ដានីយ៉ែល​ ៦ លោក​ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ (តោ) Daniel 6

លោក​ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ (តោ)

Daniel in the Lions’ Den

ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ដានីយ៉ែល

អ្នក​និពន្ធ​ រុហ្វ លេភិឡារ

នេះ​ជា​រឿង​ដ៏​ល្បី​មួយ​​នៅ​​ក្នុង​កណ្ឌ​ដានីយ៉ែល​ ប៉ុន្តែ​ជា​រឿយៗ​មនុស្ស​បាន​អាន​វា ​ដោយ​មិន​ពិចារណា​ពី​សារ​ដើម​នៃ​អត្ថបទ​សំរាប់​អ៊ីស្រាអែល​ទេ​។ សារ​នៃ​រឿង​ដំបូង​គឺ​ចំពោះ​អ៊ីស្រាអែល​ទាំង​អស់​ ដែល​ស្ថិត​ក្នុង​ការ​និរទេស​ ជា​អ្នក​ដែល​ត្រូវ​បាន​ល្បួង​ ដើម្បី​បដិសេធ​ក្រិត្យវិន័យ​របស់​​ព្រះជាម្ចាស់​ និង​លែង​ទុក​ចិត្ត​ព្រះ​ដែល​រំដោះ​ពួក​គេ​​ពី​ការ​និរទេស​ទៀត​។ តើ​ពួក​ជំនុំ​យើង​មាន​ត្រូវ​បាន​ល្បួង​ ឲ្យ​បដិសេធ​ក្រិត្យវិន័យ​​របស់​ព្រះជាម្ចាស់​ ដើម្បី​រស់នៅ​ក្នុង​ភាព​អាត្មានិយម​ដែរ​ឬ​​ទេ? រឿង​នេះ​គឺ​​អំពី​ព្រះជាម្ចាស់​រំដោះ​ដានីយ៉ែល​ចេញ​ពី​រូង​សិង្ហ​  ​ដែល​បាន​ផ្តល់​សារ​សមរម្យ​មួយ​សំរាប់​មនុស្ស។

បញ្ហា​មួយ​ក្នុង​ការ​អធិប្បាយ​ចេញ​ពី​អត្ថបទ​នេះ​គឺ​ជា​​​ស្វែងរក​​ផ្ទៃ​រឿង​​ចំៗ​​​សម្រាប់​អត្ថបទ​ ដោយ​មិន​រើស​យក​​ផ្ទៃរឿង​ដដែល​​នៅ​ក្នុង​ជំពូក​៣​ដែល​ថា​ ព្រះជាម្ចាស់​រំដោះ​មិត្តភក្ដិ​ដានីយ៉ែល​ចេញ​ពី​គុក​ភ្លើង​នោះ​ទេ​។ បញ្ហា​​​មួយ​ទៀត​​គឺ​ជា​​ការ​គេច​ចេញ​​ពី​ការ​អធិប្បាយ ​ដែល​គ្រាន់​តែ​ជា​និទាន​ពី​សីលធម៌​ គឺ​គ្រាន់​តែ​យក​ជីវិត​ដានីយ៉ែល​ធ្វើ​​ជា​គំរូ​សម្រាប់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​​នេះ​ធ្វើ​​តម្រាប់​​តាម​​ប៉ុណ្ណោះ​។ តាម​ពិត​ ​ការ​អធិស្ឋាន​និង​ភាព​ក្លាហាន​​របស់​ដានីយ៉ែល​​គឺ​​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​យើង​នៅ​​សព្វថ្ងៃ​​នេះ​​ក្នុង​ការ​អធិស្ឋាន​ និង​មាន​សេចក្តី​ក្លាហាន​មែន​ ប៉ុន្តែ​នេះ​មិនមែន​ជា​ចំណុច​ចំបង​ ឬ​អត្ថបទ​សារ​នោះ​ទេ​។ ពេល​ណា​យើង​អាន​ និង​បង្រៀន​អត្ថបទ​នេះ​​ យើង​ត្រូវ​តែ​គិតថា​​ «តើ​សារ​​ដើម​ដំបូង​របស់​​អ្នក​និពន្ធ​ចង់​បង្រៀន​អ្វី?» «ហេតុ​អ្វី​អត្ថបទ​នេះ​មាន​​នៅ​ក្នុង​ព្រះគម្ពីរ?» អ្នក​និពន្ធ​បាន​បង្ហាញ​ថា ​ដានីយ៉ែល​ជា​ជនជាតិ​អ៊ីស្រាអែល​ដ៏​ពិត។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​  សារ​នៃ​រឿង​​គឺ ​យើង​ត្រូវ​តែ​យក​តម្រាប់​តាម​ដានីយ៉ែល​ និង​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង​​​ ដោយ​បើក​បង្អួច​ រួច​លុត​ជង្គង់​ ហើយ​បែរ​មុខ​ទៅ​យេរូសាឡិម​នោះ​ឡើយ​។ ឧទាហរណ៍​ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា​ «កាលណា​អធិស្ឋាន​  នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បិទ​ទ្វា រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក​  ដែល​គង់​នៅ​ទី​អាថ៌​កំបាំង​ចុះ​ នោះ​ព្រះវរបិតា​អ្នក​ដែល​គង់​ក្នុង​ទី​អាថ៌កំបាំង​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់​» (ម៉ាថាយ​ ៦:៦)។ បន្ទាប់​ពី​យើង​សិក្សា ​ដើម្បី​ស្វែង​រក​ផ្ទៃរឿង​ និង​គោលដៅ​របស់​អ្នក​និពន្ធ​ នោះ​យើង​អាច​ឃើញ​អ្វី​ជា​សារ​សម្រាប់​ការ​អធិប្បាយ​របស់​យើង​ និង​ការ​អនុវត្តន៍​ដែល​សម​នឹង​អត្ថបទ ​និង​ក្រុម​ជំនុំ​សព្វថ្ងៃ​នេះ​បាន​។

