កាឡាទី​ ១:១១-២៤ Galatians 1:11-24

Gal. 1.11-24

កាឡាទី​ ១:១១២៤

សូម​អាន​កាឡាទី​ ១:១១-២៤ ទាំង​មូល។​

ការ​រំលឹក ទោះ​បី​ជា​ព្រះជាម្ចាស់​បាន​ប្រើ​លោក​ប៉ុល​ផ្ទាល់​ដើម្បី​បង្កើត​ពួកជំនុំ​នៅ​ស្រុក​កាឡាទី​ក៏​ដោយ​ ក៏​ពួក​គេ​ឆាប់​ងាក​ចេញ​ពី​ព្រះជាម្ចាស់ ​ហើយ​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត​ដែរ។  មាន​គ្រូ​ក្លែង​ក្លាយ​បាន​ចូល​មក​ក្នុង​ពួកជំនុំ​នៅ​ស្រុក​កាឡាទី ហើយ​បាន​ប្រកាស​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  ​លោក​ប៉ុល​មិន​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ស្ថានភាព​នេះ​ទេ ប៉ុន្តែ​ហ៊ាន​សរសេរ​សំបុត្រ​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ពីព្រោះ​គាត់​ត្រូវ​ពង្រឹង​ដំណឹង​ល្អ។

សូម​អាន​ខ.​១១-១២ ទ្បើង​វិញ​។​ តើ លោក​ប៉ុល​បាន​ទទួល​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?

ការ​ពន្យល់ និង​ការ​អនុវត្ត គ្រីស្ទបរិស័ទ​នៅ​កាឡាទី​បាន​ឮ​ដំណឹង​ល្អ​ពីរ​ដែល​ខុស​ពី​គ្នា គឺ​ដំណឹង​ល្អ​ដែល​លោក​ប៉ុល​បាន​ប្រកាស​ និង​ដំណឹង​ល្អ​ដែល​គ្រូ​ក្លែង​ក្លាយ​បាន​ប្រកាស។  ពួក​កាឡាទី​ត្រូវតែ​ជ្រើស​រើស។  នៅ​ទី​នេះ​លោក​ប៉ុល​បង្រៀន​ថា ដំណឹង​ល្អ​ដែល​គាត់​បាន​ថ្លែង​ប្រាប់​គឺ​ជា​ដំណឹង​ល្អ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បើក​សំដែង​អោយ​លោក​ប៉ុល។  ដូច្នេះ​ពួក​កាឡាទី​ត្រូវ​ស្ដាប់​តាម​ដំណឹង​ល្អ​ដែល​លោក​ប៉ុល​បាន​ប្រកាស។  នៅ​ទី​នេះ​និង​ក្នុង​អត្ថបទ​ក្រោយ​លោក​ប៉ុល​នឹង​បង្ហាញ​ថា គាត់​ជា​សាវក​ពិត​ប្រាកដ​ ពីព្រោះ​មាន​អ្នក​ខ្លះ​បាន​ចោទ​ប្រកាន់​ថា ​គាត់​មិន​មក​ពី​ក្រុម​សាវក​នៅ​យេរូសាឡិម​នោះ​ទេ​ ដូច្នេះ​ហើយ​គាត់​មិន​ជា​សាវក​ពិត​ប្រាកដ​ឡើយ​។  សព្វ​ថ្ងៃ​នេះ​យើង​បាន​ទទួល​ដំណឹង​ល្អ​ពិត​ប្រាកដ​តាម​រយៈ​ការ​សរសេរ​របស់​ពួក​សាវក​ ដែល​យើង​មាន​នៅ​ក្នុង​សញ្ញា​ថ្មី។

សូម​អាន​ខ.​១៣-១៤។​ តើ លោក​ប៉ុល​បាន​ធ្វើ​អ្វី​មុន​គាត់​បាន​ជឿ​លើ​ព្រះ​យេស៊ូវ?

សូម​អាន​ខ.​១៥-១៧។​ តើ លោក​ប៉ុល​បាន​ធ្វើ​អ្វី​នៅ​ពេល​ព្រះ​បាន​បើក​សំដែង​ព្រះរាជ​បុត្រា​ទ្រង់​មក​ក្នុង​គាត់?

