ឈើឆ្កាង និងការដឹកនាំគ្រីស្ទបរិស័ទ
ការអនុវត្តចេញពី ១កូរិនថូស ៤ សំរាប់គ្រូគង្វាល និងគ្រូអធិប្បាយ
មនុស្សជាច្រើនប្រាថ្នាធ្វើជាអ្នកដឹកនាំ។ គេគិតអំពីរបៀបដែលពួកគេនឹងក្លាយជាអ្នកដឹកនាំល្អម្នាក់ ដែលប្រសើរជាងអ្នកដឹកនាំ ជាច្រើនផ្សេងទៀតហើយ ពួកគេគិតអំពីការគោរពពីអ្នកដទៃ ដែលពួកគេនឹងទទួលបាន។ អ្នកដែលប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ ប៉ុន្តែមិនដែលបានធ្វើជាអ្នកដឹកនាំ ស្ទើរតែមិនធ្លាប់គិតអំពីទំនួលខុសត្រូវ សម្ពាធ និងសេចក្តីល្បួងដែលអ្នកដឹកនាំប្រឈមនោះទេ។ ពួកគេស្ទើរតែមិនធ្លាប់ផ្ដោតលើការទទួលខុសត្រូវ ការបំរើ និងការរងទុក្ខទៀតផង។ ១កូរិនថូស ជំពូកទី១ដល់ទី៤ បានណែនាំយើងរួចមកហើយអំពីធាតុសំខាន់មួយចំនួននៃការដឹកនាំគ្រីស្ទបរិស័ទ ប៉ុន្តែនេះមិនមែនជាផ្ទៃរឿងចំបងនៅក្នុងកណ្ឌសំបុត្រមួយនេះទេ។ នៅក្នុង ១កូរិនថូស ១-៤ សាវកប៉ុលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជាដំបូងលើបញ្ហាបក្សពួកនិយម ដែលបានធ្វើ អោយពួកជំនុំបាក់បែកដោយជម្លោះ និងការច្រណែន។ ប៉ុន្តែដោយសារតែជម្លោះជាច្រើនទាំងនេះបានកើតឡើង ដោយសារតែក្រុមមនុស្សផ្សេងៗគ្នានៅក្នុងពួកជំនុំបានអួតពីអ្នកដឹកនាំគ្រីស្ទបរិស័ទល្បីៗ («ខ្ញុំជាសិស្សរបស់ ប៉ុល» »ខ្ញុំជាសិស្សរបស់អ័ប៉ុឡូស» «ខ្ញុំជាសិស្សរបស់កៃផាស» ១:១១-១២; ៣-៤) នោះសាវកប៉ុលត្រូវតែនិយាយអំពីការយល់ខុសផ្សេងៗរបស់ពួកកូរិនថូសទាក់ទងនឹងអ្នកដឹកនាំគ្រីស្ទបរិស័ទ។
អ្នកជឿទាំងនេះបានដើរតាមគំរូ និងគំនិតនៅក្នុងវប្បធម៌របស់ពួកគេ។ ដូច្នេះ សាវកប៉ុលត្រូវតែបែរមកនិយាយអំពីមូលដ្ឋានគ្រឹះ ហើយពន្យល់អំពីសារៈសំខាន់នៃព្រះគ្រីស្ទដែលទ្រង់ត្រូវគេឆ្កាង។ គាត់បានព្រមានពួកគេមិនអោយអួតពីអ្នកដឹកនាំគ្រីស្ទបរិស័ទណាម្នាក់ ហើយបដិសេធអ្នកដឹកនាំផ្សេងទៀតឡើយ។ នៅ ១កូរិនថូស ៣ សាវកប៉ុលសរសេរថា អ្នកដឹកនាំគ្រីស្ទបរិស័ទគឺជាអ្នកបំរើរបស់ព្រះគ្រីស្ទ ហើយគ្រីស្ទបរិស័ទមិនគួរផ្តល់ភក្តីភាព ដែលសំរាប់តែព្រះអង្គមួយគត់ ផ្ទេរទៅដល់ពួកគាត់ឡើយ។ ក្នុងនាមជាអ្នកបំរើ អ្នកដឹកនាំគ្រីស្ទបរិស័ទមានការទទួលខុសត្រូវចំពោះព្រះនូវការបំរើ និងសកម្មភាពរបស់ខ្លួន។ ដោយព្រោះព្រះយកព្រះទ័យទុកដាក់ចំពោះពួកជំនុំរបស់ទ្រង់ នោះទ្រង់ចាត់ទុកអ្នកដឹកនាំពួកជំនុំទទួលខុសត្រូវនៅចំពោះទ្រង់ ហើយទ្រង់នឹងបំផ្លាញអ្នកណាដែលបំផ្លាញពួកជំនុំរបស់ទ្រង់។
នៅក្នុង ១កូរិនថូស ៤ សាវកប៉ុលនៅតែបន្តដោះស្រាយបញ្ហាការប្រកាន់បក្សពួកក្នុងចំណោមអ្នកជឿក្នុងក្រុមជំនុំកូរិនថូស។ នៅក្នុងការដោះស្រាយជម្លោះ និងការប្រកាន់យកគ្រូបង្រៀនផ្សេងៗ សាវកប៉ុលផ្តល់គំនិតដល់យើង ទាក់ទងនឹងអត្ថន័យនៃការធ្វើជាអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់។ សាវកប៉ុលផ្តល់គោលការណ៍ខ្លះៗសំរាប់អ្នកដឹកនាំគ្រីស្ទបរិស័ទ ហើយពួកគេទាំងអស់ជាប់ទាក់ទងទៅនឹងឈើឆ្កាង។
ព្រះប្រទាន «សេចក្តីអាថ៌កំបាំង» នៃព្រះដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ (៤:១–៧)
