ដានីយ៉ែល​​ ១ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ Daniel 1

 ដានីយ៉ែល​ និង​មិត្ត​ភក្តិ​​​របស់​គាត់​​ត្រូវ​បាន​និរទេស​ទៅ​បាប៊ីឡូន​

អ្នក​និពន្ធ​ រុហ្វ លេភិឡារ

​ពាក្យ​លំនាំ

គួរ​ឲ្យ​សោកស្តាយ​ណាស់ ​​អ្នក​អធិប្បាយ​ខ្លះ​  ​នៅពេល​អធិប្បាយ​ចេញ​ពី​អត្ថបទ​នេះ​​ពួក​គេ​ផ្ដោត​លើ​ ខ.​ ៨​ និង​អនុវត្តន៍​អត្ថបទ​នេះ​​ដោយ​បង្រៀន​ថា​ «អ្នក​គួរ​តែ​ជៀសវាង​ពី​​គ្រឿង​ស្រវឹង​​ និង​ការ​រួមភេទ ដូច​ជា​ដានីយែល​បាន​ធ្វើ​​ដែរ​​»។ ​បើ​សិន​យើង​​គ្រាន់​តែ​​ផ្ដោត​លើ​ខ​តែ​មួយ​នេះ​ ហើយ​អនុវត្តន៍​ជំពូក​នេះ​បែប​នេះ​ ​នោះ​​វា​ធ្វើ​ឲ្យ​យើង​​បាត់បង់​សារ​នៃ​អត្ថបទ​នេះ​ហើយ​​​។ នៅ​ពេល​ណា​​យើង​អធិប្បាយ​ព្រះបន្ទូល ​យើង​ត្រូវ​សួរ​សំណួរ​ថា​​ ​«​តើ​អ្វី​ជា​សារ​​​ដើម​នៃ​អត្ថបទនេះ​?​»​​​​ ជនជាតិ​​​​​អ៊ីស្រាអែល​​ដែល​ស្ថិតក្នុង​ការ​និរទេស​  មិន​បាន​ឮ​រឿង​ដានីយ៉ែល​នេះ​ ​ដើម្បី​ឲ្យ​​ពួកគេ​ធ្វើ​ត្រាប់​តាម​​ដានីយែល​​​ទេ​​  គឺ​ជៀសវាង​ពី​អាហារ​ស្តេច​ និង​ស្រា​​។ ​ជា​រឿយៗ គ្រួ​គង្វាល​​​មួយ​ចំនួន​ ដែល​រវល់​​ ​​សំឡឹង​មើល​ការ​អនុវត្តន៍​ ​នៅ​មុន​ពេល​​ពួក​​​គាត់​ចំណាយ​​ពេល​វេលា​ ដើម្បី​យល់​ពី​សារ​និងគោល​ដៅ (​គោល​បំណង​​ដើម)​​ ដែល​​អ្នក​និពន្ធ​​ចង់សរសេរ​​ផ្តល់​អោយ​​អ៊ីស្រាអែល​​​។​​​​

 

សារ​នៃ​កណ្ឌ​​​ដានីយ៉ែល​

មុន​ដំបូង ​គម្ពីរ​ដានីយ៉ែល​បាន​ចែង​ទុក​ព្រះបន្ទូល​សម្រាប់​រាស្រ្ត​របស់​​ព្រះ ដែល​កំពុង​តែ​​រងទុក្ខ​​ក្នុង​ការ​និរទេស។ ទំនុកតម្កើង​ ១៣៧:៤ និយាយ​ថា​ ​«​តែ​យើង​នឹង​ច្រៀង​បទ​នៃ​ព្រះយេហូវ៉ា​​នៅ​ក្នុង​ប្រទេស​ដទៃ​ដូចម្តេច​បាន​?​»​​  នេះ​ជា​អ្វី​ដែល​ជន​និរទេស​ក្នុង​បាប៊ីឡូន​បាន​និយាយ​។ ខ​គម្ពីរ​នេះ​​បង្ហាញ​អោយ​ឃើញ​​ពី​ការ​គិត​និង​អារម្មណ៍​​របស់​ពួក​និរទេស​​​។ ពួក​គេ​បាន​ឃ្លាត​​ឆ្ងាយ​​ពី​ទឹក​ដី​សន្យា​ ​ដែល​ជា​​កន្លែង​របស់​ព្រះ​។ គម្ពីរ​ដានីយ៉ែល​ទាំង​មូល​បង្រៀន​យើង​ថា​ ពិភពលោក​នេះ​នឹង​តែង​តែ​ជា​ ​«ទឹក​​​ដី​បរទេស»​​ ចំពោះ​ប្រជារាស្ត្រ​​ព្រះ​ (ប្រៀប​ធៀប ៖ ​យ៉ូហាន ១៧:១៦; ភីលីព ​៣:២០​)។ រាស្ត្រ​របស់​ព្រះជាម្ចាស់​​គ្រាន់​តែ​​ជា​ ​«​អ្នក​សំណាក់​នៅ​​ក្នុង​ពិភពលោក​នេះ»​ ឬ​ជា​«​​​ជនអាណិក» ​ប៉ុណ្ណោះ​(១ពេត្រុស​១:១, ១៧)​​។ ដូច្នេះ ​តាម​អត្ថបទ​​​​ពី​ព្រះ​​គម្ពីរ​សញ្ញា​ថ្មី​នេះ​​  យើង​ឃើញ​ថា ​អ្នក​និពន្ធ​​ព្រះ​គម្ពីរ​សញ្ញាថ្មី​បាន​យល់​ឃើញ​​ថា​  គ្រីស្ទបរិស័ទ​​ប្រៀប​ដូចជា​ជនជាតិ​យូដា​​ដែល​ស្ថិត​​នៅ​ក្នុង​ការ​និរទេសផង​​ដែរ​។ ​មាន​ស្ថាន​ភាព​​ស្រដៀង​គ្នា​ខ្លាំងណាស់​​  គឺ​យើង​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​ និង​ជា​សត្រូវ​ចំពោះ​ព្រះ​និង​រាស្រ្ត​ទ្រង់​។ ដូច្នេះ ​​គម្ពីរ​ដានីយ៉ែល​មាន​ការ​អនុវត្តន៍​ជា​ច្រើន​សម្រាប់​គ្រីស្ទបរិស័ទ​នា​​បច្ចុប្បន្ន​នេះ​​។ ដានីញ៉ែល​បង្រៀន​ថា​ ​ ទោះបី​ជា​មនុស្ស​មាន​អំណាច​​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់​​ទ្រង់​ត្រួត​ត្រា​ ហើយ​យើង​អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ក្នុង​ជីវិត​រស់​នៅ​​បាន​ ដូច​ជា​ដានីយ៉ែល​បាន​ធ្វើ​ផង​ដែរ​។​​​​​​​​

