មីកា ៧ សេចក្ដីសង្ឃឹមនៅក្នុងសម័យអាក្រក់ Micah 7 Hope in an evil age

Micah 7 pdf download

ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​​

 

​យើង​អាច​បែង​ចែក​ជំពូក​៧​ ជា​បី​ផ្នែក​​បាន។ ខ. ១-៦ ដែល​មាន​ខ. ៧ ជា​តំណ​ភ្ជាប់​ទៅ​កាន់​ផ្នែក​បន្ទាប់​គឺ ខ. ៨-១៣ និង​ខ. ១៤-២០​។​

នៅ​ក្នុង​ខ. ១-៦ ​ហោរា​មីកា​ទួញ​សោក​ចំពោះ​អំពើ​បាប​របស់​រាស្ត្រ​របស់​ព្រះ​ម្តង​ទៀត ដោយ​បញ្ជាក់​ម្តង​ទៀត​អំពី​អំពើ​បាប​ដដែល​ ដែល​គាត់​​បាន​លើក​ឡើង​​នៅក្នុង​ជំពូក​មុនៗ​។ ​លើក​នេះ ហោរា​មីកា​​ផ្តល់​​ការ​ប្រៀប​ធៀប​មួយ​​​ គឺ​គាត់​​មាន​សេចក្តី​ទុក្ខសោក​យ៉ាង​ខ្លាំង​ ហើយ​ដូច​ជា​មនុស្ស​ម្នាក់​ ដែល​​ប្រាថ្នា​ចង់​បាន​ផ្លែ​ទំពាំង​បាយ​ជូរ ​និង​ផ្លែ​ល្វា ប៉ុន្តែ​គាត់​មក​ដល់​ចំការ​យឺត​ពេល ​ហើយ​គាត់​មិន​អាច​បេះ​បាន​អ្វី​សោះ​។ គាត់​បាន​អាក់អន់​ចិត្ត​និង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​។ ​ជនជាតិ​ខ្មែរ​​នឹង​យល់​អំពី​ការ​ប្រៀប​ធៀប​អំពី​ការ​ដាំដុះ​នេះ​​បាន​យ៉ាង​ប្រសើរ​។ ​ព្រះ​​​បាន​​ស្វែង​រក​ផល​ផ្លែ​នៃ​សេចក្តី​សុចរិត​​ពី​រាស្ត្រ​របស់​ព្រះ ដូច​ជា​ទ្រង់​​ស្វែង​រក​ផល​ផ្លែ​នៃ​សេចក្តី​សុចរិត​ពី​គ្រីស្ទបរិស័ទ​នៅ​សព្វ​ថ្ងៃ​​នេះ​ផង​ដែរ​។ ម្តង​ទៀត​ ​ហោរា​មីកា​បង្ហាញ​ថា ការ​ប្រកាស​​ព្រះ​បន្ទូល​ព្រះ​​គឺ​ជា​ការ​ងារ​លំបាក ហើយ​នេះ​គឺ​ជា​អ្វី​ដែល​​គ្រូ​អធិប្បាយ​នៅ​សព្វ​ថ្ងៃ​នេះ​​ត្រូវ​​តែ​ចង​ចាំ​។ ​យើង​ត្រូវ​តែ​​ស៊ូ​ទ្រាំ ដូចជា​ហោរា​មីកា​ផង​ដែរ ទោះ​បី​ជា​យើង​ជួប​ប្រទះ​សេចក្តី​ជូរចត់​ក៏​ដោយ​។ ​

