មិត្តភក្ដិរបស់ដានីយ៉ែលក្នុងគុកភ្លើង
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៣
អ្នកនិពន្ធ រុហ្វលេភិឡារ
ដានីយ៉ែល ៣ និទានរឿងអស្ចារ្យមួយអំពីសមត្ថភាពព្រះជាម្ចាស់ក្នុងការរំដោះរាស្រ្តរបស់ទ្រង់អោយរួចពីសេចក្តីស្លាប់។ រឿងនេះផ្តល់ការកំសាន្តចិត្តដល់រាស្រ្តរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះដែលកំពុងរងទុក្ខ ដូចដែលបានកំសាន្តចិត្តដល់អ៊ីស្រាអែលនៅក្នុងការនិរទេស។ រឿងនេះក៏បានលើកទឹកចិត្តរាស្រ្តរបស់ព្រះជាម្ចាស់អោយរក្សាភាពស្មោះត្រង់ចំពោះព្រះ ទោះបីជាពួកគេប្រឈមមុខនឹងការគំរាមកំហែងបែបណាក៏ដោយ។
ដានីយ៉ែល ៣:៥ «អ្នកត្រូវក្រាបថ្វាយបង្គំដល់រូបមាស» បានរំលឹកយើងអំពីបញ្ញា១០ប្រការ គឺ «កុំឲ្យក្រាបសំពះនឹងរបស់ទាំងនោះ ឬថ្វាយបង្គំនោះឡើយ» (និក្ខមនំ ២០:៥)។ ពីមុនពួកអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ ពីព្រោះពួកគេបានលុតជង្គង់ថ្វាយបង្គំរូបព្រះ ហើយអំពើនេះបាននាំអោយពួកគេធ្លាក់ទៅក្នុងការនិរទេស (ឧ. ចោទិយកថា ៤:២៥-២៧; ២៩:២៥-២៨; អេសេគាល ២២:៣-៤; អេម៉ុស៥:២៦-២៧)។ មិត្តភក្ដិរបស់ដានីយ៉ែលបានបដិសេធមិនលុតជង្គង់ចំពោះមុខរូបចម្លាក់របស់ស្តេច និងថ្វាយបង្គំរូបព្រះឡើយ ហើយការនេះបង្ហាញថា ពួកគេជាជនជាតិអ៊ីស្រាអែលពិត គេជាពួកអ្នកក្លាហានចំពោះផលវិបាកដែលមកពីការស្តាប់បង្គាប់ព្រះ។ ពួកគេត្រូវបានបោះចូលទៅក្នុងគុកភ្លើង ជាប់ទាំងខោអាវ និងឈ្នូត ព្រមទាំងសំលៀកបំពាក់ផង (ខ.២១) ដែលបង្កឲ្យខ្លួនពួកគេងាយស្រួលនឹងឆេះ ប៉ុន្តែសក់ក្បាលគេក៏មិនបានរួញដែរ ឯខោអាវក៏មិនបានឆេះ ហើយក៏ឥតមានក្លិនឈ្ងៀមជាប់នឹងគេផង (ខ. ២៧)។ ស្តេចបានហៅពួកគេថា ជាអ្នកជឿទុកចិត្តព្រះរបស់គេ ហើយមិនស្តាប់បង្គាប់បញ្ជារបស់ស្តេចក្នុងការប្រថុយខ្លួនមិនគោរព ឬថ្វាយបង្គំដល់ព្រះឯណាក្រៅពីព្រះរបស់ខ្លួនឡើយ (ខ. ២៨)។
ពាក្យផ្ទួន
ពាក្យផ្ទួនអាចជួយយើងឲ្យឃើញពីអ្វីដែលអ្នកនិទានសង្កត់ធ្ងន់។ ចំនួនប្រាំបួនដង គាត់សរសេរថា នេប៊ូក្នេសា តាំងរូបចម្លាក់មាសឡើយ (ខ. ១, ២, ៣ [2x], ៥, ៧, ១២, ១៤, ១៨)។ ចំនួនបីដង គាត់សរសេរឃ្លាថា «មនុស្ស ប្រជាជាតិ និង ភាសា» (ខ. ៤, ៧, និង ខ. ២៩) ហើយ នេប៊ូក្នេសាចង់ឲ្យគ្រប់គ្នាចុះចូល «ក្រាបចុះ និងថ្វាយបង្គំ» មានចំនួនប្រាំដង (ខ. ៥, ៦, ១០, ១១, ១៥)។ អ្នកនិពន្ធប្រាប់យ៉ាងច្បាស់លាស់ពីអត្ថន័យនៃការក្រាបចុះចំពោះរូបចម្លាក់ដោយបានបញ្ជាក់បួនដងថា ការថ្វាយបង្គំចំពោះរូបចម្លាក់មាសគឺជាការបំរើដល់រូបព្រះរបស់ស្តេច (ខ. ១២, ១៤, ១៨, ២៨)។ គាត់បានសរសេរអំពីគុកភ្លើងដែលឆេះយ៉ាងសន្ធៅចំនួនប្រាំបួនដង (ខ. ៦, ១១, ១៥, ១៧, ២០, ២១, ២២, ២៣, ២៦)។ ចំនួនដប់បីដង គាត់ហៅឈ្មោះ «សាដ្រាក់ មែសាក់ និង អ័របេឌ-នេកោ» (ខ. ១២, ១៣, ១៤, ១៦, ១៩, ២០, ២២, ២៣, ២៦ [2x], ២៨, ២៩, ៣០)។ ចំនួនបីដង អ្នកនិទានរឿងប្រាប់ព័ត៌មានដែលពួកគេបាន «ជាប់ចំណង» (ខ. ២១, ២៣, ២៤) ហើយភាពលម្អិតនេះជួយយើងអោយឃើញការអស្ចារ្យគេនៅក្នុងភ្លើងដោយឥតជាប់ចំណង (ខ. ២៥)។ ការសំខាន់បំផុតក្នុងការរកឲ្យឃើញពីផ្ទៃរឿងនៃការនិទាននេះគឺជាការនិយាយផ្ទួនគ្នានៃពាក្យ «រំដោះ» ៖ស្តេចបានសួរថា «តើព្រះណាដែលនឹងដោះអ្នកពីកណ្តាប់ដៃយើង?» (ខ. ១៥) មិត្តភក្ដិរបស់ដានីយ៉ែលនិយាយពាក្យផ្ទួនគ្នាពីរដង «រំដោះ» «បើព្រះជាម្ចាស់ជាអ្នកដែលយើងបំរើអាចដោះលែងយើងពីគុកភ្លើង…សូមឲ្យទ្រង់ដោះលែងយើង» (ខ. ១៧)។ ទីបំផុតស្តេចបាននិយាយថា «គ្មានព្រះឯណាទៀតដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ» (ខ. ២៩)។
ព្រះជាម្ចាស់ក្នុងសាច់រឿង
កាលពីសាច់រឿងមុននៅក្នុងជំពូក២ ស្តេចនេប៊ូក្នេសាបាននិយាយទៅកាន់ដានីយ៉ែលថា «ពិតប្រាដជាព្រះនៃអ្នក ជាព្រះលើអស់ទាំងព្រះ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច» (២:៤៧)។ ស្តេចបានភ្លេចសេចក្តីពិតនេះ ប្រហែលជាពីព្រោះរឿងនេះកើតឡើងជាយូរអង្វែងក្រោយមកទៀត។ ដោយសារភាពក្រអឺតរបស់ស្តេច ដែលទ្រង់បានសាងសង់រូបចម្លាក់មាស ហើយបង្គាប់ឲ្យគ្រប់ «មនុស្ស ប្រជាជាតិ និង ភាសា» ក្រាបថ្វាយបង្គំរូបចម្លាក់ហើយនេះជាការបង្គាប់គ្រប់គ្នាអោយបំរើរូបព្រះរបស់ខ្លួន ជំនួសអោយព្រះអង្គ ដែលស្តេចទ្រង់ទទួលស្គាល់នៅក្នុង ២:៤ (សូមមើល ៣:១២, ១៤, ១៨, ២៨)។ គ្រប់ទាំងមន្ត្រីមកពីគ្រប់បណ្តាខេត្តក្នុងបាប៊ីឡូនបានយល់ព្រមធ្វើតាមស្តេច លើកលែងតែមិត្តភក្ដិទាំងបីនាក់របស់ដានីយ៉ែលបានបដិសេធមិនបំរើរូបព្រះរបស់ស្តេចឡើយ (៣:១២, ១៤)។ ស្តេចបានសួរយ៉ាងអួតអាងថា «តើព្រះណាដែលនឹងរំដោះអ្នកពីកណ្តាប់ដៃយើង?» (៣:១៥)។ ស្តេចនេប៊ូក្នេសាបានយកឈ្នះលើអ៊ីស្រាអែល (១:២) ដូច្នេះគាត់គិតថា គាត់ (និង ព្រះរបស់គាត់) មានអំណាចជាងព្រះរបស់អ៊ីស្រាអែល។ មិត្តភក្ដិរបស់ដានីយ៉ែលបានឆ្លើយតប «បើព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចជួយឲ្យយើងខ្ញុំរួចពីគុកភ្លើងដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនឹងជួយយើងខ្ញុំឲ្យរួចពីព្រះហស្តទ្រង់ដែរ តើបើមិនជួយទេនោះ សូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំរូបមាសដែលទ្រង់តំឡើងនោះដែរ» (៣:១៧-១៨)។
ប៉ុន្តែស្តេចនៅតែជឿជាក់ថា ទ្រង់និងរូបព្រះរបស់ទ្រង់មានអំណាចជាងព្រះជាម្ចាស់នៃអ៊ីស្រាអែលដដែល។ ដូច្នេះទ្រង់បញ្ជាឲ្យគេបោះអ្នកបំរើព្រះជាម្ចាស់ចូលទៅក្នុងគុកភ្លើង។ នៅពេលឃើញព្រះជាម្ចាស់បានរក្សាជីវិតរបស់ពួកគេ ស្តេចបានពោលថា «សាដ្រាក់ មែសាក់ និង អ័របេឌ-នេកោ ជាអ្នកបំរើ ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត អើយ ចេញមក!» (៣:២៦) ហើយទ្រង់ថ្វាយពរដល់ព្រះជាម្ចាស់របស់ពួកគេ «ជាអ្នកដែលបានចាត់ទេវតាទ្រង់ឲ្យមក ប្រោសពួកបំរើទ្រង់ដែលទុកចិត្តដល់ទ្រង់» (៣:២៨)។ បន្ទាប់មកទ្រង់ចេញរាជបំរាមថា «បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសា បើអ្នកណានិយាយបង្ខុសពីព្រះនៃ សាដ្រាក់ មែសាក់ និង អ័របេឌ-នេកោ នោះនឹងត្រូវកាត់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀតដែលនឹងអាចជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ» (៣:២៩)។ ទោះបីជាស្តេចនៅតែជឿជាក់ថា មានព្រះជាច្រើនក៏ដោយ ក៏ស្តេចបានសារភាពថា «មិនមានព្រះណាដែល អាចជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ» គឺព្រះជាម្ចាស់នៃអ៊ីស្រាអែលជាព្រះជាម្ចាស់លើអស់ទាំងព្រះ ហើយទ្រង់ជាអង្គតែមួយគត់ ដែលអាចរំដោះមនុស្សចេញពីគុកភ្លើងបាន។
ផ្ទៃរឿង និងគោលដៅអត្ថបទ
ការមើលទៅឯសាច់រឿង ពាក្យផ្ទួន និងប្រយោគអំពីព្រះជាម្ចាស់ ជួយឲ្យយើងងាយស្រួលស្វែងរកសារនៃការនិទាន ៖ «ដោយមានទេវតា ព្រះជាម្ចាស់ដោះលែងកូនដែលស្មោះត្រង់ពីការស្លាប់ ក្នុងគុកភ្លើងស្តេចនេប៊ូក្នេសា»។ នេះជាការសង្ខេបល្អមួយចេញពីអត្ថបទ ប៉ុន្តែវាមិនមែនជា សារ សម្រាប់អ៊ីស្រាអែលស្តាប់លឺនោះទេ។ ការសង្ខេបនេះក៏មិនបានចាប់យកការតានតឹងនៅក្នុងរឿងបានដែរ ៖ «បើព្រះនៃយើង…អាច ដោះលែងយើងចេញពីគុកភ្លើងសន្ធៅ…សូមទ្រង់រំដោះយើង ប៉ុន្តែ បើទ្រង់មិន…យើងនឹងមិនបម្រើរូបព្រះស្តេចនោះទេ …» (៣:១៧-១៨)។