ជីវិត​ដែល​មាន​ជំនឿ​ដូច​ដានីយ៉ែល​​ (ប្រៀប​ធៀប​ ៖ ហេព្រើរ​ ១១:៣៣-៣៤) ​​ត្រូវ​បាន​ចិញ្ចឹម​ដោយ​​​​​​យើង​ស្គាល់​ព្រះជាម្ចាស់ (១១:៣២ខ)  ​ដោយ​យើង​ញែក​ខ្លួន​អោយ​បាន​បរិសុទ្ធ​​​ (១:៨; ៣:១៧-១៨; ៦:៦-១០) និង​ដោយ​​ប្រកប​ជាមួយ​ទ្រង់​ក្នុង​សេចក្តី​អធិស្ឋាន​ (២:១៧-១៨; ៦:១០; ៩:៣; ១០:២-៣,១២)។ ការ​ដឹង​ថា​ ព្រះជាម្ចាស់​ជា​មហាក្សត្រ​លើ​សកម្មភាព​របស់​មនុស្ស​ទាំង​អស់ ​(២:១៨-១៩; ៣:៣៤-៣៥) ហើយ​ទ្រង់​កំពុង​សាងសង់​អាណាចក្រ​របស់​​​ទ្រង់​ (២:៤៤-៤៥; ៤:៣៤; ៦:២៦; ៧:១៤) ​អាច​ជួយ​ពង្រឹង​ជំនឿ​របស់​​យើង​បាន​​។ ទ្រង់​គឺ​ជា​ព្រះ ​ដែល​​សំដែង​​​អង្គ​ទ្រង់​​ និង​គោល​បំណង​របស់​ទ្រង់ ​​ដើម្បី​អោយ​​រាស្រ្ត​ទ្រង់​អាច​នឹង​ស្គាល់​ទ្រង់​  ​ហើយ​​ទុក​ចិត្ត​លើ​​​​ព្រះបន្ទូល​របស់​​ទ្រង់​បាន​​ (១:១៧; ២:១៩; ២៨-៣០, ៤៧)។ ​ការ​យល់​ដឹង​ពី​ទ្រង់​បែប​​នេះ​ ជួយ​ធ្វើ​ឲ្យ​រាស្រ្ត​របស់​ព្រះ​មាន​ការ​​ជំរុញចិត្ត​តស៊ូ​  ​ហើយ​​ដឹង​ថា ​ពួក​​​គេ​នឹង​ទទួល​​​អាណាចក្រ​របស់​​ព្រះ​ជា​ពិត​ (៧:២២, ២៦-២៧; ១២:២-៣)។​​

 

ជំពូក​១​ នេះ ​ជា​អត្ថបទ​ល្អ​សម្រាប់​អធិប្បាយ​ចំពោះ​មនុស្ស​ដែល​ខ្វល់ខ្វាយ​ខ្លាំង​អំពី​ការ​បៀត​​បៀន​ចំពោះ​គ្រីស្ទបរិស័ទ​​នៅ​ជុំវិញ​ពិភពលោក​។ គ្រីស្ទបរិស័ទ​លើស​ពី​មួយ​រយ​លាន​​នាក់​ត្រូវ​បាន​គេ​​បៀត​បៀន​នៅ​​លើ​ពិភពលោក​យើង​នេះ​​។ តើ​ព្រះជាម្ចាស់​នៅ​ឯណា​? តើ​ទ្រង់​គ្មាន​អំណាច​ដើម្បី​បញ្ឈប់​ការ​កៀប​សង្កត់​រាស្រ្ត​របស់​​ទ្រង់​ទេ​ឬ​?​​

 

