2 Corinthians 12 old translation pdf download
- ខ្ញុំធ្លាប់បានលឺរឿងមួយអំពីបុរសម្នាក់ ដែលបានអះអាងថា នៅថ្ងៃមួយ នៅពេលគាត់កំពុងកោពុកមាត់ ព្រះយេស៊ូវលេចមកឯគាត់។ គាត់បានប្រាប់រឿងនេះដល់គ្រូបង្រៀនព្រះគម្ពីរម្នាក់។ គ្រូបង្រៀននោះបានសួរគាត់ថា តើគាត់បានធ្វើយ៉ាងដូចម្តេច នៅពេលគាត់បានមើលឃើញព្រះយេស៊ូវ? គាត់បានឆ្លើយថា គាត់បានបន្តកោពុកមាត់របស់គាត់។ គ្រូបង្រៀនព្រះគម្ពីរបាននិយាយថា «អូ អញ្ចឹងនោះមិនមែនជាព្រះយេស៊ូវពិតប្រាកដឡើយ»។ បើសិនអ្នកជួបព្រះយេស៊ូវពិតប្រាកដមុខទល់នឹងមុខ នោះអ្នកមិនអាចនៅបន្តកោពុកមាត់របស់អ្នកបាន ដូចជាមិនមានរឿងនេះកើតឡើងបានទេ។ នៅក្នុងព្រះគម្ពីរ នៅពេលមនុស្សបានជួបនឹងព្រះយេស៊ូវដែលមានព្រះជន្មរស់ពីសុគតឡើងវិញ ពួកគេបានមានការភ្ញាក់ផ្អើលជាខ្លាំង។ ដូច្នេះ អ្នកមិនបានជួបនឹងព្រះយេស៊ូវពិតប្រាកដ ដែលជាព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដី បើសិនអ្នកនៅតែអាចបន្តកោពុកមាត់របស់អ្នកបានទៀតនោះ។ នៅក្នុងកណ្ឌវិវរណៈ នៅពេលសាវកយ៉ូហានបានមើលឃើញព្រះយេស៊ូវ នោះគាត់បានសរសេរថា «ខ្ញុំដួលនៅទៀបព្រះបាទទ្រង់ ដូចជាស្លាប់ លើសពីនេះ តួមានជីវិតទាំង ៤ និងពួកចាស់ទុំ ២៤ នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខព្រះគ្រីស្ទ»។
- ពេលខ្លះ អ្នកស្តាប់លឺពីមនុស្ស ដែលអះអាងថា គាត់ជួបព្រះយេស៊ូវ ឬទទួលបាននិមិត្តអស្ចារ្យផ្សេងៗ ឬមានបទពិសោធន៍អស្ចារ្យផ្សេងៗទៀត។ តើអ្នកគួរតែគិតយ៉ាងដូចម្តេច នៅពេលអ្នកស្តាប់លឺរឿងទាំងនោះ? តើរឿងទាំងនោះពិតដែរឬទេ? បើទោះជារឿងទាំងនោះពិតប្រាកដតើយើងគួរតែគិតយ៉ាងដូចម្តេច?
- ថ្ងៃនេះយើងមើលទៅលើអត្ថបទគម្ពីរមួយ ដែលនិយាយអំពីមនុស្សម្នាក់ ដែលបានមើលឃើញនិមិត្តអស្ចារ្យ។ អត្ថបទគម្ពីរនេះនឹងបង្រៀនយើងអំពីឥរិយាបថដែលយើងគួរតែមាន។ នៅពេលមនុស្សម្នាក់អះអាងថា គាត់បានឃើញនិមិត្តអស្ចារ្យ នោះមិនមានន័យថា យើងគួរតែគោរពអោយតម្លៃខ្ពស់ដល់គាត់នោះទេ។ នៅពេលយើងមើលទៅលើអត្ថបទគម្ពីរនេះ យើងនឹងរៀនបានគោលការណ៍ត្រឹមត្រូវមួយចំនួនអំពីជីវិតគ្រីស្ទបរិស័ទផងដែរ។
- យើងកំពុងមើលទៅលើសំបុត្រទីពីររបស់សាវកប៉ុលទៅកាន់ពួកកូរិនថូស គ្រានោះពួកគ្រូបង្រៀនខុសឆ្គងបានចូលទៅក្នុងពួកជំនុំកូរិនថូស ហើយពួកគេបានបង្រៀនអំពីព្រះយេស៊ូវ។ ពួកគេបានបង្រៀនចំនុចត្រឹមត្រូវខ្លះអំពីព្រះយេស៊ូវ ហើយពួកគេមិនបានបដិសេធសេចក្ដីពិតថា ព្រះយេស៊ូវបានយាងមកជាមនុស្សដ៏ឥតខ្ចោះ ឬការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ទេ។ អញ្ចឹង ហេតុអ្វីពួកគេគឺជាពួកគ្រូខុសឆ្គង?
