យូដា និងពួកយូដា Jews (Judah) គឺជាពូជពង្សរបស់យូដាដែលជាកូនប្រុសទីបួនរបស់យ៉ាកុប (សូមមើល http://www.dkdl.org/?page_id=2021)។ នៅពេលធ្វើដំណើរចេញពីស្រុកអេស៊ីព្ទសាសន៍យូដាមានមនុស្សប្រុសចំនួន៧៤០០០នាក់ (ជនគណនា ១:២៦, ២៧)។ ចំនួននេះបានកើនឡើងនៅក្នុងវាលរហោស្ថាន (ជនគណនា ២៦:២២)។ កាលែបបានធ្វើជាអ្នកស៊ើបការណ៍ម្នាក់តំណាងអោយពូជអំបូរយូដា (ជនគណនា ១៣:៦; ៣៤:១៩)។ ពូជអំបូរនេះបានធ្វើដំណើរទៅខាងកើតរោងឧបោសថជនគណនា ២:៣–៩; ១០:១៤)។ ក្រោមការដឹកនាំរបស់កាលែបនៅក្នុងកំឡុងសង្គ្រាមដណ្តើមទឹកដី ពួកគេបានដណ្តើមបានផ្នែកនៃស្រុកដែលក្រោយមកទៀតត្រូវបានប្រគល់អោយពួកគេធ្វើជាមរតក (យ៉ូស្វេ ១៤:៦–១៥; ១៥:១៣–១៩)។
មរតករបស់ពូជអំបូរយូដាដំបូងគឺមួយភាគបីនៃស្រុកទាំងមូលនៅខាងលិចទន្លេយ័រដាន់ (យ៉ូស្វេ ១៥)។ ប៉ុន្តែមានការបែងចែកទឹកដីម្តងទៀត ហើយក្នុងការបែងចែកនេះ ពូជអំបូរស៊ីម្មានបានទទួលចំណែកទឹកដីខ្លះពីពូជអំបូរយូដា (យ៉ូស្វេ ១៩:៩)។ ចំណែកទឹកដីដែលនៅសល់សំរាប់យូដានៅតែមានទំហំធំជាងចំណែកទឹកដីរបស់ពូជអំបូរដទៃទៀតដដែល។ យ៉ូស្វេ ១៥:២០-៦៣ ពិពណ៌នាអំពីព្រំដែនទឹកដីរបស់ពួកគេ។
ដីនៅតំបន់នោះមានជីជាតិល្អហើយស្រុកសំបូរដោយពោត ស្រា ប្រេង និងផ្លែឈើ ហើយល្អសម្រាប់ការចិញ្ចឹមសត្វចៀម។ ទីក្រុងចំនួនប្រាំបួនរបស់យូដាត្រូវបានប្រគល់អោយពួកសង្ឃ (យ៉ូស្វេ ២១:៩-១៩)។ ពូជអំបូរនេះបានក្លាយជាពូជអំបូរមានអំណាចគ្រប់គ្រងពីព្រោះក្រោមការគ្រប់គ្រងស្តេចដាវីឌទ្រង់បានផ្លាស់រាជធានីទៅយេរូសាឡិមដែលស្ថិតនៅក្នុងទឹកដីរបស់យូដា។ នៅពេលអាណាចក្របានបែងចែក អាណាចក្រខាងត្បូងត្រូវបានបង្កើតឡើងដោយពូជអំបូរយូដានិងបេនយ៉ាមីន ប៉ុន្តែជាទូទៅវាត្រូវបានគេហៅថាអាណាចក្រយូដា។ ព្រះបានចងសម្ព័ន្ធមេត្រីជាមួយស្តេចដាវីឌថា ពូជពង្សរបស់ទ្រង់នឹងគ្រប់គ្រងជារៀងរហូត។ សម្ព័ន្ធមេត្រីនេះបន្ថែមលើសេចក្តីសន្យារបស់យ៉ាកុបចំពោះយូដានៅក្នុង លោកុប្បត្ដិ ៤៩:១០ ហើយត្រូវបានបំពេញសម្រេចតាមរយៈព្រះយេស៊ូវដែលជាបុត្រារបស់ស្តេចដាវីឌហើយទ្រង់ពិតជាមានវង្សត្រកូលមកពីពូជអំបូរយូដា។
Leave a Reply