Mormons pdf download
ក្រុមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (ពួកមរមន) គឺក្រុមមួយ ដែលលោក យ៉ូសែប ស្មីត Joseph Smith ដែលបានរស់នៅចាប់ពីឆ្នាំ១៨០៥ដល់១៨៤៤[1] បានបង្កើតឡើងនៅសហរដ្ឋអាមេរិក។ ពួកគេជឿថា លោក យ៉ូសែប ស្មីត គឺជាហោរាម្នាក់ ហើយសេចក្តីបង្រៀនរបស់គាត់គឺជាមូលដ្ឋានគ្រឹះនៃអ្វីដែលពួកគេជឿ។ នេះគឺជាក្រុមខុសឆ្គងមួយ ដែលអះអាងថា ខ្លួនជាគ្រីស្ទបរិស័ទ ហើយជាពួកជំនុំពិតប្រាកដតែមួយរបស់ព្រះយេស៊ូវគ្រីស្ទ។ បើសិនក្រុមណាមួយបង្រៀនអំពីព្រះយេស៊ូវនោះមិនមានន័យថា ពួកគេកំពុងបង្រៀនសេចក្តីពិតនោះទេ ប៉ុន្តែពួកគេប្រហែលជាកំពុងបង្រៀនគោលលទ្ធិខុសឆ្គងអំពីព្រះយេស៊ូវវិញ។ ជារឿយៗ ព្រះគម្ពីរសញ្ញាថ្មីព្រមានអំពីពួកគ្រូខុសឆ្គង ហើយជារឿយៗ ពួកគ្រូខុសឆ្គងទាំងនេះបានបង្រៀនអំពីព្រះយេស៊ូវ ប៉ុន្តែអំពីព្រះយេស៊ូវមួយផ្សេងពីព្រះយេស៊ូវ ដែលពួកសាវបានបង្រៀន (សូមមើល ២កូរិនថូស ១១:៣-១៥)។ តើការអះអាងនិងសេចក្តីបង្រៀនរបស់ពួកមរមនពិតប្រាកដដែរឬទេ? ទេ។ គោលលទ្ធិរបស់ពួកគេគឺខុសឆ្គង លោក យ៉ូសែប ស្មីត គឺជាហោរាក្លែងក្លាយម្នាក់ ហើយយើងមានភស្តុតាងជាច្រើន ដើម្បីបញ្ជាក់ថា យើងគួរតែបដិសេធសៀវភៅរបស់មរមន “The book of Mormon”។ ដូច្នេះ មានមនុស្សជាច្រើននៅទូទាំងពិភពលោកបានចាកចេញពីពួកជំនុំមរមន។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលយើងដឹងថា ពួកគេខុសឆ្គង។ មានហេតុផលជាច្រើនផ្សេងទៀត ប៉ុន្តែយើងនឹងគ្រាន់តែសរសេរចុះតែមួយចំនួនតូចប៉ុណ្ណោះ។
ទំនាយរបស់លោកយ៉ូសែប ស្មីត
សាស្ត្រាចារ្យព្រះគម្ពីរនិងប្រវត្តិសាស្ត្រផ្សេងៗបានបង្ហាញជាច្រើនដងថា «ទំនាយ» របស់លោក យ៉ូសែប ស្មីត គឺក្លែងក្លាយ ដូច្នេះហើយបានជាពួកមរមនខ្លះបានអះអាងថា លោក យ៉ូសែប ស្មីត មិនដែលបានផ្តល់ទំនាយណាមួយឡើយហើយគឺជាការអះអាងមិនត្រឹមត្រូវមួយ ពីព្រោះមិនដែលមានហោរាណាម្នាក់ ដែលមិនដែលផ្តល់ទំនាយសោះនោះទេ។ គាត់បានអះអាងថា គាត់បានផ្តល់ទំនាយផ្សេងៗ ប៉ុន្តែទំនាយទាំងនេះនៅតែត្រូវគេដឹងថា ក្លែងក្លាយ។ ចោទិយកថា ១៨:២០-២២ បង្រៀនយ៉ាងច្បាស់ថា បើសិនហោរាណាម្នាក់ទាយអំពីអ្វីមួយដែលមិនកើតឡើង នោះហោរាម្នាក់នោះគឺជាហោរាក្លែងក្លាយហើយ។ លោក យ៉ូសែប ស្មីត បានផ្តល់ជាងហុកសិបទំនាយ ដែលមិនបានកើតឡើងសោះ។ ពេលខ្លះ ពួកមរមនព្យាយាមមិនទទួលស្គាល់ការពិតនេះ ដោយនិយាយថា នៅពេលលោក យ៉ូសែប ស្មីត បាននិយាយ ឬសរសេរទំនាយទាំងនោះ គឺគាត់មិនកំពុងផ្តល់ទំនាយឡើយ ប៉ុន្តែគាត់គ្រាន់តែផ្តល់ជាយោបល់ប៉ុណ្ណោះ ប៉ុន្តែនៅពេលយើងមើលឯកសារដើម នោះយើងកត់សំគាល់ឃើញថា ពួកមរមនអះអាងថា គាត់គឺជាហោរាម្នាក់ យើងឃើញថា ការអះអាងនេះគឺជាសេចក្តីកុហក។
ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ
លោក យ៉ូសែប ស្មីត បានទាយថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅឆ្នាំ១៨៩១ នេះពិតជាទំនាយក្លែងក្លាយមួយ។ សម្រាប់ព័ត៌មានបន្ថែមអំពីទំនាយនេះ សូមចូលទៅកាន់ http://www.mormoninfo.org/-32/Why-didnt-Jesus-come-back-by-1891-as-Smith-said-in-the-History-of-the-Church-2182-3682
ជនជាតិដើមអាមេរិកខាងជើង និងឌីអិនអេ DNA
លោក យ៉ូសែប ស្មីត សៀវភៅរបស់មរមន និងសាសនាមរមនបង្រៀនថា ជនជាតិដើមអាមេរិកខាងជើងតាំងពីបុរាណគឺជាសាសន៍ Lamanites ជាពូជពង្សរបស់ Lehi ដូច្នេះជាពួកសំណល់នៃអ៊ីស្រាអែល។ មិនមានភស្តុតាងគាំទ្រការអះអាងនេះទេ ហើយវិទ្យាសាស្ត្រ ដូចជាឌីអិនអេ DNA បានបញ្ជាក់ថា ការអះអាងនេះមិនត្រឹមត្រូវ។ ពួកមរមនមួយចំនួនមិនទទួលស្គាល់ការសន្និដ្ឋាននេះ ដោយនិយាយថា សៀវភៅរបស់មរមនមិនបង្រៀនច្បាស់លាស់ថា ជនជាតិដើមអាមេរិកខាងជើងគឺជាជនជាតិអ៊ីស្រាអែលនោះទេ ប៉ុន្តែការនិយាយនេះគឺជាការកុហក ហើយពួកមរមននៅសម័យមុនតែងតែបានយល់ថា សៀវភៅរបស់មរមនបង្រៀនថា ជនជាតិដើមអាមេរិកខាងជើងតាំងពីបុរាណគឺជាពួកសំណល់នៃអ៊ីស្រាអែល។ ភស្តុតាងខាងវិទ្យាសាស្ត្រច្បាស់លាស់នេះ ដែលបង្ហាញថា សៀវភៅរបស់មរមនមិនត្រឹមត្រូវ បាននាំអោយពួកមរមនមួយចំនួនចាកចេញពីក្រុមមរមន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://en.wikipedia.org/wiki/Genetics_and_the_Book_of_Mormon និងhttp://www.godandscience.org/cults/dna.html និង http://mit.irr.org/lamanites-no-more-dna-and-lost-ties-father-lehi និង http://www.equip.org/article/dna-science-challenges-lds-history/
សៀវភៅរបស់មរមន ប្រវត្តិសាស្ត្រទ្វីបអាមេរិកខាងជើង និងវត្ថុបុរាណវិទ្យា
សៀវភៅរបស់មរមនអះអាងបង្រៀនអំពីប្រវត្តិសាស្ត្រនៃទ្វីបអាមេរិក ប៉ុន្តែមិនមានវត្ថុបុរាណក្រៅពីខាងមរមនណានៅក្នុងពិភពលោកទាំងមូល គាំទ្រការអះអាងរបស់សៀវភៅរបស់មរមនឡើយ ហើយសូម្បីតែវត្ថុបុរាណវិទ្យានិងប្រវត្តិវិទូដែលជាពួកមរមនមានការសង្ស័យ ឬបដិសេធភាពជឿជាក់បានខាងប្រវត្តិសាស្ត្រនៃសៀវភៅរបស់មរមនផងដែរ។ ឧទាហរណ៍ សៀវភៅរបស់មរមនអះអាងថា នៅក្នុងប្រវត្តិសាស្ត្រនៃអាមេរិកខាងជើងមានអរិយធម៌មួយ ដែលបានបង្កើតទីក្រុងជាច្រើន ប៉ុន្តែការជីកកកាយវត្ថុបុរាណជាច្រើនបានបញ្ជាក់ថា ទីក្រុងទាំងនេះមិនដែលមាននៅឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://mit.irr.org/scientific-search-nephite-remains
