២កូរិន. ១២:១-១០ 2 Cor 12:1-10 (New translation)

2 Corinthians 12 new translation pdf download

  • ខ្ញុំ​ធ្លាប់​បាន​លឺ​រឿង​មួយ​អំពី​បុរស​ម្នាក់ ដែល​បាន​អះអាង​ថា នៅ​ថ្ងៃ​មួយ នៅ​ពេល​គាត់​កំពុង​កោ​ពុកមាត់ ព្រះយេស៊ូវ​លេច​មក​ឯ​គាត់​។ គាត់​បាន​ប្រាប់​រឿង​នេះ​ដល់​គ្រូបង្រៀន​ព្រះគម្ពីរ​ម្នាក់​។ ​គ្រូបង្រៀន​នោះ​​បាន​សួរ​គាត់​ថា តើ​គាត់​​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​ នៅ​ពេល​គាត់​​​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​? គាត់​បាន​ឆ្លើយ​ថា គាត់​​​បាន​បន្ត​កោ​ពុកមាត់​របស់​គាត់​។ ​គ្រូបង្រៀន​ព្រះ​គម្ពីរ​​បាន​និយាយ​ថា «អូ អញ្ចឹង​នោះ​មិន​មែន​ជា​​ព្រះ​យេស៊ូវ​ពិត​ប្រាកដ​ឡើយ»​។ ​បើសិន​​អ្នក​ជួប​ព្រះយេស៊ូវ​​ពិត​ប្រាកដ​មុខ​ទល់​នឹង​មុខ​ នោះ​​អ្នក​មិន​អាច​នៅ​​បន្ត​កោ​ពុក​មាត់​របស់​អ្នក​បាន​ ដូច​ជា​មិន​មាន​រឿង​នេះ​​កើត​ឡើង​បាន​ទេ​។ ​នៅ​ក្នុង​ព្រះ​គម្ពីរ ​នៅពេល​មនុស្ស​​បាន​ជួប​​នឹង​​ព្រះយេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ ពួកគេ​​​បាន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ ដូច្នេះ​ អ្នក​មិន​បាន​ជួប​នឹង​ព្រះយេស៊ូវ​ពិតប្រាកដ​ ដែល​ជា​​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​និង​ផែនដី បើសិន​អ្នក​នៅ​តែ​អាច​បន្ត​កោ​ពុក​មាត់​របស់​អ្នក​បាន​ទៀត​នោះ​។ នៅក្នុង​កណ្ឌ​វិវរណៈ​ ​​នៅ​ពេល​សាវក​យ៉ូហាន​បាន​មើល​ឃើញ​​ព្រះយេស៊ូវ នោះ​គាត់​បាន​​សរសេរ​ថា​ «​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់ ដូចជា​ស្លាប់ លើស​ពី​នេះ​ តួ​មានជីវិត​ទាំង ៤ និង​ពួក​ចាស់ទុំ ២៤ នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅមុខ​ព្រះគ្រីស្ទ»។
  • ​ពេល​ខ្លះ អ្នក​ស្តាប់​លឺ​​ពី​មនុស្ស​ ដែល​អះអាង​ថា គាត់​​ជួប​ព្រះយេស៊ូវ ឬ​ទទួល​បាន​និមិត្ត​អស្ចារ្យ​ផ្សេងៗ ឬ​មាន​បទពិសោធន៍​អស្ចារ្យ​ផ្សេងៗ​ទៀត​។​ តើ​អ្នក​គួរ​តែ​គិត​យ៉ាង​ដូច​ម្តេច នៅ​ពេល​អ្នក​ស្តាប់​លឺ​រឿង​ទាំង​នោះ​? តើ​រឿង​ទាំង​នោះ​ពិត​ដែរ​ឬ​ទេ? បើ​ទោះ​ជា​រឿង​ទាំង​នោះ​ពិត​ប្រាកដ​តើ​យើង​គួរ​តែ​គិត​យ៉ាង​ដូច​ម្តេច​?
  • ថ្ងៃ​នេះ​យើង​មើល​ទៅ​លើ​អត្ថបទ​គម្ពីរ​មួយ ដែល​និយាយ​អំពី​មនុស្ស​ម្នាក់ ដែល​បាន​មើល​ឃើញ​និមិត្ត​អស្ចារ្យ​។ ​អត្ថបទ​គម្ពីរ​នេះ​នឹង​បង្រៀន​យើង​អំពី​ឥរិយាបថ​​ដែល​យើង​គួរ​តែ​មាន​។ ​នៅពេល​​​មនុស្ស​ម្នាក់​​​​អះអាង​ថា គាត់​បាន​ឃើញ​និមិត្ត​អស្ចារ្យ​ ​នោះ​មិន​មានន័យ​ថា យើង​គួរ​តែ​គោរព​អោយ​តម្លៃ​ខ្ពស់​ដល់​គាត់​នោះ​ទេ​។ ​នៅពេល​យើង​​មើល​ទៅ​លើ​អត្ថបទ​គម្ពីរ​នេះ យើង​នឹង​រៀន​បាន​គោលការណ៍​ត្រឹមត្រូវ​មួយ​ចំនួន​អំពី​ជីវិត​គ្រីស្ទបរិស័ទ​ផង​ដែរ​។ ​
  • ​យើង​កំពុង​មើល​ទៅ​លើ​សំបុត្រ​ទី​ពីរ​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​កូរិនថូស​ ​គ្រា​នោះ​​​ពួក​គ្រូបង្រៀន​ខុស​ឆ្គង​បាន​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​កូរិនថូស​ ហើយ​ពួកគេ​​បាន​បង្រៀន​​​អំពី​ព្រះយេស៊ូវ​។ ​ពួកគេ​បាន​បង្រៀន​​ចំនុច​ត្រឹមត្រូវ​ខ្លះ​​​អំពី​ព្រះ​យេស៊ូវ ​ហើយ​ពួកគេ​មិន​បាន​បដិសេធ​សេចក្ដី​ពិត​​​ថា ​​ព្រះយេស៊ូវ​បាន​យាង​មក​ជា​មនុស្ស​ដ៏​ឥតខ្ចោះ ​ឬ​ការ​សុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​ ហើយ​​ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ទ្រង់​​ទេ។ អញ្ចឹង ហេតុអ្វី​ពួកគេ​គឺ​ជា​ពួក​គ្រូ​ខុស​ឆ្គង?
