Micah 3 pdf download
ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។
មីកាជំពូក៣ បានចែកជាបីវគ្គសម្រាប់សេចក្ដីអធិប្បាយ ឬមេរៀន ៖ ខ.១-៤, ខ.៥-៧, ខ.៨-១២។
ខ.១-៤
នៅពេលយើងចាប់ផ្តើមបង្រៀន ឬអធិប្បាយពីកណ្ឌមីកា គឺជាការសំខាន់ដែលមនុស្សយល់ពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា ដើម្បីអោយយើងយល់ព្រះរាជសារនៃកណ្ឌនេះ។ ដូច្នេះ បើសិនអ្នកនឹងបង្រៀនពីកណ្ឌមីកានេះ សូមអាន «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504
ខ.១-៣ ពិពណ៌នាអំពីភាពអាក្រក់នៃអ្នកដឹកនាំ រួមទាំងស្តេច និងចៅក្រម ពីព្រោះគេបានសង្កត់សង្កិនរាស្រ្តរបស់ព្រះ។ ព្រះជាម្ចាស់ទតឃើញទាំងអស់ ហើយទ្រង់មានសេចក្ដីក្រោធចំពោះអំពើបាបរបស់ពួកគេ។ ស្តេច និងចៅក្រមត្រូវគ្រប់គ្រងដោយភាពយុត្តិធម៌ ពីព្រោះគេតំណាងអោយព្រះជាម្ចាស់ ហើយព្រះអង្គគ្រប់គ្រងដោយភាពយុត្តិធម៌។
ខ.៤ បង្ហាញអំពីលទ្ធផលនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាបរបស់អ្នកដឹកនាំ គឺព្រះជាម្ចាស់នឹងមិនព្រមឆ្លើយតបចំពោះការអំពាវនាវរបស់ពួកគេឡើយ។ បើសិនជាស្តេច និងពួកចៅក្រមមិនស្តាប់តាមព្រះអង្គ និងការអំពាវនាវរបស់បណ្តាជនទេ នោះព្រះជាម្ចាស់ក៏នឹងមិនស្ដាប់ការអំពាវនាវរបស់ស្តេច និងចៅក្រមដែរ (គេបង្ហាញថា គេមិនស្ដាប់ព្រះអង្គការដែលគេមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គបង្ហាញថា គេមិនស្ដាប់ទ្រង់)។ អស់អ្នកដែលមានចិត្តរឹងហើយមិនព្រមទុកចិត្ត និងស្ដាប់បង្គាប់ព្រះជាម្ចាស់បង្ហាញថា គេមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ ហើយគេមិនមានសង្ឃឹមថា ព្រះជាម្ចាស់នឹងព្រមឆ្លើយតបចំពោះការអំពាវនាវរបស់ពួកគេឡើយ (ទំនុកដំកើង ៦៦:១៨; ១ពេត្រុស ៣:៧; យ៉ាកុប ៥:១៣)។
ខ. ៥-៧
ហោរាមីកាប្រកាសព្រះរាជសាររបស់ព្រះអង្គប្រឆាំងនឹងហោរាក្លែងក្លាយ។
ខ.៥ តើហោរាក្លែងក្លាយបានធ្វើអ្វីដែលបង្ហាញថា គេជាហោរាខុសឆ្គង? ខ.៥ បង្ហាញថា គេជាហោរាក្លែងក្លាយ ពីព្រោះគេប្រកាសតែអ្វីដែលបណ្តាជនចង់ឮតាមតែចិត្តប៉ុណ្ណោះ ហើយហោរាបានផ្លាស់ប្ដូរព្រះរាជសារ បើសិនបណ្តាជនបានចិញ្ចឹមគេ។
ខ.៦-៧ បង្ហាញអំពីលទ្ធផលនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាបរបស់ហោរាក្លែងក្លាយ។ ហោរាមានតួនាទីប្រកាសពន្លឺនៃព្រះបន្ទូលដែលគេបានឮពីព្រះអង្គ ប៉ុន្តែឥឡូវគេនឹងមិនទទួលពន្លឺពីព្រះអង្គសោះ គឺគេទទួលបានតែភាពងងឹតវិញ។
