1 Kn. 17 Elijah and the widow pdf download
ដើម្បីអោយយើងបានយល់រឿងនេះយ៉ាងត្រឹមត្រូវ យើងត្រូវយល់អំពីកណ្ឌ១ពង្សាវតារក្សត្រ។ ដើម្បីស្រាវជ្រាវអំពីកណ្ឌ ១ពង្សាវតារក្សត្រ សូមអានឯកសារ «ពាក្យលំនាំ ៖ ពង្សាវតារក្សត្រ» http://www.dkdl.org/?page_id=1085 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៃរឿងនៅក្នុងកណ្ឌនេះ។
នេះគឺជាអត្ថបទគម្ពីរល្បីល្បាញមួយ ដែលជាញឹកញាប់គ្រូអធិប្បាយយកមកអធិប្បាយ ប៉ុន្តែពួកគេផ្ដោតលើសីលធម៌របស់មនុស្សនៅក្នុងរឿងនេះ ដូចជាស្ត្រីមេម៉ាយជួយហោរាអេលីយ៉ា ហើយហោរាអេលីយ៉ាជួយស្ត្រីមេម៉ាយ ហើយបន្ទាប់មកព្យាយាមនិយាយអំពីអ្វីដែលយើងគួរតែធ្វើ ដើម្បីដើរតាមគំរូរបស់ពួកគេ។ បើសិននេះគឺជាសារនៅក្នុងសេចក្តីអធិប្បាយរបស់យើង នោះយើងបានបាត់បង់អត្ថន័យរបស់អត្ថបទនេះហើយ។
ដើម្បីយល់រឿងនៅក្នុងព្រះគម្ពីរ យើងគួរតែយល់បរិបទប្រវត្តិសាស្ត្ររបស់វាជាមុនសិន។ បរិបទសំរាប់រឿងនេះគឺថា ស្តេចអ័ហាប់គឺជាស្តេចគ្រប់គ្រងអ៊ីស្រាអែល ហើយគាត់គឺជាស្តេចដ៏អាក្រក់មួយអង្គ។ ជំពូកនេះគឺជាជំពូកដំបូងនៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីហោរាអេលីយ៉ា គឺវាចាប់ផ្តើមរឿងរបស់គាត់។ យើងគួរតែកត់សំគាល់ពាក្យសំដីដំបូងគេ ដែលហោរាអេលីយ៉ានិយាយ និងអ្នកដែលគាត់និយាយទៅកាន់។ គាត់និយាយទៅកាន់ស្តេចអ័ហាប់ ដែលជាស្តេចអាក្រក់របស់អ៊ីស្រាអែលថា «ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ»។ ហេតុអ្វីហោរាអេលីយ៉ានិយាយពាក្យសំដីនេះ? តើអ្វីជាមូលដ្ឋានគ្រឹះនៃពាក្យសំដីរបស់ហោរាអេលីយ៉ា? ចម្លើយមាននៅក្នុង ចោទិយកថា ២៨:១៥, ២៣-២៤។ ព្រះបានព្រមានអ៊ីស្រាអែលនៅពេលពួកគេបានចូលទៅក្នុងទឹកដីសន្យាថា បើសិនពួកគេមិនស្តាប់បង្គាប់ទ្រង់ទេ នោះទ្រង់នឹងប្រទានបណ្តាសា រួមទាំងគ្រោះរាំងស្ងួតផងដែរ។ នៅពេលហោរាអេលីយ៉ានាំព្រះរាជសារនេះដល់ស្តេចអ័ហាប់ គឺគាត់កំពុងទូលប្រាប់ស្តេចថា ដោយសារតែសេចក្តីទុច្ចរិតរបស់ស្តេចនិងរបស់ប្រជាជន នោះព្រះកំពុងដាក់បណ្តាសានៃសម្ព័ន្ធមេត្រី ដែលទ្រង់បានព្រមាននៅក្នុង ចោទិយកថា ២៨ ដល់ពួកគេ។ ដូច្នេះ ហោរាអេលីយ៉ាបានអធិស្ឋានកុំអោយមានភ្លៀង (យ៉ាកុប ៥:១៧)។ ប៉ុន្តែសាររបស់ហោរាអេលីយ៉ាមានន័យលើសពីនេះទៅទៀត។ ស្តេចអ័ហាប់បានបដិសេធព្រះពិតរបស់អ៊ីស្រាអែល គឺព្រះយេហូវ៉ា ហើយបានថ្វាយបង្គំនិងបម្រើព្រះបាលវិញ ដែលជាមេព្រះគ្រប់គ្រងភ្លៀងរបស់សាសន៍កាណាន។ មនុស្សបានជឿថា ព្រះបាលជាមេព្រះគ្រប់គ្រងភ្លៀងរបស់សាសន៍កាណាន។ សាររបស់ហោរាអេលីយ៉ាបានបង្ហាញប្រាប់ស្តេចអ័ហាប់ថា ព្រះយេហូវ៉ា ដែលជាព្រះរបស់អ៊ីស្រាអែល ជាអ្នកគ្រប់គ្រងភ្លៀង មិនមែនព្រះបាលរបស់សាសន៍កាណានឡើយ។
នៅពេលព្រះបន្ទូលព្រះមកដល់ស្តេចអ័ហាប់តាមរយៈហោរាអេលីយ៉ា ស្តេចអ័ហាប់មិនស្តាប់តាម ឬប្រែចិត្តឡើយ ផ្ទុយទៅវិញហោរាអេលីយ៉ាត្រូវប្រឈមនឹងគ្រោះថ្នាក់ទៅវិញ ដូច្នេះព្រះនាំហោរាអេលីយ៉ារត់គេចខ្លួន។ ជាដំបូង ព្រះនាំគាត់រត់គេចទៅជ្រៅកេរីត (ខ. ៣) ដែលស្ថិតនៅក្នុងអ៊ីស្រាអែលនៅឡើយ ប៉ុន្តែបន្ទាប់ពីទឹកជ្រៅក៏ត្រូវរីងទៅ (ខ. ៧) ព្រះនាំគាត់រត់គេចទៅសារិបតាជាទីក្រុងរបស់ពួកស៊ីដូន (ខ. ៩)។ សារិបតាគឺជាទីក្រុងរបស់ពួកសាសន៍ដទៃ ស្ថិតនៅក្នុងស្រុកភេនីស នៅខាងក្រៅអ៊ីស្រាអែល។ មានសារៈសំខាន់ណាស់ក្នុងការកត់សំគាល់ថា ហោរាអេលីយ៉ាកំពុងរត់គេចពីស្តេចអ័ហាប់របស់អ៊ីស្រាអែល និងមហេសីរបស់ទ្រង់ ព្រះនាងយេសិបិល ដែលបម្រើព្រះបាល ជាព្រះរបស់សាសន៍ភេនីស ហើយហោរាអេលីយ៉ាបែរជារត់ទៅជ្រកកោននៅក្នុងស្រុកភេនីស ដែលជាតំបន់របស់មនុស្សបម្រើព្រះបាល! ព្រះនាងយេសិបិល ដែលចង់សំឡាប់ហោរាអេលីយ៉ា គឺជាបុត្រីរបស់ស្តេចស៊ីដូន ដូច្នេះហោរាអេលីយ៉ាត្រូវតែបានគិតថា ការដែលព្រះបញ្ជាអោយគាត់ទៅស្រុកស៊ីដូននោះគឺជារឿងចម្លែក។ លើសពីនេះ ស្ត្រីមេម៉ាយនោះគឺជាស្ត្រីសាសន៍ភេនីស ដែលជាសាសន៍ដទៃដែលមានប្រពៃណីថ្វាយបង្គំព្រះបាល។ បើសិនយើងមិនកត់សំគាល់ការសង្កេតពិនិត្យនេះទេ នោះយើងនឹងបាត់បង់អត្ថន័យនិងសារនៃរឿងនេះទាំងស្រុងហើយ។
ទោះបីជាមានគ្រោះរាំងស្ងួតនិងគ្រោះទុរភិក្សនៅក្នុងអ៊ីស្រាអែលហើយយើងក៏ឃើញថា មានគ្រោះរាំងស្ងួតនៅក្នុងស្រុកភេនីសក៏ដោយ ក៏ព្រះនៅតែបានផ្គត់ផ្គង់សំរាប់ស្ត្រីសាសន៍ដទៃនោះតាមរយៈហោរាអេលីយ៉ាខណៈអ៊ីស្រាអែលបានរងគ្រោះ។ ព្រះមិនគ្រាន់តែបានផ្គត់ផ្គង់អាហារសំរាប់ស្ត្រីមេម៉ាយនោះប៉ុណ្ណោះទេ ប៉ុន្តែព្រះក៏បានប្រោសអោយកូនប្រុសរបស់គាត់រស់ពីស្លាប់ឡើងវិញតាមរយៈហោរាអេលីយ៉ាផងដែរ។
