​អំពី​ការ​មួយ​ទៀត។​ ខ.២៦ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​អោយ​បង​ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ​»។

ខាង​ក្រោម​ជា​ការ​សង្កេត​ពិនិត្យ​បីចំណុច​​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​សាវក​ប៉ុល​និយាយ​នៅក្នុង​ខ​នេះ​ ហើយ​អំពី​មូលហេតុ​ដែល​គាត់​បាន​និយាយ​ដូច្នេះ​។​

. ​សាវក​ប៉ុល​មិន​មាន​កំហុស​អំពី​ឈាម​របស់​ពួកគេ​ទេ​ ជីវិត​អស់កល្ប​ជា​និច្ច​ (... «ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ»)

«ឈាម​»​ នៅ​ទី​នេះ​គឺ​ជា​ការ​បាត់​បង់​អស់កល្ប​ជា​និច្ច​។ ​លោក​ប៉ុល​កំពុង​តែ​និយាយ​ថា ​ខ្ញុំ​មិន​មាន​កំហុស​ទេ​ បើ​សិន​អ្នក​ណា​មួ​យ​ក្នុង​ពួក​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់កល្ប​ជា​និច្ច​ (សូម ​មើល​ កិច្ចការ​ ១៨:៦ និង ១៣:៤៦)។​

. ទោស​របស់​យើង​នៅពេល​អ្នក​ដទៃ​បាត់​បង់​ជីវិត​អស់កល្ប​ជា​និច្ច​

​ចំណុច​ទី​ពីរ​ ដែល​ត្រូវ​កត់សំគាល់​ចេញ​ពី​ខ.២៦​គឺ​ថា ​យើង​អាច​មាន​ទោស​ចំពោះ​ការ​បាត់​បង់​ជីវិត​អស់កល្ប​ជានិច្ច​របស់​មនុស្ស​ម្នាក់​ទៀត។  បើសិន​នេះ​មិន​ត្រឹម​ត្រូវ​ទេ នោះ​សេចក្តី​ថ្លែង​របស់​សាវក​ប៉ុល​គឺ​គ្មាន​ន័យ​ទាល់​តែ​សោះ។ ​គាត់​និយាយ​ថា គាត់​មិន​មាន​កំហុស​ពី​ឈាម​របស់​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ទេ។ ​នេះ​មានន័យ​ថា គាត់​អាច​មាន​ទោស​ចំពោះ​ឈាម​របស់​អ្នកណា​ម្នាក់​បាន។ ​គាត់​អាច​មាន​ទោស​ចំពោះ​មនុស្ស​មិន​បាន​សង្គ្រោះ។ ​ដូច្នេះ​ យើង​អាច​មាន​ទោស​ចំពោះ​ការ​បាត់​បង់​ចុង​ក្រោយ​របស់​មនុស្ស​ម្នាក់​ទៀត​បាន។​

​បើសិន​នេះ​ត្រឹម​ត្រូវ​ នោះ​មាន​សំនួរ​ពីរ​លេច​ឡើង​នៅ​ក្នុង​គំនិត​៖

១. ​តើ​អ្វី​នឹង​ធ្វើ​អោយ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ម្នាក់ ​ដែល​មិន​បាន​ទទួល​ជីវិត​អស់កល្ប​ជា​និច្ច?

២. ​តើ​មាន​រឿង​អ្វី​នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ​ បើសិន​ខ្ញុំ​មាន​ទោស​ចំពោះ​ឈាម​របស់​អ្នក​ដទៃ?

តើ​អ្វី​នឹង​ធ្វើ​អោយ​ខ្ញុំ​ទទួល​ខុស​ត្រូវ?

