១កូរិនថូស ២:៦-១៦
ការអនុវត្តសំរាប់គ្រូគង្វាល និងគ្រូអធិប្បាយ
នៅពេលអ្នកកាត់ស្រាយអត្ថបទគម្ពីរមួយនៅក្នុងព្រះគម្ពីរ អ្នកត្រូវតែគិតអំពីបរិបទរបស់វាជានិច្ច។ នៅពេលអ្នកអានសំបុត្រមួយ ឬរឿងប្រលោមលោកមួយ អ្នកមិនអាចជ្រើសរើសប្រយោគមួយនៅកណ្តាលគេ ដោយមិនអានសំបុត្រ ឬរឿងនោះទាំងមូលបាននោះឡើយ។ ដូចគ្នាផងដែរ យើងក៏មិនអាចអានព្រះគម្ពីរនៅក្នុងរបៀបនោះបានឡើយ។ មូលហេតុដែលខ្ញុំលើកចំនុចនេះឡើង ពីព្រោះមានសាស្ត្រាចារ្យព្រះគម្ពីរល្បីឈ្មោះម្នាក់បានសរសេរថា អត្ថបទគម្ពីរ ដែលយើងសិក្សានៅថ្ងៃនេះ ប្រហែលជាអត្ថបទគម្ពីរ ដែលត្រូវបានគេកាត់ស្រាយខុស និងបង្ខូចខ្លាំងបំផុតនៅក្នុងព្រះគម្ពីរទាំងមូល។ មូលហេតុដែលមនុស្សបានកាត់ស្រាយអត្ថបទគម្ពីរនេះខុសគឺថា ពួកគេមិនគិតពិចារណាបរិបទរបស់អត្ថបទគម្ពីរ ហើយជាលទ្ធផលគឺថា អត្ថបទគម្ពីរនេះត្រូវបានកាត់ស្រាយខុសទាំងស្រុងពីគោលបំណងរបស់សាវកប៉ុល។
យើងត្រូវតែអាន ២:៦-១៦ នៅក្នុងបរិបទរបស់វា។ អត្ថបទគម្ពីរនេះមានបន្ទាប់ពី ១:១៨-២:៥ ហើយនៅមុនជំពូក៣ ហើយវាជាផ្នែកនៃអត្ថបទគម្ពីរ ដែលចាប់ពី ១:១០ និងបញ្ចប់នៅចុងជំពូក៤។ ជំពូកទាំងបួននេះគឺជាការឆ្លើយតបយ៉ាងល្អរបស់សាវកប៉ុលចំពោះបញ្ហាបែកបាក់របស់ពួកជំនុំកូរិនថូស ដោយព្រោះពួកគេអួតពីអ្នកដឹកនាំផ្សេងៗ និងដោយព្រោះពួកគេអួតពីប្រាជ្ញារបស់មនុស្ស។
ការឆ្លើយតបទីមួយរបស់សាវកប៉ុលគឺថាដំណឹងល្អគឺជាសារអំពីឈើឆ្កាង ដែលជាសេចក្តីចំកួតដល់លោកិយនេះ (១:១៧-២៥)។ គាត់បាននិយាយថា ព្រះបានជ្រើសរើសរបស់ល្ងីល្ងើនៅក្នុងលោកិយ ដើម្បីធ្វើអោយពួកអ្នកប្រាជ្ញាមានសេចក្តីខ្មាស (១:២៦-៣១)។ គាត់ក៏បាននិយាយថា នៅពេលគាត់អធិប្បាយ គាត់មិនដឹងអ្វីក្រៅពីព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ត្រូវគេឆ្កាងឡើយ (២:១-៥)។ តើសាវកប៉ុលអធិប្បាយអំពីអ្វី? យើងមើលឃើញយ៉ាងច្បាស់ថា ដំណឹងល្អ ព្រះយេស៊ូវគ្រីស្ទ និងដែលទ្រង់ត្រូវគេឆ្កាង» (១:១៧-១៨, ២៣:២:១-២)។ នេះគឺជាចំនុចច្បាស់លាស់មួយ ប៉ុន្តែយើងងាយនឹងភ្លេច នៅពេលយើងទៅកាន់ ២:៦-១៦។
ដូច្នេះម្តងទៀត ខ្ញុំនិយាយថា សាវកប៉ុលបានប្រាប់ពួកគេថា សារ ដែលគាត់បានប្រកាសអំពីព្រះមែស៊ីដែលត្រូវគេឆ្កាង គឺជាសេចក្តីចំកួតដល់លោកិយនេះ។ យើងចាំបាច់ត្រូវចាំនេះដើម្បីយល់ ២:៦-១៦ ត្រឹមត្រូវ។
