អក្សរនៅលើជញ្ជាំង The Writing on the Wall
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៥
អ្នកនិពន្ធ រុហ្វ លេភិឡារ
មនុស្សទាំងអស់នៅលើពិភពលោក ភ័យខ្លាចចំពោះនគររបស់មនុស្សអាក្រក់ទាំងឡាយ។ ក្នុងសង្គ្រាមលោកលើកទីពីរ មនុស្សបានភ័យខ្លាចចំពោះប្រទេសអាឡឺមង់ និងប្រទេសជប៉ុន។ បន្ទាប់ពីសង្គ្រាមនោះមនុស្សបានភ័យខ្លាចប្រទេសរុស្សីបន្ទាប់មកមនុស្សខ្លាចប្រទេសចិន និងសព្វថ្ងៃនេះគេខ្លាចកូរ៉េខាងជើងជាដើម។ សម្រាប់អ្នកដែលរស់នៅក្នុងការភ័យខ្លាចចំពោះនគរមនុស្សអាក្រក់ រឿងដានីយ៉ែល ៥ មានសារកំសាន្តចិត្តយ៉ាងធំសម្បើម។
អត្ថបទ និងបរិបទ
ក្នុងមេរៀនជំពូក ៤ យើងបានឃើញថា ជំពូក ៤ និង៥ ជាគូរនឹងគ្នា។ ពីរជំពូកនេះមានទំនាក់ទំនងយ៉ាងជិតស្និត។ រឿងទាំងពីរប្រាប់យើងពីការវិនិច្ឆ័យស្តេចបាប៊ីឡូន ដោយព្រោះចិត្តធំ និងសេចក្តីព្រហើនរបស់គាត់។ យើងឃើញទំនាក់ទំនងជិតស្និតនៅក្នុង ៥:១៨-២១ ដែលជាការសង្ខេបម្តងទៀតនៃរឿងក្នុងជំពូក ៤។ ស្តេចទាំងពីរមានភាពភ័យខ្លាច និងតក់ស្លុត (៤:៥, ៥:៦, ១០)។ ក្នុងរឿងទាំងពីរ អ្នកប្រាជ្ញនៃបាប៊ីឡូនបានបរាជ័យក្នុងការបកស្រាយសារចំពោះស្តេច ខណៈដែលដានីយ៉ែលបានជោគជ័យ។ អគ្គមហេសីមានបន្ទូលអំពី ដានីយ៉ែល ថា «ជាអ្នកដែលមានព្រះវិញ្ញាណនៃព្រះដ៏វិសុទ្ធសណ្ឋិតនៅ» (៥:១១) ដូចជានេប៊ូក្នេសាបានពណ៌នាដំបូងពីដានីយ៉ែលដែរ (៤:៨, ៩, ១៨)។ នៅក្នុងសាច់រឿងទាំងពីរ ស្តេចបង្កធ្វើអោយទ្រង់ព្រះពិរោធ ហើយព្រះជាម្ចាស់ប្រកាសភ្លាមៗពីការវិនិច្ឆ័យរបស់ទ្រង់ (៤:៣១, ៥:៥) និង វា «បានបំពេញឆាប់រហ័ស» (៤:៣៣, ៥:៣០)។ ផ្ទៃរឿងដានីយ៉ែល ៤ ថា «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ» (៤:១៧, ២៥, ៣២) គឺបានរំលឹកម្តងទៀតក្នុង ៥:២១។ ចុងក្រោយ ៤:៣៧ «ស្តេចនៃស្ថានសួគ៌…ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ» នេះជាគោលការណ៍ច្បាស់លាស់មួយ ដែលយើងអាចឃើញក្នុងរឿងស្តេចនេប៊ូក្នេសា។
ជំពូក ៥ មានទំនាក់ទំនងជាមួយជំពូក ២ ត្រង់កន្លែងដែល «គ្រូមន្តអាគម គ្រូអង្គុយធម៌ គ្រូអាបធ្មប់ និងពួកខាល់ដេ» ត្រូវបានផ្តល់ជូន «រង្វាន់ និងកិត្តិយសអស្ចារ្យ» (២:៦) ប៉ុន្តែពួកគេមិនអាចប្រាប់សប្តិស្តេចបាន ដូច្នេះហើយមិនមានការបកស្រាយពីសប្តិទេ។
