ពាក្យលំនាំ៖ លោកុប្បត្ដិ Introduction to Genesis

Genesis Intro pdf download

ព្រះគម្ពីរ ​ចាប់ផ្តើម​ដោយ​និទាន​រឿង​អំពី​ការ​បង្កើត​សកល​លោក ​ហើយ​បាន​បញ្ចប់​ដោយ​និទាន​រឿង​អំពី​​ការ​បង្កើត​សកល​លោកថ្មី។ កណ្ឌ​លោកុប្បត្ដិ មិន​គ្រាន់តែ​បង្រៀន​យើង​ថា ព្រះជាម្ចាស់បាន​បង្កើត​​គ្រប់​ទាំង​អស់​​ប៉ុណ្ណោះទេ ប៉ុន្តែ​​កណ្ឌ​នេះ​ក៏​​បាន​សំដែង​អោយ​​មើល​ឃើញ​​គោល​បំណង​របស់​ព្រះជាម្ចាស់​នៅ​​ក្នុង​ការ​បង្កើត​ផង​ដែរ​​។  ទ្រង់ ​បាន​បង្កើត​គ្រប់​ទាំង​អស់​មក​​​ជា​​​ល្អ​ប្រពៃ ប៉ុន្តែ​មនុស្ស​បាន​នាំ​បណ្តាសា​ សេចក្ដី​ស្លាប់ ​និង​​បញ្ហា​មក​ គឺ​នៅ​ពេល​​អ័ដាម​និង​ប្រពន្ធ​​របស់​គាត់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់។  ព្រះជាម្ចាស់ ​បាន​សន្យាថា ​ពូជ​​នាង​អេវ៉ា​​​នឹង​​កិន​​ក្បាល​ (បំផ្លាញ​) សត្វ​ពស់​ (មារ​សាតាំង​)។  បន្ទាប់​មក កណ្ឌ​លោកុប្បត្ដិ​បាន​សំដែង​ពី​​ផែនការណ៍​របស់​ព្រះជាម្ចាស់​សម្រាប់​​ពូជ​របស់​អេវ៉ា​ដែល​នឹង​បំផ្លាញ​មារ​សាតាំង​។  ពូជ​នោះ ​គឺ​ជា​ពូជ​របស់​​អ័ប្រាហាំ តាម​រយៈ​ អ៊ីសាក និងយ៉ាកុប។  (សូម​មើល​វីដេអូ ​ នៅ http://www.dkdl.org/?page_id=១៨១០).  ​

សារៈ​សំខាន់​នៃ​កណ្ឌ​លោកុប្បត្ដិ The Importance of Genesis

កណ្ឌ​គម្ពីរ​​លោកុប្បត្ដិ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ៖

១. កណ្ឌ​នេះ​ បាន​បង្រៀន​យ៉ាង​​ច្រើន​អំពី​​ព្រះជាម្ចាស់ ​ដូច​ជា ឫទ្ធានុភាព​របស់​ទ្រង់ ផែនការណ៍​របស់​ទ្រង់ ​​និង​​គោល​បំណង​របស់​​ទ្រង់​​ ដែល​យើង​អាច​មើល​ឃើញ​ដោយរៀន​អំពី​​គោល​បំណង​របស់​ព្រះជាម្ចាស់​ក្នុង​ការ​បង្កើត ហើយ​ក្នុង​សម្ព័ន្ធ​មេត្រី​ (ការតាំងសញ្ញា​) ដែល​ព្រះអង្គ​បាន​​ចង​ជា​មួយ​អ័ប្រាហាំ។

២. លោកុប្បត្ដិ​ ផ្ដល់មូលដ្ឋាន​គ្រឹះ ​ដើម្បី​ជួយ​យើង​​អោយ​យល់​ព្រះគម្ពីរ​ទាំង​មូល។

គម្រោង Outline

រឿង​ដ៏​បុរាណ​ពី​ការ​បង្កើត​ដល់​ប្រាសាទ​​បាបិល​ (១:១–១១:៣២)

ការ​បង្កើត​ (១:១–២:៣)

អ័ដាម ​និង​អេវ៉ា​ (២:៤–២៥)

ការ​ធ្លាក់​ចុះ (៣:១–២៤)

កាអ៊ីន​ និង​អេបិល​ (៤:១–២៦)