សូមកត់សំគាល់ថា ខ. ១ និយាយឡើងវិញអំពីសេចក្តីបង្រៀនរបស់សាវកប៉ុលនៅក្នុងជំពូក៣ ថា អ្នកដឹកនាំគ្រីស្ទបរិស័ទគឺជាអ្នកបំរើរបស់ព្រះគ្រីស្ទ ហើយសមាជិកពួកជំនុំគួរតែចាត់ទុកពួកគេជាអ្នកបំរើរបស់ព្រះ គ្រីស្ទ។ អ្នកដឹកនាំគ្រីស្ទបរិស័ទគួរតែចាត់ទុកខ្លួនឯងជាអ្នកបំរើ ហើយចង់អោយគ្រីស្ទបរិស័ទដទៃទៀតចាត់ទុកខ្លួនដូច្នេះផងដែរ។ ប៉ុន្តែក្នុងនាមជាអ្នកបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះបានប្រទានអោយពួកគេនូវ «សេចក្តីអាថ៌កំបាំងនៃព្រះ»។ ឃ្លាថា «សេចក្តីអាថ៌កំបាំង» គឺជាឃ្លាដូចគ្នានៅក្នុង ២:៧ «ប្រាជ្ញានៃព្រះជាសេចក្តីអាថ៌កំបាំងដ៏លាក់ទុក»។ ចាប់ពី ១កូរិនថូស ២ យើងបានឃើញថា សាវកប៉ុលមិននិយាយថា ដំណឹងល្អត្រូវបានលាក់ទុកនៅមុនពេលការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានបើកសំដែងមកយើងនៅគ្រាឥឡូវនេះ។ ខ្លឹមសារនៃសេចក្តីអាថ៌កំបាំងនេះគឺជាដំណឹងល្អ ជាប្រាជ្ញានៃព្រះ ដែលជាព្រះយេស៊ូវគ្រីស្ទដែលទ្រង់ត្រូវគេឆ្កាង។
នៅក្នុងរបៀបខ្លះ គ្រីស្ទបរិស័ទទាំងអស់គឺជា «អ្នកបំរើនៃព្រះគ្រីស្ទ» ហើយព្រះបានប្រទានដំណឹងល្អ ដែលជា «សេចក្តីអាថ៌កំបាំងនៃព្រះ» ដល់អ្នកបំរើនៃព្រះគ្រីស្ទទាំងអស់។ ប៉ុន្តែនៅទីនេះ សាវកប៉ុលបញ្ជាក់ច្បាស់ថា គាត់នៅតែកំពុងដោះស្រាយបញ្ហាអ្នកដឹកនាំ។ ខខាងមុខគាត់នឹងសរសេរថា «បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្តីទាំងនេះមកលើខ្លួនខ្ញុំ និងអ័ប៉ុឡូស» អ្នកដឹកនាំទាំងពីរនាក់ «សំរាប់ប្រយោជន៍របស់អ្នករាល់គ្នា» (៤:៦) ដែលបង្ហាញថា គាត់នៅតែកំពុងធ្វើអោយខុសគ្នារវាងអ្នកដឹកនាំនិងសមាជិកពួកជំនុំ ដូចដែលគាត់បានធ្វើនៅក្នុង ១កូរិនថូស ៣ ដែរ។ មិនមែនមានតែសាវកប៉ុល លោកអ័ប៉ុឡូស និងអ្នកដឹកនាំដទៃទៀតគឺជាអ្នកបម្រើ របស់ព្រះគ្រីស្ទហើយអ្នកដទៃមិនមែននោះឡើយ។ អ្នកដឹកនាំមិនស្ថិតក្នុងឋានៈជាសង្ឃពិសេសនោះទេ។ អ្វីដែលគ្រីស្ទបរិស័ទទាំងអស់ត្រូវតែធ្វើនោះ (រក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អ) នោះអ្នកដឹកនាំគ្រីស្ទបរិស័ទក៏ត្រូវតែធ្វើផងដែរ។
គ្រីស្ទបរិស័ទគួរតែដឹងថា មិនមានលក្ខណៈសម្បត្តិពិសេសដាច់ដោយឡែកសំរាប់អ្នកដឹកនាំគ្រីស្ទបរិស័ទឡើយ។ ឧទាហរណ៍ អ្នកត្រួតត្រាម្នាក់មិនត្រូវជា «អ្នកចំណូលស្រា» (១ធីម៉ូថេ ៣:៣) ដែលមិនមានន័យថា យើងទាំងអស់គ្នាមិនត្រូវបានអនុញ្ញាតអោយស្រវឹងនោះទេ (អេភេសូរ ៥:១៨)។ អ្នកត្រួតត្រាត្រូវតែជាអ្នកចៅរ៉ៅ (១ធីម៉ូថេ ៣:២) ប៉ុន្តែគ្រីស្ទបរិស័ទទាំងអស់ក៏ត្រូវតែចៅរ៉ៅផងដែរ (ហេព្រើរ ១៣:២)។ មានធាតុតែពីរប៉ុណ្ណោះនៅក្នុងបញ្ជីនៃលក្ខណៈសម្បត្តិសំរាប់អ្នកត្រួតត្រា ដែលមិនទាក់ទងនឹងគ្រីស្ទបរិស័ទទាំងអស់ (១) «មិនមែន…ដែលទើបនឹងជឿថ្មី» (១ធីម៉ូថេ ៣:៦) ហើយ (២) «ប្រសប់នឹងការបង្រៀន» (១ធីម៉ូថេ ៣:២) ដែលជាការទទួលខុសត្រូវព័ន្ធកិច្ចពិសេសរបស់គ្រូគង្វាល/អ្នកត្រួតត្រា/ចាស់ទុំ (ទាំងបីជាតំណែងតែមួយនៅក្នុងសញ្ញាថ្មី)។
ដូច្នេះ យើងត្រូវតែមើលឃើញថា សញ្ញាថ្មីមិនបែងចែកគ្រីស្ទបរិស័ទទាំងអស់ជាពីរក្រុម នៅក្នុងរបៀបដែលអ្នកដឹកនាំមានច្បាប់ឯកសិទ្ធិ និងអំណាចពិសេស ហើយគ្រីស្ទបរិស័ទដទៃៗទៀតមិនមាននោះឡើយ។ ផ្ទុយទៅវិញ អត្ថបទគម្ពីរទាំងនេះនិយាយថា អ្នកដឹកនាំគ្រីស្ទបរិស័ទពិតជាត្រូវតែបង្ហាញលក្ខណៈសម្បត្តិ និងគុណសម្បត្តិ ដែលគួរតែមាននៅក្នុងគ្រីស្ទបរិស័ទទាំងអស់។ នេះជាមូលហេតុដែលអ្នកដឹកនាំគ្រីស្ទបរិស័ទអាចធ្វើជាគំរូនៅក្នុងពួកជំនុំរបស់ព្រះបាន។