បរិបទ​ និង​អត្ថបទ​

ក្នុង​បរិបទ​ព្រះ​​គម្ពីរ​សញ្ញា​ចាស់​  ដានីយ៉ែល​១ ជាប់​​ទាក់​ទង​ជាមួយ​ ២របាក្សត្រ​ ៣៦:៦-៧។ ដានីយ៉ែល ១:១-៣ បាន​រំលឹក​យើង​ថា​ ព្រះជាម្ចាស់​ស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​និង​ប្រជារាស្ត្រ​របស់​​ទ្រង់​។ ​នៅ​ក្នុង​ លេវីវិន័យ ​២៦:៣៣, ៣៩ ព្រះជាម្ចាស់​បាន​ព្រមាន​រាស្រ្ត​​របស់​ទ្រង់​ថា​  ពួក​គេ​នឹង​ត្រូវ​និរទេស ​បើសិន​​ពួកគេ​​មិនមាន​ភាព​ស្មោះត្រង់​ចំពោះ​ទ្រង់​​។ ​ឥឡូវ​នេះ ​បន្ទាប់​ពី​ពួកគេ​មិន​ស្តាប់​បង្គាប់​​អស់​រយៈ​ពេល​ជា​​យូរ​​​ ព្រះជាម្ចាស់​ប្រើ​នេប៊ូក្នេសា ​ដើម្បី​ដាក់​វិន័យ​ដល់​​រាស្រ្ត​​របស់​ទ្រង់​។ ដានីយ៉ែល​១:២ និយាយ​ថា ​ស្តេច​បាន​នាំ​សេចក្តីប្រកាស​នេះ​ទៅ​ ​«​ស្រុក​ស៊ីណើរ»​ ​​ជា​កន្លែង​ដូច​គ្នា​នឹង​ ​«ស្រុក​ស៊ីណើរ» ក្នុង​លោកុប្បត្តិ១១:១២​ ជា​ទី​ដែល​មនុស្ស​បាន​បះបោរ​ប្រឆាំង​នឹង​​ព្រះជាម្ចាស់​ ​ហើយ​​សាងសង់​ប៉ម​បាបិល​។ ខ​នេះ​ប្រាប់​យើង​ថា ​បាប៊ីឡូន​ជា​កន្លែង​មួយ ​ដែល​ប្រឆាំង​នឹង​​ព្រះនិង​អាណាចក្រ​​របស់​ទ្រង់​។​​​​​

 

ការ​ពិពណ៌នា​ពី​ដានីយ៉ែល​​ជា​កំលោះ​សង្ហា​​ម្នាក់​ (ខ. ៤) ជា​អ្នក​ត្រូវ​គេ​បង្ខំ​ឲ្យ​និរទេស​ចេញ​​ពី​ស្រុក​កំណើត​ (ខ.៦) បាន​ទទួល​ឈ្មោះ​បរទេស​មួយ ​(ខ. ៧) ជា​អ្នក​ដែល​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​គេ​ប្រកប​ដោយ​ ​«សេចក្តី​សប្បុរស​ និង​សេក្តីស្រឡាញ់​របស់​ចៅហ្វាយ» (ខ. ៩) និង​មាន​ ​«យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់​ស្តែង​ និង​ការ​យល់​សប្តិ​ផង» និង​ក្លាយ​ជា​ ​«អ្នក​គ្រប់គ្រង» នៃ​បាប៊ីឡូន ​(២:២៨) បាន​រំលឹក​យើង​អំពី​រឿង​របស់​លោក​យ៉ូសែប​ ​ដែល​ក៏​ជា​ម្នាក់​​​ត្រូវ​បាន​ពិពណ៌នា​​​ជា​កំលោះស​ង្ហា​ម្នាក់​ (លោកុប្បត្តិ ៣៩:៦) ជា​អ្នក​ត្រូវ​គេ​បង្ខំ​ឲ្យ​និរទេស​ចេញ​ពី​ស្រុក​កំណើរ​​ទៅ​​អេស៊ីព្ទ​ (លោកុប្បត្តិ ៣៧:៣៦) បាន​ទទួល​ឈ្មោះ​បរទេស​មួយ​ (លោកុប្បត្តិ ៤១:៤៥) បាន​ជា​ទី​ពេញ​ចិត្ត​របស់​ចៅហ្វាយ​ (លោកុប្បត្តិ​ ៣៩:៤, ៤១:៣៧) ជា​អ្នក​ដែល​ព្រះ​​ប្រទាន​​សមត្ថភាព​កាត់​ស្រាយ​ការ​​យល់សប្តិ ​(លោកុប្បត្តិ ៤១:៣៩) និង​ក្លាយ​ជា​អ្នក​គ្រប់គ្រង​អេស៊ីព្ទ​ (លោកុប្បត្តិ ៤១:៤១-៤៥)។ ការ​រ៉ាយ​រ៉ាប់​ពណ៌នា​ពី​ដានីយ៉ែល​​​ដូច​ជា​​​យ៉ូសែបថា​​ ជា​កូន​ព្រះជាម្ចាស់​ ជា​អ្នក​ដែល​ទ្រង់​ប្រើ​ ​សម្រាប់​​ប្រយោជន៍​ដល់​​អាណាចក្រ​​របស់​ទ្រង់​ ទោះបី​ពួក​គេ​ស្ថិត​ក្នុង​ទឹក​ដី​បរទេស​ក៏​ដោយ​​។​​​​​​

 

ដំណើររឿង

​យើង​​​ចាំ​បាច់​ត្រូវ​យល់​ពី​ដំណើរ​រឿង ដើម្បី​អោយ​យើង​​យល់​ពី​ដំណើរ​រឿង​និង​​ចាប់​ពី​ចំណុច​ចម្បងរបស់​វា ​(ផ្ទៃរឿង) និង​ប្រាប់​រឿង​ម្តង​ទៀត​នៅ​​ក្នុង​សេចក្តី​អធិប្បាយ តាម​រយៈ​​ខ. ១-៥ បាន​ផ្តល់​​​កាលៈទេសៈនៃ​​រឿង​។ ដានីយ៉ែល​បាន​ឃ្លាត​​ឆ្ងាយ​ពី​ទឹក​ដី​សន្យា រស់​នៅ​​ក្រោម​អំណាច​ស្តេច​ ដែល​បាន​បំផ្លាញ​យេរូសាឡិម​ និង​ព្រះវិហារ​។ ទោះបី​ជា​យ៉ាងណា ​​​ស្តេច​​នេះ​កំពុង​បណ្តុះបណ្តាល​ និង​ចិញ្ចឹម​ដានីយ៉ែល​។ នេះ​ជា​បរិបទ​រឿង​ដានីយ៉ែល​បដិសេធ​​មិន​បរិភោគ​អាហារ​និង​ស្រា​របស់​ស្តេច​។ ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​​ចំនុច​លម្អិត​នេះ​​ទេ នោះ​យើង​ងាយ​នឹង​ធ្វើ​អោយ​​រឿង​នេះ​​ក្លាយ​ទៅ​ជាការ​​និទាន​​​រឿង​សីលធម៌​​ហើយ គឺ​ ​«កុំ​ឲ្យ​ស្រវឹង»​ ឬ ​«ហូប​បាន​ល្អ​អ្នក​នឹង​មាន​សុខភាព​ល្អ» ហើយ​ភ្លេច​សារ​នៃ​អត្ថបទ​​ទាំងស្រុង​។​​​​​​​​