ពី​អ័ដាម​ដល់​ណូអេ​ (៥:១–៦:៨)

លោក​ណូអេ ​និង​ទឹក​ជំនន់​ (៦:៩–៩:១៧)

ពូជ​ពង្ស​របស់​លោក​ណូអេ​ (១០:១–៣២)

ប្រាសាទ​​បាបិល (១១:១–៣២)

អ័ប្រាហាំ​ និង​ពូជ​របស់​គាត់​​ (១២:១–៥០:២៦)

អ័ប្រាហាំ (១២:១–២៥:១១)

ពូជ​របស់​អ៊ីស្មាអែល​ (២៥:១២–១៨)

អ៊ីសាក (២៥:១៩–២៦:៣៥)

យ៉ាកុប (២៧:១–៣៥:២៩)

ពូជ​របស់អេសាវ​ (៣៦:១–៤៣)

យ៉ូសែប​ (៣៧:១–៥០:២៦)

របៀប​អាន​កណ្ឌលោកុប្បត្ដិ How to read Genesis

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌលោកុប្បត្ដិ​អោយ​បាន​ត្រឹម​ត្រូវ​ ជា​ការ​សំខាន់ ​យើង​ត្រូវ​យល់​អំពី​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅ​ក្នុង​ព្រះគម្ពីរ​ទាំង​មូល។ ដើម្បី​យល់​ចំនុច​ទាំង​បី​នេះ​បាន​ យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​​​បួន​ខាង​ក្រោម​​។

១. តើ​គោល​បំណង​របស់​កណ្ឌ​លោកុប្បត្ដិ​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

២. តើ​កណ្ឌ​លោកុប្បត្ដិ​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច​?

៣. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះអំពី​មនុស្ស​?

១. តើ​គោល​បំណង​របស់​កណ្ឌ​លោកុប្បត្ដិ​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

ព្រះគម្ពីរ ​គឺ​ជា​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការណ៍​របស់​ព្រះ ចាប់​ពី​ការ​បង្កបង្កើត​ដល់​ការ​បង្ក​បង្កើត​ថ្មី។ ​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​ជា​ល្អ​ពី​ដំបូង ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ​ពួកគេ ​គឺ​ជា   ​រាស្ត្រ​របស់​ព្រះ ​ដែល​​រស់​នៅ​ទីកន្លែង​របស់​ព្រះ​ ​ហើយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ។ ​ពួក​គេ ​​មិនបាន​ស្តាប់​បង្គាប់​ព្រះ ហើយ​ត្រូវ​បាន​ព្រះ​បណ្តេញ​ចេញ​ពី​សួន​ច្បារ​ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ​ទៅ​។ ​ផ្នែក​ទាំង​អស់​ទៀត​នៃ​ព្រះ​គម្ពីរ ​និយាយ​អំពី​ផែនការណ៍​របស់​ព្រះ​ ដើម្បី​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះបោរ​នេះ​ ហើយ​ស្តា​នគរ​និងរាស្ត្រ​របស់​ទ្រង់​​អោយ​​រស់​នៅ​ក្នុង​ទីកន្លែង​របស់​ព្រះ និង​នៅ​ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ​ឡើង​វិញ។ ​ដូច្នេះ ​ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ​ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​ធំ​មួយ ហើយ​ពួក​គេ​នឹង​ទទួល​បាន​ទឹកដី​សន្យា។ ​ពួកគេ ​ត្រូវ​តែធ្វើ​​ជា​រាស្ត្រ​របស់​ព្រះ​ រស់​នៅ​ក្នុង​ទីកន្លែង​របស់​ព្រះ ​ហើយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ។ ​ទ្រង់ ​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ អ៊ីស្រាអែល​​នឹង​បាន​រស់​នៅ​​ក្នុង​ទឹកដី​សន្យា​ ដែល​ជា​អេដែន​ថ្មី​ និង​ទី​បរិសុទ្ធ​ថ្មី។ ​