- នេះគឺជាសំនួរសំខាន់មួយ ពីព្រោះគ្រីស្ទបរិស័ទជាច្រើនគិតថា បើសិនគ្រូបង្រៀនម្នាក់បង្រៀនអំពីព្រះយេស៊ូវ នោះគាត់មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែសំបុត្រជាច្រើនរបស់ពួកសាវកបានព្រមានប្រឆាំងចំពោះពួកគ្រូខុសឆ្គង ហើយគ្រូខុសឆ្គងនេះមិនមែនជាពួកគ្រូខុសឆ្គងនៅខាងក្រៅពួកជំនុំនោះទេ គឺពួកគេជាគ្រូខុសឆ្គងនៅក្នុងពួកជំនុំ។ ហើយពួកគ្រូខុសឆ្គងទាំងអស់ នៅក្នុងក្រុងកូរិនថូស ក្រុងកាឡាទី និងក្រុងកូល៉ុស…បានបង្រៀនអំពីព្រះយេស៊ូវ។
- តើពួកគ្រូនៅក្រុងកូរិនថូសទាំងនេះខុសឆ្គងយ៉ាងដូចម្តេច? ២កូរិនថូស ១១:៣-៤ ជួយអោយយើងមើលឃើញ។ «តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នាត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ ១ ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន»។
- តើសត្វពស់បានបញ្ឆោតស្ត្រីដោយរបៀបណា? តើវាធ្លាប់ប្រាប់អោយស្ត្រីបរិភោគពីដើមដឹងខុសត្រូវដែរឬទេ? ទេ។ វាបានបញ្ឆោតស្ត្រីអោយគិតថា វាជាល្អក្នុងការបរិភោគផ្លែពីដើម គឺការបរិភោគផ្លែពីដើមនោះនឹងមានប្រយោជន៍ដល់គាត់ ហើយសត្វពស់បានធ្វើដូច្នេះ ដោយបង្ខូចព្រះបន្ទូលព្រះ ហើយបណ្តាលអោយស្ត្រីសង្ស័យលើព្រះបន្ទូលព្រះ។ សត្វពស់បាននិយាយអំពីអ្វីដែលព្រះបានមានបន្ទូល ហើយបានបង្ខូចព្រះបន្ទូលនោះ ឯសាតាំងក៏អាចធ្វើដូច្នេះនៅសព្វថ្ងៃនេះផងដែរ។ ព្រះបន្ទូលដែលព្រះមានសម្រាប់យើងនៅសព្វថ្ងៃនេះគឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តែសាតាំងប្រើពួកគ្រូខុសឆ្គងក្នុងការបង្ខូចព្រះបន្ទូលព្រះ ដែលជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅពេលគ្រីស្ទបរិស័ទដើរតាមពួកគ្រូខុសឆ្គងទាំងនេះ នោះពួកគេកំពុងត្រូវបានបញ្ឆោត ដូចជាអេវ៉ាត្រូវបានបញ្ឆោតនៅក្នុងសួនច្បារអេដែនដែរ។
- ដូច្នេះ តើសំបុត្រនេះបង្ហាញអោយយើងមើលឃើញអំពីសេចក្តីខុសនៃគ្រូបង្រៀនក្លែងក្លាយនៅក្រុងកូរិនថូសយ៉ាងដូចម្តេចខ្លះ? យើងមើលឃើញថា ពួកគេមានអំនួតខ្លាំងណាស់។ ពួកគេបានអួតពីខ្លួនពួកគេ វោហាររបស់ពួកគេ និមិត្តនិងការបើកសំដែងរបស់ពួកគេ និងប្រាក់ចំណូលរបស់ពួកគេ។ ពួកគេបានសរសេរសំបុត្រផ្តាំផ្ញើ (អំពីគុណសម្បត្តិ) សម្រាប់ខ្លួនពួកគេនិងអ្នកដទៃទៀតនៅក្នុងក្រុមរបស់ពួកគេ។ ពួកគេបានគិតថា ពួកគេគឺជាអ្នកមានវោហារពិសេស ហើយមានលក្ខណៈខាងវិញ្ញាណពិសេស។ សាវកប៉ុលបានហៅពួកគេថា «មហាសាវក» និយាយអោយចំ ពួកមហាសាវកទាំងនេះបានអួតពីកំឡាំងរបស់ពួកគេ។ នៅក្នុងផ្នែកភាគច្រើននៃសំបុត្រនេះ សាវកប៉ុលបានឆ្លើយតបចំពោះគំនិតខុសឆ្គងរបស់ពួកគេ ដែលពួកជំនុំកូរិនថូសបានជឿតាម ដោយសាវកប៉ុលបង្ហាញថា ការយល់ដឹងរបស់ពួកគេអំពីជីវិតគ្រីស្ទបរិស័ទ ជំនឿ និងការដឹកនាំគ្រីស្ទបរិស័ទគឺផ្ទុយពីជំនឿគ្រីស្ទបរិស័ទដ៏ត្រឹមត្រូវតាមព្រះគម្ពីរទាំងស្រុង។
- សាវកប៉ុលមានលក្ខណៈខុសពីនេះព្រោះនៅក្នុងជំពូក១១ គាត់អួតអំពីការទាំងអស់ដែលបង្ហាញថា គាត់ខ្សោយ ជាជាងអួតពីអ្វីដែលបង្ហាញថា គាត់ខ្លាំង (ខ. ២៣-៣០)។
- ឥឡូវនេះនៅក្នុង ១២:១–១០ សាវកប៉ុលឈានមកដល់ចំនុចខ្ពស់បំផុតនៃការពិភាក្សារបស់គាត់ហើយ សូមអានខ. ១ «ប្រាកដជាគ្មានប្រយោជន៍ឱ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែខ្ញុំនឹងនិយាយពីការជាក់ស្តែង និងការបើកសំដែងមកពី ព្រះអម្ចាស់ទៀត»។ ពួកគេក៏បានអួតពីរឿងទាំងនោះ ដូច្នេះគាត់គិតថា គាត់ត្រូវតែអួតអំពីរឿងនេះដែរ។
- សូមអានខ. ២-៦ «ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ នោះប្រហែល១៤ ឆ្នាំមកហើយ ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប ខ្ញុំស្គាល់មនុស្សនោះ (ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយក្តី ខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប )ថា អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបាន ឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឱ្យមនុស្សណានិយាយឡើយ ខ្ញុំនិងមានសេចក្តីអំនួតពីមនុស្សនោះ ខ្ញុំមិនអួតពីខ្លួនខ្ញុំទេ លើកតែពីសេចក្តីកម្សោយរបស់ខ្ញុំចេញ ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្តីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ»។
