មីកា ៤:១១-៥:៤ អ្នកគ្រប់គ្រងកើតនៅបេថ្លេហិម Micah 4:11-5:4 The Ruler born in Bethlehem

Micah 4.11-5.4 pdf download

ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ​។ ​​

៤:១១-៥:១ និយាយ​ថា ខ្មាំង​សត្រូវ​របស់​យូដា​​​នឹង​មក​បំផ្លាញ​យេរូសាឡិម​ ​បង្ខូច​​ព្រះ​វិហារ​​របស់​ពួក​គេ​ និង​​បំបាក់​មុខ​​ស្តេច​​របស់​ពួកគេ ប៉ុន្តែ​ព្រះ​នឹង​លើក​ស្តេច​មួយ​អង្គ​ឡើង​នៅក្នុង​អ៊ីស្រាអែល​។ ​តាមរយៈ​ស្តេច​នេះ នឹង​មាន​​សេចក្តី​សុខសាន្ត​ (៥:៤)។ ​ម្តង​ទៀង យើង​គួរ​តែ​​ភ្ជាប់​​ចំនុច​នេះ​ជាមួយ​ជំពូក​ដំបូងៗ​នៅក្នុង​កណ្ឌ​មីកា។ ​យេរូសាឡិម​​មិន​បាន​មាន​​សេចក្តី​សុខសាន្ត​​ទេ ប៉ុន្តែ​ពួកគេ​​បាន​កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​​ ដោយ​ព្រោះ​តែ​​អំពើ​បាប​របស់​ពួក​គេ ជា​ពិសេស​​ចំពោះ​ពួក​អ្នក​គ្រប់គ្រង​។ ​ពួក​ហោរា​ក្លែងក្លាយ​​បាន​ប្រកាស​អំពី «​សេចក្តី​សុខសាន្ត​» (៣:៥) ​នៅពេល​គ្មាន​សេចក្តី​សុខសាន្ត​។ ​​មិន​អាច​មាន​សេចក្តី​សុខសាន្ត​បាន​ឡើយ​ នៅពេល​ណា​​ពួក​អ្នក​គ្រប់គ្រង ​និង​បណ្តាជន​​​រស់​នៅ​​ដោយ​ការ​ប្រឆាំង​បះបោរ​​នឹង​ព្រះ​ដូច្នេះ​។ ​ប៉ុន្តែ​​អ្នកគ្រប់គ្រង​​ ដែល​ព្រះ​សន្យា​ថា​នឹង​មក​ដល់​នេះ​ នឹង​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​​ជា​ពិត​។ ​