​            ខ្ញុំ​គិត​ថា ចំលើយ​សំរាប់​សំនួរ​ទី​មួយ​គឺ​ថា ​យើង​មាន​ទោស​ចំពោះ​ឈាម​របស់​អ្នក​ដទៃ បើសិន​យើង​មិន​ប្រាប់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​ដឹង​ បើ​ទោះ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជំរុញ​យើង​ (ឬ​ព្រះ​គម្ពីរ​បង្គាប់​យើង​) អោយ​ធ្វើ​ដូច្នោះ​ក៏​ដោយ។ ​ជា​ឧទាហរណ៍ ​ លោក​លូកា​បរិយាយ​អំពី​ដំណើរ​បេសកកម្ម​លើក​ទី​ពីរ​របស់​សាវក​ប៉ុល​នៅ​ក្នុង​កិច្ចការ ១៦:៦ ថា «​ហើយ​បាន​ដើរ​កាត់​ស្រុក​ព្រីគា​ នឹង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់​ មិន​អោយ​ផ្សាយ​ព្រះ​បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ»។​  អេភេសូរ​ស្ថិត​នៅ​ក្នុង​ស្រុក​អាស៊ី ​ ​ដូច្នេះ​នៅ​ក្នុង​ដំណើរ​បេសកកម្ម​នោះ​ ​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​បាន​មាន​បំណង​អោយ​សាវក​ប៉ុល​ប្រកាស​ព្រះ​បន្ទូល​នៅ​ក្នុង​អេភេសូរ​ទេ ​ ទោះ​បើ​ពួកគេ​មិន​ទាន់​មាន​អ្នក​ណា​ផ្សាយ​ដំណឹងល្អ​ដល់​ក៏​ដោយ។ ​ខ្ញុំ​សន្និដ្ឋាន​ថា ​សាវក​ប៉ុល​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​របស់​ពួកគេ​ទេ បើ​សិន​ពួកគេ​ណា​ម្នាក់​បាន​ស្លាប់​ទៅ​ដោយ​គ្មាន​ព្រះគ្រីស្ទ​នៅ​ពេល​នោះ។ ហេតុអ្វី? ​ពីព្រោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​ប្រើ​សាវក​ប៉ុល​នៅ​កន្លែង​ផ្សេង​ ហើយ​ទ្រង់​មិន​បាន​ប្រាប់​អោយ​គាត់​ទៅ​អេភេសូរ​ទេ។ ​មិន​មាន​អ្នក​ណា​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​សំរាប់​ទីក្រុង​ ឬ​ ជាតិ​សាសន៍​ទាំង​អស់​នោះ​ឡើយ។ ​ព្រះ​ដឹក​នាំ​មនុស្ស​នៅ​ផ្លូវ​ខុស​ៗ​គ្នា ​ ដូច្នេះ ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ​គឺ​ថា ​នៅពេល​ទ្រង់​ដឹក​នាំ​អ្នក ជំរុញ​អ្នក​អោយ​ប្រាប់​មនុស្ស​ម្នាក់​នូវ​អ្វី​ដែល​គាត់​ត្រូវ​ការ​ដឹង​ ដើម្បី​បាន​សង្គ្រោះ​ នោះ​អ្នក​នឹង​ទទួល​ខុស​ត្រូវ​សំរាប់​គាត់ បើសិន​អ្នក​មិន​អើ​ពើ​ធ្វើ​ដូច្នោះ​ទេ​។

តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​ទោស​?

