ភីលីព​ ២:១២-៣០ Philippians 2:12-30

Phil 2.12-30

ភីលីព​ ២:១២-៣០

ភ្លឺ​ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក​​​

 

ការ​ពិភាក្សា​​ តើ​គោល​បំណង​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ជា​អ្វី?

 

 

ការ​រំលឹក​ នៅ​ក្នុង​ ១:២៧-២:១១ លោក​ប៉ុល​បាន​ចាប់ផ្ដើម​​ពន្យល់​អំពី​ជីវិត​ដែល​ប្រព្រឹត្ត​​សម​ស្រប​ទៅ​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។  គាត់​បាន​បង្រៀន​អំពី​គំរូ​របស់​ព្រះគ្រីស្ទ​ ហើយ​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​គំនិត​គិត​ដូចជា​ព្រះគ្រីស្ទ​ដែរ។  នៅ​ក្នុង​ ២:១២-៣០​លោក​ប៉ុល​នឹង​បន្ត​ពន្យល់​អំពី​ជីវិត​ដែល​ប្រព្រឹត្ត​សម​ស្រប​ទៅ​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។

សូម​អាន​ភីលីព​ ២:១២-៣០ ​ទាំង​មូល។

សូម​អាន​ ខ១២-១៣ ម្ដង​ទៀត។

នៅ​ក្នុង​ខ១២ តើ​លោក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទបរិស័ទ​ឲ្យ​ខំ​ប្រឹង​ធ្វើ​អ្វី​ខ្លះ?

 

តាម​ខ១៣ តើ​ព្រះជាម្ចាស់​បាន​ធ្វើ​អ្វី​ខ្លះ​សំរាប់​គ្រីស្ទបរិស័ទ?

 

ការ​ពន្យល់ ​នៅ​ក្នុង​ខ១២ ​យើង​ឃើញ​ថា​គ្រីស្ទបរិស័ទ​ត្រូវ​ព្យាយាម​ស្ដាប់​បង្គាប់​ព្រះអង្គ​ ប៉ុន្តែ​ជា​មួយ​គ្នា​ យើង​អាច​​ធ្វើ​កិច្ច​ការ​នេះ​បាន​ លុះ​ត្រា​តែ​ព្រះអង្គ​បណ្ដាល​ដល់ចិត្ត​យើង​ និង ប្រទាន​ឲ្យ​យើង​មាន​សមត្ថភាព​ប៉ុណ្ណោះ។  អរ​គុណ​ព្រះអង្គ​ដែល​ក្នុងខ១៣​បាន​ប្រកាស​ថា ​ទ្រង់​បាន​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទាន។

ចូរ​អាន​ខ១៤។  តើ​អ្នក​ធ្លាប់​អនុវត្តន៍​តាម​ពាក្យ​ណែ​នាំ​នេះ​ដែរ​ឬ​ទេ? ហើយ​តើ​មាន​ស្ថានភាព​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក ពិបាក​នឹង​ស្តាប់​តាម​ពាក្យ​ណែ​នាំ​នេះ?

 

​ចូរ​អាន​ខ១៥។  តើ​អ្វី​ខ្លះ​ជា​លទ្ធផល​ដែល​កើត​ចេញ​មក​ពី​ការ​ស្ដាប់​តាម​ពាក្យ​ណែ​នាំ​នៅ​ក្នុង​ខ១៤?

 

​នៅ​ក្នុង​ការ​រស់នៅ តើ​អ្នក​ធ្លាប់​មាន​គោល​បំណង​ថា ចង់​ឲ្យ​ជីវិត​របស់​ខ្លួន​ភ្លឺ​នៅ​កណ្ដាល​គេ​ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក​ដែរ​ឬ​ទេ?