មិត្តភក្ដិរបស់ដានីយ៉ែលបានប្រកាសយ៉ាងខ្លាំងថា ទោះបីជាព្រះជាម្ចាស់មិនរំដោះពួកគេយ៉ាងណាក៏ដោយ ក៏គេនឹងមិនបំរើរូបព្រះរបស់បាប៊ីឡូនដែរគឺពួកគេបដិសេធមិនបម្រើព្រះដទៃឡើយ។ សេចក្តីសំខាន់ក្នុងសារនេះគឺនិយាយទៅកាន់អ៊ីស្រាអែល ជាអ្នកដែលរងទុក្ខក្នុងការនិរទេស ព្រោះពួកគេបានថ្វាយបង្គំព្រះដទៃ។ ដូច្នេះ សារចំៗមួយទៀតអាចជា ព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃយើងអាចរំដោះកូនរបស់ទ្រង់ដែលស្ថិតក្នុងការសង្កត់សង្កិនដោយព្រោះគេមិនព្រមបំរើព្រះដទៃ ។ ដើម្បីរកឃើញគោលដៅរបស់អ្នកនិពន្ធក្នុងការប្រកាសសារនេះ យើងត្រូវពិចារណាពីស្ថានភាពដើមរបស់អ្នកស្តាប់សារនេះសិន។ អ៊ីស្រាអែលក្នុងការនិរទេសបានរងទុក្ខដោយអ្វីដែលព្រះជាម្ចាស់ហៅថា គុកនៃសេចក្តីវេទនា (អេសាយ ៤៨:១០; ប្រៀបធៀប ៖ ចោទិយកថា ៤:២០)។ មនុស្សទាំងនេះបានលឺអំពីស្តេចនេប៊ូក្នេសាយកគ្រឿងប្រដាប់ព្រះវិហារនៃព្រះជាម្ចាស់ក្នុងយេរូសាឡិម ហើយដាក់វាទៅ «ក្នុងឃ្លាំងរបស់ព្រះនៃខ្លួន» (១:២, ៦០៥ មុន គ.ស)។ ពួកគេក៏បានលឺអំពីស្តេចដែលត្រឡប់មកក្នុង ៥៨៧ មុន គ.ស ដើម្បីវាយរំលំកំផែងក្រុងយេរូសាឡិម ដុតបំផ្លាញព្រះវិហារបរិសុទ្ធរបស់ព្រះ និងចាប់យកអ្នកស្រុកទៅក្នុងការនិរទេស។ បើសិនអ្វីដែលពួកគេបានជឿ និងបានធ្វើតាមបទពិសោធន៍ពួកគេកន្លងមក នោះព្រះនៃបាប៊ីឡូន បានឈ្នះព្រះជាម្ចាស់របស់អ៊ីស្រាអែល ពីព្រោះព្រះរបស់បាប៊ីឡូនមានអំណាចខ្លាំងជាងព្រះជាម្ចាស់របស់អ៊ីស្រាអែលឆ្ងាយណាស់។ ដូច្នេះ គោលបំណងដំបូងរបស់អ្នកនិពន្ធក្នុងការនិទានរឿងនេះគឺ ដើម្បី ធានាដល់រាស្រ្តរបស់ព្រះជាម្ចាស់ ដែលត្រូវគេសង្កត់សង្កិនក្នុងការនិរទេសថា ទ្រង់ជាមហាក្សត្ររបស់ពួកគេ ហើយទ្រង់អាចរំដោះពួកគេចេញពីគុកនៃការនិរទេសបាន។