​            តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ បើសិន​ខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​របស់​អ្នក​ដទៃ? ​នៅ​ទី​នេះ​មិន​ប្រាប់​យើង​ទេ (សូម​មើល​អេសេគាល ៣៣:៦-៩)។ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ពាក្យ​របស់​សាវក​ប៉ុល​បង្ហាញ​ថា ​ការ​ធ្វើ​បន្ទាល់របស់​យើង​គឺ​សំខាន់។ ​ខ្ញុំ​នឹង​ឆ្លើយ​ថា ព្រះ​យេស៊ូវ​អាច​សំអាត​យើង​ចេញ​ពី​អំពើ​បាប​ទាំង​អស់​បាន (១យ៉ូហាន ១:៩) ទោះ​ជា​អំពើ​បាប​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​ឈាម​របស់​អ្នក​ដទៃ​ក៏​ដោយ​ ​ប៉ុន្តែ​ (​ដូចជា​អំពើ​បាប​ដទៃ​ទៀត​) បើសិន​យើង​បន្ត​រឹងរូស​​ជាមួយ​សំឡេង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​  (​ឬ​ជាមួយ​សេចក្តី​បង្គាប់​របស់​ព្រះ​គម្ពីរ​)​ ​នោះ​យើង​អាច​ដឹង​ព្រះ​វិញ្ញាណ​របស់​ព្រះគ្រីស្ទ​ពិត​ជា​មិន​គង់​នៅ​ក្នុង​យើង​ ហើយ​យើង​មិន​មែន​ជា​របស់​ទ្រង់​ទេ (រ៉ូម ៥:៩) ​ដូច្នេះ​លោហិត​របស់​ទ្រង់​មិន​សំអាត​យើង​ចេញ​ពី​គ្រប់​ទាំង​សេចក្តី​ទុច្ចរិត​ទេ  ហើយ​ការ​បាត់​បង់​របស់​អស់​អ្នក  ដែល​យើង​ព្រងើយ​កន្តើយ​នឹង​បន្ថែម​ជា​សេចក្តី​វិនាស​របស់​យើង​ផ្ទាល់  ​វិញ។ ​

​នេះ​គឺ​ជា​ការ​ទី​ពីរ​ ដែល​យើង​ត្រូវ​មើល​នៅ​ក្នុង​ខ.២៦ គឺ​យើង​អាច​មាន​ទោស​ចំពោះ​ការ​បាត់​បង់​ជីវិត​អស់​កល្ប​ជា​និច្ច​របស់​អ្នក​ដទៃ​បាន។​

. យើង​អាច​មិន​មាន​ទោស

​            ការ​ទី​បី​ដែល​យើង​ត្រូវ​មើល​គឺ​ថា ​យើង​អាច​មិន​មាន​ទោស​ចំពោះ​ការ​បាត់​បង់​ជីវិត​អស់កល្ប​ជា​និច្ច​របស់​អ្នក​ដទៃ​បាន​។ សាវក​ប៉ុល​បាន​និយាយ​ថា​ «ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​របស់​អ្នក​រាល់​គ្នា​ទាំង​អស់» (គ.ខ.ប. «ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ»​)។

​តើ​មាន​មូលហេតុ​អ្វី​ដែល​យើង​អាច​និយាយ​ដូច្នេះ​បាន? ​ជា​ពិសេស​ តើ​មាន​មូលហេតុ​អ្វី​ដែល​ចាស់​ទុំ​ម្នាក់ ​ដែល​ជា​ចាស់​ទុំ​បង្រៀន​ដូច​ជា​រូប​ខ្ញុំ​នៅ​ក្នុង​ពួក​ជំនុំ​នេះ​ និយាយ​ដូច្នេះ​បាន? ​នៅ​ក្នុង​ន័យ​នេះ ​មាន​កម្រិត​នៃ​ការ​ទទួល​ខុស​ត្រូវ​ខុស​ៗ​គ្នា​នៅ​ក្នុង​ពួក​ជំនុំ​ ហើយ​នេះ​ជា​មូល​ហេតុ​ដែល​យ៉ាកុប​ ៣:១ ​និយាយ​ថា​ «​បង​ប្អូន​អើយ កុំ​អោយ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ​ ​ពីព្រោះ​ដឹង​ហើយ​ថា ​យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​គេ»។ ​ព្រះ​នឹង​អោយ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ពួក​ជំនុំ ដែល​អ្នក​អធិស្ឋាន​សំរាប់​ពួកគេ ដែល​អ្នក​ដាស់​តឿន​មនុស្ស​ទាំង​អស់​ដែល​អ្នក​ស្គាល់ ដែល​អ្នក​លើក​ទឹក​ចិត្ត…ល. ប៉ុន្តែ​ទ្រង់​នឹង​អោយ​ខ្ញុំ ដែល​ជា​គ្រូ​គង្វាល​ ទទួល​ខុស​ត្រូវ​ខ្លាំង​ជាង​ទៅ​ទៀត (ហេព្រើរ​ ១៣:១៧)។ ​តើ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ ដើម្បី​អោយ​ខ្ញុំ​អាច​និយាយ​ជាមួយ​សាវក​ប៉ុល​នៅពេល​ការ​ងារ​របស់​ខ្ញុំ​នៅ​ក្នុង​ពួក​ជំនុំ​នេះ​បាន​បញ្ចប់​ថា «​ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ» បាន?​

