១សាំយូអែល​ ១៧ ដាវីឌ​ និង កូលីយ៉ាត​ 1 Samuel 17 David and Goliath

1 Sam. 17 pdf download

ដើម្បី​អោយ​យើង​បាន​យល់​រឿង​នេះ​យ៉ាង​ត្រឹមត្រូវ​ យើង​ត្រូវ​យល់​អំពី​កណ្ឌ​១សាំយូអែល។  ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ ១សាំយូអែល​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ សាំយូអែល​»​ ​ http://www.dkdl.org/?page_id=1146 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៃ​រឿង​នៅ​ក្នុង​កណ្ឌ​នេះ។ ​

រឿង​អំពី​ដាវីឌ​ និង​កូលីយ៉ាត​គឺ​ជា​រឿង​មួយ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​យក​មក​បង្រៀន​ជា​ញឹកញាប់​ផង​ដែរ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ដែល​បង្រៀន​ពី​រឿង​នេះ​មិន​យល់ ​និង​អនុវត្ត​រឿង​នេះ​អោយ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ ​មនុស្ស​ជា​ច្រើន​បង្រៀន​រឿង​នេះ​ជា​ញឹកញាប់​ ដោយ​មាន​ការ​អនុវត្ត​ថា «​ដាវីឌ​បាន​មាន​ជំនឿ​ ហើយ​យើង​គួរ​តែ​ធ្វើ​តាម​គំរូ​របស់​ដាវីឌ​ដែរ គឺ​មាន​ជំនឿ​ដូច​ជា​គាត់»។ ​ការ​អនុវត្ត​នេះ​មិន​ខុស​ទេ ប៉ុន្តែ​ការ​អនុវត្ត​រឿង​នេះ​តាម​តែ​របៀប​នេះ​មាន​បញ្ហា​ពីរ។ បញ្ហា​ទី​មួយ​គឺ​ថា ​មនុស្ស​មិន​យល់​អំពី​ជំនឿ​របស់​ដាវីឌ​ ដូច្នេះ​ហើយ​មើល​មិន​ឃើញ​ការ​អនុវត្ត​ត្រឹម​ត្រូវ​ទេ។ បញ្ហា​ទី​ពីរ​គឺ​ថា បើសិន​យើង​គ្រាន់​តែ​ប្រើការ​អនុវត្ត​ថា «​ដាវីឌ​បាន​មាន​ជំនឿ​ ហើយ​យើង​គួរ​តែ​ធ្វើ​តាម​គំរូ​របស់​ដាវីឌ​ដែរ គឺ​មាន​ជំនឿ​ដូច​ជា​គាត់» នោះ​យើង​ខកខាន​មើល​ឃើញ​គោលការណ៍​សំខាន់​ជាង​នៅ​ក្នុង​រឿង​នេះ​ ​គឺ​យើង​មិន​ដូច​ជា​ដាវីឌ​ឡើយ ប៉ុន្តែ​យើង​ដូច​ជា​ជនជាតិ​អ៊ីស្រាអែល​ ដែល​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​ប្រយុទ្ធ​ជាមួយ​កូលីយ៉ាត​វិញ។ ​ដូច្នេះ យើង​ត្រូវ​សិក្សា​ចំណុច​ទាំង​ពីរ​នេះ។​

ជំនឿ​របស់​ដាវីឌ

បើសិន​យើង​សួរ​សំនួរ​ថា «​តើ​ដាវីឌ​មាន​ជំនឿ​លើ​អ្វី?» ​នោះ​ជា​រឿយៗ​មនុស្ស​ឆ្លើយ​ថា «​ព្រះ​»។ ​ចម្លើយ​នេះ​ត្រឹម​ត្រូវ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់​នៅ​ឡើយ​ទេ។ បើសិន​យើង​សួរ​ម្តង​ទៀត​ថា «តើ​ដាវីឌ​បាន​ជឿ​អ្វី​អំពី​ព្រះ​?» នោះ​ជា​រឿយៗ​មនុស្ស​ឆ្លើយ​ថា «ដាវីឌ​បាន​ជឿ​ថា ព្រះ​មាន​អំណាច​ព្រះ​ចេស្ដា​ ហើយ​ទ្រង់​នឹង​ប្រយុទ្ធ​ជំនួស​ដាវីឌ ដើម្បី​អោយ​ដាវីឌ​មាន​ជ័យ​ជំនះ​»។ ​ម្តង​ទៀត​ ចម្លើយ​នេះ​ត្រឹម​ត្រូវ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រាន់​នៅ​ឡើយ​ទេ។ ​បើសិន​យើង​សួរ​សំនួរ​ថា «ហេតុអ្វី​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ដាវីឌ?» ​នោះ​ជា​រឿយៗ​មនុស្ស​ផ្តល់​ចម្លើយ​មិន​ត្រឹម​ត្រូវ​មួយ ហើយ​វា​នាំ​អោយ​ពួកគេ​មិន​យល់​ អនុវត្ត​ និង​បង្រៀន​រឿង​នេះ​បាន​ត្រឹម​ត្រូវ​ឡើយ។​