«គ្រូអាបធ្មប់ ពួកខាល់ដេរ និងគ្រូទាយ» នៅទីនេះ ត្រូវបានផ្តល់ជូនរង្វាន់ និងកិត្តិយសអស្ចារ្យ (៥:៧) ប៉ុន្តែពួកគេមិនអាចអានអក្សរនៅលើជញ្ជាំងបាន គឺរឹតតែគ្មានបកស្រាយ។ ក្នុងករណីទាំងពីរនេះ ដានីញ៉ែល ចេញមកបន្ទាប់ពីពួកគ្រូទាំងនោះបានបរាជ័យ គឺគាត់បានជោគជ័យ និងទទួលការសន្យាថា នឹងទទួលបានរង្វាន់ និងកិត្តិយស។ លើសពីនេះទៅទៀត ក៏មានការធ្លាក់ចុះនៃបាប៊ីឡូន ដែលត្រូវបានជំនួសដោយនគរមួយផ្សេងទៀត (៥:៣០-៣១) បានបំពេញសប្តិក្នុងជំពូក២ «តពីទ្រង់ទៅនោះនឹងមាននគរមួយទៀតកើតឡើង» (២:៣៩)។
ការបកស្រាយរបស់ដានីយ៉ែលថា «នគររបស់ទ្រង់ត្រូវបែងចែក និងឲ្យដល់ពួកសាសន៍មេឌី និងសាសន៍ពើស៊ី» (៥:២៨) និងដារីយុសជាជនជាតិមេឌី (៥:៣១)នាំ ឆ្ពោះទៅរឿងដល់ស្តេចដារីយ៉ុស និងដានីយ៉ែលក្នុងជំពូក ៦។
ដានីយ៉ែល ៥ ក៏មានចំណុចមួយចំនួនទាក់ទងជាមួយអត្ថបទសញ្ញាចាស់ដែរ។ ម្តងទៀត រឿងដានីយ៉ែលគឺដូចជារឿងយ៉ូសែបដែរ។ អ្នកនិពន្ធនិយាយថា «ដានីយ៉ែលស្លៀកពាក់សំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទីបីក្នុងនគរ» (៥:២៩) ដែលមានភាពស្រដៀងគ្នានឹងរង្វាន់ ដែលយ៉ូសែបបានទទួលពីស្តេចផារ៉ោន (លោកុប្បត្ដិ ៤១:៤២-៤៣)។
ដានីយ៉ែល ៥ ក៏មានជាប់ទាក់ទងជាមួយសារនៃហោរ៉ា ជាអ្នកដែលនិទានពីការដួលរំលំក្រុងបាប៊ីឡូន (សូមមើល យេរេមា ២៥:១១-១២ ប្រៀបធៀប ៖ ៥០:១–៣; ៥១:៦៤; អេសាយ ១៣:១–២២; ១៤:៣–២២; ២១:១–១០)។
ពាក្យផ្ទួន
អ្នកនិទានបានប្រើពាក្យផ្ទួន ដើម្បីបង្ហាញចំណុចសំខាន់នៅក្នុងរឿង។ បីដងគាត់និយាយផ្ទួនឈ្មោះវត្តមានអ្នកចូលរួមកម្មវិធីជប់លៀង និងផឹកស្រាពីពែងរបស់ព្រះវិហារ «ស្តេច និងសេនាបតីទ្រង់ ពួកភរិយា និងពួកស្រីអ្នកម្នាង» (ខ. ២, ៣, ២៣)។ គ្រប់ទាំងនាម៉ឺនមន្ត្រីនិងអភិជនក្នុងបាប៊ីឡូន គោរពតាមស្តេចអាក្រក់ ក្នុងការបង្ករឿងហេតុជាមួយព្រះរបស់អ៊ីស្រាអែល។ ប្រាំមួយដងដែលអ្នកនិពន្ធហៅ នេប៊ូក្នេសាជា «បិតា» របស់បេលសាសារ (ខ. ២, ១១ [បីដង], ១៣, ១៨) ដើម្បីបង្ហាញប្រាប់ថា ឋានៈនេប៊ូក្នេសា និងបេលសាសារមានកាលៈទេសៈស្រដៀងគ្នា គឺគេមានចិត្តធំ ហើយព្រះវិនិច្ឆ័យគេ (ដានីយ៉ែល ជំពូក ៤ និង៥)។ ក្នុងខ. ២ ស្តេចបង្គាប់ថា «ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់បានប្រមូលមកពីព្រះវិហារក្នុងក្រុងយេរូសាឡិម»។ ក្នុងខ. ៣ អ្នកនិទាននិយាយផ្ទួន «ដូច្នេះគេក៏បានយកពែងមាសដែលបានប្រមូលពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះដែលនៅក្នុងក្រុងយេរូសាឡិមមកថ្វាយ»។ ការនិយាយផ្ទួននេះសង្កត់ធ្ងន់ទៅលើសេចក្តីព្រហើនគួរឲ្យតក់ស្លុតរបស់ស្តេច។
ព្រះជាម្ចាស់នៅក្នុងរឿង
ដំបូងអ្នកនិពន្ធគាត់បានកត់សំគាល់ព្រះជាម្ចាស់ ពេលគាត់សរសេរថា ពែងដែលបាននាំមកក្នុងពិធីជប់លៀងនេះដំបូងមកពី «ព្រះវិហារព្រះជាម្ចាស់ក្នុងក្រុងយេរូសាឡិម» (ខ. ៣)។ នេះបញ្ជាក់ថា ស្តេចបេលសាសារបានយល់ថា ព្រះនៃអ៊ីស្រាអែលជាចំណុះឲ្យព្រះនៅតំបន់គេតែប៉ុណ្ណោះ (ខ. ៤, ២៣)។ តើព្រះជាម្ចាស់នឹងឆ្លើយតបយ៉ាងដូចម្តេចចំពោះការបង្ករឿងជំទាស់នេះ? «វេលានោះស្រាប់តែមានម្រាមដៃមនុស្សលេចមក និងផ្តើមសរសេរ…លើជញ្ជាំង»។ ដំបូងស្តេចនិងនាម៉ឺនមន្ត្រីមិនបានដឹងថា ជាម្រាមដៃរបស់ព្រះជាម្ចាស់ នោះទេ ប៉ុន្តែក្រោយមកដានីយ៉ែលបានសំដែងឲ្យពួកគេបានដឹង (ខ. ២៣-២៤)។
ដានីយ៉ែលបានរំលឹកស្តេចថា «ព្រះដ៏ខ្ពស់បំផុតបានឲ្យនេប៊ូក្នេសា ជាបិតាទ្រង់ធ្វើជាស្តេច» (ខ. ១៨)។ ប៉ុន្តែពេលដែល «គាត់បានប្រព្រឹត្តិដោយអំនួត គាត់ត្រូវបានទម្លាក់ចុះមកដែរ» (ខ. ២០-២១) គឺព្រះជាម្ចាស់បានទម្លាក់ស្តេចចុះ។
បន្ទាប់មកដានីយ៉ែល បានប្រកាសពីអំពើបាបរបស់បេលសារសាដែលប្រឆាំងព្រះជាម្ចាស់ (ខ. ២៣)។ បកស្រាយពីការសរសេរបង្ហាញថា អធិបតេយ្យរបស់ព្រះជាម្ចាស់លើទាំងអស់ និងបំពេញសំរេចព្រះបន្ទូលដែលទ្រង់ធ្លាប់មានបន្ទូលតាមរយៈហោរ៉ាតាំងពីដើមមក (ឧ. អេសាយ ២១:៩)។
ផ្ទៃរឿង និងគោលដៅនៃអត្ថបទ
ផ្ទៃរឿងដានីយ៉ែល ៥ ស៊ីគ្នានឹងផ្ទៃរឿងនៃអត្ថបទទាំងមូលដែលថា «ទោះបីមើលទៅដូចជា (តាមកាលៈទេសៈដែលយើងមើលឃើញ) ព្រះជាម្ចាស់មិនត្រួតត្រា ប៉ុន្តែព្រះជាម្ចាស់ត្រួតត្រា!»