បរិបទ​ និង​អត្ថបទ

ដានីយ៉ែល​ ៦ មាន​កំរិត​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​​ជំពូក​មួយ​ដល់​ប្រាំ​មួយ​នៅ​ក្នុង​​កណ្ឌ​ដានីយ៉ែល។ រឿង​នេះ​បាន​រំលឹក​ចំនុច​ខ្លះ​ៗ​នៅ​ក្នុង​រឿង​ពី​ជំពូក​មួយ​ដល់​ប្រាំ។ ដារីយុស​សារភាព​ថា​  ព្រះជាម្ចាស់​គឺ​ «ព្រះ​ដ៏​រស់​» គឺ​ស្រដៀង​នឹង​ការ​សារភាព​របស់​នេប៊ូក្នេសា​ក្នុង​ ២:៤៧ និង​ការ​សារភាព​របស់​ដារីយុស​ អំពី​នគរ​ព្រះជាម្ចាស់​ (វា​ «មិន​អាច​ត្រូវ​បំផ្លាញ​បាន​ទេ​» ៦:២៦) រំលឹក​យើង​ពី​នេប៊ូក្នេសា​ (៤:៣, ៣៤)។ ដារីយុស​​ធ្វើ​បន្ទាល់​​ថា ​​​ព្រះ​ «​ធ្វើ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​» (៦:២៧) ជា​ការ​លើក​ឡើង​ម្តង​ទៀត​​នូវ​អ្វី​​ដែល​​នេប៊ូក្នេសាបាន​ធ្វើ​បន្ទាល់​ពី​ដំបូង​​ពី​ព្រះជាម្ចាស់​​ «ទី​សំគាល់​ និង​ការ​អស្ចារ្យ​» (៤:២-៣) និង​មាន​ម្តង​​ទៀត​ «ទី​សំគាល់​ និង​ការ​អស្ចារ្យ​» ​នៅ​ពេល​ដែល​ព្រះជាម្ចាស់​រំដោះ​អ៊ីស្រាអែល​​ចេញ​ពី​ការ​ធ្វើ​ជា​ទាសករ​ក្នុង​អេស៊ីព្ទ​ (ឧ. ចោទិយកថា​ ៦:២២)។

ដានីយ៉ែល​ ៦ ស្រប​គ្នា​នឹង​ ដានីយ៉ែល​៣ ក្នុង​របៀប​ជា​ច្រើន។ ដារីយុស​ ចេញ​ច្បាប់​ឲ្យ​មនុស្ស​អធិស្ឋាន​ទៅ​តែ​ចំពោះ​គាត់​តែ​ប៉ុណ្ណោះ​ (៦:៧-៩) ស្រដៀង​គ្នា​ នឹង​បង្គាប់​របស់​​នេប៊ូក្នេសា​ ដែល​ឲ្យ​មនុស្ស​ថ្វាយបង្គំ​រូប​មាស​របស់​គាត់​ (៣:៥)។ ដានីយ៉ែល​មិន​ស្តាប់​បង្គាប់​តាម​ច្បាប់​របស់​ស្តេច​ (៦:១០) ដូច​ជា​មិត្ត​ភក្តិ​របស់​គាត់​បាន​ធ្វើ​តាំង​ពី​ដំបូង​ (៣:១៨)។ អ្នក​និទាន​ពណ៌នា​ពី​អ្នក​រួម​គំនិត​គ្នា​ក្បត់​ «ពួក​អ្នក​ដែល​ប្តឹង​ចោទ​ដានីយ៉ែល» (៦:២៤) ដែល​វា​មាន​ភាព​ដូច​គ្នា​នឹង​ការ​ពណ៌នា​នៃ​សត្រូវ​របស់​មិត្តភក្ដិ​ដានីយ៉ែល​ «ប្តឹង​ពី​ពួក​សាសន៍​យូដា​» (៣:៨)។ ដានីយ៉ែល​ត្រូវ​គេ «បោះ​ចូល​ទៅ​ក្នុង​រូង​សិង្ហ​» (៦:១៦) ដូច​ដែល​មិត្តភក្ដិ​​​របស់​គាត់​ត្រូវ​គេ ​«បោះ​ទៅ​ក្នុង​គុក​ភ្លើង​យ៉ាង​សន្ធៅ​ (៣:២០)។ ដានីយ៉ែល​ត្រូវ​បាន​សង្គ្រោះ​ដោយ​សារ​ទេវតា​ ​ដែល​ជា​ព្រះជាម្ចាស់​ (៦:២២) ក៏​ដូច​ជា​មិត្ត​ភក្តិ​ដានីយ៉ែល​ត្រូវ​បាន​សង្គ្រោះ​ដោយ​សារ​ទេវតា​ ​ដែល​ជា​ព្រះជាម្ចាស់​ដែរ​ (៣:២៨)។ «ឥត​ឃើញ​មាន​របួស​» នៅ​លើ​ខ្លួន​ដានីយ៉ែល​ឡើយ​ (៦:២៣) ដូចជា​មិត្តភក្ដិ​ដានីយ៉ែល​មិន​មាន​របួស​អ្វី​ទាំង​អស់​ដែរ​ (៣:២៧)។ ស្តេច​ដារីយុស​បាន​ចេញ​ «បង្គាប់​មួយ​ថា​…មនុស្ស​ត្រូវ​បាន​ញាប់ញ័រ​ហើយ​កោតខ្លាច​ចំពោះ​ព្រះ​នៃ​ដានីយ៉ែល​» (៦:២៦) ដែល​ស្រដៀង​គ្នា​ ប៉ុន្តែ​ ហួស​ពី​កំរិត​នៃ​ការ​ជំទាស់​របស់​នេប៊ូក្នេសា​ ឆ្ងាយ​ណាស់​ «និយាយ​បង្ខុស​ប្រឆាំង​ព្រះ​នៃសាដ្រាក់​ មែសាក់​ និង​ អ័បេឌ​-នេកោ» (៣:២៩)។ ស្តេច​ដារីយុស​ សារភាព​ថា​ ព្រះ​របស់​ដានីយ៉ែល «ប្រោស​ឲ្យ​រួច​ ហើយ​ក៏​ជួយ​សង្គ្រោះ​» (៦:២៧) ​ដូច​ជា​​ស្តេច​នេប៊ូក្នេសា បាន​សារភាព​ថា​ «គ្មាន​ព្រះ​ឯណា​ទៀត​ដែល​នឹង​អាច​ជួយ​ ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ​» (៣:២៩)។