ហេតុអ្វី​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ដាវីឌ? ជារឿយៗ​មនុស្ស​ផ្តល់​ចម្លើយ​មួយ​ ដែល​ផ្ដោត​លើ​អត្តចរិត​របស់​ដាវីឌ​ដូច​ជា «ដោយ​ព្រោះ​គាត់​សុចរិត​» «​ដោយ​ព្រោះ​គាត់​បាន​មាន​ជំនឿ​»…។ល។  ដូច្នេះ ​ពួក​គេ​ផ្ដោត​ដាវីឌ​ដែល​ជា​មនុស្ស​តែ​ប៉ុណ្ណោះ។ ​ការ​ផ្ដោត​នេះ​មិន​ត្រឹមត្រូវ​ឡើយ។ ហេតុអ្វី​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ដាវីឌ? សេចក្តី​លំអិត​នៅក្នុង​រឿង​នេះ​ប្រាប់​យើង។ ពាក្យ​ផ្ទួន​គឺ​ជា​ចំណុច​សំខាន់​មួយ​នៅក្នុង​ការ​សរសេរ​ជា​ភាសា​ហេព្រើរ​ ដែល​ជួយ​បង្ហាញ​គំនិត​ចំបង​នៃ​រឿង។ ​មាន​ពាក្យ​ផ្ទួន​មួយ​នៅក្នុង​រឿង​នេះ​ ដែល​ជួយ​បង្ហាញ​គំនិត​ចំបង​នៃ​រឿង​ និង​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​ដាវីឌ។ ​នៅក្នុង​ខ. ២៦ ដាវីឌ​សួរ​ថា «ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ដូច្នេះ» បន្ទាប់​មក​នៅក្នុង​ខ. ៣៦ ដាវីឌ​និយាយ​ទៅ​កាន់​សូល​ថា «សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ហើយ»។ ​បន្ទាប់​មក​នៅក្នុង​ខ. ៤៥ ​ឃ្លា​ដំបូង​ដែល​ដាវីឌ​និយាយ​ទៅ​កាន់​កូលីយ៉ាត​គឺ​ថា «ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ»។ ​ឥឡូវ​នេះ តើ​អ្នក​មើល​ឃើញ​ពាក្យ​ផ្ទួន​ទាំង​នេះ​ហើយ​ឬ​នៅ​? ដាវីឌ​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា នៅពេល​កូលីយ៉ាត​ប្រកួត​ជាមួយ​អ៊ីស្រាអែល គឺ​គាត់​កំពុង​ប្រកួត​ជាមួយ​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ហើយ។ ​ដាវីឌ​បាន​យល់​ថា អ៊ីស្រាអែល​គឺ​​រាស្រ្ត​របស់​ព្រះជាម្ចាស់។ ​ដាវីឌ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះ​ និង​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​គាត់​ក៏​បាន​ដឹង​ថា ​ព្រះ​បាន​ស្ថិត​នៅក្នុង​ទំនាក់ទំនង​សម្ព័ន្ធ​មេត្រី​ជាមួយ​អ៊ីស្រាអែល​ ដែល​ត្រូវ​បាន​បង្កើត​តាម​រយៈ​សម្ព័ន្ធមេត្រី​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប។ ​តាមរយៈ​សម្ព័ន្ធ​មេត្រី​នេះ​ ​ព្រះ​ដ៏​ជា​ព្រះ​អាទិករ​នៃ​សកល​លោក​ជា​របស់​អ៊ីស្រាអែល​ ហើយ​អ៊ីស្រាអែល​ជា​របស់​ព្រះ។ ​ព្រះ ​និង​អ៊ីស្រាអែល​ជា​របស់​គ្នា​ទៅ​វិញ​ទៅ​មក​នៅក្នុង​ទំនាក់ទំនង​ពិសេស​នេះ​ ​បាន​ជា​កង​ពល​របស់​អ៊ីស្រាអែល​គឺ​ជា​កង​ពល​របស់​ព្រះ។ ដូច្នេះ នៅពេល​កូលីយ៉ាត​ប្រកួត​ជាមួយ​អ៊ីស្រាអែល គឺ​គាត់​កំពុង​ប្រកួត​ជាមួយ​ពល​ទ័ព​នៃ​ព្រះ​ហើយ។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​នឹង​ប្រយុទ្ធ​ជំនួស​ដាវីឌ​ និង​អ៊ីស្រាអែល​ ហើយ​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​ដាវីឌ។ បើសិន​យើង​មិន​គិត​ពី​ចំណុច​នេះ​ទេ នោះ​យើង​នឹង​អនុវត្ត​រឿង​មិន​បាន​ត្រឹម​ត្រូវ​ទេ។