នៅពេលយើងស្តាប់អ្វីដែលសាវកប៉ុលបានសរសេរកន្លងមក តើសាវកប៉ុលពិតជាកំពុងនិយាយថាដំណឹងល្អគឺជាសេចក្តីចំកួតមែនឬ? នៅក្នុង ២:៦ សាវកប៉ុលនិយាយថា ដំណឹងល្អមិនមែនជាសេចក្តីចំកួតទេ ប៉ុន្តែជាសារនៃប្រាជ្ញាវិញ។ នៅពេលគាត់និយាយថា យើង «និយាយសារនៃប្រាជ្ញា» គាត់មិនកំពុងនិយាយអំពីសារណាផ្សេងទៀតក្រៅពីដំណឹងល្អឡើយ។ ដំណឹងល្អគឺជាសារដែលគាត់បានប្រកាស។ គាត់ទើបតែបាននិយាយនៅក្នុង ២:២ ថា គាត់មិនដឹងអ្វីក្រៅពីព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ត្រូវគេឆ្កាងឡើយ។
វារឿងចំឡែក ដែលពីរខបន្ទាប់មកទៀត គាត់និយាយថា គាត់ប្រកាសសារផ្សេងមួយទៀត។ ផ្នែកទីពីរនៃខ. ៦ បង្ហាញកាន់តែច្បាស់លាស់អំពីរបៀបដែលអត្ថបទគម្ពីរនេះទាក់ទងជាមួយអត្ថបទគម្ពីរមុន។ ដំណឹងល្អដែលយើងប្រកាសគឺជា «សារនៃប្រាជ្ញានៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ មិនមែនតាមប្រាជ្ញារបស់លោកិយនេះ ឬរបស់ពួកចៅហ្វាយនៅលោកិយនេះ ដែលត្រូវសាបសូន្យនោះទេ»។ សេចក្តីពិតនេះទាក់ទងយ៉ាងខ្លាំងជាមួយជំពូក ១។ នៅក្នុង ១:១៧ គាត់បាននិយាយថា គាត់នឹងមិនប្រកាសដំណឹងល្អដោយពាក្យសំដីនៃប្រាជ្ញារបស់មនុស្សឡើយ ហើយនៅក្នុង ២:៦ នេះ សារដែលគាត់ប្រកាស (ដំណឹងល្អរបស់ព្រះគ្រីស្ទដែលទ្រង់ត្រូវគេឆ្កាង) មិនមែនតាមប្រាជ្ញារបស់សម័យនេះទេ។ «ប្រាជ្ញាអាថ៌កំបាំងរបស់ព្រះ» នៅក្នុងខ. ៧ គឺជាព្រះគ្រីស្ទ ដែលជាសាររបស់ព្រះគ្រីស្ទដែលត្រូវគេឆ្កាង (១:១៧, ២៤, ៣០; ២:២-៥)។
នៅមេរៀនពី ១កូរិនថូស ១:១៧-២៥ យើងបានសួរសំនួរថា «បើសិនដំណឹងល្អគឺជាសេចក្តីចំកួតដល់លោកិយនេះ ហេតុអ្វីយើងជឿតាម? តើអ្វីធ្វើអោយយើងខុសប្លែកពីគេ? តើយើងឆ្លាតជាង ឬប្រសើរជាងឬ?» ហើយយើងបានឃើញថា ចម្លើយគឺពិតជា «ទេ» ប៉ុន្តែដោយព្រោះព្រះបានជ្រើសរើសយើង។ សាវកប៉ុល សរសេរនៅក្នុងខ.៩ ជាសេចក្តីពិត «សេចក្តីដែលភ្នែកមើលមិនឃើញ…អ្នកដែលស្រឡាញ់ទ្រង់» បើសិនគ្មានភ្នែកឃើញ ឬគំនិតណា អាចនឹកដល់ អញ្ចឹងហេតុអ្វីភ្នែកយើងមើលឃើញ? សាវកប៉ុលពន្យល់អំពីមូលហេតុនៅក្នុង ២:១០ គឺពីព្រោះព្រះបានបើកសំដែងសេចក្តីពិតដល់យើង។ ទ្រង់បើកសំដែងសេចក្តីពិតដល់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ តើព្រះវិញ្ញាណបរិសុទ្ធអាចបើកសំដែងសេចក្តីពិតដ៏អាថ៌កំបាំងនេះដល់យើងបានយ៉ាងដូចម្តេច?យើងមានចម្លើយនៅក្នុងខ. ១០ខ-១១។
