1 Cor 15 Resurrection pdf download
- ពេលខ្លះ នៅពេលមនុស្សស្តាប់លឺរឿងដដែលៗ ឬព័ត៌មានដដែលជាច្រើនដង នោះពួកគេអាចធុញទ្រាន់មិនចង់ស្តាប់រឿងនោះម្តងទៀតទេ។ នេះអាចជាបញ្ហាមួយ នៅពេលមនុស្សស្តាប់លឺរឿងដ៏អស្ចារ្យមួយ គឺជាដំណឹងល្អដ៏អស្ចារ្យអំពីព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ។ នេះគឺជាដំណឹងដ៏អស្ចារ្យ ប៉ុន្តែគ្រីស្ទបរិស័ទបានស្តាប់លឺដំណឹងនេះជាច្រើនដង ហើយពួកគេអាចធុញទ្រាន់លែងចង់ស្តាប់ទៀត ឬគិតថាវាមិនមានអ្វីអស្ចារ្យទៀតឡើយ ហើយពួកគេចង់ស្តាប់អ្វីដែលថ្មីវិញ។ យើងមើលឃើញនៅក្នុង ១កូរិនថូស ១៥ ថា រឿងនេះសំខាន់ណាស់ ដែលយើងត្រូវបានរំលឹកជាច្រើនលើកច្រើនសារអំពីព្រះរាជសារដ៏សំខាន់និងអស្ចារ្យនេះ។
- សូមអានខ ១។ បងប្អូនអើយ ខ្ញុំសូមរំលឹកអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង។ សាវកប៉ុលចង់រំលឹកពួកគេ ។ ព្រះរាជសារនេះមិនមែនជាអ្វីថ្មីសម្រាប់គ្រីស្ទបរិស័ទទេ ប៉ុន្តែពួកគេត្រូវការរំលឹក ហើយយើងក៏ត្រូវការការរំលឹកផងដែរ។ ហេតុអ្វីយើងត្រូវការការរំលឹកអំពីព្រះរាជសារនេះ?
- សូមអានខ ២ អ្នករាល់គ្នា កំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែងប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត។ នេះគឺជាព្រះរាជសារ ដែលនាំអោយយើងបានសង្គ្រោះ។ បើសិនយើងឈប់ជឿលើព្រះរាជសារនេះ ឬជឿអ្វីផ្សេង នោះជំនឿរបស់យើងត្រឡប់ជាឥតអំពើហើយ។ សូមកត់សំគាល់ថា ជំនឿនៅទីនេះគឺជាជំនឿនៅក្នុងដំណឹងល្អ។ ម្តងហើយម្តងទៀត ព្រះគម្ពីរសញ្ញាថ្មីបង្ហាញថា ជំនឿគឺជាការជឿលើដំណឹងល្អ ឬជឿលើព្រះយេស៊ូវ។
- ប៉ុន្តែមនុស្សជាច្រើននៅក្នុងពួកជំនុំភ្លេច ឬមិនយល់សេចក្ដីពិតនេះទេ ដោយពួកគេគិតថា ជំនឿគឺគ្រាន់តែជាការជឿ «ព្រះ» ប៉ុណ្ណោះ។ បន្ទាប់ពីគ្រីស្ទបរិស័ទខ្មែរនិយាយជាមួយខ្ញុំអំពីមិត្តភក្ដិ ឬសាច់ញាតិម្នាក់ ខ្ញុំសួរថា «តើគាត់គឺជាគ្រីស្ទបរិស័ទឬទេ? ជារឿយៗ ពួកគេឆ្លើយថា «បាទ គាត់ជឿព្រះ» រួចខ្ញុំឆ្លើយថា «នោះមិនមានន័យថា គាត់គឺជាគ្រីស្ទបរិស័ទម្នាក់នោះទេ»។ ព្រះគម្ពីរបង្រៀនថា ជំនឿមិនគ្រាន់តែជាការជឿលើព្រះប៉ុណ្ណោះទេ ប៉ុន្តែជាការជឿលើដំណឹងល្អ ដូច្នេះ ជំនឿមកពីការស្តាប់លឺដំណឹងល្អ។ តើមនុស្សអាចមានជំនឿបានទេ បើសិនពួកគេមិនដែលស្តាប់លឺដំណឹងល្អដែរឬទេ? គឺ ទេ។ បើសិនយើងគិតថា មនុស្សអាចមានជំនឿដោយមិនចាំបាច់ស្តាប់លឺដំណឹងល្អ នោះយើងបានយល់ខុសអំពីជំនឿហើយ។ មនុស្សត្រូវតែបានស្តាប់លឺដំណឹងល្អ ដើម្បីអោយពួកគេអាចបានសង្គ្រោះ ហើយបើសិនយើងមិនបានសង្គ្រោះតាមរយៈដំណឹងល្អរបស់ព្រះគ្រីស្ទទេ នោះជំនឿរបស់យើងគឺឥតប្រយោជន៍។
- ដូច្នេះ តើដំណឹងល្អគឺជាអ្វី? សូមអាន ខ. ៣-៤។ «ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តី ដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគត ដោយ ព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មាន ព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»។
