Death pdf download
សងេ្ខបៈ សេចក្តីស្លាប់គឺជាទណ្ឌកម្មរបស់ព្រះដ៏បរិសុទ្ធទៅលើការបះបោររបស់មនុស្ស។ ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា គ្រប់មនុស្សទាំងអស់ត្រូវស្លាប់មួយដង ប៉ុន្តែដោយហេតុថា ព្រះយេស៊ូវគ្រីស្ទបានយកជ័យជំនះលើសេចក្តីស្លាប់រួចហើយ នោះសេចក្តីស្លាប់មិនមែនជាទីបញ្ចប់របស់ពួកអ្នកដែលដាក់ទំនុកចិត្តលើព្រះអង្គឡើយ តែផ្ទុយទៅវិញ ពួកអ្នកដែលទុកចិត្តលើព្រះយេស៊ូវនឹងរស់នៅអស់កល្បជានិច្ចវិញ។
ចំណាំៈ នៅក្នុងព្រះគម្ពីរ គេអាចយកពាក្យថា សេចក្តីស្លាប់ មកប្រើបានតាមរបៀបច្រើនយ៉ាង ហើយក៏មានន័យផ្សេងៗគ្នាផងដែរ។ នៅក្នុងមេរៀននេះ យើងមិនបានលើកយករបៀបនៃការប្រើពាក្យនេះទាំងអស់មកនិយាយនោះទេ តែយើងនឹងលើកយកមកនិយាយជាមួយគ្នាពីអត្ថន័យធម្មតាដែលមនុស្សយើងធ្លាប់ប្រើ។
សារៈសំខាន់នៃការយល់ដឹងពីសេចក្តីស្លាប់ The Importance of Understanding Death
អត្ថន័យនៃជីវិត និងបញ្ហានៃសេចក្តីស្លាប់ គឺជារឿងមួយដ៏សំខាន់ដែលស្ថិតនៅពីក្រោយជំនឿនិងការប្រតិបត្តិសាសនារបស់មនុស្ស។ វាជាការពិត មនុស្សជាច្រើនគិតថា ជីវិតដែលរស់នៅដោយគ្មានន័យ វាអាក្រក់ជាងសេចក្តីស្លាប់ទៅទៀត។
ប៉ុន្តែសេចក្តីស្លាប់ ក៏ជារឿងមួយដែលជំរុញមនុស្សអោយចេះស្វែងរកអត្ថន័យសំរាប់ជីវិតផងដែរ។ ការពន្យល់ពីជីវិតអោយបានគ្រប់ជ្រុងជ្រោយ ឬបានពេញលេញ គឺនៅពេលណាមានការរួមបញ្ចូលការពណ៌នាពីសេចក្តីសេចក្តីស្លាប់នៅក្នុងនោះផង។ ប្រសិនបើនៅក្នុងវប្បធម៌ ឬសាសនាណាមួយ ដែលពន្យល់ពីជីវិតដោយគ្មាននិយាយពីសេចក្តីស្លាប់ នោះការពន្យល់នោះមិនទាន់ពេញលេញនៅឡើយទេ ឬយើងអាចនិយាយថា ការពន្យល់នោះទទួលបរាជ័យទៅហើយ។ មនុស្សទាំងអស់នឹងត្រូវស្លាប់ នេះគឺជាការពិត។ តើមនុស្សអាចពន្យល់ពីការស្លាប់នេះដោយរបៀបណា? ហើយតើមានអ្វីកើតឡើងបន្ទាប់ពីស្លាប់? ហើយតើពួកគេពន្យល់ដូចម្តេចដែរ នៅពេលដែលទារកកើតមកស្លាប់ ឬពេលមានគ្រោះថ្នាក់ចរាចរ មានម្នាក់ស្លាប់ ឯម្នាក់ទៀតនៅរស់? តើនេះមកពីមូលហេតុអ្វីដែរ?
ចុះចំពោះប្រជាជនខ្មែរវិញ ទាក់ទងនឹងសេចក្តីស្លាប់ តើគេមានសំណួរអ្វីសួរទេ? តើនឹងមានសំណួរអ្វីនៅក្នុងគំនិតគេ ប្រសិនបើសមាជិកណាម្នាក់នៅក្នុងក្រុមគ្រួសារបានស្លាប់?