  • ​នេះ​គឺ​ជា​សំនួរ​សំខាន់​មួយ​ ពីព្រោះ​គ្រីស្ទបរិស័ទ​ជាច្រើន​​​​គិត​ថា បើសិន​គ្រូបង្រៀន​ម្នាក់​​បង្រៀន​​​អំពី​ព្រះយេស៊ូវ នោះ​គាត់​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ​ ប៉ុន្តែ​សំបុត្រ​ជា​ច្រើន​​​របស់​ពួក​សាវក​​បាន​ព្រមាន​ប្រឆាំង​ចំពោះ​ពួក​គ្រូ​ខុស​ឆ្គង ហើយ​គ្រូ​ខុស​ឆ្គង​នេះ​​មិន​មែន​ជា​ពួក​គ្រូ​ខុស​ឆ្គង​នៅ​ខាង​ក្រៅ​ពួក​ជំនុំ​នោះ​ទេ គឺ​ពួកគេ​​ជា​គ្រូ​ខុស​ឆ្គង​នៅ​​ក្នុង​ពួក​ជំនុំ​។ ​ហើយ​​ពួក​គ្រូ​ខុស​ឆ្គង​ទាំង​អស់​ នៅ​ក្នុង​ក្រុង​កូរិនថូស​ ក្រុង​កាឡាទី និង​ក្រុង​កូល៉ុស…​​បាន​បង្រៀន​​​អំពី​ព្រះយេស៊ូវ​​។
  • តើ​​ពួក​គ្រូ​​នៅ​ក្រុង​កូរិនថូស​ទាំង​នេះ​ខុស​ឆ្គង​យ៉ាង​ដូច​ម្តេច​? ២កូរិនថូស ១១:៣-៤ ជួយ​អោយ​យើង​មើល​ឃើញ​។ « ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កលល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បង​ប្អូន​បែរ​ទៅ​ជា​សៅហ្មង លះបង់​ចិត្ត​ស្មោះសរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះគ្រិស្ដ​យ៉ាង​នោះ​ដែរ ៤ ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់ មក​ប្រកាស​អំពី​ព្រះយេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះយេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹងល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់អោន​អោយ​គេ​យ៉ាង​ស្រួលៗ»។
  • តើ​សត្វ​ពស់​បាន​បញ្ឆោត​ស្ត្រី​ដោយ​របៀប​ណា? ​តើ​វា​ធ្លាប់​ប្រាប់​អោយ​ស្ត្រី​បរិភោគ​​ពី​ដើម​ដឹង​ខុស​ត្រូវ​​ដែរ​ឬ​ទេ?​ ទេ។ វា​បាន​បញ្ឆោត​ស្ត្រី​​អោយ​គិត​ថា វា​ជា​ល្អ​ក្នុង​ការ​បរិភោគ​ផ្លែ​ពី​ដើម​ គឺ​ការ​បរិភោគ​ផ្លែ​ពី​ដើម​នោះ​នឹង​​មាន​ប្រយោជន៍​ដល់​គាត់​ ​ ហើយ​សត្វ​ពស់​​បាន​ធ្វើ​ដូច្នេះ​ ដោយ​​បង្ខូច​ព្រះ​បន្ទូល​ព្រះ ហើយ​បណ្តាល​អោយ​ស្ត្រី​​សង្ស័យ​លើ​ព្រះ​បន្ទូល​ព្រះ​។ ​សត្វ​ពស់​បាន​និយាយ​អំពី​អ្វី​ដែល​​ព្រះ​បាន​មាន​បន្ទូល​ ហើយ​​បាន​បង្ខូច​​ព្រះ​បន្ទូល​នោះ​ ​ឯ​​សាតាំង​ក៏​អាច​ធ្វើ​ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​។ ​ព្រះ​បន្ទូល​ដែល​ព្រះ​មាន​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​​តែ​សាតាំង​ប្រើ​​ពួក​គ្រូ​ខុស​ឆ្គង​​ក្នុង​ការ​​បង្ខូច​​ព្រះ​​​បន្ទូល​​ព្រះ​ ដែល​ជា​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​។ ​នៅពេល​គ្រីស្ទបរិស័ទ​ដើរ​តាម​ពួក​គ្រូ​ខុស​ឆ្គង​ទាំង​នេះ នោះ​​ពួកគេ​កំពុង​ត្រូវ​បាន​បញ្ឆោត​ ដូច​ជា​អេវ៉ា​​ត្រូវ​បាន​បញ្ឆោត​នៅ​ក្នុង​​សួនច្បារ​អេដែន​​​ដែរ​។ ​
  • ដូច្នេះ តើ​​សំបុត្រ​នេះ​បង្ហាញ​អោយ​យើង​មើលឃើញ​​អំពី​សេចក្តី​ខុស​​នៃ​គ្រូ​បង្រៀន​ក្លែង​ក្លាយ​នៅ​ក្រុង​​កូរិនថូស​​យ៉ាង​ដូច​ម្តេច​ខ្លះ​? ​យើង​មើល​ឃើញ​ថា ពួក​គេ​មាន​អំនួត​ខ្លាំង​ណាស់​។ ​ពួក​គេ​បាន​អួត​ពី​ខ្លួន​ពួកគេ ​វោហារ​​របស់​ពួកគេ និមិត្ត​និង​ការ​បើក​សំដែង​របស់​ពួកគេ និង​ប្រាក់​ចំណូល​របស់​ពួកគេ​។ ​​ពួកគេ​បាន​សរសេរ​សំបុត្រ​​ផ្តាំផ្ញើ​​ (អំពី​គុណសម្បត្តិ) សម្រាប់​ខ្លួន​ពួកគេ​និង​អ្នកដទៃ​ទៀត​​នៅក្នុង​ក្រុម​របស់​ពួកគេ​។ ​ពួកគេ​បាន​គិត​ថា ពួកគេ​​គឺជា​អ្នក​មាន​​វោហារ​​ពិសេស ហើយ​មាន​លក្ខណៈ​ខាង​វិញ្ញាណ​ពិសេស​។ សាវក​ប៉ុល​បាន​ហៅ​ពួកគេ​ថា «​មហា​សាវក​» ​​និយាយ​អោយ​ចំ ​​ពួក​មហា​សាវក​ទាំង​នេះ​​បាន​អួត​ពី​កំឡាំង​របស់​ពួកគេ​។ ​នៅ​ក្នុង​ផ្នែក​​​ភាគ​ច្រើន​​​នៃ​សំបុត្រ​នេះ សាវក​ប៉ុល​​បាន​​​ឆ្លើយ​តប​​​ចំពោះ​គំនិត​ខុសឆ្គង​​របស់​ពួកគេ ដែល​ពួក​ជំនុំ​កូរិនថូស​​បាន​ជឿ​​តាម​ ​ដោយ​​សាវក​ប៉ុល​បង្ហាញ​ថា ការ​យល់​ដឹង​របស់​ពួកគេ​អំពី​ជីវិត​គ្រីស្ទបរិស័ទ ជំនឿ​ និង​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ​គឺ​ផ្ទុយ​ពី​ជំនឿ​គ្រីស្ទបរិស័ទ​ដ៏​ត្រឹមត្រូវ​តាម​ព្រះ​គម្ពីរ​​​ទាំង​ស្រុង​។
  • ​សាវក​ប៉ុល​មាន​លក្ខណៈ​ខុស​ពី​នេះ​​ព្រោះ​នៅ​ក្នុង​ជំពូក​១១ គាត់​អួត​អំពី​​ការ​ទាំង​អស់​​​​ដែល​បង្ហាញ​ថា គាត់​ខ្សោយ​ ជាជាង​​អួត​ពី​អ្វី​ដែល​បង្ហាញ​ថា គាត់​ខ្លាំង​ (ខ. ២៣-៣០)។
  • ឥឡូវ​នេះ​នៅក្នុង ១២:១០ សាវក​ប៉ុល​​ឈាន​មក​ដល់​ចំនុច​ខ្ពស់​បំផុត​នៃ​ការ​ពិភាក្សា​របស់​គាត់​ហើយ​ ​សូម​អាន​ខ. ១ «តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ប្រោស​អោយ​ខ្ញុំ​និមិត្ត​ឃើញ និង​សំដែង​អោយ​ខ្ញុំ​ដឹង»។ ពួក​គេ​ក៏​បាន​អួត​ពី​រឿង​ទាំង​នោះ​ ដូច្នេះ​គាត់​​គិត​​​ថា គាត់​ត្រូវ​តែ​អួត​អំពី​រឿង​នេះ​​ដែរ។​
  • សូម​អាន​ខ. ២-៦ «ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះគ្រិស្ត​* កាល​ពី​ដប់បួន​ឆ្នាំ​មុន ព្រះអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថានសួគ៌​ជាន់​ទី​បី​ (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​ មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ ខ្ញុំ​ក៏​ដឹង​ថា ព្រះអម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរមសុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ គាត់​បាន​ឮ​ព្រះបន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។ ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។  ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងីល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។ 