ជារឿយៗ នៅក្នុងរឿងជាភាសាហេព្រើរ ចុងបញ្ចប់នៃរឿងជួយពន្យល់អំពីសាររបស់រឿង គឺវាផ្តល់ការសន្និដ្ឋាន។ ខ. ២៤ ជាខចុងក្រោយនៃជំពូកនេះធ្វើដូច្នេះ ដោយសរសេរថា «នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅ មាត់លោក នោះជាសេចក្តីពិតមែន»។ ដើម្បីយល់សារនៅក្នុងជំពូកនេះ យើងត្រូវតែកត់សំគាល់ថា រឿងនេះចាប់ផ្តើមជាមួយព្រះបន្ទូលព្រះទៅកាន់ស្តេចអ័ហាប់របស់អ៊ីស្រាអែលតាមរយៈហោរាអេលីយ៉ា ហើយស្តេចអ័ហាប់ជាជនជាតិអ៊ីស្រាអែលបានបដិសេធព្រះបន្ទូលនោះ ហើយបានដើរតាមព្រះរបស់សាសន៍ភេនីសវិញ។ រឿងនេះបញ្ចប់ដោយស្ត្រីសាសន៍ភេនីស ដែលសាសន៍ដទៃហើយពីមុនធ្លាប់បម្រើព្រះបាលរបស់សាសន៍ភេនីស ប៉ុន្តែឥឡូវនេះកំពុងប្រកាសជំនឿរបស់គាត់ថា ព្រះបន្ទូលពីព្រះយេហូវ៉ា ជាព្រះរបស់អ៊ីស្រាអែល គឺពិតប្រាកដមែន។ ស្តេចអ័ហាប់និងស្ត្រីមេម៉ាយនោះមានភាពខុសគ្នាទាំងស្រុង។
ភាពខុសគ្នានេះជួយពន្យល់អំពីរបៀបដែលព្រះយេស៊ូវបានអនុវត្តរឿងនេះនៅក្នុង លូកា ៤:១៤-៣០។ ក្នុងនាមជាជនជាតិអ៊ីស្រាអែល ជាសាសន៍យូដាម្នាក់ ព្រះយេស៊ូវបានយាងត្រឡប់ទៅកាន់ស្រុកកំណើតរបស់ទ្រង់ ប៉ុន្តែពួកគេនៅទីនោះបានបដិសេធទ្រង់។ ព្រះយេស៊ូវឆ្លើយតបចំពោះពួកគេ ដោយមានបន្ទូលអំពីរឿងនៅក្នុង ១ពង្សាវតារក្សត្រ ១៧ នេះ។ ព្រះយេស៊ូវពន្យល់ថា មានស្ត្រីមេម៉ាយជាច្រើននាក់នៅក្នុងអ៊ីស្រាអែលនៅពេលមានគ្រោះរាំងស្ងួតនៅក្នុងរឿងនេះ ប៉ុន្តែព្រះមិនបានបញ្ជូនហោរាអេលីយ៉ាទៅឯស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ណាឡើយ ប៉ុន្តែទៅ ឯស្ត្រីមេម៉ាយជាសាសន៍ដទៃវិញ។ ហោរាអេលីយ៉ាត្រូវបានជនជាតិអ៊ីស្រាអែលបដិសេធ ដូច្នេះគាត់ក៏បានទៅឯពួកសាសន៍ដទៃវិញ (ហើយស្ត្រីសាសន៍ដទៃបានទទួលយកពាក្យរបស់គាត់ជាព្រះបន្ទូលព្រះ) ហើយព្រះយេស៊ូវបានមានបន្ទូលថា ការនេះកើតឡើងចំពោះទ្រង់ដូចគ្នា។ ទ្រង់បានយាងទៅស្រុកកំណើតរបស់ទ្រង់នៅក្នុងអ៊ីស្រាអែល ហើយពួកគេបានបដិសេធទ្រង់។ (ក្រោយមក ព្រះរាជសាររបស់ទ្រង់នឹងទៅឯពួកសាសន៍ដទៃវិញ ហើយពួកគេនឹងទទួលយក)។