ប៉ុន្តែ​មុន​ពេល​ពួកគេ​អាច​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា​បាន ព្រះ​បាន​ព្រមាន​ថា ​ពួក​គេ​នឹង​ក្លាយ​ជា​ទាសករ​នៅ​ក្នុង​ប្រទេស​ដទៃ​អស់​រយៈ​ពេល​៤០០ឆ្នាំ (លោកុប្បត្ដិ ១៥:១៣)។ ​គ្រួសារ​របស់​យ៉ាកុប​ (មាន​ឈ្មោះ «អ៊ីស្រាអែល​» ផង​ដែរ​) ​បាន​ភៀស​ខ្លួន​ទៅ​កាន់​អេស៊ីព្ទ ដើម្បី​គេច​ចេញ​ពី​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ ដែល​ជា​កាណាន។ កូនប្រុស​របស់​យ៉ាកុប​ម្នាក់ យ៉ូសែប ​បាន​រស់​​នៅ​ក្នុង​អេស៊ីព្ទ​រួច​ទៅ​ហើយ​ ​​ហើយ​មាន​តំណែង​ជា​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​គ្រោះ​រាំង​ស្ងួត។ ដោយ​ដឹង​គុណ​ដល់​យ៉ូសែប ស្តេច​អេស៊ីព្ទ («ផារ៉ោន»​) បាន​អញ្ជើញ​យ៉ាកុប​និង​កូនប្រុស​ដទៃ​ទៀត​របស់​គាត់​អោយ​មក​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​និង​ហ្វូង​សត្វ​របស់​ពួក​នៅក្នុង​ស្រុក​កូសែន ដែល​ជា​ស្រុក​មាន​ជីជាតិ​មួយ​។  ​

មនុស្ស​ដើមដំបូង​ ​ដែល​បាន​ទទួល​រឿង​ទាំង​នេះ​​នៅ​ក្នុង​លោកុប្បត្ដិ​ គឺ​ជា​ពូជ​របស់​អ័ប្រាហាំ។  បើ​អញ្ចឹង​ អ្នក​និពន្ធ​មាន​គោល​បំណង​អ្វី​ក្នុង​ការ​សរសេរ​រឿង​ទាំង​នេះ​ឡើង​?  ​ពួកគេ​ដឹង​ហើយ​ថា ពួក​គេ​ជា​ពូជ​របស់​យ៉ាកុប ហើយ​លោកុប្បត្ដិ​បង្រៀន​​ពួកគេ​អំពី​ព្រះជាម្ចាស់ដែល​បាន​ជ្រើស​រើស​គេ ហើយ​គេ​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​ផែនការណ៍​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​លោក។  ព្រះជាម្ចាស់​ (ព្រះយេហូវ៉ា​) ដែល​បាន​ជ្រើស​រើស​​យ៉ាកុប​និង​ពូជ​ពង្សរបស់​គាត់ ​គឺ​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ ដែល​បាន​បង្កើត​អ្វីៗទាំងអស់។  ជនជាតិ​ផ្សេងមាន​ព្រះ​របស់​គេ ប៉ុន្តែ​ព្រះទាំង​នោះ​គឺ​ជា​​ព្រះ​ដ៏​ក្លែង​ក្លាយ​។  ព្រះជាម្ចាស់ ​ដែល​បាន​ជ្រើស​រើស​យ៉ាកុប​និង​ពូជ​ពង្ស​របស់​គាត់ ​មិន​មែន​ជា​ព្រះ​មួយ​ក្នុង​ចំណោម​ព្រះ​​ជា​ច្រើន​នោះ​ឡើយ​។  ពួក​អ៊ីស្រាអែល ​មិន​អាច​គិត​ថា «យើង​មាន​ព្រះរបស់​យើង ជនជាតិ​ផ្សេងទៀត​មាន​ព្រះ​របស់​គេ ហើយ​ព្រះ​ទាំង​អស់​គឺ​ល្អ ហើយ​សាសនា​ទាំង​អស់​​ក៏​ល្អ​ដែរ​»​ បាន​ទេ (ដូច​មនុស្ស​ជា​​ច្រើន​គិត​សព្វ​ថ្ងៃ​នេះ​ផង​ដែរ)។  មិន​មែន​ទេ ព្រះ​ទាំង​អស់​របស់​សាសន៍​អេស៊ីព្ទនិង​សាសន៍​កាណាន​​គឺ​ជា​​ព្រះ​ក្លែង​ក្លាយ​ ប៉ុន្តែ​​ព្រះ​ដែល​ជ្រើស​រើស​អ៊ីស្រាអែល​ ទ្រង់​មាន​ព្រះ​នាម​​ជា​ព្រះជាម្ចាស់ ឬ​ព្រះយេហូវ៉ា​ គឺទ្រង់​​ជា​ព្រះ​ដ៏​ពិត​ ហើយ​យើង​ឃើញសេចក្តី​ពិត​នេះ ​ពីព្រោះ​ព្រះជាម្ចាស់​គឺ​ជា​ព្រះតែ​មួយ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​។