លោក យ៉ូសែប ស្មីត និងដីសាងសង់ព្រះវិហារ
នៅក្នុងក្រុង Independence រដ្ឋ Missouri (នៅអាមេរិក) មានដីទំនេរមួយកន្លែងដែលមានក្ដាប្រកាស ដែលកំណត់យកដីនោះជាដី ដែលលោក យ៉ូសែប ស្មីត បានទាយថា ព្រះវិហារមរមននឹងត្រូវបានសាងសង់នៅសម័យរបស់គាត់ផ្ទាល់។ សញ្ញាសំគាល់ជ្រុងកែងដើមត្រូវបានគេរកឃើញ ហើយបង្ហាញជាសាធារណៈ។ ពួកមរមននៅសម័យលោក យ៉ូនសែប ស្មីត បានជឿថា នេះគឺជាទំនាយមួយ ហើយបានកាត់ស្រាយថា ព្រះវិហារមរមននឹងត្រូវបានសាងសង់នៅសម័យរបស់ពួកគេ។ ព្រះវិហារមរមនមិនដែលត្រូវបានសាងសង់ឡើយ។ ដូច្នេះ ទំនាយរបស់លោក យ៉ូសែប ស្មីត នេះមិនត្រឹមត្រូវឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.mormoninfo.org/-32/Why-wasnt-the-Missouri-temple-ever-built-in-Joseph-Smiths-generation-DC-841-5-3684
មនុស្សរស់នៅលើព្រះច័ន្ទនិងព្រះអាទិត្យ
នៅឆ្នាំ១៨៨១ មរមនម្នាក់ឈ្មោះ Oliver B. Huntington បានអះអាងថាលោក យ៉ូសែប ស្មីត បានបង្រៀនថា មានមនុស្សរស់នៅលើព្រះច័ន្ទ។ មានការពិភាក្សាថា តើលោក យ៉ូសែប ស្មីត បានបង្រៀន នេះឬទេ ប៉ុន្តែពួកមរមនបានទទួលស្គាល់ថា លោក Hyrum Smith (ជាបងប្រុសរបស់លោក យ៉ូសែប ស្មីត និងជាអ្នកដឹកនាំដំបូងម្នាក់របស់ពួកមរមន) បានបង្រៀនសេចក្តីនេះ ហើយលោក Brigham Young (ជាអភិបាលទីពីររបស់ពួកជំនុំមរមន) បានបង្រៀនថា មានមនុស្សជាតិរស់នៅលើព្រះអាទិត្យ។
លោក យ៉ូសែប ស្មីត និងទំនាយអំពីសង្គ្រាមលោក
នៅឆ្នាំ១៨៣២ លោក យ៉ូសែប ស្មីត បានបង្រៀនថា ប្រទេសអាមេរិកនឹងមានសង្គ្រាមស៊ីវិលមួយ ដែលពិតជាបានកើតឡើងមែន។ ពួកមរមនមួយចំនួនប្រើទំនាយនេះជាភស្តុតាងបញ្ជាក់ថា លោក យ៉ូសែប ស្មីត ពិតជាហោរាម្នាក់មែន ប៉ុន្តែមនុស្សជាច្រើនបានមើលឃើញហើយនិយាយថា នឹងមានសង្គ្រាមស៊ីវិលមួយដូចគ្នាដែរ។ ដូច្នេះ គ្រាន់តែទាយថាប្រទេសអាមេរិកនឹងមានសង្គ្រាមស៊ីវិលមួយមិនមានអ្វីគួរអោយអស្ចារ្យនោះទេ ហើយវាក៏មិនធ្វើអោយមនុស្សម្នាក់ក្លាយជាហោរាបានដែរ។ លើសពីនេះ លោក យ៉ូសែប ស្មីត ក៏បាននិយាយថា ប្រទេសអាមេរិកនឹងមានសង្គ្រាមស៊ីវិលមួយ ដែលនឹងនាំអោយសង្គ្រាមលោកមួយ ពីព្រោះប្រទេសជាច្រើនផ្សេងទៀតនឹងត្រូវធ្លាក់ចូលនៅក្នុងជម្លោះសង្គ្រាមស៊ីវិលរបស់ប្រទេសអាមេរិក។ ទំនាយនេះមិនបានកើតឡើងឡើយ ហើយម្តងទៀតយើងឃើញថា នេះគឺជាទំនាយក្លែងក្លាយមួយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.mormoninfo.org/false-prophecies-32/Why-didnt-the-Civil-War-become-a-world-war-as-Smith-prophesied-in-DC-87-3683