យើងទាំងអស់គ្នាមានអ្វីៗអំពីខ្លួនឯង ដែលមនុស្សដទៃទៀតមិនដឹង។ បើសិនអ្នកបានរៀបការហើយ នោះប្តីប្រពន្ធរបស់អ្នកប្រហែលជាដឹងរឿងអាថ៌កំបាំងពីរបីអំពីអ្នក ដែលគាត់អាចប្រាប់អ្នកដទៃបាន បើសិនគាត់ចង់ប្រាប់ សេចក្តីអាថ៌កំបាំង ដែលគ្មានអ្នកណាម្នាក់ដឹងឡើយ។ នេះគឺជាលក្ខណៈរបស់ព្រះវិញ្ញាណបរិសុទ្ធ។ គ្មានអ្នកណាយល់អំពីព្រះអង្គឡើយ ហើយនេះជាមូលហេតុដែលយើងត្រូវការការបើកសំដែងពីព្រះ។ នេះជាមូលហេតុដែលលោកិយមិនអាចប្រើប្រាជ្ញារបស់ខ្លួន ដើម្បីស្គាល់ព្រះបានឡើយ។
បើសិនខ្ញុំសួរអំពីឈ្មោះរបស់ម្តាយរបស់ខ្ញុំ នោះអ្នកនឹងមិនអាចឆ្លើយបានទេ ពីព្រោះវាជាសេចក្តីអាថ៌កំបាំងចំពោះអ្នក។ បើសិនជាអ្នកជាមនុស្សឆ្លាតបំផុតនៅក្នុងថ្នាក់ ក៏អ្នកនៅតែមិនអាចឆ្លើយបានដែរ។ ប៉ុន្តែបើសិនខ្ញុំបានជ្រើសរើសមនុស្សល្ងង់បំផុតម្នាក់នៅក្នុងថ្នាក់ ហើយប្រាប់ឈ្មោះរបស់ម្តាយរបស់ខ្ញុំដល់គាត់ នោះគាត់នឹងអាចឆ្លើយសំនួរនេះបាន ពីព្រោះសេចក្តីអាថ៌កំបាំងត្រូវបានខ្ញុំបើកសំដែងប្រាប់គាត់ហើយ។
ប្រាជ្ញារបស់មនុស្ស ដែលពួកកូរិនថូសបានអួត គ្មានប្រសិទ្ធិភាពនាំមនុស្សអោយស្គាល់ព្រះឡើយ។ គ្មានអ្នកណាម្នាក់អាចស្គាល់គំនិតរបស់ព្រះបានឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះ។ ដូច្នេះ ដោយ សារតែព្រះវិញ្ញាណបរិសុទ្ធពិតជាស្គាល់ព្រះហឫទ័យរបស់ព្រះ នោះព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ដើម្បីបើកសំដែងអ្វី ដែលព្រះបានរៀបចំសំរាប់យើង ដូចដែលយើងបានមើលឃើញនៅក្នុង ខ.៩-១០ ឬម្តងទៀតនៅក្នុងខ. ១២ ថា ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង។ ហើយតើព្រះបានប្រទានដល់យើងដោយទទេដោយរបៀបណា? តាមរយៈដំណឹងល្អ។ មានន័យថា យើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្គាល់ដំណឹងល្អអំពីព្រះគ្រីស្ទនេះ ដែលជាសេចក្តីចំកួតដល់លោកិយនេះ។
នៅក្នុងខ. ១៣ សាវកប៉ុលសរសេរថា គាត់បានបង្រៀនសេចក្តីពិតខាងវិញ្ញាណដោយពាក្យសំដីខាងវិញ្ញាណ។ ខ្ញុំសង្ឃឹមថា អ្នកបានដឹងថាសេចក្តីពិតខាងវិញ្ញាណជាអ្វីហើយ។ តាមរយៈការមើលលើបរិបទ យើងបានឃើញថា សេចក្តីពិតខាងវិញ្ញាណដោយពាក្យសំដីខាងវិញ្ញាណគឺជាដំណឹងល្អ ដែលជាសារអំពីព្រះគ្រីស្ទដែលត្រូវគេឆ្កាង។ ប្រៀបធៀប ២:១៣ ជាមួយនឹង ១:១៧ ចូរមើល ១:១៧ ម្តងទៀតថា តើព្រះគ្រីស្ទបានបញ្ជូនសាវកប៉ុលអោយមកប្រកាសអ្វី? ប្រកាសដំណឹងល្អ។ ហើយសូមមើលលើរបៀបដែលគាត់ប្រកាសដំណឹងល្អ គឺមិនមែនដោយពាក្យសំដីនៃប្រាជ្ញារបស់មនុស្សឡើយ។ នេះគឺជាអ្វីដែលយើងប្រកាស គឺមិនមែនប្រកាសដោយពាក្យសំដី ដែលប្រាជ្ញារបស់មនុស្សបានបង្រៀនយើងឡើយ។ បើសិន «សេចក្តីពិតខាងវិញ្ញាណដោយពាក្យសំដីខាងវិញ្ញាណ» (ខ. ១៣)របស់សាវកប៉ុលគឺជាអ្វីផ្សេងពីដំណឹងល្អ នោះគាត់មិនបានធ្វើតាមតួនាទីប្រកាសដំណឹងល្អរបស់គាត់នៅក្នុង ១:១៧ ហើយក៏មិនស្របតាមការប្ដេជ្ញាចិត្តរបស់គាត់នៅក្នុង ២:២ ដែរ។ ប៉ុន្តែ សាវកប៉ុលបានស្មោះត្រង់ចំពោះតួនាទីប្រកាសដំណឹងល្អរបស់គាត់នៅក្នុង ១:១៧។ ដូច្នេះ «សេចក្តីពិតខាងវិញ្ញាណដោយពាក្យសំដីខាងវិញ្ញាណ» គឺជាសារនៃដំណឹងល្អអំពីព្រះគ្រីស្ទដែលទ្រង់ត្រូវគេឆ្កាង។
នៅក្នុង ២:១៣ សាវកប៉ុលពន្យល់បន្ថែមទៀតអំពីរបៀបដែលគាត់ប្រកាសដំណឹងល្អ។ គាត់ប្រាប់ពួកកូរិនថូសថា «ហើយយើងក៏និយាយពីសេចក្តីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ» ច្បាស់លាស់ណាស់ថា បើសិនគាត់មិនបានទទួលដំណឹងល្អដោយប្រាជ្ញារបស់មនុស្ស នោះគាត់ក៏នឹងមិនបង្រៀនដំណឹងល្អដល់អ្នកដទៃដោយប្រាជ្ញារបស់មនុស្សដែរ។ បើសិនគាត់បានបង្រៀនដំណឹងល្អដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធ នោះយើងក៏នឹងបង្រៀនដំណឹងល្អដល់អ្នកដទៃដោយព្រះវិញ្ញាណបរិសុទ្ធដូចគ្នាដែរ។
ខនេះមានការលំបាកយ៉ាងខ្លាំងសំរាប់ពួកកូរិនថូស។ អ្នកនឹងមើលឃើញចាប់ពីផ្នែកបន្តបន្ទាប់មកទៀតនៃកណ្ឌនេះថា ពួកគេបានគិតថា ពួកគេគឺជាមនុស្សខាងវិញ្ញាណហើយពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគ្រប់លក្ខណ៍។ ពួកគេបានមានអំណោយទានខាងវិញ្ញាណដូចជា ការនិយាយភាសាដទៃ និងការទាយទំនាយជាដើម ដូច្នេះគេគិតថា ពួកគេគឺជាមនុស្សខាងវិញ្ញាណ។ ប៉ុន្តែនៅទីនេះ សាវកប៉ុលកំពុងនិយាយថា សារអំពីឈើឆ្កាងចំកួតនេះ (ដែលពួកកូរិនថូសបានចង់កាត់ស្រាយអោយតាមប្រាជ្ញារបស់ពួកគេ) គឺជាសេចក្តីពិតខាងវិញ្ញាណដោយពាក្យសំដីខាងវិញ្ញាណ។ នៅពេលសាវកប៉ុលបានប្រកាសសារអំពើឈើឆ្កាងចំកួតនេះ នោះគឺជាការបណ្តាលរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលនេះគឺជាមូលហេតុមួយទៀត នៅក្នុងខ. ១៤ ដែលលោកិយនេះមើលឃើញថា ដំណឹងល្អជាសេចក្តីចំកួត។