ម្តងទៀត ចំណុចសំខាន់ពីរអំពីការដឹកនាំគ្រីស្ទបរិស័ទ ដែលសាវកប៉ុលបង្រៀនយ៉ាងច្បាស់លាស់នៅក្នុងអត្ថបទគម្ពីរនេះគឺថា អ្នកដឹកនាំគ្រីស្ទបរិស័ទគឺជាអ្នកបំរើរបស់ព្រះគ្រីស្ទ ហើយព្រះបានប្រទានបន្ទុកមើលខុសត្រូវលើដំណឹងល្អ ដែលជាសេចក្តីអាថ៌កំបាំងនៃព្រះ ដល់ពួកគេ។ បើសិនគ្រីស្ទបរិស័ទទាំងអស់គួរតែបំរើព្រះ នោះច្បាស់ណាស់ថា អ្នកដឹកនាំគ្រីស្ទបរិស័ទត្រូវតែបំរើព្រះ។ បើសិនគ្រីស្ទបរិស័ទទាំងអស់មានប្រាជ្ញាអាថ៌កំបាំង ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានអោយ (ដែលជាដំណឹងល្អនៃព្រះគ្រីស្ទ) នោះរឹតតែសំខាន់ដែលអ្នកដឹកនាំទាំងអស់ ដែលព្រះបានប្រទានបន្ទុកមើលខុសត្រូវលើប្រាជ្ញាអាថ៌កំបាំងនោះ ត្រូវតែបម្រើដំណឹងល្អយ៉ាងស្មោះត្រង់។
ព្រះបានប្រទានសេចក្តីអាថ៌កំបាំងនៃព្រះដល់ពួកគេ ហើយក្នុងនាមជាអ្នកបំរើ ពួកគេមានតួនាទីត្រូវស្មោះត្រង់ចំពោះដំណឹងល្អ ផ្សាយ អធិប្បាយ និងការពារដំណឹងល្អតាមរយៈការបង្រៀន និងប្រព្រឹត្តរបស់ពួកគេ។ អ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់ៗមានការទទួលខុសត្រូវនេះ។ អ្នកដឹកនាំគ្រីស្ទបរិស័ទទាំងអស់ ការបង្រៀនអំពីការដឹកនាំគ្រីស្ទបរិស័ទទាំងអស់ត្រូវយកសេចក្តីពិតនេះធ្វើជាមូលដ្ឋានគ្រឹះ គឺព្រះបានប្រទានអ្នកដឹកនាំគ្រីស្ទបរិស័ទនូវបន្ទុកមើលខុសត្រូវលើសេចក្តីអាថ៌កំបាំងនៃព្រះ ដែលជាដំណឹងល្អនៃព្រះគ្រីស្ទ។
អ្នកដឹកនាំគ្រីស្ទបរិស័ទត្រូវតែបង្ហាញភាពស្មោះត្រង់ចំពោះព្រះអង្គដែលបានប្រទានការងារដល់ពួកគេ (៤:១–៤)។ អ្នកដឹកនាំគ្រីស្ទបរិស័ទ «ជាអ្នករ៉ាប់រងចំពោះសេចក្តីអាថ៌កំបាំងនៃព្រះ» (៤:១)។ ដូច្នេះគាត់និយាយបន្តមកទៀតថា «រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់» (៤:២)។ ប៉ុន្តែស្មោះត្រង់ចំពោះអ្នកណា? អ្នកដែលជាអ្នកបំរើរបស់ព្រះគ្រីស្ទ និងអ្នកដែលត្រូវរ៉ាប់រងចំពោះសេចក្តីអាថ៌កំបាំងនៃព្រះមិនត្រូវព្យាយាមធ្វើអោយខ្លួនមានប្រជាប្រិយភាពនៅចំពោះពួកជំនុំឡើយ ហើយការទទួលខុសត្រូវចំបងរបស់ពួកគេគឺមិនខិតខំស្មោះត្រង់ចំពោះពួកជំនុំឡើយ។ សាវកប៉ុលសរសេរថា «តែខាងឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្សណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំឡើយ ខ្ញុំក៏មិនចោទទោសខ្លួនខ្ញុំផង» (៤:៣)។ អ្នកដឹកនាំគ្រីស្ទបរិស័ទគឺជាអ្នកបំរើរបស់ព្រះ គ្រីស្ទហើយពួកគេត្រូវតែស្មោះត្រង់ចំពោះព្រះគ្រីស្ទ។
«ខ្ញុំក៏មិនចោទទោសខ្លួនខ្ញុំផង» (៤:៣)។ សាវកប៉ុលមិនមានន័យថា ការពិនិត្យមើលខ្លួនគាត់នោះជាការខុសនោះទេ (សូមមើល ១កូរិនថូស ៩:២៤-២៧; ២កូរិនថូស ១៣:៥)។ គាត់ចង់មានន័យថា ព្រះយេស៊ូវគឺជាចៅក្រមរបស់គាត់(៤:៤) មិនមែនខ្លួនគាត់ទេ ហើយព្រះយេស៊ូវគឺជាចៅក្រមប្រសើរខ្លាំងជាងសាវកប៉ុលទៅទៀត។ ពេលខ្លះ យើងគិតថា យើងបានធ្វើការបានយ៉ាងល្អ នៅពេលយើងមិនបានធ្វើបានល្អសោះ ឬគិតថា យើងមិនបានធ្វើការបានល្អ នៅពេលយើងបានធ្វើការបានល្អហើយ។ យើងមិនពូកែខាងចោទទោសខ្លួនឯងទេ។ ដូច្នេះសាវកប៉ុលសរសេរថា «ខ្ញុំមិនឃើញមានអ្វីនៅក្នុងខ្លួនខ្ញុំសោះ» (៤:៤)។ មានន័យថា គាត់មិនឃើញមានកំហុសណាមួយនៅក្នុងជីវិតរបស់គាត់សោះ ប៉ុន្តែគាត់មិនដឹងគ្រប់ទាំងអស់អំពីខ្លួនគាត់ឡើយ។ គាត់អាចបញ្ឆោតខ្លួនឯង។ ដូច្នេះ សាវកប៉ុលសរសេរថា ការមិនឃើញមានអ្វីនៅក្នុងខ្លួនមិនធ្វើអោយគាត់ឥតមានទោសទេ (៤:៤)។