យើង​ត្រូវ​តែ​​កត់​សំគាល់​​​ចំណុច​សំខាន់​ (១) ក្រិត្យវិន័យ​ព្រះជាម្ចាស់​ និង​ (២) ព្រះជាម្ចាស់​ក្នុង​រឿង​នេះ​។

(១) ក្រិត្យវិន័យ​ព្រះជាម្ចាស់ ​  មូលហេតុ​ដែល​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​មិន​ចង់​បរិភោគ​អាហារ​ ​ពី​ព្រោះ​ពួក​គេ​មិន​ចង់​ឲ្យ​ខ្លួន​ពួក​​គេ​ទៅ​ជា​សៅហ្មង​ (ខ. ៨)​។ នេះ​ព្រោះ​តែ​ក្រិត្យវិន័យ​ព្រះជាម្ចាស់​​​​​ហាម​មិន​អោយ​​អ៊ីស្រាអែល​​បរិភោគ​​អាហារ​មួយ​ចំនួន​ ហើយ​ពេល​នេះ​ពួក​គេ​កំពុង​ស្ថិត​នៅ​ទឹក​ដី​បរទេស​ ដែល​ជា​​កន្លែង​​សាសន៍​ដទៃ​​បរិភោគ​អាហារ​ដែល​នាំ​ឲ្យ​មិន​បរិសុទ្ធ​។ ពួក​គេ​មិន​ចង់​ល្មើស​នឹង​ក្រិត្យវិន័យ​ព្រះជាម្ចាស់​​​ទេ​។ ​​ប៉ុន្តែ​​ឥឡូវ​នេះ​យើង​​ស្ថិត​នៅ​​ក្រោម​សម្ព័ន្ធ​មេត្រី​ថ្មី​ហើយ​​ ​គឺ​ក្រិត្យវិន័យ​ពី​អាហារ​នេះ​​​មិន​ត្រូវ​យក​មក​អនុវត្តន៍​ទៀត​ទេ​។

() ព្រះជាម្ចាស់​  ព្រះអម្ចាស់​ប្រគល់​ស្តេច​យូដា​ទៅ​​ក្នុង​កណ្តាប់​ដៃ​ស្តេច​បាប៊ីឡូន​ (ខ. ២)។ ព្រះជាម្ចាស់​ធ្វើ​ឲ្យ​ចៅហ្វាយ​មាន​សប្បុរស​ និង​សេចក្តីស្រលាញ់​ចំពោះ​ដានីយ៉ែល​ (ខ. ៩)។ ​ព្រះជាម្ចាស់​ប្រទាន​​​បុរស​ទាំង​បួន​នាក់​នេះ​​​មក​ពី​អំបូរ​យូដា ​(ខ. ៦) អោយ​មាន​ ​«​ចំណេះដឹង​ និង​ជំនាញ​ក្នុង​​គ្រប់​ទស្សនៈ​នៃ​អក្សរសាស្ត្រ​ និង​ប្រាជ្ញា​ ​ហើយ​ដានីយ៉ែល​លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់​ស្តែង​ ​និង​ការ​យល់​សប្តិ​ផង​» (ខ. ១៧)។ ព្រះជាម្ចាស់​ត្រួតត្រា​លើ​​ដំណើរ​រឿង​ទាំង​មូល​។​​​​

 

ផ្ទៃរឿង​ និង​គោលបំណង​នៃ​អត្ថបទ​​​តាមរយៈ​​ការ​សង្កេត​ខាង​លើ​ ​ឥឡូវ​​​នេះ​យើង​អាច​ឃើញ​ផ្ទៃរឿងនៃអត្ថបទ​នេះ​បាន​​គឺ​​​​ ព្រះជាម្ចាស់ត្រួតត្រាអ្វីដែលកើតក្នុងចំណោមមនុស្សទាំងអស់​។  ​នេះ​គឺ​ជា​ផ្ទៃរឿង​ល្អ​មួយ​ ប៉ុន្តែ​វា​ទូទៅ​ពេក​ ហើយ​អាច​ជា​ផ្ទៃ​រឿង​នៃ​អត្ថបទ​ព្រះគម្ពីរ​ជា​ច្រើន​​ទៀត​ដែរ​។​

 