​លើស​ពី​នេះ​ទៅ​ទៀត​ លោកុប្បត្ដិ​បាន​បង្រៀន​ជនជាតិ​អ៊ីស្រាអែល​ថា៖

១. ព្រះជាម្ចាស់​ បាន​ជ្រើស​រើស​ពួក​អ៊ីស្រាអែល ​ដើម្បី​​​ប្រទាន​ពរ​​ដល់​មនុស្ស​លោក ហើយ​តាម​រយៈ​ពូជ​របស់​អ័ប្រាហាំ ព្រះជាម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គ្រប់​គ្រួសារ​។ ​

២. ព្រះជាម្ចាស់​ បាន​ផ្គត់​ផ្គង់​សម្រាប់​ឰយុកោ​របស់​គេ ហើយ​ទ្រង់​គ្រប់​គ្រង​លើ​ព្រឹត្តិ​ការណ៍​​និង​​ប្រវត្តិសាស្ត្រ​​ទាំង​ស្រុង​។

៣. ព្រះជាម្ចាស់​ ប្រទាន​​សេចក្ដី​​សន្យាដូច​ជា​ ​ពួកគេ​នឹង​ទទួល​បាន​​ទឹក​ដី​ស្រុក​កាណាន​ ដូច្នេះ​ពួកគេ​គួរ​តែ​ជឿ​ថា ព្រះជាម្ចាស់​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សន្យា​របស់​ទ្រង់ ​ហើយ​គេ​នឹងទទួល​បាន​មរដក​ស្រុក​កាណាន​ជាពិត​​។  បន្ទាប់​មក ជនជាតិ​អ៊ីស្រាអែល​ភាគ​ច្រើនមិន​ជឿ​លើ​សេចក្ដី​​សន្យា ដែល​បាន​ចែង​ទុក​នៅ​ក្នុង​លោកុប្បត្ដិ​​​​ទេដូច្នេះ​​ហើយ​បាន​ជា​ពួកគេ​មិន​ទទួល​បាន​​ទឹក​ដី​សន្យា​ (សូម​មើល​ http://www.dkdl.org/?page_id=1349)។ ​

 