កំណត់​ «ព្រះ ដែល​រើស​ខ្ញុំ​តាំងពី​ផ្ទៃ​ម្តាយ​មក​ ហើយ​បាន​ហៅ​ខ្ញុំ»​ ជា​ឃ្លា​ដែល​ហោរា​ខ្លះ​នៅ​ក្នុង​សញ្ញាចាស់​បាន​ប្រើ​មក​ពិពណ៌នា​អំពី​ខ្លួន​របស់​ពួក​គេ(ឧទាហរណ៍​ យេរេមា​ ១:៥; អេសាយ​ ៤៩:១)។

សូម​អាន​ខ.​១៨-១៩​។​ តើ ​រយៈ​ពេល​៣ឆ្នាំក្រោយ​មក​ទៀត លោក​ប៉ុល​បាន​ធ្វើ​អ្វី?

ការ​ពន្យល់ លោក​ប៉ុល​បាន​បញ្ជាក់​ប្រាប់​ថា គាត់​មិន​បាន​ជួប​ពួក​សាវក​អស់​រយៈ​ពេល​៣​ឆ្នាំ​ដើម្បី​បង្ហាញ​ថា គាត់​មិន​បាន​ទទួល​ដំណឹង​ល្អ​ពី​គេ​ទេ (១:១២)។

សូម​អាន​ខ.​២០-២១​។​ តើ បន្ទាប់​មក​លោក​ប៉ុល​បាន​ធ្វើ​អ្វី​ទៀត?

កំណត់​ ខ.២១-២២ «ស្រុក​ស៊ី​រី និង​ស្រុក​គីលីគា»​ នៅ​ខាង​ជើង​ស្រុក​កាលីឡេ​ហើយ​មាន​ទី​ក្រុង​អន់ទីយ៉ូក​និង​ដាម៉ាស។  ស្រុក​យូដា​នៅ​ខាង​ត្បូង​ស្រុក​កាលីឡេ។

ព្រឹត្តិ​ការណ៍​ ប្រហែល​ជា​
លោក​ប៉ុល​បាន​ទទួល​ព្រះគ្រីស្ទ​ ៣៣ គ.ស.
លោក​ប៉ុល​នៅ​ស្រុក​អារ៉ាប់ ៣៣-៣៥ គ.ស.
លោក​ប៉ុល​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ៣៥ គ.ស.
លោក​ប៉ុល​នៅ​ស្រុក​ស៊ី​រី និង​ស្រុក​គីលីគា ៣៥-៤៨ គ.ស.

 

សូម​អាន​ខ.​២២-២៤​។​ តើ ពួក​ជំនុំ​នៅ​ស្រុក​យូដា​បាន​ឮ​អ្វី​អំពី​លោក​ប៉ុល?

 

ការ​អនុវត្ត ​ប្រហែល​ជា​យើង​សន្មត់​ថា អត្ថបទ​នេះ​មិន​សូវ​សំខាន់​សម្រាប់​ជីវិត​របស់​យើង​ទេ ប៉ុន្តែ​អត្ថបទ​នេះ​ពិត​ជា​មាន​ការ​អនុវត្ត​សម្រាប់​យើង​រាល់​គ្នា។  ទី​មួយ ​អត្ថបទ​នេះ​បាន​សំដែង​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​សង្គ្រោះ ​និង​ប្រើ​លោក​ប៉ុល​ដែល​ពី​មុន​ធ្លាប់​ជា​អ្នក​បៀតបៀន​គ្រីស្ទបរិស័ទ។  ទី​ពីរ លោក​ប៉ុល​បាន​សរសេរ​សំបុត្រ​ជាច្រើន​នៅ​ក្នុង​សញ្ញា​ថ្មី​ ដូច្នេះ​ហើយ​យើង​ត្រូវ​ដឹង​យ៉ាង​ច្បាស់​ថា លោក​ប៉ុល​ជា​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​មក​ពី​ព្រះអង្គ ​ហើយ​អត្ថបទ​នេះ​ផ្ដល់​ភស្តុតាង​បញ្ជាក់​ប្រាប់​អំពី​សិទ្ធិ​អំណាច​របស់​លោក​ប៉ុល។  ទី​បី​ នៅ​ក្នុង​អត្ថបទ​នេះ​លោក​ប៉ុល​បាន​ផ្ដល់​គំរូ​ល្អ ពីព្រោះ​គាត់​សំដែង​ជីវិត​របស់​ខ្លួន (មិន​លាក់​បំបាំង​ជីវិត​ទេ) ហើយ​យើង​ត្រូវ​ដឹង​អំពី​ជីវិត​របស់​គ្រូ​បង្រៀន​នៃ​យើង។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​កាឡាទី​ ១:១១២៤?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top