នៅក្នុងវប្បធម៌ខ្មែរ បានផ្តល់ចំលើយយ៉ាងដូចម្តេចទៅចំពោះសំណួរដែលគេសួរទាក់ទងនឹងសេចក្តីស្លាប់នេះ? តើគេជឿយ៉ាងដូចម្តេចដែរចំពោះសេចក្តីស្លាប់?
តើជនជាតិខ្មែរធ្វើដូចម្តេចចំពោះការឈឺចាប់និងលទ្ធផលនៃសេចក្តីស្លាប់?
សេចក្តីស្លាប់ មិនមែនគ្រាន់តែជារឿងដែលយើងត្រូវប្រឈមមុខនៅថ្ងៃចុងក្រោយនៃជីវិតរបស់យើងនោះទេ ប៉ុន្តែវាគឺជារឿងដែលយើងត្រូវប្រឈមជារៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់យើង។ វាមានឥទ្ធិពលទៅលើអ្វីដែលយើងធ្វើ ការសំរេចចិត្តរបស់យើង និងការយល់ដឹងរបស់យើងទាក់ទងនឹងជីវិត។ សូម្បីតែការញ៉ាំអាហារក៏ជាសកម្មភាពដែលមនុស្សធ្វើ ដើម្បីជៀសវាងពីសេចក្តីស្លាប់ដែរ។ ប្រសិនបើមិនញ៉ាំអាហារ ក៏មនុស្សអាចរស់បានដែរ នោះមនុស្សនឹងមិនចំណាយលុយកាក់របស់ខ្លួន ដើម្បីទិញអាហារឡើយ តែគេនឹងចំណាយសំរាប់ការកំសាន្តផ្សេងៗវិញ។ ដូច្នះ សេចក្តីស្លាប់ជួយមនុស្សឲ្យចេះបែងចែកឲ្យដាច់ស្រឡះពីគ្នា រវាងតំរូវការនិងការចង់បាន។ ប្រសិនបើយើងមិនស្លាប់នៅពេលយើងអត់អាហារនោះទេ អារហារលែងជាតំរូវការរបស់យើងទៀតហើយ តែវានឹងក្លាយជាចំណង់ចំណូលចិត្តរបស់យើងវិញ។ សេចក្តីស្លាប់អាចធ្វើឲ្យមនុស្សមានការងឿងឆ្ងល់ពីអ្វីជាអត្ថន័យនៃជីវិត។
តាមសំដីរបស់លោក Hiebert លោកមានប្រសាសន៍ថា «សាសនិកជន និងបព្វជិតផ្តល់ចំលើយផ្សេងពីគ្នាទៅចំពោះសំណួរដែលទាក់ទងនឹងសេចក្តីស្លាប់។ ពួកបព្វជិត ពន្យល់ពីទីកន្លែងដែលមនុស្សស្លាប់ត្រូវទៅ។ ឯពួកសាសនិកជនវិញ ពួកគេព្យាយាមដោះស្រាយចំពោះសំណួរដែលទាក់ទងនឹងសេចក្តីស្លាប់ ដែលខ្លួនកំពុងប្រឈមមុខក្នុងការរស់នៅប្រចាំថ្ងៃ។ គេមានវិធីច្រើនយ៉ាងក្នុងការដោះស្រាយបញ្ហានេះ ដែលក្នុងនោះមានដូចជា ការសែនព្រេនដល់វិញ្ញាណអារក្សអ្នកតា ជីដូនជីតា ដើម្បីផ្គាប់ផ្គន់ដល់វិញ្ញាណទាំងនោះឲ្យបានសប្បាយរីករាយចំពោះពួកគេ ប្រយោជន៍កុំឲ្យវិញ្ញាណទាំងអស់នោះមកយាយី ឬធ្វើទុក្ខដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ តែនឹងប្រទានសេចក្តីសុខសាន្ត សុភមង្គល និងការរកស៊ីមានបានដល់ពួកគេវិញ។ ម្យ៉ាងវិញទៀត ពួកគេត្រូវពន្យល់ពីមូលហេតុដែលនាំឲ្យស្លាប់ ដើម្បីផ្តល់អត្ថន័យឲ្យវា។ បើសិនជាមនុស្សម្នាក់បានស្លាប់ដោយចៃដន្យ នោះការស្លាប់បែបនេះមិនមានមូលហេតុអ្វីទាំងអស់។ ដូចនេះគេគិតថា អ្នកនោះស្លាប់ដោយគ្មានន័យអ្វីទាំងអស់ គឺស្លាប់ដោយគ្មានតំលៃអ្វីទាំងអស់។”