ប៉ុន្តែយើងត្រូវស្វែងរកផ្ទៃរឿងចំៗសម្រាប់រឿងនេះ។ អ្វីដែលធ្វើឲ្យរឿងនេះខុសពីរឿងក្នុងកណ្ឌដានីយ៉ែលផ្សេងទៀតគឺ ក្នុងជំពូកនេះការវិនិច្ឆ័យរបស់ព្រះអង្គមានភាពធ្ងន់ធ្ងរជាង។ ព្រះជាម្ចាស់បានប្រកាសការវិនិច្ឆ័យលើបេលសាសារ ដោយព្រោះអំពើដែលស្តេចបានប្រព្រឹត្តប្រឆាំងនឹងវត្ថុបរិសុទ្ធនិងព្រះជាម្ចាស់ ហើយទ្រង់ក៏ត្រូវគេសម្លាប់ «វេលាយប់នោះ» ទៅ (ខ. ៣០)។ ប៉ុន្តែអ្នកនិទានបានបង្ហាញថែមទៀតថា មិនគ្រាន់តែវិនិច្ឆ័យស្តេចនគរបាប៊ីឡូននោះទេ ប៉ុន្តែព្រះក៏ជំនុំជំរះនគរបាប៊ីឡូនទាំងមូលតែម្តង ពីព្រោះមិនគ្រាន់តែស្តេចដែលបានធ្វើអំពើប្រឆាំងនឹងព្រះអង្គទេ។ ជាមួយការប្រើពាក្យផ្ទួន «ស្តេច និងសេនាបតី ពួកប្រពន្ធ និងពួកស្រីអ្នកម្នាង» អ្នកនិទានបានគូសបញ្ជាក់ថា ក្រុមអ្នកគ្រប់គ្រងទាំងប៉ុន្មានបានចូលរួមក្នុងការយកពែងនៃព្រះវិហារ (ខ. ២-៤ ប្រៀបធៀប ៖ខ. ២៣)។ យើងឃើញព្រះជាម្ចាស់ជំនុំជំរះលើនគរបាប៊ីឡូនទាំងមូលដោយប្រកាសថា «ព្រះបានរាប់ថ្ងៃនៃ រាជ្យ ទ្រង់ ហើយបានធ្វើឲ្យវាផុតទៅ…នគរ របស់ទ្រង់ត្រូវបែងចែកដល់ពួកសាសន៍មេឌី និងពើស៊ី» (ខ. ២៦, ២៨)។ នេះវាខុសពីជំពូក៤ ត្រង់ថា ព្រះជាម្ចាស់ជំនុំជំរះ និងទម្លាក់ស្តេចនេប៊ូក្នេសា នៅពេលដែលនគរបាប៊ីឡូនដំណើរការធម្មតា ប៉ុន្តែក្នុងជំពូក៥ ការវិនិច្ឆ័យពីព្រះលើស្តេច ជាលទ្ធផលនាំឲ្យរលំអាណាចក្របាប៊ីឡូន ហើយព្រះជាម្ចាស់ប្រគល់នគរទៅឲ្យសាសន៍មេឌី និងពើស៊ីវិញ។ ដូច្នេះការសង្ខេបដ៏ល្អមួយនៃការនិទាននេះគឺ «ព្រះជាម្ចាស់ជាមហាក្សត្រ ជំនុំជំរះស្តេចចុងក្រោយរបស់បាប៊ីឡូន ដោយព្រោះអំពើអាក្រក់របស់ទ្រង់ រួចប្រគល់នគរដល់សាសន៍មេឌី និងពើស៊ី»។ សារដែលអ៊ីស្រាអែលបានលឺនោះអាចជា ព្រះជាម្ចាស់ជាមហាក្សត្ររបស់យើង បំពេញសំរេចពាក្យទំនាយ ហើយវិនិច្ឆ័យស្តេចចុងក្រោយនៃបាប៊ីឡូន ដោយព្រោះអំពើអាក្រក់របស់ទ្រង់ រួចប្រទាននគរដល់សាសន៍មេឌី និងពើស៊ី។
តើអ្វីជាគោលដៅរបស់អ្នកនិពន្ធក្នុងការផ្ញើរសារនេះទៅអ៊ីស្រាអែល ដែលស្ថិតក្នុងការនិរទេស? ការជំនុំជំរះរបស់ព្រះជាម្ចាស់ចំពោះស្តេចភ្លាមៗ (ខ. ៥, ៣០) ហើយក៏បានទម្លាក់អាណាចក្របាប៊ីឡូនដ៏អស្ចារ្យចុះ។ គោលដៅរបស់អ្នកនិពន្ធត្រូវតែបានផ្តល់ ដើម្បីកំសាន្តចិត្តអ៊ីស្រាអែល ដែលមានការភ័យខ្លាចក្នុងការនិរទេស ជាមួយសារដែលថា ព្រះជាម្ចាស់ជាមហាក្សត្ររបស់គេអាចទម្លាក់នគរដែលមានភាពខ្លាំងពូកែលើផែនដីចុះបាន។