ប៉ុន្តែប្រហែលជាអ្នកនិពន្ធមានគោលបំណងមួយផ្សេងទៀតផងដែរ។ គាត់បានបង្ហាញថា មិត្តភក្ដិរបស់ដានីយ៉ែលជាអ៊ីស្រាអែលដ៏ពិត។ ទោះបីជាពួកគេមិនដឹងប្រាកដថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេចេញពីគុកភ្លើងដ៏សន្ធៅក៏ដោយ ក៏ពួកគេនៅតែក្លាហានហ៊ានប្រាប់ស្តេចថា «តែបើមិនជួយទេនោះ សូមព្រះករុណាទ្រង់ជ្រាបថាយើងខ្ញុំមិនគោរពតាមព្រះរបស់ទ្រង់ឡើយ» (៣:១៨)។ ពួកគេបានស្មោះត្រង់នឹងព្រះជាម្ចាស់ និងស្តាប់បង្គាប់បញ្ញត្តទ្រង់ «កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬ គោរពប្រតិបត្តិតាមនោះឡើយ» (និក្ខមនំ ២០:៥)។ ទោះបីជាអាចមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ក៏ពួកគេនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះរបស់ខ្លួនជានិច្ច។ បណ្តាជនអ៊ីស្រាអែល ដែលបានលឺរឿងនេះក្នុងការនិរទេស បានទទួលការលើកទឹកចិត្ត និងមានការជំរុញចិត្តដោយភាពជាអ៊ីស្រាអែលដ៏ពិតនេះ។ ដូច្នេះ គោលដៅទីពីរសម្រាប់ការនិទានរឿងនេះគឺដើម្បីលើកទឹកចិត្តរាស្រ្តរបស់ព្រះជាម្ចាស់ ដែលស្ថិតក្នុងការនិរទេស មិនអោយបំរើព្រះដ៏ទៃ ទោះបីជាការបដិសេធនោះមានលទ្ធផលដល់ស្លាប់ក៏ដោយ។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
ដើម្បីអធិប្បាយពីព្រះគ្រីស្ទចេញពីអត្ថបទនេះ យើងត្រូវការបញ្ចូលសារនៃរឿងក្នុងសញ្ញាចាស់ជាមួយនឹងការបើកសំដែងរបស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទនៅក្នុងសញ្ញាថ្មី។ តើយើងអាចធ្វើឲ្យសារនេះប្តូរឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទក្នុងសញ្ញាថ្មីបានយ៉ាងដូចម្តេច? រឿងនេះមិនមានសេចក្តីសន្យាអំពីការមកដល់របស់ព្រះមែស៊ីទេ ដូច្នេះដើម្បីអោយយើងអាចប្រកាសពីព្រះគ្រីស្ទចេញពីអត្ថបទនេះបាន យើងត្រូវតែគិតពីរូបភាពធំនៅក្នុងព្រះគម្ពីរ។
តាំងពីប្រវត្តិសាស្ត្រដំបូង ព្រះជាម្ចាស់បានបញ្ជូនទេវតា ដើម្បីរំដោះរាស្រ្តអ៊ីស្រាអែលចេញពីទាសភាពនៅក្នុងអេស៊ីព្ទ (និក្ខមនំ ១៤:១៩)។ ម៉ូសេបានហៅអេស៊ីព្ទថា «គុកភ្លើងរំលាយដែក» (ចោទិយកថា ៤:២០) ប្រៀបធៀប ៖ ១ពង្សាវតារក្សត្រ ៨:៥១ និង យេរេមា ១១:៤)។ ក្រោយមកព្រះជាម្ចាស់បានសន្យារំដោះរាស្រ្តរបស់ទ្រង់ចេញពីការនិរទេសនៅបាប៊ីឡូន (អេសាយ ៤៣:១-៧) ដែលទ្រង់បានហៅថា «ឡនៃសេចក្តីវេទនា» (អេសាយ ៤៨:១០, ២០)។ ពេលដែលអ៊ីស្រាអែលស្ថិតក្នុងការនិរទេស ព្រះជាម្ចាស់បានបញ្ជូនទេវតារបស់ទ្រង់មករំដោះ សាដ្រាក់ មែសាក់ និង អ័របេឌ-នេកោ ចេញពីគុកភ្លើងដ៏សន្ធៅ។ ក្រោយមកទ្រង់បញ្ជូនរាជបុត្រាទ្រង់អោយមករំដោះរាស្រ្តរបស់ទ្រង់ពីចេញគុកភ្លើងនៃស្ថាននរក។ ព្រះយេស៊ូវបានមានបន្ទូលថា នៅពេលចុងក្រោយ «បុត្រមនុស្សនឹងបញ្ជូនទេវតាទ្រង់ ទៅច្រូតយកអស់ទាំងក្បូនដែលនាំឲ្យមនុស្សរវាតចិត្ត និងពួកអ្នកដែលទទឹងច្បាប់ចេញពីនគរ ហើយនឹងបោះគេចូលទៅក្នុង គុកភ្លើង នៅទីនោះគេនឹងយំហើយសង្កៀតធ្មេញ គ្រានោះពួកសុចរិតនឹងភ្លឺដូចជាថ្ងៃក្នុងនគររបស់ព្រះវរបិតា» (ម៉ាថាយ ១៣:៤១-៤៣)។
ការកាត់ស្រាយនិងការអធិប្បាយរបស់គ្រីស្ទបរិស័ទនៅក្នុងប្រវត្តិសាស្ត្រ មនុស្សទីបួនដែលបានចូលរួមជាមួយមិត្តភក្ដិទាំងបីនាក់នៅក្នុងគុកភ្លើងដ៏សន្ធៅនោះ ជារឿយៗគេជឿថា ជាព្រះយេស៊ូវ។ ប៉ុន្តែមានអ្នកប្រាជ្ញជាច្រើនគិតថា ការកំណត់អត្តសញ្ញាណនេះនៅមានមូលដ្ឋានគ្រឹះខ្សោយនៅឡើយ។ យ៉ាងណាក៏ដោយ ទេវតាបង្ហាញពីវត្តមានព្រះជាម្ចាស់ជាមួយរាស្រ្តទ្រង់ ដើម្បីសង្គ្រោះពួកគេ។ ព្រះយេស៊ូវគឺជាវត្តមានរបស់ព្រះជាម្ចាស់ជាមួយរាស្រ្តរបស់ទ្រង់ក្នុងលក្ខណៈត្រង់ជាងនេះ គឺទ្រង់ពិតជាបុត្រាព្រះជាម្ចាស់គង់ជាមួយយើង ហើយទ្រង់ជាអេម៉ាញូអែល «ព្រះគង់ជាមួយយើង» (ម៉ាថាយ ១:២៣) ដើម្បីសង្គ្រោះយើង។ ដូចជាទេវតាបានសង្គ្រោះមិត្តភក្ដិទាំងបីនាក់ចេញពីការឆេះក្នុង «គុកភ្លើងដ៏សន្ធៅ» ព្រះយេស៊ូវក៏សង្គ្រោះរាស្រ្តរបស់ទ្រង់ចេញពីការឆេះដ៏អស់កល្ប ក្នុងគុកភ្លើងផងដែរ (ម៉ាថាយ ១៣:៤២-៤៣; ប្រៀបធៀប ៖ យ៉ូហាន ៣:១៦)។
នេប៊ូក្នេសាល្បួងឲ្យមិត្តភក្តិរបស់ដានីយ៉ែល «ក្រាបនិងថ្វាយបង្គំរូបមាស» ដូចជាអារក្សបានល្បួងព្រះយេស៊ូវថា «បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក»។ មិត្តភក្តិរបស់ដានីយ៉ែលបានឆ្លើយទៅស្តេចថា «យើងនឹងមិនថ្វាយបង្គំព្រះរបស់ទ្រង់ឡើយ» (ដានីយ៉ែល ៣:១៨)ចំណែកព្រះយេស៊ូវវិញ ទ្រង់ឆ្លើយទៅអារក្សថា «នែសាតាំង ចូរឯងថយចេញពីអញទៅ! ឯងត្រូវថ្វាយបង្គំដល់ព្រះជាម្ចាស់នៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយអង្គប៉ុណ្ណោះ» (ម៉ាថាយ ៤:៩-១០)។ មិត្តភក្តិរបស់ដានីយ៉ែលជាជនជាតិអ៊ីស្រាអែលដែលស្មោះត្រង់ ឯព្រះយេស៊ូវជាអ៊ីស្រាអែលដ៏ឥតខ្ចោះ។
