ក្រុង កាសា Gaza
ស្រុកភីលីស្ទីនមានក្រុងដ៏សំខាន់ចំនួនប្រាំដូចជា ក្រុងអាសដូឌ ក្រុងកាសា ក្រុងអាសកាឡូន ក្រុងកាថ និង ក្រុងអេក្រូន (មាននគរប្រាំរបស់ជនជាតិភីលីស្ទីនដែលមានរាជធានីនៅទីក្រុងទាំងប្រាំនេះ យ៉ូស្វេ ១៣:៣) ឈ្មោះ «កាសា» មានន័យថា «ខ្លាំង»។ ក្រុងកាសាស្ថិតនៅលើច្រាំងសមុទ្រមេឌីទែរ៉ាណេ ហើយជាក្រុងដ៏សំខាន់សម្រាប់ការធ្វើជំនួញជាមួយអេស៊ីព្ទ។ ក្រុងនេះគឺជាក្រុងចំណាស់ពីបុរាណ (លោកុប្បត្ដិ ១០:១៩; យ៉ូស្វេ ១៥:៤៧)។ ជនជាតិអាវីម ដែលរស់នៅក្រុងកាសា ត្រូវបានជនជាតិកាប់ថោរ (ដែលជាអំបូរភីលីស្ទីន) ចេញមកពីស្រុកកាប់ថោរ កំទេចចោលទាំងអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ (ចោទិយកថា ២:២៣; យ៉ូស្វេ ១៣:២, ៣)។ នៅក្រុងកាសា លោកសាំសុនបានជួបនឹងស្រីពេស្យាម្នាក់ ហើយគាត់ក៏បានចូលទៅរួមមេត្រីជាមួយនាង លុះកណ្ដាលអធ្រាត្រ លោកក្រោកឡើងទៅចាប់ទាញយកទ្វារក្រុងទាំងមូលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ (ពួកចៅហ្វាយ ១៦:១-៣)។ បន្ទាប់ពីពួកភីលីស្ទីនចាប់លោកសាំសុន គេបានខ្វេះភ្នែកគាត់ទាំងពីរ ហើយនាំលោកទៅក្រុងកាសា។ លោកសាំសុនបានបញ្ចេញកម្លាំងដ៏ខ្លាំងច្រានសសរនៃព្រះវិហាររបស់ព្រះដាកុន (ព្រះរបស់គេ) យ៉ាងពេញទំហឹង ហើយព្រះវិហារក៏បានរលំសង្កត់លើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ (ពួកចៅហ្វាយ ១៦:២១–៣០)។ ពួកហោរាបានប្រកាសការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ប្រឆាំងនឹងកាសា (យេរេមា ២៥:២០; ៤៧:៥; អេម៉ុស ១:៦, ៧; សេផានា ២:៤)។
Leave a Reply