- នេះគឺជាការសង្ខេបដ៏អស្ចារ្យនៃដំណឹងល្អ។ ចូរកត់សំគាល់ថា ដំណឹងល្អមិនមែនអំពីខ្ញុំ ឬអ្នកនោះឡើយ បើទោះដំណឹងល្អនេះសម្រាប់ពួកយើងក៏ដោយ។ ដំណឹងល្អគឺជាដំណឹងអំពីព្រះយេស៊ូវ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើងនៅក្នុងប្រវត្តិសាស្ត្រកាលពីជាង២០០០ឆ្នាំកន្លងទៅ។ ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា ហើយទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី ៣ នោះទ្រង់មាន ព្រះជន្មរស់ឡើងវិញ។
១. លទ្ធផលនៃព្រះគ្រីស្ទមិនត្រូវបានប្រោសអោយមានព្រះជន្មពីសុគតឡើងវិញ (ខ. ១២-១៩, ៣០-៣៤)
- ប៉ុន្តែពួកកូរិនថូសបានមានការយល់ច្រឡំ។ ខ. ១២ អានថា «បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឱ្យពួកអ្នករាល់គ្នាខ្លះនិយាយបានថា ពួកស្លាប់មិនរស់ឡើងវិញទេ»។ ពួកកូរិនថូសមួយចំនួនបានគិតថា មិនមានការរស់ពីស្លាប់ឡើងវិញឡើយ។ ពួកគេបានគិតថា បន្ទាប់ពីយើងស្លាប់ នោះលែងមានយើងទៀតហើយ។ សាវកប៉ុលបង្ហាញអំពីលទ្ធផលនៃ ជំនឿនេះ ដែលថាមិនមានការរស់ពីស្លាប់ឡើងវិញឡើយ។ សូមអាន ខ. ១៣ «បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះ ព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ»។ ដូច្នេះ លទ្ធផលនៃជំនឿរបស់ពួកគេដែលថា មិនមានការរស់ពីស្លាប់ឡើងវិញ មានន័យថា ព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញឡើយ។ ជំនឿនេះមានលទ្ធផលធ្ងន់ធ្ងរណាស់។
- តើអ្វីជាលទ្ធផលបើសិនព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញ ?
- ខ.១៤ «ហើយបើព្រះគ្រីស្ទ មិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ»។ យោងទៅតាមខនេះ តើអ្វីជាលទ្ធផលបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញ? ដំណឹងដែលយើងផ្សាយ ជាការឥតប្រយោជន៍ ហើយជំនឿរបស់យើង ក៏ឥតអំពើ។
- ខ.១៥ «ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឱ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឱ្យព្រះគ្រីស្ទរស់ឡើងវិញពិត»។ យោងទៅតាមខនេះ តើអ្វីជាលទ្ធផលបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញ? យើងខ្ញុំជាស្មរបន្ទាល់ ក្លែងក្លាយពីព្រះ។
- ខ.១៧ «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែននោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅ ក្នុងអំពើបាបនៅឡើយ»។ យោងទៅតាមខនេះ តើអ្វីជាលទ្ធផលបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញ? ជំនឿរបស់យើងជាការឥតអំពើ យើងនៅក្នុងអំពើបាបនៅឡើយ។
- ខ.១៨ «ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ»។ យោងទៅតាមខនេះ តើអ្វីជាលទ្ធផលបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញ? អស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាស។
