មីកា ៦ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស Micah 6 The Lord will judge

Micah 6 pdf download

ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ​។ ​​

 

​ជា​រឿយ​ៗ សារព័ត៌មាន​​​ផ្សាយ​អំពី​ការ​កាត់​ក្តី​ខ្មែរ​ក្រហម​ ពីព្រោះ​វា​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​។ ​ខ្មែរ​ក្រហម​បាន​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​មនុស្ស​​ចង់​មើល​ឃើញ​យុត្តិធម៌​។ ​ការ​កាត់​ក្តី​សំខាន់ ហើយ​យុត្តិធម៌​ក៏​សំខាន់​ដែរ​។ ​ប៉ុន្តែ​នៅក្នុង​ព្រះ​គម្ពីរ ​អំពើ​បាប​​គឺ​លើស​​ពី​​ការ​អាក្រក់ ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​ទៀត គឺ​អំពើ​រួម​បញ្ចូល​ទាំង​​ការ​អាក្រក់​ ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​ព្រះ ហើយ​ព្រះ​មាន​សិទ្ធិ​នាំ​មនុស្ស​មក​ឯ​ការ​កាត់​ទោស​សំរាប់​អំពើ​បាប​របស់​ពួកគេ​ប្រឆាំង​នឹង​ព្រះ និង​ប្រឆាំង​នឹង​មនុស្ស​ដទៃ​ទៀត​។

​ជំពូក​៦​ គឺ​ជា​រូប​ភាព​មួយ​អំពី​ការ​កាត់​ទោស​រាស្ត្រ​របស់​ព្រះ​នៅ​ចំពោះ​​អង្គ​ទ្រង់​​ដ៏​ជា​ចៅ​ក្រម​។ ​ព្រះ​ហៅ​រាស្ត្រ​របស់​ទ្រង់​អោយ​អង្វរ​រឿង​ក្តី​របស់​ពួកគេ​នៅ​ចំពោះ​ភ្នំ​ធំ​ទាំង​ឡាយ​ ហើយ​បន្ទាប់​មក​​អោយ​ភ្នំ​ធំ​ទាំង​ឡាយ​នោះ​​ស្តាប់​អ្វី​ដែល​​ព្រះ​អង្គ​ទ្រង់​​ត្រូវ​មាន​បន្ទូល​ក្នុង​នាម​ជា​​ចៅ​ក្រម​ ពី​ព្រោះ​ទ្រង់​កើត​រឿង​ក្តី​​​នឹង​ពួក​គេ​ (៦:២)។ ហេតុអ្វី​? តើ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​ខ្លះ​? ខ. ៩-១៦ ​ជាបញ្ជី​អំពើ​បាប​មួយ​ចំនួន​របស់​​​ពួក​គេ រួម​ទាំង​​សេចក្តី​អយុត្តិធម៌​ និង​​ទ្រព្យ​សម្បត្តិ​ជា​ផល​អាក្រក់​ (៦:១០) ហើយ​និង​សាសនា​ក្លែង​ក្លាយ​​របស់​ពួកគេ​ (៦:១៦)។​

ប៉ុន្តែ​​ នៅ​មុន​ពេល​យើង​ស្តាប់​លឺ​បញ្ជី​អំពើ​បាប​នោះ ​ព្រះ​បាន​រំលឹក​អ៊ីស្រាអែល​ជា​ដំបូង​អំពី​ព្រះ​ពរ​ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ (៦:៤-៥) ដែល​ទ្រង់​បាន​រំដោះ​ពួកគេ​ចេញ​អេស៊ីព្ទ ហើយ​ទ្រង់​បាន​សង្គ្រោះ​ពួកគេ​ចេញ​ស្តេច​​ម៉ូអាប់​​ ហើយ​បាន​ដឹកនាំ​ពួកគេ​ធ្វើ​ដំណើរ​ចេញ​មក​។

៦:៦-៧ បង្ហាញ​ថា​ បណ្តាជន​កាន់​តាម​សាសនា​ គឺ​ពួកគេ​​បាន​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ផ្សេងៗ​ ប៉ុន្តែ​ព្រះ​មិន​បាន​សព្វ​ព្រះ​ហឫទ័យ​​ចំពោះ​ពួកគេ​ឡើយ​។ ​អ្វី​ដែល​សំខាន់​នៅក្នុង​ការ​ថ្វាយ​បង្គំ​គឺ​ថា តើ​ព្រះ​​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​​ការ​ថ្វាយ​បង្គំ​របស់​យើង​ដែរ​ឬ​ទេ? (​សូម​មើល​មេរៀន​អំពី​ការ​ថ្វាយ​បង្គំ) ហើយ ​៦:៨ បង្ហាញ​ថា ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​​ពិធី​បុណ្យ​សាសនា​​នោះ​ឡើយ ប៉ុន្តែ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​ការ​បន្ទាប​ខ្លួន​វិញ​។

 