  • ​នៅ​ក្នុង​ខ. ២ តើ​គាត់​កំពុង​និយាយ​អំពី​អ្នក​ណា? អំពី​ខ្លួន​គាត់ ឬ​អ្នក​ដទៃ​? ​គាត់​ចាប់​ផ្តើម​នៅ​ក្នុង​ខ. ២ ដោយ​និយាយ​អំពី​អ្នក​ដទៃ ប៉ុន្តែ​នៅ​ក្នុង​ខ. ៣-៦ ​យើង​មើល​ឃើញ​ថា ​បុរស​ដែល​បាន​ទទួល​និមិត្ត​នេះ​គឺ​ជា​សាវក​ប៉ុល​។
  • ​យើង​គួរ​តែ​កត់សំគាល់​ការ​សង្កេត​ពិនិត្យ​ពីរ​បី​ចំណុច​​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​ទីនេះ​។
  • ​១. ​សាវក​ប៉ុល​មិន​បាន​​មាន​បទ​ពិសោធន៍​​​ដូច​​នេះ​ញឹកញាប់​នោះ​ទេ។ ​បទពិសោធន៍​​នេះ​បាន​កើត​ឡើង​​តាំង​ពី​១៤​ឆ្នាំ​មុន​ឯណោះ​! សាវក​ប៉ុល​​មិន​បា​ន​ទទួល​និមិត្ត​អស្ចារ្យ​ជា​រៀង​រាល់​សបា្តហ៍​នោះ​ទេ។​ បន្ទាប់​ពី​​ការ​ទទួល​បាន​ការ​បើក​សំដែង​នេះ សាវក​ប៉ុល​​មិន​បានសម្រេច​ចិត្ត​ថា ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ​​គឺ​ត្រូវ​តែ​​ស្វែងរក​​ការ​បើក​សំដែង​និង​និមិត្ត​កាន់​តែ​ច្រើន​ទៀត​​​នោះ​ទេ ​​គាត់​មាន​ភាព​វ័យ​ឆ្លាត​ជាង​ការ​គិត​បែប​នេះ ​ គាត់​មិន​បាន​​ព្រួយ​បារម្ភ​ដោយ​ព្រោះ​គាត់​មិន​​ទទួល​បាន​​និមិត្ត​អស្ចារ្យ​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ពីរ​ឆ្នាំ ឬ​ដប់​បួន​ឆ្នាំ​ឡើយ​។ ​
  • ​សាវក​ប៉ុល​បញ្ជាក់​​ច្បាស់​ថា​ ព្រឹត្តិការណ៍​​​នោះ​មាន​លក្ខណៈ​ពិសេស​​​ណាស់ ​ដែល​ប្រហែល​ជា​នឹង​នាំ​គាត់​​​អួត​ពី​ខ្លួន​​គាត់​បាន​។ ​​នៅ​ក្នុង​ ខ. ៥ គាត់​សរសេរ​​ថា «ខ្ញុំ​អួត​តែ​ពី​បុរស​នោះ»​ ។ ដូច្នេះ និមិត្ត​ទាំង​នេះ​មិន​មែន​ជា​បទពិសោធន៍​​របស់​គ្រីស្ទបរិស័ទ​ធម្មតា​ទេ​។ ​សាវក​ប៉ុល​ដឹង​ថា ខ្លួន​គាត់​មាន​ឯកសិទ្ធិ​ពិសេស​ ហើយ​បន្ទាប់​ពី​​​ការ​ទទួល​បាន​ការ​បើក​សំដែង​ហើយ គាត់​មិន​​ទៅ​ប្រាប់​មនុស្ស​ម្នាក់​ថា «អស្ចារ្យ​ណាស់ ខ្ញុំ​ទើប​តែ​​ទទួល​បាន​បទ​ពិសោធន៍​​​ខាង​វិញ្ញាណ​យ៉ាង​ពិសេស​ ​ខ្ញុំ​​ត្រូវ​តែ​​ប្រាប់​អោយ​​ក្រុមជំនុំ​ទាំង​អស់​របស់​ខ្ញុំ​​ស្វែង​រក​និមិត្ត​ទាំង​នេះ​ដែរ​ ​ហើយ​ខ្ញុំ​នឹង​ប្រាប់​មនុស្ស​អំពី​និមិត្ត​អស្ចារ្យ​ទាំង​នេះ​អោយ​បាន​ដឹង​» នោះ​ឡើយ​។
  • ​សាវក​ប៉ុល​បាន​ធ្វើ​ផ្ទុយ​ពី​នេះ​គឺ​​គាត់​បាន​ទទួល​និមិត្ត​និង​ការ​បើក​សំដែង​​តាំង​ពី​១៤​ឆ្នាំ​មុន​ម៉្លេះ ហើយ​ទើប​តែ​ពេល​នេះ​ដែល​គាត់​ប្រាប់​​មនុស្ស​អំពី​បទ​ពិសោធន៍​នេះ​។ ​គាត់​មិន​បាន​ទៅ​​​គ្រប់​ទី​កន្លែង​ប្រកាស​ប្រាប់​អំពី​បទពិសោធន៍​អស្ចារ្យ​របស់​គាត់​ឡើយ​​ ហេតុអ្វី? ​ហេតុផល​មួយ​គឺ​ពីព្រោះ​​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចែកចាយ​អំពី​ការ​បើក​សំដែង​ទេ ប៉ុន្តែ​នៅ​មាន​​​​មូលហេតុ​​​ផ្សេង​ទៀត​។
  • ​ចូរ​ត្រឡប់​ទៅកាន់​ខ. ២​ វិញ។ ​យើង​បាន​មើល​ឃើញ​ថា ​នៅ​ពេល​គាត់​ចាប់​ផ្តើម​សរសេរ​ ហាក់​ដូច​ជា​គាត់​កំពុង​សរសេរ​អំពី​មនុស្ស​ម្នាក់​ផ្សេង​។ ហេតុអ្វី​គាត់​ចាប់​ផ្តើម​សរសេរ​​បែប​នេះ​? ​ពីព្រោះ​គាត់​មិន​ចង់​អួត​។ គាត់​និយាយ​ថា អួត​គឺ​ល្ងង់ខ្លៅ ដូច​ដែល​គាត់​​សរសេរ​នៅ​ក្នុង​​ខ. ៦ ថា «ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងីល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ» ។ ​​សាវក​ប៉ុល​បដិសេធ​មិន​​​រក​​​សាង​​កេរ្តិ៍ឈ្មោះ​របស់​គាត់ ដោយ​​ប្រាប់​អ្នក​ដទៃ​​អំពី​ការ​បើក​សំដែង​​និង​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​នេះ​ទេ។ ​យើង​មិន​ត្រូវ​​វាយ​តំលៃ​​ភាព​ចាស់​ទុំ​និង​ជំនឿ​​របស់​មនុស្ស​ម្នាក់​​តាម​បទពិសោធន៍​​បែប​នេះ​ឡើយ ប៉ុន្តែ​វាយ​តំលៃ​តាម​​អ្វី​ដែល​​គាត់​និយាយ​និង​ប្រព្រឹត្ត​វិញ​។ ដូច្នេះ​ហើយ​ទើប​ព្រះគម្ពីរ​ផ្តល់​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​សម្រាប់​​ពួក​ចាស់​ទុំ/គ្រូគង្វាល​​គឺ​ថា គាត់​ត្រូវ​តែ​សុចរិត​ ហើយ​ខ្ជាប់ខ្ជួន​នឹង​ការ​បង្រៀន​​សេចក្តី​ពិត​។ គ្មាន​​សេចក្តី​តម្រូវ​​ណា​ថា ពួក​ចាស់ទុំ​/គ្រូគង្វាល​​ត្រូវ​​មាន​បទពិសោធន៍​ ឬ​ការ​ត្រាស់​ហៅ​អស្ចារ្យ​ណា​មួយ​​ឡើយ​។
  • ​ចំនុច​នេះ​​ច្បាស់លាស់​និង​សំខាន់​ណាស់ ប៉ុន្តែ​យើង​ងាយ​ស្រួល​នឹង​ភ្លេច​​បាន​។ តើ​អ្វី​ធ្វើ​អោយ​មនុស្ស​ចាប់​អារម្មណ៍​និង​ដើរ​តាម? ខ្ញុំ​គិត​ថា ជារឿយៗ​មនុស្ស​ចាប់​អារម្មណ៍​និង​ដើរ​តាម​ការ​ខុស​ ដូច​ជា​ពួក​កូរិនថូស​បាន​ធ្វើ​ដែរ​។ ​ពួក​គេ​ចាប់​អារម្មណ៍​លើ​​ការ​បើក​សំដែង​និង​និមិត្ត​ពិសេស​ផ្សេងៗ និង​​បទពិសោធន៍​ពិសេស​អស្ចារ្យ​ផ្សេងៗ។ ​សាវក​ប៉ុល​​បាន​ដឹង​​អំពី​នេះ ដូច្នេះ​ហើយ​ទើប​គាត់​មិន​បាន​ប្រាប់​​អ្នកណា​ម្នាក់​អំពី​និមិត្ត​និង​ការ​បើក​សំដែង​ទាំង​នេះ​។ បើសិន​​គ្រូបង្រៀន​ពីរ​នាក់​​បាន​មក​ពួក​ជំនុំ​របស់​អ្នក ដែល​ម្នាក់​មាន​បទពិសោធន៍​ និមិត្ត​ និង​ការ​បើក​សំដែង​អស្ចារ្យ​ ហើយ​ម្នាក់​ទៀត​​មាន​សមត្ថភាព​បង្រៀន​ព្រះគម្ពីរ​​​តាមរយៈ​ការ​សិក្សា​និង​ការ​យល់​ដឹង​ តើ​មនុស្ស​នឹង​ស្តាប់​គ្រូ​បង្រៀន​​មួយ​ណា​?