ខ. ៨-១២
អត្ថបទនេះបញ្ជាក់យ៉ាងច្បាស់លាស់ថា ហោរាមីកាផ្ទុយនឹងហោរាក្លែងក្លាយ គឺគាត់មិនប្រកាសតែអ្វីដែលមនុស្សចង់ឮទេ ប៉ុន្តែគាត់ពេញជាព្រះចេស្ដា ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា ដើម្បីនឹងថ្លែងប្រាប់ឱ្យរាស្រ្តរបស់ព្រះស្គាល់អំពើរំលងរបស់ខ្លួន។ អត្ថបទនេះមានរចនាសម្ព័ន្ធដូចគ្នានឹងវគ្គទី១និងទី២នៅក្នុងជំពូកនេះ (ព្រះរាជសារប្រឆាំងនឹងអំពើបាប ហើយបន្ទាប់មក ការប្រកាសអំពីការជំនុំជំរះ)។ មុនដំបូង មានព្រះរាជសារប្រឆាំងនឹងអំពើបាបរបស់អ្នកដឹកនាំ (ខ. ៨-១១) គឺស្តេច ហោរា និងសង្ឃ ដោយពួកគេទាំងអស់គ្នាស្រឡាញ់ប្រាក់ជាជាងគេស្រឡាញ់ព្រះជាម្ចាស់។ ពួកគេប្រើអំណាចរបស់ខ្លួនដើម្បីបម្រើលុយ តែមិនបម្រើព្រះជាម្ចាស់ទេ ចំណែកឯអ្នកគ្រប់គ្រងខាងរដ្ឋាភិបាលប្រើអំណាចដើម្បីសង្កត់សង្កិនរាស្ត្រ ហើយសង្ឃ និងហោរាមិនបង្រៀន ឬប្រកាស ដើម្បីនាំរាស្រ្តរបស់ព្រះទៅឯព្រះអង្គទេ ប៉ុន្តែពួកគេធ្វើសម្រាប់ប្រាក់ទៅវិញ។ ពួកហោរាមិនប្រកាសថា បណ្តាជនត្រូវប្រែចិត្តទេ ប៉ុន្តែប្រកាសថា ព្រះអង្គនឹងមិនដាក់ទោសពួកគេឡើយ ពីព្រោះពួកគេជារាស្ត្ររបស់ទ្រង់។ បន្ទាប់មក ខ.១២ ប្រកាសថា ព្រះជាម្ចាស់នឹងដាក់ទោស ដែលជាលទ្ធផលនៃអំពើបាបរបស់គេ។ ទណ្ឌកម្មគឺថា យេរូសាឡិមនឹងព្រះវិហារត្រូវបានបំផ្លាញ។ ព្រះបន្ទូលនេះត្រូវបានសម្រេចនៅពេលពួកបាប៊ីឡូនបានមកបំផ្លាញយេរូសាឡិមនៅឆ្នាំ ៥៨៧-៥៨៦ មុន គ.ស។ ដូច្នេះ វគ្គទាំងបីនៅក្នុងជំពូកនេះបានបញ្ចប់ដោយព្រះរាជសារអំពីការដាក់ទោស ប៉ុន្តែការដាក់ទណ្ឌកម្មបានកើនឡើង។ មុនដំបូងព្រះអង្គស្ងៀមស្ងាត់ (ខ.៤) បន្ទាប់មកទ្រង់ស្ងៀមស្ងាត់ហើយបន្ថែមភាពងងឹត និងភាពខ្មាស (ខ.៦-៧) ហើយទីបំផុត យេរូសាឡិម និងព្រះវិហារត្រូវបានបំផ្លាញ។
អ្នកដឹកនាំខ្លះនៅក្នុងពួកជំនុំសព្វថ្ងៃនេះបានប្រព្រឹត្តអំពើបាបដូចជាសង្ឃ និងហោរានៅក្នុងអត្ថបទនេះ (២ធីម៉ូថេ ៤:២-៤)។ នៅពេលគេគ្រាន់តែបង្រៀនអ្វីដែលមនុស្សចង់ឮ ពីព្រោះគេភ័យខ្លាចសមាជិកនឹងចេញពីពួកជំនុំ ហើយគេនឹងខាតបង់អ្នកបរិច្ចាគ ដូច្នេះអ្នកដឹកនាំគិតតែបង្រៀនសម្រាប់ប្រាក់។
ការប្រកាសព្រះគ្រីស្ទ