ពាក្យ​ផ្ទួន​

ពាក្យ​ផ្ទួន​នៃ​ពាក្យ​គន្លឹះ​ជួយ​បង្ហាញ​ការ​បញ្ជាក់​របស់​អ្នក​និពន្ធ។​ បន្ទាប់​ពី​គេ​មាន​មូលដ្ឋាន​ជំទាស់​ប្រឆាំង​ដានីយ៉ែល​ក្នុង​ករណី​ «ក្រិត្យវិន័យ​នៃ​ព្រះជាម្ចាស់​របស់​គាត់​» (ខ. ៥)  ពាក្យ​ថា​«ក្រិត្យវិន័យ» បាន​លេច​ឡើង​​ផ្ទួន​គ្នា​បី​ដង​ទៀត​ដូច​ជា​ «ក្រិត្យវិន័យ​ នៃ​សាសន៍​មេឌី​ និង​ពើស៊ី​  ដែល​មិន​អាច​បដិសេធ​» (ខ. ៨, ១២, ១៥)។ តើ​ក្រិត្យវិន័យ​ណា​ដែល​ខ្ពស់​បំផុត? ​នៅ​ពេល​ក្រិត្យវិន័យ​របស់​ព្រះ​ និង​ក្រិត្យវិន័យ​សាសន៍​មេឌី​ និង​ពើស៊ី​ ប៉ះ​ជា​មួយ​គ្នា​ តើ​ច្បាប់​មួយ​ណា​ត្រូវតែ​ធ្វើ​តាម? ពាក្យ​គន្លឹះ​មួយ​ទៀត​គឺ​ «សង្គ្រោះ​/ដោះលែង​» ដែល​​ត្រូវ​បាន​ប្រើ​ផ្ទួន​គ្នា​បួន​ដង​ (ខ. ១៤, ១៦, ២០, ២៧)។​

ព្រះជាម្ចាស់​នៅ​ក្នុង​រឿង​

តើ​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ដានីយ៉ែល​ចេញ​ពី​រូង​សិង្ហ​ឬ​? នេះ​ជា​សំនួរ​យ៉ាង​សំខាន់​នៅ​ក្នុង​អត្ថបទ។ ទោះបី​ដានីយ៉ែល​ដឹង​ថា​  ការ​មិន​ស្ដាប់បង្គាប់​ច្បាប់​របស់​ស្តេច​អាច​ទទួល​លទ្ធផល​ជា​ទោស​ដល់​ស្លាប់​ក៏​ដោយ​  ​ក៏​គាត់​នៅ​តែ​ជ្រើសរើស​ការ​ធ្វើ​តាម​ «ក្រិត្យវិន័យ​ព្រះជាម្ចាស់​របស់​គាត់​​ដែរ​ (ខ. ៥) ។ នៅ​ពេល​ស្តេច​ចេញ​បង្គាប់​អោយ​គេ​​បោះ​ដានីយ៉ែល​ចូល​ទៅ​ក្នុង​រូង​សិង្ហ​ ស្តេច​មាន​បន្ទូល​ថា​ «ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច​ ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត​» (ខ. ១៦)។ ពេល​ថ្ងៃ​ទើប​នឹង​រះ​ ស្តេច​បាន​សួរ​ថា​ «ឳ​ដានីយ៉ែល​ ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ អើយ​ តើ​ព្រះ​នៃ​អ្នក​ ដែល​អ្នក​គោរព​ជា​និច្ច​នោះ​ នោះ​ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ?​»​ នោះ​ដានីយ៉ែល​លោក​ទូល​តប​ថា​ គឺ​ទ្រង់​បាន​ជួយ​ (ខ. ២១-២២)។ ឥត​ឃើញ​មាន​របួស​ណា​មួយ​ នៅ​លើ​ខ្លួន​លោក​ឡើយ​ «ព្រោះ​លោក​បាន​ទុកចិត្ត​លើ​ព្រះ​នៃ​លោក​»​ (ខ. ២៣)។ ស្តេច​បាន​ចេញ​បង្គាប់​ ថា ​នៅ​ក្នុង​អាណាចក្រ​របស់​ទ្រង់​ «មនុស្ស​ត្រូវ​ញាប់ញ័រ ​ហើយ​កោតខ្លាច​ចំពោះ​ព្រះ​នៃ​ដានីយ៉ែល​» «ត្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​ ក៏​ស្ថិតស្ថេរ​អស់​កល្ប​រៀង​ទៅ​ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ​  ហើយ​អំណាច​គ្រប់គ្រង​របស់​ទ្រង់​នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត។ ទ្រង់​ប្រោស​ឲ្យ​រួច​ ហើយ​ក៏​ជួយ​សង្គ្រោះ​ទ្រង់​ធ្វើ​ទី​សម្គាល់​  និង​ការ​អស្ចារ្យ​នៅ​ស្ថានសួគ៌​ ហើយ​នៅ​ផែនដី​គឺ​ទ្រង់​ដែល​បាន​ប្រោស​ឲ្យ​ដានីយ៉ែល​រួច​ពី​អំណាច​សិង្ហ​» (ខ. ២៦-២៧)។ ព្រះ​បាន​ចម្រើន​ ដានីយ៉ែល​ ឡើង​ក្នុង​រាជ្យ​ដារីយុស ​(ខ. ២៨)។