- នៅក្នុងខ. ២ តើគាត់កំពុងនិយាយអំពីអ្នកណា? អំពីខ្លួនគាត់ ឬអ្នកដទៃ? គាត់ចាប់ផ្តើមនៅក្នុងខ. ២ ដោយនិយាយអំពីអ្នកដទៃ ប៉ុន្តែនៅក្នុងខ. ៣-៦ យើងមើលឃើញថា បុរសដែលបានទទួលនិមិត្តនេះគឺជាសាវកប៉ុល។
- យើងគួរតែកត់សំគាល់ការសង្កេតពិនិត្យពីរបីចំណុចគួរអោយចាប់អារម្មណ៍នៅទីនេះ។
- ១. សាវកប៉ុលមិនបានមានបទពិសោធន៍ដូចនេះញឹកញាប់នោះទេ។ បទពិសោធន៍នេះបានកើតឡើងតាំងពី១៤ឆ្នាំមុនឯណោះ! សាវកប៉ុលមិនបានទទួលនិមិត្តអស្ចារ្យជារៀងរាល់សបា្តហ៍នោះទេ។ បន្ទាប់ពីការទទួលបានការបើកសំដែងនេះ សាវកប៉ុលមិនបានសម្រេចចិត្តថា ការឆ្លើយតបត្រឹមត្រូវគឺត្រូវតែស្វែងរកការបើកសំដែងនិងនិមិត្តកាន់តែច្រើនទៀតនោះទេ គាត់មានភាពវ័យឆ្លាតជាងការគិតបែបនេះ គាត់មិនបានព្រួយបារម្ភដោយព្រោះគាត់មិនទទួលបាននិមិត្តអស្ចារ្យក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំ ឬដប់បួនឆ្នាំឡើយ។
- សាវកប៉ុលបញ្ជាក់ច្បាស់ថា ព្រឹត្តិការណ៍នោះមានលក្ខណៈពិសេសណាស់ ដែលប្រហែលជានឹងនាំគាត់អួតពីខ្លួនគាត់បាន។ នៅក្នុង ខ. ៥ គាត់សរសេរថា «ខ្ញុំអួតតែពីបុរសនោះ» ។ ដូច្នេះ និមិត្តទាំងនេះមិនមែនជាបទពិសោធន៍របស់គ្រីស្ទបរិស័ទធម្មតាទេ។ សាវកប៉ុលដឹងថា ខ្លួនគាត់មានឯកសិទ្ធិពិសេស ហើយបន្ទាប់ពីការទទួលបានការបើកសំដែងហើយ គាត់មិនទៅប្រាប់មនុស្សម្នាក់ថា «អស្ចារ្យណាស់ ខ្ញុំទើបតែទទួលបានបទពិសោធន៍ខាងវិញ្ញាណយ៉ាងពិសេស ខ្ញុំត្រូវតែប្រាប់អោយក្រុមជំនុំទាំងអស់របស់ខ្ញុំស្វែងរកនិមិត្តទាំងនេះដែរ ហើយខ្ញុំនឹងប្រាប់មនុស្សអំពីនិមិត្តអស្ចារ្យទាំងនេះអោយបានដឹង» នោះឡើយ។
- សាវកប៉ុលបានធ្វើផ្ទុយពីនេះគឺគាត់បានទទួលនិមិត្តនិងការបើកសំដែងតាំងពី១៤ឆ្នាំមុនម៉្លេះ ហើយទើបតែពេលនេះដែលគាត់ប្រាប់មនុស្សអំពីបទពិសោធន៍នេះ។ គាត់មិនបានទៅគ្រប់ទីកន្លែងប្រកាសប្រាប់អំពីបទពិសោធន៍អស្ចារ្យរបស់គាត់ឡើយ ហេតុអ្វី? ហេតុផលមួយគឺពីព្រោះគាត់មិនត្រូវបានអនុញ្ញាតអោយចែកចាយអំពីការបើកសំដែងទេ ប៉ុន្តែនៅមានមូលហេតុផ្សេងទៀត។
- ចូរត្រឡប់ទៅកាន់ខ. ២ វិញ។ យើងបានមើលឃើញថា នៅពេលគាត់ចាប់ផ្តើមសរសេរ ហាក់ដូចជាគាត់កំពុងសរសេរអំពីមនុស្សម្នាក់ផ្សេង។ ហេតុអ្វីគាត់ចាប់ផ្តើមសរសេរបែបនេះ? ពីព្រោះគាត់មិនចង់អួត។ គាត់និយាយថា អួតគឺល្ងង់ខ្លៅ ដូចដែលគាត់សរសេរនៅក្នុងខ. ៦ ថា «ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្តីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ»។ សាវកប៉ុលបដិសេធមិនរកសាងកេរ្តិ៍ឈ្មោះរបស់គាត់ ដោយប្រាប់អ្នកដទៃអំពីការបើកសំដែងនិងបទពិសោធន៍ដ៏អស្ចារ្យទាំងនេះទេ។ យើងមិនត្រូវវាយតំលៃភាពចាស់ទុំនិងជំនឿរបស់មនុស្សម្នាក់តាមបទពិសោធន៍បែបនេះឡើយ ប៉ុន្តែវាយតំលៃតាមអ្វីដែលគាត់និយាយនិងប្រព្រឹត្តវិញ។ ដូច្នេះហើយទើបព្រះគម្ពីរផ្តល់លក្ខណៈសម្បត្តិផ្សេងៗសម្រាប់ពួកចាស់ទុំ/គ្រូគង្វាលគឺថា គាត់ត្រូវតែសុចរិត ហើយខ្ជាប់ខ្ជួននឹងការបង្រៀនសេចក្តីពិត។ គ្មានសេចក្តីតម្រូវណាថា ពួកចាស់ទុំ/គ្រូគង្វាលត្រូវមានបទពិសោធន៍ ឬការត្រាស់ហៅអស្ចារ្យណាមួយឡើយ។
- ចំនុចនេះច្បាស់លាស់និងសំខាន់ណាស់ ប៉ុន្តែយើងងាយស្រួលនឹងភ្លេចបាន។ តើអ្វីធ្វើអោយមនុស្សចាប់អារម្មណ៍និងដើរតាម? ខ្ញុំគិតថា ជារឿយៗមនុស្សចាប់អារម្មណ៍និងដើរតាមការខុស ដូចជាពួកកូរិនថូសបានធ្វើដែរ។ ពួកគេចាប់អារម្មណ៍លើការបើកសំដែងនិងនិមិត្តពិសេសផ្សេងៗ និងបទពិសោធន៍ពិសេសអស្ចារ្យផ្សេងៗ។ សាវកប៉ុលបានដឹងអំពីនេះ ដូច្នេះហើយទើបគាត់មិនបានប្រាប់អ្នកណាម្នាក់អំពីនិមិត្តនិងការបើកសំដែងទាំងនេះ។ បើសិនគ្រូបង្រៀនពីរនាក់បានមកពួកជំនុំរបស់អ្នក ដែលម្នាក់មានបទពិសោធន៍ និមិត្ត និងការបើកសំដែងអស្ចារ្យ ហើយម្នាក់ទៀតមានសមត្ថភាពបង្រៀនព្រះគម្ពីរតាមរយៈការសិក្សានិងការយល់ដឹង តើមនុស្សនឹងស្តាប់គ្រូបង្រៀនមួយណា?