តើអ្នកណាជាអ្នកមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណ (ខ. ១៤)? គឺអ្នកមិនជឿ ដែលជាអ្នកមិនមែនជាគ្រីស្ទបរិស័ទ។ តើពួកគេមើលឃើញអ្វីថាជាចំកួត? គឺដំណឹងល្អអំពីព្រះគ្រីស្ទដែលត្រូវគេឆ្កាង (សូមមើល ១កូរិនថូស ១:១៨, ២៣)។ មនុស្សមិនមានព្រះវិញ្ញាណនៅក្នុងខ. ១៤ ផ្ទុយពីមនុស្សខាងវិញ្ញាណនៅក្នុងខ. ១៥។ មនុស្សខាងវិញ្ញាណនៅទីនេះមិនមែនជាគ្រីស្ទបរិស័ទពិសេសនោះទេ ប៉ុន្តែមនុស្សខាងវិញ្ញាណគឺជា គ្រីស្ទបរិស័ទទាំងអស់គ្នា។ គ្រីស្ទបរិស័ទបានទទួលយកព្រះយេស៊ូវ ដែលជាប្រាជ្ញារបស់ព្រះ (១:៣០) ហើយគឺជាមនុស្សមានព្រះវិញ្ញាណបរិសុទ្ធ (គ្រីស្ទបរិស័ទ) ដែលឈររឹងមាំនៅក្នុងសេចក្តីអាថ៌កំបាំងរបស់ព្រះ ដូចជាសាវកប៉ុលនិយាយនៅក្នុងខ. ១៦ ថា «យើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទ»។
មនុស្សបានប្រើ និងយល់ខុសចំពោះអត្ថបទគម្ពីរនេះខ្លាំងបំផុតនៅសព្វថ្ងៃនេះ។ នៅសព្វថ្ងៃនេះ មនុស្សខ្លះបានប្រើ ១កូរិនថូស ១ ផ្ទុយពីគោលបំណងដើមរបស់សាវកប៉ុលទាំងស្រុង។ គោលបំណងដើមគឺដើម្បីធ្វើអោយយើងបន្ទាបខ្លួន។ ព្រះនឹងមិនមានអ្នកណាម្នាក់ឈរអួតនៅចំពោះទ្រង់ឡើយ។ អ្នកមិនអាចអួតបានទេ ពីព្រោះអ្នកត្រូវពឹងផ្អែកទាំងស្រុងលើព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីធ្វើអោយអ្នកខុសប្លែកពីអ្នកមិនជឿម្នាក់? តើអ្នកប្រសើរជាងគេ? ហេតុអ្វីអ្នកជឿដំណឹងល្អ? តើអ្នកស្គាល់សេចក្តីពិតដោយរបៀបណា? ចម្លើយ ៖ ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកពិតជាពឹងផ្អែកទាំងស្រុងលើទ្រង់ គឺបើសិនគ្មានការបើកសំដែងពីទ្រង់ទេ នោះគំនិតរបស់អ្នកនឹងដូចជាអស់អ្នកនៅក្នុងខ. ៩ ដែរហើយ។
បើខ្ញុំអាចពន្យល់ដំណឹងល្អបានច្បាស់លាស់ហើយអាចឆ្លើយសំនួរទាំងអស់បានដោយប្រាជ្ញានិងឧទាហរណ៍បញ្ជាក់ឧដុង្គឧត្តម ពួកគេនឹងនៅតែមិនជឿ បើសិនព្រះវិញ្ញាណបរិសុទ្ធមិនជួយអោយពួកគេទទួលស្គាល់បាបរបស់ពួកគេ ហើយមិនបើកសំដែងដល់ពួកគេនូវអ្វីដែលព្រះបានធ្វើសំរាប់ពួកគេនៅក្នុងព្រះគ្រីស្ទនោះ។ នៅពេលខ្ញុំនិយាយជាមួយពួកអ្នកមិនជឿ ហើយខ្ញុំភ្ញាក់ផ្អើលចំពោះសេចក្តីងងឹតរបស់ពួកគេ នោះខ្ញុំរំលឹកខ្លួនឯងជានិច្ចថា «ហេតុអ្វីខ្ញុំខុសប្លែកពីពួកគេ? ដោយព្រោះតែព្រះបានជួយធ្វើអោយខ្ញុំជឿតាម រយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដោយព្រោះតែទ្រង់មានពេញដោយព្រះគុណ និងបានជ្រើសរើសខ្ញុំ ហើយតាមរយៈព្រះវិញ្ញាណព្រះបរិសុទ្ធ ទ្រង់បានបើកសំដែងដល់ខ្ញុំនូវអ្វីដែលទ្រង់បានធ្វើសំរាប់ខ្ញុំនៅក្នុងព្រះគ្រីស្ទ» តើខ្ញុំមានអ្វីខុសប្លែកពីគេ? ដូច្នេះ ខ្ញុំមិនអាចអួតបានឡើយ។