​នៅ​ក្នុង​ខ. ៤-៦ ​ហោរា​មីកា​បរិយាយ​អំពី​ពេល​វេលា​ ដែល​យេរូសាឡិម​នឹង​ត្រូវ​​គេ​វាយ​ប្រហារ​ ហើយ​​នឹង​នាំ​អោយ​មាន​ភាព​អណាធិបតេយ្យ​​នៅ​ក្នុង​សង្គម នៅពេល​​យេរូសាឡិម​ត្រូវ​បាន​គេ​ឡោម​ព័ទ្ធ​។ ការ​អាក្រក់​នៅ​ក្នុង​សង្គម​ ដែល​ជា​លទ្ធផល​នៃ​ការ​ដែល​ពួកគេ​ងាក​​បែរ​ចេញ​​ពី​ព្រះ នឹង​​កាន់​ធ្ងន់ធ្ងរ​ទៅ​ក្នុង​កំឡុង​ពេល​ការ​ឡោម​ព័ទ្ធ។ ​មនុស្ស​នឹង​មិន​អាច​ជឿ​ទុក​ចិត្ត​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​ពួកគេ​​ឡើយ ហើយ​សូម្បី​តែ​ក្រុម​គ្រួសារ​នីមួយ​​ៗក៏​នឹង​​ទាស់​ប្រឆាំង​នឹង​គ្នា​ផង​ដែរ​។ ​នៅ​សព្វ​ថ្ងៃ​នេះ​ដូច​គ្នា​ផង​ដែរ ​សង្គម​​ពោរពេញ​ទៅ​ដោយ​បញ្ហា​ជា​ច្រើន ពីព្រោះ​​មនុស្ស​ងាក​បែរ​ចេញ​​​ពី​ព្រះ ហើយ​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ ប៉ុន្តែ​ការ​ធ្វើ​អោយ​ស្ថានភាព​បាន​ល្អ​ប្រសើរ​មិន​មែន​ជា​​ដំណោះ​ស្រាយ​ឡើយ​ ប៉ុន្តែ​ដំណោះ​ស្រាយ​គឺ​ថា មនុស្ស​ត្រូវ​​តែ​បាន​ផ្សះផ្សា​ជាមួយ​​ព្រះជាម្ចាស់​​វិញ​។

​ខ. ៧ បញ្ជាក់​ថា ទោះ​បី​ជា​​រាស្ត្រ​របស់​ព្រះ​​ពោរ​ពេញ​ដោយ​បាប​ក៏​ដោយ ក៏​ហោរា​មីកា​មិន​បាន​អស់​សង្ឃឹម​ឡើយ​ ពីព្រោះ​គាត់​សំឡឹង​មើល​ទៅ​ឯ​ព្រះ​។ ​ខ​នេះ​​ប្រើ​ពាក្យ​ពីរ ដែល​ជា​រឿយៗ​​នៅ​ជាមួយ​គ្នា​នៅក្នុង​ព្រះ​គម្ពីរ «រង់ចាំ» និង «សង្ឃឹម​​» ​(ព្រះ​គម្ពីរ​ខ្មែរ​​ខ្វះ​ពាក្យ​«សង្ឃឹម» ​​ប៉ុន្តែ​ភាសា​ហេព្រើរ​មាន)។ ពាក្យ​ទាំង​ពីរ​នេះ​​​មាន​ភាព​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។ ​យើង​រង់​ចាំ​​​ព្រះ​​ធ្វើ​ ​សកម្មភាព​ ហើយ​បំពេញ​សម្រេច​សេចក្តី​សន្យា​របស់​ទ្រង់​ ហើយ​នៅ​ពេល​យើង​រង់​ចាំ​ព្រះ នោះ​​នាំ​អោយ​យើង​មាន​សង្ឃឹម​។ ​​សេចក្តី​ពិត​នេះ​នាំ​យើង​ទៅ​កាន់​ផ្នែក​បន្ទាប់​មក​ទៀត​។

១៣

​ទោះ​បី​ជា​យូដា ​និង​ទី​ក្រុង​​របស់​រាស្ត្រ​របស់​ព្រះ (៦:៩ យេរូសាឡិម) នឹង​​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ ដោយ​សារ​សេចក្តី​ក្រោធ​របស់​ព្រះ​ចំពោះ​អំពើ​បាប​របស់​ពួកគេ​ក៏ដោយ (ខ. ៩) ក៏​ពួកគេ​នឹង​ក្រោក​ឈរ​​​​​ពី​ភាព​ខ្ទេចខ្ទី​រ​របស់​ពួកគេ​ម្តង​ទៀត​ (ខ. ១១)។ ​ពួក​ខ្មាំង​សត្រូវ​ដែល​បាន​ឡកឡឺយ​ និង​ជាន់​ឈ្លី​ពួកគេ នឹង​​ត្រូវ​គេ​ជាន់​ឈ្លី​ខ្លួន​វិញ (ខ. ១០)។