នេះ​គឺ​ជា​ចំលើយ​ គឺ​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ (ជាមួយ​គ្រូបង្រៀន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ពួក​ជំនុំ​នេះ​) ដើម្បី​កុំ​អោយ​មាន​ទោស​ចំពោះ​ឈាម​របស់​អ្នក​រាល់​គ្នា​ គឺ​ត្រូវ​ប្រកាស​ប្រាប់​ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ។​

ការ​អនុវត្ត​បី​យ៉ាង

​ខ្ញុំ​មើល​ឃើញ​ការ​អនុវត្ត​ចាំបាច់​បី​ចេញ​ពី​ខ​នេះ។​

. ការ​ចេះ​ដឹង​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ (​គំរោង​ការ​ទាំង​មូល​របស់​ព្រះជាម្ចាស់)

​            ការ​ចេះ​ដឹង​គ្រប់​ទាំង​គំនិត​របស់​ព្រះ(​គម្រោងការ​ទាំង​មូល​របស់​ព្រះជាម្ចាស់) ​ជួយ​អោយ​មនុស្ស​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌។​

​អ្នក​មិន​អាច​និយាយ​ចេញ​ពី​ខ.២៧​នេះ​ថា ​មនុស្ស​ម្នាក់​ត្រូវ​តែ​ស្គាល់​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ ដើម្បី​បាន​សង្គ្រោះ​នោះ​ទេ។ ​មនុស្ស​ម្នាក់​មិន​ចាំ​បាច់​ស្គាល់​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ​! ​អ្នក​អាច​និយាយ​ដូច្នេះ​ថា ​បើសិន​ចាស់​ទុំ​ម្នាក់​មិន​បង្រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ នោះ​គាត់​អាច​កំពុង​ដឹក​នាំ​មនុស្ស​ទៅ​រក​សេចក្តី​វិនាស​​​ហើយ។ ​ហើយ​បើសិន​មនុស្ស​ម្នាក់​មិន​អាច​ទៅ​ស្ថានសួគ៌​ដោយ​សារ​តែ​ការ​ព្រងើយ​កន្តើយ​របស់​ចាស់​ទុំ​ម្នាក់​ចំពោះ​ការ​បង្រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ នោះ​ការ​ស្គាល់​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ក៏​ជួយ​មនុស្ស​អោយ​បាន​ទៅ​ស្ថានសួគ៌​ដែរ។ ​ការ​ស្តាប់​លឺ​គ្រប់​ទាំង​គំនិត​របស់​ព្រះ​មិន​ធានា​ថា​ អ្នក​នឹង​បាន​ទៅ​ស្ថានសួគ៌​ទេ ហើយ​ការ​មិន​បាន​ស្តាប់​លឺ​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ក៏​មិន​មែន​ថា អ្នក​នឹង​មិន​បាន​ទៅ​ស្ថានសួគ៌​ដែរ។ ​ប៉ុន្តែ​ការ​ស្គាល់​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ជា​ជំនួយ​ដ៏​ធំ​អោយ​យើង​បាន​ទៅ​ស្ថាន​សួគ៌។