អ្នកដែលដើរតាមអ្នកដឹកនាំគ្រីស្ទបរិស័ទត្រូវតែដឹងថា ព្រះបានហៅអ្នកដឹកនាំអោយផ្គាប់ព្រះហឫទ័យដល់ព្រះអម្ចាស់យេស៊ូវ ដូច្នេះពួកគេមិនចោទទោសចំពោះអ្នកដឹកនាំឡើយ (៤:៥–៧)។ មិនគ្រាន់តែសំខាន់ក្នុងការចាត់ទុកខ្លួនឯងជាអ្នកបំរើរបស់ព្រះគ្រីស្ទ ដែលព្រះបានប្រទានសេចក្តីអាថ៌កំបាំងនៃព្រះ ប៉ុណ្ណោះ ប៉ុន្តែក៏ជាការសំខាន់ដែលសមាជិកពួកជំនុំទាំងអស់បានចាត់ទុកអ្នកដឹកនាំជាអ្នកបំរើរបស់ព្រះគ្រីស្ទ ដែលព្រះបានប្រទានបន្ទុកមើលខុសត្រូវលើសេចក្តីអាថ៌កំបាំងនៃព្រះ ហើយចៀសវាងការវិនិច្ឆ័យអ្នកដឹកនាំ។
យើងងាយនឹងអនុវត្តអត្ថបទគម្ពីរនេះខុស។ សាវកប៉ុលមិននិយាយថា ពួកជំនុំមិនត្រូវវិនិច្ឆ័យអ្នកដឹកនាំ (ឬសមាជិកពួកជំនុំ) ក្នុងគ្រប់ស្ថានភាពទាំងអស់ឡើយ។ នៅក្នុងជំពូកបន្ទាប់ (១កូរិនថូស ៥) សាវកប៉ុលស្តីបន្ទោសយ៉ាងខ្លាំងដល់ពួកជំនុំសំរាប់ការខកខានដាក់ពិន័យដល់សមាជិកម្នាក់អំពីបញ្ហាអសីលធម៌។ នៅក្នុង កាឡាទី ២:១១-១៤ សាវកប៉ុលបានស្តីបន្ទោសដល់លោកបាណាបាស និងសាវកពេត្រុសចំពោះទង្វើរបស់ពួកគេ ដែលមិនស្មោះត្រង់ចំពោះដំណឹងល្អ។ ហើយជួនកាលពួកជំនុំក៏គួរតែបន្ទោសដល់អ្នកដឹកនាំរបស់ខ្លួនផងដែរ។ នៅក្នុងជំពូកចុងក្រោយនៃ ២កូរិនថូស សាវកប៉ុលបង្រៀនពួកកូរិនថូសថា ពួកគេគួរតែវិនិច្ឆ័យពួកអ្នកដឹកនាំ ដែលពួកគេចង់ដើរតាម គឺជាពួកសាវកក្លែងក្លាយ។ យើងមិនគួរនិយាយដើមពួកចាស់ទុំនៃពួកជំនុំទេ ប៉ុន្តែនៅពេលយើងពិតជាទទួលបានការរាយការណ៍អំពីការបង្រៀនឬអកប្បកិរិយាខុសឆ្គងរបស់ពួកគេ នោះយើងគួរតែវិនិច្ឆ័យនិងដាក់ពិន័យពួកគេ (១ធីម៉ូថេ ៥:១៩-២០)។ បើសិនយើងគិតថា មានរឿងណាកើតឡើងដែលត្រូវនាំយើងវិនិច្ឆ័យអ្នកដឹកនាំ នោះយើងគួរតែពិនិត្យមើលព្រះគម្ពីរអោយដឹងថា អ្នកដឹកនាំបានបង្រៀន ឬប្រព្រឹត្តខុសនឹងព្រះបន្ទូល យើងគួរតែពិនិត្យជាមួយអ្នកដទៃ ហើយពិនិត្យមើលចិត្តរបស់យើងផ្ទាល់ផង។ យើងគួរតែពិនិត្យមើលចិត្តរបស់យើងផ្ទាល់ ពីព្រោះជារឿយៗមនុស្សវិនិច្ឆ័យលើអ្នកដទៃ ដោយព្រោះតែការច្រណែន អំនួត ការប្រកាន់បក្សពួក និងមហិច្ឆតារបស់ខ្លួនផ្ទាល់…។ល។
ហេតុផលពីរទៀតដែលយើងគួរតែប្រយ័ត្នក្នុងការវិនិច្ឆ័យលើអ្នកដទៃគឺ (១) យើងមិនដឹងរឿងទាំងស្រុង។ «ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក» (៤:៥ក)។ (២) យើងមិនដឹងអំពីមូលហេតុរបស់មនុស្ស ដែលយើងកំពុងវិនិច្ឆ័យ ប៉ុន្តែមានតែព្រះទេដែលដឹង។ «ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង» (៤:៥ខ)។ មានអ្នកដឹកនាំមួយចំនួន ដែលមានសមត្ថភាពបំរើ និងអាចផ្គាប់ចិត្តមនុស្ស ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេមានភាពលោភលន់ ភាពក្រអឺតក្រទម និងមហិច្ឆតា។ មានអ្នកដឹកនាំដទៃទៀតមិនសូវមានអំណោយទាន ដែលមានការតស៊ូដោយជំនឿនឹងភាពស្ងប់ស្ងៀមចំពោះការធ្លាក់ទឹកចិត្ត និងសម្ពាធ ប៉ុន្តែពួកគាត់និយាយនៅក្នុងចិត្តរបស់ខ្លួនថា «ទូលបង្គំនៅទីនេះ សូមបញ្ជូនទូលបង្គំចុះ។ សូមជួយអោយទូលបង្គំបានបរិសុទ្ធ មានសេចក្តីស្រឡាញ់»។ ហេតុលាក់កំបាំងដែលជំរុញអោយធ្វើគឺសំខាន់ ហើយគ្មានអ្នកណាដឹងក្រៅតែពីព្រះឡើយ។
«នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន» (៤:៥គ)។ នេះគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងសំរាប់អ្នកដឹកនាំគ្រីស្ទបរិស័ទទាំងអស់ ដែលនៅថ្ងៃចុងក្រោយ ព្រះអង្គទ្រង់ផ្ទាល់នឹងសរសើរពួកគេ។ ចូរចងចាំថា សាវកប៉ុលបានសរសេរសេចក្តីនេះ ដោយព្រោះតែមានការប្រកាន់បក្សពួកនិយមនៅក្នុងពួកជំនុំកូរិនថូស។ «បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្តីទាំងនេះមកលើខ្លួនខ្ញុំ និងអ័ប៉ុឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង [មិនឲ្យគិតខ្ពស់លើសជាងសេចក្តី ដែលបានចែងទុក]» (៤:៦ក)។ ការដកស្រង់របស់សាវកប៉ុលថា «មិនឲ្យគិតខ្ពស់លើសជាងសេចក្តី ដែលបានចែងទុក» មិនមែនជាអត្ថបទនៅក្នុងព្រះគម្ពីរទេ។ នេះប្រហែលជាពាក្យស្លោកសាមញ្ញមួយនៅក្នុងពួកជំនុំដើមដំបូង។ នៅពេលសមាជិកពួកជំនុំវិនិច្ឆ័យលើអ្នកដឹកនាំដោយមិនស្របតាមព្រះគម្ពីរ ប៉ុន្តែដោយតាមអ្វីដែលពួកគេចូលចិត្ត និងចង់បានពីអ្នកដឹកនាំ នោះពួកគេមិនប្រកាន់តាមព្រះគម្ពីរទេ គឺខ្ពស់លើសជាងព្រះគម្ពីរហើយ។ មនុស្សខ្លះបង្ខូចសេចក្តីពិតរបស់ព្រះគម្ពីរដោយធ្វើ ឬបង្រៀនហួសពីសេចក្ដីដែលមានសរសេរក្នុងព្រះគម្ពីរ ហើយមនុស្សខ្លះបង្ខូចព្រះគម្ពីរដោយបដិសេធផ្នែកមួយចំនួននៃព្រះគម្ពីរ។ បើសិនពួកកូរិនថូសបានដើរតាមព្រះគម្ពីរ នោះពួកគេមិន «នឹងមានអំនួតលើមនុស្ស ហើយប្រឆាំងនឹងមនុស្សម្នាក់ទៀតឡើយ» (៤:៦)។ ពីព្រោះពួកគេនឹងចាប់អារម្មណ៍យ៉ាងខ្លាំងលើការមានអំនួតនៅក្នុងព្រះគ្រីស្ទដែលត្រូវគេឆ្កាង ៖ «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១:៣១)។
បើសិនអ្នកដឹកនាំម្នាក់បានជួយអ្នក នោះគាត់គឺជាអំណោយទានរបស់ព្រះសំរាប់អ្នក មិនមែនជាមូលដ្ឋានសំរាប់ការអួតទេ។ នេះគឺជាសេចក្តីពិតសំរាប់គ្រប់យ៉ាង ដែលយើងមាន។ គ្រប់ទាំងអស់គឺជាអំណោយទានមកពីព្រះ នោះយើងមិនអាចអួតបានឡើយ (៤:៧)។ ដូច្នេះ សាវកប៉ុលបង្ហាញថា អំនួតគឺជាហេតុបណ្តាលអោយកើតមានបញ្ហា។
អ្នកដឹកនាំគ្រីស្ទបរិស័ទដើរតាមឈើឆ្កាង (៤:៨–១៣)
ខ. ៨មានភាពច្របូកច្របល់បន្តិច ហើយត្រូវការការពន្យល់។ គ្រីស្ទបរិស័ទទន្ទឹងរងចាំពេលព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញ។ យើងរងចាំ «សេចក្តីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ» (១ពេត្រុស ១:៥) ហើយយើង «ទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្តីសុចរិតវិញ» (២ពេត្រុស ៣:១-៣)។ ប៉ុន្តែព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញហើយ ហើយទ្រង់បានចាប់ផ្តើមរាជ្យរបស់ទ្រង់ហើយផងដែរ។ អំណាចទាំងអស់គឺជារបស់ទ្រង់នៅលើស្ថានសួគ៌ និងនៅលើផែនដីផង (ម៉ាថាយ ២៨:១៨)។ យើងបាននៅក្នុងនគររបស់ទ្រង់រួចហើយ។ ព្រះបាន «ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់» (កូល៉ុស ១:១៣-១៤)។