ផ្ទៃរឿង​ និង​គោលបំណង​នៃ​អត្ថបទ​

ពេល​នេះ​យើង​បាន​​រក​បាន​​ផ្ទៃរឿង​ និង​គោលបំណង​នៃ​អត្ថបទ​នេះ​រួច​ហើយ​​។ ដោយ​ហេតុ​ថា​ រឿង​នេះ​មាន​ភាព​ស្រដៀង​គ្នា​នឹង​រឿង​ព្រះ​ជា​ម្ចាស់​សង្គ្រោះ​មិត្តភក្ដិ​ដានីយ៉ែល​ពី​គុក​ភ្លើង​យ៉ាង​សន្ធៅ ​(​សូម​មើល​ «បរិបទ​» ខាងលើ​) យើង​អាច​បញ្ចប់​ជាមួយ​នឹង​ផ្ទៃរឿង​ដោយ​ប្រហែល​នឹង​ដានីយ៉ែល​ ៣។ ការ​នេះ​យើង​ត្រូវ​ប្រយ័ត្ន​ ហើយ​ស្វែង​រក​ផ្ទៃរឿង​​​ចំៗ​​​សំរាប់​រឿង​នេះ។ យើង​អាច​ធ្វើ​ការ​នេះ​ដោយ​សួរថា​​ តើ​រឿង​អំពី​ព្រះ​សង្គ្រោះ​ដានីយ៉ែល​ពី​សត្វ​សិង្ហ​នេះ​ ខុស​គ្នា​ពី​ព្រះ​សង្គ្រោះ​មិត្តភក្ដិ​របស់​​ដានីយ៉ែល​ពី​ភ្លើង​យ៉ាង​ដូចម្តេច? មាន​ការ​ខុសគ្នា​បី​យ៉ាង។ (១) ដោយ​ហេតុ​តែ​ នេប៊ូក្នេសា ស្ថិត​ក្នុង​កំហឹង​យ៉ាង​ខ្លាំង​ នោះ​មិត្តភក្ដិ​របស់​​ដានីយ៉ែល​ត្រូវ​បាន​បោះ​ទៅ​ក្នុង​គុក​ភ្លើង​  ប៉ុន្តែ​ដារីយុស​​បាន​ធ្វើ​ជា​មិត្ត​ដានីយ៉ែល​ ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​  ព្យាយាម​សង្គ្រោះ​គាត់​ ក្រោយមក​បាន​ត្រឹមតែ​ការ​ប្រឆាំង​នឹង​គាត់​ ហើយ​​គាត់​ក៏​អោយ​គេ​​បោះ​​ដានីយ៉ែល​ចូល​ទៅ​ក្នុង​រូង​សិង្ហ​ទៅ​។ (២) នេប៊ូក្នេសា មាន​សំណួរ​ពី​សមត្ថភាពសង្រ្គោះ​​​របស់​ព្រះជាម្ចាស់​​ («តើ​មាន​ព្រះ​ឯណា​ដែល​អាច​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន?» ៣:១៥) ប៉ុន្តែ​ដារីយុស​បាន​​អធិស្ឋាន​ថា ​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ដានីយ៉ែល «ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច​ ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត​»។ (៣) ទោះបី​មិត្តភក្ដិ​ដានីយ៉ែល​ស្តាប់​បង្គាប់​ព្រះ​ដោយ​មិន​ថ្វាយបង្គំ​រូបចម្លាក់​របស់​​នេប៊ូក្នេសា​ក៏​ដោយ​ ​ក៏​ពួក​គេ​មិន​មាន​ភាព​ច្បាស់លាស់​ថា​ ព្រះ​នឹង​សង្គ្រោះ​ពួក​គេ​ចេញ​​ពី​ភ្លើង​ដែរ​​ (៣:១៧)។ ដានីយ៉ែល​មិន​សង្ស័យ​ចំពោះ​សមត្ថភាពសង្រ្គោះ​របស់​​ព្រះជាម្ចាស់​​ ដូច​ជា​​មិត្តភក្ដិ​​របស់​គាត់​បាន​​សង្ស័យ​ឡើយ ហើយ​ដារីយុស​ ក៏​​មិន​បាន​​សង្ស័យ​ដែរ ​ពីព្រោះ​គាត់​ជា​អ្នក​ហៅ​ព្រះ​ថា​ «ព្រះ​ដ៏​រស់»