ព្រះបន្ទូលព្រះសំរាប់យើងនៅសព្វថ្ងៃនេះគឺជាដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលជាដំបូងត្រូវបានប្រទានដល់ពួកយូដា ដែលពួកគេជាច្រើនបានបដិសេធព្រះគ្រីស្ទ ដូចជាស្តេចអ័ហាប់ ហើយបន្ទាប់មកដល់ពួកសាសន៍ដទៃ ដែលមានមនុស្សជាច្រើនបានទទួលដំណឹងល្អ ដូចជាស្ត្រីមេម៉ាយម្នាក់នេះ។ នេះគឺជាផែនការរបស់ព្រះ។ យើងគួរតែលើកទឹកចិត្តអ្នកស្តាប់កុំអោយធ្វើដូចជាស្តេចអ័ហាប់ ដែលមានចិត្តរឹងរូសនិងបដិសេធព្រះបន្ទូលព្រះ ប៉ុន្តែត្រូវធ្វើដូចជាស្ត្រីមេម៉ាយ ដែលបានទទួលយកព្រះបន្ទូលព្រះវិញ។
ជំពូកនេះក៏បើកសំដែងយ៉ាងច្រើនអំពីព្រះផងដែរ គឺបង្រៀនថា ព្រះស្អប់បាប វិនិច្ឆ័យពួកមនុស្សមានបាបដោយយុត្តិធម៌ ទ្រង់មានអំណាចគ្រប់គ្រងលើអាកាសធាតុ ទ្រង់រក្សាសេចក្តីសន្យារបស់ទ្រង់ ទ្រង់មានសេចក្តីមេត្តាករុណាចំពោះមនុស្សខ្វះខាត និងអាចផ្គត់ផ្គង់ដល់សេចក្តីត្រូវការដោយការអស្ចារ្យ ទ្រង់ស្រឡាញ់ស្ត្រីមេម៉ាយនិងក្មេងកំព្រា ទ្រង់អាចប្រោសអោយមនុស្សរស់ពីស្លាប់ឡើងវិញបាន ហើយទ្រង់ទទួលយកពួកសាសន៍ដទៃធ្វើជាសមាជិកគ្រួសាររបស់ទ្រង់ផ្ទាល់។
រឿងនេះក៏មានអត្ថន័យបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរព្រោះ ជារឿយៗ ជនជាតិខ្មែរនិយាយថា «ជំនឿគ្រីស្ទបរិស័ទគឺជាសាសនារបស់ពួកបរទេស» ហើយថា ជនជាតិខ្មែរក៏មានសាសនាផ្ទាល់ខ្លួនដែរ។ ស្ត្រីមេម៉ាយនេះគឺជាសាសន៍ដទៃម្នាក់ ដែលប្រពៃណីបម្រើព្រះបាល ដែលជាព្រះរបស់សាសន៍ភេនីស ប៉ុន្តែគាត់បានទទួលជឿថា ព្រះរបស់អ៊ីស្រាអែល ដែលជាព្រះយេហូវ៉ា គឺជាព្រះពិត ហើយពាក្យសំដីចេញពីហោរារបស់ព្រះ ដែលជាហោរាអេលីយ៉ា គឺពិត។ ដូចគ្នាផងដែរ នៅសព្វថ្ងៃនេះ ពួកសាសន៍ដទៃអាចទទួលជឿថា ព្រះយេស៊ូវគឺជាសេចក្តីពិត ទោះបីជាពួកគេមកពីប្រវត្តិសាសនាផ្សេងក៏ដោយ។ ការរស់ពីស្លាប់ឡើងវិញរបស់កូនប្រុសរបស់ស្ត្រីមេម៉ាយបានធ្វើអោយគាត់ជឿថា ព្រះរបស់អ៊ីស្រាអែលគឺជាព្រះពិត ហើយការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវក៏គួរតែធ្វើអោយយើងជឿថា ទ្រង់គឺជាសេចក្តីពិតផងដែរ។ តាមរយៈហោរាអេលីយ៉ា សេចក្តីមេត្តាករុណាត្រូវបានលាតសន្ធឹងដល់ពួកសាសន៍ដទៃ ហើយសព្វថ្ងៃនេះតាមរយៈព្រះយេស៊ូវ សេចក្តីមេត្តាករុណារបស់ព្រះត្រូវបានលាតសន្ធឹងដល់ពួកសាសន៍ដទៃ។ អស់អ្នកដែលជឿលើព្រះយេស៊ូវនឹងត្រូវបានប្រោសអោយបានជីវិតអស់កល្បជានិច្ច ដូចជាកូនប្រុសរបស់ស្ត្រីមេម៉ាយសាសន៍ត្រូវបានប្រោសអោយរស់ឡើងវិញដែរ។
Leave a Reply