  • ​ចូរ​សំគាល់​ថា សាវក​ប៉ុល​ខ្លាច​ពួក​គេ​នឹង​លើក​គាត់​ឡើង​ខ្ពស់​ពេក​។ ​មនុស្ស​ភាគ​ច្រើន​​ខ្លាច​​គេ​នឹង​មិន​អោយ​តំលៃ​ខ្ពស់​​គ្រប់គ្រាន់​​ដល់​ពួកគេ​ គឺ​​ខ្លាច​គេ​​អោយ​តំលៃ​ទាប​ដល់​ពួកគេ​។ ​ប៉ុន្តែ​​នៅ​ពេល​សាវក​ប៉ុល​មាន​ឱកាស​អោយ​គេ​អោយ​តំលៃ​ខ្ពស់​ដល់​គាត់ ដោយសារ​តែ​បទពិសោធន៍​ និមិត្ត និង​ការ​បើក​សំដែង​អស្ចារ្យ​របស់​គាត់ បែរ​ជា​គាត់​មិន​ប្រាប់​​​អ្នកដទៃ​វិញ ពីព្រោះ​គាត់​មិន​ចង់​អោយ​ពួកគេ​អោយ​តំលៃ​ខ្ពស់​ដល់​គាត់​។
  • ​ចូរ​ស្រមើស្រមៃ​អំពី​មនុស្ស​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​​ ដែល​មាន​បទពិសោធន៍​ផ្សេងៗ​ដែល​បង្ហាញ​ថា គាត់​ខ្សោយ​ ហើយ​គាត់​ក៏​បាន​ទទួល​ការ​បើក​សំដែង​​អស្ចារ្យ​ផ្សេងៗ​ផង​ដែរ​។ តើ​​គាត់​ទំនង​ជា​ចង់​​ទៅ​ប្រាប់​អ្នក​ដទៃ​អំពី​រឿង​ណា​មួយ​ជា​ង​គេ? ​ ខ្ញុំ​​គិត​ថា មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ល្បួង​អោយ​ចែកចាយ​​ព័ត៌មាន​អំពី​ការ​បើក​សំដែង​របស់​ពួកគេ​។ «សូម​ស្តាប់​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​ខ្ញុំ»។ យើង​មិន​ចង់​ចែកចាយ​​អ្វី​ដែល​បន្ទាប​យើង​ និង​​បង្ហាញ​​​អំពី​ភាព​ខ្សោយ​របស់​យើង​ឡើយ​។
  • ​ប៉ុន្តែ​សូម​​មើល​ទៅ​ឯ​សាវក​ប៉ុល​​ ​ ​នៅ​ពេល​គាត់​ទទួល​បាន​អ្វី​ដែល​បង្ហាញ​អំពី​ភាព​ខ្សោយ​របស់​គាត់ ដែល​បន្ទាប​គាត់​​នៅ​ចំពោះ​ពួក​កូរិនថូស​ នោះ​គាត់​ប្រកាស​យ៉ាង​ខ្លាំង​ថា «នែ សូម​មើល​បទពិសោធន៍​​របស់​ខ្ញុំ​ទាំង​នេះ ​គឺ​ខ្ញុំ​ខ្សោយ​»។ ប៉ុន្តែ​នៅ​ពេល​គាត់​ទទួល​បាន​ការ​បើក​សំដែង​​ទាំង​នេះ ដែល​នឹង​ធ្វើ​អោយ​អ្នក​ដទៃ​លើក​គាត់​ឡើង​ខ្ពស់ បែរ​ជា​គាត់​មិន​ចង់​ប្រាប់​​អ្នក​ណា​ម្នាក់​វិញ​។
  • ​ទី​បន្ទាល់​សំខាន់​បំផុត​ ដែល​សាវក​ប៉ុល​ចង់​ប្រាប់​ដល់​មនុស្ស​ គឺ​ថា ​គាត់​គឺ​ជា​មនុស្ស​មាន​បាប ដែល​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ ​​ យើង​ក៏​មាន​ទីបន្ទាល់​ដូច​គ្នា​នេះ​ផង​ដែរ​។
  • ​មនុស្ស​មួយ​ចំនួន​ចង់​បាន​ទីបន្ទាល់​អស្ចារ្យ​​ដូចជា​បទ​ពិសោធន៍​​របស់​សាវក​ប៉ុល​ទៅ​តាម​ផ្លូវ​ទៅ​ទីក្រុង​ដាម៉ាស ប៉ុន្តែ​យើង​មិន​ត្រូវ​​ការ​ទីបន្ទាល់​បែប​នោះ​ទេ។ ​យើង​មាន​ទីបន្ទាល់​ដ៏​អស្ចារ្យ​​មួយ ដែល​ព្រះ​បាន​ធ្វើ​ គឺ​ទ្រង់​បាន​អត់ទោស​បាប​អោយ​យើង​ហើយ​។ ​នៅ​ពេល​មនុស្ស​សួរ​ខ្ញុំ​អំពី​​ការ​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ឆ្លើយ​ថា គឺ​ទ្រង់​​បាន​អត់​ទោស​បាប​អោយ​ខ្ញុំ​​ ​ ​នេះ​គឺ​ជា​ព្រះ​គុណ​ដ៏​អស្ចារ្យ​។ ​​យើង​សោក​ស្តាយ នៅ​ពេល​គ្រីស្ទបរិស័ទ​ខ្មែរ​​ធ្វើ​ទី​បន្ទាល់​នៅ​ក្នុង​ពួក​ជំនុំ ជារឿយៗ​​យើង​មិន​លឺ​ទីបន្ទាល់​​ដូច​នេះ​​ទេ ហើយ​ពួកគេ​ក៏​មិន​ប៉ះពាល់​​​ចិត្ត​ជាមួយ​ទីបន្ទាល់​បែប​នេះ​ដែរ​។ បើសិន​អ្នក​រំភើប​ចិត្ត​ចំពោះ​និមិត្ត​និង​ការ​បើក​សំដែង​ផ្សេងៗ ឬ​រំភើប​ចិត្ត​ចំពោះ​ការ​បាន​ជាសះស្បើយ​​ពី​ជម្ងឺ​ខ្លាំង​ជា​ការ​​​ដែល​ព្រះអង្គ​បាន​លើក​លែង​ទោស​របស់​យើង នោះ​អ្នក​មិន​យល់​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​និង​​បាប​របស់​អ្នក​ផ្ទាល់​នោះ​ទេ ​​ ​អ្នក​មិន​ដើរ​តាម​គំរូ​របស់​សាវក​ប៉ុល​ទេ។ ​ទីបន្ទាល់​ដ៏​ធំ​របស់​គាត់​គឺ​ថា គាត់​គឺ​ជា​​មនុស្ស​​មាន​បាប​ ដែល​បាន​សង្គ្រោះ​ដោយសារ​ព្រះ​គុណ ហើយ​យើង​ក៏​ដូច​ជា​គាត់​ផង​ដែរ​។
  • ​សាវក​ប៉ុល​ដឹង​យ៉ាង​ច្បាស់​ថា មាន​គ្រោះថ្នាក់​ផ្សេងៗ​នៅក្នុង​ការ​ទទួល​​បាន​ការ​បើក​សំដែង​ដ៏​អស្ចារ្យ​ ហើយ​គ្រោះ​ថ្នាក់​ដ៏​ធំ​បំផុត​សម្រាប់​គ្រីស្ទបរិស័ទ​​នោះ​គឺ អំនួត ​។ គាត់​បន្ត​​​នៅ​ក្នុង​ខ. ៧។
