សាសន៍​បេនយ៉ាមីន​ Benjamites

សាសន៍​បេនយ៉ាមីនBenjamites គឺ​ជា​ពូជពង្ស​របស់​បេនយ៉ាមីន​ ដែល​ជា​កូនប្រុស​របស់​យ៉ាកុប​និង​រ៉ាជែល (លោកុប្បត្ដិ ៣៥:១៨) (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​ពូជអំបូរ​បេនយ៉ាមីន​គឺ​ជា​ពូជអំបូរ​តូច​បំផុត​ទីពីរ​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ (ជនគណនា ​១:៣៦, ៣៧; ទំនុកដំកើង ​៦៨:២៧)។ ​នៅ​កំឡុង​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ​ពូជអំបូរ​បេនយ៉ាមីន​មាន​ទីតាំងនៅ​ជាមួយ​ពូជអំបូរ​ម៉ាន៉ាសេ​និង​អេប្រាអិម​គឺ​នៅ​ខាង​លិច​រោង​ឧបោសថ។ ​នៅ​ពេល​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ទឹកដី​កាណាន ​ពូជអំបូរ​បេនយ៉ាមីន​មាន​អ្នក​ចម្បាំង​ចំនួន​៤៥៦០០​នាក់។ ​

ពូជអំបូរ​នេះ​ស្ទើរ​តែ​ត្រូវ​វិនាស ដោយ​សារ​សង្គ្រាម​ជា​មួយ​ពូជអំបូរ​អ៊ីស្រាអែល​ទាំង​ដប់​មួយ​ផ្សេង​ទៀត​ ​(ពួកចៅហ្វាយ​២០:២០, ២១; ២១:១០)។

 

​ស្តេច​ដំបូង​គេ​របស់​អ៊ីស្រាអែល​គឺ​សូល​ ដែល​ជា​ពួក​បេនយ៉ាមីន។ ​នៅ​សម័យ​ស្តេច​ដាវីឌ ​មាន​សម្ព័ន្ធ​ភាព​ជិតស្និទ្ធ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​រវាង​ពូជអំបូរ​នេះ​និង​ពូជអំបូរ​យូដា (២សាំយូអែល ១៩:១៦, ១៧) ហើយ​សម្ព័ន្ធ​ភាព​បាន​បន្ត បន្ទាប់​ពី​ការ​សុគត​របស់​ស្តេច​ដាវីឌ (១ពង្សាវតារក្សត្រ​ ១១:១៣; ១២:២០)។ បន្ទាប់​ពី​ការ​និរទេស​ពូជអំបូរ​ទាំង​ពីរ​នេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អាណាចក្រ​យូដា (អែសរ៉ា ១:៥;១០:៩)។

​ពូជអំបូរ​បេនយ៉ាមីន​ល្បីល្បាញ​ខាង​ការ​បាញ់​ព្រួញ(១សាំយូអែល ​២០:២០, ៣៦; ២សាំយូអែល​ ១:២២; ១របាក្សត្រ​ ៨:៤០; ១២:២) និង​អ្នក​បាញ់​ក្រួស (ចៅហ្វាយ ២០:១៦)។

ទ្វា​បេនយ៉ាមីន​ដែល​នៅ​ខាង​ជើង​ក្រុង​យេរូសាឡិម (យេរេមា ​៣៧:១៣; ៣៨:៧; សាការី​ ១៤:១០) ត្រូវ​បាន​គេ​ហៅ​ថា​ទ្វា​បេនយ៉ាមីន​ពីព្រោះ​វា​នាំ​តម្រង់​ទិស​ទៅ​កាន់​ទឹក​ដី​របស់​ពូជអំបូរ​បេនយ៉ាមីន។

​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ​សាវក​ប៉ុល​គឺជា​អ្នក​មក​ពី​ពូជអំបូរ​បេនយ៉ាមីន​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top