 

សូម​អាន​ខ១៦

ការ​ពន្យល់ ‹ព្រះបន្ទូល​នៃ​ជីវិត​› ឬ ‹ព្រះជាម្ចាស់​ដែល​ផ្ដល់​ជីវិត​› គឺ​ជា​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។  ដំណឹង​ល្អ​គឺ​ជា​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រកាស​ប្រាប់​ដល់​លោកីយ៍​ ហើយ​មូលហេតុ​មួយ​ដែល​ដំណឹង​ល្អ​ ត្រូវ​បាន​ហៅ​ថា​ជា​ដំណឹងល្អ ​ពីព្រោះ​ដំណឹង​​នេះ​ជា​ព្រះបន្ទូល​​ដែល​ផ្ដល់​នូវ​ជីវិត។

បើ​សិន​ជា​​គ្រីស្ទបរិស័ទ​នៅ​ទី​ក្រុង​ភីលីព​បាន​ស្ដាប់​តាម​ទាំង​អស់​នូវ​អ្វី​ដែល​លោក​ប៉ុល​បាន​​ណែ​នាំ​នៅ​ក្នុង​ខ១២-១៦ តើ​កិច្ចការ​នោះ​មាន​លទ្ធផល​អ្វី​ចំពោះ​​ប៉ុល? (ខ១៦)

 

តើ​ចំនុច​នេះ​បាន​ផ្តល់​ការ​អនុវត្ត​អ្វី​ខ្លះ​ដល់​អ្នក​ដឹក​នាំ​នៅ​ក្នុង​ពួកជំនុំ​បច្ចុប្បន្ន?

 

ការ​ពន្យល់ នៅ​ក្នុង​ខ១៦​យើង​អាន​ពាក្យ​ថា​ ‹ថ្ងៃ​នៃ​ព្រះគ្រីស្ទ​› (គ.ខ.ប. បកប្រែ​ ‹ថ្ងៃ​ព្រះគ្រិស្ត​យាង​មក​›)។  ពាក្យ​​ ​ភាសា​ក្រិក​បកប្រែ​​ត្រង់ៗ​ថា ‹ថ្ងៃ​នៃ​ព្រះគ្រីស្ទ​› ហើយ​ពាក្យ​នេះ​បាន​ពិពណ៌នា​អំពី​ថ្ងៃ​ដែល​ព្រះគ្រិស្ត​យាង​មក។  នៅ​ក្នុង​សញ្ញាចាស់​ពួក​ហោរា​បាន​ប្រកាស​ជា​ច្រើន​ដង​អំពី ​‹ថ្ងៃ​នៃ​ព្រះយេហូវ៉ា​› (គ.ខ.ប. ‹ថ្ងៃ​របស់​ព្រះអម្ចាស់​›)។  ថ្ងៃ​នៃ​ព្រះយេហូវ៉ា​គឺ​ជា​ទី​សង្ឃឹម​របស់​សាសន៍​យូដា​ ​គឺ​ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​រាស្រ្ត​របស់​ព្រះ​ និង វិនិច្ឆ័យ​ទោស​សត្រូវ​របស់​ទ្រង់។  នៅ​ក្នុង​សញ្ញា​ថ្មី​ពាក្យ​ ‹ថ្ងៃ​នៃ​ព្រះគ្រីស្ទ​› បាន​ជំនួស​ពាក្យ​​ ‹ថ្ងៃ​នៃ​ព្រះយេហូវ៉ា​› ហើយ​​ថ្ងៃ​ព្រះគ្រីស្ទ​​យាង​មក​គឺ​ជា​ទី​សង្ឃឹម​របស់​រាស្រ្ត​នៃ​ព្រះ​ គឺថា​ថ្ងៃ​នោះ​ព្រះអង្គ​នឹង​បង្គ្រប់​សេចក្ដី​សង្គ្រោះ​របស់​យើង ​និង​វិនិច្ឆ័យ​ព្រមទាំង​បំផ្លាញ​មនុស្ស​ដែល​បាន​បដិសេធ​ទ្រង់​ដែរ។

 