- សូមអានខ. ១៩ «បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះ ប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ ទៅទៀត»។ យោងទៅតាមខនេះ តើអ្វីជាលទ្ធផលបើសិនជាព្រះគ្រីស្ទមិនបានរស់ឡើងវិញ? យើងវេទនា លើសជាងមនុស្សទាំងអស់ ទៅទៀត។
- ពេលខ្លះ ខ្ញុំសួរគ្រីស្ទបរិស័ទថា ឧបមាថា បើសិនព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញទេ តើអ្នកនឹងនៅតែជឿទ្រង់ ដើរតាមទ្រង់ ហើយទៅក្រុមជំនុំទៀតដែរឬទេ? ពេលខ្លះ ពួកគេមិនដឹងត្រូវឆ្លើយយ៉ាងណាទេ។ យោងតាមអត្ថបទគម្ពីរនេះ ចម្លើយច្បាស់ណាស់ថា ទេ អ្នកមិនគួរនៅតែដើរតាមព្រះគ្រីស្ទឡើយ។ បើសិនអ្នកណាម្នាក់មិនដឹងត្រូវឆ្លើយនឹងសំនួរនេះយ៉ាងណានោះទេ នោះបង្ហាញថា គាត់មិនយល់អំពីជំនឿឡើយ។
- អ្នកខ្លះប្រហែលជាគិតថា «ប៉ុន្តែនៅពេលខ្ញុំអធិស្ឋាន ព្រះបានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ខ្ញុំ ដូច្នេះខ្ញុំនៅតែជឿ ទោះបីជាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញក៏ដោយ»។ បើសិនអ្នកគិតដូច្នេះ នោះអ្នកមិនយល់អំពីជំនឿដែលព្រះគម្ពីរបង្រៀននោះទេ។
- អ្នកខ្លះប្រហែលជាគិតថា «ប៉ុន្តែការទុកចិត្តព្រះជួយអោយខ្ញុំមានសុខសាន្ត ខ្ញុំមានបញ្ហាជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំត្រូវការជំនួយ ហើយការទុកចិត្តព្រះជួយផ្តល់សេចក្តីសុខសាន្តនៅក្នុងចិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំនៅតែជឿ បើទោះជាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញក៏ដោយ»។ បើសិនអ្នកគិតដូច្នេះ នោះអ្នកមិនយល់អំពីជំនឿដែលព្រះគម្ពីរបង្រៀននោះទេ។
- អ្នកខ្លះប្រហែលជាគិតថា ប៉ុន្តែការទៅក្រុមជំនុំគឺសំខាន់ ដូច្នេះខ្ញុំនៅតែជឿនិងទៅពួកជំនុំ បើទោះជាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញក៏ដោយ»។ បើសិនអ្នកគិតដូច្នេះ នោះអ្នកមិនយល់អំពីសេចក្តីជំនឿដែលព្រះគម្ពីរបង្រៀននោះទេ។
- ពីព្រោះបើសិនអ្នកនឹងនៅតែជឿ បើទោះជាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញក៏ដោយ នោះជំនឿរបស់អ្នកមិននៅក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទទេ ដូច្នេះវាមិនមែនជាជំនឿដែលព្រះគម្ពីរសញ្ញាថ្មីបង្រៀននោះឡើយ។
- ព្រះគម្ពីរនិយាយថា បើសិនព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះជំនឿរបស់អ្នកត្រឡប់ជាឥតអំពើហើយ។ វាមិនសំខាន់ ដែលព្រះឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់អ្នក ហើយការទុកចិត្តព្រះជួយអ្នកនៅក្នុងជីវិតនេះទេ បើសិនព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញមែន នោះជំនឿរបស់អ្នកត្រឡប់ជាឥតអំពើហើយ។
២. លទ្ធផលនៃសេចក្តីពិតដែលព្រះយេស៊ូវត្រូវបានប្រោសអោយមានព្រះជន្មរស់ពីសុគតឡើងវិញ (ខ. ២០, ២៣, ២៥-២៦, ៤២-៤៣, ៥០-៥៨)
- ប៉ុន្តែសូមអានខ. ២០ «តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ»។