​សេចក្ដី​ពិត​នេះ​មាន​ការ​អនុវត្ត​សំខាន់​ខ្លាំង​ណាស់​សំរាប់​គ្រូ​បង្រៀន​  និង​ការ​អប់​រំ​នៅ​ក្នុង​ពួកជំនុំ។​ ជាឧទាហរណ៍ ពួក​ចាស់ទុំ  ​និង​គ្រូ​បង្រៀន​ត្រូវ​មាន​គំនិត​រួប​រួម​មួយ​អំពី​គំនិត​របស់​ព្រះ ដែល​ទ្រង់​បាន​សំដែង។ ​នេះ​ជា​មូលហេតុ​មួយ ដែល​ខ្ញុំ​សង្កត់​ធ្ងន់​ថា ​វា​សំខាន់​សំរាប់​អ្នក​ដឹក​នាំ​ក្នុង​ពួកជំនុំ​នេះ​រួបរួម​គ្នា​នៅ​ក្នុង​ការ​យល់​ដឹង​ព្រះ​បន្ទូល​របស់​ព្រះ។ បើសិន​ពួក​ចាស់​ទុំ​បង្រៀន​មិន​ច្បាស់​លាស់  ​និង​មិន​ពេញ​លេញ នោះ​យើង​មិន​អាច​និយាយ​ថា «យើង​ឥត​មាន​ទោស​ពី​ឈាម​របស់​អ្នក​» បាន​ទេ។​

​ការ​អនុវត្ត​មួយ​ទៀត​គឺ​ទាក់​ទង​នឹង​ក្មេង​ៗ។ ​ ​ការ​បង្រៀន​របស់​យើង​គួរ​តែ​មាន​គោល​បំណង​ដើម្បី​ស្អាង​គ្រប់​ទាំង​គំនិត​របស់​ព្រះ​នៅ​ក្នុង​គំនិត​  និង​ចិត្ត​របស់​កូនចៅ​របស់​យើង​នៅ​ផ្ទះ និង​នៅ​សាលារៀន​ថ្ងៃ​អាទិត្យ។

ហេតុអ្វី​ព្រះ​បាន​ជ្រើសរើស​កូន​ក្រមុំ​របស់​ទ្រង់ ដែល​ជា​ពួក​ជំនុំ ​តាំង​ពី​មុន​កំណើត​លោកិយ? ហេតុអ្វី​ទ្រង់​បាន​បង្កើត​សាកលលោក និង​មនុស្ស​ជាតិ​តាម​រូប​អង្គ​ទ្រង់? ​ហេតុអ្វី​ទ្រង់​បាន​អនុញ្ញាត​អោយ​មានការ​ធ្លាក់ចុះ​ទៅ​ក្នុង​អំពើ​បាប? ​ហេតុអ្វី​ទ្រង់​បាន​ជ្រើស​រើស​ជាតិសាសន៍​អ៊ីស្រាអែល? ហេតុអ្វី​ទ្រង់​បាន​ប្រទាន​ ក្រិត្យវិន័យ​ដល់​ពួកគេ? ហេតុ​អ្វី​ទ្រង់​បាន​បង្គាប់​អ៊ីស្រាអែល​អោយ​ថ្វាយ​សត្វ​ធ្វើ​ជា​យញ្ញបូជា​  និង​សាង​សង់​រោង​ឧបោសថ? ហេតុអ្វី​ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ​នេះ? ​ហេតុអ្វី​ទ្រង់​បាន​ប្រកាស​អំពី​នគរ​ព្រះ? ហេតុអ្វី​ទ្រង់​បាន​សុគត ហើយ​បាន​រស់​ឡើង​វិញ? ​ហេតុអ្វី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក?​ តើ​ទ្រង់​នឹង​នាំ​សម័យ​នេះ​ទៅ​កាន់​ទី​បញ្ចប់​ដោយ​របៀប​ណា? ​ការ​បង្រៀន​ដែល​ឆ្លើយ​សំនួរ​ទាំង​នេះ​នឹង​ជួយ​បង្រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ។