- ចូរសំគាល់ថា សាវកប៉ុលខ្លាចពួកគេនឹងលើកគាត់ឡើងខ្ពស់ពេក។ មនុស្សភាគច្រើនខ្លាចគេនឹងមិនអោយតំលៃខ្ពស់គ្រប់គ្រាន់ដល់ពួកគេ គឺខ្លាចគេអោយតំលៃទាបដល់ពួកគេ។ ប៉ុន្តែនៅពេលសាវកប៉ុលមានឱកាសអោយគេអោយតំលៃខ្ពស់ដល់គាត់ ដោយសារតែបទពិសោធន៍ និមិត្ត និងការបើកសំដែងអស្ចារ្យរបស់គាត់ បែរជាគាត់មិនប្រាប់អ្នកដទៃវិញ ពីព្រោះគាត់មិនចង់អោយពួកគេអោយតំលៃខ្ពស់ដល់គាត់។
- ចូរស្រមើស្រមៃអំពីមនុស្សម្នាក់នៅសព្វថ្ងៃនេះ ដែលមានបទពិសោធន៍ផ្សេងៗដែលបង្ហាញថា គាត់ខ្សោយ ហើយគាត់ក៏បានទទួលការបើកសំដែងអស្ចារ្យផ្សេងៗផងដែរ។ តើគាត់ទំនងជាចង់ទៅប្រាប់អ្នកដទៃអំពីរឿងណាមួយជាងគេ? ខ្ញុំគិតថា មនុស្សជាច្រើននឹងត្រូវល្បួងអោយចែកចាយព័ត៌មានអំពីការបើកសំដែងរបស់ពួកគេ។ «សូមស្តាប់បទពិសោធន៍ដ៏អស្ចារ្យរបស់ខ្ញុំ»។ យើងមិនចង់ចែកចាយអ្វីដែលបន្ទាបយើង និងបង្ហាញអំពីភាពខ្សោយរបស់យើងឡើយ។
- ប៉ុន្តែសូមមើលទៅឯសាវកប៉ុល នៅពេលគាត់ទទួលបានអ្វីដែលបង្ហាញអំពីភាពខ្សោយរបស់គាត់ ដែលបន្ទាបគាត់នៅចំពោះពួកកូរិនថូស នោះគាត់ប្រកាសយ៉ាងខ្លាំងថា «នែ សូមមើលបទពិសោធន៍របស់ខ្ញុំទាំងនេះ គឺខ្ញុំខ្សោយ»។ ប៉ុន្តែនៅពេលគាត់ទទួលបានការបើកសំដែងទាំងនេះ ដែលនឹងធ្វើអោយអ្នកដទៃលើកគាត់ឡើងខ្ពស់ បែរជាគាត់មិនចង់ប្រាប់អ្នកណាម្នាក់វិញ។
- ទីបន្ទាល់សំខាន់បំផុត ដែលសាវកប៉ុលចង់ប្រាប់ដល់មនុស្ស គឺថា គាត់គឺជាមនុស្សមានបាប ដែលបានសង្គ្រោះដោយសារព្រះគុណ យើងក៏មានទីបន្ទាល់ដូចគ្នានេះផងដែរ។
- មនុស្សមួយចំនួនចង់បានទីបន្ទាល់អស្ចារ្យដូចជាបទពិសោធន៍របស់សាវកប៉ុលទៅតាមផ្លូវទៅទីក្រុងដាម៉ាស ប៉ុន្តែយើងមិនត្រូវការទីបន្ទាល់បែបនោះទេ។ យើងមានទីបន្ទាល់ដ៏អស្ចារ្យមួយ ដែលព្រះបានធ្វើ គឺទ្រង់បានអត់ទោសបាបអោយយើងហើយ។ នៅពេលមនុស្សសួរខ្ញុំអំពីការអស្ចារ្យដែលព្រះបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំឆ្លើយថា គឺទ្រង់បានអត់ទោសបាបអោយខ្ញុំ នេះគឺជាព្រះគុណដ៏អស្ចារ្យ។ យើងសោកស្តាយ នៅពេលគ្រីស្ទបរិស័ទខ្មែរធ្វើទីបន្ទាល់នៅក្នុងពួកជំនុំ ជារឿយៗយើងមិនលឺទីបន្ទាល់ដូចនេះទេ ហើយពួកគេក៏មិនប៉ះពាល់ចិត្តជាមួយទីបន្ទាល់បែបនេះដែរ។ បើសិនអ្នករំភើបចិត្តចំពោះនិមិត្តនិងការបើកសំដែងផ្សេងៗ ឬរំភើបចិត្តចំពោះការបានជាសះស្បើយពីជម្ងឺខ្លាំងជាការដែលព្រះអង្គបានលើកលែងទោសរបស់យើង នោះអ្នកមិនយល់សេចក្តីបរិសុទ្ធរបស់ព្រះនិងបាបរបស់អ្នកផ្ទាល់នោះទេ អ្នកមិនដើរតាមគំរូរបស់សាវកប៉ុលទេ។ ទីបន្ទាល់ដ៏ធំរបស់គាត់គឺថា គាត់គឺជាមនុស្សមានបាប ដែលបានសង្គ្រោះដោយសារព្រះគុណ ហើយយើងក៏ដូចជាគាត់ផងដែរ។
- សាវកប៉ុលដឹងយ៉ាងច្បាស់ថា មានគ្រោះថ្នាក់ផ្សេងៗនៅក្នុងការទទួលបានការបើកសំដែងដ៏អស្ចារ្យ ហើយគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់គ្រីស្ទបរិស័ទនោះគឺ អំនួត ។ គាត់បន្តនៅក្នុងខ. ៧។