​តើ​អ្នក​មើល​ឃើញ​ភាព​ខុស​គ្នា​រវាង​ចម្លើយ​ទាំង​ប៉ុន្មាន​ខាង​លើ​ចំពោះ​សំនួរ​ថា «ហេតុអ្វី​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ដាវីឌ​»? បើសិន​យើង​ឆ្លើយ​ថា​ «ដោយ​ព្រោះ​គាត់​សុចរិត​» «​ដោយ​ព្រោះ​គាត់​បាន​មាន​ជំនឿ​» ហើយ​ «​ដោយ​ព្រោះ​ដាវីឌ…» នោះ​យើង​ផ្ដោត​លើ​ដាវីឌ​ដែល​ជា​មនុស្ស​តែ​ប៉ុណ្ណោះ​ មិន​មែន​ព្រះ​ទេ ប៉ុន្តែ​ចម្លើយ​ត្រឹម​ត្រូវ​ផ្ដោត​លើ​ព្រះ​វិញ។ ​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ដាវីឌ ​និង​អ៊ីស្រាអែល​ ដោយ​ព្រោះ​ការ​មួយ​ដែល​ព្រះ​បាន​ធ្វើ​នៅ​អតីតកាល​ គឺ​ព្រះ​បាន​ចង​​សម្ព័ន្ធ​មេត្រី​មួយ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ ដើម្បី​យក​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់​ ហើយ​ពួកគេ​ជា​កម្មសិទ្ធិ​របស់​ទ្រង់។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ពួកគេ​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ដាវីឌ​ផ្ទាល់​និយាយ។ ម្តង​ទៀត​ ​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​ដាវីឌ​គឺ​ជា​សម្ព័ន្ធមេត្រី​ ដែល​ព្រះ​បាន​បង្កើត​នៅ​អតីតកាល​ ហើយ​ដោយសារ​តែ​ដាវីឌ​បាន​មាន​ជំនឿ​នេះ​ហើយ ទើប​គាត់​ហ៊ាន​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​កូលីយ៉ាត។ ​