ប៉ុន្តែនៅសព្វថ្ងៃនេះ មនុស្សមួយចំនួនប្រើអត្ថបទគម្ពីរនេះអោយក្លាយជាមានអំនួត ក្រអឺតក្រទម និងមិនត្រឹមត្រូវ។ ខ្ញុំនឹងបង្ហាញអ្នកអំពីរបៀបដែលមនុស្សខ្លះបានកាត់ស្រាយ និងប្រើអត្ថបទគម្ពីរខុសនៅក្នុងសតវត្សទី២០និងទី២១។ ដំបូង ពួកគេមិនគិតអំពីបរិបទរបស់អត្ថបទគម្ពីរនេះ មិនគិតអំពី ១:១៨-២:៥ ហើយមិនគិតអំពីស្ថានភាព ដែលសាវកប៉ុលបានព្យាយាមដោះស្រាយនៅក្នុងក្រុងកូរិនថូស និងរចនាសម្ព័ន្ធនៅក្នុងការឆ្លើយតបរបស់គាត់។ ឥឡូវនេះ អ្នកអាចកាត់ស្រាយអត្ថបទនេះតាមចិត្ត គឺតាមអ្វីដែលអ្នកចង់បាន។
ក្រោយមកគេកាត់ស្រាយយ៉ាងខុសដោយយល់ថា នៅពេលសាវកប៉ុលសរសេរថាគាត់និយាយ តាមប្រាជ្ញានៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ (ខ.៦) មនុស្សគ្រប់លក្ខណ៍នេះសំដៅទៅលើគ្រីស្ទបរិស័ទខ្លះ ហើយនៅពេលគាត់និយាយអំពីប្រាជ្ញាដ៏អាថ៌កំបាំងរបស់ព្រះនៅក្នុងខ. ៧ នោះមិនមែនជាដំណឹងល្អទេ ប៉ុន្តែជាប្រាជ្ញាអាថ៌កំបាំង ដែលមានតែគ្រីស្ទបរិស័ទមួយចំនួនមានប៉ុណ្ណោះ។ ដូច្នេះនៅក្នុងខ. ១៣ នៅពេលគាត់និយាយអំពីសេចក្តីពិតខាងវិញ្ញាណ ដែលត្រូវបានប្រកាសដោយពាក្យសំដីខាងវិញ្ញាណ នោះមិនមែនជាដំណឹងល្អទេ ប៉ុន្តែជាសេចក្តីអាថ៌កំបាំង ដែលគ្រីស្ទបរិស័ទមួយចំនួន ដែលមានព្រះពរពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្គាល់ ហើយនៅក្នុងខ. ១៤ «មនុស្សមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណ» មិនសំដៅលើតែអ្នកមិនជឿប៉ុណ្ណោះទេ ប៉ុន្តែក៏អាចសំដៅលើគ្រីស្ទបរិស័ទម្នាក់ ដែលមិនទទួលយកអ្វីដែលគ្រីស្ទបរិស័ទខាងវិញ្ញាណដែលមានការចាក់ប្រេងតាំងពិសេស និយាយ។ នេះពិតជាការកាត់ស្រាយខុស។
ដូច្នេះ តាមការកាត់ស្រាយនេះ ខ្ញុំអាចអះអាងថា ខ្ញុំមានព្រះពរពិសេសពីព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នកមិនមាន ខ្ញុំស្គាល់សេចក្តីអាថ៌កំបាំងពិសេសៗ ដែលគ្រីស្ទបរិស័ទដទៃទៀតមិនស្គាល់ ដែលមនុស្សគ្រប់លក្ខណ៍ទទួលស្គាល់ ហើយបើសិនអ្នកមិនទទួលយកអ្វីដែលខ្ញុំនិយាយទេ នោះអ្នកដូចជាមនុស្សមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណហើយ (ខ. ១៤)។ ការប្រើ និងកាត់ស្រាយអត្ថបទគម្ពីរនេះដូច្នេះ ប្រាកដជានាំមនុស្សអោយមានអំនួតជាមិនខាន ដូចដែលខ្ញុំបាននិយាយថា វាផ្ទុយពីគោលបំណងដើមរបស់សាវកប៉ុល ដែលគាត់បានមានគោលបំណងអោយធ្វើអោយបានបន្ទាបខ្លួន។