- សូមអានខ. ៧ «ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា ១ ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឱ្យខ្ញុំមានចិត្តធំឡើយ»។ ចូរកត់សំគាល់ សាវកប៉ុលអាចមានអំនួតមកពីការបើកសំដែងទាំងនេះ ហើយនេះជាគ្រោះថ្នាក់ចំពោះលោកប៉ុល ដូច្នេះហើយ គ្មានអ្នកណាអាចគិតថា «ខ្ញុំនឹងអត់មានអំនួតបើសិនជាខ្ញុំបានទទួលការបើកសំដែងដូចនេះទេ»។
- មានការសិក្សាជាច្រើន ដើម្បីកំណត់ថា បន្លានោះគឺជាអ្វី។ ចម្លើយគឺថា អត់មានអ្នកណាម្នាក់ដឹងទេ! ខ្ញុំគិតថា វាមានការពិបាកសម្រាប់យើងក្នុងការកំណត់ថា បន្លានោះគឺជាអ្វី ហើយខ្ញុំគិតថា វាមិនសូវសំខាន់ប៉ុន្មានទេ។ អ្វីដែលច្បាស់លាស់នោះគឺថា បន្លានោះពិតជារឿងដ៏ធ្ងន់ធ្ងរ ពីព្រោះសាវកប៉ុលមិនចង់ទទួលវាទេ ហើយគាត់ក៏មិនមែនជាមនុស្សកំសាកដែរ។ គាត់មិនមែនជាប្រភេទមនុស្សខ្លាចរឿងតូចតាចមួយនោះទេ។ ចូរមើលការរងទុក្ខរបស់គាត់នៅក្នុងជំពូក១១។ គាត់ត្រូវបានគេវាយ ចោលនឹងដុំថ្ម ត្រូវរំពាត់ ត្រូវដំបង លិចសំពៅ ស្រេកឃ្លាន និងការឈឺចាប់ជាច្រើនទៀត ប៉ុន្តែគាត់នៅតែបានបន្តបំពេញព័ន្ធកិច្ច ដែលនាំអោយគាត់មានទុក្ខលំបាកទាំងអស់នេះ! គាត់មិនបានកំសាកនោះឡើយ។ ប៉ុន្តែនៅពេលគាត់មានបន្លានេះ គាត់បានអធិស្ឋានទូលអង្វរចំនួនបីដង ដើម្បីអោយព្រះដកវាចេញ ដូច្នេះ បន្លារបស់សាវកប៉ុលមិនមែនជារឿងតូចតាចទេ។
- ឥឡូវនេះនៅក្នុងខ. ៨-១០ យើងរៀនបានជាច្រើនអំពីសេចក្តីអធិស្ឋាន។
- ខ. ៨-៩ក បានអានថា «ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមទ្រង់មេត្តាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។ ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សំរាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ។
- តើព្រះបានប្រទានអ្វីដែលលោកប៉ុលបានសូមពីទ្រង់ដែរឬទេ? ទេ ទ្រង់មិនបានដកបន្លានោះចេញទេ។ បន្លាគឺជាបញ្ហា ដែលសាវកប៉ុលចង់អោយព្រះដោះស្រាយ ហើយគាត់បានសន្មតថា របៀបដោះស្រាយបញ្ហានេះគឺថា ព្រះដកបន្លានោះចេញ។ ប៉ុន្តែព្រះដោះស្រាយបញ្ហាតាមរបៀបខុសគ្នាមួយ គឺដោយបន្ថែមព្រះគុណកាន់តែច្រើន។ ព្រះបានសន្យាចំពោះសាវកប៉ុលថា នៅក្នុងការរងទុក្ខដោយសារបន្លានោះ ព្រះនឹងតែងតែប្រទានព្រះគុណគ្រប់ល្មម ដើម្បីអោយគាត់អាចរស់នៅដោយទ្រាំទ្រនឹងបន្លានោះ។
- ចូរកត់សំគាល់លើភាពចាស់ទុំរបស់សាវកប៉ុលនៅទីនេះ។ គាត់អធិស្ឋានលើកទីមួយ ហើយព្រះមិនដកបន្លានោះចេញទេ។ គាត់មិនសម្រេចចិត្តថា «អូមិនអីទេ ខ្ញុំបានអធិស្ឋានហើយ ប៉ុន្តែព្រះមិនបានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ខ្ញុំទេ ដូច្នេះខ្ញុំនឹងឈប់អធិស្ឋានហើយ ពីព្រោះទ្រង់ពិតជានឹងមិនដកបន្លានេះចេញឡើយ» នោះឡើយ។ ផ្ទុយទៅវិញ គាត់អធិស្ឋានជាលើកទីពីរ និងទីបី។