(៦:២០, ២៦)។ អ្នក​និពន្ធ​បាន​សរសេរ​ថា​ មិន​មាន​របួស​ណា​មួយ​នៅ​លើ​ដានីយ៉ែល​ «ព្រោះ​លោក​បាន​ទុកចិត្ត​លើ​ព្រះ​នៃ​លោក​ (៦:២៣) ។ ការ​និទាន​មាន​សារ​មើល​ទៅ​ហាក់​ដូច​ជា​ថា​ ព្រះជាម្ចាស់​សង្គ្រោះ​អ្នក​បំរើ​ស្មោះត្រង់​របស់​ទ្រង់ ​ព្រោះ​ «គាត់បានទុកចិត្ត» ថា ​ព្រះ​របស់​គាត់​អាច​សង្គ្រោះ​គាត់​បាន​។ ដូច្នេះ​យើង​អាច​បញ្ចេញ​ផ្ទៃរឿង​​របស់​អ្នក​និពន្ធ​ថា​​ «ព្រះ​ដ៏​រស់​សង្គ្រោះ​អ្នក​បំរើ​ស្មោះត្រង់​ពី​សត្វ​សិង្ហ​ ​ពី​ព្រោះ​គាត់​បាន​ទុក​ចិត្ត​ថា ​ព្រះជាម្ចាស់​អាច​សង្គ្រោះ​គាត់​បាន​​»។ ប៉ុន្តែ​នេះ​ជា​ប្រយោគ​សង្ខេប​មួយ​នៃ​រឿង​ ដែល​មិន​ទាន់​ចាប់​សារ​ដែល​អ៊ីស្រាអែល​បានស្តាប់​​លឺ​ក្នុង​ការ​និរទេស​នៅឡើយ​ទេ​។ អ្នក​ស្ថិត​ក្នុង​ការ​និរទេស​គួរ​តែ​លឺ​សារ​ថា​ ទោះបីជាអ្នកបំរើស្មោះត្រង់របស់ទ្រង់សមនឹងស្លាប់យ៉ាងណាព្រះដ៏រស់របស់យើង​​​ក៏នៅតែអាចសង្គ្រោះគាត់បាន ពីព្រោះពួកគេជាអ្នកទុកចិត្តនឹងសមត្ថភាពសង្គ្រោះរបស់ទ្រង់។

អ្នក​និពន្ធ​បាន​ពណ៌នា​រូបភាព​ដានីយ៉ែល​ជា​ជនជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ ជា​អ្នក​ដែល​ធ្វើ​តាម​ក្រិត្យវិន័យ​ព្រះជាម្ចាស់​ ទោះបី​ជា​​ពេល​គាត់​ដឹង​ថា​ គាត់​​នឹង​ត្រូវ​ទទួល​លទ្ធផល​ជា​ទោស​ដល់​​ស្លាប់​ក្តី​ ​ក៏​គាត់​នៅ​តែ​ទុកចិត្ត​ដល់​​ព្រះជាម្ចាស់​ដែល​សង្គ្រោះ​គាត់​ដែរ​។ ដូច្នេះ ​ដូច​ជា​ដានីយ៉ែល​ដែរ​​  ពួក​គេ​គួរ​អត់ធ្មត់​ស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​ និង​ទុកចិត្ត​ថា ​ព្រះ​អាច​រំដោះ​ពួក​គេ​បាន​។ ហេតុនេះ​អ្នក​និពន្ធ​មាន​គោលបំណង​ទាក់ទង​គ្នា​ពីរ​ ៖  ដើម្បី​លើក​ទឹកចិត្ត​អ៊ីស្រាអែល​​ដែល​ស្ថិត​ក្នុង​ការ​និរទេស​ ឲ្យ​អត់ធ្មត់​ស្មោះត្រង់​ចំពោះ​ព្រះ​ និង​ដើម្បី​​អោយ​គេ​ទុក​ចិត្ត​ថា ទ្រង់​អាច​សង្គ្រោះ​ពួក​គេ​ចេញ​ពី​ការ​និរទេស​បាន​។​

មធ្យោបាយ​អធិប្បាយ​ពី​ព្រះគ្រីស្ទ​

មិន​មាន​សេចក្តី​សន្យា​ពី​​ការ​យាង​មក​របស់​ព្រះមែស៊ី​ក្នុង​អត្ថបទ​នេះ​ទេ​  ប៉ុន្តែ​នៅ​តែ​មាន​មធ្យោបាយ​ត្រឹមត្រូវ ​ដើម្បី​អធិប្បាយ​ពី​ព្រះគ្រីស្ទ​បាន​។

ផ្ទៃរឿង «ព្រះជាម្ចាស់​អាច​សង្គ្រោះ​​អ្នក​បំរើ​ស្មោះត្រង់​​ចេញ​ពី​សេចកី្តស្លាប់​ពិត​ប្រាកដ​​បាន​ ​ពីព្រោះ​ពួកគេ​​ជា​អ្នក​ទុកចិត្ត​នឹង​សមត្ថភាព​​របស់​ទ្រង់​»។  ផ្ទៃរឿង​នេះ​ច្បាស់​ជា​ទាក់ទង​ជាមួយ​នឹង​ដំណឹងល្អ​ ហើយ​ដំណឹងល្អ​ប្រកាស​ថា​  អស់​អ្នកណា​ដែល​ទុកចិត្ត​​លើ​​ព្រះយេស៊ូវ​នឹង​បាន​សង្គ្រោះ​ពី​អំពើ​បាប​ និង​សេចកី្តស្លាប់ ​(ម៉ាថាយ​ ១:២១; យ៉ូហាន​ ៣:១៦; ១១:២៥; ហេព្រើរ​ ៧:២៥)។