​ឧទាហរណ៍​បញ្ជាក់​មួយ​អាច​ជួយ​ពន្យល់​គំនិត​នេះ​បាន។ បើសិន​បុរស​ម្នាក់​ឈ្មោះ​ សំណាង ​កំពុង​ជេរ​ប្រមាថ​ស្ត្រី​ម្នាក់​ ហើយ​មាន​បុរស​មាឌ​ធំ​ម្នាក់​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​បុរស​មាឌ​ធំ​នោះ​មិន​ខ្វល់​អំពី​សំណាង ដែល​កំពុង​ជេរ​ប្រមាថ​ស្ត្រី​នោះ​ឡើយ​ នោះ​សំណាង​មិន​ចាំ​បាច់​បារម្ភ​អំពី​បុរស​មាឌ​ធំ​នោះ​ឡើយ។ ​សំណាង​អាច​បន្ត​ជេរ​ប្រមាថ​ស្ត្រី​នោះ ពីព្រោះ​បុរស​មាឌ​ធំ​នោះ​នឹង​មិន​ធ្វើ​អ្វី​គាត់​ឡើយ។ ប៉ុន្តែ​ បើសិន​យើង​ផ្លាស់​ប្តូរ​រឿង​នេះ​បន្តិច​ គឺ​បុរស​មាឌ​ធំ​នោះ​គឺ​ជា​ស្វាមី​របស់​ស្ត្រី​នោះ​វិញ​ ហើយ​គាត់​ស្រឡាញ់​ភរិយា​របស់​គាត់ ហើយ​គាត់​នឹង​ការពារ​ភរិយា​របស់​គាត់​ នោះ​សំណាង​នឹង​ជួប​បញ្ហា​ជាមួយ​បុរស​មាឌ​ធំ​នោះ​ហើយ​ គឺ​បុរស​មាឌ​ធំ​នឹង​ប្រយុទ្ធ​ជំនួស​ភរិយា​របស់​គាត់​ ហើយ​បើសិន​សំណាង​ដឹង​ថា ​ពួកគេ​ទាំង​ពីរ​គឺ​ជា​ប្តី​ប្រពន្ធ នោះ​គាត់​នឹង​ឈប់​ជេរ​ប្រមាថ​ស្ត្រី​នោះ។ តើ​រឿង​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​អ្វី​? ​កំឡាំង​ និង​ថាមពល​ខ្លាំង​របស់​បុរស​មាឌ​ធំ​នោះ​មិន​មែន​ជា​ភាព​ខុស​គ្នា​ទេ ដែល​តាម​ពិត​គាត់​មាន​កំឡាំង ​និង​ថាមពល​ខ្លាំង​នៅក្នុង​រឿង​ទាំង​ពីរ។ ​ភាព​ខុស​គ្នា​នោះ​គឺ​ជា​ទំនាក់ទំនង​របស់​បុរស​មាឌ​ធំ ​និង​ស្ត្រី​នោះ។

​នេះ​គឺ​ជា​គំនិត​ដូច​គ្នា​នៅក្នុង​រឿង​ដាវីឌ ​និង​កូលីយ៉ាត​ផង​ដែរ។ ហេតុអ្វី​ដាវីឌ​បាន​ជឿ​ថា ព្រះ​នឹង​ប្រយុទ្ធ​ជំនួស​គាត់​ និង​អ៊ីស្រាអែល​? ​គាត់​មិន​គ្រាន់តែ​ជឿ​ថា ព្រះ​មាន​អំណាច​ខ្លាំង​ក្លា​ប៉ុណ្ណោះ​ទេ ហើយ​ក៏​មិន​មែន​ដោយសារ​អ្វី​មួយ​ដែល​ដាវីឌ​បាន​ធ្វើ​នោះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​អ្វី​មួយ​ដែល​ព្រះ​បាន​ធ្វើ​វិញ។ ដាវីឌ​បាន​ដឹង​ថា ​ព្រះ​បាន​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​សម្ព័ន្ធមេត្រី​មួយ​ជាមួយ​អ៊ីស្រាអែល​ ​គឺ​ព្រះ​ និង​អ៊ីស្រាអែល​ជា​កម្មសិទ្ធិ​របស់​គ្នា​ទៅ​វិញ​ទៅមក ដូច​ជា​ប្តី​ប្រពន្ធ។ ​

