សាសន៍អាំម៉ូន Ammonites គឺជាពូជពង្សរបស់អាំម៉ូន ដែលជាកូនប្រុសរបស់ឡុត (លោកុប្បត្ដិ ១៩:៣៨)។ ពូជអំបូរនេះមានទំនាក់ទំនងជាមួយសាសន៍ម៉ូអាប់យ៉ាងជិតស្និទ្ធ (ចោទិយកថា២:១៦–២០;ពួកចៅហ្វាយ១០:១១; ២របាក្សត្រ២០:១; សេផានា២:៨)។ ពូជអំបូរទាំងពីរនេះបានជួលបាឡាមអោយដាក់បណ្តាសាដល់អ៊ីស្រាអែល (ចោទិយកថា ២៣:៤)។ សាសន៍អាំម៉ូនប្រហែលជាពូជអំបូរចូលចិត្តឈ្លានពាននិងទន្ទ្រានទ្រព្យសម្បត្តិរបស់អ្នកដទៃ ហើយពួកគេផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែសាសន៍ម៉ូអាប់មានការតាំងទីលំនៅស្ថិតស្ថេរជាង។ ពួកគេបានតាំងទីលំនៅនៅក្នុងស្រុក ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ និងខាងជើងស្រុកម៉ូអាប់និងសមុទ្រស្លាប់ ហើយពួកគេបានបណ្តេញសាសន៍សាំស៊ូមីម ឬពួកស៊ូស៊ីមចេញពីតំបន់នេះ (ចោទិយកថា២:២០; លោកុប្បត្ដិ១៤:៥)។ ពួកគេត្រូវបានគេស្គាល់ថាជា បេន-អាំមី (លោកុប្បត្ដិ ១៩:៣៨) ហើយអាំមី ឬអាំម៉ូនគឺជាមេព្រះ ដែលពួកគេបានថ្វាយបង្គំ។ ពួកគេបានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយសាសន៍ហេព្រើរខាងខ្សែស្រឡាយនិងភាសា។ ពួកគេមិនបានបង្ហាញសេចក្តីមេត្តាករុណាដល់ជនជាតិអ៊ីស្រាអែលទេ នៅពេលជនជាតិអ៊ីស្រាអែលឆ្លងកាត់តាមទឹកដីរបស់ពួកគេ ដូច្នេះហើយបានជាពួកគេត្រូវបានហាមឃាត់មិនអោយ «ចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់ដប់តំណ» (ចោទិយកថា ២៣:៣)។ ក្រោយមកទៀត ពួកគេបានក្លាយជាសត្រូវរបស់អ៊ីស្រាអែល (ចៅហ្វាយ ៣:១៣)។ យែបថាបានចេញទៅច្បាំងនឹងពួកគេ ហើយ «ចាប់យកទីក្រុងម្ភៃ និងប្រហារជីវិតគេយ៉ាងសំបើម» (ចៅហ្វាយ ១១:៣៣)។ ស្តេចសូលបានយកឈ្នះពួកគេម្តងទៀត (១សាំយូអែល ១១:១១)។ ស្តេចដាវីឌក៏បានយកឈ្នះលើពួកគេនិងសាសន៍ស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ពួកគេផងដែរ (២សាំយូអែល ១០:៦-១៤) ហើយបានចាប់យកក្រុងរ៉ាបាត ដែលជាទីក្រុងធំរបស់ពួកគេ ដោយបំផ្លិចបំផ្លាញយ៉ាងដំណំ (២សាំយូអែល ១០:១៤; ១២:២៦–៣១ សូមមើល ២របាក្សត្រ ២០:២៥; ២៦:៨; យេរេមា ៤៩:១; អេសេគាល ២៥:៣, ៦)។ មហេសីម្នាក់របស់ស្តេចសាឡូម៉ូនគឺ ន៉ាអាម៉ា ដែលជាសាសន៍អាំម៉ូន ហើយគាត់គឺជាមាតារបស់រេហូបោម (១ពង្សាវតារក្សត្រ១៤:៣១; ២របាក្សត្រ១២:១៣)។ ពួកគេបានថ្វាយបង្គំព្រះម៉ូឡុក ឬព្រះមីលកូម ហើយបានថ្វាយយញ្ញបូជារបស់មនុស្សទៅដល់រូបព្រះនេះ (១ពង្សាវតារក្សត្រ ១១:៥, ៧)។ ដោយមានការញុះញង់ពីមហេសីសាសន៍អាំម៉ូនរបស់ស្តេចសាឡូម៉ូន ទ្រង់បានសាងសង់ទីខ្ពស់សំរាប់រូបព្រះនេះ ហើយទីខ្ពស់នេះមិនត្រូវបានគេបំផ្លាញចោលទេរហូតដល់សម័យស្តេចយ៉ូសៀស (២ពង្សាវតារក្សត្រ ២៣:១៣)។
ពួកហោរាបានទាយពីការវិនិច្ឆ័យលើសាសន៍អាំម៉ូន ពីព្រោះពួកគេបានចាត់ទុកអ៊ីស្រាអែលជាខ្មាំងសត្រូវរបស់ពួកគេ (សេផានា ២:៨; យេរេមា ៤៩:១–៦; អេសេគាល ២៥:១–៥, ១០; អេម៉ុស ១:១៣–១៥)។
Leave a Reply