Micah 4.1-5 pdf download
ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។
នៅពេលអ្នកធ្វើដំណើរជុំវិញប្រទេសកម្ពុជា អ្នកនឹងមើលឃើញវិហារព្រះពុទ្ធសាសនាជាច្រើននៅលើកំពូលភ្នំផ្សេងៗ។ អស់រយៈពេលជាច្រើនពាន់ឆ្នាំ មនុស្សដែលមានវប្បធម៌ផ្សេងៗជាច្រើន បានសាងសង់វិហារសាសនានៅលើកំពូលភ្នំ ឬសាងសង់វិហារអោយមើលទៅដូចជាភ្នំ។ នៅក្រុងសៀមរាបមានវិហារជាច្រើន ដែលត្រូវបានសាងសង់អោយដូចជាភ្នំមេរុ។ វិហារទាំងអស់នៅជុំវិញពិភពត្រូវបានឧទ្ទិសថ្វាយទៅចំពោះព្រះ និងវិញ្ញាណផ្សេងៗ។ បើសិនវិហារ និងភ្នំមានកំពស់ខ្ពស់ជាង នោះកាន់តែគួរអោយចាប់អារម្មណ៍ ហើយអាចបញ្ជាក់ថា ព្រះនោះរឹតតែអស្ចារ្យ។
មីកា ៤:១ សរសេរថា «តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ជនជាតិទាំងឡាយនឹងឡើងទៅហូរហែ»។ «ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា» សំដៅទៅលើភ្នំស៊ីយ៉ូននៅយេរូសាឡិម។ នេះគឺជារូបភាពបង្ហាញថា មនុស្សនៅក្នុងពិភពលោកនឹងមើលឃើញថា ព្រះដែលបានបើកសំដែងអង្គទ្រង់ទៅកាន់អ៊ីស្រាអែល គឺជាព្រះដ៏ពិត ហើយពួកគេនឹងមកឯទ្រង់។ ជាការពិត ភ្នំនៅយេរូសាឡិមគឺជាភ្នំតូចៗ ហើយមិនមែនជាភ្នំធំជាងគេឡើយ។ សូមចងចាំថា សេចក្តីសន្យានេះមកដល់ បន្ទាប់ពីព្រះរាជសារនៅក្នុងជំពូកបីដែលទាយថា យេរូសាឡិមនិងព្រះវិហារនឹងត្រូវគេបំផ្លាញ ហើយទំនាយនេះត្រូវបានបំពេញសម្រេច នៅពេលពួកបាប៊ីឡូនបានមកបំផ្លាញក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៥៨៧-៥៨៦ មុនគ.ស។ ក្រុងយេរូសាឡិមត្រូវបានបំផ្លាញ ដោយសារតែការប្រឆាំងបោះបោររបស់មនុស្ស ហើយនេះផ្ទុយពី ៤:១-៥ ដែលប្រកាសអំពីសេចក្តីសង្ឃឹមនាពេលអនាគតនេះសំរាប់យេរូសាឡិមនិងពិភពលោក គឺនៅពេលដែលមនុស្សនឹងដើរក្នុងផ្លូវរបស់ព្រះ (៤:២, ៥)។ សូមស្រមៃថា យើងជាជនជាតិយូដាម្នាក់នៅសម័យមីកា អត្ថបទគម្ពីរនេះបង្ហាញថា អនាគតសំរាប់យេរូសាឡិមនឹងមានភាពរុងរឿង ជាងអតីតកាលនាសម័យស្តេចដាវីឌនិងស្តេចសាឡូម៉ូនទៅទៀត។ សេចក្តីសង្ឃឹមនាពេលអនាគតគឺថា មនុស្សជាច្រើននឹងមកទទួលការបង្រៀនពីព្រះ ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងចេញពីយេរូសាឡិម នោះវាគឺជាពេលវេលាមួយ ដែលព្រះគ្រប់គ្រង ហើយពោរពេញដោយសេចក្តីសុខសាន្ត (ខ. ២-៥)។
ការប្រកាសព្រះគ្រីស្ទ