ជាលទ្ធផល មានមនុស្សខ្លះ ដែលបានបង្រៀនសេចក្ដីខុសឆ្គង ដែលពួកគេអះអាងថា អ្វីដែលពួកគេនិយាយគឺជាសារអាថ៌កំបាំង ដែលព្រះវិញ្ញាណបណ្តាលមក។ បើសិនអ្នកមិនទទួលយកសេចក្តីនោះ ហើយព្យាយាមកែតម្រង់ពួកគេ នោះពួកគេឆ្លើយថា អ្នកពិតជាមនុស្សមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណ (ខ. ១៤) ប៉ុន្តែពួកគេគឺជាមនុស្សនៅក្នុងខ. ១៥-១៦។ ពួកគេនិយាយថា ពួកគេមិននៅក្រោមការវិនិច្ឆ័យរបស់មនុស្សទេ ពីព្រោះពួកគេមានគំនិតរបស់ព្រះគ្រីស្ទ គឺពួកគេជាអ្នកមានការចាក់ប្រេងតាំងពិសេស ហើយគ្មានអ្នកណាម្នាក់វិនិច្ឆ័យពួកគេបានឡើយ។
មានរបៀបមួយទៀត ដែលប្រើអត្ថបទគម្ពីរនេះខុស។ នេះគឺជាការកាត់ស្រាយខុសលើជំពូក១និង២ ដែលមនុស្សចំនួនប្រើជាញឹកញាប់។ សាវកប៉ុលបាននិយាយថា ប្រាជ្ញារបស់មនុស្សមិនអាចនាំមនុស្សអោយស្គាល់ព្រះបានឡើយ ហើយយើងពិតជាត្រូវការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ ចំនុចនេះបានធ្វើអោយគ្រីស្ទបរិស័ទមួយចំនួននិយាយថា យើងមិនគួរប្រើគំនិតរបស់យើងទេ ពីព្រោះការធ្វើដូច្នេះមានន័យថា យើងពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស មិនមែនពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធទេ។ ព្រះវិញ្ញាណបរិសុទ្ធបង្រៀនយើងគ្រប់បែបយ៉ាង ដូច្នេះកុំប្រើគំនិតរបស់យើង ដើម្បីសិក្សាព្រះគម្ពីរដោយឧស្សាហ៍។ ប៉ុន្តែ ការអនុវត្តនេះពិតជាខុសឆ្គងទាំងស្រុង។ ព្រះវិញ្ញាណបរិសុទ្ធមិននាំអោយយើងមិនត្រូវការគំនិត ឬខ្ជិលក្នុងគំនិតទេ ប៉ុន្តែទ្រង់បំភ្លឺគំនិតរបស់យើងវិញ។ ដូច្នេះ តួនាទីរបស់គ្រីស្ទបរិស័ទគឺត្រូវប្រើគំនិតដែលត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងខ្ជាប់ខ្ជួន នៅពេលយើងសិក្សាព្រះបន្ទូលរបស់ព្រះ និងពិភពលោករបស់ព្រះ។