ដូច្នេះ គ្រីស្ទបរិស័ទ រងចាំនគរនាពេលអនាគត ប៉ុន្តែឥឡូវនេះយើងបាននៅក្នុងនគរព្រះរួចហើយ។ យើងមិនគួរគ្រាន់តែ រងចាំអនាគត ដោយមិនដើរតាមព្រះអង្គនៅពេលបច្ចុប្បន្នទេ។ យើងមិនគួរគិតថា យើងមានគ្រប់យ៉ាងរួចហើយ បើយើងគិតអញ្ចឹងយើងមិនរងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ពីព្រោះយើងគិតថា ឥឡូវនេះយើងបានទទួលហើយអ្វីដែលព្រះគម្ពីរសន្យាថា យើងនឹងទទួលនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ នេះគឺជាកំហុស ដែលគ្រីស្ទបរិស័ទកូរិនថូសប្រព្រឹត្ត (គឺ គេគិតថាគេបានទទួលហើយ) ហើយគំនិតនេះបាននាំពួកគេអោយយល់ខុសពីរបៀបដើរតាមព្រះយេស៊ូវនៅពេលបច្ចុប្បន្នរបស់គេ។
សាវកប៉ុលសរសេរថា «ខ្ញុំស្មានថា ព្រះទ្រង់បានដាក់យើងខ្ញុំ ដែលជាពួកសាវ័ក ឲ្យនៅក្រោយបង្អស់ ហាក់ដូចជាបានតម្រូវឲ្យស្លាប់» (៤:៩ក)។ រូបភាពនេះប្រហែលមកពីក្បួនដង្ហែជ័យជំនះវិលត្រឡប់មកមាតុប្រទេសវិញរបស់កងទ័ពរ៉ូម៉ាំង។ ទាហានមានតំណែងខ្ពស់ជាងមកមុន ហើយទាហានមានតំណែងទាបជាងគេមកតាមក្រោម។ ពួកគេអូសអ្នកទោសតាមក្រោយ បន្តគ្នាចុះដល់លំដាប់ទាបបំផុត។ នៅចុងក្រោយគេនៅក្នុងក្បួនដង្ហែគឺជាអ្នកមានឋានៈទាបបំផុត និងជាទាសករមកពីចំណោមមនុស្សដែលបានបរាជ័យ។ ពួកគេត្រូវបាននាំទៅឯនាដកីឡា ដែលពួកគេនឹងត្រូវស្លាប់ដោយអ្នកប្រយុទ្ធនៅទីនោះ ឬសត្វព្រៃសាហាវ។
«យើងខ្ញុំជាមនុស្សល្ងង់ល្ងើដោយយល់ព្រះគ្រីស្ទ តែអ្នករាល់គ្នាជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទវិញ» (៤:១០ក)។ សាវកប៉ុលកំពុងនិយាយចំអកពួកកូរិនថូស ពីព្រោះពួកគេគឺជាមនុស្សល្ងង់ល្ងើ។ សាវកប៉ុលនិងអ្នកដឹកនាំដទៃទៀត «ល្ងង់ល្ងើ» ដោយសារតែពួកគេប្រកាសសេចក្តីចំកួតនៃឈើឆ្កាងប៉ុណ្ណោះ (១កូរិនថូស ១)។ «យើងខ្ញុំខ្សោយ តែអ្នករាល់គ្នាមានកំឡាំង អ្នករាល់គ្នាមានសេចក្តីរុងរឿង តែយើងខ្ញុំអាប់ឱនកេរ្តិ៍ឈ្មោះវិញ» (៤:១០ខ)។ នេះគឺជាការចំអកទាំងស្រុង។ បើសិនសាវកប៉ុលនិងសាវកដទៃទៀត «ខ្សោយ» នោះដោយព្រោះពួកគេអធិប្បាយ «ភាពខ្សោយ» របស់ព្រះ (ឈើឆ្កាងរបស់ព្រះគ្រីស្ទ) ដែលការពិតខ្លាំងជាកំឡាំងរបស់មនុស្សទាំងអស់ទៅទៀត។ បើសិនពួកគាត់អាប់ឱនកេរ្តិ៍ឈ្មោះ នោះដោយព្រោះលោកិយនេះចាត់ទុកឈើឆ្កាងជាសេចក្តីចំកួត។
គ្រីស្ទបរិស័ទកូរិនថូសត្រូវការការយល់ដឹងត្រឹមត្រូវអំពីសេចក្តីតម្រូវរបស់អ្នកដឹកនាំគ្រីស្ទបរិស័ទពិតប្រាកដ។ សាវកប៉ុលនិយាយថា «លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្ដែតយើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ហើយដូចជាកម្អែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ (៤:១១-១៣)។
«យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង» ជាឃ្លាសំខាន់។ ពួកគ្រូបង្រៀននៅក្នុងវប្បធម៌របស់ពួកគេបានគិតថា គេមិននឹងធ្វើការនឹងដៃ ពីព្រោះធ្វើការនឹងដៃគឺជាការដែលទាបហើយបាក់មុខ។ ការងាររបស់គ្រូប្រើគំនិត ហើយការងារនេះប្រសើរជាង និងមានកិត្តិយស។ គ្រូបង្រៀនដែលធ្វើការនឹងដៃគឺជាភាពអាម៉ាស់មួយ។ ប៉ុន្តែជារឿយៗសាវកប៉ុលបានផ្គត់ផ្គង់ខ្លួនគាត់និងគូកនរបស់គាត់តាមរយៈការធ្វើការងារនឹងដៃរបស់គាត់ ដូច្នេះពួកកូរិនថូសប្រហែលជាគិតថា គាត់គឺជាគ្រូបង្រៀនអន់ម្នាក់។ ប៉ុន្តែគាត់និយាយថា អ្វីដែលពួកគេមើលងាយ (ធ្វើការនឹងដៃ) គឺជាគំរូល្អមួយ។
«កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រកាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ» (៤:១២-១៣) បង្ហាញថាសាវកប៉ុលដើរតាមគំរូរបស់ព្រះយេស៊ូវ និងឈើឆ្កាង។ នេះគឺជាការដឹកនាំល្អ ពីព្រោះលោកប៉ុលដើរតាមព្រះយេស៊ូវយ៉ាងល្អ។
យើងត្រូវបានរំលឹកម្តងហើយម្តងទៀតអំពីឈើឆ្កាង។ ហោរាអេសាយបានសរសេរថា «ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្ស ទូលទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»។ (អេសាយ ៥៣:២ខ-៣)។ សាវកប៉ុលបានសរសេរទៅកាន់ពួកភីលីពថា គាត់មិនគ្រាន់តែចង់ស្គាល់អំណាចព្រះចេស្តានៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ចង់មានសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ផងដែរ (ភីលីព ៣:១០)។ យើងគឺជា «កូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ» (រ៉ូម ៨:១៧)។ សាវកប៉ុលនិយាយថា គាត់ គឺជាគំរូសំរាប់អ្នកដទៃ ហើយប្រាប់អោយពួកគេត្រាប់តាមគាត់ (៤:១៦) ពីព្រោះគាត់ដើរតាមគំរូរបស់ព្រះគ្រីស្ទ (១១:១)។
សាវកប៉ុលមិននិយាយថា គ្រីស្ទបរិស័ទម្នាក់ៗគួរតែរងទុក្ខដូចគាត់នោះទេ ប៉ុន្តែគាត់បង្រៀនអំពីគោលការណ៍ទូទៅមួយចំនួន។
យើងដើរតាមព្រះមែស៊ីដែលត្រូវគេឆ្កាង យើងចាប់យកឈើឆ្កាង យើងនឹងបដិសេធភាពអាត្មានិយមជារៀងរាល់ថ្ងៃ ហើយដើរតាមព្រះយេស៊ូវ។
អ្នកដឹកនាំនៅក្នុងពួកជំនុំរងទុក្ខខ្លាំងជាងគេ។ អ្នកដឹកនាំពួកជំនុំមិនដូចជាមេបញ្ជាការកងទ័ព ដែលនៅពីខាងក្រោយការប្រយុទ្ធនោះឡើយ ប៉ុន្តែពួកគេនៅជួរមុខ ហើយដឹកនាំដោយគំរូ និងពាក្យសំដី។ ដូច្នេះ គេមិនអាចចៀសវាងពីការរងទុក្ខទេ។
នៅក្នុងកំរិតខុសៗគ្នា គ្រីស្ទបរិស័ទទាំងអស់ត្រូវបានហៅមកតាមឈើឆ្កាង។ សាវកប៉ុលនិយាយថា «ដូច្នេះ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យធ្វើត្រាប់តាមខ្ញុំចុះ ដោយ ហេតុនោះបានជាខ្ញុំចាត់ធីម៉ូថេ ឲ្យមកឯអ្នករាល់គ្នា គាត់ជាកូនស្ងួនភ្ងា ហើយស្មោះត្រង់របស់ខ្ញុំ ក្នុងព្រះអម្ចាស់ គាត់នឹងរំឭកអ្នករាល់គ្នា ពីគ្រប់ទាំងកិរិយារបស់ខ្ញុំក្នុងព្រះគ្រីស្ទ តាមសេចក្តីដែលខ្ញុំបង្រៀន ក្នុងគ្រប់ទាំងពួកជំនុំនៅសព្វអន្លើ» (៤:១៦-១៧)។ ការយល់ស៊ីជម្រៅអំពីដំណឹងល្អនិងឈើឆ្កាងនឹងជួយគ្រីស្ទបរិស័ទអោយដើរតាមព្រះគ្រីស្ទដោយស្មោះ គឺបានជួយគេរអោយប្រែចិត្ត សារភាព និងកែគំនិតគេជាថ្មី ដោយមិនគ្រាន់តែធ្វើអោយដំណឹងល្អអំពីព្រះមែស៊ីដែលត្រូវគេឆ្កាងក្លាយជាស្នូលនៃការអធិប្បាយនិងការបង្រៀនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាស្នូលនៅក្នុងជីវិតរបស់យើង និងជីវិតរបស់អ្នកដឹកនាំរបស់យើងផងដែរ។
ការដឹកនាំគ្រីស្ទបរិស័ទគឺជាការលើកទឹកចិត្ត និងការបង្គាប់អោយរាស្ត្ររបស់ព្រះដើរតាមឈើឆ្កាង (៤:១៤–២១)
បើសិនជាអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់ ដែលមានមនុស្សជាច្រើនតាម ប៉ុន្តែគាត់កំពុងសង់ឡើងដោយសម្ភារៈឥតគុណភាព នោះមិនល្អទេ (៣:១២-១៥)។ អ្នកដឹកនាំគ្រីស្ទបរិស័ទមិនគ្រាន់តែត្រូវអធិប្បាយសារអំពីឈើឆ្កាងនិងរស់នៅតាមឈើឆ្កាងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែនាំគ្រីស្ទបរិស័ទដើរតាមឈើឆ្កាងយ៉ាងពិតប្រាកដផងដែរ។ ដំណឹងល្អអំពីព្រះមែស៊ីដែលត្រូវគេឆ្កាងត្រូវតែបំផ្លាស់បំប្រែទាំងជំនឿ និងអត្តចរិតរបស់យើង។
