អេសាវ​ និង​សាសន៍​អេដំម ​Esau and Edomites

អេសាវ​ និង​សាសន៍​អេដំមEsau and Edomites អេសាវ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ អេដំម​ ដែល​មាន​ន័យ​ថា​ «ក្រហម»​ ​(លោកុប្បត្ដិ​២៥:៣០)។ ​សាសន៍​អេដំម​គឺជា​ពូជពង្ស​របស់​អេសាវ​ដូច្នេះ​ហើយ​បាន​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជនជាតិ​អ៊ីស្រាអែល (សូម​មើល​ http://www.dkdl.org/?page_id=2021)។​

 

«វាល​អេដំម» (លោកុប្បត្ដិ​ ៣២:៣) «ស្រុក​អេដំម» (លោកុប្បត្ដិ ​៣៦:១៦) គឺជា​តំបន់​មាន​ភ្នំ (អូបាឌា​ ១:៨, ៩, ១៩, ២១)។ ​វា​ត្រូវ​បាន​គេ​ហៅ​ថា វាល ឬ «ភ្នំ​សៀរ» (លោកុប្បត្ដិ​ ៣៦:៨-៩) ដែល​ជា​ភ្នំ​រដិបរដុប​នៅ​ខាង​កើត​វាល​ស្រុក​អារ៉ាបា។ ទីក្រុង​មាន​ថ្ម​ល្បីល្បាញ​ ដែល​ហៅ​ថា ក្រុង​សេលា​ ប៉ុន្តែ​ជាទូទៅ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ប្រើ​ឈ្មោះ​ភាសា​ក្រិក​គឺ«ពេត្រា»​ (២ពង្សាវតារក្សត្រ​ ១៤:៧) នៅ​ក្នុង​តំបន់​នេះ។ ​វា​គឺ​ជា​តំបន់​ព្រៃ​រឹង​មាំ ដែល​មាន​ជ្រលង​សំបូរ​ផល​ផ្លែ​នៅ​កាត់​ទទឹង។ ​រាជធានី​ចាស់​របស់​វា​គឺ ក្រុង​បុសរ៉ា (អេសាយ ៦៣:១)។ អ្នក​រស់​នៅ​លើ​ទឹកដី​នេះ​ដំបូង​គេ​គឺ សាសន៍​ហូរី។ ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​សាសន៍​អេដំម (ចោទិយកថា ​២:១២) ជា​ញឹកញាប់​ ស្តេច​របស់​អ៊ីស្រាអែល​និង​ស្តេច​របស់​យូដា​មាន​សង្គ្រាម​ជា​មួយ​សាសន៍​អេដំម ​(២ពង្សាវតារក្សត្រ ​៨:២០; ២របាក្សត្រ ​២៨:១៧)។

​នៅ​សម័យ​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពួកគេ​បាន​បដិសេធ​មិន​អនុញ្ញាត​អោយ​ជនជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ទឹកដី​របស់​ពួកគេ (ជនគណនា ២០:១៤-២១) ហើយ​ពួក​គេ​តែង​តែ​ចាត់​ទុក​ជនជាតិ​អ៊ីស្រាអែល​ជា​ខ្មាំង​សត្រូវ​របស់​ពួកគេ។ ​ស្តេច​ដាវីឌ​និង​ស្តេច​អ័ម៉ាស៊ីយ៉ា​បាន​វាយ​ដណ្តើម​យក​ទឹកដី​របស់​ពួកគេ (២សាំយូអែល ​៨:១៤; ប្រៀប​ធៀប​ ៖ ១ពង្សាវតារក្សត្រ ​៩:២៦; ២របាក្សត្រ​ ២៥:១១-១២)។ ​ប៉ុន្តែ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គឺ​ក្នុង​កំឡុង​ការ​ធ្លាក់ចុះ​របស់​អាណាចក្រ ​ពួកគេ​បាន​ទទួល​ឯករាជ្យ​ភាព​របស់​ពួកគេ​ឡើង​វិញ​ ហើយ​ពួកគេ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល (២ពង្សាវតារក្សត្រ ១៦:៦)។ ​ពួកគេ​បាន​រួម​ដៃ​ជាមួយ​ពួក​បាប៊ីឡូន​ នៅពេល​ស្តេច​នេប៊ូក្នេសា​បាន​ចាប់​យក​ក្រុង​យេរូសាឡិម​ហើយ​ក្រោយ​មក​ទៀត ​ពួកគេ​ឈ្លានពាន​និង​ចាប់​យក​ទ្រព្យសម្បត្តិ​នៅ​ភាគ​ខាងត្បូង​នៃ​ភីលីស្ទីន​រហូត​ដល់​ហេប្រុន។ ទោះ​យ៉ាង​ណា​ អេដំម​បាន​ធ្លាក់​ក្រោម​អំណាច​គ្រប់គ្រង​របស់​បាប៊ីឡូន​ដែល​រីកចម្រើន​ (យេរេមា ២៧:៣,៦)។

 

​មាន​ទំនាយ​ជាច្រើន​អំពី​អេដំម​ (អេសាយ​ ៣៤:៥-៦; យេរេមា​ ៤៩:៧–១៨; អេសេគាល​ ២៥:១៣; ៣៥:១–១៥; យ៉ូអែល ​៣:១៩; អេម៉ុស​ ១:១១; អូបាឌា​; ម៉ាឡាគី ​១:៣-៤) ដែល​ត្រូវ​បាន​បំពេញ​សម្រេច។ សណ្ឋាន​សោះកក្រោះ​របស់​ទឹកដី​នោះ​នា​សព្វ​ថ្ងៃ​នេះ​បញ្ជាក់​ថា​ទំនាយ​ទាំង​នេះ​គឺ​ពិតប្រាកដ។ ​បន្ទាប់​ពី​ពួកគេ​បាន​រស់​នៅ​អស់​រយៈ​១៧០០ឆ្នាំ​ហើយ​ពួកគេ​បាន​រលាយ​បាត់​ទៅ​ហើយ​មនុស្ស​បាន​បំភ្លេច​ភាសា​របស់​ពួកគេ​ជារៀង​រហូត។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top