ការ​ប្រកាស​ព្រះគ្រីស្ទ

​មាន​ផ្លូវ​ខ្លះ​ៗ ដែល​ជំពូក​នេះ​ដឹក​នាំ​​យើង​ទៅ​កាន់​ព្រះ​យេស៊ូវ​។

១. ​ជំពូក​៦ ​បង្ហាញ​ថា ​ព្រះ​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ទ្រង់​គឺ​ជា​ចៅ​ក្រម​ ប៉ុន្តែ​បញ្ហា​របស់​យើង​គឺ​ថា យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​បាប​ប្រឆាំង​នឹង​ព្រះ​ ដូច្នេះ​ហើយ​យើង​​ទាំង​អស់​គ្នា​សម​នឹង​ទទួល​​​ការ​កាត់​ទោស​។ ​​សេចក្តី​​ពិត​​​នេះ​គឺ​ជា​​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ជួយ​យើង​អោយ​យល់​​អំពី​ដំណឹងល្អ​។​ ​ហេតុផល​ដែល​ព្រះ​យេស៊ូវ​​បាន​យាង​មក​​គឺ​ពីព្រោះ​យើង​បាន​​បះបោរ​ប្រឆាំង​នឹង​ព្រះ ហើយ​ទ្រង់​គឺ​ជា​ចៅ​ក្រោម រី​ឯ​យើង​​មាន​ទោស​ ហើយ​សម​នឹង​ទទួល​​ការ​កាត់​ទោស​ពី​ទ្រង់​។ ​ដំណោះ​ស្រាយ​តែ​មួយ​គត់​​សំរាប់​បញ្ហា​នេះ​គឺ​ជា​ការ​សុគត​​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​។

២. តើ​ខ. ៤-៥ ​មាន​ការ​អនុវត្ត​អ្វី​ខ្លះ​សំរាប់​គ្រីស្ទបរិស័ទ​នៅ​សព្វ​ថ្ងៃ​នេះ​? ​យើង​មិន​មែន​ជា​ពួក​យូដា ដែល​​ព្រះ​បាន​រំដោះ​ចេញ​ពី​អេស៊ីព្ទ​ទេ​ ប៉ុន្តែ​គោលការណ៍​នៅ​ទី​នេះ​នៅ​តែ​អនុវត្ត​មក​កាន់​យើង​​ដែរ។ ​ដូច​ដែល​​ព្រះ​បាន​រំលឹក​ជនជាតិ​អ៊ីស្រាអែល​អំពី​សេចក្តី​ប្រោស​លោះ​របស់​ទ្រង់​នៅ​ក្នុង​អតីតកាល​ ដើម្បី​បង្ហាញ​ថា ទ្រង់​មិន​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ពួកគេ​ឡើយ​ ហើយ​ពួកគេ​គួរ​តែ​​ដឹង​គុណ ស្រឡាញ់​ និង​ស្តាប់​បង្គាប់​តាម​ទ្រង់​ ហើយ​​ពួកគេ​កាន់​តែ​អាក្រក់​ ដោយ​សារ​មិន​ស្តាប់​បង្គាប់​ទ្រង់​ នោះ​ព្រះ​ក៏​រំលឹក​យើង​​អំពី​របៀប​ដែល​​ទ្រង់​​បាន​ប្រោស លោះ​យើង​តាម​រយៈ​ការ​សុគត​​​​នៅ​លើ​ឈើ​ឆ្កាង​​ និង​ការ​​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​ (១កូរិនថូស ១៥:១-៤) ហើយ​ព្រះ​គុណ​នេះ​គួរ​តែ​លើក​ទឹក​ចិត្ត​អោយ​ស្តាប់​បង្គាប់​តាម​ព្រះ ហើយ​មើល​ឃើញ​ថា វា​អាក្រក់​ខ្លាំង​ប៉ុណ្ណា​ដែល​​​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​ហើយ​ តែ​បែរ​ជា​ភ្លេច​បន្ទាប់​មក​រស់​នៅ​ដោយ​បះបោរ​​​ប្រឆាំង​នឹង​ទ្រង់​​ទៅ​វិញ​ផង​ដែរ​ (រ៉ូម ៦:១-១៤; អេភេសូរ ២:៨-១០; កូល៉ុស ៣:១-១០; ២ពេត្រុស ១:៥-៨)។

៣. លក្ខណៈ​ទាំង​អស់​ ដែល​ផ្គាប់​ព្រះ​ហឫទ័យ​​ព្រះ​នៅក្នុង​ ៦:៨ គឺ យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​ការ​បន្ទាប​ខ្លួន​ ហើយ​​​ព្រះ​យេស៊ូវ​​ក៏​នៅ​តែ​​តម្រូវ​អោយ​រាស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​សម្ព័ន្ធមេត្រី​ថ្មី​មាន​លក្ខណៈ​ទាំង​នេះ​ផង​ដែរ (ឧទាហរណ៍​ ម៉ាថាយ​ ៥:៧; ២៣:២៣; អេភេសូរ​ ៤:២; ភីលីព​ ២:៣; យ៉ាកុប​ ៤:១០; ១ពេត្រុស​ ៥:៦)។  ​សេចក្តី​តម្រូវ​​​ទាំង​នេះ​មក​ពី​ព្រះ​ ដើម្បី​បង្ហាញ​ថា គ្មាន​អ្នក​ណា​​​បាន​រស់​នៅ​​​ត្រឹម​ត្រូវ​តាម​ខ្នាត​គំរូ​របស់​ព្រះ​ឡើយ​ ហើយ​​បង្ហាញ​ម្តង​ទៀត​ថា​ យើង​ត្រូវ​ការ​​សេចក្តី​អត់​ទោស​​តាមរយៈ​ការ​សុគត​​ និង​ការ​​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top