- សេចក្តីពិតគឺថា ព្រះគ្រីស្ទត្រូវបានប្រោសអោយមានព្រះជន្មរស់ពីសុគតឡើងវិញ ដូច្នេះជំនឿរបស់យើងមានប្រយោជន៍ ពិតប្រាកដ និងត្រឹមត្រូវ។
- ដូច្នេះ វាគ្មានបញ្ហាអ្វីសម្រាប់ខ្ញុំទេ បើសិនខ្ញុំអធិស្ឋានទៅកាន់ព្រះចំនួន១០០០ដង ហើយព្រះមិនឆ្លើយតបចំពោះសេចក្តីអធិស្ឋានទាំង១០០០របស់ខ្ញុំក៏ដោយ ពីព្រោះព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ពីសុគតឡើងវិញមែន ដូច្នេះខ្ញុំនៅតែជឿ។
- អ្នកខ្លះឈប់ជឿ ពីព្រោះពួកគេបានឈឺ ហើយបានអធិស្ឋានសូមអោយព្រះព្យាបាលពួកគេ ប៉ុន្តែព្រះមិនបានព្យាបាលពួកគេទេ ឬពីព្រោះពួកគេបានអធិស្ឋានសម្រាប់ការងារមួយ ប៉ុន្តែមិនទទួលបានការងារនោះសោះ។ គ្រីស្ទបរិស័ទខ្មែរជាច្រើនស្គាល់អ្នកដទៃ ដែលបានឈប់ជឿនិងឈប់មកក្រុមជំនុំដោយសារហេតុផលទាំងនេះ។ នៅពេលពួកគេធ្វើដូច្នេះ វាបង្ហាញថា ពួកគេមិនបានយល់អំពីជំនឿឡើយ។ បើសិនយើងពិតជាមានជំនឿលើដំណឹងល្អ ទោះបីជាព្រះមិនឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់យើងក៏ដោយ ក៏ជំនឿរបស់យើងមិនមានអ្វីផ្លាស់ប្តូរឡើយ ពីព្រោះព្រះគម្ពីរបង្រៀនថា ជំនឿគឺជាជំនឿនៅក្នុងដំណឹងល្អ ហើយដំណឹងល្អនោះមិនមែនអំពីខ្ញុំ អំពីបទពិសោធន៍របស់ខ្ញុំ និងព្រះឆ្លើយតបសេចក្តីអធិស្ឋានរបស់ខ្ញុំ ឬអត់នោះឡើយ។ ជំនឿគឺជាជំនឿនៅក្នុងដំណឹងល្អដែលប្រកាសអំពីព្រឹត្តិការណ៍ដែលកើតឡើងតាមប្រវត្តិសាស្ត្រ គឺព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់បាបរបស់យើង ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ បើសិនព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ នោះជំនឿរបស់យើងគឺត្រឹមត្រូវ ហើយយើងពិតជាមានសង្ឃឹម ប៉ុន្តែបើសិនព្រះយេស៊ូវមិនមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះជំនឿរបស់យើងគឺឥតប្រយោជន៍ទទេ។
- ជំនឿរបស់យើងមិនគួរមានមូលដ្ឋានគ្រឹះនៅលើបទពិសោធន៍របស់យើងឡើយ ពីព្រោះជំនឿរបស់យើងមិនមែននៅក្នុងបទពិសោធន៍របស់យើងទេ។ យោងតាមព្រះបន្ទូលព្រះ ជំនឿគឺនៅក្នុងដំណឹងល្អ ហើយដំណឹងល្អនេះមិនមែនអំពីខ្ញុំនិងបទពិសោធន៍និងទីបន្ទាល់របស់ខ្ញុំឡើយ។ ដំណឹងល្អគឺអំពីព្រះគ្រីស្ទ ដែលទ្រង់បានសុគត និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្គ្រោះ និងព្រះអម្ចាស់។
- សូមមើលលទ្ធផលនៃការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ សូមអានខ. ២០ ម្តងទៀត «ឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្នរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ»។