ការ​ពន្យល់​សំរាប់​ខ១៩-៣០ នៅ​ក្នុង​មេរៀន​សំរាប់ ភីលីព​ ១:១-១១ យើង​រៀន​ថា គ្រីស្ទបរិស័ទ​គឺ​ជា​ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ។  ជីវិត​របស់​យើង​ត្រូវ​មាន​គោល​បំណង​បំរើ​ដំណឹង​ល្អ​  ប៉ុន្តែ​យើង​មិន​​បំរើ​ដំណឹង​ល្អ​ទី​ទៃ​ពី​គ្នា​នោះ​ទេ។  នៅ​ក្នុង​ ១:៣-៥ លោក​ប៉ុល​បាន​​បញ្ជាក់​ថា​​ លោក​ប៉ុល​បាន​អរ​ព្រះ​គុណ​ដល់​ព្រះអង្គ​​ដោយ​​ព្រោះ​​ពួក​ជំនុំ​ទីក្រុង​ភីលីព​គឺជា​ដៃគូ​ក្នុង​ដំណឹង​ល្អ​ ដូច្នេះ​គាត់​មិន​​បំរើ​ដំណឹង​ល្អ​ទី​ទៃ​ពី​គេ​នោះ​ទេ។  នៅ​ក្នុង​អត្ថបទ​នេះ​លោក​ប៉ុល​បាន​សរសេរ​អំពី​ដៃគូ​ឯ​ទៀត​ក្នុង​ដំណឹង​ល្អ​ គឺ​ធីម៉ូថេ​ និង អេប៉ាប្រូឌីត។  លោក​ប៉ុល​សរសេរ​ថា គាត់​ចង់​ចាត់​បញ្ជូន​លោក​ធីម៉ូថេ​ និង អេប៉ាប្រូឌីត​ទៅ​ឯ​ពួកជំនុំ​នៅ​ទីក្រុង​ភីលីព។  ពី​មុន​ពួកជំនុំ​នៅ​ទីក្រុង​នេះ​បាន​ចាត់​លោក​អេប៉ាប្រូឌីត​ទៅ​ឯ​លោក​ប៉ុល​ ដើម្បី​អោយ​អេប៉ាប្រូឌីត​ជួយ​ដល់​លោក​ប៉ុល។​ នោះ​ជា​របៀប​មួយ​ដែល​ពួកជំនុំ​នៅ​ទីក្រុង​ភីលីព​បាន​ធ្វើ​ក្នុង​នាម​ជា​ដៃគូ​ក្នុង​ដំណឹង​ល្អ។  លោក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​​ក្នុង​គោលបំណង​ចង់​អោយ​ពួកជំនុំ​នៅ​ទីក្រុង​ភីលីព​​ទទួល​លោក​ធីម៉ូថេ​ និង អេប៉ាប្រូឌីត​ ដោយ​អំណរ ហើយ​រាប់​អាន​គ្នា​ជា​ដៃគូ​នៃ​ដំណឹង​ល្អ​ដូច្នោះ​ដែរ។ លោក​ប៉ុល​បាន​ទទួល​ជំនួយ​ពី​អេប៉ាប្រូឌីត​ហើយ ដូច្នេះ​ដោយ​ព្រោះ​ប៉ុល​ព្រួយ​បារម្ភ​អំពី​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​ ទើប​គាត់​ចង់​ចាត់​បញ្ជូន​លោក​អេប៉ាប្រូឌីត​ឲ្យ​ត្រឡប់​ទៅ​ឯ​ពួក​គេ​វិញ។  ឥឡូវ​សូម​អាន​ខ១៩-៣០ ម្ដង​ទៀត។

ការ​អនុវត្តន៍​ ​តើ​ លោក​ប៉ុល​ ធីម៉ូថេ​ អេប៉ាប្រូឌីត​ និង ពួកជំនុំ​នៅ​ទីក្រុង​ភីលីព​ជា​គំរូ​ដ៏​ល្អ​ដល់​យើង​ក្នុង​ភាព​ជា​ដៃគូ​នៃ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច​ដែរ?  តើ​ពួកជំនុំ​របស់​អ្នក​ត្រូវ​​ប្រព្រឹត្ត​ដូច​ម្តេច​ខ្លះ​ដើម្បី​អោយ​បាន​ស្រប​តាម​គំរូ​នេះ?

 

រំលឹក​ឡើង​វិញ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ ភីលីព​ ២:១២-៣០?

 

ការ​អនុវត្តន៍​​ ក្រោយ​ពី​យើង​បាន​រៀន​តាមរយៈ ភីលីព​ ២:១២-៣០ រួចមក តើ​បទ​គម្ពីរ​នេះ​បាន​ធ្វើ​ការ​ក្នុង​ជីវិត របស់​យើង​យ៉ាង​ដូច​ម្តេច ​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top