​តាម​ការ​មើល​លម្អិត​​នៅ​ក្នុង​សាច់​រឿង ​យើង​អាច​និយាយ​ថា​ ផ្ទៃ​រឿង​គឺ​ ព្រះជាម្ចាស់ដាក់អ្នក​​ស្មោះត្រង់ដានីយ៉ែលនិងមិត្តភក្តិ​របស់​គាត់​នៅ​ក្នុង​បាប៊ីឡូន​ ដើម្បីកាន់តំណែង​និង​មានអំណាច​  ។ នេះ​ជា​ការ​សង្ខេប​ល្អ​មួយ​ ប៉ុន្តែ​វា​មិន​ទាន់​​​​ចាប់​បាន​​សារ​នៅ​​ក្នុង​ដានីយ៉ែល​១​នៅ​ឡើយ​ទេ​។ តើអ្វី​ជា​សារ​ចេញ​ពី​រឿង​សម្រាប់​ពួក​​និរទេស​នៅ​បាប៊ីឡូន​​? ​សូម​ស្រមៃ​ថា ​អ្នក​ជា​ម្នាក់​ដែល​រងទុក្ខ​ក្នុង​ការ​និរទេស​។ តើ​រឿង​នេះ​លើក​ទឹកចិត្ត​អ្នក​ដូចម្តេច​? តើ​អាច​​មាន​ការ​អនុវត្តន៍​​ សម្រាប់​យូដា​នា​ពេល​នោះ​យ៉ាង​ដូចម្តេច​? ពេល​យើង​គិត​អំពី​សំណួរ​​ទាំង​នោះ​ យើង​អាច​និយាយ​ពី​ផ្ទៃរឿង​បាន​ថា​​​​ ព្រះអម្ចាស់ជាមហារក្សត្រជាអ្នកដែលបានជួយជនស្មោះត្រង់ដានីយ៉ែលនិង

មិត្តភក្ដិ​របស់​​គាត់ ដើម្បីកាន់តំណែង​និង​មានអំណាច​នៅ​ក្នុងបាប៊ីឡូន

​ហើយ​ទ្រង់នឹងជួយប្រជារាស្ត្រស្មោះត្រង់​របស់​ទ្រង់ ទោះបី​ពួក​គេស្ថិតក្នុងការនិរទេស​ក៏ដោយ​

​​​​​​​

​រឿង​នេះ​មិន​មាន​គោលបំណង​​​ប្រាប់​ឲ្យ​អ្នក​ស្តាប់​ត្រូវ​ហូប​និង​ផឹក​អ្វី​នោះ​​ទេ​ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​  ​និង​កំសាន្ត​ទុក្ខ​ពួក​គេ​ ដើម្បី​អោយ​​មាន​កំលាំង​ក្នុង​ជំនឿ​លើ​ព្រះជាម្ចាស់​​ តាម​រយៈ​​​ការ​ឃើញ​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​បាប៊ីឡូន​ និង​តាម​រយៈ​ប្រជារាស្ត្រ​របស់​​ទ្រង់​។

 

ដូច្នេះ ​នេះ​​ត្រូវ​​​ជា​ចំណុច​កណ្តាល​នៃ​គោលបំណង​សម្រាប់​យើង​ នៅ​​ពេល​យើង​បង្រៀន​ និង​អធិប្បាយ​ចេញ​ពី​អត្ថបទ​នេះ​។ ប៉ុន្តែ​អ្នក​និទាន​រឿង​មាន​​គោលបំណង​ទីពីរ​ផង​ដែរ​។ អ្នក​និពន្ធ​បង្ហាញ​ថា ​​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​​ គឺ​ជា​ជនជាតិ​​​អ៊ីស្រាអែល​ពិត​ប្រាកដ​ ​ដែល​ស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​  ទោះបី​​ពួក​គេ​នៅ​ឆ្ងាយ​ពី​ទឹកដី​សន្យា ​ក៏​ពួកគេ​នៅ​តែ​ស្មោះត្រង់​នឹង​ព្រះ​​ចំពោះ​អាហារ​ដែល​គេ​បរិភោគ ​(ជំពូក១) ស្មោះត្រង់​នឹង​ព្រះ​មិន​​លុត​ជង្គុង​ថ្វាយបង្គំ​រូបព្រះ ​(ជំពូក៣) ស្មោះត្រង់​នឹង​ព្រះ​ចំពោះ​ការ​អធិស្ឋាន​ជា​ប្រចាំ​ (ជំពូក៦)។  ទោះបី​ស្ថិត​ក្នុង​ការ​និរទេស​ ពួក​គេ​នៅ​តែ​​ស៊ូទ្រាំ​កាន់​តាម​ក្រិត្យវិន័យ​របស់​​​ព្រះ​ជា​និច្ច​​។ ដូច្នេះ​ រឿង​នេះ​បាន​លើក​ទឹកចិត្ត​សាសន៍​យូដា ​ទោះបី​​ពួក​គេ​ស្ថិត​ក្នុង​ការ​និរទេសក៏​ដោយ​​ ​ក៏​ពួក​គេ​ត្រូវ​ស្មោះត្រង់​ចំពោះ​ព្រះ​និង​បញ្ញាត្តិ​ទ្រង់​ដែរ​។​​​​

 