​នេះ​គឺ​ជា​អ្វី​ ដែល​យើង​គួរ​តែ​បង្រៀន​កូន​ចៅ​របស់​យើង​ ហើយ​សិរីល្អ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ចាំង​ទៅ​លើ​ពួកគេ។​

​            ដូច្នេះ ​ការ​ទី​មួយ​ដែល​ត្រូវ​និយាយ​ចេញ​ពី​ខ.២៧​គឺ​ថា ការ​ចេះ​ដឹង​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ជួយ​មនុស្ស​អោយ​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌។ ​បើ​មិន​ដូច្នោះ​ទេ ​សាវក​ប៉ុល​ក៏​មិន​ត្រូវ​និយាយ​ថា គាត់​មិន​មាន​កំហុស​ពី​ឈាម​របស់​ពួកគេ​ទេ ពី​ព្រោះ​គាត់​បាន​បង្រៀន​ពួកគេ​អំពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ហើយ។​

. ការ​ចង់​បាន​រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ​

​ការ​ទីពីរ​ ដែល​ត្រូវ​និយាយ​ចេញ​ពី​ខ.២៧​គឺ​ថា គ្រីស្ទបរិស័ទ​គួរ​តែ​ចង់​រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ។ ​គ្រីស្ទបរិស័ទ​ដែល​ជឿ​តាម​ព្រះ​គម្ពីរ​ ចង់​រៀន​ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ។​

​អត្ថបទ​នេះ​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា ពួក​ចាស់​ទុំ​មាន​កង្វះខាត ហើយ​អាច​មាន​ទោស​ចំពោះ​សេចក្តី វិនាស​របស់​មនុស្ស​ណា​ម្នាក់ ​នៅក្នុង​ករណី​ពួកគេ​មិន​ប្រកាស​អំពី​គ្រប់​ទាំង​គំនិត​ព្រះហឫទ័យ​របស់​ព្រះ។ ​ដូច្នេះ ​មនុស្ស​នៅ​ក្នុង​ពួក​ជំនុំ​ក៏​មាន​ទោស​នៅក្នុង​ករណី​ពួក​គេ​មិន​ចាប់​អារម្មណ៍​លើ​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ផង​ដែរ។ ​បើសិន​ការ​មិន​បង្រៀន​ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​គឺ​ជា​អំពើ​បាប​មួយ នោះ​ការ​មិន​ចង់​អោយ​គេ​បង្រៀន​ដល់​ខ្លួន​អំពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ក៏​ជា​អំពើ​បាប​មួយ​ដែរ។​

​ដូច្នេះ អត្ថបទ​នេះ​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា  គ្រីស្ទបរិស័ទ​គួរ​តែ​ចង់​ទទួល​បាន​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ដូច​ជា​ទារក​ចង់​បាន​ទឹក​ដោះ​ផង​ដែរ។ ​ការ​មិន​ចាប់​អារម្មណ៍​លើ​គ្រប់​ទាំង​គំនិត​របស់​ព្រះ​មាន​ន័យ​ថា​ជា​ការ​មិន​ចាប់​អារម្មណ៍​លើ​មធ្យោបាយ​ដើម្បី​បាន​​សេចក្តី​សង្គ្រោះ។​

. ការ​បង្រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ដោយ​ក្លាហាន​

​            ជា​ទី​បញ្ចប់​ ការ​ចុងក្រោយ​ ដែល​ត្រូវ​និយាយ​អំពី​ខ.២៧​គឺ​ថា ​ពួក​ចាស់​ទុំ​គួរ​តែ​ក្លាហាន​នៅ​ក្នុង​ការ​បង្រៀន​គ្រប់​ទាំង​គំនិត​របស់​ព្រះ​។​

