សេចក្ដីពិតដ៏សំខាន់មួយនៃដំណឹងល្អគឺថា ព្រះជាម្ចាស់បានរាប់មនុស្សមានបាបជាសុចរិត។ នេះជាសេចក្ដីសន្យាមួយ ដែលព្រះអង្គប្រកាសនៅក្នុងដំណឹងល្អ ហើយជាដំណោះស្រាយសម្រាប់បញ្ហាធំបំផុតរបស់មនុស្ស។ បញ្ហាធំបំផុតរបស់មនុស្សទាំងអស់មិនមែនជាកង្វះខាតកម្មសិទ្ធិ ឬប្រាក់កាស ឬសុខភាពនោះទេ ប៉ុន្តែគឺដោយព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធ ហើយយើងទាំងអស់គ្នាបានបះបោរប្រឆាំងនឹងព្រះអង្គ។ ទ្រង់មានសេចក្ដីក្រោធចំពោះយើង ដោយព្រោះយើងបានបះបោរជាមួយទ្រង់ ហើយយើងត្រូវមានទោស ពីព្រោះព្រះអង្គនឹងវិនិច្ឆ័យកាត់ទោសយើង។
ប៉ុន្តែ តាមរយៈសមិទ្ធិកម្មរបស់ព្រះគ្រីស្ទ ជាពិសេសការសុគតនិងការរស់ឡើងវិញរបស់ទ្រង់ យើងត្រឡប់ជាគ្មានទោសនៅចំពោះព្រះអង្គទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់រាប់យើងជាសុចរិត។ ការដែលព្រះអង្គរាប់យើងជាសុចរិតមិនពិពណ៌នាអំពីចរិតលក្ខណៈរបស់យើងទេ ប៉ុន្តែពិពណ៌នាអំពីតុលាការ។ ការរាប់ជាសុចរិតគឺផ្ទុយនឹងការកាត់ទោស។ នៅក្នុងតុលាការ បើសិនជាចៅក្រមសម្រេចចិត្តថា អ្នកចុងចោទមានទោស ចៅក្រមនោះនឹងកាត់ទោសហើយដាក់ទណ្ឌកម្ម ប៉ុន្តែបើសិនជាចៅក្រមសម្រេចចិត្តថា អ្នកចុងចោទគ្មានទោសទេ ចៅក្រមនោះនឹងប្រកាសថា គាត់រាប់អ្នកចុងចោទជាសុចរិត។ នេះគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ដែលព្រះអង្គរាប់មនុស្សដែលទុច្ចរិតជាសុចរិតវិញ។ ម្ដងទៀត ការរាប់ជាសុចរិតមិនពិពណ៌នាអំពីព្រះអង្គកែប្រែចរិតលក្ខណៈរបស់យើង ដើម្បីអោយយើងបានជាមនុស្សសុចរិតទេ ប៉ុន្តែព្រះអង្គជាចៅក្រមដែលបានរាប់យើង ដែលជាមនុស្សអាក្រក់ ជាសុចរិតវិញ (រ៉ូម ៣:២៤-២៨; ៤:១-៥)។
ព្រះជាម្ចាស់មិនរាប់យើងជាសុចរិតតាមរយៈអំពើល្អរបស់យើងទេ គឺមិនមែនដោយព្រោះយើងបានស្ដាប់បង្គាប់ទ្រង់ទេ ប៉ុន្តែព្រះអង្គបានរាប់យើងជាសុចរិត ពីព្រោះព្រះយេស៊ូវបានទទួលទណ្ឌកម្មរបស់យើងនៅលើឈើឆ្កាង។ បើសិនព្រះអង្គរាប់យើងជាសុចរិតតាមរយៈការប្រព្រឹត្តរបស់យើង នោះព្រះគ្រីស្ទមិនចាំបាច់ត្រូវសុគតជំនួសយើងនៅលើឈើឆ្កាងឡើយ។ ដូច្នេះ របៀបដែលយើងទទួលព្រះពរនេះពីព្រះអង្គគឺ យើងត្រូវជឿលើព្រះយេស៊ូវ មិនមែនដោយការស្ដាប់បង្គាប់របស់យើងឡើយ (រ៉ូម ៣:២៨-៣០; ៥:១; កាឡាទី ២:១៦; ៣:១១)។ នេះមានន័យថា យើងមិនទុកចិត្តទៅលើការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែទុកចិត្តទៅលើការប្រព្រឹត្តរបស់ព្រះគ្រីស្ទវិញ ដែលទ្រង់បានសុគតជំនួសយើង។ បើសិនយើងពឹងផ្អែកលើការប្រព្រឹត្តរបស់យើង នោះយើងមិនពឹងផ្អែកលើព្រះគុណរបស់ព្រះអង្គ ដែលយើងទទួលតាមរយៈព្រះគ្រីស្ទឡើយ (រ៉ូម ៣:២៤; ៤:៥; កាឡាទី ៥:៤)។
នៅក្នុងព្រះគម្ពីរភាសាខ្មែរ ការបកប្រែចាស់បានបកប្រែពាក្យភាសាក្រិកដោយពាក្យ «រាប់ជាសុចរិត»។ នេះជាការបកប្រែត្រឹមត្រូវតាមអត្ថន័យនៃពាក្យភាសាក្រិក។ ប៉ុន្តែការបកប្រែថ្មីបានបកប្រែពាក្យភាសាក្រិកដោយពាក្យ «ប្រោសយើងអោយបានសុចរិត»។ បើសិនជាជនជាតិខ្មែរអានពាក្យទាំងនេះហើយគិតថា នេះពិពណ៌នាអំពីអ្វីដែលព្រះអង្គធ្វើនៅក្នុងយើង គឺព្រះអង្គកែប្រែចរិតលក្ខណៈរបស់យើង ដើម្បីអោយយើងបានជាមនុស្សមានចរិតលក្ខណៈសុចរិត នោះការបកប្រែនេះមិនត្រឹមត្រូវទេ។ តាមពិតនៅក្នុងព្រះគ្រីស្ទ ព្រះជាម្ចាស់បានកែប្រែចរិតលក្ខណៈរបស់យើងមែន ប៉ុន្តែពាក្យភាសាក្រិកនេះមិនពិពណ៌នាអំពីសកម្មភាពនេះទេ ប៉ុន្តែពិពណ៌នាអំពីតុលាការវិញ គឺព្រះជាម្ចាស់ដែលជាចៅក្រមនឹងវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ហើយមនុស្សទាំងអស់មានទោសនៅចំពោះព្រះអង្គ ប៉ុន្តែដោយសារសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រះអង្គបានប្រទានព្រះយេស៊ូវមក ដើម្បីសុគតជំនួសយើង គឺទ្រង់បានទទួលទណ្ឌកម្មរបស់យើងនៅលើឈើឆ្កាងហើយ ប្រយោជន៍អោយព្រះអង្គនឹងអាចរាប់អស់អ្នកដែលជឿលើព្រះគ្រីស្ទជាសុចរិតវិញបាន។
So good