មុនដំបូង ព្រះរាជសារនៅក្នុងកណ្ឌមីកាបានប្រកាសសម្រាប់ជនជាតិអ៊ីស្រាអែល និងយូដាជាង ៧០០ ឆ្នាំមុនព្រះគ្រីស្ទ ប៉ុន្តែកណ្ឌនេះក៏នៅតែទាក់ទងនឹងគ្រីស្ទបរិស័ទ និងលោកិយនាបច្ចុប្បន្នកាលនេះផងដែរ។ ហោរាមីកាបានប្រកាសព្រះរាជសារថា ព្រះជាម្ចាស់ប្រឆាំងនឹងអំពើបាប ដូចជាការមានចិត្តលោភលន់ និងការសង្កត់សង្កិន ហើយព្រះអង្គនឹងវិនិច្ឆ័យហើយបំផ្លាញ ដូចជាព្រះគ្រីស្ទ និងសញ្ញាថ្មីក៏បានប្រកាសថា មនុស្សមានបាប ហើយទ្រង់នឹងវិនិច្ឆ័យមនុស្ស ពីព្រោះគេមានបាប ដូចជាការមានចិត្តលោភលន់និងការសង្កត់សង្កិន ហើយមនុស្សនឹងវិនាសនៅក្នុងស្ថាននរកផងដែរ (ឧទាហរណ៍ ម៉ាថាយ ២៣:២៣-២៦; ២៥:៣១–៤៦; លូកា ៣:១០-១៤; ១កូរិនថូស ៦:១០; អេភេសូរ ៥:៣; កូល៉ុស ៣:៥-៦)។ ដូច្នេះ ទីបំផុតការវិនិច្ឆ័យនេះនឹងសម្រេចនៅថ្ងៃដែលព្រះយេស៊ូវយាងមកវិញ ហើយភារកិច្ចរបស់យើងសព្វថ្ងៃនេះគឺថា យើងត្រូវព្រមានមនុស្សអំពីការវិនិច្ឆ័យ ដែលនឹងមកដល់នៅថ្ងៃនោះ។ ព្រះយេស៊ូវ ហោរា និងគ្រូអធិប្បាយដ៏ពិតប្រាកដដែលមកពីព្រះ ប្រកាសប្រឆាំងនឹងអំពើបាប ហើយបង្គាប់មនុស្សអោយប្រែចិត្តដូចគ្នា។ យើងបានឃើញការនេះយ៉ាងជាក់ស្ដែងនៅក្នុងកណ្ឌមីកាថា ហោរាមីកាត្រូវបានពេញជាព្រះចេស្ដាដោយសារព្រះវិញ្ញាណ ដើម្បីនឹងថ្លែងប្រាប់មនុស្សអំពីអំពើបាបរបស់គេ។ ព្រះយេស៊ូវគឺជាព្រះមែស៊ីដែលត្រូវបានពេញជាព្រះចេស្ដាដោយសារព្រះវិញ្ញាណ ហើយទ្រង់ក៏បានបញ្ជាក់ប្រាប់ថា អំពើដែលមនុស្សលោកប្រព្រឹត្តសុទ្ធតែអាក្រក់ (យ៉ូហាន៧:៧; ១៦:៥-១១) ។ រាស្រ្តរបស់ព្រះដ៏ពិតប្រាកដស្ដាប់ឮព្រះបន្ទូលនោះ ហើយប្រែចិត្ត។ អស់អ្នកដែលបង្រៀននៅក្នុងអំណាចរបស់ព្រះអង្គនឹងប្រកាសថា មនុស្សត្រូវការសេចក្ដីសង្គ្រោះពីអំពើបាបតាមរយៈព្រះយេស៊ូវ ហើយបង្គាប់គេអោយប្រែចិត្ត។
ជំពូកនេះគ្មានព្រះរាជសារអំពីសេចក្ដីសង្ឃឹមទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់ជំពូកបួនដែលបានប្រកាសអំពីសេចក្ដីសង្ឃឹមមួយដ៏ល្អ។ ហោរាក្លែងក្លាយបានប្រកាស «សេចក្តីសុខ» ដ៏ខុសឆ្គង ពីព្រោះរាស្រ្តរបស់ព្រះនៅឆ្ងាយពីព្រះអង្គ ប៉ុន្តែយើងមានផ្លូវតែមួយនាំយើងទៅព្រះជាម្ចាស់ ហើយមានសេចក្តីសុខជាមួយព្រះ គឺការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ព្រះយេស៊ូវបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គ ប្រយោជន៍អោយយើងលែងជាខ្មាំងសត្រូវរបស់ព្រះអង្គទៀត ប៉ុន្តែបានផ្សះផ្សាជាមួយទ្រង់វិញ (រ៉ូម ៥:១-២; កូល៉ុស ១:២១-២២)។
Leave a Reply