សេចក្ដី​ទាំង​នេះ ​​មាន​សារៈ​សំខាន់​ជួយ​យើង​អោយ​​យល់​កណ្ឌ​លោកុប្បត្ដិ ពីព្រោះ​ជា​​ញឹក​ញាប់​ មនុស្ស​តែងតែ​អាន​រឿង​នៅ​ក្នុងកណ្ឌ​លោកុប្បត្ដិ​ដូច​ជា​រឿង​ដែល​គ្រាន់តែ​បង្រៀនអំពី​​សីលធម៌​ ហើយ​ជា​រឿង​ដែល​មិន​ទាក់​ទង​គ្នា។  តាម​ពិត កណ្ឌ​លោកុប្បត្ដិ​មាន​ការ​អនុវត្ត​​ជា​ច្រើន​សម្រាប់​គ្រីស្ទបរិស័ទ​ ប៉ុន្តែ​យើង​ត្រូវ​យល់​ថា ​មុន​ដំបូង​កណ្ឌ​នេះ​ត្រូវ​​បាន​សរសេរ​ទុក​សម្រាប់​ពួក​អ៊ីស្រាអែល ហើយ​អ្នក​និពន្ធ​មិន​គ្រាន់តែ​មាន​គោល​បំណង​បង្រៀន​ពួក​គេ​អោយ​ចេះ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់ប៉ុណ្ណោះ​ទេ​​​ ប៉ុន្តែ​​ក៏​បង្រៀន​គេ​អំពី​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ផែនការណ៍​របស់​ព្រះអង្គ​ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​ចំពោះ​សេចក្ដី​​សន្យា​ដល់​អ័ប្រាហាំ​និង​ពូជ​ពង្ស​របស់​គាត់​ផងដែរ​។  សំនួរ​មួយ​ដ៏​សំខាន់​ដែល​យើង​គួរ​សួរ​ពី​អត្ថបទទាំងអស់​នៅ​​ក្នុង​ព្រះគម្ពីរ​គឺ «ហេតុ​អ្វី​មាន​អត្ថបទ​នេះ​ក្នុង​ព្រះគម្ពីរ?»។  ហេតុ​អ្វី​បាន​ជា​កណ្ឌ​លោកុប្បត្ដិ​ចែង​ទុក​រឿង​អំពី​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង យ៉ូសែប​ ប៉ុន្តែ​មិន​និទាន​រឿង​អំពី​ខ្មែរ​ ឬអាឡឺម៉ង់អញ្ចឹង​?  ចម្លើយ​គឺ​ថា​ ពីព្រោះ​នៅ​ក្នុង​កណ្ឌ​លោកុប្បត្ដិ ព្រះជាម្ចាស់​បាន​សំដែង​ផែនការណ៍​របស់​ទ្រង់​ ដើម្បី​សង្គ្រោះ​មនុស្ស​ពី​លទ្ធផល​ដែល​មក​ពី​ការ​បះបោរ​របស់​​អ័ដាម​និង​អេវ៉ា​។ ផែនការណ៍​នោះ បាន​សំដែង​មក​ដោយ​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ចំពោះ​​អ័ប្រាហាំ​និង​ពូជ​របស់​គាត់។  ចំណេះ​ដឹង​នេះ​ គួរ​តែ​មាន​​អនុភាព​លើ​របៀប​យើង​អាន​​ កាត់​ស្រាយ​ និង​អនុវត្ត​រឿង​ទាំង​នេះ​នៅ​ក្នុងកណ្ឌ​​លោកុប្បត្ដិ។  បញ្ហា​មួយ​គឺ គ្រីស្ទបរិស័ទ​ជា​​ច្រើន​បាន​រៀន​ពីសេចក្ដី​ពិត​នេះ ប៉ុន្តែ​សេចក្ដី​ពិត​នេះ​មិន​កែប្រែ​របៀបពួក​​គេ​អាន​ព្រះ​គម្ពីរ​ គឺ​គេ​នៅ​តែ​អាន​រឿង​ដូច​ជា​រឿង​សីលធម៌​ដដែល​។  ដើម្បី​​កាត់​ស្រាយ​និង​អនុវត្ត​រឿង​នៅ​ក្នុង​កណ្ឌ​លោកុប្បត្ដិ​​នេះ​អោយ​បាន​ត្រឹមត្រូវ​ សូម​មើល​មេរៀន​នៅ  http://www.dkdl.org/?page_id=235.

២. តើ​កណ្ឌ​លោកុប្បត្ដិ​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច​?