​គំនិត​នេះ​នាំ​យើង​ទៅ​ឯ​សំនួរ​យ៉ាង​សំខាន់​មួយ​អំពី​ការ​អនុវត្ត។ យើង​មិន​មែន​ជា​ជនជាតិ​អ៊ីស្រាអែល​ទេ គឺ​យើង​មិន​ស្ថិត​នៅក្នុង​សម្ព័ន្ធមេត្រី​ ដែល​អ៊ីស្រាអែល​មាន​ជាមួយ​ព្រះ​នៅ​សម័យ​នោះ​ទេ។ ​បើសិន​យើង​គ្រាន់​តែ​អនុវត្ត​រឿង​នេះ​ទៅ​កាន់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ថា «ចូរ​ជឿ​លើ​ព្រះ​ដូច​ជា​ដាវីឌ​បាន​ជឿ​ចុះ» «​ព្រះ​នឹង​ប្រយុទ្ធ​ជំនួស​យើង​» ​នោះ​យើង​មាន​បញ្ហា​មួយ​ ពីព្រោះ​យើង​មិន​ស្ថិត​នៅក្នុង​សម្ព័ន្ធ​មេត្រី ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​ដាវីឌ​ និង​មូលហេតុ​ដែល​ព្រះ​បាន​ប្រយុទ្ធ​ជំនួស​ពួកគេ​ឡើយ។ យើង​មិន​មែន​ជា​ជនជាតិ​អ៊ីស្រាអែល​ទេ។ បើសិន​យើង​ប្រាប់​មនុស្ស​គ្រប់​គ្នា​ពី​រឿង​នេះ​ថា «​ព្រះ​មាន​អំណាច​ព្រះ​ចេស្ដា ហើយ​ដាវីឌ​បាន​មាន​ជំនឿ​លើ​ទ្រង់​ ហើយ​ទ្រង់​បាន​ជួយ​គាត់ នោះ​ចូរ​មាន​ជំនឿ​លើ​ព្រះ​អំពី​បញ្ហា​នៅក្នុង​ជីវិត​របស់​អ្នក​ចុះ​» នោះ​យើង​ពិត​ជា​បាន​កាត់​ស្រាយ​ និង​អនុវត្ត​អត្ថបទ​គម្ពីរ​នេះ​ខុស​ហើយ។ ​បើសិន​មនុស្ស​ដែល​យើង​កំពុង​អនុវត្ត​រឿង​នេះ​ទៅ​កាន់​មិន​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​សម្ព័ន្ធមេត្រី​ជាមួយ​ព្រះ​ទេ នោះ​ហេតុអ្វី​ព្រះ​ត្រូវ​កាន់​ខាង​គាត់​ ដូចជា​ទ្រង់​បាន​កាន់​ខាង​ដាវីឌ ជាជាង​ទាស់​ប្រឆាំង​នឹង​គាត់​ ដូច​ជា​ព្រះ​បាន​ទាស់​ប្រឆាំង​នឹង​កូលីយ៉ាត​?​

ដូច្នេះ តើ​យើង​អនុវត្ត​រឿង​នេះ​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្តេច​? ​ចូរ​ចង​ចាំ​ថា ​ជំនឿ​របស់​ដាវីឌ​បាន​ផ្អែក​លើ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នៅ​ក្នុង​អតីតកាល​ ​គឺ​ព្រះ​បាន​ចង​​សម្ព័ន្ធមេត្រី​មួយ​ជាមួយ​អ៊ីស្រាអែល​តាមរយៈ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ ហើយ​ដោយសារ​សម្ព័ន្ធ​មេត្រី​នេះ ​អ៊ីស្រាអែល​គឺ​ជា​កម្មសិទ្ធិ​របស់​ព្រះ។ ​ប៉ុន្តែ​នៅ​សព្វ​ថ្ងៃ​នេះ​យើង​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ខុស​គ្នា​មួយ​ គឺ​យើង​ស្ថិត​នៅក្នុង​សម័យ​សម្ព័ន្ធ​មេត្រី​ថ្មី ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​អតីតកាល​តាមរយៈ​ព្រះ​យេស៊ូវ​ ជា​ពិសេស​តាមរយៈ​ការ​សុគត​ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​យើង។ ដូច្នេះ បើសិន​យើង​នឹង​ធ្វើ​តាម​គំរូ​របស់​ដាវីឌ នោះ​មាន​ន័យ​ថា យើង​ជឿ​លើ​ព្រះ​យេស៊ូវ។  ដាវីឌ​បាន​រស់​នៅ​ក្នុង​សម័យ​ ដែល​មាន​សម្ព័ន្ធមេត្រី ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​នៅ​ក្នុង​អតីតកាល​តាមរយៈ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ហើយ​ដាវីឌ​ជឿ​ថា ព្រះអង្គ​នឹង​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​សម្ព័ន្ធ​មេត្រី​នោះ។ ចំណែក​យើង​វិញ យើង​រស់​នៅ​ក្នុង​សម័យ​ ដែល​មាន​សម្ព័ន្ធមេត្រី​ថ្មី ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​អតីតកាល​ ​តាមរយៈ​ព្រះយេស៊ូវ​ ដូច្នេះ​យើង​ជឿ​លើ​ព្រះ​យេស៊ូវ។ ​នៅពេល​យើង​ជឿ​លើ​ព្រះ​យេស៊ូវ​ នោះ​យើង​បាន​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​សម្ព័ន្ធមេត្រី​ជាមួយ​ព្រះ យើង​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ (រ៉ូម ៨:៥-១៧; កាឡាទី ៣:២៦-២៨) ហើយ​ទ្រង់​គឺ​ជា​ព្រះ​របស់​យើង​ ហើយ​ទ្រង់​កាន់​ខាង​យើង​ មិន​មែន​ទាស់​ប្រឆាំង​នឹង​យើង​ឡើយ (រ៉ូម ៨:២៨-៣៩)។ ​មែន​ហើយ ​ព្រះ​ពិត​ជា​មាន​អំណាច​ព្រះ​ចេស្ដា​ខ្លាំង​ពូកែ​មែន ប៉ុន្តែ​អំណាច​ព្រះ​ចេស្ដា​នោះ​មិន​ល្អ​ចំពោះ​យើង​ឡើយ បើសិន​ព្រះ​មិន​កាន់​ខាង​យើង​ តែ​ទាស់​ប្រឆាំង​នឹង​យើង​វិញ​នោះ។ នៅ​ក្នុង​ព្រះគ្រីស្ទ ព្រះ​កាន់​ខាង​យើង ​ហើយ​នេះ​មិន​មាន​ន័យ​ថា យើង​នឹង​មិន​មាន​បញ្ហា​នៅក្នុង​ជីវិត​របស់​យើង​ឡើយ​ ប៉ុន្តែ​យើង​នឹង​មានជ័យ​ជំនះ​តាមរយៈ​បញ្ហា​ទាំង​នោះ។ ​

