ក្រុង នីនីវេ Nineveh
រាជធានីមួយនៃចក្រភពអាសស៊ើរ។ នៅសម័យនោះ ក្រុងនេះស្ថិតនៅកន្លែងមួយ ដែលបច្ចុប្បន្ននេះជាអ៊ីរ៉ាក់ខាងជើង ជីតក្រុង Mosul។
ប្រវត្តិសាស្ត្រ
បុរាណវត្ថុវិទ្យាបង្ហាញថា មានមនុស្សរស់នៅទីក្រុងនេះតាំងពីបុរាណ (ប្រហែលជា ៤៥០០ មុន គ.ស.) ហើយនេះស៊ីគ្នានឹង លោកុប្បត្ដិ ជំពូក១០។
ជនជាតិអាសស៊ើរបានវាយលុកយ៉ាងខ្លាំង ហើយគេបានក្រាបថ្វាយបង្គំ Ishtar (Inanna) ជាព្រះនៃសេចក្ដីស្រឡាញ់និងសង្រ្គាម។ ព្រះច្រើនទៀតត្រូវបានគេថ្វាយបង្គំ និងគេបានយកឈ្មោះរបស់ព្រះទាំងនេះធ្វើជាឈ្មោះទ្វារក្រុងនេះ។ ពួកអាស្ស៊ីរីបានគោរពថ្វាយបង្គំនៅព្រះវិហារនៃ Nabu ជាព្រះនៃការសរសេរនិងសិល្បៈនិងវិទ្យាសាស្ត្រ ដែលបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់ពួកអាសស៊ើរក្នុងកំណត់ត្រា អក្សរសាស្ត្រ និងរូបចម្លាក់។
សានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ចាប់ពីឆ្នាំ៧០៥–៦៨១ មុន គ.ស. បានធ្វើអោយនីនីវេក្លាយជារាជធានីនៃចក្រភពអាសស៊ើរ។
នីនីវេ និងព្រះគម្ពីរ
មានប្រាំមួយកណ្ឌនៅក្នុងសញ្ញាចាស់ ដែលសរសេរអំពីក្រុងនីនីវេ (សូមមើល លោកុប្បត្ដិ ១០:១១-១២; ២ពង្សាវតារក្សត្រ ១៩:៣៦; អេសាយ ៣៧:៣៧; យ៉ូណាស; ណាហ៊ុម និង សេផានា ២:១៣)។ ២ពង្សាវតារក្សត្រជំពូក ១៤-១៦; ១៥:១៩-២០ និង អេសាយ ៨:៤ និទានរឿងដែលទាក់ទងនឹងនីនីវេផងដែរ។
ព្រះជាម្ចាស់បាននាំហោរាយ៉ូណាសទៅនីនីវេ ដើម្បីព្រមានគេហើយបង្គាប់អោយគេប្រែចិត្ត។ ហោរាណាហ៊ុមនិងសេផានាបានប្រកាសព្រះបន្ទូលថា ក្រុងនីនីវេនឹងត្រូវគេដណ្ដើមយក។ លោកសេផានាបានប្រកាសថា ៖
ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារ
ស្រុកខាងជើង
ព្រះអង្គនឹងកំទេចស្រុកអាស្ស៊ីរី
ព្រះអង្គនឹងធ្វើអោយក្រុងនីនីវេ
ក្លាយទៅជាទីស្មសាន
ជាកន្លែងហួតហែងដូចវាលរហោស្ថាន។
ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ
ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា
ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។
សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។
ក្របទ្វារផ្ទះបាក់បែកអស់
ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ
ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា
គ្មាននរណាផ្ទឹមស្មើនឹងខ្លួន
បានក្លាយទៅជាទីស្មសាន ជាជំរកសត្វព្រៃ។
អស់អ្នកដែលដើរកាត់តាមនោះ
នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ (សេផានា ២:១៣–១៥ គ.ខ.ប.)។
តាមពិតតាមប្រវត្តិសាស្ត្រព្រឹត្តិការណ៍ទាំងនេះបានកើតឡើងចំពោះនីនីវេ។
ឈ្មោះនីនីវេបានលេចឡើងនៅក្នុងសញ្ញាថ្មីតែម្ដងប៉ុណ្ណោះ។ ព្រះយេស៊ូវបង្រៀនថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់ព្រះគ្រីស្ទ ព្រមទាំងចោទប្រកាន់គេផង ព្រោះគេបានកែប្រែចិត្តកាលលោកយ៉ូណាសប្រកាសព្រះបន្ទូល ហើយព្រះយេស៊ូវប្រសើរជាងលោកយ៉ូណាសទៅទៀត (ម៉ាថាយ ១២:៤១; លូកា ១១:៣២)។
Leave a Reply