១៤១៧

​ហោរា​មីកា​អធិស្ឋាន​ជំនួស​អោយ​​ប្រជាជន​របស់​គាត់ ដោយ​ទូល​សូម​ព្រះ​អោយ​ឃ្វាល​ពួកគេ​ដោយ​​អំណាច​​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់​ ​ អោយ​​ទ្រង់​​ប្រទាន​ចំណី​ដល់​ពួកគេ អោយ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ​នៅក្នុង​ចំណោម​ពួកគេ ​ហើយ​​វាយ​បំបាក់​ពួក​ខ្មាំង​សត្រូវ​​របស់​ពួកគេ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ខ្មាំង​សត្រូវ​​​នៅពេល​ពួកគេ​បាន​ចេញ​ពី​អេស៊ីព្ទ​មក​ផង​ដែរ​។

១៨២០

​ហោរា​មីកា​ផ្តល់​សេចក្តី​សង្ឃឹម​​​​ដល់​​បណ្តាជន​ ដែល​សម​នឹង​ទទួល​ការ​វិនិច្ឆ័យ​ ដោយ​សារ​តែ​សេចក្តី​សន្យា​របស់​ព្រះ​អំពី​សេចក្តី​ស្រឡាញ់ ​និង​សេចក្តី​មេត្តាករុណា​ដ៏​ស្ថិតស្ថេរ​។ ឥឡូវ​នេះ យើង​យល់​ថា ព្រះ​ដ៏​បរិសុទ្ធ​មួយ​អង្គ​​អាច​អត់​ទោស​ ​​និង​លើក​ចោល​នូវ​សេចក្តី​រំលង​របស់​អស់​អ្នក​ដែល​​​មាន​ជំនឿ​លើ​​ទ្រង់​ គឺ​ដោយ​ព្រោះ​តែ​​អំពើ​បាប​​ទាំង​អស់​របស់​ពួកគេ​​ត្រូវ​បាន​ផ្ទុក​នៅ​លើ​​ព្រះ​គ្រីស្ទ (រ៉ូម ៣:២៤-២៦)។ ​សេចក្តី​ក្រោធ​របស់​ព្រះ​ចំពោះ​អំពើ​បាប​របស់​អស់​អ្នក​ដែល​ជា​របស់​ទ្រង់​ ត្រូវ​បាន​រំងាប់​ទាំងស្រុង​នៅ​លើ​ឈើ​ឆ្កាង​។

​​ការ​បញ្ចប់​នៃ​ទំនាយ​របស់​ហោរា​មីកា​បាន​ប្រកាស​ដំណឹង​ល្អ​ ដែល​​ជា​ទំនុក​ចិត្ត​ប្រកប​ដោយ​សេចក្តី​សង្ឃឹម​របស់​អ្នក​ជឿ​ទាំង​អស់​​។ ​តើ​អ្នក​ធ្លាប់​បាន​ធុញទ្រាន់​នឹង​ដំណឹងល្អ​ដែរ​ឬ​ទេ? ឬ​តើ​អ្នក​ឆ្ងល់​ដូច​ជា​ហោរា​មីកា​ថា «​តើ​​មាន​ព្រះ​ឯ​ណា​​អោយ​ដូច​ជា​ទ្រង់ ដែល​អត់ទោស​សេចក្តី​ទុច្ចរិត​នោះ​?»? (មីកា ៧:១៨) ​សាវក​ពេត្រុស​​ប្រាប់​យើង​ថា ​សេចក្តី​ពិត​នៃ​ដំណឹងល្អ​ទាំង​នេះ​ ដែល​ត្រូវ​បាន​​ប្រាប់​ជា​មុន​នៅ​​ពេញ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (១ពេត្រុស ១:១០-១១) គឺ​ជា «​សេចក្តី​ដែល​ពួក​ទេវតា​ចង់​ពិនិត្យ​មើល​​ដែរ» (១ពេត្រុស ១:១២)។