ដានីយ៉ែល​ និង​ព្រះយេស៊ូវ​៖ មាន​ទំនាក់ទំនង​ច្រើន​រវាង​ដានីយ៉ែល​ និង​ព្រះយេស៊ូវ។ ពួក​អធិបតី​ និង​ពួក​ចៅហ្វាយ​ទាំង​នោះ​ «រួម​គំនិត​គ្នា​ក្បត់​» ប្រឆាំង​នឹង​​ដានីយ៉ែល​ (៦:៦) ដូច​គ្នា​ «ពួក​សង្គ្រាជ​ ពួក​អាចារ្យ​ និង​ពួក​ចាស់​ទុំ​ គេ​ប្រជុំ​គ្នា​នៅ​ទី​ព្រះលាន​នៃ​សម្តេច​សង្ឃ​…ហើយ​ពួក​គេ​ពិគ្រោះ​គ្នា ​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល​ នឹង​សំឡាប់​បង់​ (ម៉ាថាយ​ ២៦:៣-៤)។ អ្នក​រួម​គំនិត​ក្បត់​ មិន​អាច​រក​អំពើ​ពុក​រលួយ​នៅ​​ក្នុង​ដានីយ៉ែល​បាន​​ឡើយ​ (៦:៤) រី​ឯ​ «ពួក​សង្គ្រាជ​ និង​ពួក​ក្រុមជំនុំ​ទាំង​អស់​គេ​ប្រើ​ទីបន្ទាល់​ទាស់​​នឹង​​ព្រះយេស៊ូវ​ដើម្បី​នឹង​សំឡាប់​បង់​ តែ​រក​មិន​បាន​សោះ​» (ម៉ាកុស​ ១៤:៥៥ ប្រៀបធៀប ៖ យ៉ូហាន​ ១៩:៤)។ ដូចជា​ ដានីយ៉ែល​ ត្រូវ​បាន​កាត់ទោស​ ដោយ​ការ​ប្រើ​ល្បិច​ (៦:៧) ដូច្នេះ​ ព្រះយេស៊ូវ​ ត្រូវ​បាន​ [សម្តេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន​ ហើយ​និយាយ​ឡើង​ថា​ «វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​! តើ​ដូច្នេះ​តើ​យើង​នឹង​ចាំបាច់​ត្រូវ​ការ​នឹង​ទីបន្ទាល់​ណា​ថែម​ទៀត?»] (ម៉ាថាយ​ ២៦:៦៥)។ គេ​ចោទ​ថា ​ដានីយ៉ែល​ ​ប្រព្រឹត្ត​​បំពាន​ច្បាប់​នៃ​សាសន៍​មេឌី​ និង​ពើស៊ី​ ហើយ​គេ​រក​ចោទ​ថា ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​សាសន៍​យូដា «យើង​ខ្ញុំ​មាន​ក្រិត្យវិន័យ​ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​  វា​ត្រូវ​ស្លាប់​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​» (យ៉ូហាន​ ១៩:៧)។ ដារីយុស​ បរាជ័យ​ក្នុង​ការ​ព្យាយាម​រក្សា​ដានីយ៉ែល​ (៦:១៤) រី​ឯ​ពីឡាត់​ បរាជ័យ​ក្នុង​ការ​ព្យាយាម​រក្សា​ព្រះយេស៊ូវ​ (ម៉ាថាយ​ ២៧:២៤) ដានីយ៉ែល​«បាន​ទុក​ចិត្ត​ក្នុង​ព្រះជាម្ចាស់​» (៦:២៣) ព្រះយេស៊ូវ​បាន​ទុក​ចិត្ត​ព្រះវរបិតា​ (ម៉ាថាយ​ ២៦:៣៩, ៤២ ប្រៀប​ធៀប​ ៖ ២៧:៤៣; ១ពេត្រុស​ ២:២៣) ហើយ​ ដានីយ៉ែល​ ត្រូវ​បាន​បោះ​ចុះ​ទៅ​ក្នុង​ «រូង» (៦:១៦), («ផ្នូរ» ប្រៀប​ធៀប​ ឧទាហរណ៍​ ទំនុកដំកើង​ ៣០:៣; ១៤៣:៧; អេសេគាល​ ៣២:២៣) សព​ព្រះយេស៊ូវ​ត្រូវ​បាន​ដាក់​ក្នុង​ផ្នូរ​ដាប់​ថ្មី​ (ម៉ាថាយ​ ២៧:៦០)។ «រូង​» ដែល​គេ​បោះ​ចូល​ ដានីយ៉ែល​ ចូល​ បាន​បិទ​ដោយ​ថ្ម​ (៦:១៧) ផ្នូរ​របស់​ព្រះយេស៊ូវ​បាន​បិទ​ដោយ​ថ្ម​ធំ​អស្ចារ្យ​ (ម៉ាថាយ​ ២៧:៦០)។ ស្តេច​បាន​ប្រថាប់​ត្រា​លើ​ថ្ម​នៅ​ «រូង​» ដែល​ដានីយ៉ែល​នៅ​ខាង​ក្នុង​ រី​ឯ​ផ្នូរ​របស់​ព្រះយេស៊ូវ​ត្រូវ​បាន ​«បិទ​ចំណាំ​លើ​ថ្ម​» (ម៉ាថាយ​ ២៧:៦៦)។ ស្តេច​បាន​ឃើញ​ថា​ ដានីយ៉ែល​ នៅ​តែ​មាន​ជីវិត​ ពេល​ព្រលឹម​ស្រាង​នា​ព្រឹក​ថ្ងៃ​បន្ទាប់​ ហើយ​បង្គាប់​ឲ្យ​យោង​ដានីយ៉ែល​ចេញ​មក​ពី​ «រូង​» (៦:១៩, ២៣) «ដល់​ព្រលឹម​ឡើង​នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អាទិត្យ​នោះ​ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង​ ពួកគេ ​[ស្ត្រី​ទាំង​បី​នាក់​] ក៏​ទៅ​ឯ​ផ្នូរ​» កន្លែង​ដែល​ទេវតា​ប្រាប់​ពួក​គេ​ថា ​ព្រះយេស៊ូវ​បាន​រស់​ឡើង​វិញ​ (ម៉ាកុស​ ១៦:២, ៦)។ ហើយ​ដានីយ៉ែល​ត្រូវ​បាន​ចម្រើន​ឡើង​ បន្ទាប់​ពី​ព្រះជាម្ចាស់​សង្គ្រោះ​គាត់​ចេញ​ពី​ការ​ដែល​គួរតែ​ស្លាប់​យ៉ាង​ប្រាកដ ​(៦:២៨) ​ចំណែក​ឯ​ព្រះយេស៊ូវ​បាន​ថ្កើង​ឡើង​ បន្ទាប់​ពី​ព្រះជាម្ចាស់​ប្រោស​ទ្រង់​ឲ្យ​រួច​ពី​សុគត ​៖ បន្ទាប់​ពី​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​» (ម៉ាថាយ​ ២៨:១៨)។