តាមពិតមនុស្សនឹងត្រូវស្លាប់ ហើយជាទូទៅមនុស្សមិនចង់ស្លាប់ទេ។ ដូច្នេះមនុស្សខិតខំដោះស្រាយបញ្ហានេះ ហើយការស្វែងរកដំណោះស្រាយនេះមានឥទ្ធិពលចំពោះ «សាសនា» របស់ពួកគេ។ មនុស្សជាច្រើនជឿថា សេចក្តីស្លាប់មិនមែនជាការជំនុំជំរះពីព្រះអាទិករទៅលើអំពើបាបនោះទេ។ ដូច្នេះពួកគេមិនត្រូវការស្វែងរកការអត់ទោសបាបពីព្រះអាទិករឡើយ។ ផ្ទុយទៅវិញ ពួកគេខិតខំស្វែងរកការការពារពីវត្ថុ មនុស្ស ឬវិញ្ញាណផ្សេងៗ ដែលគេគិតថា អាចបង្ករគ្រោះថ្នាក់ដល់ពួកគេ និងអាចធ្វើឲ្យពួកគេស្លាប់បានផង។ ក្នុងចំណោមពួកអ្នកទាំងនោះរួមមានដូចជា វិជ្ជបណ្ឌិត ពិធីខាងសាសនា គ្រូមន្តអាគម ឬគ្រូស្នេហ៍ជាដើម។ ដូច្នេះការនេះសបញ្ជាក់ប្រាប់យើងថា ការយល់ដឹងរបស់យើងចំពោះសេចក្តីស្លាប់គឺជាការសំខាន់។ វិធីសាស្ត្រដ៏សំខាន់មួយក្នុងការចែកចាយដំណឹងល្អ គឺបង្ហាញពួកគេអោយដឹងពីអ្វីដែលជាមូលហេតុចុងក្រោយដែលនាំឲ្យគ្រប់គ្នាស្លាប់។
សេចក្តីបង្រៀនរបស់ព្រះគម្ពីរអំពីសេចក្តីស្លាប់ The Bible’s Teaching on Death
តើព្រះជាម្ចាស់បង្រៀនយើងអ្វីខ្លះតាមរយៈព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងសេចក្តីស្លាប់នេះ? ចូរអានអត្ថបទគម្ពីរខាងក្រោមនេះ ហើយឆ្លើយសំណួរទាំងអស់នេះផងៈ
លោកុប្បត្តិ ២:១៧; រ៉ូម ៥:១២; ១កូរិនថូស ១៥:២១ តើសេចក្តីស្លាប់បានចូលមកក្នុងលោកិយនេះយ៉ាងដូចម្តេច?
រ៉ូម ៦:២៣ ហេតុអ្វីបានជាមនុស្សត្រូវស្លាប់?
ទំនុកដំកើង ៨២:១-៨; អេសាយ ១៤:១១; យ៉ាកុប ១:៩-១០ តើការលើកពីសេចក្តីស្លាប់មកនិយាយក្នុងអត្ថបទទាំងនេះមានគោលបំណងអ្វី?
ទំនុកដំកើង ៣៧:១-២, ៩-១០ តើការលើកយកសេចក្តីស្លាប់មកនិយាយក្នុងអត្ថបទនេះមានគោលបំណងអ្វីដែរ?
ទំនុកដំកើង ៤៩:១០ តើការលើកយកសេចក្តីស្លាប់មកនិយាយនៅក្នុងអត្ថបទនេះមានគោលបំណងអ្វី?
លូកា ១២:១៦-២១ តើការលើកយកសេចក្តីស្លាប់មកនិយាយនៅក្នុងអត្ថបទនេះមានគោលបំណងអ្វី?
នៅក្នុង ១កូរិនថូស ១៥:២៦ តើលោកប៉ុលបានពណ៌នាអំពីសេចក្តីស្លាប់យ៉ាងដូចម្តេចខ្លះ?