  • សូម​អាន​ខ. ៧ «ព្រះជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ​ ដើម្បី​កុំ​អោយ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះអង្គ​បាន​សំដែង​អោយ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ​សាតាំង​មក​ធ្វើ​ទារុណកម្ម​ខ្ញុំ កុំ​អោយ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ» ។​  ចូរ​កត់សំគាល់​ សាវក​ប៉ុល​អាច​មាន​អំនួត​មក​ពី​ការ​បើក​សំដែង​ទាំង​នេះ ហើយ​នេះ​ជា​​គ្រោះថ្នាក់​ចំពោះ​លោក​ប៉ុល​ ​ដូច្នេះ​ហើយ គ្មាន​អ្នក​ណា​អាច​គិត​ថា «ខ្ញុំ​​នឹង​អត់​​មាន​អំនួត​បើ​សិន​ជា​ខ្ញុំ​បាន​ទទួល​ការ​បើក​សំដែង​ដូច​នេះ​ទេ​»​។​
  • ​មាន​ការ​សិក្សា​ជា​ច្រើន​​​ ដើម្បី​កំណត់​ថា បន្លា​នោះ​គឺ​ជា​អ្វី។​ ចម្លើយ​គឺ​ថា ​អត់​មាន​អ្នក​ណា​ម្នាក់​ដឹង​ទេ!​ ខ្ញុំ​គិត​ថា ​វា​​មាន​ការ​ពិបាក​សម្រាប់​​យើង​ក្នុង​ការ​កំណត់​ថា បន្លា​នោះ​គឺ​ជា​អ្វី​ ហើយ​ខ្ញុំ​គិត​ថា វា​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ។ អ្វី​ដែល​ច្បាស់លាស់​នោះ​គឺ​ថា បន្លា​នោះ​ពិត​ជា​រឿង​​​ដ៏​ធ្ងន់ធ្ងរ​​ ពីព្រោះ​សាវក​ប៉ុល​មិន​ចង់​ទទួល​វា​ទេ ហើយ​គាត់​ក៏​មិន​មែន​ជា​មនុស្ស​កំសាក​ដែរ​។ ​គាត់​មិន​មែន​ជា​ប្រភេទ​មនុស្ស​​ខ្លាច​​រឿង​តូច​តាច​​មួយ​​នោះ​ទេ។ ចូរ​មើល​​ការ​រងទុក្ខ​របស់​គាត់​នៅ​ក្នុង​ជំពូក​១១។ ​គាត់​ត្រូវ​បាន​គេ​វាយ ចោល​នឹង​ដុំ​ថ្​ម ត្រូវ​រំពាត់ ត្រូវ​ដំបង លិច​សំពៅ ស្រេក​ឃ្លាន​ និង​​ការ​ឈឺ​ចាប់​ជា​ច្រើន​ទៀត​ ប៉ុន្តែ​​គាត់​នៅ​តែ​បាន​បន្ត​​​បំពេញ​ព័ន្ធកិច្ច ដែល​នាំ​អោយ​គាត់​មាន​ទុក្ខ​លំបាក​ទាំង​អស់​​នេះ​! គាត់​មិន​បាន​កំសាក​នោះ​ឡើយ​។​ ​​ប៉ុន្តែ​នៅ​ពេល​គាត់​​មាន​បន្លា​នេះ គាត់​​បាន​អធិស្ឋាន​ទូល​អង្វរ​ចំនួន​បី​ដង​ ដើម្បី​អោយ​​ព្រះ​ដក​វា​ចេញ​ ដូច្នេះ បន្លា​របស់​សាវក​ប៉ុល​មិន​មែន​​ជា​រឿង​តូច​តាច​​​ទេ​។
  • ឥឡូវ​នេះ​នៅក្នុង​ខ. ៨-១០ យើង​រៀន​​បាន​​ជា​ច្រើន​អំពី​សេចក្តី​អធិស្ឋាន​។​
  • ​ខ. ៨-៩ក បាន​អាន​ថា «ខ្ញុំ​បាន​អង្វរ​ព្រះអម្ចាស់​ចំនួន​បី​ដង សូម​ទ្រង់​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។ ៩ ក៏​ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា «ព្រះគុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សំរាប់​អ្នក​ហើយ ដ្បិត​ឫទ្ធានុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»
  • ​តើ​ព្រះ​បាន​​​ប្រទាន​អ្វី​ដែល​លោក​ប៉ុល​បាន​សូម​ពី​ទ្រង់​​ដែរ​ឬ​ទេ? ទេ ទ្រង់​មិន​បាន​ដក​បន្លា​នោះ​ចេញ​ទេ​។ ​បន្លា​គឺ​ជា​បញ្ហា​ ដែល​សាវក​ប៉ុល​ចង់​អោយ​ព្រះ​ដោះស្រាយ ហើយ​គាត់​​​បាន​សន្មត​ថា របៀប​ដោះស្រាយ​បញ្ហា​នេះ​​គឺ​ថា ព្រះ​ដក​បន្លា​នោះ​ចេញ​។ ​ប៉ុន្តែ​ព្រះ​ដោះស្រាយ​បញ្ហា​​​​តាម​​របៀប​ខុស​គ្នា​មួយ​ គឺ​ដោយ​បន្ថែម​ព្រះ​គុណ​​កាន់​តែ​ច្រើន​។ ​ព្រះ​បាន​សន្យា​​​ចំពោះ​សាវក​ប៉ុល​ថា ​នៅ​ក្នុង​​ការ​រងទុក្ខ​ដោយ​​សារ​បន្លា​នោះ ព្រះ​នឹង​តែងតែ​​ប្រទាន​ព្រះ​គុណ​គ្រប់​ល្មម​​ ដើម្បី​អោយ​គាត់​អាច​រស់​នៅ​​ដោយ​ទ្រាំទ្រ​​នឹង​បន្លា​នោះ​។
  • ចូរ​កត់សំគាល់​​លើ​ភាព​ចាស់ទុំ​របស់​សាវក​ប៉ុល​នៅ​ទីនេះ​។ គាត់​អធិស្ឋាន​លើក​ទីមួយ ហើយ​​ព្រះ​មិន​ដក​បន្លា​នោះ​ចេញ​​ទេ។ ​គាត់​មិន​សម្រេច​ចិត្ត​ថា «អូ​មិន​អី​ទេ​ ខ្ញុំ​បាន​អធិស្ឋាន​​ហើយ​ ប៉ុន្តែ​ព្រះ​មិនបាន​ឆ្លើយ​តប​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ទេ ​ ដូច្នេះ​​​ខ្ញុំ​នឹង​ឈប់​អធិស្ឋាន​ហើយ​ ពីព្រោះ​ទ្រង់​ពិត​ជា​នឹង​មិន​ដក​បន្លា​នេះ​ចេញ​ឡើយ​» នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ គាត់​អធិស្ឋាន​ជា​លើក​ទី​ពីរ​ និង​ទី​បី​។