មធ្យោបាយអធិប្បាយពីព្រះគ្រីស្ទ
មិនមានសេចក្តីសន្យាពីការមកដល់របស់ព្រះមែស៊ីក្នុងរឿងនេះទេ ប៉ុន្តែការអនុវត្តន៍នៃអត្ថបទនេះនៅតែមានការមកដល់យើងទាំងអស់គ្នាតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ផ្ទៃរឿង ៖ការវិនិច្ឆ័យ។ តាមរយៈប្រវត្តិសាស្ត្រ ព្រះជាម្ចាស់បានវិនិច្ឆ័យមនុស្សលោកដែលបះបោរ តាំងពីដើម គឺមាន អ័ដាម និងអេវ៉ា។ ការវិនិច្ឆ័យពិតជាផ្ទៃរឿងធំមួយក្នុងអត្ថបទនេះ ហើយប្រវត្តិសាស្ត្របានបង្ហាញថា ព្រះជាម្ចាស់បានបំពេញសំរេច ព្រះបន្ទូលទ្រង់ ពីព្រោះក្នុងប្រវត្តិសាស្ត្រនគរបាប៊ីឡូនបានធ្វើខុសនិងធ្លាក់ចុះ ហើយត្រូវបានជំនួសដោយសាសន៍មេឌី និងពើស៊ី។ ដូច្នេះអត្ថបទនេះប្រាប់យើងថា ព្រះជាម្ចាស់បំពេញសំរេចព្រះបន្ទូលនៃការវិនិច្ឆ័យ ហើយគ្មានអ្នកណាអាចគេចផុតពីការជំនុំជំរះរបស់ព្រះឡើយ សូម្បីតែអ្នកដែលមានអំណាចបំផុតលើផែនដី ដូចជាស្តេចបាប៊ីឡូនក៏ដោយ។ ហោរ៉ាបានហៅការវិនាសនៃបាប៊ីឡូនថា «ថ្ងៃនៃព្រះអម្ចាស់» (ឧ. អេសាយ ១៣:៩, ១៣)។ តើអ្វីជាសារព្រះជាម្ចាស់ក្នុងការជំនុំជំរះពិភពលោកបច្ចុប្បន្ននេះ? គឺថាព្រះយេស៊ូវត្រឡប់មកវិញ ហើយវិនិច្ឆ័យទាំងមនុស្សរស់ និងមនុស្សស្លាប់ គឺមនុស្សគ្រប់គ្នា។ ឥឡូវនេះ «ថ្ងៃនៃព្រះអម្ចាស់» គឺជា «ថ្ងៃនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ» (ឧ. ១កូរិនថូស ១:៨; ២កូរិនថូស ១:៤; ភីលីព ១:៦, ១០, ២; ២:១៦)។ កណ្ឌវិវរណៈក៏ភ្ជាប់ការធ្លាក់ចុះនៃបាប៊ីឡូនជាមួយនឹងថ្ងៃនៃព្រះអម្ចាស់ដែរ ហើយនឹងមានពាក្យបញ្ឆៀងខ្លះទៅកាន់ដានីយ៉ែល ៥ (សូមមើល វិវរណៈ ១៨:២-៤, ៨)។ ដូច្នេះវាមិនគ្រប់គ្រាន់ទេ បើសិនយើងអធិប្បាយចេញពីអត្ថបទនេះអំពីការវិនិច្ឆ័យរបស់ព្រះ និងមិនបានប្រកាសដល់មនុស្សសព្វថ្ងៃពីអ្វីដែលព្រះមានពីការវិនិច្ឆ័យសម្រាប់យើងនៅបច្ចុប្បន្ននេះ ពីការយាងមករបស់ព្រះយេស៊ូវនោះ។ ពិតណាស់ ការនេះបាននាំយើងអោយប្រាប់មនុស្សពីរៀបដែលត្រូវជៀសវាងពីការជំនុំជំរះ ដោយគេទទួលអ្វីដែលព្រះយេស៊ូវបានធ្វើសំរាប់គេ។