តើ​យើង​ដូច​ជា​ដាវីឌ ឬ​ក៏​ដូច​ជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ភ័យ​ខ្លាច​?

នៅ​ពេល​យើង​គ្រាន់​តែ​អាន​រឿង​នេះ​ ដើម្បី​ព្យាយាម​ធ្វើ​ដូច​ជា​ដាវីឌ​ប៉ុណ្ណោះ ​នោះ​យើង​បាត់​បង់​គោលការណ៍​សំខាន់​មួយ​នៅ​ក្នុង​រឿង​នេះ​ហើយ។ ​នៅក្នុង​រឿង​ជា​ច្រើន​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ យើង​មើល​ឃើញ​គោលការណ៍​ថា ព្រះ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ខ្មាំង​សត្រូវ​របស់​ពួកគេ​តាមរយៈ​មនុស្ស​ម្នាក់​ ដែល​ព្រះ​អង្គ​ទ្រង់​បាន​ជ្រើស​រើស។ ​នៅ​ក្នុង​រឿង​នេះ ​មនុស្ស​ម្នាក់​ដែល​ព្រះ​ជ្រើស​រើស​ និង​ប្រើ​គឺ​ជា​ដាវីឌ។ ដាវីឌ​គឺ​ជា «អ្នក​រើស​តាំង​» របស់​ព្រះ​ (ទំនុក​ដំកើង ៨៩:៣)។ ​ជន​ជាតិ​អ៊ីស្រាអែល​ហាក់​ដូច​ជា​មិន​មាន​សមត្ថភាព​សង្គ្រោះ​ខ្លួន​ឯង​ចេញ​ពី​ខ្មាំង​សត្រូវ​បាន​ឡើយ​ ដូច្នេះ​ព្រះ​បាន​សង្គ្រោះ​ពួកគេ (ខ. ៤៧) តាមរយៈ​ដាវីឌ។ ​យោង​តាម​ព្រះគម្ពីរ ​ខ្មាំង​សត្រូវ​ធំ​បំផុត​របស់​យើង​គឺ​ជា​សាតាំង ​និង​សេចក្តី​ស្លាប់​ ហើយ​យើង​មើល​ឃើញ​ម្តង​ទៀត​នូវ​គោលការណ៍​ដូច​គ្នា​ថា យើង​ដូច​ជា​ជនជាតិ​អ៊ីស្រាអែល ដែល​មិន​មាន​សមត្ថភាព​សង្គ្រោះ​យក​ឈ្នះ​ខ្មាំង​សត្រូវ​របស់​ពួកគេ​ផង​ដែរ។ ​ជនជាតិ​អ៊ីស្រាអែល​បាន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​ត្រូវ​ការ​បាន​សង្គ្រោះ។​ នៅ​សព្វ​ថ្ងៃ​នេះ ​មនុស្ស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ ហើយ​ត្រូវ​ការ​បាន​សង្គ្រោះ​ចេញ​បាប​របស់​ខ្លួន​ គឺ​ចេញ​ពី​សេចក្តី​ក្រោធ​របស់​ព្រះ ចេញ​ពី​សាតាំង​ និង​ចេញ​ពី​សេចក្តី​ស្លាប់។ ​