ការលើកទឹកចិត្តអ្នកជឿ (៤:១៤–១៧)
សាវកប៉ុលសរសេរថា «ដូច្នេះ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យយកតម្រាប់តាមខ្ញុំចុះ» (៤:១៦)។ ឪពុកគួរតែបង្ហាញគំរូល្អសំរាប់កូនៗ ហើយកូនៗគួរតែដើរតាមគំរូរបស់ឪពុករបស់ខ្លួន។ សាវកប៉ុលដើរតាមព្រះយេស៊ូវ និងដើរតាមឈើឆ្កាង ដូច្នេះគាត់ជាគំរូល្អ ហើយគាត់បានលើកទឹកចិត្តអោយពួកកូរិនថូសដើរតាមគំរូរបស់គាត់ដែរ។ នៅសព្វថ្ងៃនេះផងដែរ អ្នកដឹកនាំត្រូវតែបង្ហាញគំរូល្អដោយគេដើរតាមព្រះគ្រីស្ទ និងដើរតាមឈើឆ្កាង ហើយលើកទឹកចិត្តអោយសមាជិកពួកជំនុំដើរតាមគំរូនោះដែរ។ គាត់មិនរំពឹងអោយពួកគេរងទុក្ខដូចជាគាត់បានរងទុក្ខនោះឡើយ គឺគាត់មិនបង្គាប់ថា ពួកគេទាំងអស់ក្លាយជាសាវក ឬដាំពួកជំនុំនៅកន្លែងឆ្ងាយៗនោះឡើយ។ អ្វីដែលគាត់ពិតជារំពឹងអោយពួកគេធ្វើគឺថា ពួកគេក៏នឹងដាក់ដំណឹងល្អអំពីព្រះមែស៊ីដែលត្រូវគេឆ្កាងនៅចំស្នូលកណ្តាលនៃជីវិតរបស់ពួកគេ។
ចូរកត់សំគាល់នៅក្នុងខ. ១៧ថា សាវកប៉ុលមិនបញ្ជូនលោកធីម៉ូថេមកអោយគ្រាន់តែបង្រៀនគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែដើម្បីរំលឹកពួកកូរិនថូសអំពី «គ្រប់ទាំងកិរិយារបស់ខ្ញុំក្នុងព្រះគ្រីស្ទ» របស់សាវកប៉ុល។ ម្តង
ទៀត ចំនុចនេះបង្ហាញថា ទាំងគោលជំនឿទាំងអកប្បកិរិយាសុទ្ធតែសំខាន់។ ១កូរិនថូស ជំពូក១-៤ បង្ហាញថា ពួកកូរិនថូសជាច្រើនមិនបានភ្ជាប់ទំនាក់ទំនងរវាងអ្វីដែលពួកគេបានជឿ និងរបៀបដែលពួកគេគួររស់នៅទេ។ ពួកគេបានជឿថា ព្រះយេស៊ូវបានសុគត ដើម្បីរំដោះបាបរបស់ពួកគេ ប៉ុន្តែពួកគេហាក់ដូចជាមិនយល់អំពីរបៀបដែលការសុគតរបស់ព្រះយេស៊ូវត្រូវតែបំផ្លាស់បំប្រែរបៀបរស់នៅរបស់ពួកគេទេ។ ដូច្នេះ សាវកប៉ុលបញ្ជូនលោកធីម៉ូថេមក ដើម្បីរំលឹកអ្នកអានរបស់គាត់អំពី «របៀបរស់នៅ» របស់គាត់ ដែលគាត់ដើរតាមគំរូរបស់ព្រះគ្រីស្ទ (១កូរិនថូស ១១:១)។
ការអនុវត្តមួយចេញពីសេចក្តីពិតនេះគឺថា អ្នកដឹកនាំគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះមិនគ្រាន់តែត្រូវបង្រៀនដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែបង្រៀនអំពីរបៀបដែលដំណឹងល្អទាក់ទងនឹងជីវិត និងអកប្បកិរិយាប្រចាំថ្ងៃរបស់យើងផងដែរ។ នេះមានន័យថា អ្នកដឹកនាំត្រូវតែធ្វើជាគំរូ និងពន្យល់ផងដែរ។
សរុបមក អ្នកដឹកនាំគ្រីស្ទបរិស័ទគឺជាអ្នកបំរើរបស់ព្រះគ្រីស្ទ និងជាអ្នកមានបន្ទុកមើលខុសត្រូវលើដំណឹងល្អ។ ពួកគេត្រូវតែស្មោះត្រង់ចំពោះការត្រាស់ហៅនេះ ហើយសមាជិកពួកជំនុំមិនត្រូវស្វែងរកលក្ខណៈសម្បត្តិណាផ្សេងទៀតនៅក្នុងអ្នកដឹកនាំឡើយ។ នេះគឺជារបៀបដែលសមាជិកពួកជំនុំគួរតែចាត់ទុកអ្នកដឹកនាំរបស់ខ្លួន។ អ្នកដឹកនាំពួកជំនុំមានទំនួលខុសត្រូវចំពោះការដឹកនាំគ្រីស្ទបរិស័ទអោយរស់នៅតាមដំណឹងល្អ គឺដើរតាមព្រះគ្រីស្ទដែលត្រូវគេឆ្កាង។ អ្នកដឹកនាំអាចធ្វើដូច្នេះបានតាមរយៈអ្វីដែលគេបង្រៀននិងគំរូផ្ទាល់ខ្លួន។ នេះជាមូលហេតុដែលសាវកប៉ុលទទូចអោយមនុស្សដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ (អេភេសូរ ៤:១)។ ហើយនេះជាមូលហេតុដែលសាវកប៉ុលអធិស្ឋានថា គ្រីស្ទបរិស័ទបានរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ (កូល៉ុស ១:១០)។
Leave a Reply