ការ​ប្រកាស​ព្រះគ្រីស្ទ

មាន​របៀប​មួយ​ចំនួន ដែល​អត្ថបទ​គម្ពីរ​នេះ​ទាក់ទង​នឹង​​ព្រះ​គ្រីស្ទ។​

១. ​ខ. ៩ ​បង្ហាញ​អំពី​បញ្ហា​ធំ​បំផុត​របស់​មនុស្ស​​ជាតិ គឺ​យើង​​​ត្រូវ​រង​សេចក្តី​ក្រោធ​របស់​ព្រះ​​ដោយ​ព្រោះ​បាប​របស់​យើង​។ បើសិន​ជនជាតិ​អ៊ីស្រាអែល​ ដែល​ជា​រាស្ត្រ​ជ្រើសតាំង​របស់​ព្រះ ជា​កូន​ក្រមុំ​របស់​ព្រះ បាន​ទទួល​រង​សេចក្តី​ក្រោធ​ដោយ​ព្រោះ​បាប​របស់​​ពួកគេ​ទៅ​ហើយ​ នោះ​ពួក​សាសន៍​ដទៃ​មិន​គួរ​គិត​​​ថា ពួកគេ​នឹង​គេច​ផុត​ពី​សេចក្តី​ក្រោធ​របស់​ព្រះ​​សោះ​ឡើយ​។ ​សេចក្តី​ពិត​នេះ​បង្ហាញ​ថា យើង​ត្រូវ​ការ​​ព្រះ​យេស៊ូវ​ ដែល​ទ្រង់​អាច​សង្គ្រោះ​យើង​ចេញ​ពី​សេចក្តី​ក្រោធ​របស់​ព្រះ​បាន​តាមរយៈ​ការ​សុគត ​និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ (រ៉ូម ៥:៨-៩)។ ​ការ​ទទួល​ស្គាល់​នូវ​ទម្ងន់​នៃ​បាប​របស់​យើង​ចំពោះ​​ព្រះ​ដ៏​បរិសុទ្ធ និង​​តម្លៃ​នៃ​ការ​​​​លោះ​​បាប​នោះ​ ​(១ពេត្រុស ១:១៩) ប្រាប់​យើង​អោយ​ដឹង​ពី​ទម្ងន់​នៃ​សេចក្តី​ក្រោធ​របស់​ព្រះ​។ នៅ​សព្វ​ថ្ងៃ​នេះ​ បើសិន​យើង​ទទួល​ស្គាល់​នូវ​សិទ្ធិ​របស់​ព្រះ​ក្នុង​ការ​មាន​សេចក្តី​ក្រោធ នោះ​យើង​ទួញ​សោក​ចំពោះ​បាប​របស់​យើង​ ដែល​​ប្រព្រឹត្ត​រំលង​​សេចក្តី​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​​​យ៉ាង​ខ្លាំង​នោះ​ដែរ​​។ ​យើង​ចង់​ចូល​ទៅ​ចំពោះ​ទ្រង់​ដោយ​ការ​សារភាព​បាប​ដោយ​ពិត​ប្រាកដ​ ហើយ​​មាន​ទំនុក​ចិត្ត​ថា ​ព្រះ​គ្រីស្ទ​គឺ​ជា «​ព្រះ​ដ៏​ជា​ជំនួយ​» របស់​យើង​ ដែល​ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​វរបិតា​ជំនួស​យើង​ ហើយ​​ព្រះ​គុណ​របស់​ទ្រង់​ធំ​លើស​ជាង​​បាប​របស់​យើង​ទៅ​ទៀត (១យ៉ូហាន ២:១ ប្រៀបធៀប ៖ រ៉ូម ៥:២០)។