- បន្ទាប់មកសាវកប៉ុលពន្យល់បន្ថែមទៀត។ សូមអានខ. ២៣ «តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន ពីព្រះគ្រីស្ទ ជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុង កាលដែលទ្រង់យាងមក» ផលដំបូងគឺជាឃ្លាមួយ ដែលត្រូវបានប្រើសំដៅទៅលើការប្រមូលផលលើកទីដំបូង អញ្ចឹងហើយបានជាផលដំបូងគឺជាភស្តុតាងបញ្ជាក់ថា នឹងមានផលផ្សេងៗទៀតមកតាមក្រោយ។ ដូច្នេះ នៅពេលព្រះគម្ពីរនិយាយថា ព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញគឺជាផលដំបូង នោះមានន័យថា ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់គឺជាភស្តុតាងបញ្ជាក់ថា នឹងមានមនុស្សជាច្រើនរស់ពីស្លាប់មកទទួលបានជីវិតអស់កល្បជានិច្ចផងដែរ គឺជាអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ។ នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ នោះយើងនឹងទទួលបានរូបកាយរស់ឡើងវិញរបស់យើង ហើយយើងដឹងថា យើងនឹងទទួលបានវាមែន ពីព្រោះយើងបានមើលឃើញផលដំបូង ដែលជាព្រះយេស៊ូវ។
- ខ. ២៥-២៦ អានថា «ដ្បិតគួរឱ្យទ្រង់បានសោយរាជ្យ ទាល់តែដាក់អស់ទាំង ខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ ២៦ឯខ្មាំងសត្រូវក្រោយ បង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្តីស្លាប់»។ តើមានរឿងអ្វីទៀតនឹងកើតឡើង នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ? គឺទ្រង់នឹងបំផ្លាញសត្រូវដ៏ធំរបស់យើង គឺសេចក្តីស្លាប់។ សេចក្តីស្លាប់គឺជាសត្រូវដ៏ធំរបស់យើង ឯព្រះយេស៊ូវបានយកឈ្នះសេចក្តីស្លាប់ តាមរយៈការសុគតនិងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ នៅពេលទ្រង់យាងត្រឡប់មកវិញ ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ ហើយយើងនឹងទទួលរូបកាយរស់ឡើងវិញ។
- តើរូបកាយរស់ឡើងវិញរបស់យើងមានលក្ខណៈយ៉ាងដូចម្តេច?
- ខ.៤២-៤៣ អានថា «សេចក្តីដែលមនុស្សស្លាប់ បានរស់ឡើងវិញ នោះ ក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយដែល ពុករលួយ តែរស់ឡើងវិញ ជារូបកាយ មិនចេះពុករលួយឡើយ បានកប់ទៅ ទាំងមានសេចក្តីអាប់ឱន តែរស់ ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅទាំងមានសេចក្តីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្ដា» តើរូបកាយរស់ឡើងវិញរបស់យើងមានលក្ខណៈយ៉ាងដូចម្តេច? មិនចេះពុករលួយឡើយ មានសិរីល្អ មានព្រះចេស្ដា។
- ហើយដោយព្រោះព្រះយេស៊ូវបានយកឈ្នះលើសេចក្តីស្លាប់ ហើយយើងទទួលបានរូបកាយឧត្តមនេះ នោះសាវកប៉ុលសរសេរខ. ៥៤-៥៧ ថា «កាលណារូបកាយពុករលួយនេះបានប្រដាប់ ដោយសេចក្តីមិនពុករលួយ ហើយ រូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តី មិនចេះស្លាប់វិញនោះ ទើបនឹងបានសំរេចតាមពាក្យ ដែល ចែងទុកមកថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់ បាត់ហើយ» «ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា? សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា?» ៥៦រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាច របស់បាប គឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ ព្រះអង្គ ពីព្រោះទ្រង់ប្រទានឱ្យ យើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង»។ អាម៉ែន ហើយសូមសរសើរតម្កើងព្រះជាម្ចាស់!