លោក យ៉ូសែប ស្មីត និងទីក្រុង Salem នៅរដ្ឋ Massachusetts
នៅពាក់កណ្តាលទសវត្ស ១៨៣០ ពួកមរមនបានបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនពួកគេជាច្រើន ដោយសារតែការបៀតបៀនខាងសាសនា ហើយពួកគេបានរត់គេចពីកន្លែងមួយទៅកន្លែងមួយ។ បំណុលរបស់ពួកមរមនបានកើនឡើង ហើយពួកគេត្រូវការការអស្ចារ្យមួយ ដើម្បីសង់ការចំណាយជាច្រើន។ លោក យ៉ូសែប ស្មីត បានអះអាងថា ព្រះបានប្រាប់គាត់ថា គាត់ត្រូវតែទៅទីក្រុង Salem នៅរដ្ឋ Massachusetts ដែលនៅទីនោះគាត់នឹងរកឃើញមាសនិងប្រាក់ ដែលពួកគេត្រូវការក្នុងការសងការចំណាយរបស់ពួកគេ ហើយគាត់នឹងមានអ្នកជឿថ្មីជាច្រើនមកពីទីក្រុងនោះជាមួយគាត់ (Doctrine and Covenants, p112)។ ទំនាយនេះគឺក្លែងក្លាយ ពីព្រោះវាមិនដែលបានកើតឡើងឡើយ។
លោក យ៉ូសែប ស្មីត និងក្រុងស៊ីយ៉ូន (Independence, Missouri)
លោក យ៉ូសែប ស្មីត បានទាយថាទីក្រុងមរមនមួយនឹងត្រូវបានសាងសង់នៅក្នុងរដ្ឋ Missouri។ ពួកមរមននឹងសាងសង់ទីក្រុងដ៏ធំមួយ ដើម្បីធ្វើជាបញ្ជាការដ្ឋាននៃពួកមរមន និងសាងសង់ព្រះវិហារធំ។ គាត់បានអះអាងថា គាត់បានទទួលការបើកសំដែងពីព្រះថា ក្រុងនេះដែលគេចង់ហៅថា «ស៊ីយ៉ូន» នឹងត្រូវបានសាងសង់នៅសម័យនោះ។ ទោះបីជាពួកគេត្រូវបានគេប្រើហិង្សាបណ្តេញចេញពីតំបន់នោះក៏ដោយ ក៏លោក យ៉ូសែប ស្មីត បានទាយថាពួកមរមននឹងវិលត្រឡប់មកតំបន់នោះវិញ ដើម្បីសាងសង់ក្រុងស៊ីយ៉ូន។ គាត់ក៏បានទាយអំពីកាលបរិច្ឆេទដែលគេនឹងវិលត្រឡប់មកវិញផងដែរ។ ម្តងទៀត នេះគឺជាទំនាយក្លែងក្លាយមួយ ពីព្រោះវាមិនដែលបានកើតឡើងឡើយ។
ទំនាយរបស់លោក យ៉ូសែប ស្មីត ទាក់ទងនឹងលោក David Patten
លោក យ៉ូសែប ស្មីត បានអះអាងថា ព្រះបានមានបន្ទូលថា នៅនិទាឃៈរដូវ ឆ្នាំ១៨៣៩ លោក David Patten នឹងត្រូវធ្វើដំណើរបេសកកម្មមួយជាមួយគាត់និងមនុស្សបីបួននាក់ផ្សេងទៀត (Doctrine and Covenants, section 114)។ គាត់បានប្រាប់លោក David Patten អោយរៀបចំខ្លួនសម្រាប់ការធ្វើដំណើរនេះ ពីព្រោះគាត់ត្រូវរួមដំណើរលោក យ៉ូសែប ស្មីត និងមនុស្សជ្រើសរើសមួយក្រុមប៉ុន្តែលោក David Patten ត្រូវបានគេសំឡាប់នៅរដូវរងាមុនការធ្វើដំណើរនេះ ដែលគាត់មិនអាចនៅរស់រហូតដល់និទាឃរដូវឡើយដូច្នេះ នេះគឺជាទំនាយក្លែងក្លាយមួយ ពីព្រោះគាត់មិនបានរួមដំណើរលោក យ៉ូសែប ស្មីត នៅក្នុងការធ្វើដំណើរបេសកកម្មនេះឡើយ។