២. ​សារ​នៅ​ក្នុង​ខ. ៨-១៣ ទាក់​ទង​នឹង​រូប​ភាព​ធំ​​​​នៅ​ក្នុង​​ព្រះ​គម្ពីរ​ទាំង​មូល​។ ចាប់​ពី​លោកុប្បត្ដិ៣ មាន​ផ្ទៃរឿង​​អំពី​សេចក្តី​ខ្មាំង​រវាង​​រាស្ត្រ​របស់​ព្រះ ​និង​សាតាំង​ហើយ​ និង​អស់​អ្នក​ដែល​ដើរ​តាម​សាតាំង​។ ពេល​ខ្លះ ភាគី​ទាំង​ពីរ​នេះ​ត្រូវ​បាន​តំណាង​ដោយ​ទីក្រុង​ គឺ​យេរូសាឡិម​​ជា​ទីក្រុង​របស់​ព្រះ ​និង​​រាស្ត្រ​របស់​ព្រះ​ ហើយ​បាប៊ីឡូន​ជា​ទីក្រុង​របស់​សាតាំង​ និង​អស់អ្នក​ដែល​ទាស់​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​។ ​កណ្ឌ​អេសាយ​ និង​កណ្ឌ​វិវរណៈ​ផ្តល់​រូប​ភាព​មួយ​នៃ​ទីក្រុង​​ទាំង​ពីរ​នេះ​។ ​សេចក្តី​សន្យា​ទាំង​នេះ​នៅក្នុង​ខ. ៨-១៣ ​ត្រូវ​បាន​បំពេញ​សម្រេច​ជា​ដំបូង​នៅ​ក្នុង​​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ គឺ​នៅ​ពេល​បាប៊ីឡូន​ត្រូវ​បាន​គេ​បំផ្លាញ​ ហើយ​កំផែង​ក្រុង​យេរូសាឡិម​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ ក្រោម​ការ​ដឹកនាំ​របស់​ហោរា​នេហេមា​។ ប៉ុន្តែ​សេចក្តី​សន្យា​ទាំង​នេះ​​​នឹង​ត្រូវ​បាន​បំពេញ​សម្រេច​​ជា​ចុង​ក្រោយ​​នៅក្នុង​ព្រះ​គ្រីស្ទ ពីព្រោះ​ទ្រង់​នឹង​បំផ្លាញ​អស់​អ្នក​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​ ចំណែក​ឯ​បាប៊ីឡូន​នឹង​ត្រូវ​វិនាស​ (វិវរណៈ ១៧-១៨) ហើយ​ទ្រង់​​នឹង​បង្កើត​ទីក្រុង​ថ្មី​មួយ ដែល​ជា​យេរូសាឡិម​ថ្មី​ ដែល​មនុស្ស​គ្រប់​ជាតិសាសន៍​នឹង​​មក​ (៧:១២)។

៣. សេចក្តី​អធិស្ឋាន​របស់​ហោរា​មីកា​​នៅក្នុង​ខ. ១៤ ​ចង្អុល​ប្រាប់​យើង​អំពី​ព្រះ​យេស៊ូវ​។ កណ្ឌ​មីកា​បាន​បង្ហាញ​ថា «​ពួក​អ្នក​គង្វាល» ​​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​ហោរា​មីកា​ (ពួក​ស្តេច​ និង​ពួក​សង្ឃ) គឺ​ជា​ពួក​អ្នក​គង្វាល​អាក្រក់​ និង​ពុករលួយ។ ដូច្នេះ​ហើយ​​បាន​ជា​​ហោរា​មីកា​អធិស្ឋាន​សូម​អោយ​ព្រះ​​​ឃ្វាល​​រាស្ត្រ​របស់​ទ្រង់​វិញ​នៅ​គ្រា​អនាគត​​​។ ​ពួក​ហោរា​​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ទាយ​ថា ​ដំណោះស្រាយ​របស់​ព្រះ​គឺ​ថា ព្រះ​អង្គ​ទ្រង់​​នឹង​​ប្រទាន​ស្តេច​ដ៏​ជា​អ្នក​គង្វាល​ពិសេស​មួយ ដែល​នឹង​ជា​ពូជពង្ស​របស់​ស្តេច​ដាវីឌ (ឧទាហរណ៍ យេរេមា ២៣:១-៦; អេសេគាល ៣៤:២៣-២៤; ៣៧:២៤-២៥)។ ​ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី​ ហើយ​ប្រកាស​ថា ទ្រង់​គឺ​ជា​អ្នក​គង្វាល​ល្អ (យ៉ូហាន ១០)។ ​ទ្រង់​គឺ​ជា​ «​អ្នក​គង្វាល​ដ៏​ធំ» (ហេព្រើរ ១៣:២០)។ ​យើង​ទន្ទឹង​រង់ចាំ​ដល់​ការ​យាង​​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​ ហើយ​ពេល​នោះ «កូនចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល​​ពួកគេ» (វិវរណៈ ៧:១៧)។