មធ្យោបាយ​អធិប្បាយ​ពី​ព្រះគ្រីស្ទ​

នៅ​ក្នុង​ផ្នែក​នេះ​ យើង​នឹង​មើល​ពី​មធ្យោបាយ​ ដើម្បី​ធ្វើ​ឲ្យ​ការ​អធិប្បាយ​ពី​សញ្ញា​ចាស់​បាន​ឆ្ពោះ​ទៅព្រះយេស៊ូវគ្រីស្ទ​​នៅ​ក្នុង​សញ្ញា​ថ្មី​។​ ដានីយ៉ែល​១​ បញ្ជាក់​ថា ​ព្រះជាម្ចាស់​ «ប្រទាន​ឲ្យ​»​។ នេះ​ជា​គោលការណ៍​ដូចគ្នា ​ដែល​យើង​ឃើញ​នៅ​ក្នុង​ដំណឹងល្អ​។ ព្រះជាម្ចាស់​បាន​ឲ្យ​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​ «ព្រះជាម្ចាស់ ​ប្រទាន​ឲ្យរាជ​បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ជឿ​ដល់​ព្រះរាជបុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ​  គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ​» (យ៉ូហាន៣:១៦)។ ទ្រង់​គឺ​ជា​ស្តេច ​ដែល​ប្រសូត​មក ​ដើម្បី​សង្គ្រោះ​រាស្រ្ត​ទ្រង់​ពី​ការ​និរទេស​ក្នុង​ពិភពលោក​ និង​នាំ​ពួក​គេ​ត្រលប់​មក​ទឹក​ដី​សន្យា​វិញ​។ យើង​ឃើញ​នៅ​ខាង​លើ​ថា  ​សញ្ញាថ្មី​បាន​ប្រើ​រូបភាព​ទឹកដី​សន្យា​និង​ការ​និរទេស ​ដើម្បី​ពិពណ៌នា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​​គ្រីស្ទបរិស័ទ​។ ក្នុង​នាម​ជា​សម្តេច​សង្ឃ​ខ្ពស់​បំផុត​ ព្រះយេស៊ូវ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ទ្រង់​ថា «ទូលបង្គំ​បាន​ឲ្យ​ព្រះបន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ៍​បាន​ស្អប់​គេ​  ពីព្រោះ​គេ​មិនមែន​ជា​របស់​លោកីយ៍​ទេ  ដូច​ជា​ទូល​បង្គំ​ក៏​មិនមែន​ជា​របស់​លោកីយ៍​ដែរ…គេ​មិនមែន​ជា​របស់​លោកិយ​ដូចជា​ទូលបង្គំ​ក៏​មិនមែន​ជា​របស់​លោកិយ​ដែរ​»​ (យ៉ូហាន ១៧:១៤, ១៦)។​​ ​

ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​លើ​ផែនដី ​(គ្រីស្ទបរិស័ទ) បច្ចុប្បន្ន​នៅ​តែ​រស់​ក្នុង​ការ​និរទេស​។ ទោះបី​យើង​ជា​​ប្រជាពលរដ្ឋ​​នៃ​ប្រទេស​ណា​មួយ​  ដូចជា​កម្ពុជា​​យ៉ាង​ណា​ក៏​ដោយ​ លោក​ប៉ុល​សរសេរ​​ថា​ «យើង​រាល់​គ្នា​ជា​សាសន៍​ស្ថានសួគ៌​ ក៏​នៅ​រង់​ចាំ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​  ជា​ព្រះអង្គ​សង្គ្រោះ​ទ្រង់​យាង​មក​ពី​នោះ​ឯង​» (ភីលីព ៣:២០; ប្រៀប​ធៀប ៖១ពេត្រុស ១:១ និង យ៉ាកុប ១:១)។ ព្រះយេស៊ូវ​នឹង​យាង​មក​ម្តងទៀត​ ហើយ​នាំ​យើង​ចេញ​ពី​ការ​និរទេស​​ ចេញ​ពីអំពើ​បាប​ និង​​ចេញ​ពី​លោកិយដ៏​អាក្រក់​នេះ​ឆ្ពោះ​ទៅ​ទឹកដី​សន្យា​​។ នោះ​គឺ​ជា​អាណាចក្រ​ព្រះ​ដ៏​ឥតខ្ចោះ​​នៅ​លើ​ផែនដី​។   ខណៈ​ដែល​យើង​រង់ចាំ​ទ្រង់​​ យើង​ថ្វាយសិរីល្អ​ដល់​ព្រះ​ ដោយ​រស់​យ៉ាង​​​ស្មោះត្រង់​ចំពោះ​ទ្រង់ ​ទោះ​បី​ជា​យើង​​ស្ថិត​នៅ​​ក្នុង​ការនិរទេស​​ក៏​ដោយ​ ហើយ​នេះ​គឺ​ជា​​ការ​រង់ចាំ​ទឹកដី​សន្យា​ ខណៈ​យើង​កំពុង​​តែ​​រស់​នៅ​ផែនដី​នេះ​នៅ​ឡើយ​​។ ១ពេត្រុស ១:១-២ ជា​អត្ថបទ​សំខាន់​សម្រាប់​គ្រីស្ទបរិស័ទ​ដើម្បី​គិត​ពី​ការ​អនុវត្តន៍​ចេញ​ពី​គម្ពីរ​ដានីយ៉ែល​។

 