  • ​សូម​កត់​សំគាល់​ថា សាវក​ប៉ុល​មិន​សម្រេច​ចិត្ត​ថា «​ព្រះ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ ដោយ​សារ​ខ្ញុំ​ពិត​ជា​​មិន​​មាន​ជំនឿ​គ្រប់គ្រាន់​ ឬ​មាន​អំពើ​បាប​​មួយ​ចំនួន​លាក់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ហើយ​» ទេ។ ​​ស្ថានភាព​​នេះ​គឺ​ជា​​​ឧទាហរណ៍​មួយ​​​នៃ​​មនុស្ស​សុចរិត គឺ​លោក​ប៉ុល​ ដែល​​ព្រះ​​​មិន​​ប្រទាន​អ្វី​ដែល​លោក​ប៉ុល​បាន​សូម​ពី​ទ្រង់​ ​តាម​របៀប​ដែល​គាត់​ចង់​បាន​។ ​មនុស្ស​មួយ​ចំនួន​គិត​ថា ​នៅ​ពេល​​ព្រះ​មិន​ឆ្លើយ​តប​ចំពោះ​សេចក្តី​អធិស្ឋាន នោះ​មាន​ន័យ​ថា ​​អ្នក​អធិស្ឋាន​នោះ​បាន​​ខ្វះជំនឿ ឬ​បាន​​ធ្វើ​បាប​ហើយ។ ​​​អត្ថបទ​នេះ​​​​បង្ហាញ​យ៉ាង​ច្បាស់​​ថា ​​​ការ​ដែល​ព្រះ​អង្គ​មិន​​ប្រទាន​អ្វី​ដែល​មនុស្ស​​បាន​សូម​ពី​ទ្រង់​​​ប្រហែល​ជា​មក​ពី​មូលហេតុ​ផ្សេងទៀត។ ​​​ការ​ដែល​ព្រះ​អង្គ​មិន​​ប្រទាន​អ្វី​ដែល​មនុស្ស​​បាន​សូម​​​​ប្រហែល​ជា​មក​ពី​បាប​ ឬ​ការ​ខ្វះ​​​ជំនឿ​ដែរ ប៉ុន្តែ​​បើសិន​យើង​តែងតែ​គិត​ថា នេះ​គឺ​ជា​ហេតុផល នោះ​ជា​​គំនិត​​ខុស​ហើយ​។ ​
  • ​សាវក​ប៉ុល​បាន​​​អធិស្ឋាន​ទៅ​កាន់​ព្រះ​ចំនួន​បី​ដង​។ ប៉ុន្តែ​លើស​ពី​នេះ គាត់​​បាន​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​ទទួល​​ចម្លើយ​​របស់​ព្រះ​ថា ​ទ្រង់​​នឹង​មិន​ដក​បន្លា​ចេញ​ឡើយ​។ ហើយ​សាវក​ប៉ុល​មិន​ទទួល​ការ​ឆ្លើយ​តប​របស់​ព្រះ​ដោយ​ចិត្ត​រអ៊ូរទាំ​ទេ ប៉ុន្តែ​គាត់​សរសេរ​​នៅ​ក្នុង​ខ. ៩ ថា «ដូច្នេះ​ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​អោយ​ឫទ្ធានុភាព​របស់​ព្រះ​គ្រិស្ដ​មក​សណ្ឋិត​លើ​ខ្ញុំ»។
  • ចូរ​កត់សំគាល់​ម្តង​ទៀត​ថា នេះ​គឺ​ជា​ទីបន្ទាល់​​ដែល​គាត់​កំពុង​​សរសេរ​បញ្ជាក់​ប្រាប់​ពួក​​កូរិនថូស​​។​ ព្រះ​មិន​បាន​ប្រទាន​អ្វី​ដែល​គាត់​បាន​ទូល​សុំ​នោះ​ទេ។ ​មនុស្ស​ជា​ច្រើន​នៅ​សព្វថ្ងៃ​នេះ​នឹង​មាន​គំនិត​ផ្ទុយ​ពី​នេះ​។ បើសិន​​​មាន​មនុស្ស​ម្នាក់​នៅក្នុង​ពួក​ជំនុំ ហើយ​ព្រះ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​គាត់ តើ​អ្នក​​ចង់​អោយ​គាត់​ឡើង​ធ្វើ​ទីបន្ទាល់​ដែរ​ឬ​ទេ? ទេ។ ហេតុអ្វី​? ​នេះ​គឺ​ជា​អ្វី​ដែល​សាវក​ប៉ុល​កំពុង​ធ្វើ​។ ​គាត់​កំពុង​ប្រាប់​ពួក​កូរិនថូស​ថា ព្រះ​មិន​បាន​ប្រទាន​អ្វី​ដែល​​គាត់​បាន​ទូល​សុំ​​ទេ​។
  • ហេតុអ្វី​ព្រះ​មិន​បាន​ដោះ​បន្លា​នោះ​ចេញ​? ​ហេតុផល​មួយ​គឺ​ថា បន្លា​នោះ​​ពិត​ជា​មាន​ប្រយោជន៍​​សម្រាប់​សាវក​ប៉ុល​នៅក្នុង​ព័ន្ធកិច្ច​របស់​គាត់​។ ​ខ្ញុំ​គិត​ថា មនុស្ស​ជា​ច្រើន​​នៅ​សព្វ​ថ្ងៃ​នេះ​​​​ប្រហែល​ជា​​​គិត​ថា ​បន្លា​នៅ​ក្នុង​សាច់​​រារាំង​ដល់​ព័ន្ធកិច្ច​របស់​គាត់​។ គេ​គិត​ថា «​បើសិន​ខ្ញុំ​អាច​ដក​យក​បន្លា​នេះ​ចេញ​បាន នោះ​ខ្ញុំ​នឹង​ខ្លាំង ហើយ​អាច​ដោះស្រាយ​ឧបសគ្គ​​បាន និង​បន្ត​បំពេញ​ព័ន្ធកិច្ច​​​ដោយ​ប្រសិទ្ធិ​ភាព។» ព្រះ​​ក៏​មិន​ចង់​អោយ​បន្លា​ក្លាយ​ជា​ឧបសគ្គ​​ដល់​ព័ន្ធកិច្ច​របស់​សាវក​ប៉ុល​ផង​ដែរ​ ដូច្នេះ​ព្រះ​ធ្វើ​វា​អោយ​ក្លាយ​ជា​ជំនួយ​​ដល់​ព័ន្ធកិច្ច​​របស់​គាត់​ ដោយ​ធ្វើ​អោយ​គាត់​ខ្សោយ​ដើម្បី​ទទួល​​ព្រះ​គុណ​ព្រះ​។
  • ​សំខាន់​​ដែល​យើង​​​​មិន​យល់​ខុស​អំពី​អ្វី​ដែល​លោក​ប៉ុល​​​កំពុង​សរសេរ​នៅ​ទី​នេះ​។ ​អ្នក​ខ្លះ​អាន​​អត្ថបទ​គម្ពីរ​​នេះ​ ហើយ​គិត​ថា ​សាវក​ប៉ុល​កំពុង​និយាយ​ថា គ្រីស្ទបរិស័ទ​ម្នាក់​អាច​ស៊ូទ្រាំ​ក្នុង​ពេល​វេលា​នៃ​ភាព​ខ្សោយ​ ហើយ​បន្ទាប់​មក​នឹង​មាន​ពេលវេលា​នៃ​ព្រះ​គុណ​និង​កំឡាំង​​ ។ ​ ​នេះ​​គឺ​ជា​ការ​កាត់​ស្រាយ​មិន​ត្រឹម​ត្រូវ​លើ​អត្ថបទ​គម្ពីរ​នេះ​​​។ ​ជារឿយៗ នៅ​ក្នុង​ព្រះ​គម្ពីរ ភាព​ខ្សោយ​​​មិន​មក​មុន​ព្រះ​គុណ​ទេ ប៉ុន្តែ​ភាព​ខ្សោយ​គឺ​ជា​លក្ខខណ្ឌ​ដែល​យើង​ត្រូវ​តែ​​នៅ​តែ​​មាន​​ដើម្បី​បន្ត​​នៅ​ក្នុង​ព្រះ​គុណ​។
  • ​ដោយ​សាវក​ប៉ុល​មើល​ឃើញ​​គោលការណ៍​​នេះ​​​នៅ​ក្នុង​កាលៈទេសៈ​នេះ ​គឺ​មាន​បន្លា​នៅក្នុង​សាច់ គាត់​សរសេរ​ថា «ហេតុ​នេះ​ព្រោះ​តែ​ព្រះ​គ្រិស្ដ​ ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀតបៀន នៅ​ពេល​តប់​ប្រមល់​ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង» (ខ. ៩ក-១០)។