កណ្ឌ​លោកុប្បត្ដិ ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​​ផ្នែក​ទាំង​អស់​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ នៅក្នុង​របៀប​ច្រើន​ជាង​របៀប​ដែល​ត្រូវ​បាន​ពន្យល់​នៅ​ទីនេះ។  មាន​របៀប​ខ្លះៗ​ដែល​យើង​អាច​មើលឃើញ​ថា ​កណ្ឌ​លោកុប្បត្ដិ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​មួយ​សំរាប់​អ្វី​ដែល​មាន​បន្ទាប់។ កណ្ឌលោកុប្បត្ដិ​ បាន​ពន្យល់​អំពី​កាលៈទេសៈ​ដែល​នាំ​កូន​របស់​យ៉ាកុប​ទៅ​រស់​នៅ​អេស៊ីព្ទ​ ហើយ​ស្ថានភាព​នេះ​នាំ​ទៅ​រឿង​នៅ​ក្នុង​កណ្ឌ​និក្ខមនំ។  ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត កណ្ឌ​លោកុប្បត្ដិ​បាន​ផ្ដល់​​នូវ​មូល​ដ្ឋាន​គ្រឹះ​ ដោយ​សំដែង​គោល​បំណង​របស់​​ព្រះជាម្ចាស់​ក្នុង​ការ​បង្កើត​ទាំង​អស់​​ ហើយ​ផែនការណ៍​របស់​ព្រះជាម្ចាស់​តាម​រយៈ​សម្ព័ន្ធមេត្រី​ជា​មួយ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។  ឧទាហរណ៍​ ហេតុ​អ្វី​បាន​ជា​ព្រះជាម្ចាស់​បាន​សង្គ្រោះ​អ៊ីស្រាអែល​​ពី​អេស៊ីព្ទ​?  ពីព្រោះ​​ព្រះអង្គ​នឹក​ដល់​សម្ព័ន្ធមេត្រី​ដែល​ព្រះអង្គ​ចង​ជា​មួយ​លោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប (និក្ខមនំ​ ២:២៣-២៥)។  ហេតុ​អ្វី​បាន​ជា​អ៊ីស្រាអែល​បាន​ទទួល​ស្រុក​កាណាន​?  ពីព្រោះ​​ព្រះជាម្ចាស់​​បាន​សន្យា​ថា ពូជ​ពង្ស​របស់​អ័ប្រាហាំ​នឹង​ទទួល​បាន​​មរតក (លោកុប្បត្ដិ​ ១២:៧)។  សំខាន់​បំផុត​ ព្រះជាម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​លោក​តាម​រយៈ​ពូជ​របស់​អ័ប្រាហាំ ហើយសេចក្តី​សន្យា​នេះ​នាំ​ទៅ​ប្រសាសន៍​ថា ព្រះជាម្ចាស់​នឹង​ប្រទាន​ព្រះយេស៊ូវ​​អោយ​យាង​មក​ (សូម​មើល កាឡាទី​ ៣:៦-១៨)។

៣. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

កណ្ឌ​លោកុប្បត្ដិ បង្រៀន​យើង​ថា ព្រះជាម្ចាស់៖

  • គឺ​ជា​ព្រះ​ដ៏​ពិត​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​។
  • មាន​សិទ្ធិ​សម្រេច​​ព្រះទ័យ​​និង​ប្រកាសថា ​អ្វី​ខុស​និង​អ្វី​​ត្រូវ ​និង​អ្វី​​ល្អ​និង​អ្វី​​​អាក្រក់​ ហើយ​ព្រះអង្គ​បាន​​ធ្វើ​ដូច​​នេះ​ដោយ​ព្រះបន្ទូល​របស់​ទ្រង់។
  • ស្អប់​អំពើ​បាប​ហើយ​វិនិច្ឆ័យ​លោកិយ​ ហើយ​ទ្រង់​ហ៊ាន​​បំផ្លាញ​អ្វី​ដែល​ទ្រង់​បាន​បង្កើត​មក​ (ជំពូក​ ៦-៩)
  • គ្រប់​គ្រង​ហើយ​ផ្គត់​ផ្គង់​សម្រាប់​រាស្រ្ត​របស់​​ទ្រង់​។
  • មាន​ផែនការណ៍​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះបោរ​របស់​យើង (ហើយ​ផែនការណ៍​នោះ​បាន​សំដែង​តាម​សម្ព័ន្ធ​មេត្រី​ជា​មួយ អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប។
  • មនុស្ស​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់។
  • អ្នក​ខ្លះ​​មាន​ចិត្ត​​​សាហាវ ហើយ​កៀប​សង្កត់​រាស្ត្រ​របស់​ព្រះ​។
  • មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ។ ​យើង​ដើរ​តាម​រូប​ព្រះ​ផ្សេងៗ​ជា​ជាង​ការ​ដើរ​តាម​ព្រះ​ដ៏​ពិត។​

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះអំពី​មនុស្ស​?

  • មនុស្ស​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់។
  • អ្នក​ខ្លះ​​មាន​ចិត្ត​​​សាហាវ ហើយ​កៀប​សង្កត់​រាស្ត្រ​របស់​ព្រះ​។
  • មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ។ ​យើង​ដើរ​តាម​រូប​ព្រះ​ផ្សេងៗ​ជា​ជាង​ការ​ដើរ​តាម​ព្រះ​ដ៏​ពិត។​
One comment on “ពាក្យលំនាំ៖ លោកុប្បត្ដិ Introduction to Genesis
  1. lee juho says:

    It is a very good article.
    I am sharing this article with a Korean missionary.
    Thank you so much!

Leave a Reply

Your email address will not be published. Required fields are marked *

*

Top