នៅក្នុង ១កូរិនថូស ១:១៨ យើងបានឃើញថា មានមនុស្សពីរប្រភេទនៅក្នុងលោកិយនេះ គឺមនុស្សដែលបានសង្គ្រោះ និងមនុស្សដែលកំពុងវិនាស ឬមនុស្សដែលស្គាល់ព្រះ និងមនុស្សដែលមិនស្គាល់ព្រះ។ ភាពខុសគ្នាគឺជាឈើឆ្កាង ដែលជាសេចក្តីចំកួតដល់មនុស្សមួយក្រុម ហើយជាព្រះចេស្ដានៃព្រះចំពោះមនុស្សមួយក្រុមទៀត។ ឥឡូវនេះ បន្ទាប់ពីបានសិក្សាជំពូក២រួចហើយ យើងអាចមើលឃើញរបៀបមួយទៀត គឺមានមនុស្សពីរប្រភេទនៅក្នុងលោកិយនេះ គឺអស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ យើងមិនអាចអួតអំពីប្រាជ្ញានេះដែលយើងបានទទួលទេ ពីព្រោះវាត្រូវបានបើកសំដែងដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។
ការអនុវត្ត
បើសិនអ្នកស្ថិតនៅក្នុងក្រុមដែលមានពរ ដែលជាក្រុមមានសេចក្តីសង្គ្រោះ ស្គាល់ព្រះ មានព្រះគ្រីស្ទ និងមានព្រះវិញ្ញាណបរិសុទ្ធ ចូរសរសើរតម្កើងព្រះ ហើយរក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អនោះចុះ។ នេះមានន័យថា អ្នកមិនស្វែងរកសេចក្តីអាថ៌កំបាំងណាទៀតនៅក្នុងចំណោមសេចក្តីដទៃទៀតក្រៅពីដំណឹងល្អឡើយ។ សូមកុំគិតថា សេចក្តីអ្វីផ្សេងទៀតមានអត្ថន័យជ្រៅជាងដំណឹងល្អអោយសោះ ហើយកុំស្វែងរក «ប្រាជ្ញាអាថ៌កំបាំងរបស់ព្រះ» ដោយគិតថា ប្រាជ្ញាអាថ៌កំបាំងជាសេចក្តីមានអត្ថន័យលើសជាងអ្វីដែលព្រះបានបើកសំដែងមកកាន់គ្រីស្ទបរិស័ទ ដែលជាដំណឹងល្អ ព្រះគ្រីស្ទ ដែលជាប្រាជ្ញារបស់យើងអោយសោះ។ ចូរតែងតែងប្រយ័ត្នចំពោះអស់អ្នកដែលនឹងអាចល្បួងអ្នកអោយធ្វើដូច្នោះ។ សូមយល់ថា ដើម្បីអ្នកដឹកនាំគ្រីស្ទបរិស័ទអាចដឹកនាំខាងវិញ្ញាណពិតប្រាកដបាន នោះពួកគេត្រូវតែរក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អ គឺមិនត្រូវទៅ ហួសពីដំណឹងល្អ ឬព្យាយាមផ្លាស់ប្តូរដំណឹងល្អ ដើម្បីអោយដំណឹងល្អត្រូវចិត្តរបស់មនុស្សបះបោរនោះឡើយ (២ធីម៉ូថេ ៤:៣)។
បន្ទាប់ពីបានគិតពិចារណា ១:១៨-១៦ ខ្ញុំសង្ឃឹមថា អត្ថបទគម្ពីរនេះបានលើកទឹកចិត្តអ្នកអោយទុកចិត្តលើព្រះបន្ទូលរបស់ព្រះតែមួយ ដែលជាដំណឹងល្អពីព្រះគ្រីស្ទ ហើយបន្ទាបខ្លួនរបស់អ្នកនៅចំពោះទ្រង់។ បើសិនអ្នកស្គាល់ទ្រង់ នោះដោយសារតែការជ្រើសរើសរបស់ព្រះ ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ និងការបើកសំដែងរបស់ព្រះវិញ្ញាណប៉ុណ្ណោះ។ គ្រូអធិប្បាយ គ្រូគង្វាល និងអ្នកដឹកនាំគ្រីស្ទបរិស័ទ (ឬ គ្រីស្ទបរិស័ទទូទៅ)មិនត្រូវគិតថា ពួកគេគឺជាក្រុមមនុស្សពិសេសមួយ ដែលមានការបើកសំដែងពិសេស ដែលគ្រីស្ទបរិស័ទដទៃទៀតមិនមាននោះឡើយ ពីព្រោះលទ្ធផលពីគំនិតនេះគឺជាអំនួត ជំនឿខុសឆ្គង ការបែកបាក់ និងចិត្តដែលមិនអនុញ្ញាតអោយអ្នកដទៃប្រដៅតម្រង់។
Leave a Reply