ហេព្រើរ ៩:២៧ ចូរសរសេរចុះឲ្យបាន៣ចំនុចយ៉ាងតិច ដែលយើងរៀនបានពីសេចក្តីស្លាប់នៅក្នុងខនេះ។
១ពេត្រុស ១:២៣-២៥ តើការលើកយកសេចក្តីស្លាប់របស់មនុស្សមកនិយាយនៅក្នុងអត្ថបទនេះមានគោលបំណងអ្វី?
១សាំយ៉ូអែល ២:៦ ចោទិយកថា ៣២:២៩ តើអ្នកណាជាអ្នកគ្រប់គ្រងលើសេចក្តីស្លាប់?
តើសេចក្តីពិតនេះផ្តល់ផលអ្វីដល់រាស្ត្ររបស់ព្រះអង្គ? សូមអាន ចោទិយកថា ៣០:១៩-២០។
តើព្រះជាម្ចាស់សន្យាធ្វើអ្វី នៅក្នុង អេសាយ ២៥:៨?
វិវរណៈ ១:១៨ តើអ្នកណាជាអ្នកគ្រប់គ្រងលើសេចក្តីស្លាប់?
២ធីម៉ូថេ ១:១០ តើអ្នកណាបានបំផ្លាញសេចក្តីស្លាប់?
១កូរិនថូស ១៥:៥៥-៥៧ តើអ្នកណាបានយកជ័យជំនះលើសេចក្តីស្លាប់?
តើយកឈ្នះដោយរបៀបណា?
រ៉ូម ១៤:៧-៨; ភីលីព ១:២០-២៣ តើការស្គាល់ព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្តូរទស្សនៈរបស់ប៉ុលយ៉ាងដូចម្តេចខ្លះទាក់ទងនឹងសេចក្តីស្លាប់?
វិវរណៈ ២០:១៣-១៤ តើនឹងមានអ្វីកើតឡើងនៅក្នុងយុគសម័យថ្មី?
សេចក្ដីសង្ខេបពីអត្ថបទខាងលើ៖ ទំនុកដំកើង ៨២:១-៨ អេសាយ ១៤:១១ និង យ៉ាកុប ១:៩-១០ បង្រៀនថា ព្រះជាម្ចាស់បានប្រើសេចក្ដីស្លាប់ ដើម្បីបន្ទាបមនុស្សដែលមានអំនួត។ ទំនុកដំកើង ៣៧:១-២, ៩-១០ បានបង្រៀនយើងថា អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវស្លាប់ទៅ ដូច្នេះកុំច្រណែននឹងអស់អ្នកនោះឡើយ ពីព្រោះយើងទាំងអស់ដូចគ្នាក្នុងរបៀបមួយ គឺយើងទាំងអស់គ្នានឹងស្លាប់ទៅ ប៉ុន្តែយើងមិនដូចគ្នាក្នុងរបៀបមួយ គឺមនុស្សទន់ទាបនឹងទទួលបានទឹកដីជាមត៌ក (ទំនុកដំកើង ៣៧:១១)។ ទំនុកដំកើង ៤៩:១០ បង្ហាញថា យើងទាំងអស់ដូចគ្នាក្នុងរបៀបមួយ គឺយើងទាំងអស់គ្នានឹងស្លាប់ទៅ ប៉ុន្តែយើងមិនដូចគ្នាក្នុងរបៀបមួយ គឺអ្នកមានខាតបង់ច្រើនជាង នៅពេលគេស្លាប់ទៅ។ នៅក្នុង លូកា ១២:១៦-២១ ព្រះយេស៊ូវបានបង្រៀនថា ការគិតអំពីសេចក្ដីស្លាប់បានផ្ដល់ប្រាជ្ញា ពីព្រោះបើសិនជាមនុស្សម្នាក់រស់នៅតែសម្រាប់កម្មសិទ្ធិ នោះចោលម្សៀត ពីព្រោះនៅពេលយើងស្លាប់ទៅ យើងនឹងបាត់បង់កម្មសិទ្ធិទាំងអស់នោះវិញ។
សេចក្តីស្លាប់ និងអត្ថន័យនៃជីវិត Death and the Meaning of Life