ផ្ទៃរឿង ៖ ព្រះជាម្ចាស់ប្រទាននគរដល់អស់អ្នកដែលទ្រង់សព្វព្រះទ័យ ។ យើងបានឃើញខាងលើថា ជំពូក ៤ និង ៥ មានរឿងស្រដៀងគ្នាហើយបានជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និត។ ដូច្នេះដើម្បីឃើញពីការអធិប្បាយពីព្រះគ្រីស្ទចេញពីគោលការណ៍ដែលថា ព្រះជាម្ចាស់ ប្រទាននគរដល់អ្នកដែលទ្រង់សព្វព្រះទ័យ សូមមើលមេរៀននៅជំពូក ៤។
គោលដៅរបស់អ្នកនិពន្ធ ដោយគោលដៅរបស់អ្នកនិពន្ធក្នុងដានីយ៉ែល ៥ បានកំសាន្តចិត្តអ៊ីស្រាអែលដែលភ័យខ្លាចក្នុងការនិរទេស ជាមួយនឹងសារដែលថា ព្រះជាម្ចាស់ជាមហាក្សត្រ អាចទម្លាក់នគរដ៏ខ្លាំងលើផែនដីចុះបាន រីឯព្រះយេស៊ូវក៏បានកំសាន្តរាស្រ្តរបស់ព្រះជាម្ចាស់ដែលភ័យខ្លាចនិងរងទុក្ខក្រោមការកាន់កាប់របស់ចក្ភពរ៉ូម។ ព្រះយេស៊ូវមានព្រះបន្ទូលថា «កុំឲ្យខ្លាចហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត» (លូកា ១២:៣២)។ ម្តងទៀត ព្រះយេស៊ូវមានព្រះបន្ទូលថា «កាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក…លោកនឹងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក…នោះលោកដ៏ជាស្តេចនឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ‘ចូរមកទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកិយមក’ » (ម៉ាថាយ ២៥:៣១, ៣៤ ប្រៀបធៀប ៖ យ៉ូហាន ១០:២៧–២៩)។
ផ្ទៃរឿង ៖ ការគោរពរូបព្រះ ។ លោកប៉ុលបានអធិប្បាយនៅអើរីយ៉ូស ក្រុងអាថែន ថា «ដោយយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនាតាមគំនិតនោះទេ ពីដើមព្រះបានទតរំលងគ្រាខ្លៅល្ងង់ពិតមែន តែឥឡូវនេះទ្រង់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់ថ្ងៃកំណត់ដែល ទ្រង់នឹង វិនិច្ឆ័យលោកិយដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ដែលទ្រង់បានតម្រូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ» (កិច្ចការ ១៧:២៩–៣១)។ ប្រជាជនបាប៊ីឡូនថ្វាយបង្គំព្រះក្លែងក្លាយ ដូចជាព្រះក្លែងក្លាយដែលលោកលោកប៉ុលបានពិពណ៌នា។លោកប៉ុលបានបង្រៀនថា ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែសព្វថ្ងៃយើងនៅក្នុងគ្រាដែលព្រះជាម្ចាស់បង្គាប់មនុស្សឲ្យប្រែចិត្ត និងទទួលព្រះយេស៊ូវ ពីព្រោះទ្រង់នឹងយាងមកជំនុំជំរះមនុស្សទាំងអស់។