  • ចូរ​កត់​សំគាល់​ថា គឺ​​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះគ្រីស្ទ​​នៅ​ជាមួយ​សាវក​ប៉ុល នៅ​ពេល​ដែល​ព្រះ​មិន​ប្រោស​អោយ​​គាត់​​ជា។ ​នៅពេល​​យើង​ឃើញ​មនុស្ស​ម្នាក់​​កំពុង​រងទុក្ខ ហើយ​​គាត់​អធិស្ឋាន​ តើ​​នៅពេល​ណា​ដែល​យើង​​មើល​ឃើញ​​អំណាច​ព្រះចេស្តា​របស់​ព្រះគ្រីស្ទ? ជា​ធម្មតា ​មនុស្ស​គិត​ថា​ ពួកគេ​មើល​ឃើញ​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះគ្រីស្ទ​​ នៅពេល​​​ពួកគេ​បាន​ជាសះស្បើយ ហើយ​​សេចក្តី​អធិស្ឋាន​របស់​ពួកគេ​ត្រូវ​បាន​ឆ្លើយ​តប​។ ​ពិត​ហើយ​ថា ​យើង​អាច​មើល​ឃើញ​អំណាច​ព្រះ​ចេស្តា​របស់​ព្រះគ្រីស្ទ​​​ នៅ​ពេល​​ព្រះ​ឆ្លើយ​តប​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​យើង​ ប៉ុន្តែ​ចំនុច​នេះ​ជួយ​អោយ​យើង​មើល​​ឃើញ​​ថា យើង​មិន​គ្រាន់​តែ​មើល​ឃើញ​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះគ្រីស្ទ​​​ នៅពេល​តែ​ទ្រង់​​ប្រទាន​អ្វី​ដែល​យើង​សូម​ពី​ព្រះអង្គ​នោះ​ទេ។ ​ទោះ​បី​ជា​​នៅ​​ពេល​​​ពួកគេ​មិន​បាន​ជាសះស្បើយ​ក៏​ដោយ ក៏​នៅ​ទីនេះ​​យើង​មើល​ឃើញ​ថា អំណាច​ព្រះ​ចេស្ដា​របស់​ព្រះគ្រីស្ទ​​​អាច​នៅ​ជាមួយ​ពួកគេ​នៅ​ក្នុង​ភាព​ខ្សោយ​របស់​ពួកគេ​ផង​ដែរ​។
  • បើសិន​មនុស្ស​ពីរ​នាក់​​​បាន​មក​ចែកចាយ​ទីបន្ទាល់ ​ហើយ​សម្រាប់​ម្នាក់ ព្រះ​សណ្ដាប់​ពាក្យ​អង្វរ​របស់​គាត់​ ហើយ​សម្រាប់​​ម្នាក់ទៀត ព្រះ​មិន​បាន​ប្រទាន​អ្វី​ដែល​គាត់​​សូម​ពី​ព្រះអង្គ​​ទេ តើ​យើង​គិត​ថា​ យើង​បាន​មើលឃើញ​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​នៅ​​ជាមួយ​អ្នក​ណា? ​នៅ​ជាមួយ​ម្នាក់​ដែល​បាន​ជាសះស្បើយ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ទីបន្ទាល់​របស់​សាវក​ប៉ុល​ទេ។​ នៅ​ទី​នេះ​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​នៅ​ជាមួយ​គាត់​ បើ​ទោះ​ជា​​ព្រះ​មិន​ដក​បន្លា​​ចេញ​ពី​គាត់​ក៏​ដោយ​។
  • ​នៅ​ពេល​ខ្ញុំ​មើល​ឃើញ​គ្រីស្ទបរិស័ទ​ ដែល​កំពុង​រង​ទុក្ខ​ដោយសារ​ជម្ងឺ ដោយសារ​ការ​បៀតបៀន ដោយសារ​ពួក​គេ​​កាន់​តែ​ចាស់​ជរា ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​​បម្រើ​​និង​ដើរ​តាម​ព្រះយេស៊ូវ​យ៉ាង​ស្មោះ​ត្រង់​ នោះ​ខ្ញុំ​កំពុង​មើល​ឃើញ​អំណាច​ព្រះចេស្តា​នៃ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ នេះ​គឺ​ជា​ជីវិត​គ្រីស្ទបរិស័ទ​។
  • ម៉ាថាយ ១៦:២៤ បាន​សរសេរ​ថា «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល​ ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ»។​
  • ភីលីព ៣:១០ បាន​សរសេរ​ថា «បំណង​របស់​ខ្ញុំ​ គឺ​ចង់​ស្គាល់​ព្រះគ្រិស្ត​ និង ស្គាល់​ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើយ​វិញ​ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​​លំបាក ហើយ​អោយ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត»។
  • ​ការ​ដើរ​តាម​ព្រះគ្រីស្ទ​គឺ​ត្រូវ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ព្រះគ្រីស្ទ ហើយ​សេចក្តី​ប្រកប​ជាមួយ​ព្រះគ្រីស្ទ​គឺ​ជា​សេចក្តី​ប្រកប ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់​ ព្រមទាំង​ត្រទ្បប់​ ទៅ​ដូចជា​ទ្រង់ ក្នុង​សេចក្តី​ស្លាប់​ផង​។ ​នៅ​ពេល​គ្រីស្ទបរិស័ទ​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ​នៅ​ក្នុង​ជីវិត​ ជាពិសេស​​​ដោយ​សារ​គេ​​ដើរ​តាម​ព្រះយេស៊ូវ ហើយ​ពួកគេ​​នៅ​តែ​ស្មោះត្រង់​នឹង​ដើរ​តាម​ទ្រង់ នោះ​យើង​មើល​ឃើញ​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​​សណ្ឋិត​នៅ​ជាមួយ​ពួកគេ​ហើយ​។ ​នេះ​គឺ​ជា​​ទីបន្ទាល់​ដ៏​អស្ចារ្យ​​មួយ ដូចជា​លោក​យ៉ូប​ដែរ​។