ជំនឿផ្សេងៗរបស់មរមន
ការការពិភាក្សាខាងលើបង្ហាញយ៉ាងច្បាស់លាស់ថា លោក យ៉ូសែប ស្មីត គឺជាហោរាក្លែងក្លាយម្នាក់ ហើយយើងពិតជាមិនអាចទុកចិត្តលើសៀវភៅរបស់មរមនបានឡើយ។ មានកំហុសជាច្រើនទៀតនៅក្នុងគោលលទ្ធិរបស់ពួកមរមន ដែលមានលក្ខណៈខុសឆ្គងជាខ្លាំង។ ខាងក្រោមនេះគឺជាគោលលទ្ធិខុសឆ្គងមួយចំនួនរបស់ពួកគេ៖
- ព្រះយេស៊ូវនិងសាតាំងគឺជាបងប្អូនខាងវិញ្ញាណ ហើយយើងបានកើតមកជាប្អូនបង្កើតរបស់ពួកគេទាំងពីរនាក់ (Mormon Doctrine, p. 163)។
- ពីមុនព្រះធ្លាប់ធ្វើជាមនុស្សម្នាក់នៅភពផ្សេងមួយ (Mormon Doctrine, p. 321, Joseph Smith, Times and Seasons, vol. 5, p. 613-614, Orson Pratt, Journal of Discourses, vol. 2, p. 345, Brigham Young, Journal of Discourses, vol. 7, p. 333)។
- បន្ទាប់ពីមនុស្សម្នាក់ក្លាយជាមរមនល្អម្នាក់ នោះគាត់អាចក្លាយជាព្រះមួយបាន (Teachings of the Prophet Joseph Smith, p. 345-347, 354)។
- មានព្រះជាច្រើនអង្គ (Mormon Doctrine, p. 163)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://carm.org/mormon-beliefs
គ្រីស្ទបរិស័ទត្រូវតែឈររឹងមាំនៅក្នុងសេចក្តីពិតរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបដិសេធការអះអាងរបស់ពួកមរមន បើសិននរណាម្នាក់បន្តដើរតាមសេចក្តីបង្រៀនរបស់ពួកមរមន នោះគេនាំការវិនិច្ឆ័យមកលើខ្លួនរបស់គេហើយ។ បើសិនយើងស្គាល់មរមនម្នាក់ ហើយបើសិនយើងស្រឡាញ់គាត់ នោះយើងចង់អោយគាត់បានស្តាប់លឺសេចក្តីពិតរបស់ព្រះយេស៊ូវ ដើម្បីអោយគាត់បានជឿនិងទទួលសេចក្ដីសង្គ្រោះផងដែរ។
[1] តាមពិត មាននិកាយមរមនធំពីរ (the Utah Latter-Day Saints Church និង Missouri Reorganized Church) និងក្រុមតូចៗជាច្រើនទៀត។ មរមនត្រូវបានបាក់បែកជាក្រុមតូចៗផ្សេងពីគ្នា ដោយសារតែការមិនយល់ស្របគ្នាអំពីគោលលទ្ធិ។ ពហុទេពនិយម និងពហុពន្ធភាពគឺជាការមិនយល់ស្របគ្នាធំៗពីររវាងក្រុម Utah និងក្រុម Missouri។ ពួកជំនុំពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ បង្រៀនពហុទេពនិយម ហើយបានអនុវត្តពហុពន្ធភាព ចំណែកឯពួកជំនុំរៀបចំឡើងវិញជឿលើឯកទេពនិយម ហើយសព្វថ្ងៃនេះបដិសេធពហុពន្ធភាព។
Leave a Reply