ផ្ទៃរឿងនិងគោលដៅនៃសេចក្តីអធិប្បាយ និងតម្រូវការរបស់អ្នកស្តាប់ដែលសេចក្តីអធិប្បាយដោះស្រាយ
យើងបាននិយាយថា ផ្ទៃរឿងក្នុងអត្ថបទអាចជា «ព្រះជាម្ចាស់ជាមហាក្សត្ររបស់យើង បំពេញសំរេចពាក្យទំនាយ ហើយជំនុំជំរះស្តេចចុងក្រោយនៃបាប៊ីឡូន ដោយព្រោះអំពើអាក្រក់របស់ រួចប្រទាននគរដល់សាសន៍មេឌី និងពើស៊ី»។ ដើម្បីអនុវត្តន៍អ្វីចេញពីអត្ថបទនេះសម្រាប់បច្ចុប្បន្ននេះ យើងត្រូវគិតពីអ្វីដែលព្រះជាម្ចាស់បានសំដែងតាមរយៈព្រះយេស៊ូវ។ ដូច្នេះបន្ទាប់ពីសិក្សាចេញពីសញ្ញាថ្មីផងដែរ ផ្ទៃរឿងការអធិប្បាយអាចជា ដោយព្រះជាម្ចាស់ជាមហាក្សត្របំពេញសំរេចព្រះបន្ទូល និងជំនុំជំរះស្តេចដ៏ខ្លាំងដែលអាក្រក់ រួចប្រទាននគរទ្រង់ដល់អ្នកដទៃ ដូចនេះទ្រង់នឹងបំពេញសំរេចព្រះបន្ទូលនៃការជំនុំជំរះ ដោយសារការយាងមកជំនុំជំរះរបស់ព្រះយេស៊ូវចំពោះមនុស្សទាំងអស់ ហើយប្រទាននគររបស់ទ្រង់ដល់រាស្រ្តទ្រង់។
យើងបាននិយាយថា គោលដៅរបស់អ្នកនិពន្ធគឺ «ដើម្បីកំសាន្តចិត្តអ៊ីស្រាអែលដែលមានការភ័យខ្លាចក្នុងការនិរទេស ជាមួយសារដែលថា ព្រះជាម្ចាស់ជាមហាក្សត្ររបស់គេអាចទម្លាក់នគរដែលមានភាពខ្លាំងពូកែនៅលើផែនដីចុះបាន»។ ទន្ទឹមនឹងការផ្លាស់ប្តូរតិចតួច យើងអាចយកគោលដៅអត្ថបទមកធ្វើជាគោលដៅសំរាប់ការអធិប្បាយបានថា ៖ ដើម្បីកំសាន្តចិត្តរាស្រ្តព្រះជាម្ចាស់ដែលមានការភ័យខ្លាចសព្វថ្ងៃ (គ្រីស្ទបរិស័ទ) ជាមួយនឹងសារថា តាមរយៈព្រះយេស៊ូវ ព្រះជាម្ចាស់ ជាមហាក្សត្រអាចនឹងទំលាក់នគរអាក្រក់ដែលខ្លាំងពូកែលើផែនដីចុះ និងប្រទាននគរដល់អ្នកណានៅក្នុងព្រះយេស៊ូវគ្រីស្ទ។
គោលដៅនេះដូចជាគោលដៅនៃសារអំពីការត្រលប់មករបស់ព្រះយេស៊ូវ។ ម្តងហើយ ម្តងទៀត សេចក្តីប្រកាសក្នុងកណ្ឌសញ្ញាថ្មីពីការត្រលប់មករបស់ព្រះយេស៊ូវមានគោលដៅ ដើម្បីកំសាន្តចិត្តរាស្រ្តព្រះជាម្ចាស់ដែលត្រូវគេសង្កត់សង្កិនក្នុងពិភពលោកនេះ និងជាការព្រមាននៃការយាងមកវិនិច្ឆ័យរបស់ទ្រង់។
Leave a Reply