ប៉ុន្តែ​ព្រះយេស៊ូវ​អស្ចារ្យ​ជាង​ដានីយ៉ែល​ឆ្ងាយ​ណាស់។ ដានីយ៉ែល​ បាន​តវ៉ា​ថា​ «គ្មាន​ទោស​» ចំពោះ​ព្រះ​ (៦:២២) ប៉ុន្តែ​គាត់​នៅ​តែ​មាន​បាប។ ព្រះយេស៊ូវ​មាន​ភាព​ផ្ទុយ​ពី​ដានីយ៉ែល​ គឺ​ទ្រង់​ជា​បុត្រា​ព្រះ​ដែល​ឥត​ធ្វើ​បាប​ឡើយ​ (ហេព្រើរ​ ៤:១៥; ១យ៉ូហាន​ ៣:៥)។ ដានីយ៉ែល​បាន​ប្រឈម​មុខ​​គ្រោះ​ថ្នាក់​ដែល​អាច​នាំ​​ឲ្យ​គាត់​ស្លាប់​បាន​​ ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវ​សុគត​ ហើយ​នឹង​​យាង​ទៅ​យេរូសាឡិម​ដើម្បី​ត្រូវ​សុគត​ (១៩:៣៤-៣៥)។ ដានីយ៉ែល​ឡើង​ចេញ​ពី​ «រូង​» ប៉ុន្តែ​ស្លាប់​ពេល​ក្រោយ​មក​ទៀត​ ​ចំណែក​ឯ​ព្រះយេស៊ូវ​ចេញ​ពី​ផ្នូរ​ ហើយ​រស់​នៅ​អស់កល្ប​ជានិច្ច។ ព្រះជាម្ចាស់​បាន​

«ចម្រើន​» ដានីយ៉ែល​អំឡុង​ពេល​រាជ្យ​នៃ​ដារីយុស ​(៦:២៨) ប៉ុន្តែ​ព្រះជាម្ចាស់​ «បាន​តម្កើង ​[ព្រះយេស៊ូវគ្រីស្ទ​]​ ឡើង​ខ្ពស់​បំផុត​ ហើយ​ប្រទាន​នាម​ទ្រង់​ឲ្យ​ខ្ពស់​លើ​អស់​ទាំង​នាម​ ដូច្នេះ​ពេល​ណា​​លឺ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លត់​ចុះ​…ហើយ​គ្រប់​ទាំង​អណ្តាត​សារភាព​ថា ​ទ្រង់​ជា​ព្រះអម្ចាស់​ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​»

(ភីលីព​ ២:៩–១១; ម៉ាថាយ​ ២៨:១៨)។

អ្នក​និពន្ធ​ខំប្រឹង​លើក​ទឹកចិត្ត​អ៊ីស្រាអែល ដែល​ស្ថិត​​ក្នុង​ការ​និរទេស​ ដើម្បី​​​អោយ​ពួកគេ​ស្មោះត្រង់​ចំពោះ​ក្រិត្យវិន័យ​ព្រះជាម្ចាស់​  ដូច​ជា​ព្រះយេស៊ូវ​លើក​ទឹកចិត្ត​អ្នក​ដើរ​តាម​ទ្រង់​ ដើម្បី​​អោយ​ពួកគេ​រក្សា​​ភាព​ស្មោះត្រង់​ចំពោះ​ក្រិត្យវិន័យ​ព្រះជាម្ចាស់​ដែរ​​ (ឧ. សេចក្តី​បង្រៀន​នៅ​លើ​ភ្នំ​ ម៉ាថាយ​ ៥-៧)។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ «អ្នកណា​ដែល​កាន់ ​[សេចក្តី​បង្គាប់​របស់​ព្រះជាម្ចាស់​] និង​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ​  នឹង​បាន​ហៅ​ជា​អ្នកធំ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​» (ម៉ាថាយ​ ៥:១៩ ប្រៀប​ធៀប​ ៖​ ២២:៣៧–៤០)។ ហើយ​ដូច​ដែល​អ្នក​និពន្ធ​ខំប្រឹង​លើក​ទឹក​ចិត្ត​អ៊ីស្រាអែល​ឲ្យ​ទុក​ចិត្ត​ព្រះ​ដ៏​រស់​របស់​គេ​ ​​ដែល​ទ្រង់​បាន​រំដោះ​ពួកគេ​ចេញ​ពី​រណ្តៅ​នៃ​ការ​និរទេស​  ​នោះ​​ព្រះយេស៊ូវ​​ក៏​បាន​លើក​ទឹកចិត្ត​យើង​​ឲ្យ​ជឿ​ថា​ ព្រះយេស៊ូវ​ជា​អង្គ​ដ៏​រស់​តែ​មួយ​  ​ដែល​នឹង​រំដោះ​យើង។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ «ជឿ​ដល់​ព្រះ​ហើយ​ ចូរ​ជឿ​ដល់​ខ្ញុំ​​ដែរ​ នៅ​ក្នុង​ដំណាក់​ព្រះវរបិតា​ខ្ញុំ​មាន​ទីលំនៅ​ច្រើន​…ខ្ញុំ​នឹង​ត្រលប់​មក​វិញ ​ និង​ទទួល​អ្នក​រាល់​គ្នា​មក​ទៅ​ឯ​ខ្ញុំ​ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​ កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ​(យ៉ូហាន​ ១៤:១–៣)។