៤. ​​ព្រះ​យេស៊ូវ​បាន​ដកស្រង់​ មីកា ៧:៦ ​នៅពេល​ទ្រង់​​កំពុង​មាន​បន្ទូល​អំពី​បេសកកម្ម​របស់​ទ្រង់ (សូម​មើល ម៉ាថាយ ១០:៣៥-៣៩; លូកា ១២:៥៣)។ យើង​គួរ​តែ​យល់​អំពី​អ្វី​ដែល​​ព្រះ​ចង់​​មាន​ន័យ​នៅក្នុង​​​ការ​ដក​ស្រង់​នេះ​ ហើយ​ការ​យល់​អំពី​​​​ខ​គម្ពីរ​​ក្នុង​កណ្ឌ​មីកា​​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​អាច​​ជួយ​យើង​អោយ​យល់​អត្ថន័យ​របស់​ទ្រង់​បាន​។ ​ការ​បែក​បាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​​នេះ (មីកា ៧:៦) ​និយាយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​​នៅ «ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង​» (៧:៤)។​ ថ្ងៃ​​នោះ​គឺ​ជា​ថ្ងៃ​វិនិច្ឆ័យ។ ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ​ថ្ងៃ​នេះ​​ត្រូវ​បាន​ហៅ​ថា «ថ្ងៃ​នៃ​ព្រះ​អម្ចាស់​» គឺ​ជា​ពេល​ដែល​ព្រះ​យាង​មក​​ប្រទាន​ការ​វិនិច្ឆ័យ ឬ​សេចក្តី​​សង្គ្រោះ​ ឬ​ប្រទាន​ទាំង​ពីរ​។ ​នៅ​ក្នុង​ពេល​វេលា​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ​និង​ថ្មី ពួក​យូដា​បាន​ប្រើ​ មីកា ៧:៦ ​នេះ​ ដើម្បី​បរិយាយ​អំពី​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នា​ពេល​អនាគត​។ ​នៅ​ពេល​ព្រះ​យេស៊ូវ​ដក​ស្រង់​ មីកា ៧:៦ នេះ​ គឺ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​​គឺ​ជា​អង្គ​ដែល​នាំ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នេះ​ឲ្យ​មក​ដល់​។ ​ទ្រង់​នឹង​នាំ​មក​នូវ​ការ​បាក់​បែក​ ដែល​ជា​ការ​បាក់បែក​ដ៏​ធំ​បំផុត​​នៅ​ក្នុង​មនុស្ស​ជាតិ គឺ​រវាង​អស់​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​​ និង​អស់​អ្នក​ដែល​មិន​ជឿ​ទ្រង់​​។ ​នេះ​មិន​មាន​ន័យ​ថា ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​អោយ​មាន​ការ​បាក់​បែក​នោះ​ទេ។ ​ទ្រង់​បាន​យាង​មក​បង្រួបបង្រួម ​និង​ផ្សះផ្សា​យើង​ជាមួយ​ព្រះ​វិញ​ ដូច្នេះ​មនុស្ស​អាច​រួបរួម​គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​បាន (អេភេសូរ ២:១១-២១)។ ប៉ុន្តែ​យើង​ឃើញ​ថា ​ប្រវត្តិសាស្ត្រ​រយៈ​ពេល​២០០០ឆ្នាំ​ហើយ​ ​ចាប់​តាំង​ពី​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ថា មាន​ការ​បាក់បែក​ដ៏​ធំ​មួយ​រវាង​​អស់​អ្នក​ដែល​​ទទួល​ជឿ​ព្រះ​យេស៊ូវ​​ និង​អស់​អ្នក​ដែល​​មិន​ទទួល​ជឿ​ទ្រង់​។ អស់​អ្នក​ដែល​មិន​ទទួល​ជឿ​ព្រះ​យេស៊ូវ ​ទាស់​ប្រឆាំង​នឹង​​ទ្រង់​ហើយ​ និង​​រាស្ត្រ​របស់​ទ្រង់​។ នេះ​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ​នៅ​ក្នុង​អ៊ីស្រាអែល​កាល​ពី​សតវត្ស​ទី​មួយ​មក​ម៉្លេះ​ គឺ​នៅ​ក្នុង​ចំណោម​​ជនជាតិ​អ៊ីស្រាអែល​មាន​​ការ​បាក់បែក​ដ៏​ធំ​មួយ​រវាង​អស់​អ្នក​ដែល​ទទួល​ជឿ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​មែស៊ី ដែល​ពួកគេ​បាន​រង់ចាំ និង​អស់​អ្នក​ដែល​បាន​បដិសេធ​ទ្រង់​។ ​ការ​បាក់បែក​នេះ​ក៏​នៅ​តែ​កើត​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​។ ​ពួក​យូដា​ខ្លះ​និយាយ​ថា ព្រះ​យេស៊ូវ​គឺ​ជា​​មនុស្ស​មាន​បាប​ដ៏​ខ្លាំង​ជាង​គេ​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​​ជនជាតិ​យូដា​​​ខ្លះ​ទៀត​​ទទួល​ជឿ​ថា ទ្រង់​គឺ​ជា​ព្រះ​មែស៊ី​ ដែល​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​​។ ដូច្នេះ ​ប្រវត្តិសាស្ត្រ​រយៈ​ពេល​២០០០​ឆ្នាំ​​បាន​បង្ហាញ​ថា ​​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គឺ​​ត្រឹម​ត្រូវ។