ការ​ប្រកាស​ព្រះគ្រីស្ទ

ទំនាយ​នៅ​ទី​នេះ​គឺ​ថា ស្តេច​នឹង​ប្រសូត​មក​មិន​មែន​នៅក្នុង​​កន្លែង​អំណាច​ព្រះចេស្តា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ បេថ្លេហិម​។ ​បេថ្លេហិម​​គឺ​ជា​ក្រុង​​យ៉ាង​តូច​ «​តូច​ជាង​គេ​នៅក្នុង​ចំណោម​ពូជ​អំបូរ​យូដា​» (មីកា​ ៥:២)។ ​នៅ​ពេល​លោក​យ៉ូស្វេ​​បាន​បែងចែក​ក្រុង​ផ្សេងៗ​សំរាប់​​ពូជអំបូរ​យូដា​ បេថ្លេហិម​​​តូច​ រហូត​ដល់​មិន​អាច​ស្ថិត​នៅក្នុង​បញ្ជី​ក្រុង​ និង​ភូមិ​ទាំង​១១៥​ផង​ (យ៉ូស្វេ ១៥:២០-៦៣)។ ​និយាយ​តាម​ពាក្យ​សម័យ​ទំនើប​នេះ​គឺ​ថា​ ​បេថ្លេហិម​មិន​មាន​​ភ្លើង​ចរាចរ​ ឬ​ស្ថានីយ​វិទ្យុ​ឡើយ​។ ​តាមរយៈ​ការ​​និយាយ​ថា បេថ្លេហិម​ «​តូច​ជាង​គេ​នៅក្នុង​ចំណោម​ពូជ​អំបូរ​យូដា» ហោរា​មីកា​​ចង់​និយាយ​អំពី​​​ភាព​ទន់​ខ្សោយ​ខាង​នយោបាយ ​និង​យោធា​​របស់​បេថ្លេហិម​។ ​ស្តេច​ដែល​នឹង​ប្រសូត​មក​នៅក្នុង​បេថ្លេហិម​នេះ​គឺ​ជា​ព្រះ​យេស៊ូវ​ ​ ​(ម៉ាថាយ​ ២:៣-៦)។  ​ទ្រង់​នឹង​ជា​ការ​បំពេញ​សម្រេច​​​នៃ​សេចក្តី​សន្យា​​ទាំង​អស់​តាំង​ពី​បុរាណ​ គឺ​​ទ្រង់​​ជា​ពូជ​របស់​ស្ត្រី​ (លោកុប្បត្ដិ​ ៣:១៥) ជា​ព្រះ​ពរ​សំរាប់​គ្រប់​ទាំង​គ្រួ​នៅ​លើ​ផែនដី​ (លោកុប្បត្ដិ​ ១២:៣) ជា​បុត្រា​របស់​ស្តេច​ដាវីឌ​ (២សាំយូអែល​ ៧:១២-១៣) (ស្តេច​ដាវីឌ​ក៏​មក​ពី​បេថ្លេហិម​ផង​ដែរ​)។ ​ព្រះ​យេស៊ូវ​ត្រូវ​បាន​គេ​ឆ្កាង​​ ក្នុងនាម​ជា​ស្តេច​​សាសន៍​យូដា​ ហើយ​តាមរយៈ​ការ​សុគត​របស់​ទ្រង់​ ទ្រង់​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​ (ហេព្រើរ​ ៨:១; ១២:២) ​ហើយ​នៅ​ថ្ងៃ​មួយ​ ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ​​ក្នុងនាម​ជា​ស្តេច​ដ៏​គ្រប់គ្រង ​និង​មាន​ជ័យ​ជំនះ​ (វិវរណៈ​ ១៩:១១-២១)។

:៤ បង្ហាញ​ថា ​មហាក្សត្រ​នេះ​នឹង​គ្រប់​គ្រង ​ ក្នុងនាម​ជា​​​អ្នក​គង្វាល​ ដែល​ប្រមូល​ ឃ្វាល​ និង​ការពារ​ហ្វូង​ចៀម​របស់​ទ្រង់​ ដោយ​អំណាច​​ព្រះ​ចេស្ដា​របស់​ព្រះ​។ ​​ជា​ញឹកញាប់​ ស្តេច​ផ្សេងៗ​​មាន​ងារ​ជា «​អ្នក​គង្វាល​» នៅ​តំបន់​​នោះ​ក្នុង​សម័យ​បុរាណ​។ ​ការ​ឧបមា​នេះ​ចង្អុល​ទៅ​កាន់​មហាក្សត្រ​ ដែល​ដឹកនាំ ​និង​ការពារ​​រាស្ត្រ​របស់​ទ្រង់​។ ​ព្រះយេស៊ូវ ដែល​ជា​​អ្នក​គង្វាល​ដ៏​ល្អ បាន​យាង​មក​ប្រមូល​​ចៀម​របស់​ទ្រង់​​អោយ​មក​ឯ​ទ្រង់​វិញ​ (យ៉ូហាន​ ១០:២៧) ហើយ​ការ​ពារ​​ពួកគេ​ ដោយ​លះ​បង់​​​ព្រះ​ជន្ម​របស់​ទ្រង់​សំរាប់​ពួកគេ​ (យ៉ូហាន​ ១០:១៥)។ ​ពួកគេ​មាន​សុវត្ថិភាព​ជា​រៀង​រហូត​ ​ពីព្រោះ​ទ្រង់​នឹង​មិន​បោះបង់​ពួកគេ​ចោល​ឡើយ​ ហើយ​គ្មាន​អ្នកណា​​​អាច​​ឆក់​យក​​ពួកគេ​ចេញ​ពី​​ព្រះ​ហស្ត​​របស់​ទ្រង់​បាន​ឡើយ​ (យ៉ូហាន​ ៦:៣៧; ១០:២៨)។ ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​ ជា​មហាក្សត្រ​ និង​ជា​អ្នក​គង្វាល​ ដែល​យើង​​​​ត្រូវ​តែ​​ជឿ​ទុក​ចិត្ត​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top