ផ្ទៃរឿង​ និង​គោលដៅ​នៃ​សេចក្តី​អធិប្បាយ​ និង​តម្រូវ​ការ​របស់​អ្នក​ស្តាប់​ដែល​សេចក្តី​អធិប្បាយ​ដោះស្រាយ​

យើង​បាន​និយាយ​ថា​ ផ្ទៃរឿង​របស់​អ្នក​និពន្ធ​គឺ​ «ព្រះជាម្ចាស់​ដ៏​រស់​របស់​យើង​អាច​សង្គ្រោះ​  អ្នក​បំរើ​ស្មោះត្រង់​​ចេញ​ពី​សេចកី្តស្លាប់​​បាន​​ ​ពីព្រោះពួកគេ​ជា​​​អ្នក​ដែល​ទុកចិត្ត​នឹង​សមត្ថភាព​​របស់​ទ្រង់​»។

ដោយ​ហេតុ​ថា​  សញ្ញា​ថ្មី​ក៏​បាន​បង្រៀន​យ៉ាង​ដូច្នេះ​ដែរ​ នេះ​វា​ងាយស្រួល​ដោយ​ផ្លាស់ប្ដូរ​ផ្ទៃរឿង​បន្តិច​បន្តួច​ ដោយ​បន្ថែម​ ការ​ប្រកាស​ចេញ​ពី​សញ្ញា​ថ្មី​ និង​បង្កើត​ផ្ទៃរឿង​នៃ​ការ​អធិប្បាយ ​៖ តាមរយៈព្រះយេស៊ូវគ្រីស្ទ​  ព្រះជាម្ចាស់​ដ៏​រស់​របស់​យើង​អាច​សង្គ្រោះ​អ្នក​បំរើ​ស្មោះត្រង់​ចេញ​ពី​សេចកី្តស្លាប់​​បាន​​ ​ពីព្រោះ​ពួកគេ​ជា​អ្នក​​ដែល​ទុកចិត្ត​នឹង​សមត្ថភាព​​របស់​ព្រះគ្រីស្ទ។ យើងបាន​និយាយ​ថា ​អ្នក​និពន្ធ​មាន​គោលបំណង​ពីរ ​៖ «ដើម្បី​លើក​ទឹកចិត្ត​អ៊ីស្រាអែល​ ដែលស្ថិត​​ក្នុង​ការ​និរទេស ​ដើម្បី​អត់ធន់​និង​​ស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់ និង​ដើម្បី​អោយ​ពួកគេ​​ទុកចិត្ត​ថា ​ព្រះជាម្ចាស់​របស់​ពួក​គេ​អាច​រំដោះ​ពួក​គេ​ចេញពី​រណ្តៅ  នៃ​ការ​និរទេស​បាន​​» ​ដោយ​ការ​ផ្លាស់​ប្តូរ​គោល​បំណង​ពីរ​​បន្តិច​បន្តួច​ នោះ​វា​​អាច​ក្លាយ​ជា​គោលបំណង​សម្រាប់​ការ​អធិប្បាយ​បាន ​៖ ដើម្បីលើកទឹកចិត្តប្រជារាស្ត្រព្រះជាម្ចាស់​​នៅសព្វថ្ងៃនេះ​​​ឲ្យរក្សាភាពអត់ធ្មត់និងភាព​​ស្មោះត្រង់ចំពោះព្រះជាម្ចាស់និងដើម្បីអោយពួកគេ​​ទុកចិត្តថា ព្រះជាម្ចាស់របស់ពួកគេអាចរំដោះពួកគេ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​​បាន ។ នេះ​ជា​សារ​សំខាន់​​នៅ​សព្វ​ថ្ងៃ​នេះ ពី​​ព្រោះ​រាស្រ្ត​របស់​​ព្រះជាម្ចាស់​នៅ​​សព្វថ្ងៃ​នេះ​​ត្រូវ​បាន​ល្បួង​​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រិត្យវិន័យ​ព្រះជាម្ចាស់​ ​ហើយ​​លែង​​ទុកចិត្ត​លើ​​ព្រះជាម្ចាស់​ទៀត​​​ថា ​​ទ្រង់​នឹង​រំដោះ​ពួកគេ​ចេញ​ពី​លោកិយ​ពេញ​ដោយ​អំពើ​បាប​នេះ​​។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top