- សូមកត់សំគាល់ថា សាវកប៉ុលមិនសម្រេចចិត្តថា «ព្រះមិនបានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ខ្ញុំ ដោយសារខ្ញុំពិតជាមិនមានជំនឿគ្រប់គ្រាន់ ឬមានអំពើបាបមួយចំនួនលាក់នៅក្នុងជីវិតរបស់ខ្ញុំហើយ» ទេ។ ស្ថានភាពនេះគឺជាឧទាហរណ៍មួយនៃមនុស្សសុចរិត គឺលោកប៉ុល ដែលព្រះមិនប្រទានអ្វីដែលលោកប៉ុលបានសូមពីទ្រង់ តាមរបៀបដែលគាត់ចង់បាន។ មនុស្សមួយចំនួនគិតថា នៅពេលព្រះមិនឆ្លើយតបចំពោះសេចក្តីអធិស្ឋាន នោះមានន័យថា អ្នកអធិស្ឋាននោះបានខ្វះជំនឿ ឬបានធ្វើបាបហើយ។ អត្ថបទនេះបង្ហាញយ៉ាងច្បាស់ថា ការដែលព្រះអង្គមិនប្រទានអ្វីដែលមនុស្សបានសូមពីទ្រង់ប្រហែលជាមកពីមូលហេតុផ្សេងទៀត។ ការដែលព្រះអង្គមិនប្រទានអ្វីដែលមនុស្សបានសូមប្រហែលជាមកពីបាប ឬការខ្វះជំនឿដែរ ប៉ុន្តែបើសិនយើងតែងតែគិតថា នេះគឺជាហេតុផល នោះជាគំនិតខុសហើយ។
- សាវកប៉ុលបានអធិស្ឋានទៅកាន់ព្រះចំនួនបីដង។ ប៉ុន្តែលើសពីនេះ គាត់បានមានភាពចាស់ទុំក្នុងការទទួលចម្លើយរបស់ព្រះថា ទ្រង់នឹងមិនដកបន្លាចេញឡើយ។ ហើយសាវកប៉ុលមិនទទួលការឆ្លើយតបរបស់ព្រះដោយចិត្តរអ៊ូរទាំទេ ប៉ុន្តែគាត់សរសេរនៅក្នុងខ. ៩ ថា «ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកម្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឱ្យព្រះចេស្ដានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ»។
- ចូរកត់សំគាល់ម្តងទៀតថា នេះគឺជាទីបន្ទាល់ដែលគាត់កំពុងសរសេរបញ្ជាក់ប្រាប់ពួកកូរិនថូស។ ព្រះមិនបានប្រទានអ្វីដែលគាត់បានទូលសុំនោះទេ។ មនុស្សជាច្រើននៅសព្វថ្ងៃនេះនឹងមានគំនិតផ្ទុយពីនេះ។ បើសិនមានមនុស្សម្នាក់នៅក្នុងពួកជំនុំ ហើយព្រះមិនបានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់គាត់ តើអ្នកចង់អោយគាត់ឡើងធ្វើទីបន្ទាល់ដែរឬទេ? ទេ។ ហេតុអ្វី? នេះគឺជាអ្វីដែលសាវកប៉ុលកំពុងធ្វើ។ គាត់កំពុងប្រាប់ពួកកូរិនថូសថា ព្រះមិនបានប្រទានអ្វីដែលគាត់បានទូលសុំទេ។
- ហេតុអ្វីព្រះមិនបានដោះបន្លានោះចេញ? ហេតុផលមួយគឺថា បន្លានោះពិតជាមានប្រយោជន៍សម្រាប់សាវកប៉ុលនៅក្នុងព័ន្ធកិច្ចរបស់គាត់។ ខ្ញុំគិតថា មនុស្សជាច្រើននៅសព្វថ្ងៃនេះប្រហែលជាគិតថា បន្លានៅក្នុងសាច់រារាំងដល់ព័ន្ធកិច្ចរបស់គាត់។ គេគិតថា «បើសិនខ្ញុំអាចដកយកបន្លានេះចេញបាន នោះខ្ញុំនឹងខ្លាំង ហើយអាចដោះស្រាយឧបសគ្គបាន និងបន្តបំពេញព័ន្ធកិច្ចដោយប្រសិទ្ធិភាព។» ព្រះក៏មិនចង់អោយបន្លាក្លាយជាឧបសគ្គដល់ព័ន្ធកិច្ចរបស់សាវកប៉ុលផងដែរ ដូច្នេះព្រះធ្វើវាអោយក្លាយជាជំនួយដល់ព័ន្ធកិច្ចរបស់គាត់ ដោយធ្វើអោយគាត់ខ្សោយដើម្បីទទួលព្រះគុណព្រះ។
- សំខាន់ដែលយើងមិនយល់ខុសអំពីអ្វីដែលលោកប៉ុលកំពុងសរសេរនៅទីនេះ។ អ្នកខ្លះអានអត្ថបទគម្ពីរនេះ ហើយគិតថា សាវកប៉ុលកំពុងនិយាយថា គ្រីស្ទបរិស័ទម្នាក់អាចស៊ូទ្រាំក្នុងពេលវេលានៃភាពខ្សោយ ហើយបន្ទាប់មកនឹងមានពេលវេលានៃព្រះគុណនិងកំឡាំង ។ នេះគឺជាការកាត់ស្រាយមិនត្រឹមត្រូវលើអត្ថបទគម្ពីរនេះ។ ជារឿយៗ នៅក្នុងព្រះគម្ពីរ ភាពខ្សោយមិនមកមុនព្រះគុណទេ ប៉ុន្តែភាពខ្សោយគឺជាលក្ខខណ្ឌដែលយើងត្រូវតែនៅតែមានដើម្បីបន្តនៅក្នុងព្រះគុណ។
- ដោយសាវកប៉ុលមើលឃើញគោលការណ៍នេះនៅក្នុងកាលៈទេសៈនេះ គឺមានបន្លានៅក្នុងសាច់ គាត់សរសេរថា «ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកម្សោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ» (ខ. ៩ក-១០)។