ព្រះ​សង្គ្រោះ​យើង​ចេញ​ពី​ខ្មាំង​សត្រូវ​ធំ​បំផុត​របស់​យើង​ ដែល​ជា​សាតាំង​ និង​សេចក្តី​ស្លាប់ តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះ​អង្គ​ទ្រង់​បាន​រើស​តាំង​ គឺ​ជា​ព្រះ​យេស៊ូវ​ ដែល​ជា «អ្នក​រើស​តាំង​» ដ៏​អស្ចារ្យ​បំផុត​ (អេសាយ ៤២:១) ហើយ​ជា​ពូជ​ពង្ស​របស់​ដាវីឌ។ ​តាមរយៈ​ការ​សុគត ​និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ​ព្រះយេស៊ូវ​បាន​ទទួល​យក​ទណ្ឌកម្ម​សំរាប់​បាប​របស់​យើង​ ហើយ​បាន​យក​ឈ្នះ​សេចក្តី​ស្លាប់ ​និង​សាតាំង។ ​ជនជាតិ​អ៊ីស្រាអែល​បាន​សង្គ្រោះ​ដោយសារ​ជ័យ​ជំនះ​របស់​រើស​តាំង​របស់​ព្រះ គឺ​ដាវីឌ ហើយ​យើង​បាន​សង្គ្រោះ​ដោយសារ​ជ័យ​ជំនះ​ (យ៉ូហាន ១៦:៣៣) ​របស់​អ្នក​រើស​តាំង​ដ៏​អស្ចារ្យ​បំផុត​ ​គឺ​ព្រះ​យេស៊ូវ។ ​ដាវីឌ​ត្រូវ​បាន​លើក​ឡើង​ធ្វើ​ជា​ស្តេច​ដោយសារ​តែ​ជ័យ​ជំនះ​របស់​គាត់​នៅ​ទី​នេះ (១សាំយូអែល ១៧:២៥) ​ហើយ​ព្រះ​យេស៊ូវ​ក៏​ត្រូវ​លើក​ឡើង​ធ្វើ​ជា​ស្តេច​ខ្ពស់​បំផុត​ដោយសារ​ជ័យ​ជំនះ​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​ផង​ដែរ (ម៉ាថាយ ២៧:៣៧; យ៉ូហាន ១៩:១៩; ភីលីព ២:៥-១១)។ មាន​របៀប​ជា​ច្រើន​ដែល​យើង​មើល​ឃើញ​ថា ​ដាវីឌ​គឺ​ជា​ស្រមោល​អំពី​ព្រះយេស៊ូវ​។ ​ឈ្មោះ​របស់​ដាវីឌ​មាន​ន័យ​ថា​ «ស្ងួន​ភ្ងា​» ​ហើយ​ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ព្រះ​។ ទាំង​ដាវីឌ​ និង​ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​បេថ្លេហិម​ ហើយ​បាន​ទទួល​ការ​បដិសេធ​ដោយ​ប្រជាជន​របស់​ខ្លួន​ដូច​គ្នា​ ប៉ុន្តែ​សំខាន់​បំផុត​ចេញ​​ពី​រឿង​នេះ ​ទាំង​ពីរ​តួអង្គ​បាន​មាន​ជ័យ​ជំនះ​ដើម្បី​សង្គ្រោះ​រាស្រ្ត​របស់​ព្រះ​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top