ការសន្និដ្ឋាន៖ ជំនឿរបស់យើងមិនមែនឥតប្រយោជន៍ទេ ដូច្នេះចូរបម្រើព្រះគ្រីស្ទដោយចិត្តឧស្សាហ៍ចុះ។
- ដូច្នេះ តើយើងមានការអនុវត្តអ្វី? បើសិនមិនមានការរស់ពីស្លាប់ឡើងវិញទេ នោះសម្រាប់សាវកប៉ុល ដែលស្លាប់នៅក្នុងការបម្រើព្រះយេស៊ូវ គឺគាត់មិនបានចំណេញអ្វីទាំងអស់។ ប៉ុន្តែដោយសារព្រះយេស៊ូវពិតជាបានមានព្រះជន្មរស់ពីសុគតឡើងវិញមែន នោះចូរយើងស្តាប់អ្វីដែលសាវកប៉ុលសរសេរនៅក្នុងខ. ៥៨ «តើបានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឱ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។
- ដូច្នេះ ចូរធ្វើការព្រះអម្ចាស់ឱ្យបរិបូរជាដរាបចុះ ដោយបម្រើទ្រង់ដោយអស់ពីចិត្ត គំនិត ព្រលឹង និងកំឡាំង។ ចូរកុំរស់នៅដោយខ្ជិលច្រអូសសម្រាប់តែថ្ងៃនេះ ហើយគិតតែសប្បាយរីករាយ។ ចូររស់នៅដើម្បីបម្រើព្រះអម្ចាស់ ដោយព្រះបានប្រទានជីវិតដល់យើង ដើម្បីអោយយើងបម្រើទ្រង់ ព្រះបានសង្គ្រោះយើង ដើម្បីអោយយើងបម្រើទ្រង់ ហើយដោយព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ នោះការបម្រើរបស់យើងមិនមែនឥតប្រយោជន៍ទេ។
- ដូច្នេះ ចូរធ្វើដោយឧស្សាហ៍ ចូរឧស្សាហ៍អានព្រះគម្ពីរជារៀងរាល់ថ្ងៃ ចូរចែកចាយព្រះបន្ទូលព្រះជាមួយអ្នកដទៃដោយឧស្សាហ៍ ចូរបម្រើនៅក្នុងពួកជំនុំដោយឧស្សាហ៍
- ដូច្នេះ យើងមើលឃើញពីព្រះបន្ទូលព្រះថា ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវផ្លាស់ប្ដូរទាំងអស់។ តើយើងគួរតែអាណិតអ្នកណា? តើអ្នកអាណិតអ្នកណា? ជារឿយៗ យើងអាណិតអ្នកខ្សោយ អ្នកក្រីក្រ និងអ្នកជម្ងឺ។ មនុស្សមិនអាណិតអ្នកមាននោះទេ ដោយមនុស្សគិតថា អ្នកមានទ្រព្យសម្បត្តិច្រើនមានអ្វីគ្រប់យ៉ាង។ ប៉ុន្តែនៅពេលពួកគេរស់នៅសម្រាប់បច្ចុប្បន្ន ហើយមានជីវិតគិតតែភាពសប្បាយរីករាយសម្រាប់តែខ្លួនឯង ដោយមិនទុកចិត្តព្រះយេស៊ូវនិងបម្រើទ្រង់ នោះពួកគេនឹងធ្លាក់ទៅក្នុងស្ថាននរកអស់កល្បជានិច្ច។
- បើសិនព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះយើងគឺជាមនុស្សដែលគួរឱ្យអាណិត ប៉ុន្តែដោយសារទ្រង់ពិតជាបានមានព្រះជន្មរស់ពីសុគតឡើងវិញមែន នោះអស់អ្នកដែលមិនជឿព្រះយេស៊ូវគឺជាមនុស្សគួរឱ្យអាណិតវិញ។ ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវបង្កើតអោយមានភាពខុសគ្នាបែបនេះ។ ដូច្នេះ យើងគួរតែចែកចាយដំណឹងល្អ ដើម្បីអោយមនុស្សជាច្រើនទៀតអាចទទួលសេចក្តីសង្គ្រោះ ហើយមានជីវិតអស់កល្បជានិច្ច។
- ដូច្នេះ នៅចុងបញ្ចប់ មិនថាយើងមានជីវិតងាយស្រួល ឬលំបាកនោះទេ។ ការពិត ព្រះយេស៊ូវបានមានបន្ទូលថា ជីវិតរបស់យើងនឹងមានការលំបាក នៅពេលយើងដើរតាមទ្រង់ ប៉ុន្តែយើងមិនណាយចិត្តទេ ពីព្រោះព្រះគម្ពីរបង្រៀនថា ជំនឿមិនអាស្រ័យលើបទពិសោធន៍របស់យើង ដែលថាព្រះឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់យើងឬអត់នោះទេ ប៉ុន្តែជំនឿអាស្រ័យលើសេចក្តីពិតនៃដំណឹងល្អ ដែលជាសេចក្តីពិតនៃដំណឹងល្អនៅក្នុងប្រវត្តិសាស្ត្រ។ សេចក្តីពិតគឺថា ព្រះយេស៊ូវបានសុគតសម្រាប់បាបរបស់យើង ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ ដូច្នេះជំនឿរបស់យើងមិនមែនឥតប្រយោជន៍ទេ បើទោះជាយើងមានជីវិតងាយស្រួល ឬលំបាកក្តី។
Leave a Reply