- ចូរកត់សំគាល់ថា គឺអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទនៅជាមួយសាវកប៉ុល នៅពេលដែលព្រះមិនប្រោសអោយគាត់ជា។ នៅពេលយើងឃើញមនុស្សម្នាក់កំពុងរងទុក្ខ ហើយគាត់អធិស្ឋាន តើនៅពេលណាដែលយើងមើលឃើញអំណាចព្រះចេស្តារបស់ព្រះគ្រីស្ទ? ជាធម្មតា មនុស្សគិតថា ពួកគេមើលឃើញអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ នៅពេលពួកគេបានជាសះស្បើយ ហើយសេចក្តីអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតប។ ពិតហើយថា យើងអាចមើលឃើញអំណាចព្រះចេស្តារបស់ព្រះគ្រីស្ទ នៅពេលព្រះឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់យើង ប៉ុន្តែចំនុចនេះជួយអោយយើងមើលឃើញថា យើងមិនគ្រាន់តែមើលឃើញអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ នៅពេលតែទ្រង់ប្រទានអ្វីដែលយើងសូមពីព្រះអង្គនោះទេ។ ទោះបីជានៅពេលពួកគេមិនបានជាសះស្បើយក៏ដោយ ក៏នៅទីនេះយើងមើលឃើញថា អំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទអាចនៅជាមួយពួកគេនៅក្នុងភាពខ្សោយរបស់ពួកគេផងដែរ។
- បើសិនមនុស្សពីរនាក់បានមកចែកចាយទីបន្ទាល់ ហើយសម្រាប់ម្នាក់ ព្រះសណ្ដាប់ពាក្យអង្វររបស់គាត់ ហើយសម្រាប់ម្នាក់ទៀត ព្រះមិនបានប្រទានអ្វីដែលគាត់សូមពីព្រះអង្គទេ តើយើងគិតថា យើងបានមើលឃើញអំណាចព្រះចេស្ដានៃព្រះនៅជាមួយអ្នកណា? នៅជាមួយម្នាក់ដែលបានជាសះស្បើយ។ ប៉ុន្តែនេះមិនមែនជាទីបន្ទាល់របស់សាវកប៉ុលទេ។ នៅទីនេះអំណាចព្រះចេស្ដានៃព្រះនៅជាមួយគាត់ បើទោះជាព្រះមិនដកបន្លាចេញពីគាត់ក៏ដោយ។
- នៅពេលខ្ញុំមើលឃើញគ្រីស្ទបរិស័ទ ដែលកំពុងរងទុក្ខដោយសារជម្ងឺ ដោយសារការបៀតបៀន ដោយសារពួកគេកាន់តែចាស់ជរា ប៉ុន្តែពួកគេនៅតែបន្តបម្រើនិងដើរតាមព្រះយេស៊ូវយ៉ាងស្មោះត្រង់ នោះខ្ញុំកំពុងមើលឃើញអំណាចព្រះចេស្តានៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ។ នេះគឺជាជីវិតគ្រីស្ទបរិស័ទ។
- ម៉ាថាយ ១៦:២៤ បានសរសេរថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវអោយលះកាត់ចិត្តខ្លួនឯងចោល ចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»។
- ភីលីព ៣:១០ បានសរសេរថា «ដើម្បីអោយខ្ញុំស្គាល់ទ្រង់ និង ព្រះចេស្ដានៃដំណើរ ដែលទ្រង់រស់ទ្បើងវិញ ហើយនិង សេចក្តីប្រកប ក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រទ្បប់ ទៅដូចជាទ្រង់ ក្នុងសេចក្តីស្លាប់ផង»។
- ការដើរតាមព្រះគ្រីស្ទគឺត្រូវផ្ទុកឈើឆ្កាងខ្លួនមកតាមព្រះគ្រីស្ទ ហើយសេចក្តីប្រកបជាមួយព្រះគ្រីស្ទគឺជាសេចក្តីប្រកប ក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រទ្បប់ ទៅដូចជាទ្រង់ ក្នុងសេចក្តីស្លាប់ផង។ នៅពេលគ្រីស្ទបរិស័ទប្រឈមនឹងបញ្ហាទាំងនេះនៅក្នុងជីវិត ជាពិសេសដោយសារគេដើរតាមព្រះយេស៊ូវ ហើយពួកគេនៅតែស្មោះត្រង់នឹងដើរតាមទ្រង់ នោះយើងមើលឃើញអំណាចព្រះចេស្ដានៃព្រះសណ្ឋិតនៅជាមួយពួកគេហើយ។ នេះគឺជាទីបន្ទាល់ដ៏អស្ចារ្យមួយ ដូចជាលោកយ៉ូបដែរ។
