Micah 1 pdf download
ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។
មីកាជំពូក១ បានចែកជាបីវគ្គសម្រាប់សេចក្ដីអធិប្បាយ ឬមេរៀន ៖ ខ.១-២, ខ.៣-៧, ខ.៨-១៦។
ខ.១-២
នៅពេលយើងចាប់ផ្តើមបង្រៀន ឬអធិប្បាយពីកណ្ឌមីកា គឺជាការសំខាន់ដែលមនុស្សយល់ពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា ប្រយោជន៍ដើម្បីយើងនឹងយល់ព្រះរាជសារនៃកណ្ឌនេះ។ ដូច្នេះ បើសិនអ្នកនឹងបង្រៀនពីកណ្ឌមីកានេះ សូមអាន «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504
ខ.១-២ បានផ្តល់ការអនុវត្តដ៏ល្អមួយនៅដើមសេចក្ដីអធិប្បាយ ឬមេរៀន។ ពាក្យដែលយើងនឹងឮនៅក្នុងកណ្ឌមីកានេះគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ខ.១) ដូច្នេះ បើសិនជាយើងចង់ស្ដាប់ឮព្រះបន្ទូល យើងត្រូវយកចិត្តទុកដាក់ចំពោះព្រះរាជសារនៅក្នុងកណ្ឌមីកា។ ខ.២ បានដាស់តឿនជាតិសាសន៍ទាំងអស់អោយយកចិត្តទុកដាក់ស្ដាប់ឬ? តើ យើងនឹងស្ដាប់ព្រះបន្ទូលដែលនឹងមកតាមរយៈហោរាមីកាឬ? បើសិនជាយើងបង្រៀននិងអធិប្បាយពីកណ្ឌមីកា តើពួកជំនុំនឹងយកចិត្តទុកដាក់ស្ដាប់ព្រះរាជសារនៅក្នុងកណ្ឌមីកាឬទេ? យើងដែលជាគ្រូបង្រៀននិងគ្រូអធិប្បាយ គួរតែជំរុញពួកជំនុំអោយយកចិត្តទុកដាក់ស្ដាប់។ ភស្តុតាងដែលបង្ហាញថា គេយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលនៅក្នុងមីកាគឺ គេនឹងចង់អានកណ្ឌមីកា ឬស្ដាប់កណ្ឌមីកា ហើយចង់ស្ដាប់សេចក្ដីអធិប្បាយពីកណ្ឌមីកា។
ខ. ៣-៧
អត្ថបទនេះបានផ្តល់រូបភាពល្អអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលនឹងមកដល់ដើម្បីវិនិច្ឆ័យរាស្រ្តរបស់ព្រះ ដោយព្រោះតែការបះបោររបស់គេ គឺព្រះអង្គនឹងបំផ្លាញគេ។ អំពើទុច្ចរិតរបស់យូដាគឺជាយេរូសាឡិម ហើយអំពើបាបរបស់ពូជពង្សអ៊ីស្រាអែលគឺជាសាម៉ារី។ ព្រះបន្ទូលនេះប្រហែលជាបានធ្វើអោយគេភ្ញាក់ផ្អើល ពីព្រោះក្រុងយេរូសាឡិមនិងក្រុងសាម៉ារីគឺជាមជ្ឈមណ្ឌលសាសនានិងពិធីបុណ្យដែលគេធ្លាប់ធ្វើ។ ដូច្នេះ ព្រះបន្ទូលនេះបានប្រកាសថា ពិធីបុណ្យរបស់គេគឺជាអំពើគួរស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ មានមូលហេតុច្រើនថា ពិធីបុណ្យរបស់គេជាអំពើគួរស្អប់ខ្ពើម រួមទាំងការថ្វាយបង្គំរូបព្រះរបស់គេផងដែរ។
ចរិតលក្ខណៈមួយរបស់ហោរាដ៏ពិតគឺ ហោរានោះបានប្រកាសប្រឆាំងនឹងអំពើបាបរបស់មនុស្ស ដោយប្រកាសថា ព្រះអង្គនឹងវិនិច្ឆ័យហើយបំផ្លាញ។ ហោរាក្លែងក្លាយមិននិយាយប្រឆាំងនឹងអំពើបាប ហើយក៏មិនប្រកាសអំពីការវិនិច្ឆ័យ ឬថាព្រះអង្គនឹងបំផ្លាញមនុស្សមានបាបដែរ ប៉ុន្តែគេគ្រាន់តែប្រកាសតាមទំនើងចិត្តរបស់មនុស្ស តាមត្រចៀករមាស់របស់មនុស្សប៉ុណ្ណោះ។ សព្វថ្ងៃនេះដូចគ្នាដែរ គ្រូបង្រៀនក្លែងក្លាយគ្រាន់តែបង្រៀនតាមទំនើងចិត្តរបស់មនុស្ស តាមត្រចៀករមាស់របស់មនុស្ស (២ធីម៉ូថេ ៤:៣-៤)។ ប្រហែលជាគេគ្រាន់តែបង្រៀនសារដូចជា «ព្រះយេស៊ូវស្រឡាញ់អ្នក នៅក្នុងព្រះយេស៊ូវយើងនិងមានសុខភាពល្អ ព្រះយេស៊ូវនឹងដោះស្រាយបញ្ហានៅក្នុងជីវិត ជាដើម»។ សព្វថ្ងៃនេះ មានគ្រូបង្រៀនដែលមានប្រជាប្រិយភាពជាច្រើន នៅក្នុងពិភពលោកនិងនៅក្នុងស្រុកខ្មែរ ដែលប្រកាសសារដូចនេះ។ គេជាគ្រូបង្រៀនខុសឆ្គង។ ព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធ ហើយមានឫទ្ធានុភាព ហើយមានសេចក្ដីក្រោធចំពោះអំពើបាប ហើយនឹងបំផ្លាញមនុស្សមានបាប។ (ជួនកាលគ្រូទាំងនេះចូលចិត្តច្រៀងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនហ៊ានបង្រៀនអ្វីដែលព្រះគម្ពីរបង្រៀនអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ទេ គឺព្រះអង្គប្រឆាំងនឹងមនុស្សមានបាបហើយនឹងបំផ្លាញគេ)។
ខ. ៨-១៦
នៅពេលលោកមីកាបានទទួលព្រះបន្ទូលនេះពីព្រះជាម្ចាស់ គាត់បានយំសោកសង្រេង ហើយនេះជាការឆ្លើយតបដ៏ត្រឹមត្រូវនិងសមរម្យ។ ម្ដងទៀត នេះផ្ទុយនឹងអ្វីដែលមនុស្សចង់បាន តាមធម្មតា គេចង់ឮដំណឹងដែលធ្វើអោយគេសប្បាយចិត្ត គេចង់ស្ដាប់គ្រូអធិប្បាយដែលនឹងធ្វើអោយគេសប្បាយចិត្ត ហើយគ្រូអធិប្បាយខ្លះគ្រាន់តចង់ប្រកាសសារដែលធ្វើអោយអ្នកស្ដាប់សប្បាយចិត្តប៉ុណ្ណោះ។ ម្ដងទៀត នេះជារបៀបមួយដែលគ្រូក្លាយជាគ្រូខុសឆ្គងនិងសមាជិកនៅក្នុងពួកជំនុំស្វែងរកនិងស្ដាប់តាមគ្រូខុសឆ្គង។
ការប្រកាសព្រះគ្រីស្ទ
មុនដំបូង ព្រះរាជសារនៅក្នុងកណ្ឌមីកាបានប្រកាសសម្រាប់ជនជាតិអ៊ីស្រាអែលនិងយូដាជាង ៧០០ ឆ្នាំមុនព្រះគ្រីស្ទ ប៉ុន្តែកណ្ឌនេះនៅតែទាក់ទងនឹងគ្រីស្ទបរិស័ទនិងលោកិយនាបច្ចុប្បន្នកាលនេះ។ ដូចជាព្រះអង្គបានបង្គាប់លោកិយអោយស្ដាប់ព្រះបន្ទូល (មីកា ១:២) សព្វថ្ងៃនេះលោកិយត្រូវស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដំណឹងល្អរបស់ព្រះគ្រីស្ទ។ ដូចជាហោរាមីកាបានប្រកាសព្រះរាជសារថា ព្រះជាម្ចាស់ប្រឆាំងនឹងអំពើបាបនិងការថ្វាយបង្គំរូបព្រះ ហើយព្រះអង្គនឹងវិនិច្ឆ័យហើយបំផ្លាញ ព្រះគ្រីស្ទក៏បានប្រកាសថា មនុស្សមានបាប ហើយទ្រង់នឹងវិនិច្ឆ័យ ហើយមនុស្សនឹងវិនាសនៅក្នុងស្ថាននរក (ឧទាហរណ៍ ម៉ាថាយ ១០:២៨; ២៥:៤១; យ៉ូហាន ៧:៧) ផងដែរ។ ព្រះយេស៊ូវដូចគ្នានឹងហោរានិងគ្រូអធិប្បាយដ៏ពិតប្រាកដដែលមកពីព្រះអង្គ ដែលប្រកាសប្រឆាំងនឹងអំពើបាប ហើយបង្គាប់មនុស្សអោយប្រែចិត្ត។ រាស្រ្តរបស់ព្រះដ៏ពិតប្រាកដស្ដាប់ឮព្រះបន្ទូលនោះ ហើយប្រែចិត្ត។ ម្យ៉ាងទៀត ដូចជាលោកមីកាបានយំសោកសង្រេង ដោយសារគាត់បានទទួលពីព្រះបន្ទូលពីព្រះអង្គអំពីបាបរបស់មនុស្សនិងការវិនិច្ឆ័យពីទ្រង់ ព្រះយេស៊ូវក៏បានយំសោកសង្រេង ពីព្រោះយេរូសាឡិមមានចិត្តរឹង មានបាបនិងត្រូវទទួលទណ្ឌកម្ម គឺព្រះអង្គនឹងបំផ្លាញគេ ផងដែរ (លូកា ១៩:៤១-៤៤)។
Leave a Reply