គម្ពីរ​សញ្ញា​ថ្មី​  ជា​ពិសេស​​កណ្ឌ​ម៉ាថាយ​  ​បង្ហាញ​​ឲ្យ​ឃើញ​ថា ​ព្រះយេស៊ូវ​ជា​អ៊ីស្រាអែល​ដ៏​ពិត​ប្រាកដ​ ​ហើយ​ទ្រង់​ស្មោះត្រង់​ចំពោះ​​ព្រះ​វរបិតា​​​​ទាំង​អស់​។ ព្រះយេស៊ូវ​ និង​ដានីយ៉ែល​​មាន​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​។ ព្រះអម្ចាស់​ជា​មហាក្សត្រ​ទ្រង់​ប្រគល់​ដានីយ៉ែល​ចេញ​ពី​ទឹកដី​សន្យា​ ​​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន​ដែល​ពេញ​ដោយ​អំពើ​បាប​ ​ហើយ​​ព្រះជាម្ចាស់​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​មក​ក្នុង​ពិភពលោក​ដែល​ពេញ​ដោយ​អំពើ​បាប​ដែរ​ ​(យ៉ូហាន ៣:១៦)។ ដានីយ៉ែល​ជា​ជនជាតិ​​​អ៊ីស្រាអែល​ដ៏​ពិត​ប្រាកដ​​ ឯ​​ព្រះយេស៊ូវ​ក៏​ជា​អ៊ីស្រាអែល​ដ៏​ពិតប្រាកដ​​ និង​ពិត​ជា​បុត្រា​របស់​​ព្រះជាម្ចាស់​។ នៅ​បាប៊ីឡូន​ដានីយ៉ែល​គោរព​ស្តាប់​បង្គាប់​ព្រះ ​ដោយ​ការ​​មិនបរិភោគ​អ្វី​ដែល​ខុស​នឹង​ច្បាប់ ឯ​ព្រះយេស៊ូវ​ស្តាប់បង្គាប់​តាម​​ក្រិត្យវិន័យ​​​​របស់​ព្រះ​គ្រប់​ទាំង​អស់​។ ព្រះ​ប្រទាន​ឲ្យ​ដានីយ៉ែល​មាន​​ប្រាជ្ញា​ និង​ជំនាញ​ ​​ហើយ​ព្រះ​ប្រទាន​​អោយ​ព្រះយេស៊ូវ​​មាន​ប្រាជ្ញា​ និង​ជំនាញ ​(«ពួក​អស់​អ្នក​ដែល​លឺ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា​ហើយ​​និង​ចម្លើយ​ទ្រង់​​» [លូកា២:៤៧] )។ ព្រះជាម្ចាស់​ប្រទាន​​​អោយ​ដានីយ៉ែល​មាន​អំណាច​ដ៏​អស្ចារ្យ​ក្នុង​បាប៊ីឡូន​ ​ហើយ​ព្រះជាម្ចាស់​ប្រទាន​​បុត្រា​​ទ្រង់​ទៅ​កន្លែង​អស្ចារ្យ​លើស​ពី​នោះ​ទៅ​​ទៀត​គឺ​​ «ព្រះ​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់​ ហើយ​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ​ ដើម្បី​កាលណា​លឺ​ព្រះយេស៊ូវ​ នោះ​គ្រប់​ទាំង​ជង្គង់​ត្រូវ​លត់​ចុះ​…និង​គ្រប់​ទាំង​អណ្តាត​សារភាព​ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​ សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវបិតា​​» (ភីលីព ២:៩-១១)។ ដូច្នេះ​ប្រវត្តិសាស្ត្រ​នេះ​នាំ​​ឲ្យ​យើង​កាន់​តែ​មាន​ជំនឿ​រឹងមាំ​  ​ពី​ព្រោះ​ព្រះជាម្ចាស់​បាន​ធ្វើ​​ទាំង​នេះនៅ​អតីតកាល​​ ដូច្នេះ​យើង​ដឹង​ថា ​នៅ​អនាគត​កាល​ព្រះជាម្ចាស់​នឹង​​បង្គ្រប់ (សម្រេច​) ​​​ផែនការ​​របស់​ទ្រង់​ និង​បំពេញ​សេចក្តី​សន្យា​​​ទាំង​អស់​របស់​ទ្រង់ នៅ​​​ពេល​ព្រះយេស៊ូវ​យាង​​ត្រឡប់​មក​គ្រប់​គ្រង​លើ​ទាំង​អស់​។ ដានីយ៉ែល​១  លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​​ព្រះជាម្ចាស់​​ថា​ ព្រះជាម្ចាស់​ជា​មហាក្សត្រ​នឹង​ណែនាំ​រាស្រ្ត​ទ្រង់ ​ទោះបី​ពួកគេ​​នៅ​ក្នុង​ការនិរទេស​ក៏​ដោយ​​ ​ហើយ​ដូច​គ្នា​ដែរ ​​ព្រះយេស៊ូវ​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ទ្រង់​ «កុំ​ឲ្យ​ភ័យ​ខ្លាច​ ហ្វូង​តូច​អើយ​  ព្រោះ​ព្រះវបិតា​នៃ​អ្នក​រាល់​គ្នា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត​​​» (លូកា ១២:៣២)។ សារ​នៅ​ក្នុង​​ដានីយ៉ែល​១​ គឺ​ស្រដៀង​​នឹង​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ក្នុង​ រ៉ូម ៨:២៨-៣៩​។

 

ផ្ទៃ​រឿង​និង​គោលដៅ​នៃ​សេចក្ដី​អធិប្បាយ​​ និង​តម្រូវការ​របស់​អ្នក​ស្ដាប់​ដែល​សេចក្ដី​អធិប្បាយ​ត្រូវ​​ដោះ​ស្រាយ

​​ផ្ទៃរឿង​ការ​អធិប្បាយ​តែងតែ​ផ្អែក​លើ​ផ្ទៃរឿង​នៃ​អត្ថបទ​ ដែល​យើង​បាន​ឃើញ​ខាង​លើ​​ប៉ុន្តែ​ដោយ​ការ​មើល​ទៅ​ឯ​​ព្រះគ្រីស្ទ​ និង​ព្រះ​គម្ពីរ​​សញ្ញា​ថ្មី ​នោះ​​ផ្ទៃ​រឿង​ការអធិប្បាយ​អាច​​អភិវឌ្ឍន៍​ជាង​ផ្ទៃរឿង​អត្ថបទ​បន្តិច​​ ប៉ុន្តែ​នៅ​តែ​ផ្អែក​លើ​ផ្ទៃ​រឿង​អត្ថបទ​ដដែល​​។ យើង​បាន​និយាយ​ថា ​ផ្ទៃរឿង​អត្ថបទ​នេះ​​គឺ ព្រះអម្ចាស់ជាមហារក្សត្រជាអ្នកដែលបានជួយជនស្មោះត្រង់ដានីយ៉ែលនិង​​មិត្តភក្ដិ​​​រ​បស់​គាត់ ដើម្បីកាន់តំណែង​និង​មានអំណាចក្នុងបាប៊ីឡូន​ហើយ​ទ្រង់​ក៏​នឹងជួយប្រជារាស្ត្រស្មោះត្រង់ទោះបីគេស្ថិតក្នុងការនិរទេស​​ផង​ដែរ។ ដោយ​ហេតុថា​ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិនផ្លាស់​ប្តូរ​សារ​នេះ​ទេ​ ​នោះ​​​យើង​អាច​បង្កើត​​ផ្ទៃរឿង​ការអធិប្បាយ​បាន​  លុះត្រា​តែ​​យើង​គិត​បន្តិច​ទៀត​អំពី​ការ​និរទេស​។ តើ​ក្រុមជំនុំ​បច្ចុប្បន្ន«ស្ថិត​ក្នុង​ការ​និរទេស​​​​» ដូច​ជា​អ៊ីស្រាអែល​? យើង​បាន​ឃើញ​ការ​បង្រៀន​របស់​លោក​​ប៉ុល​ខាង​លើ​ថា​ រាស្រ្ត​​របស់​ព្រះជាម្ចាស់ (គ្រីស្ទបរិស័ទ​)​ ស្ថិត​ក្នុង​ការ​និរទេស​ ព្រោះ​តែ​យើង​​រស់​នៅ​ក្នុង​ផែនដី​​មាន​អំពើ​អាក្រក់​ និង​​ពោរ​ពេញ​ដោយ​បាប​ ​ប៉ុន្តែ​ «យើង​ជា​សាសន៍​នៃ​ស្ថានសួគ៌​​​​» (ភីលីព ៣:២០)។ ​លោក​ពេត្រុស​​ក៏​​បាន​ហៅ​​​គ្រីស្ទបរិស័ទ​​​នៅ​ព្រះ​គម្ពីរ​​សញ្ញា​ថ្មី​​ជា​​ «ពួក​អ្នក​ខ្ចាត់ខ្ចាយ​​» (១ពេត្រុស ១:១; ​ប្រៀប​ធៀប ​៖ យ៉ាកុប១:១​​)។ ដូច្នេះ​ យើង​នៅ​តែ​រក្សា​ «ក្នុង​ការ​និរទេស​​» ​នៅ​ក្នុង​ផ្ទៃរឿង​អធិប្បាយ​ ប៉ុន្តែ​​ «និរទេស​​​​​» ប្រហែល​ជា​មនុស្ស​យល់ «​និរទេស» ​មិន​ច្បាស់លាស់​​​​​ទេ​​ ដូច្នេះ​​​​យើង​អាច​ធ្វើ​អោយ​ផ្ទៃរឿង​​មាន​ភាព​ច្បាស់​លាស់​​ជាង​​បាន​​​គឺ​យើង​អាច​ផ្លាស់ប្តូរ​ «ក្នុង​ការ​និរទេស​​​​​» ទៅ​ជា​ «ក្នុង​ពិភពលោក​​​​​»។ ដូច្នេះ ​ផ្ទៃរឿង​របស់​យើង​អាច​ជា​

​«ព្រះអម្ចាស់ជាមហារក្សត្រជាអ្នកដែលបានជួយជនស្មោះត្រង់ដានីយ៉ែលនិងមិត្តភក្ដិ​របស់​​គាត់ ដើម្បីកាន់តំណែង​និង​មានអំណាច​នៅ​ក្នុងបាប៊ីឡូន  ​​ហើយ​ទ្រង់​ក៏​នឹងជួយប្រជារាស្ត្រស្មោះត្រង់​របស់​ទ្រង់​ក្នុងពិភពលោកនេះ​ផង​ដែរ​។»

យើង​បាន​និយាយ​ថា ​អ្នក​និពន្ធ​ប្រហែល​ជា​​​​មាន​គោលដៅ​ពីរ​​នៅ​ក្នុង​សារ​របស់​គាត់​​៖ គោលដៅ​ដំបូង​គឺ​ ដើម្បី​កំសាន្ត​ចិត្ត​រាស្រ្ត​របស់​ព្រះជាម្ចាស់​ដោយ​សារ​​ការ​ប្រកាស​​​ថា​ ទោះ​បី​​រាស្រ្ត​របស់​ព្រះ​​ស្ថិត​ក្នុង​ការ​និរទេស​ក៏ដោយ ក៏​ព្រះ​ជា​ម្ចាស់​នៅ​តែ​ត្រួត​ត្រា​ដែរ​  និង​គោលដៅ​ទីពីរ​គឺ​​ ដើម្បីលើកទឹកចិត្តរាស្រ្តរបស់ព្រះជាម្ចាស់​អោយ​ស្មោះត្រង់ចំពោះព្រះ​នៅ​ក្នុងការនិរទេស​ ។​ ​រាល់​ការ​អធិប្បាយ​​​សម្រាប់​ក្រុមជំនុំ​បច្ចុប្បន្ន​នេះ​អាច​មាន​គោល​ដៅ​ទាំង​ពីរ​នេះ​បាន​​ ប៉ុន្តែ​​​យើង​គួរតែ​ផ្លាស់ប្តូរ​​ពី​ ក្នុងការនិរទេស​ ​ទៅ​​ជា​ ក្នុង​ពិភពលោក​ ​វិញ ដើម្បី​អោយ​​អ្នក​ស្តាប់​អាច​យល់​បាន​ច្បាស់​លាស់​​ជាង​​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top