- សង្ខេបមក បន្លានៅក្នុងសាច់បានជួយអោយសាវកប៉ុលកាន់តែមានភាពចាស់ទុំ គឺវាបានជួយអោយគាត់ខ្សោយ ដើម្បីអោយគាត់បានរស់នៅក្នុងព្រះគុណព្រះ។ គាត់នឹងរីករាយអួតពីភាពខ្សោយរបស់គាត់ បើសិននោះនាំអោយមានអំណាចព្រះចេស្ដានៃព្រះគ្រីស្ទនឹងសណ្ឋិតជាមួយគាត់។ ហេតុនេះហើយបានជាគាត់បានឈប់អធិស្ឋានសូមអោយព្រះដកបន្លាចេញ។
- ឃ្លាយ៉ាងសំខាន់មួយគឺ «ដោយយល់ដល់ព្រះគ្រីស្ទ» (ខ. ១០)។ សាវកប៉ុលស្ម័គ្រចិត្តទទួលយកបន្លានេះ ព្រោះតែព្រះគ្រីស្ទ។ នេះមានន័យថា ជីវិតរបស់គាត់គឺសម្រាប់ព្រះគ្រីស្ទ។ គាត់មិនបានទទួលយកការឈឺចាប់ពីបន្លាដោយព្រោះតែគាត់ចូលចិត្តការឈឺចាប់នោះទេ។ គាត់មិនបានរអ៊ូរទាំថា គាត់មានបញ្ហានេះទេ គាត់ទទួលស្គាល់ថា ជីវិតរបស់គាត់គឺសម្រាប់ព្រះគ្រីស្ទ ដូច្នេះបើសិនបន្លានេះជួយគាត់អោយបម្រើព្រះយេស៊ូវបានល្អជាង នោះគាត់នឹងរស់នៅជាមួយបន្លានេះ។ គ្រប់យ៉ាងនៅក្នុងជីវិតរបស់គាត់គឺសម្រាប់ជាប្រយោជន៍ដល់ព្រះគ្រីស្ទ។
- មានការអនុវត្តជាច្រើនចេញពីអត្ថបទគម្ពីរនេះ។ ១. កុំដើរតាមមនុស្សដែលបង្រៀនអំពីព្រះយេស៊ូវ ប៉ុន្តែអួតពីកំឡាំង និមិត្ត និងបទពិសោធន៍អស្ចារ្យរបស់ពួកគេអោយសោះ។ នេះគឺជាកំហុសដែលពួកកូរិនថូសបានប្រព្រឹត្ត។ លោកិយចូលចិត្តដើរតាមមនុស្សដែលមើលទៅខ្លាំងក្លា ហើយនេះគឺជាកំហុសរបស់ពួកកូរិនថូស។ ជារឿយៗ គ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះប្រព្រឹត្តកំហុសផងដែរ។ ពួកគេដើរតាមពួកអ្នកដឹកនាំខ្លាំង ដែលអួតពីខ្លួននិងបទពិសោធន៍របស់ពួកគេ។ ២. ចូររៀនពីគំរូរបស់សាវកប៉ុល។ គាត់មិនបានអួតពីនិមិត្តនិងបទពិសោធន៍អស្ចារ្យរបស់គាត់ឡើយ ពីព្រោះគាត់បានដឹងថាមនុស្សនឹងអោយតម្លៃខ្ពស់លើរូបគាត់។ យើងមិនគួរអោយតម្លៃខ្ពស់ឬទាបលើគ្រីស្ទបរិស័ទដោយផ្អែកលើបទពិសោធន៍អស្ចារ្យផ្សេងៗនោះទេ ប៉ុន្តែអោយតម្លៃដោយផ្អែកលើអ្វីដែលពួកគេនិយាយនិងប្រព្រឹត្ត។ ជីវិតគ្រីស្ទបរិស័ទពិតប្រាកដគឺត្រូវដើរតាមផ្លូវនិងឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ពួកគ្រូខុសឆ្គងទាំងនេះ ដែលបានអួតពីបទពិសោធន៍អស្ចារ្យផ្សេងៗរបស់ពួកគេ មិនបានដើរតាមឈើឆ្កាងនោះឡើយ។ ៣. ចូរដឹងថា ព្រះយេស៊ូវមិនតែងតែប្រោសអោយជានោះទេ ប៉ុន្តែព្រះតែងតែគិតពីអ្វីដែលល្អសម្រាប់យើង។ ប៉ុន្តែការល្អដែលព្រះគិតសម្រាប់យើង អាចខុសគ្នាពីអ្វីដែលយើងគិតថាល្អ។ បើសិនយើងមានបន្លា ដូចជាសាវកប៉ុល នោះយើងប្រហែលជាគិតថា ការល្អសម្រាប់យើងគឺការមិនមានបន្លានោះ។ ប៉ុន្តែសាវកប៉ុលបានរៀនថា ការគិតបែបនេះមិនត្រឹមត្រូវទេ។
- សាវកប៉ុលអាចធ្វើការទាំងអស់នេះបាន ពីព្រោះជីវិតរបស់គាត់គឺសម្រាប់ជាប្រយោជន៍ដល់ព្រះគ្រីស្ទ ហើយយើងត្រូវតែរៀនធ្វើដូច្នេះផងដែរ។ ដូច្នេះ ការអនុវត្តទី៤គឺថា ជីវិតរបស់យើងសម្រាប់ជាប្រយោជន៍ដល់ព្រះគ្រីស្ទ ហើយអ្វីដែលល្អនៅក្នុងជីវិតរបស់យើងមិនមែនជាអ្វីដែលធ្វើអោយយើងកាន់តែមានទ្រព្យសម្បត្តិច្រើន ឬកាន់តែមានជីវិតងាយស្រួលនោះទេ ប៉ុន្តែជាអ្វីដែលជួយយើងអោយទុកចិត្តលើព្រះគ្រីស្ទ ជួយឲ្យយើងបន្ទាបខ្លួននៅចំពោះទ្រង់ និងបម្រើទ្រង់។
Leave a Reply