គោលដៅរបស់អ្នកនិពន្ធគឺជា ការលើកទឹកចិត្តរាស្រ្តរបស់ព្រះ ដែលស្ថិតនៅក្នុងការនិរទេស កុំឲ្យបំរើព្រះដ៏ដទៃ ទោះបីជាការបដិសេធមានលទ្ធផលដល់ស្លាប់ក៏ដោយ ដូចគ្នាដែរ ព្រះយេស៊ូវដាស់តឿនអ្នកដើរតាមទ្រង់ឲ្យមានភាពស្មោះត្រង់រហូតដល់ស្លាប់ និងកុំឲ្យខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែត្រូវកោតខ្លាចព្រះជាម្ចាស់វិញ (ឧ. ម៉ាថាយ ១០:១៦-២២; លូកា ១២:៤-៧; វិវរណៈ ២:១០-១១; សូមមើល យ៉ូហាន ១២:២៥-២៦ និង ភីលីព ១:២០-២១; ១ពេត្រុស ៤:១២-១៤; ប្រៀបធៀប ៖ ១ពេត្រុស១:៦-៧)។
ផ្ទៃរឿងអធិប្បាយ និងគោលដៅ
យើងបាននិយាយថា ផ្ទៃរឿងនៃអត្ថបទនេះគឺ ព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃយើងអាចរំដោះកូនរបស់ទ្រង់ដែលស្ថិតក្នុងការសង្កត់សង្កិនដោយព្រោះគេមិនព្រមបំរើព្រះដទៃ ។ ដោយហេតុថា សញ្ញាថ្មីបន្តបង្រៀនពីអំណាចព្រះជាម្ចាស់ក្នុងការសង្គ្រោះតាមរយៈព្រះយេស៊ូវ នោះយើងអាចរក្សាផ្ទៃរឿងដដែលសម្រាប់ការអធិប្បាយបាន តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះមហាក្សត្រនៃយើង គឺទ្រង់អាចរំដោះកូនរបស់ទ្រង់ ដែលត្រូវគេសង្កត់សង្កិន និងជាអ្នកដែលបដិសេធបំរើព្រះដទៃ។
យើងបាននិយាយនៅខាងលើថា អ្នកនិពន្ធប្រហែលមានគោលដៅពីរក្នុងអត្ថបទនេះ ៖ «ដើម្បីធានារាស្រ្តព្រះជាម្ចាស់ ដែលត្រូវគេសង្កត់សង្កិនក្នុងការនិរទេស ថាព្រះនៃអ៊ីស្រាអែលជាមហាក្សត្រអាចរំដោះពួកគេចេញពីគុកភ្លើងនៃការនិរទេសបាន» និង «ដើម្បីលើកទឹកចិត្តរាស្រ្តព្រះជាម្ចាស់ ដែលស្ថិតក្នុងការនិរទេសកុំអោយបំរើដល់ព្រះដ៏ទៃ ទោះបីជាការបដិសេធមានលទ្ធផលដល់ស្លាប់ក៏ដោយ»។ ក្រុមជំនុំព្រះគ្រីស្ទសព្វថ្ងៃនេះក៏ស្ថិតនៅក្នុងការនិរទេសដែរ ពីព្រោះនគរនៃលោកិយនេះមិនមែនជាផ្ទះរបស់យើងទេ ប៉ុន្តែព្រះយេស៊ូវបានថ្លែងយ៉ាងច្បាស់ថា «នគរខ្ញុំមិនមែនមកពីលោកិយនេះទេ» (យ៉ូហាន ១៨:៣៦) និង «ពួកគេ [សាវករបស់ខ្ញុំ] មិនមែនជាកម្មសិទ្ធិរបស់លោកិយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកិយដែរ» (យ៉ូហាន ១៧:១៦)។ លោកប៉ុលសរសេរថា «យើងរាល់គ្នាជាសាសន៍ស្ថានសួគ៌ ក៏នៅរង់ចាំព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ» (ភីលីព ៣:២០; ប្រៀបធៀប ៖ រ៉ូម ១២:២ និង ២កូរិនថូស ៥:១-៩)។ ព្រះយេស៊ូវបានសន្យាថា «នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន…បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ និងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:១-៣)។ ដោយហេតុថា រាស្រ្តរបស់ព្រះជាម្ចាស់នៅក្នុងលោកិយនេះនៅតែស្ថិតក្នុងការ «និរទេស» នៅឡើយ (សូមមើល ១ពេត្រុស ១:១) នោះយើងអាចបង្កើតគោលដៅពីរនៃអត្ថបទសំរាប់ធ្វើជាគោលដៅពីរនៃ ការអធិប្បាយបាន ៖ ដើម្បីធានារាស្រ្តព្រះជាម្ចាស់សព្វថ្ងៃថា ព្រះនៃយើងជាមហាក្សត្រ និងតាមរយៈព្រះយេស៊ូវ នោះទ្រង់អាចរំដោះគ្រីស្ទបរិស័ទចេញពីគុកនៃ «ការនិរទេស» នៅសព្វថ្ងៃនេះបាន និងដើម្បីលើកទឹកចិត្តរាស្រ្តរបស់ព្រះជាម្ចាស់កុំឲ្យបំរើព្រះដទៃ ទោះបីការបដិសេធនោះអាចមានលទ្ធផលជាការស្លាប់ក៏ដោយ។
នេះជាសារៈសំខាន់មួយ ពីព្រោះគ្រីស្ទបរិស័ទអាចគិតថា ព្រះជាម្ចាស់តូចណាស់ ហើយពួកគេអាចសង្ស័យលើព្រះ «អនុភាពក្នុងការសង្គ្រោះ» របស់ព្រះជាម្ចាស់ឲ្យរួចពីសេចក្តីស្លាប់។ ពួកគេត្រូវដឹងថារឿងនេះពិតជាបានកើតឡើងក្នុងប្រវត្តិសាស្ត្រ ដើម្បីបង្ហាញពីអំណាចព្រះជាម្ចាស់ ហើយទ្រង់នៅតែមានអំណាចដល់សព្វថ្ងៃ ដូចដែលយើងឃើញក្នុងការដែលព្រះយេស៊ូវរស់ឡើងវិញ។ ម្យ៉ាងទៀត មនុស្សអាចមើលមិនឃើញអំពីគ្រោះថ្នាក់នៃការយករូបព្រះក្លែងក្លាយអោយខ្ពស់ជាព្រះជាម្ចាស់ដ៏ពិតនោះឡើយ។ មនុស្សជាច្រើនគ្មានសង្ឃឹមក្នុងព្រះជាម្ចាស់សម្រាប់អនាគតឡើយ បានជាគេតែងតែរស់សម្រាប់សេចក្ដីរីករាយបច្ចុប្បន្នកាលប៉ុណ្ណោះ។ ពួកគេត្រូវការនឹកចាំអំពីអ៊ីស្រាអែល ដែលបានធ្លាក់ទៅក្នុងការនិរទេស ដោយសារតែពួកគេបានបំរើព្រះដទៃ។
យើងអាចពន្យល់ពីអ៊ីស្រាអែល ដែលបានជាប់ក្នុងការនិរទេស ហើយពួកគេយល់ខុសថា ព្រឹត្តិការណ៍នេះបានកើតឡើង ដោយសារតែព្រះនៃបាប៊ីឡូនបានយកឈ្នះព្រះជាម្ចាស់ (ព្រះជាម្ចាស់របស់ពួកគេតូចណាស់) ដូច្នេះហើយបានជាពួកគេត្រូវល្បួងឲ្យថ្វាយបង្គំព្រះនៃបាប៊ីឡូនទាំងនេះ។ អ្វីដែលគេបានជឿអំពីព្រះជាម្ចាស់បានផ្អែកលើបទពិសោធន៍ជាងផ្អែកលើព្រះបន្ទូលព្រះ។ នៅប្រទេសកម្ពុជាក៏មានកំហុសដូចគ្នាដែរ។ រឿងនៃមិត្តភក្ដិរបស់ដានីយ៉ែលបង្ហាញថា ព្រះជាម្ចាស់គង់នៅជាមួយរាស្រ្តទ្រង់ដើម្បីសង្គ្រោះពួកគេ ហើយដំណឹងល្អនៃការសុគតនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវក៏បានបញ្ជាក់ថា ព្រះជាម្ចាស់គង់នៅជាមួយយើង ហើយទ្រង់មានអំណាចសង្គ្រោះយើងចេញពីបាបនិងភ្លើងអស់កល្បជានិច្ច។
Leave a Reply