នៅខាងលើយើងឃើញថា វាជាការពិត សំរាប់មនុស្សជាច្រើនគិតថា ជីវិតដែលរស់នៅដោយគ្មានន័យ វាអាក្រក់ជាងសេចក្តីស្លាប់ទៅទៀត។ មនុស្សខ្លះសុខចិត្តស្លាប់ ដើម្បីផ្តល់សេចក្តីសុខសាន្ត និងសុខុមាលភាពដល់អ្នកកដទៃ។ ដូចជាមានមនុស្សម្នាក់បំរើការនៅមណ្ឌលសុខភាពមួយកន្លែង ដែលផ្ទុកទៅដោយអ្នកជំងឺឆ្លងគ្រប់មុខ។ គាត់ដឹងថា ការងារនេះមានគ្រោះថ្នាក់ណាស់ ពីព្រោះគាត់អាចឆ្លងជំងឺពីអ្នកជំងឺទាំងនោះគ្រប់ពេលវេលាបាន។ មានការងារផ្សេងទៀតជាច្រើន ដែលគាត់អាចធ្វើបាន ជាការងារស្រួលហើយប្រកបដោយសុវត្ថិភាពផង ប៉ុន្តែគាត់មិនព្រមចាកចេញពីទីនោះទេ គឺគាត់នៅបន្តរធ្វើការនោះទៀត ដោយគាត់គិតថា នោះជាការងារសំខាន់សំរាប់គាត់ ហើយការងារនោះធ្វើឲ្យជីវិតរបស់គាត់មានន័យ និងមានតំលៃ។ ដូច្នេះគាត់ស៊ូលះបង់សុខុមាលភាព និងជីវិតរបស់ខ្លួនផង ដើម្បីជួយថែររក្សាដល់អ្នកជំងឺទាំងនោះ ដើម្បីផ្តល់នូវភាពសុខស្រួលដល់អ្នកដទៃទៀត។ យើងអាចនិយាយយ៉ាងនេះបានថា គាត់ជាមនុស្សដែលហ៊ានលះបង់ជីវិតសំរាប់អ្នកដទៃ។ ការដែលរស់នៅដោយមិនហ៊ានលះបង់ជីវិតសំរាប់អ្នកដទៃ នោះគឺជាជីវិតដែលរស់នៅសំរាប់តែខ្លួនឯង ហើយជាជីវិតបែបអាត្មានិយម។ ជីវិតបែបនេះជាជីវិតគ្មានន័យទេ ហើយមានអ្នកខ្លះសុខចិត្តស្លាប់ ប្រសិនបើគេគិតថា ការរស់នៅរបស់ខ្លួនគ្មានន័យ និងគ្មានតំលៃ។
នៅក្នុងភាសាអង់គ្លេស មានពាក្យពីរឃ្លានិយាយយ៉ាងនេះថា ១. “What we are willing to die for shows what we are living for.” ២. “If it is not worth dying for, it is not worth living for.” ឃ្លាទី១មានន័យថា ការដែលយើងហ៊ានស៊ូស្លាប់ដើម្បីអ្វីមួយ នោះបញ្ជាក់ថា យើងរស់នៅដើម្បីរបស់មួយនោះ។ ឯឃ្លាទី២មានន័យថា ប្រសិនបើវត្ថុអ្វីមួយដែលមិនមានតំលៃសំរាប់ឲ្យយើងស្លាប់ជំនួសនោះទេ នោះយើងក៏មិនត្រូវរស់នៅសំរាប់វត្ថុនោះដែរ។ ទាក់ទងជាមួយនឹងសេចក្តីជំនឿរបស់យើង យើងដឹងហើយថា ព្រះយេស៊ូវគ្រីស្ទបានសងថ្លៃលោះបាបយើង ហើយជីវិតរបស់យើងមិនមែនជារបស់យើងទៀតឡើយ តែជារបស់ព្រះគ្រីស្ទវិញ ហើយយើងរស់នៅគឺសំរាប់ព្រះគ្រីស្ទ។ ចុះឧបមាថា ថ្ងៃមួយមានមនុស្សម្នាក់មកគំរាមសំលាប់យើង ដោយព្រោះយើងជាអ្នកមានជំនឿលើព្រះគ្រីស្ទ។ ប៉ុន្តែគេសន្យាថា នឹងដោះលែងយើង ប្រសិនបើយើងបដិសេធព្រះគ្រីស្ទ និងឈប់ជឿព្រះយេស៊ូវគ្រីស្ទ។ ក្នុងករណីនេះយើងត្រូវធ្វើដូចម្តេច? ពិតមែនហើយ ប្រសិនបើយើងរស់នៅសំរាប់ព្រះគ្រីស្ទមែននោះ នោះយើងសុខចិត្តស្លាប់សំរាប់ព្រះអង្គ គឺយើងប្រាកដជាសុខចិត្តស្លាប់មិនបោះបង់ជំនឿរបស់យើងឡើយ។ មានមនុស្សជាច្រើន ដែលបានពលីជីវិតដោយព្រោះជំនឿរបស់ពួកគេ ដែលយើងហៅពួកគេថា ជាពួកអ្នកស្លាប់ដោយព្រោះជំនឿ។ ប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យយល់ច្រឡំជាមួយគំនិតនេះថា ខ្ញុំលើកទឹកចិត្តឲ្យអ្នករាល់គ្នាទៅស្លាប់ ឬធ្វើអត្តឃាតដោយព្រោះជំនឿនោះឡើយ។ ខ្ញុំមិនបាននិយាយយ៉ាងនេះនោះទេ។ អ្វីដែលខ្ញុំនិយាយនោះគឺ ហ៊ានស៊ូស្លាប់ដើម្បីរក្សាជំនឿ។
មានឧទាហរណ៍មួយទៀតទាក់ទងនឹងតំលៃ ប្រសិនបើយើងគិតថា គ្រួសារ ប្រពន្ធ កូនរបស់យើងជាវត្ថុមានតំលៃ នោះយើងត្រូវរស់ដើម្បីពួកគេ ហើយយើងត្រូវហ៊ានស្លាប់ដើម្បីពួកគេដែរ ប្រសិនបើមានអ្នកណាហ៊ានមកយាយីដល់ពួកគេ។ នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ប្រសិនបើរបស់នោះមិនមានតំលៃសំរាប់យើងនោះទេ យើងមិនត្រូវរស់នៅដើម្បីរបស់នោះនោះទេ ហើយយើងក៏មិនត្រូវសុខចិត្តស្លាប់ដើម្បីរបស់នោះនោះដែរ។ ហើយវានឹងជារឿងឡប់ឡែផង ដែលហ៊ានប្តូរជីវិតដើម្បីរបស់មួយដែលគ្មានតំលៃនោះ។ ដូចជាហ៊ានស្លាប់ដើម្បីទូរស័ព្ទមួយគ្រឿងជាដើម នេះជាទង្វើល្ងង់សុទ្ធសាធ។ ដូច្នេះយើងមិនត្រូវរស់នៅដើម្បីរបស់ ឬវត្ថុមិនមានតំលៃនោះទេ តែផ្ទុយទៅវិញ យើងត្រូវរស់នៅដើម្បីរបស់ដែលមានតំលៃ ដោយហ៊ានលះបង់គ្រប់យ៉ាង រួមទាំងជីវិតយើងផង ដើម្បីការពាររបស់នោះ។ ដូច្នេះមនុស្សអាចរកឃើញអត្ថន័យពិតសំរាប់ជីវិតរបស់ពួកគេ នៅពេលដែលពួកគេមានអ្វីមួយដែលមិនមែនជាខ្លួនរបស់ពួកគេ តែជារបស់មួយមានតំលៃពិសេសដែលពួកគេត្រូវរស់នៅ និងហ៊ានស្លាប់សំរាប់របស់នោះផង។ មានតែព្រះអម្ចាស់មួយអង្គប៉ុណ្ណោះ ដែលមានតំលៃពិសេសជាងគេ។ យ៉ាងនេះហើយបានជាព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់នៅក្នុងព្រះគម្ពីរម៉ាថាយ ១៦:២៤-២៥ ថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឱ្យលះកាត់ចិត្ដខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឱ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ»។
លំហាត់ៈ ចូរសង្ខេបពីអ្វីដែលព្រះគម្ពីរបង្រៀនទាក់ទងនឹងសេចក្តីស្លាប់?
Leave a Reply