  • ​សង្ខេប​មក ​បន្លា​នៅ​ក្នុង​សាច់​​​បាន​ជួយ​អោយ​សាវក​ប៉ុល​កាន់តែ​មាន​ភាព​ចាស់​ទុំ​ គឺ​វា​​បាន​ជួយ​អោយ​​គាត់​ខ្សោយ​ ដើម្បី​អោយ​គាត់​​បាន​រស់​នៅ​ក្នុង​ព្រះ​គុណ​ព្រះ​។ ​​គាត់​នឹង​រីករាយ​អួត​​ពី​ភាព​ខ្សោយ​របស់​គាត់ បើសិន​នោះ​នាំ​អោយ​​​​មាន​អំណាច​ព្រះ​ចេស្ដា​​នៃ​ព្រះគ្រីស្ទ​នឹង​សណ្ឋិត​​ជាមួយ​គាត់​។ ​​ហេតុ​នេះ​ហើយ​បាន​ជា​​គាត់​បាន​ឈប់​អធិស្ឋាន​​សូម​អោយ​ព្រះ​ដក​បន្លា​ចេញ​។
  • ឃ្លា​យ៉ាង​សំខាន់​មួយ​គឺ «ព្រោះ​តែ​ព្រះ​គ្រិស្ដ» (ខ. ១០)។ ​សាវក​ប៉ុល​ស្ម័គ្រចិត្ត​ទទួល​យក​បន្លា​នេះ ព្រោះ​តែ​ព្រះ​គ្រីស្ទ។ ​នេះ​មាន​ន័យ​ថា ជីវិត​របស់​គាត់​គឺ​សម្រាប់​ព្រះគ្រីស្ទ​។​​ គាត់​មិនបាន​ទទួល​យក​ការ​ឈឺ​ចាប់​ពី​​បន្លា​​ដោយ​ព្រោះ​តែ​គាត់​ចូល​ចិត្ត​ការ​ឈឺចាប់​នោះ​ទេ។ គាត់​មិន​បាន​រអ៊ូ​រទាំ​ថា ​គាត់​មាន​បញ្ហា​នេះ​ទេ ​ ​គាត់​ទទួល​ស្គាល់​​ថា ជីវិត​របស់​​គាត់​​គឺ​សម្រាប់​ព្រះ​គ្រីស្ទ ដូច្នេះ​បើសិន​បន្លា​​នេះ​ជួយ​គាត់​អោយ​បម្រើ​ព្រះយេស៊ូវ​បាន​ល្អ​ជាង នោះ​គាត់​នឹង​រស់​នៅ​ជាមួយ​បន្លា​នេះ​។ គ្រប់យ៉ាង​​នៅ​ក្នុង​ជីវិត​របស់​គាត់​គឺ​សម្រាប់​​​ជា​ប្រយោជន៍​ដល់​ព្រះ​គ្រីស្ទ​។
  • ​​មានការ​អនុវត្ត​ជា​ច្រើន​ចេញ​ពី​អត្ថបទ​គម្ពីរ​នេះ។ ១. ​កុំ​ដើរ​តាម​មនុស្ស​ដែល​បង្រៀន​​​អំពី​ព្រះយេស៊ូវ ប៉ុន្តែ​អួត​ពី​កំឡាំង និមិត្ត និង​បទពិសោធន៍​អស្ចារ្យ​របស់​ពួក​​គេ​អោយ​សោះ​។ ​នេះ​គឺ​ជា​កំហុស​ដែល​ពួក​កូរិនថូស​បាន​ប្រព្រឹត្ត​។ ​លោកិយ​​ចូល​ចិត្ត​​ដើរ​តាម​មនុស្ស​ដែល​មើល​ទៅ​ខ្លាំង​ក្លា​ ហើយ​​នេះ​គឺ​ជា​កំហុស​របស់​ពួក​កូរិនថូស​។ ​ជារឿយ​ៗ​ គ្រីស្ទបរិស័ទ​នៅ​សព្វថ្ងៃ​នេះ​​​ប្រព្រឹត្ត​កំហុស​ផង​ដែរ​។​ ពួកគេ​ដើរ​​តាម​​​ពួក​អ្នកដឹកនាំ​ខ្លាំង ដែល​អួត​ពី​ខ្លួន​និង​បទពិសោធន៍​របស់​ពួកគេ​។ ២. ​ចូរ​រៀន​​ពី​គំរូ​របស់​សាវក​ប៉ុល​។ គាត់​មិន​បាន​អួត​ពី​និមិត្ត​និង​បទពិសោធន៍​អស្ចារ្យ​របស់​គាត់​ឡើយ ពីព្រោះ​គាត់​​បាន​ដឹង​ថា​មនុស្ស​នឹង​អោយ​តម្លៃ​ខ្ពស់​លើ​រូប​គាត់​។​ យើង​មិន​គួរ​​អោយ​តម្លៃ​ខ្ពស់​ឬ​ទាប​​លើ​គ្រីស្ទបរិស័ទ​​ដោយ​ផ្អែក​លើ​​បទពិសោធន៍​អស្ចារ្យ​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​អោយ​តម្លៃ​​​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​និយាយ​និង​ប្រព្រឹត្ត​។ ជីវិត​គ្រីស្ទបរិស័ទ​ពិត​ប្រាកដ​​គឺ​ត្រូវ​ដើរ​តាម​​ផ្លូវ​​និង​ឈើ​ឆ្កាង​របស់​​ព្រះគ្រីស្ទ​។ ​ពួក​គ្រូ​ខុស​ឆ្គង​ទាំង​នេះ​ ដែល​បាន​អួត​ពី​បទពិសោធន៍​អស្ចារ្យ​ផ្សេងៗ​របស់​ពួកគេ មិន​​​បាន​ដើរ​តាម​ឈើ​ឆ្កាង​នោះ​​ឡើយ​។ ៣. ចូរ​ដឹង​ថា ​ព្រះយេស៊ូវ​មិន​តែង​តែ​ប្រោស​អោយ​ជា​នោះ​ទេ ប៉ុន្តែ​​ព្រះ​តែងតែ​​គិត​ពី​អ្វី​ដែល​ល្អ​សម្រាប់​យើង​។ ប៉ុន្តែ​ការ​ល្អ​ដែល​ព្រះ​គិត​សម្រាប់​យើង​ អាច​ខុស​គ្នា​ពី​អ្វី​ដែល​យើង​គិត​ថា​ល្អ​។​​ បើសិន​យើង​មាន​បន្លា​​ ដូច​ជា​សាវក​ប៉ុល នោះ​យើង​ប្រហែល​ជា​គិត​ថា ការ​ល្អ​សម្រាប់​យើង​គឺ​​​ការ​មិន​មាន​បន្លា​នោះ​។ ប៉ុន្តែ​សាវក​ប៉ុល​បាន​រៀន​ថា ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ​។
  • ​សាវក​ប៉ុល​អាច​ធ្វើ​ការ​ទាំង​អស់​នេះ​បាន​ ពីព្រោះ​ជីវិត​របស់​គាត់​គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​ព្រះគ្រីស្ទ ហើយ​យើង​ត្រូវ​តែ​រៀន​ធ្វើ​ដូច្នេះ​ផង​ដែរ​។ ដូច្នេះ ការ​អនុវត្ត​ទី​៤គឺ​ថា ជីវិត​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​ព្រះ​គ្រីស្ទ ហើយ​អ្វី​ដែល​ល្អ​នៅ​ក្នុង​​ជីវិត​​របស់​យើង​មិន​មែន​ជា​អ្វី​ដែល​ធ្វើ​អោយ​​យើង​កាន់​តែ​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​កាន់​តែ​មានជីវិត​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​ជួយ​យើង​អោយ​ទុក​ចិត្ត​​​លើ​ព្រះគ្រីស្ទ ជួយ​ឲ្យ​យើង​បន្ទាប​ខ្លួន​​​នៅ​ចំពោះ​ទ្រង់ និង​​បម្រើ​ទ្រង់​។

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top