ក្រុង ស៊ីដូន Sidon

ក្រុង ស៊ីដូន Sidon

ក្រុង​ស៊ីដូន​ជា​ក្រុង​ពី​សម័យ​បុរាណ ​ស្ថិត​នៅ​​ក្នុង​ស្រុក​ភេនីស​ ដែល​ស្ថិត​នៅ​មាត់​ច្រាំង​សមុទ្រ​មេឌីទែរ៉ាណេ​ ​​ហើយ​​មាន​ចម្ងាយ​ប្រហែល​៣២​គីឡូម៉ែត្រ​​ពី​ខាង​ជើង​​​ក្រុង​ទីរ៉ុស។  នៅ​សម័យ​បុរាណ ​ក្រុង​ស៊ីដូន​គឺ​ជា​ទី​ក្រុង​ដ៏​សំខាន់​មួយ​។   ក្រុង​នេះ​ជា​ព្រំដែន​ខាង​ជើង​នៃ​អំបូរ​អេសើរ​ (យ៉ូស្វេ​ ១៩:២៤, ២៨)។ យេសិបិល ​ដែល​ជា​ប្រពន្ធ​ដ៏​អាក្រក់​របស់​ស្តេច​អ័ហាប់​ (ស្តេច​អ៊ីស្រាអែល) គឺ​ជា​កូន​ស្រី​​របស់​​ស្តេច​ស៊ីដូន (១ពង្សាវតារក្សត្រ​ ១៦:៣១)។  ឈ្មោះ «ស៊ីដូន»​ និង «ជន​ជាតិ​ស៊ីដូន»​ លេច​ឡើង​ចំនួន​​៣៨​ដង​នៅ​ក្នុង​សញ្ញាចាស់ និង​១២​ដង​នៅ​ក្នុង​សញ្ញាថ្មី។  លោកុប្បត្ដិ​ជំពូក​១០ ​បង្ហាញ​ថា ស៊ីដូន​គឺ​ជា​កូន​ច្បង​​របស់​​កាណាន (ខ.១៥) ហើយ​កាណាន​គឺ​ជា​កូន​ប្រុស​របស់​ហាំ (ខ.៦)។  នេះ​បង្ហាញ​ថា ក្រុង​ស៊ីដូន​គឺ​ជា​ក្រុង​ដ៏​​​ចំណាស់​មួយ​។  ទឹក​ដី​របស់​ជន​ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា (ខ.១៩)។

ជា​ញឹក​ញាប់​ ​យើង​ឃើញ​ឈ្មោះ​ក្រុង​ស៊ីដូន​លេច​ឡើង​ជា​មួយ​នឹង​ទីរ៉ុស (ឧទាហរណ៍​ អេសាយ​ ២៣:១, ២; យេរេមា​ ៤៧:៤; ម៉ាថាយ​ ១១:២១, ២២)។  ការធ្វើ​ជំនួញ​និង​ឧស្សហ៍កម្ម​​មាន​សារៈ​សំខាន់​សំរាប់​ក្រុង​ទាំង​ពីរ​នេះ​។

ជនជាតិ​ស៊ីដូន​បាន​ថ្វាយ​បង្គំ​រូប​ព្រះ​ជា​ច្រើន។ ព្រះ​បាត​ដ៏​សំខាន់​បំផុតឈ្មោះ​​ថា Eshmun (ជា​ព្រះ​នៃ​ការ​ប្រោស​ឲ្យ​ជា) ហើយ​គេ​បាន​សាង​សង់​ព្រះវិហារ​ដ៏​ធំ​​មួយ​សម្រាប់​ព្រះ​នេះ​។    ព្រះ​នាង​ដ៏​សំខាន់​បំផុត​ឈ្មោះ​ថា Astarte ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​នៅ​ស្រុក​ប៉ាឡេស្ទីន​នៅ​សម័យ​អ៊ីស្រាអែល។  អ៊ីស្រាអែល​ធ្លាប់​​បាន​ថ្វាយ​បង្គំ​និង​បម្រើ​រូប​ព្រះ​របស់​ជនជាតិ​ស៊ីដូន​ដែរ​ (ពួកចៅហ្វាយ​ ១០:៦)។ នៅ​ពេល​មាន​ទុរ្ភិក្ស​នៅ​សម័យ​ស្តេច​អ័ហាប់​ ហោរា​អេលីយ៉ា​បាន​រស់​នៅ​​ក្នុង​ផ្ទះ​របស់​​ស្រី​មេម៉ាយ​នៅ​ស៊ីដូន (១ពង្សាវតារក្សត្រ​ ១៧:៩; លូកា​ ៤:២៥, ២៦)។

នៅ​ក្នុង​សញ្ញាថ្មី ព្រះ​យេស៊ូវ​បាន​ប្រោស​ក្មេង​​ស្រី​ម្នាក់​ពី​តំបន់​ស៊ីដូន​ឲ្យ​ជា​ (ម៉ាថាយ​ ១៥:២១–២៨)  ​ហើយ​មាន​បណ្តាជន​បាន​ធ្វើ​ដំណើរ​​មក​ពី​ទីរ៉ុស​និង​ស៊ីដូន ​ដើម្បី​ស្ដាប់​ព្រះយេស៊ូវ​ និង​សូម​ព្រះអង្គ​ប្រោស​គេ​អោយ​ជា​ពី​ជំងឺ  (លូកា​ ៦:១៧)។  ​ពេល​លោក​ប៉ុល​​ធ្វើដំណើរ​​ទៅ​ក្រុង​រ៉ូម​ ដើម្បី​ជួប​នឹង​សេសារ នាវា​​​បាន​​ឈប់​​​ជា​លើក​ដំបូង​​នៅ​ស៊ី​ដូន ​ដែល​​ជា​កន្លែង​ដែល​នាយទាហាន​យូ​លាស​បាន​អនុញ្ញាត​ឱ្យ​លោក​​ប៉ុល​​ទៅ​មាត់​សមុទ្រ​ដើម្បី​ទៅ​​ជួប​មិត្ត​ភក្តិ​របស់​គាត់​ (កិច្ចការ​ ២៧:៣)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top