៥. ​ដូច​ដែល​ហោរា​មីកា​បាន​ទួញ​សោក​​ចំពោះ​យេរូសាឡិម ហើយ​បាន​ប្រកាស​​អំពី​ «​ថ្ងៃ​ដែល​ព្រះ​​មក​ឯ​ឯង» (៧:៤) ​ដើម្បី​បំផ្លាញ​​ នោះ​ព្រះ​យេស៊ូវ​ក៏​​បាន​ទួញ​សោក​ចំពោះ​យេរូសាឡិម​ ដោយ​ព្រោះ​ពួកគេ​មិន​បាន​ស្គាល់​ថ្ងៃ​ដែល​ព្រះ​បាន​យាង​មក​ឯ​ពួកគេ (គឺ​ជា​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ) ហើយ​បាន​ទាយ​ថា យេរូសាឡិម​នឹង​ត្រូវ​​គេ​បំផ្លាញ​​ម្តង​ទៀត​ (ម៉ាថាយ ២៣:៣៧-៣៩; លូកា​ ១៩:៤១-៤៤)។ ទំនាយ​នេះ​ត្រូវ​បាន​បំពេញ​សម្រេច​នៅក្នុង​ឆ្នាំ​៧០​មុន​គ.ស នៅពេល​ពួក​រ៉ូម៉ាំង​​បាន​មក​បំផ្លាញ​យេរូសាឡិម​និង​ព្រះ​វិហារ​។

៦. ​ការ​ដែល​ហោរា​មីកា​បាន​រង់ចាំ​ដោយ​សង្ឃឹម​អោយ​ព្រះ​បញ្ចេញ​សកម្មភាព (៧:៧) ពិពណ៌នា​អំពី​ជីវិត​គ្រីស្ទបរិស័ទ​។ ​យើង​រង់ចាំ​ដោយ​សង្ឃឹម​នូវ​អ្វី​ដែល​យើង​មើល​មិន​ឃើញ​ រង់ចាំ​​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិនិច្ឆ័យ​ខ្មាំង​សត្រូវ​របស់​យើង​ ហើយ​នាំ​​យេរូសាឡិម​ថ្មី​មក ដែល​ជា​លំនៅ​ដ្ឋាន​នៃ​សេចក្តី​សុចរិត​ ដូច្នេះ​យើង​​ត្រូវ​រំពឹង​មើល​ទៅ​ឯ​ព្រះយេស៊ូវ​ (ហេព្រើរ ១១:១១-២៣; វិវរណៈ​ ២១-២២)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top