សំនួរយ៉ាងសំខាន់ពីរ ដែលយើងត្រូវសួរគឺថា តើសេចក្តីសន្យានេះនឹងត្រូវបានបំពេញសម្រេចនៅពេលណា និងដោយរបៀបណា? បន្ទាប់ពីបានវិលត្រឡប់ពីការនិរទេស ពួកគេបានសាងសង់ព្រះវិហារនៅក្រុងយេរូសាឡិមឡើងវិញ ប៉ុន្តែលទ្ធផលនេះមិនមែនជាព្រះពរ ដែលយើងមើលឃើញនៅក្នុងអត្ថបទគម្ពីរនេះឡើយ។ ជាតិសាសន៍ទាំងអស់មិនទាន់បានឡើងទៅឯយេរូសាឡិម ដើម្បីទទួលស្គាល់ព្រះនៃអ៊ីស្រាអែលនៅឡើយ ព្រះបន្ទូលព្រះមិនទាន់បានចេញពីយេរូសាឡិមនៅឡើយ ហើយក៏មិនទាន់ជាពេលវេលាមានសេចក្តីសុខសាន្តនៅឡើយផងដែរ។ មីកា ៤:១ បញ្ជាក់ថា សេចក្តីសន្យានេះនឹងកើតឡើង «នៅជាន់ក្រោយ»។ នេះគឺជាឃ្លា ដែលយើងឃើញជាច្រើនដងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលសំដៅទៅលើអ្វីដែលព្រះនឹងធ្វើតាមរយៈសម្ព័ន្ធមេត្រីថ្មី គឺតាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាអង្គ ដែលបានយាងមកសុគត និងរស់ឡើងវិញ ដើម្បីអោយយើងអាចមានមេត្រីភាពជាមួយព្រះ។ តាមរយៈព្រះគ្រីស្ទ នោះគ្រីស្ទបរិស័ទបង្ហាញមេត្រីភាពជាមួយគ្នាទៅវិញទៅមក ក្នុងនាមជាក្រុមមនុស្ស ដែលពីមុនស្អប់គ្នាទៅវិញទៅមក តែឥឡូវនេះរស់នៅដោយមេត្រីភាពជាមួយគ្នានៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ (អេភេសូរ ២:១១-២១)។ បន្ទាប់ពីព្រះគ្រីស្ទបានសុគត បានរស់ឡើងវិញ ហើយបានយាងត្រឡប់ទៅស្ថានសួគ៌វិញ នោះព្រះបន្ទូលព្រះ ដែលជាដំណឹងល្អរបស់ព្រះគ្រីស្ទ បានចេញពីយេរូសាឡិមទៅកាន់ពិភពលោកទាំងមូល (កិច្ចការ ១:៨ ប្រៀបធៀប ៖ មីកា ៤:២)។ គឺតាមរយៈព្រះគ្រីស្ទ ដែលលោកិយនឹងមកស្គាល់ព្រះដ៏ពិត។ ដូច្នេះ ឥឡូវនេះសេចក្តីសន្យានេះត្រូវបានបំពេញសម្រេចមួយផ្នែកហើយ ប៉ុន្តែមិនទាន់ទាំងស្រុងទេ។ យើងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅពេលទ្រង់បង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលជាយេរូសាឡិមថ្មី (វិវរណៈ ២១-២២)។ ពេលនោះ យើងនឹងមានមហាក្សត្រដែលជាព្រះយេស៊ូវគ្រប់គ្រង ដែលនឹងមានសេចក្តីសុខសាន្តពេញលេញ ពីព្រោះយើងចុះចូលចំពោះការគ្រប់គ្រងរបស់ទ្រង់ជារៀងរហូត (មីកា ៤:៥)។ ដូច្នេះ ជីវិតគ្រីស្ទបរិស័ទគឺជាជីវិតនៃការរង់ចាំ ពីព្រោះយើងទន្ទឹងរង់ចាំអ្វី ដែលយើងមើលមិនឃើញ ដើម្បីអោយរំពឹងមើលដល់ព្រះយេស៊ូវ (ហេព្រើរ ១១:១-១២:៣) ហើយបំរើទ្រង់នៅពេលយើងកំពុងរង់ចាំទ្រង់ (ម៉ាថាយ ២៤:៤២-២៥:៤៦) និងដឹងថា គ្មានអ្វីអាចបញ្ឈប់ព្រះពីការបំពេញសម្រេចផែនការរបស់ទ្រង់បានឡើយ។
Leave a Reply