សាសន៍​ភីលីស្ទីន Philistines

សាសន៍​ភីលីស្ទីន Philistines គឺជា​ពូជអំបូរ​​ដែល​ជា​សម្ព័ន្ធមិត្ត​​ជាមួយ​សាសន៍​ភេនីស។ ​ពួកគេ​គឺជា​មែកធាង​នៃ​​ពូជអំបូរ​ ដែល​រស់​នៅ​ពាសពេញ​ស្រុក​ល្បាណូន​ ជ្រលង​យ័រដាន់ កោះ​ក្រេត និង​កោះ​សមុទ្រ​មេឌីទែរ៉ាណេ​។ ​អ្នក​ខ្លះ​គិត​ថា ពួកគេ​គឺជា​​មែកធាង​​របស់​ពួក​រេផែម (២សាំយូអែល ២១:១៦-២២)។ ​នៅ​សម័យ​អ័ប្រាហាំ ​ពួកគេ​បាន​រស់​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ស្រុក​យូដា ដែល​មាន​អ័ប៊ីម៉្មាឡិច​ជា​ស្តេច​របស់​ពួកគេ​ (លោកុប្បត្ដិ​ ២១:៣២, ៣៤; ២៦:១)។ ​សាសន៍​ភីលីស្ទីន​បាន​កាន់កាប់​ទីក្រុង​​ប្រាំ​គឺ ក្រុង​កាសា ​ក្រុង​អាសកាឡូន ក្រុង​អាសដូឌ ក្រុង​អេក្រុន និង​ក្រុង​​កាថ នៅ​ជ្រុង​ខាង​ត្បូង​ឆៀង​ខាង​លិច​​​នៃ​ស្រុក​កាណាន​។ ​នៅ​ក្នុង​កណ្ឌគម្ពីរ​ទាំង​ប្រាំ​ដំបូង​របស់​ម៉ូសេ​មិន​បាន​កត់ត្រា​អំពី​ពួកគេ​នៅ​ក្នុង​ចំណោម​​ពូជអំបូរ​នៅ​ស្រុក​កាណាន​ឡើយ​។ ​ហោរា​អេម៉ុស (៩:៧) និង​ហោរា​យេរេមា (៤៧:៤) បាន​និយាយ​ថា ពួកគេ​មក​ពី​កោះ​កាប់ថោរ ប្រហែល​ជា​កោះ​ក្រេត ឬ​អ្នក​ខ្លះ​គិត​ថា ដី​​សន្ត​​របស់​ស្រុក​អេស៊ីព្ទ។ ​នៅ​ក្នុង​កំណត់ត្រា​ទាំង​ស្រុង​​ចាប់​ពី​កណ្ឌ​និក្ខមនំ​ដល់​កណ្ឌ​សាំយូអែល ពួកគេ​​រស់​នៅ​តំបន់​មួយ​​​​ក្នុង​ស្រុក ដែល​ស្ថិត​នៅ​ចន្លោះ​ស្រុក​យូដា​និង​ស្រុក​អេស៊ីព្ទ (និក្ខមនំ ​១៣:១៧; ១៥:១៤-១៥; យ៉ូស្វេ​ ១៣:៣; ១សាំយូអែល ​៤)។

ជារឿយៗ ពូជអំបូរ​ដ៏​ខ្លាំង​​​នេះ​​​​បាន​លុកលុយ​សាសន៍​ហេព្រើរ។ សង្គ្រាម​​​បាន​កើត​ឡើង​រវាង​ពួកគេ​ស្ទើរ​តែ​មិន​ដាច់​។ ​ពេលខ្លះ ពួកគេ​​បាន​គ្រប់​គ្រង​លើ​អំបូរ​ផ្សេងៗ​ ជា​ពិសេស​​ពូជអំបូរ​នៅ​ភាគ​ខាង​ត្បូង (ពួកចៅហ្វាយ​ ១៥:១១; ១សាំយូអែល ​១៣:១៩–២២) ​​ហើយ​នៅ​ពេល​ផ្សេងៗ​ទៀត ​ពួក​គេ​បាន​ធ្វើ​សង្គ្រាម​ចាញ់​គេ​ ​(១សាំយូអែល ១៤:១-៤៧; ១៧)។ ​ភាព​ជា​ខ្មាំង​សត្រូវ​នឹង​គ្នា​ទាំង​នេះ​មិន​បាន​បញ្ចប់​ទេ រហូត​ដល់​សម័យ​ស្តេច​ហេសេគា​ (២ពង្សាវតារក្សត្រ ១៨:៨) នៅពេល​ពួកគេ​ត្រូវ​​គេ​​បង្ក្រាប​​បាន​ទាំងស្រុង​។ ប៉ុន្តែ​​ពួកគេ​នៅ​តែ​កាន់កាប់​ទឹកដី​របស់​ពួកគេ​ដដែល ហើយ​តែងតែ​បង្ហាញ​សេចក្តី​ស្អប់​ពីដើម​ចំពោះ​អ៊ីស្រាអែល (អេសេគាល ២៥:១៥-១៧)។ ទី​បំផុត ពួក​រ៉ូម៉ាំង​បាន​ច្បាំង​ដណ្តើម​យក​ទឹកដី​របស់​ពួកគេ​បាន​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top