​លោក​ប៉ុល​បាននិយាយ​​ថា ខ្ញុំ​ «​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា​…»។ ​នេះ​មាន​ន័យ​ថា ​មាន​ផ្នែក​ខ្លះ​នៃ​គ្រប់​ទាំង​គំនិតព្រះហឫទ័យ​​របស់​ព្រះ​ ដែល​អាច​ធ្វើ​អោយ​ពួក​ចាស់​ទុំ​មិន​ចង់​បង្រៀន​ដល់​ពួកគេ។ ​ផ្នែក​ទាំង​នោះ​អាច​ជា​ផ្នែក​ពិបាក​យល់​ ឬ​ជា​ផ្នែក​បន្ទាប​មនុស្ស​មាន​អំនួត​ ឬ​ជា​ផ្នែក​តម្រូវ​អោយ​មនុស្ស​ត្រូវ​ប្រែ​ចិត្ត​និង​ផ្លាស់​ប្រែ​ជីវិត។ ​ដូច្នេះ ​ពួក​ចាស់​ទុំ​ប្រហែល​ជា​មាន​សេចក្តី​ល្បួង​  ​អោយ​ប្រកាស​តែ​ផ្នែក​នៃ ​គំនិតព្រះហឫទ័យ​​របស់​ព្រះ​ណា​ដែល​ស្រួល ហើយ​ពួកគេ​ដឹង​ថា មនុស្ស​ចូល​ចិត្ត​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ទង្វើ​នេះ​គឺ​ជា​ការ​ខកខាន​ប្រកាស​ប្រាប់​អំពី​គ្រប់​ទាំង​គំនិត​ព្រះហឫទ័យ​របស់​ព្រះ​ហើយ​ គឺ​វា​ជា​ភាព​កំសាក​ មិន​ជា​ភាព​ក្លាហាន​ឡើយ​។​

​​​ចំណុច​នេះ​នាំ​យើង​ត្រឡប់​ទៅ​ឯ​គំនិត​ ដែល​យើង​មាន​តាំង​ពី​ដំបូង​ គឺ​ជីវិត​ស្តាប់​បង្គាប់ និង​ជីវិត​មាន​ភាព​ក្លាហាន​ ហើយ​នេះ​សំខាន់​ដូច​ជា​គោល​លទ្ធិ​ត្រឹម​ត្រូវ​ដែរ។​ សំរាប់​សាវក​ប៉ុល ​ទាំង​អស់​នេះ​មិន​អាច​ដាច់​ពី​គ្នា​បាន​ទេ គឺ​គាត់​មិន​បាន​ខាន ​ហើយ​បាន​ប្រាប់​ពួក​គេ​ពី​គ្រប់​ទាំង គំនិតព្រះហឫទ័យ​​របស់​ព្រះ។​ នេះ​គឺ​ជា​អ្វី​ដែល​យើង​ឆ្ពោះ​តម្រង់​ទៅ​​ជា​មួយ​គ្នា​ គឺ​ត្រូវ​ស្តាប់​បង្គាប់​ដោយ​ភាព​ក្លាហាន​នៅ​ក្នុង​ការ​បង្រៀន​គ្រប់​ទាំង គំនិតព្រះហឫទ័យ​​របស់​ព្រះ​។ សូម​អោយ​ព្រះ​ជួយ​យើង​អោយ​ធ្វើ​ការ​នេះ​ជា​មួយ​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដល់​និមិត្ត​ដ៏​អស្ចារ្យ​នេះ​។

One comment on “កិច្ចការ ២០:២៦-២៧ Acts 20:26-27 John Piper Elders 3
  1. sopeara but says:

    តួនាទីរបស់គ្រូគង្វាលនិងគ្រូអធិប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *

*

Top